Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Al-Hilal ដាក់សំណើផ្លូវការទិញ Mbappe ពី PSG តម្លៃបំបែកកំណត់ត្រា ២៥៩ លានផោន

2023/07/25 08:12:16 pm        243
ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានដាក់សំណើផ្លូវការទៅកាន់ក្លិបបារាំង Paris Saint Germain តម្លៃបំបែកកំណត់ត្រាពិភពលោក ២៥៩ លានផោនដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Kylian Mbappe។ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះ ដែលនៅសល់កិច្ចសន្យាមួយឆ្នាំជាមួយ PSG បានបដិសេធ មិនបន្តកិច្ចសន្យា ហើយ PSG ក៏មិនដាក់ឈ្មោះ Mbappe មកប្រកួតមិត្តភាព Pre-Season នៅជប៉ុនដែរ។ PSG មានគម្រោងលក់ Mbappe ឱ្យបានក្នុងរដូវក្តៅនេះ ប្រសើរជាឱ្យអតីតខ្សែប្រយុទ្ធ Monaco រូបនេះចាកចេញ ដោយគ្មានបានអ្វីសោះនៅដំណាច់រដូវកាលក្រោយ។ការផ្លាស់របស់ Neymar ២០០ លានផោនពី Barcelona មកកាន់ PSG កាលពីឆ្នាំ ២០១៧ គឺ​​ជា​កំ​ណត់ត្រា តម្លៃផ្ទេរខ្ពស់បំផុតមកដល់ពេលនេះ។ Al-Hilal នៅពេលនេះទទួលបានភ្លើងខៀវក្នុងការចរចាជាមួយសាមីកីឡាករផ្ទាល់។រឿង​រ៉ាង​ទំនាក់ទំនងរវាង PSG និង Mbappe នៅពេលនេះ​កំពុង​បែក​បាក់​ជុំវិញរឿង​មិន​បន្ត​កិច្ច​សន្យា​នេះ និងឈានដល់មានការប្តឹងពីសមាគមកីឡាករបាល់ទាត់បារាំងទៅកាន់ PSG ដែល​ពួក​គេ​ចោទ​ប្រកាន់ថាក្លិបបារាំងមួយនេះ គាបសង្កត់កិច្ចសន្យាកីឡាករ។ PSG កន្លងមកធ្លាប់បាននិយាយថា បើសិន Mbappe សម្រេច​ចិត្ត​នៅ​ជាមួយ​ក្លិប​បន្ត​គឺ​ត្រូវ​តែ​បន្ត​កិច្ច​សន្យា ដោយមិនអាចលេងបំពេញកិច្ចសន្យាដែលនៅសល់ ហើយដើរចេញនោះទេ។ មិនមែនជារឿងថ្មីឡើយដែល Kylian Mbappe ចង់ចាកចេញពី PSG ពោល​គឺ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មានដំណឹងចរចាជាមួយ Real Madrid មុនការចរចាកិច្ចសន្យាថ្មីជោគជ័យជាមួយ PSG ក្នុង​ខែ​ឧសភានោះ៕ អត្ថបទ៖នាង សុភាវុធ 

Sadio Mane ពិចារណាសំណើចូលរួមជាមួយ CR7 នៅ Al-Nassr

2023/07/25 07:16:33 pm        219
ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane កំពុងពិចារណាសំណើដើម្បីចូលរួមជាមួយ Cristiano Ronaldo នៅក្លិប អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនមែនជាជម្រើសដំបូងឡើយជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលដំបូងដែលផ្លាស់ពី Liverpool ក្នុងតម្លៃផ្ទេរ ៣៥ លានផោន។ Mane ត្រូវបានគេរំពឹងថាមានភាគរយច្រើនចាកចេញពី Bayern Munich ក្រោយអ្នកចាត់ការ Thomas Tuchel ធ្លាប់និយាយថា មិនទទួលបានតាមការរំពឹងទុកលើ Mane។ ប្រសិនជា Mane យល់ព្រមសំណើរបស់ Al-Nassr មែននោះ គេនឹង​ចូលរួម​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool, Cristiano Ronaldo, Alex Telles និងកីឡាករក្រូអាស៊ី Marcelo Brozovic​។ បន្ទាប់ពីអាជីពដ៏ជោគជ័យជាមួយ Liverpool រួមមានការឈ្នះបាន Premier League និង Champions League, Mane បានសំរេចចិត្តចាកចេញពី Anfield ដោយចង់​មាន​ការ​ប្រកួត​ប្រជែង​ថ្មី​។តែអ្វីៗមិនដូចការរំទុក ពេលវេលារបស់គេនៅ ​Bayern Munich ប្រែជាល្អក់​កករ​ក្រោយ​អំពើ​ហឹង្សា​វាយ​មិត្ត​រួមក្រុមខ្លួនឯង Leroy Sane ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅពេល Bayern Munich ចាញ់ Manchester City កាលពីខែមេសា។ Sadio Mane បង្ហាញខ្លួនបាន ៣៨ ប្រកួតឱ្យ Bayern Munich រដូវកាលមុនរកបាន ១២ គ្រាប់​៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែប្រយុទ្ធអង់គ្លេស តម្លៃ ១លានផោនដំបូង Trevor Francis ទទួលមរណភាពក្នុងវ័យ ៦៩ឆ្នាំ

2023/07/25 07:06:24 pm        359
អតីតខ្សែប្រយុទ្ធអង់គ្លេស Trevor Francis ដែលមានតម្លៃផ្ទេរ ១ លានផោនដំបូងគេបង្អស់ បានទទួលមរណភាព ហើយនៅក្នុងវ័យ ៦៩ឆ្នាំ ដោយសារគាំងបេះដូង នេះ​បើតាម​ការបញ្ជាក់​ពីក្រុម​គ្រួសារ​របស់លោក។ លោក Francis បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់ខ្លួននៅ ​Birmingham City នៅឆ្នាំ ១៩៧០ មុនពេល បន្តអាជីពនៅក្លិបមួយចំនួនទៀតដូចជា Nottingham Forest, Manchester City និង Sheffield Wednesday ជាដើម។ ឈ្មោះរបស់លោក Trevor Francis ត្រូវបានចុះនៅលើទំព័រព្រោងព្រៀងនៅពេលផ្លាស់ Nottingham Forest ទិញពី Birmingham City នៅឆ្នាំ ១៩៧៩ ក្នុងតម្លៃផ្ទេរ ១ លានផោន និងបានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែម្តងនៅវគ្គផ្តាច់ព្រ័ត្រឱ្យ Nottingham Forest លើកពាន European Cup (UEFA Champions League បច្ចុប្បន្ន)។ លោក Trevor Francis ធ្លាប់ឈ្នះពាន European Cup ជាមួយ Nottingham Forest ២ ឆ្នាំ​ជាប់​គ្នា ១៩៧៩ និង ១៩៨០ ក៏ដូចជាឈ្នះពាន Coppa Italia ជាមួយ Sampdoria ផង​ដែរ​នៅ​ឆ្នាំ១៩៨៥។ Francis ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៥២ លើករកបាន ១២ គ្រាប់ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨៦។ ក្រោយពីចូលនិវត្តន៍ពីអាជីពកីឡាករ Trevor Francis ធ្លាប់ដឹកនាំ Queens Park Rangers, Sheffield Wednesday, Birmingham និង Crystal Palace៕ អត្ថបទ៖នាង សុភាវុធ 

កីឡាការិនីអាល្លឺម៉ង់ Liane Lippert ឈ្នះដំណាក់កាលទី ២ Tour de France នារី

2023/07/25 06:56:13 pm        279
កីឡាការិនីប្រណាំងកង់អាល្លឺម៉ង់ Liane Lippert បានប្រជែងឈ្នះដំណាក់កាលទី ២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ផ្នែកនារី Tour de France តែកីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky បន្ត​នាំមុខរួម។ ដំណាក់កាលទី ២ ដែលមានចំងាយផ្លូវ ១៤៨ គីឡូម៉ែត្រ កីឡាការិនីរបស់ក្រុម Movistar, Liane Lippert បាន មកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៣ នាទី ៤៣ វិនាទី តាមពីក្រោយដោយ Lotte Kepecky និងកីឡាការិនីអ៊ីតាលី Silvia Perisco ដោយស្ថិតក្នុងថេរវេលាដូចគ្នា។ តាមរយៈការបញ្ចប់ទីព្រ័ត្រក្នុងថេរវេលាដូចគ្នានេះ កីឡាការិនីប៊ែលហ្ស៊ិក Lotte Kopecky របស់​ក្រុម SD Worx បន្តនាំមុខគេក្នុងតារាងរួមមានវេលាចំណេញ ៤៩ វិនាទីពីលើ Liane Lippert ខណៈ​លេខ ៣ គឺកីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Moolman យឺតជាង ៥៩ វិនាទី។ សម្រាប់ដំណាក់កាលទី ៣ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៤៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ 

ហេង វុទ្ធី ប្ដេជ្ញាការពារមេដាយ ក្នុងព្រឹត្តិការណ៍ World Police and Fire Games នាចុងសប្ដាហ៍នេះ

2023/07/24 09:07:50 pm        363
ក្នុងនាមមន្ដ្រីនគរបាលជាតិកម្ពុជា កីឡាករចំបាប់ ហេង វុទ្ធី បានត្រៀមខ្លួនរួចរាល់ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​កីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក លើកទី២០ (The 20th World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា នាចុងសប្ដាហ៍នេះ ដោយ​គេ​បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អ ដើម្បី​ការពារ​មេ​ដាយ​ធ្លាប់​ដណ្ដើម​បាន​នា​ពេល​កន្លង​មក ។ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ រូបនេះ បន្ដថា នេះជាលើកទី៣ ហើយ ដែល​ខ្លួន​បាន​ចូលរួម​ព្រឹត្តិការណ៍កីឡានគរបាលពិភពលោក បន្ទាប់ពីចូលរួមលើកចុងក្រោយ កាល​ពី​ឆ្នាំ​២០២២ នៅហូឡង់ រូបគេដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ។ បែបនេះក្ដី វុទ្ធី បាន​ខំ​ប្រឹងហ្វឹកហាត់ជាខ្លាំង ដើម្បីចូលរួមការប្រកួតនៅកាណាដានាពេលឆាប់ៗខាងមុខ ដើម្បី​ស្វែង​រក​លទ្ធផលល្អជូនអង្គភាព និងប្រទេសជាតិបន្ថែមទៀត ។ដោយឡែកលោក នុត សុផល គ្រូបង្វឹកក្រុមកីឡាចំបាប់នគរបាលជាតិកម្ពុជា បានបញ្ជាក់ថា បេសក​កម្មលើកនេះ កីឡាចំបាប់បញ្ជូនកីឡាករ ៥នាក់ចូលរួម ហើយ​លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​លើកូនក្រុម ក្នុងការប្រកួតប្រជែង ទោះបីត្រូវប្រឈរមុខជាមួយកីឡាករជាច្រើន ពិសេស​កីឡាករតំបន់អឺរ៉ុបដែលមានកាយសម្បទានល្អ តែកីឡាករកម្ពុជា ក៏មិន​បច្ចេកទេស​ប្រហាក់​ប្រហែលគ្នា សម្រាប់ការប្រកួតប្រជែងផងដែរ ។គួរដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាននឹងបញ្ជូនកីឡា ១២​ប្រភេទ ចូលរួមព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅកាណាដា ដែលគ្រោងចេញដំណើរក្នុងសប្ដាហ៍នេះ រួមមានកីឡាវាយសី វាយ​កូន​ឃ្លី​លើ​តុ យូដូ ជឺជីតស៊ូ ហែលទឹក ការ៉ាតេ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់​កាច់​ដៃ​ Bench Press, Push Pull Lifting ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២៣ ។ កាលពីឆ្នាំ២០២២ កម្ពុជាដណ្ដើមបានមេដាយសរុប ៣៣​គ្រឿង រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង៕ អត្ថបទ៖ លី ឈុនឡា  

ប្រតិភូកីឡាហែលទឹកកម្ពុជា ៤រូប ចេញទៅប្រកួត និងមហាសន្និបាតពិភពលោកនៅជប៉ុន

2023/07/24 08:55:59 pm        470
ប្រតិភូកីឡាហែលទឹកកម្ពុជា ៤រូប ដឹកនាំដោយលោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក ព្រមទាំងកីឡាករ មនត្រស ផានសុណ្ណអារុន និង​កីឡាការិនី ឃឺន ចន្ទចរិយា កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើដំណើរ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ និងមហាសន្និបាត​សហព័ន្ធ​កីឡា​ហែលទឹក​ពិភពលោក នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។បេសកកម្មនេះ តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក ។ អ្វីដែលពិសេស សហព័ន្ធកីឡាហែលទឹកពិភពលោក ថែមទាំងបានជ្រើសរើសសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បី​ឡើង​ធ្វើ​បទ​បង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយ​ជំរុញ​គាំទ្រ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​បន្ត ដ្បិតមានសមាជិកត្រឹម ១០ប្រទេសប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឡើង​ធ្វើ​បទ​បង្ហាញ​នេះ ។ នេះជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បាន​ស្គាល់​អំ​ពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម​ពាក្យ​ស្លោក «កីឡារស់ក្នុងសន្តិភាព» ។គួរដឹងថា ការប្រកួតនេះ សម្រាប់មហាសន្និបាតនេះ នឹងធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ រហូត​ដល់ថ្ងៃទី២៥ ខែកក្កដាស្អែកនេះ គ្រាដែលការប្រកួតនឹងបន្ដរហូតដល់ចុងខែទើបបញ្ចប់ ។ នេះ​បើយោងតាមការបញ្ជាក់របស់លោក ហែម គិរី មុនចាកចេញពីមាតុភូមិ៕ អត្ថបទ លី ឈុនឡា  

បារាំងធ្វើអ្វីហ្សាម៉ាអ៊ីកមិនបាននៅការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក

2023/07/24 08:38:43 pm        374
ក្រុមបាល់ទាត់នារីបារាំងមិនអាចធ្វើឱ្យក្រុមនារីហ្សាម៉ាអ៊ីកបានឡើយ នៅការប្រកួត​បាល់ទាត់​នារី​ជើង​ឯកពិភពលោក បន្ទាប់ពីការប្រកួតបញ្ចប់ទៅដោយគ្មានក្រុមស៊ុតបញ្ចូលទី ០-០។ អ្នកចាត់ការហ្សាម៉ាអ៊ីកលោក Lorne Donaldson បានហើយលទ្ធផលនេះគឺជា សមិទ្ធផលលេខ ១ សម្រាប់ប្រវត្តិសាស្រ្តបាល់ទាត់នៃប្រទេសក្នុងតំបន់ការ៉ាអ៊ីបមួយនេះ ដែល​អាច​យក​ពិន្ទុ​បាន​ពី​ក្រុម​ដែល​គេចាត់ទុកថាជាបេក្ខភាព ប្រជែងជើងឯកឆ្នាំនេះ។ ក្រុមរបស់លោក Herve Renard មិន​អាច​បំប៉ោង​សំណាញ់​ក្រុម​ដែល​មាន​ការ​រៀបចំ​ល្អ​នៅ​តំបន់​ការពារ​ហ្សាម៉ាអ៊ិក បានឡើយ ទោះបីជាប្រធានក្រុមហ្សាម៉ាអ៊ីក Khadija Shaw ត្រូវបាន​បណ្តេញ​ចេញ​នៅ​ចុង​ម៉ោងក៏ដោយ។ នេះជាពិន្ទុដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីហ្សាម៉ាអ៊ិក នៃការបង្ហាញខ្លួនលើកដំបូង ក្នុង​ការ​ប្រកួត​ជើង​ឯកពិភពលោកបែបនេះខណៈប្រកួតបន្ទាប់របស់ពួកគេគឺត្រូវជួបជាមួយប៉ាណាម៉ា ឯ​បារាំង​នឹងត្រូវជួបប្រេស៊ីលនៅក្នុងពូល F នេះ។ ងាកមកពូល E វិញ ក្រុមជើងឯករងឆ្នាំ ២០១៩ ហូឡង់​រក​បាន​បីពិន្ទុ​ដ៏​មាន​សារៈ​សំខាន់​របស់​ខ្លួន​តាម​រយៈ​ជ័យជំនះលើព័រទុយហ្កាល់ ១-០។ គ្រាប់បាល់ជ័យជំនះរបស់ហូឡង់សម្រេចដោយការតែតបញ្ចូលទីរបស់ Van der Gragt តាំង​ពី​នាទី​ទី ១៣ ខណៈ បីពិន្ទុនេះធ្វើឱ្យហូឡង់ឈរលេខ ២ មាន ៣ ពិន្ទុស្មើក្រុមលេខ ១ អាមេរិក​ដែល​យក​ឈ្នះវៀតណាម។ ចំណែកការប្រកួតនៅក្នុងពូល G ក្រុមលេខ ៣ ឆ្នាំ ២០១៩ ស៊ុយអែត​ក៏រកបាន​បី​ពិន្ទុ​ដែរ​ក្រោយ​យក​ឈ្នះក្រុម អាហ្រ្វិកខាងត្បូងប្រផិតប្រផើយ ២-១។ ក្រុមជើងឯកបាល់ទាត់នារីជើងឯកទ្វីបអាហ្វ្រិក អាហ្វ្រិកខាងត្បូងបាននាំមុខនៅនាទីទី ៤៨ ដោយ Hildah Magaia តែក៏ត្រូវស៊ុយអែតវាយបកពីរគ្រាប់វិញដោយ Frida Rolfo នាទីទី ៦៥ ខណៈ​គ្រាប់​បា​ល់​ជ័យជំនះកើតឡើងនៅចុងម៉ោងនាទីទី ៩០ ទៅហើយដោយ Amanda Ilestedt៕អត្ថបទ៖នាង សុភាវុធ          

កីឡាកររុស្ស៊ី Andrey Rublev ឈ្នះ Casper Ruud គ្រងជើងឯក Swedish Open

2023/07/24 08:20:37 pm        353
កីឡាករវាយកូនបាល់រុស្ស៊ី Andrey Rublev បានយកឈ្នះកីឡាករន័រវេស Casper Ruud ពីរសិតផ្ទួនៗនៅវគ្គ ផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកកម្មវិធី Swedish Open នៅថ្ងៃអាទិត្យម្សិលមិញនេះនៅទីក្រុង Bastad ប្រទេសស៊ុយអែត។កីឡាកររុស្ស៊ីលំដាប់លេខ ២៥ ពិភពលោក Andrey Rublev បានយកឈ្នះ Casper Ruud ៧-៦(៧-៣) និង ៦-០ ដើម្បីគ្រងជើងឯកលើកទី ២ ក្នុងឆ្នាំ ២០២៣ នេះ។ Casper Ruud ដែលធ្លាប់ជាជើងឯកនៅទីនេះឆ្នាំ ២០២១ មិនអាចរកបានជ័យជំនះនៅទីនេះម្តងទៀត បន្ទាប់ពី ទំរង់លេងដ៏ល្អរបស់ Andrey Rublev ដែលទើបឈ្នះជើងឯកនៅក្នុងកម្មវិធី Monte Carlo Masters។ ងាកមកលទ្ធផលផ្សេងទៀត កីឡាករអាហ្សង់ទីន Pedro Cachin បានគ្រងជើងឯកលើកដំបូងក្នុងក្របខណ្ឌ ATP Tour ក្រោយយកឈ្នះកីឡាករវ័យ ៣៥ ឆ្នាំអេស្ប៉ាញ Albert Ramos-Vinolas នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯក Swiss Open។ ជ័យជំនះនេះធ្វើឱ្យ Pedro Cachin រំកិលពីចំណាត់ថ្នាក់ពិភពលោកលេខ ៩០ មកចំណាត់ថ្នាក់ល្អបំផុតក្នុងអាជីពលេខ ៤៩ នៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែការពារ Man United, Alex Telles ផ្លាស់ទៅជួបអតីតមិត្តរួមក្រុម Ronaldo នៅ Al-Nassr

2023/07/24 08:01:15 pm        401
ខ្សែការពារប្រេស៊ីល Alex Telles បានចាកចេញពីក្លិបបិសាចក្រហម Manchester United ហើយ ដោយទៅចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo នៅក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr។ការផ្ទេររបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនត្រូវបានបញ្ជាក់ពីតម្លៃដោយក្លិបទាំងពីរឡើយ។ Alex Telles បង្ហាញខ្លួនឱ្យ Manchester United បាន ៥០ ប្រកួតតាំងពីផ្លាស់ពី FC Porto កាលពីឆ្នាំ​ ២០២០ ក្នុងតម្លៃ ១៣.៦ លានផោន។ តែការមកដល់របស់ Telles តំណែង​ខ្សែកា​រពារ​ឆ្វេង​នេះ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ខ្សែកា​រពារ​អង់គ្លេស Luke Shaw ដែលធ្វើឱ្យការបង្ហាញខ្លួនមានកំរិត។ ក្រោយ Alex Telles ត្រូវបាន Manchester United បញ្ចេញឱ្យ Sevilla ខ្ចីពេញ​មួយ​រដូវ​កាល​មុន និងជាសមាជិករបស់ក្លិបអេស្ប៉ាញមួយនេះឈ្នះពាន UEFA Europa League។ ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតកំពុងវាយលុកព័ត៌មាននៅទំព័រមុខ បន្ទាប់ពីតារាបាល់ទាត់ល្បីៗផ្លាស់ទៅ Saudi Pro League រួមមានដូចជា Karim Benzema, N’Golo Kante និង Roberto Firmino ជាដើម៕ អត្ថបទ៖នាង សុភាវុធ  

Newcastle ទិញបាន Harvey Barnes ពី Leicester តម្លៃ ៣៨លានផោន

2023/07/24 07:28:59 pm        307
ក្លិបអ្នកមានថ្មីនៅ Premier League សារិកាព្រៃ Newcastle បាន​សម្រេច​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ស្លាប​អង់គ្លេស Harvey Barnes ពី Leicester City ក្នុងតម្លៃផ្ទេរ ៣៨លានផោន។ កីឡាករវ័យ ២៥ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនម្តងឱ្យក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចសន្យា ៥ឆ្នាំនៅ St. James Park។Harvey Barnes ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Leicester City ស្រាប់ និង​បាន​បង្ហាញ​ខ្លួន​ឱក្រុមធំ តាំងពីឆ្នាំ ២០១៦ សរុប ១៤៦ លើក ស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់។ Barnes ជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ Newcastle រដូវក្តៅនេះ បន្ទាប់ពី Yankuba Minteh ផ្ទេរពីដាណឹម៉ាក និងខ្សែបម្រើអ៊ីតាលី Sandro Tonali ផ្ទេរពី AC Milan តម្លៃ ៥៥ លានផោន។ Harvey Barnes ក៏បានក្លាយជាកីឡាករមួយរូមទៀតដែលចាកចេញពី Leicester City ផង​ដែរ​បន្ទាប់​ពី​ក្លិប​អតីតជើងឯក Premier League មួយនេះត្រូវបានកាត់ចេញទៅក្របខណ្ឌ League Championship។កីឡាករដែលបានចាកចេញពី Leicester City នៅពេលនេះរួមមាន James Maddison ទៅ Spurs តម្លៃ ៤០ លានផោន Youri Tielemans ទៅ Aston Villa និងខ្សែការពារ Caglar Soyuncu ទៅ Atletico Madrid៕ អត្ថបទ៖ នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM