Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Kalle Rovanpera ឈ្នះការប្រណាំង Rally នៅអេស្ទូនៀ ៣ឆ្នាំជាប់គ្នា ពន្លាត​ពិន្ទុ​នាំមុខ​ក្នុងតារាងជើងឯកពិភពលោក

2023/07/24 06:51:39 pm        193
កីឡាករប្រណាំងរថយន្តហ្វាំងឡង់ Kalle Rovanpera បានប្រជែងឈ្នះការប្រណាំង Rally នៅ​ប្រទេស​អេស្តូនៀ ៣ ឆ្នាំជាប់គ្នាកាលពីថ្ងៃអាទិត្យ និងពន្លាត​ការនាំមុខ​ក្នុង​តារា​ង​ជើង​ឯក​ពិភពលោក World Rally Championship។កីឡាករវ័យ ២២ ឆ្នាំដែលបើកបរឱ្យក្រុម Toyota រូបនេះបានយ​ក​ឈ្នះ​កីឡាករ​ប៊ែលហ្ស៊ិករ​បស់​ក្រុម ​Hyundai, Thierry Neuville ៥២.៧ វិនាទី ពោលគឺបន្ទាប់ពីយកឈ្នះទាំង ៤ ដំណាក់​កាល​ក្នុង​ថ្ងៃអាទិត្យ។កីឡាកររបស់ក្រុម Hyundai សញ្ជាតិហ្វាំងឡង់មួយរូបទៀត Esapekka Lappi ទទួល​បាន​តំណែង​ចុង​ក្រោយគេនៃវេទិកាកិត្តិយស។ ជ័យជំនះរបស់ Kalle Rovanpera ធ្វើឱ្យគេបន្តពន្លាតពិន្ទុក្នុងតារាងជើងឯកពិភពលោកដល់ ៥៥ ពិន្ទុ​ពី​លើអ្នកលេខ ២ កីឡាករវែល Elfyn Evans។ Rovanpera កាលពីឆ្នាំ​ ២០២១ ឈ្នះត្រឹមមួយប្រកួតប៉ុណ្ណោះ បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ត្រឹម​វ័យ ២០ ឆ្នាំឈ្នះការប្រកួតក្នុងរដូវកាល World Rally Championship ហើយ​ឆ្នាំ​មុន​ក៏​បាន​ក្លាយ​ជាជើងឯក ក្លាយជាកីឡាករវ័យក្មេងបំផុតម្តងទៀតដែលឈ្នះជើងឯកពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

សៀង ចន្ធា ចាត់ទុកការផ្ទេរទៅលីគកាតា ជាកម្លាំងចិត្តដ៏ធំធេង ដើម្បីជំរុញក្ដីស្រម៉ៃខ្លួន

2023/07/24 06:36:25 pm        564
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា បានធ្វើដំណើរទៅប្រទេសកាតាហើយ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដើម្បីចូលរួមធ្វើតេស្ដសុខភាពដំណាក់កាលចុងក្រោយ ជាមួយក្លិបលីគទី២ AL Shahaniya ។ ចន្ធា បានចាត់ទុកដំណើរទៅប្រកបអាជីពក្រៅស្រុកដំបូងនេះ គឺជាកម្លាំង​ចិត្ត​ដ៏​ធំ​ធេង ដើម្បីជំរុញក្ដីស្រម៉ៃរបស់ខ្លួន ក្នុងអាជីពបាល់ទាត់ ។មុនឡើងយន្ដហោះចាកចេញពីកម្ពុជា សៀង ចន្ធា បានសម្ដែងការភ្ញាក់ផ្អើល ដែលមានក្លិបកាតា ចាប់​អារម្មណ៍ និងទាក់ទងខ្លួន ។ សមាជិកក្រុមបឹងកេតរូបនេះ បន្ថែមថា ដំណើរ​ឆ្ពោះ​ទៅ​ប្រកប​អាជីព​នៅ​កាតា គឺជាជំហានមួយដ៏រីករាយ ដ្បិតរូបគេប៉ងចង់ទៅលេងនៅជប៉ុន មុនមាន​ក្ដី​ស្រម៉ៃច​ង់​ទៅ​លេងនៅ Barcelona ។ យ៉ាងណាក្ដី ចន្ធា ប្ដេជ្ញានឹងខំប្រឹង ដើម្បីមាន​ឱកាស​លេង​នៅ​លីគ​កាតា​ជា​មុនសិន ។ក្នុងឱកាសជូនដំណើរកីឡាករ សៀង ចន្ធា ផងដែរ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បាន​លើក​ឡើង​ថា ក្រៅពីក្លិបកាតា ក៏មានក្លិបអេស្ប៉ាញ ថៃ ម៉ាឡេស៊ី បានទាក់ទង ចន្ធា ដែរ តែ​ចុង​ក្រោយ​ក្លិប​សម្រេច​ទទួលសំណើរក្លិបកាតា ព្រោះគិតថា ស័ក្ដិសមសម្រាប់ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ​រូប​នេះ អភិវឌ្ឍន៍សមត្ថភាពបន្ថែម ។ លើសពីនេះ លោកស្រីបានចាត់ទុកជាគំរូមួយដ៏ល្អ សម្រាប់​យុវជន ក្នុងការបង្កើតក្ដីស្រម៉ៃក្នុងអាជីពបាល់ទាត់នេះផងដែរ ។ទន្ទឹមជាមួយគ្នាលោក សឺ សៀង និងលោកស្រី ហេង សុខា ឪពុក-ម្ដាយបង្កើតកីឡាករ សៀង ចន្ធា បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំង ដែលក្ដីស្រម៉ៃរបស់កូនប្រុស បានក្លាយជាការពិត ហើយ​លោក​ទាំងពីរ ថែមទាំងផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជនដទៃ ត្រូវហានមានសុបិន ខ្លួន​ស្រឡាញ់​អាជីព​បាល់ទាត់ ដើម្បីឆ្ពោះទៅសម្រេចនូវក្ដីស្រម៉ៃ និងទទួលបាន​ជោគ​ជ័យ​ក្នុង​អាជីព​លើ​វាលស្មៅ​ដូចកូនប្រុសរបស់ខ្លួនផងដែរ ។គួរដឹងថា បន្ទាប់ពីបើកការចរចាជាង ១ខែ ក្លិបបឹងកេត បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ជា​មួយ​ក្លិប​លីគទី២ នៃប្រទេសកាតា ពោលគឺនៅ​សល់​តែ​ការ​ធ្វើ​តេស្ដ​សុខភាព​ដំណាក់កាល​ចុង​ក្រោយ​ប៉ុណ្ណោះដែល សៀង ចន្ធា បានធ្វើដំណើរទៅតេស្ដកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈ​បើ​ការ​ធ្វើតេស្ដទទួលបានជោគជ័យ ចន្ធា នឹងក្លាយជាកីឡាករខ្មែរដំបូង ដែលបាន​ប្រកប​អាជីព​នៅ​លីគ​កាតា​តែម្ដង៕ អត្ថបទ៖ លី ឈុនឡា  

Brian Harman ឈ្នះជើងឯកវាយកូនគោលកម្មវិធីធំ The Open Championship លើកដំបូង

2023/07/24 06:21:32 pm        170
កីឡាករវាយកូនគោលអាមេរិក Brian Harman បានគ្រងជើងឯកកម្មវិធី The Open ជា​លើកដំបូង​ក្នុង​អាជីពក្រោយឈ្នះដាច់ដល់ទៅ ៦ ស្ត្រូកនៅទីលានវាយកូនគោល Royal Liverpool។ Brian Harman ធ្វើបានត្រឹម ១ អាន់ឌើផាប៉ុណ្ណោះនៅថ្ងៃចុងក្រោយ តែ​គ្រប់គ្រាន់​នឹង​គ្រង​ជើង​ឯក​ដោយ​មានសរុប ១៣ អាន់ឌើផា ដាច់អ្នកលេខ ២ កីឡាករកូរ៉េ Tom Kim កីឡាករ​លំដាប់​លេខ៣ ពិភពលោក Jon Rahm និងកីឡាករអូទ្រីស Sepp Straka ដែលឈរលេខ ២ រួមមាន ៧ អាន់ឌើផាដូចគ្នា។ កីឡាករវ័យ ៣៦ ឆ្នាំ Brian Harman ដែលឈរលេខ ២៦ ពិភពលោកនាពេលបច្ចុប្បន្ន បាន​ក្លាយ​ជា​កីឡាករដែលជំនាញដៃឆ្វេងទី ៣ ប៉ុណ្ណោះដែលឈ្នះជើងឯក The Open នេះ បន្ទាប់ពី Bob Charles នៅឆ្នាំ ១៩៦៣ និង Phil Mickelson នៅឆ្នាំ ២០១៣។ ក្នុងនាមជាជើងឯក The Open Championship នេះ Brian Harman ទទួលបានប្រាក់រង្វាន់ ២.៣ លានផោន៕ អត្ថបទ៖ នាង សុភាវុធ 

Red Bull បំបែកកំណត់ត្រាឈ្នះការប្រណាំង F1 ១២ប្រកួតជាប់គ្នាក្រោយ Max Verstappen ឈ្នះនៅហុងគ្រី

2023/07/24 06:13:41 pm        157
អ្នកការពារតំណែងជើងឯក Formula One ពិភពលោក Max Verstappen នៅតែបន្ត​ជ័យជំនះ​របស់​ខ្លួនក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះការប្រកួតនៅប្រទេសហុងគ្រី ដែលជាជ័យជំនះទី ៩ រដូវកាល​នេះ ក៏ដូចជាជ័យជំនះ ៧ ប្រកួតជាប់គ្នាផងដែរ។ចំណែកក្រុមប្រណាំង Red Bull ដែលបានយកឈ្នះ ១២ ទីលានជាប់គ្នានោះ បាន​បំបែក​កំណត់​ត្រា​ចាស់​របស់ ក្រុមប្រណាំង McLaren ឈ្នះ ១១ ទីលានជាប់គ្នាកាលពីឆ្នាំ ១៩៨៨ ដែល​ធ្វើ​បាន​ដោយ Ayrton Senna និង Alain Prost។ ជុំវិញ McLaren ផងដែរ កីឡាករអង់គ្លេស Lando Norris ទទួលបានចំណាត់ថ្នាក់លេខ ២ នៅ​ហុង​គ្រី​នេះ ខណៈលេខ ៣ កីឡាករម៉ិកស៊ិក Sergio Perez របស់ក្រុម Red Bull ផងដែរ។ ជើងឯកពិភពលោក ៧ សម័យ Lewis Hamilton ដែលចេញដំណើរមុខគេនោះ មិន​អាច​រក្សា​ការ​នាំមុខ​របស់ខ្លួនបានតាំងពីផ្លូវបត់ទី ១ នៃជុំដំបូង និងរបូត​តំណែង​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ធ្លាក់​ដល់​លេខ៤ នៅទីបញ្ចប់។ ជ័យជំនះភ្លក់ទឹកភ្លក់ដីរបស់ Red Bull នៅពេលនេះធ្វើឱ្យ Max Verstappen កាន់​តែ​ដាច់​គេ​ក្នុង​តារាង​ពិន្ទុ​ជើងឯមពិភពលោកពិបាករកគូប្រជែងពោលគឺដាច់មិត្តរួមក្រុម Sergio Perez ដែល​កំពុង​ឈរ​លេខ ២ ដល់ទៅ ១១០ ពិន្ទុ។ ទីលានបន្ទាប់ Formula One ពិភពលោកនឹងបន្តទៅទីលាន Spa-Francorchamps ប្រទេស​ប៊ែលហ្ស៊ិក​ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

ទីបំផុត Jonas Vingegaard អាចការពារជើងឯកប្រណាំងកង់ Tour de France បាន

2023/07/24 06:01:37 pm        160
ព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Tour de France បានបិទបញ្ចប់ជាផ្លូវការហើយ ដោយជាទីបញ្ចប់ កីឡាករដាណឺម៉ាក Jonas Vingegaard អាចការពារតំណែងជើងឯករបស់ខ្លួនបាន។ ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១១៥ គីឡូម៉ែត្រ កីឡាករប៊ែលហ្ស៊ិក Jordi Meeus ក្រោយមកដល់ទីព្រ័ត្រប្រើពេល ២ ម៉ោង ៥៦ នាទី ១៣ វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Jasper Philipsen និងលេខ ៣ កីឡាករហូឡង់ Dylan Groenewegen។ ក្រោយ ២១ ដំណាក់កាលនេះ កីឡាកររបស់ក្រុម Jumbo-Visma បានក្លាយជាជើងឯកក្រោយឈ្នះដាច់អ្នកលេខ ២ Tadej Pogacar ដល់ទៅជាង ៧ នាទី ខណៈលេខ ៣ បានទៅកីឡាករអង់គ្លេស Adam Yates។ សម្រាប់លទ្ធផលផ្សេងទៀតរួមមាន កីឡាករប៊ែលហ្ស៊ិក Jasper Philipsen ឈ្នះតាមលក្ខខណ្ឌបូកពិន្ទុដោយមានសរុប ៣៧៧ ពិន្ទុបន្ទាប់ពីឈ្នះច្រើនជាងគេសរុប ៤ ដំណាក់កាល។ កីឡាករអ៊ីតាលី Giulio Ciccone ទទួលបានពិន្ទុ ១០៦ ច្រើនជាងគេសម្រាប់ការបែងចែកគិតតែដំណាក់កាលឡើងចុះភ្នំ។ អតីតជើងឯក កីឡាករស្លូវេនៀ Tadej Pogacar ឈ្នះជើងឯកផ្នែកយុវជន ខណៈជើងឯកក្រុមបប្រណាំងបានទៅ Jumbo-Visma៕ អត្ថបទ៖នាង សុភាវុធ  

ប្រេស៊ីលប្រកាសពន្យាពេលចូលធ្វើការ ឱ្យប្រជាជនអាចមើល​ការប្រកួតបាល់ទាត់​នារីពិភពលោក

2023/07/20 08:33:56 pm        178
មិនចាំបាច់ប្រើលេសនៅពេលទៅធ្វើការយឺតពេលឡើយ រដ្ឋាភិបាលប្រេស៊ីល​បាន​ប្រកាស​ពន្យា​ម៉ោង​ចូល​ធ្វើការនៅពេលព្រឹក ដើម្បីអាចឱ្យប្រជាជនរបស់ខ្លួន អាចមានពេល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​នារី​ពិភពលោកនៅអូស្រ្តាលី និងនូវែស៊ីឡង់បាន។ការប្រកួតបាល់ទាត់នារីពិភពលោកដែលរៀបចំនៅទ្វីបអូសេអានីនេះ ចំពេល​ព្រឹក​នៅ​ប្រទេស​ប្រេស៊ីល ខណៈដែលរដ្ឋាភិបាលប្រេស៊ីលបានប្រកាសអនុញ្ញាតឱ្យបុគ្គលិក មន្ត្រីរាជការ អាច​ពន្យា​ពេល​ចូល​ធ្វើការពីរម៉ោងក្រោយការប្រកួតចប់បានពោលគឺបើការប្រកួតចាប់ផ្តើមនៅម៉ោង ៨ ចប់​នៅ​ម៉ោង១០ មានន័យថា បុគ្គលិក មន្ត្រីរាជការអាចចូលធ្វើការនៅម៉ោង ១២ ថ្ងៃត្រង់។ ក្រុមបាល់ទាត់ស្រ្តីប្រេស៊ីលទើបតែឈ្នះជើងឯក Copa America លើកទី ៨ តែនៅ World Cup ស្ថិតិ​ល្អបំផុតនោះគឺនៅឆ្នាំ ២០០៧ ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រតែចាញ់អាល្លឺម៉ង់។ ប្រេស៊ីលស្ថិតក្នុងពូល F ដោយនឹងត្រូវាប់ផ្តើមប្រកួតដំបូងទល់នឹងប៉ាណាម៉ានៅថ្ងៃចន្ទ មុន​បន្ត​ជួប​បារាំង និងហ្សាម៉ាអ៊ិក៕ អត្ថបទ៖ នាង សុភាវុធ

Benjamin Mendy ទទួលបានកិច្ចសន្យាលេងឱ្យក្លិបបារាំង Lorient ក្រោយ​ជ្រះស្រឡះ​រឿងក្តីចាប់រំលោភ

2023/07/20 08:22:19 pm        217
អតីតខ្សែការពារ Manchester City, Benjamin Mendy បាន​ចុះហត្ថ​លេខា​លើ​កិច្ច​សន្យា​លេង​ក្លឹប​បាល់ទាត់បារាំង Lorient ៥ ថ្ងៃបន្ទាប់ពីជ្រះស្រឡះពីរឿងក្តីចាប់រំលោភ។ ខ្សែការពារឆ្វេងវ័យ ២៩ ឆ្នាំ ដែលផុតកិច្ចសន្យាជាមួយ Manchester City កាលពីខែមុន បាន​ចុះ​ហត្ថ​លេខា ២ឆ្នាំលេងឱ្យក្លិបបារាំងមួយនេះ។ Mendy ត្រូវបានតុលាការ Chester Crown កាត់ក្តីសម្រេចចុងក្រោយកាលពីថ្ងៃសុក្រថា មិន​មាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់រំលោភនារីម្នាក់ និងការប៉ុនប៉ងមួយករណីផ្សេងទៀតឡើយ។ Benjamin Mendy ធ្លាប់ជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតនៅពេល Manchester City ទិញ​យក​ពី Monaco ក្នុងតម្លៃ ៥២ លានផោនកាលពីឆ្នាំ ២០១៧។ ក្នុងការមកដល់ City ដំបូង Manchester City បានឈ្នះពាន English Premier League រដូវ​កាល​ដំបូង​តែម្តង មុនពេលមានឈ្មោះជាមួយក្រុមជម្រើសជាតិបារាំងឈ្នះជើងឯក World Cup ២០១៨ នៅរុស្ស៊ី។ ឈានមកដល់ឆ្នាំ ២០២១ Mendy លេងប្រកួតចុងក្រោយឱ្យ City ទល់នឹង Spurs នៅខែសីហា មុន​ពេល​ត្រូវបានឃាត់ខ្លួនក្នុងខែសីហានោះ ក្រោមការចោទប្រកាន់ពីបទរំលោភ និង​ជាប់​ពន្ធនាគារ ៥ខែ។ ជុំវិញការចោទប្រកាន់ទៅលើ Mendy នេះដែរ ក្រុមអ្នកវិភាគបាល់ទាត់ បាន​ចោទ​សួរ​ពី​ការ​ទទួល​ខុស​ត្រូវ នៅពេលកីឡាករបាល់ទាត់ម្នាក់ត្រូវបានចោទប្រកាន់ ឈានដល់ជាប់ពន្ធនាគារ ខក​ខាន​ពី​ការ​ប្រកួត ហើយចុងក្រោយបែជា ជ្រះស្រឡះថាមិនមានរឿងអ្វីសោះ។ ក្លិបបាល់ទាត់បារាំង Lorient បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ១០ ក្របខណ្ឌបារាំង Ligue 1 នឹងជួបជាមួយ Bournemouth នៅថ្ងៃទី ៥ ខែសីហាខាងមុខលក្ខណៈមិត្តភាព មុន​ចាប់​ផ្តើម​រដូវ​កាលថ្មីជួប Paris Saint Germain នៅថ្ងៃទី ១៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

Van der Beek ស៊ុតគ្រាប់ជ័យជំនះឱ្យ Man United ក្នុងជំនួបមិត្តភាពលើ Lyon តែមិនច្បាស់ពីអនាគតរបស់ខ្លួន

2023/07/20 08:10:45 pm        217
ខ្សែបម្រើហូឡង់ Donny van der Beek គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យ Manchester United លើ Lyon ក្នុងជំនួបមិត្តភាព Pre-Season នៅទឹកដីស្កុតឡេន តែ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួតថា គេមិនច្បាស់ពីអនាគតរបស់ខ្លួនឡើយនៅពេលនេះ។កីឡាករវ័យ ២៦ ឆ្នាំរូបនេះ មិនអាចរកទម្រង់លេងកំពូលរបស់ខ្លួនឡើយតាំងពីផ្លាស់មក Old Trafford តម្លៃ ៣៥ លានផោនកាលពីខែកញ្ញាឆ្នាំ ២០២០ ពី Ajax តែក៏ធ្លាប់ត្រូវបញ្ចេញឱ្យ Everton ខ្ចីកាលពីឆ្នាំ ២០២២ មុនត្រលប់មកវិញពាក់កណ្តាលរដូវកាលមុន ហើយ​ក៏​មាន​របួស​ជង្គង់។ក្រោយចប់ការប្រកួត Van der Beek បាននិយាយថា ពិបាក​និយាយថា​អនាគត​របស់​គេ​នៅ​ឯណា នេះជាការវិលត្រលប់ក្រោយជាពីរបួស ហើយ​ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ដើម្បី​សម្រួច​សមត្ថភាព និងកាយសម្បទា។ Manchester United នៅសល់ការប្រកួតមិត្តភាព Pre-Season ៦ ប្រកួតទៀត មុនរដូវកាល​ថ្មី​ចាប់​ផ្តើម​រួមមានជួប Arsenal, Wrexham, Real Madrid, Dortmund, Lens និង Athletic Bilbao មុនចាប់ផ្តើមសប្តាហ៍ទី ១ Premier League ជួប Wolverhampton នៅថ្ងៃទី ១៥ ខែ​សីហា​ខាងមុខ៕ អត្ថបទ៖ នាង សុភាវុធ

Manchester City ព្រមព្រៀងជាមួយ Al-Ahli តម្លៃ ៣០លានផោនក្នុងការផ្ទេរ Riyad Mahrez

2023/07/20 07:32:28 pm        142
ក្រុមជើងឯកបីពានរដូវកាលមុន Manchester City បាន​ឈានដល់កិច្ច​ព្រមព្រៀង​ជាមួយ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Ahli ហើយក្នុងការផ្ទេរខ្សែបម្រើស្លាបអាល់ហ្សេរី Riyad Mahrez។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានទទួលការអនុញ្ញាតមិនរួមក្រុមធ្វើឱ្យដំណើរទៅកាន់ទឹកដីជប៉ុន និងកូរ៉េ ក្នុងការប្រកួតមិត្តភាព Pre-Season របស់ Manchester City។Riyad Mahrez នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Manchester City។ Mahrez បានមកកាន់ City កាលពីឆ្នាំ ២០១៨ តម្លៃ ៦០ លានផោនផ្ទេរពី Leicester City ខណៈ​រដូវកាលមុនបង្ហាញខ្លួនបាន ៤៧ ប្រកួតរកបាន ១៥ គ្រាប់ជួយ Manchester City ឈ្នះ​ពាន ៣ ក្នុងមួយរដូវកាល៕ អត្ថបទ៖ នាង សុភាវុធ

Liverpool និង Al-Ettifaq ព្រមព្រៀងតម្លៃ ១២ លានផោនក្នុងការផ្ទេរ Jordan Henderson ហើយ

2023/07/20 07:18:26 pm        141
ក្លិបបាល់ទាត់ហង្សក្រហម Liverpool និង Al-Ettifaq បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាតម្លៃ ១២ លានផោន ហើយក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស Jordan Henderson ទៅ​កាន់​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត។Henderson បានធ្វើដំណើរជាមួយ Liverpool ទៅទឹកដីអាល្លឺម៉ង់ក្នុងជំនួបមិត្តភាពយកឈ្នះ Karlsruher ៤-២ យប់មិញ តែមិនបានចូលលេងឡើយ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនៅសល់កិច្ចសន្យាជាមួយ Liverpool ២ ឆ្នាំទៀត។ អតីតប្រធានក្រុម Liverpool, Steven Gerrard ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការ Al-Ettifaq។ Jordan Henderson ផ្លាស់មកកាន់ Liverpool កាលពីខែមិថុនាឆ្នាំ ២០១១ ក្នុងតម្លៃ ២០ លាន​ផោន​ពី Sunderland បង្ហាញខ្លួនសរុប ៤៩១ ប្រកួតរកបាន ៣៣ គ្រាប់ និង ៥៨ បាល់បញ្ជូន ជួយ Liverpool ឈ្នះជើងឯក UEFA Champions League, English Premier League, FA Cup, League Cup, UEFA Super Cup និង FIFA Club World Cup ផងដែរ។ Liverpool កាលពីសប្តាហ៍មុនក៏ព្រមព្រៀងបញ្ចេញខ្សែបម្រើប្រេស៊ីល Fabinho ៤០ លាន​ផោន​ទៅ​កាន់ Al-Ittihad ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM