Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Jonas Vingegaard ឈ្នះដំណាក់កាលទី ១៦ កាន់តែកៀកគ្រងជើងឯក Tour de France

2023/07/19 05:14:49 pm        215
អ្នកការពារតំណែងជើងឯក កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បាន​ប្រជែង​ឈ្នះ​ដំណាក់កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de France និងកាន់តែកៀក​ក្នុង​ការ​គ្រង​ជើង​ឯកឆ្នាំនេះ។ ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ២២.៤ គីឡូម៉ែត្រ ដែលជា​ដំណាក់​កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន និងជាដំណាក់កាលដ៏សំខាន់មួយនោះ កីឡាកររបស់ក្រុម Jumbo-Visma, Jonas Vingegaard បានប្រើពេលត្រឹម ៣២ នាទី ៣៦ វិនាទីប៉ុណ្ណោះ ពោលគឺល្អជាងអ្នកលេខ ២ កីឡាករស្លូវេនី Tadej Pogacar ១ នាទី ៣៨ វិនាទី និងលេខ ៣ កីឡាករប៊ែលហ្ស៊ិក Wout van Aert យឺតជាង ២ នាទី ៥១ វិនាទី។ ជាអ្នកនាំមុខស្រាប់លើ Tadej Pogacar មុនចាប់ផ្តើមដំណាក់កាលទី ១៦ នេះ Jonas Vingegaard បានពន្លាតការនាំមុខរបស់ខ្លួនបន្ថែមទៀតក្នុងតារាងរួមឡើងដល់ ១ នាទី ៤៨ វិនាទី​ពីលើកីឡាករស្លូវេនី ខណៈលេខ ៣ ផ្លាស់មកជា កីឡាករអង់គ្លេស Adam Yates។ សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ ខណៈ Tour de France នឹងបញ្ចប់ផ្លូវការនៅដំណាក់កាលចុងក្រោយទី ២១ ថ្ងៃអាទិត្យទី ២៣ ចុងសប្តាហ៍នេះ៕ អត្ថបទ៖ នាង សុភាវុធ 

CPL ជំរុញការផ្សព្វផ្សាយពីច្បាប់ប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ មុនលីគរដូវកាលថ្មី​ចាប់ផ្ដើម

2023/07/19 04:56:25 pm        444
ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ បានរៀបចំនូវសិក្ខាសាលាជាបន្ដបន្ទាប់ ដើម្បីជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ប្រកួត ដល់បណ្ដាក្លិបសមាជិក និងដៃគូផ្សព្វផ្សាយនានា មុនលីគកំពូលកម្ពុជា ឆ្នាំ២០២៣/​២៤ បើករដូវកាលថ្មីនាពេលឆាប់ៗខាងមុខ ។ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ បាន​បន្ដ​រៀបចំ​សិក្ខាសាលាថ្មីមួយទៀត ស្ដីពីវគ្គទីផ្សារ និងការងាររបស់ក្រុមផ្សាយផ្ទាល់ ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់លោក ថោង ច័ន្ទកិត្យា ជាគ្រូឧទ្ទេស ដែលបានបង្ហាញមួយចំនួន ពាក់ព័ន្ធ​នឹងច្បាប់ នៃ​ការ​ប្រកួត ។សិក្ខាសាលានេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ពិសេសដៃគូផ្សាយផ្ទាល់ ដែល​ត្រូវ​យល់​ផង​ដែរ ពីច្បាប់ប្រកួត ក៏ដូចជាពាក្យពេចន៍បច្ចេកទេសមួយចំនួន សម្រាប់​ធ្វើ​ការ​អត្ថាធិប្បាយ​ឲ្យ​អ្នក​ទស្សនា​ងាយ​យល់ និងចៀសវាងនូវការភាន់ច្រឡំ ចំពោះទិដ្ឋភាពមួយចំនួន ដែលកើត​មាន​លើ​ទីលាន​ប្រកួត។គួរដឹងថា ពានរង្វាន់ Cambodian Premier League 2023/24 នឹងបើកការប្រកួតរដូវកាលថ្មី នា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤។ ប៉ុន្ដែមុនឈានដល់ការប្រកួតឆ្លងឆ្នាំលើកដំបូងនេះ ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ ក៏​នឹង​រៀបចំ​ពានរង្វាន់បើករដូវកាល គឺពានរង្វាន់ Cambodian Super Cup 2023 ​រវាង​ក្រុម​ភ្នំពេញ​ក្រោន ​ក្នុងនាមក្រុមជើងឯកលីគកំពូលកម្ពុជា និងក្រុមវិសាខា ក្នុងនាម​ក្រុម​ជើងឯក​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ជាតិ នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះផងដែរ៕ អត្ថបទ៖ លី ឈុនឡា

កែបកាន់តែខើចឱកាស ក្រោយចាញ់ភ្នំពេញហ្គាឡាក់ស៊ី ខណៈកំពត ប៉ះកំពង់ស្ពឺ លើកពេល

2023/07/19 04:43:21 pm        274
ក្រុមបាល់ទាត់ខេត្តកែប កាន់តែខើចឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ក្រោយបន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ភ្នំពេញ​ហ្គាឡាក់ស៊ី ៥-១ ក្នុងជំនួបជើងទី២ នៃពូលA កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា​ម្សិលមិញ ខណៈជំនួបរវាងក្រុមកំពតអេហ្វស៊ី និងក្រុមកំពង់ស្ពឺ ត្រូវបានលើកពេល ដោយសារ​បញ្ហា​ទីលាន មិនអាចរៀបចំការប្រកួតបាន ។សម្រាប់​គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមកំពូលតារាងភ្នំពេញហ្គាឡាក់ស៊ី បន្ថែម ៣ពិន្ទុ ធ្វើ​សម្រេច​ដោយកីឡាករ លី ម៉ាត់ណូ ១គ្រាប់ នៅចុងវគ្គទី១ មុនបន្ថែម ៤គ្រាប់ទៀត នៅវគ្គទី២ ដោយ​កីឡាករ ស្លេះ អារ៉ហ្វាត់ នៅនាទី៥៥, កីឡាករ លី មស្លីម នៅនាទី៦៦ និងកីឡាករ កឹម ចាន់​វិសុទ្ធ រកបាន ២គ្រាប់ នៅនាទី៧១ និងនាទី៨២ គ្រាដែល ១គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កែប រកបានដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី៧០ ។ជាមួយលទ្ធផលនេះ នាំឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ដឈរកំពូលតារាងពិន្ទុ សប្ដាហ៍ទី១២ ក្រោយ​ឆ្លងកាត់ ៥ប្រកួតឈ្នះ ៣ ស្មើ ២ រកបាន ១១ពិន្ទុ ។ រីឯខេត្តកែប បន្ដឈរបាត់តារាង ដោយ​រក្សា ៤ពិន្ទុ និងធ្វើឲ្យពួកគេសល់ឱកាសតិចតួចប៉ុណ្ណោះ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដ្បិត​ពួក​គេ​នៅ​សល់​ប្រកួតក្នុងដៃតែ ២ប្រកួតទៀតប៉ុណ្ណោះ ។ ចំណែកក្រុមកំពតអេហ្វស៊ី និងខេត្ត​កំពង់ស្ពឺ បន្ទាប់ពីលើកពេល នៅតែរក្សា ៦ពិន្ទុស្មើគ្នាជាមួយខេត្តព្រះសីហនុដដែល៕ អត្ថបទ៖ លី ឈុនឡា

កីឡាចំបាប់កាច់ដៃ រំពឹងមានជើងឯកផ្ទាល់ខ្លួន ក្រោយមានការគាំទ្រខ្លាំង​ក្នុងពានសហព័ន្ធ

2023/07/19 04:31:44 pm        158
ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា រំពឹងការប្រកួត​ជ្រើសរើស​ជើងឯកប្រចាំឆ្នាំ ដូចប្រភេទកីឡាដទៃដែរ បន្ទាប់ពីមានការគាំទ្រខ្លាំង ក្នុងការ​ប្រកួត​ពានរង្វាន់​សហព័ន្ធ លើកទី២ ឆ្នាំ២០២៣ កាលពីសប្ដាហ៍កន្លងទៅ ។ការប្រកួតពានរង្វាន់សហព័ន្ធ ដែលរៀបចំ​រួមគ្នាជាមួយ​ការប្រកួត​កីឡាទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២៣ នេះ គឺសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានទទួល​ថវិកា​មួយ​ចំនួន ពីគម្រោងរៀបចំជើងឯកកីឡាទាញព្រ័ត្រ មកប្រើប្រាស់សម្រាប់ការរៀបចំ ។ប៉ុន្ដែដោយសារការប្រកួតកាច់ដៃពានរង្វាន់សហព័ន្ធ មានការចូលរួមច្រើន ត្រឹមរយៈពេលខ្លី សហព័ន្ធ​នឹងពិចារណារៀបចំការប្រកួតដាច់ដោយឡែកនាឆ្នាំក្រោយ ។ លើសពីនេះ សហព័ន្ធ​ក៏​នឹង​ព្យាយាម​ចង​ក្រងជាសមាគម ក៏ដូចជាក្លិបសមាជិក ដើម្បីស្វែងរកការគាំទ្រ និង​ទទួល​ស្គាល់​សមាជិក​ភាព​ពី​ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។ដោយឡែកកីឡាករ ណាក់ សុខណា ម្ចាស់មេដាយមាស ១ និងសំរឹទ្ធ ១ ប្រចាំពានសហព័ន្ធ លើក​ទី២ បានសម្ដែងក្ដីរីករាយ ដែលសហព័ន្ធបានរៀបចំការប្រកួតនេះឡើង តែចង់​ឲ្យ​សហព័ន្ធ​បង្កើន​ការ​ប្រកួត​កាន់តែច្រើន ដើម្បីផ្ដល់ឱកាសឲ្យកីឡាករចំបាប់កាច់ដៃកម្ពុជាបានចូលរួម ក៏​ដូច​ជា​ជំរុញ​ការអភិវឌ្ឍវិស័យកីឡាមួយនេះ ស្របពេល​ខ្លួន​ក៏​មាន​មហិច្ឆតា​ចង់​វិវឌ្ឍន៍​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​អន្ដរជាតិផងដែរ ។គួរដឹងថា កីឡាចំបាប់កាច់ដៃកម្ពុជា បានបង្កើតសហព័ន្ធជាផ្លូវការ និង​បាន​ការ​ទទួល​ស្គាល់​សមាជិក​ភាព​ពី​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីឆ្នាំ២០១៩ ។ បន្ទាប់​មក​សហព័ន្ធ​បាន​មាន​សកម្មភាព​ជាហូរហែរ និងបានបញ្ជូនប្រតិភូ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ទៅ​ចូលរួមវគ្គបណ្ដុះបណ្ដាលលក្ខណៈអន្ដរជាតិ និងការប្រកួតអន្ដរជាតិជាច្រើនផងដែរ ក្រោម​ការ​ដឹក​នាំ​របស់ឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធានសហព័ន្ធ៕ អត្ថបទ៖ លី ឈុនឡា  

ឯកឧត្តម វ៉ាត់ ចំរើន៖ សហព័ន្ធជាតិ ត្រូវយកវីរភាពស៊ីហ្គេមជាគំរូ ក្នុងការចាប់ផ្ដើមការងារឡើងវិញ

2023/07/19 04:24:33 pm        133
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំឮកដល់គ្រប់សហព័ន្ធ​កីឡាជាតិ ត្រូវពង្រឹងការងាររដ្ឋបាល និងការងារបច្ចេកទេសឡើងវិញ បន្ទាប់ពីសម្រាក ក្រោយទទួលបាន​ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ដោយយកវីរភាព នៃមហាជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ធ្វើជាគំរូ ឬជា Role Model សម្រាប់ការចាប់ផ្ដើម​ការងារខ្លួនឡើងវិញ ។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហព័ន្ធកីឡាជាតិ ក៏ដូចជាសហព័ន្ធ ដែលត្រៀមបញ្ចូនកីឡាករ​-កីឡាការិនី ទៅហ្វឹកហាត់នៅចិន កាលពីដើមសប្ដាហ៍កន្លងទៅ ឯកឧត្តមបានបញ្ជាក់ថា ការងារមួយ​ចប់ គ្រាន់តែបិទបញ្ចប់នូវលទ្ធផលមួយប៉ុណ្ណោះ តែមានបេសកកម្មជាច្រើនទៀត ដែលអ្នកបំពេញការងារ​វិជ្ជាជីវៈមួយនេះ ត្រូវបន្ដ ពិសេសដើម្បីរក្សាបាននូវគុណតម្លៃដ៏អស្ចារ្យ ចំពោះមរតក នៃជោគជ័យស៊ីហ្គេម ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ។គួរដឹងថា ពិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងខែមិថុនា សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បានផ្ដល់អនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជំរុញការ​អភិវឌ្ឍ​កីឡាជាតិឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវលទ្ធផលកាន់តែប្រសើរថែមទៀត ក្រោយព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ក្នុងនោះដែរ សម្ដេចពិជ័យសេនា បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័នពាក់ព័ន្ធ បន្ដធ្វើការអភិវឌ្ឍន៍គុណផលកីឡាករ-កីឡាការិនីជម្រើសជាតិ និងកំណត់គោលដៅនីតិវិធីថែរក្សា ថែ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍ សម្ភារៈកីឡាតាមលក្ខណៈបច្ចេកទេស ឲ្យមានប្រសិទ្ធភាព ។ លើស​ពីនេះ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រកីឡាថ្មី ក្រោយបរិបទថ្មីនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដើម្បីរក្សាសក្ដានុពល និងឧត្តមភាពកីឡាជាតិលើឆាកអន្ដរជាតិបន្ដទៀត ៕ អត្ថបទ៖ លី ឈុនឡា

Novak Djokovic ត្រូវពិន័យក្រោយបោករ៉ាកែតអំឡុងវគ្គផ្តាច់ព្រ័ត្រ Wimbledon

2023/07/18 09:17:54 pm        397
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic ត្រូវបានពិន័យ ៦១១៧ ផោន រឺ ៨០០០ ដុល្លារ​អាមេរិក​ពីការបោករ៉ាកែតនឹងបង្គោលសំណាញ់អំឡុងវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាល​ពី​ថ្ងៃអាទិត្យ។ហេតុការណ៍នេះកើតឡើងនៅសិតទី ៥ នៃបរាជ័យរបស់គេក្រោមស្នាដៃកីឡាករអេស្ប៉ាញ Carlos Alcaraz ពោលគឺនៅពេលចាញ់សេវារបស់ខ្លួននៅហ្គេមទី ៣ នៃសិតទី ៥។ មន្ត្រីនៅកៅអីអាជ្ញាកណ្តាលលោក Fergus Murphy ក៏បានព្រមាន Djokovic ផងដែរភ្លាមៗ​នោះ​។ទឹកប្រាក់ដែលត្រូវពិន័យនោះ នឹងត្រូវកាត់ចេញពីប្រាក់រង្វាន់ជើងឯក​រងរបស់​គេតែម្តង​ដែល​មាន​ចំនួន​ ១.១៧៥ លានផោននោះ។ Novak Djokovic មានអារម្មណ៍ចឹងចិត្តខ្លួនឯងនៅក្នុងសិតចុងក្រោយនោះ បន្ទាប់​ពីខូច​បាល់​ងាយៗ ដែលធ្វើឱ្យ Carlos Alcaraz គ្រប់គ្រង​ស្ថានការ​បាន​ទាំង​ស្រុង​យក​ឈ្នះ​ការប្រកួត​ដែល​មាន​រយៈ​ពេល​ជិត ៥ម៉ោង។ នេះជាជើងឯក Grand Slam លើកទី ២ សម្រាប់ Carlos Alcaraz និង​ជា​ការ​ខកខាន​ឈ្នះ​ជើង​ឯក​របស់ Djokovic ក្នុងការប៉ុនប៉ងតាមស្មើកំណត់ត្រារបស់ Roger Federer ឈ្នះជើងឯក Wimbledon សរុប ៨ លើក និងខកខានក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam សរុប​ច្រើន​ជាង​គេ ២៤លើកផងដែរ៕ អត្ថបទ៖ នាង សុភាវុធ

Willian បន្តស្នាក់នៅជាមួយ Fulham មួយរដូវកាលទៀតក្រោយការចរចាជាមួយ Nottingham បរាជ័យ

2023/07/18 09:00:41 pm        113
ខ្សែបម្រើស្លាបប្រេស៊ីល Willian បានត្រលប់មកបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយ Fulham បន្ទាប់ពីការចរចាជាមួយ Nottingham Forest បរាជ័យ។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពី Fulham ក្រោយចប់​កិច្ច​សន្យា​នៅ​ដំណាច់​រដូវកាល​កន្លង​ទៅ និងត្រូវបានដឹងថាមានការចរចាជាមួយ Nottingham ដែលខិតជិត​ដល់​កិច្ច​ព្រម​ព្រៀង​ទៅ​ហើយ​បែ​ជាបរាជ័យទៅវិញ។ ផ្ទុយទៅវិញ Willian ក៏បានត្រលប់មកកាន់ Fulham វិញបន្តកិច្ចសន្យា ១ រដូវកាល​ទៀត​ជា​មួយ​ក្លិប​នៅ​ទីក្រុងឡុងដ៍។ អតីតកីឡាកររបស់ Chelsea និង Arsenal រូបនេះបានផ្លាស់មកកាន់ Fulham កាលពីឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពីក្លិបប្រេស៊ីល Corinthian។ រដូវកាលមុន Willian បង្ហាញខ្លួនបាន ២៧ ប្រកួតឱ្យ Fulham នៅ Premier League ស៊ុត​បញ្ចូល​ទី៥ គ្រាប់ ប៉ះបញ្ជូន ៦ គ្រាប់ខណៈ Fulham បញ្ចប់នៅចំណាត់ថ្នាក់លេខ ១០៕ អត្ថបទ៖នាង សុភាវុធ 

ក្លិបនៅលីគកំពូលកម្ពុជា កំពុងសម្រុកនាំយក កីឡាករកូតាអាស៊ានមករួមក្លិប

2023/07/18 08:53:09 pm        486
លីគកំពូលកម្ពុជារដូវកាលថ្មី បានកែប្រែទម្រង់មួយចំនួនក្នុងការដាក់កីឡាករបរទេសនៅលើទីលាន ដែលបន្ថែមឲ្យមានកីឡាករអាស៊ានម្នាក់ទៀត ដូច្នេះនៅលើទីលានអាចដាក់កីឡាករបរទេសបាន ៥រូប បើសិនជាមានកីឡាករអាស៊ានម្នាក់។ហេតុដូចនេះហើយ ទើបក្លិបនៅលីគកំពូលកម្ពុជា បានកំពុងស្វះស្វែងរកកីឡាករអាស៊ានមករួមក្លិប ដែលបច្ចុប្បន្នមានក្លិបចំនួន ៨ហើយ ដែលបាននាំចូលកីឡាករកូតាអាស៊ាន លើកលែងតែក្លិប ២ប៉ុណ្ណោះមិនទាន់នាំចូល កីឡាករកូតាអាស៊ានរួមមាន បឹងកេត និង Tiffy Army FC។ម្សិលមិញនេះ ក្លិបចំនួន២បន្ថែមទៀតហើយ នៃលីគកំពូលកម្ពុជា បានប្រកាសនាំយកកីឡាករអាស៊ានមករួមក្លិប រួមមាន ព្រះខ័នរាជស្វាយរៀងបានបង្ហាញ ខ្សែប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong វ័យ ២២ឆ្នាំ ដែលផ្ទេរមកពីក្លិប Young Elephants នៃលីគកំពូលឡាវ ដែលរូបគេបង្ហាញខ្លួនឲ្យក្លិបជើងឯក លីគកំពូលឡាវរដូវកាល ២០២២/២៣ មួយនេះបាន ៥៨ប្រកួត ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករអាស៊ានម្នាក់ដែរ ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា កីឡាករ Soe Moe Kyaw វ័យ ២៤ឆ្នាំ លេងក្នុងតួរនាទី ខ្សែការពារកណ្តាល ដែលរដូវកាលមុនរូបគេប្រកបអាជីពនៅលីគទី២ថៃ ជាមួយក្លិប Kasetsart ខណៈអតីតប្រធានក្រុមជម្រើសជាតិមីយ៉ាន់អាយុក្រោម ២៣ឆ្នាំរូបនេះជាប់ជម្រើសជាតិមីយ៉ាន់ម៉ា ក្រុមកម្រិតមកដល់បច្ចុប្បន្ន និង បង្ហាញខ្លួន ឲ្យក្រុមធំមីយ៉ាន់ម៉ា បាន ២៨លើកផងដែរ។សូមបញ្ចាក់ថាគិតមកទល់ពេលនេះ ក្លិបចំនួន៨ហើយដែលបាននាំចូលកីឡាករកូតាអាស៊ាន រួមមាន វិសាខា នាំចូលកីឡាករសញ្ចាតិទីម័រ Mouzinho Barreto , ព្រៃវែង នាំចូលកីឡាករសញ្ជាតិ មីយ៉ាន់ម៉ា Thiha Zaw, អាយអេសអាយ នាំចូលកីឡាករ សញ្ជាតិទីម័រ Jhon Frith គីរីវង់សុខសែនជ័យ នាំចូលកីឡាករសញ្ជតិទីម័រ Zenivio Mota, អង្គរថាយហ្គឺរ នាំចូលកីឡាករ សញ្ចាតិ ហ្វីលីពីន Pocholo Bugas , ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករ សញ្ចាតិឡាវ Bounphachan Bounkong, ភ្នំពេញក្រោន បង្ហាញមុខកីឡាករ សញ្ចាតិ មីយ៉ាន់ម៉ា Soe Moe Kyaw និង ចុងក្រោយណាហ្គាដ៍វើល ត្រៀមបង្ហាញមុខកីឡាករកូតា អាស៊ាន ខ្សែប្រយុទ្ធ សញ្ចាតិ ឥណ្ឌូនេស៊ី Muhammad Rafli Mursalim ដែលរដូវកាលមុនរូបគេលេងនៅលីគទី២ នៃលីគឥណ្ឌូនេស៊ី ( Liga 2 ) ជាមួយក្លិប Gresik United៕ អត្ថបទ៖ យិន ស៊ាងលី

Son បដិសេធសំណើពីអារ៉ាប៊ីសាអ៊ូឌីត និងចង់បន្តលេងឱ្យ Spurs

2023/07/18 08:21:15 pm        286
ខ្សែប្រយុទ្ធកូរ៉េ Son Heung-min បាននិយាយថា គេអាចបន្តអាជីពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតក៏បានបើសិនជាចិត្ត ចង់ តែមិនប្រាថ្នាឡើយ គឺចង់បន្តលេងឱ្យ Tottenham Horspur ទៀត។ការលើកឡើងបែបនេះគឺស្របពេលដែល Spurs កំពុងស្ថិតនៅទឹកដីអូស្រ្តាលីត្រៀមការប្រកួតមិត្តភាព Pre-Season ទល់នឹង West Ham។កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានការទាក់ទងពីក្លិប Al-Ittihad ដែលបានផ្តល់សំណើអមជាមួយកិច្ចសន្យាដែលអាចទទួលបានប្រាក់ឈ្នួលច្រើនសន្ធឹក។Al-Ittihad ដែលដឹកនាំដោយអតីតគ្រូបង្វឹក Wolves និង Spurs លោក Nuno Espirito Santo ត្រូវបានគេដឹងថាបានផ្តល់សំណើកិច្ចសន្យា ៤ ឆ្នាំដល់ Son Heung-min ជាមួយនឹងប្រាក់ឈ្នួល ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ។Son បានឈ្នះស្បែកជើងមាស ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ Premier League រដូវកាល ២០២១-២២ ជាមួយនឹង ២៣ គ្រាប់ តែបញ្ហារបួស និងធ្លាក់ចុះទម្រង់លេង ធ្វើឱ្យកីឡាករកូរ៉េរូបនេះរកបានត្រឹម ១០​ គ្រាប់ប៉ុណ្ណោះរដូវកាលមុន ខណៈ Spurs បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៨៕ អត្ថបទ៖នាង សុភាវុធ 

Manchester United ខិតជិតសម្រេចក្នុងការនាំយកអ្នកចាំទីកាមេរូន Andre Onana ពី Inter Milan

2023/07/18 07:06:53 pm        142
ក្លិបបិសាចក្រហម Manchester United បានខិតជិតដល់កិច្ចព្រមព្រៀងហើយក្នុងការនាំយកអ្នកចាំទីកាមេរូន Andre Onana ពី Inter Milan ក្នុងតម្លៃជិត ៥០ លានផោន។កីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងមកជំនួសអ្នកចាំទីចាស់វស្សា David de Gea ដែលបានចាកចេញពីក្លិបកាលពីខែមុនក្រោយចំណាយពេល ១២ ឆ្នាំនៅ Old Trafford។បើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡានានានៅអឺរ៉ុបឱ្យដឹងថា Onana បានព្រមព្រៀងលើកិច្ចសន្យា ៥ ឆ្នាំ តែតម្លៃនៃការផ្ទេរកំពុងស្ថិតក្នុងការជជែករវាងក្លិបទាំងពីរ។ យ៉ាងណាក្តីក្លិបទាំងពីរហាក់មិនមានការចង់បាននៃតម្លៃផ្ទេរ ឃ្លាតឆ្ងាយពីគ្នាប៉ុន្មានទេ នឹងរំពឹងការផ្ទេររបស់ Onana នឹងសំរេចមិនពេល Manchester United ចាកចេញទៅប្រកួត Pre-Season ចុងសប្តាហ៍នេះ។អ្នកចាត់ការ Erik ten Hag បានស្គាល់ Onana ច្បាស់ដោយសារធ្លាប់ជាគ្រូ និងសិស្សនៅ Ajax ជាមួយគ្នា ពោលគឺ Andre Onana បានចំណេញពេលជាង ៧ រដូវកាលមុនពេលផ្លាស់មកកាន់ Inter Milan នៅខែកក្កដាឆ្នាំ ២០២២។រដូវកាលមុន Andre Onana បានរក្សាសំណាញ់ទី ២៤ ប្រកួតនៅ Serie A ខណៈ Inter Milan បញ្ចប់នៅចំនាត់ថ្នាក់លេខ ៣ និង រក្សាសំណាញ់ទី ៨ ប្រកួតផ្សេងទៀតក្នុងចំណោម ១៣ ប្រកួតនៅ UEFA Champions League ដែល Inter Milan ចាញ់ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM