Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

ក្រុមបាល់ទាត់នារី U19 កម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2023/07/03 06:21:08 pm        232
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាកចេញពីមាតុភូមិ ដើម្បី​ចូលរួម​ការ​ប្រកួត​បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៣ AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូនេស៊ីហើយ កាល​ពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ។ព្រឹត្តិការណ៍នេះ គ្រោងចាប់ផ្ដើមការប្រកួតផ្លូវការ ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ ដោយមានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​នារី U19 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ និង​ទីម័រ​ខាង​កើត ខណៈ ២ពូលទៀត មាន ៣ក្រុមដូចគ្នា ក្នុងនោះពូល B មានវៀតណាម ម៉ាឡេស៊ី និង​សិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន ។សម្រាប់បេសកកម្មរបស់ក្រុមបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំកម្ពុជា គឺដឹកនាំដោយលោក ប្រាក់ វុទ្ធី ហើយមុនចេញដំណើរ ពោលគឺនៅថ្ងៃទី០២ ខែកក្កដាម្សិលមិញ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានបង្ហាញកីឡាការិនីចំនួន ២៣នាក់ ដែលបានជាប់បញ្ជីឈ្មោះចុងក្រោយ ក្នុ​ង​នោះ​មាន​កីឡា​ការិនី​ក្លិបព្រះខ័នរាជស្វាយរៀង ២នាក់, ខេត្តសៀមរាប ៧នាក់, ណាហ្គាវើលដ៏ ៣នាក់, វិសាខា ៥នាក់, បឹងកេត ៤នាក់ និងសមាជិកក្លិបភ្នំពេញក្រោន ២នាក់ ។ចំពោះការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Sriwijaya នៃ​ខេត្ត Palembang ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ សម្រាប់ក្រុមបាល់ទាត់នារី U19 កម្ពុជា នឹងត្រូវជួបឡាវមុនគេ នាថ្ងៃទី០៥-កក្កដា មុន​បន្ដជួបក្រុមទីម័រខាងកើត នាថ្ងៃទី៧-កក្កដា និងចុងក្រោយជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃ​ទី០៩ ខែកក្កដាខាងមុខ ។ រីឯរូបមន្ដការប្រកួតនេះ ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូល ក្រុម​ឈរ​លេខ​១ នៃពូលនីមួយៗ ព្រមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេប្រចាំពូលទាំង ៣ នឹង​ទទួល​បាន​កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ៕ អត្ថបទ លី ឈុនឡា 

រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់ជាង ៦,៦លានដុល្លារ ដល់ជ័យលាភីមេដាយស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣

2023/06/27 10:12:45 pm        549
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡា​ការិនីជយលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី​១២ ឆ្នាំ២០២៣ សរុបថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤​ដុល្លារ​អាមេរិក បន្ទាប់ពីការខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុង​នាម​ម្ចាស់​ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា កាលពីថ្មីៗ ។ពិធីប្រគល់ប្រាក់រង្វាន់នេះ រៀបចំឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ និងពិធីប្រគល់ប្រាក់រង្វាន់ជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅ​ទីស្ដី​ការ​ក្រសួងការពារជាតិ ។ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រយ៍ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC និង CAMAPGOC ដោយទទួល​បាន​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពីរាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រឹត្យផ្ដល់​ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមមានមេដាយមាស ៤០លាន​រៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ។ រីឯគ្រូបង្គោល ទទួល​បាន​ដូច​កីឡាករ​មេដាយខ្ពស់បំផុតរបស់ខ្លួន ហើយគ្រូជំនួយក៏ទទួលបាន ៧០% នៃគ្រូបង្គោលដែរ។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥-១៧ ខែឧសភាថ្មីៗ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៤ ។ រីឯ​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង រួមមាន​មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៤គ្រឿង ឈរចំណាត់​ថ្នាក់​លេខ​រៀង​ទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ។ផ្នែកតាមអនុក្រឹត្រ និងសមិទ្ធផល ដែលអត្តពលិកកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺរាជរដ្ឋាភិបាល បានចំណាយថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក ដែល​ត្រូវ​បាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន​នាំយក​មក​ប្រគល់​ជូន​គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ក្នុងនោះមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ៥៩៨នាក់ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ តែមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន ៨៦នាក់ ស្មើនឹងទឹកប្រាក់ ៣,៩៣៥,០០០រៀល ត្រូវបានបើកជូនមុន ពេល​ចាក​ចេញ​ពីកម្ពុជា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ៕ អត្ថបទ៖ លី ឈុនឡា

ព្រឹត្តិការណ៍កីឡាអូឡាំពិកអេឡិចត្រូនិចលើកដំបូងបញ្ចប់ដោយជោគជ័យនៅទឹកដីសិង្ហបុរី

2023/06/26 07:25:54 pm        277
ព្រឹត្តិការណ៍កីឡាអូឡាំពិកអេឡិចត្រូនិច Olympic Esports ជាលើកដំបូងបានបញ្ចប់ដោយជោគជ័យនៅទឹកដី សិង្ហបុរីកាលពីថ្ងៃអាទិត្យម្សិលមិញ។ព្រឹត្តិការណ៍កីឡាដែលជារៀបចំឡើងជាលើកដំបូងមួយនេះ មានអ្នកចូលរួមប្រមាណ ១៣០ នាក់មកពី ៦០ ប្រទេសជុំវិញពិភពលោក ចូលរួមការប្រកួតចំនួន ១០ វិញ្ញាសាកីឡាដែលរួមមាន បាញ់ធ្នូ បេស្បល អុក ជិះកង់ រាំ ប្រណាំងយានយន្ត ទូកក្តោង បាញ់កាំភ្លើង តេក្វាន់ដូ និងវាយកូនបាល់។ អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Ser Miang Ng បានហៅព្រឹត្តិការណ៍នេះថា ជាក្តីរំភើបសំរាប់គ្រប់គ្នាដែលបានចូលរួម ក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មីនេះ។គោលបំណងនៃការបង្កើតឡើង និងរៀបចំឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកអេឡិចត្រូនិចនេះ គឺឆ្លើយទៅនឹងសន្ទុះនៃ ការកើនឡើងចំនួនអ្នកលេងកីឡាអេឡិចត្រូនិច និងប្រជាប្រិយកីឡាបែបនេះកាន់តែធំទៅៗជុំវិញពិភពលោក។ មួយវិញទៀតគឺដើម្បីអូឡាំពិកចង់ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាបច្ចេកវិទ្យាទំនើបដើម្បីបញ្ជ្រាប និងផ្សព្វផ្សាយចលនាអូឡាំពិក និងកីឡាទៅកាន់ស្រទាប់យុវជន។ សូមបញ្ជាក់ថា អត្តពលិកកីឡាអេឡិចត្រូនិចបារាំងទទួលបានជោគជ័យជាងគេក្នុងព្រឹត្តិការណ៍ដំបូងនេះដោយឈ្នះជើងឯក ៤ វិញ្ញាសាកីឡាក្នុងចំណោម ១០ រួមមាន កីឡារាំ ប្រណាំងយានយន្ត ទូកក្តោង និងវាយកូនបាល់ ខណៈម្ចាស់ផ្ទះសិង្ហបុរីឈ្នះវិញ្ញាសាតេក្វាន់ដូ៕ អត្ថបទ៖ នាង សុភាវុធ

កីឡាខ្សោយបញ្ញាកម្ពុជា ឈ្នះមេដាយ ២គ្រឿង ក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្ដៅពិភពលោក ឆ្នាំ២០២៣

2023/06/26 07:04:18 pm        185
ក្រុមកីឡាជនពិការសតិបញ្ញាខ្សោយរបស់កម្ពុជា បានឈ្នះមេដាយ ២គ្រឿង រួមមានមេដាយប្រាក់១ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក «Special Olympics World Games Berlin 2023» នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍កន្លងទៅ ។សម្រាប់មេដាយប្រាក់ គឺដណ្ដើមបានដោយកីឡាការិនី នុត សុផាន់ណា លើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបានដោយកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល ក្នុងការប្រកួតកីឡាប៊ូល វិញ្ញាសាវាយគូចម្រុះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។គួរដឹងថា ការប្រកួតកីឡាខ្សោយបញ្ញាពិភពលោកនេះ បានរៀបចំការប្រកួតជាង ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមិថុនា ដោយមានអត្តពលិកចូលរួមជាង ៧ពាន់នាក់ មកពីជាង ១៩០ប្រទេស ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីខ្សោយបញ្ញាកម្ពុជា ៤រូបផងដែរ ដែលដឹកនាំដោយឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉ស្យាល់អូឡាំពិកកម្ពុជា៕ អត្ថបទ៖ លី ឈុនឡា

Carlos Alcaraz មានជំនឿចិត្តវិញក្រោយឈ្នះ Jiri Lehecka ឡើងវគ្គ ៨ នាក់​ចុងក្រោយ​លើ​ទីលាន​ស្មៅ

2023/06/23 06:34:26 pm        216
កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz ហាក់មានជំនឿ ចិត្តមកវិញ​ក្រោយ​យក​ឈ្នះ​កីឡាករ​ឆែក Jiri Lehecka ឡើងវគ្គ ៨ នាក់ចុងក្រោយនៃព្រឹត្តិការណ៍វាយកូនបាល់ Cinch Championship នៅក្លិបវាយកូនបាល់ Queen ចក្រភពអង់គ្លេស។ មិនខុសពី Nadal ទេ Carlos Alcaraz ជាកីឡាករដែលមានជំនាញនៅលើទីលានដីក្រហម ខណៈ​ការប្រកួតនៅលើទីលានវាលស្មើមិនសូវជាជោគជ័យទេ។ យ៉ាងណាក្តីការប្រកួតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ Carlos Alcaraz បានយកឈ្នះ Jiri Lehecka ២ សិតផ្ទួនៗ ៦-២ និង ៦-៣។រំលឹកដែរថា Carlos Alcaraz បានរងបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, French Open កាលសប្តាហ៍មុនក្រោយចាញ់ក្រោមស្នាដៃកីឡាករលេខ ១ ពិភពលោក Novak Djokovic។ងាកមកកីឡាករប៊ុលហ្ការី Grigor Dimitrov អតីតលេខ ៣ ពិភពលោកក៏​រក​បាន​ជ័យជំនះ​ដែរ​លើ​កីឡាករ​អាហ្សង់ទីន Francisco Cerundolo ៦-៣ និង ៧-៥ ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយ​ជួប​ជាមួយ Carlos Alcaraz៕ អត្ថបទ៖នាង សុភាវុធ

ទុករឿងចូលនិវត្តន៍មួយឡែក Luis Suarez ស៊ុតបញ្ចូលទីក្នុងជ័យជំនះរបស់​ Gremio

2023/06/23 06:25:13 pm        218
ទោះបីជាមានព័ត៌មានពីការចូលនិវត្តន៍ដោយសារបញ្ហាជង្គង់ញាំញីក៏ដោយ Luis Suarez នៅតែអាចស៊ុតបញ្ចូលទីបានក្នុងជ័យជំនះរបស់ Gremio នៅក្របខណ្ឌលីគកំពូលប្រេស៊ីល។ខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិអ៊ុយរូហ្កាយរូបនេះ បានស៊ុតបញ្ចូលទីមួយគ្រាប់​ក្នុង​ចំណោម​ជ័យ​ជំនះ ៣-១ របស់ Gremio លើ America Mineiro ក្នុងទឹកដីរបស់ខ្លួននៅកីឡដ្ឋាន World Cup ២០១៤ Porto Alegre។ ជាថ្មីម្តងទៀតដែរ Suarez ក៏មានការប៉ះទង្គិចជង្គង់របស់ខ្លួនដែរអំឡុងការប្រកួតវគ្គទី ១ ដោយ​ប៉ះ​ជាមួយកីឡាករអាមេរិក Lucas Kal។ យ៉ាងណាក្តី Luis Suarez បានបន្តលេងរហូតដល់នាទីទី ៨២ ទើបផ្លាស់ប្តូរចេញ។ជ័យជំនះ​របស់ Gremio ក៏បានធ្វើឱ្យពួកគេឡើងទៅចំណាត់ថ្នាក់លេខ ៣ មាន ២០ ពិន្ទុ ខណៈក្រុម America Mineiro មានត្រឹម ៨ ពិន្ទុឈរលេខ ១៨៕ អត្ថបទ៖នាង សុភាវុធ

Manchester City ចូលខ្លួនតាមប្រមាញ់ Declan Rice ពី West Ham

2023/06/23 06:17:43 pm        189
ក្លិបបាល់ទាត់ Manchester City បានចាប់ផ្តើមចូលខ្លួនក្នុងការតាមប្រមាញ់ខ្សែបម្រើអង់គ្លេស Declan Rice ពីក្រុមញញួរធំ West Ham ដែលធ្វើឱ្យ Arsenal មានគូប្រជែងធំ។ West Ham United ជាថ្មីម្តងទៀតបានបដិសេធសំណើទី ២ របស់ Arsenal ក្នុងការចង់បានខ្សែបម្រើអង់គ្លេស Declan Rice ទោះ Arsenal ហ៊ានឱ្យថ្លៃដល់ទៅ ៧៥ លានផោនក៏ដោយ។ សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ក្រុមជើងឯកពាន ៣ រដូវកាលមុន Manchester City គ្រោងដាក់សំណើ ៧៥ លានផោនដូចគ្នា តែបូកនឹងប្រាក់បន្ថែមផ្សេងៗឈានដល់ ៩០ លានផោន។ ការសំរេចចិត្តចូលខ្លួនទិញខ្សែបម្រើអង់គ្លេសរូបនេះដោយ Manchester City គឺបន្ទាប់ពី Ilkay Gundogan ទើបសំរេចចិត្តចាកចេញទៅ Barcelona ខណៈលោក Pep Guardiola គិតថា Declan Rice ជាអ្នកជំនួសសក្តិសមបំផុត បើទោះក្លិបទើបឈានដល់កិច្ចព្រមព្រៀង ៣០ លានផោនទិញ Mateo Kovacic ពី Chelsea ក៏ដោយ។ សូមរំលឹកថា Declan Rice បានបង្ហាញខ្លួនសរុបឱ្យ West Ham ២៤៥ ប្រកួតរកបាន ១៥ គ្រាប់ បន្ទាប់ពីចាប់ផ្តើមអាជីពដំបូងនៅរដូវកាល ២០១៦-១៧ ក្រោយងើបពីថ្នាលយុវជនរបស់ក្លិបតែម្តង។Rice បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៤១ លើក និងបង្ហាញខ្លួនពេញទាំង ៥ ប្រកួតរបស់អង់គ្លេសផងដែរនៅ World Cup ២០២២ ឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

Edin Dzeko ចាកចេញពី Inter Milan ទៅក្លិបទួកគី Fenerbahce

2023/06/23 06:08:54 pm        141
ខ្សែប្រយុទ្ធវ័យចំណាស់ Edin Dzeko បានឈានដល់កិច្ច​ព្រមព្រៀង​ផ្លាស់​ទៅ​ទឹកដី​ទួកគី​ចូលរួ​ម​ជាមួយ Fenerbahce ហើយក្រោយខកបំណងជាមួយ Inter Milan ចាញ់ Manchester City នៅ​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនឹងបន្តអាជីពរបស់ខ្លួនមួយរយៈទៀតក្រោយចុះហត្ថលេខា ២ ឆ្នាំ​ជាមួយ Fenerbahce ដែលនឹងរក្សារូបគេលេងបាល់អាជីពដល់វ័យ ៣៩ ឆ្នាំ។ កិច្ចសន្យារបស់ Edin Dzeko នឹងអស់សុពលភាពជាមួយ Inter Milan នៅដំណាច់ខែមិថុនានេះ តែ​កីឡាករវ័យ ៣៧ ឆ្នាំរូបនេះសំរេចជ្រើសរើសការចាកចេញ បើទោះបី Inter Milan ផ្តល់​កិច្ច​សន្យា ១ឆ្នាំទៀតក៏ដោយ។ កីឡាករសញ្ជាតិបូស្នៀរូបនេះបានស៊ុតបញ្ចូលទី ១៤ គ្រាប់ បញ្ជូន ៥ ក្នុងរដូវកាល ២០២២-២៣ កន្លងទៅ។ រំលឹកថា Edin Dzeko បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកនៅឆ្នាំ ២០០៣ មុន​ពេល​ចាក​ចេញនៅឆ្នាំ ២០០៧ ទៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់ជាមួយ Wolfsburg។ ឆ្នាំ ២០១១ Dzeko បានផ្លាស់ទៅកាន់ Manchester City រហូតដល់ឆ្នាំ ២០១៦ បង្ហាញ​ខ្លួន​បាន ១៣០ ប្រកួតរកបាន ៥០​ គ្រាប់ ជួយក្រុមឈ្នះជើងឯក Premier League ២ លើក FA Cup មួយលើក។ បន្ទាប់ពី Man City, Edin Dzeko បានផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយ AS Roma នៅឆ្នាំ ២០១៦ មុនពេលមកកាន់ Inter Milan នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

ថៅកែក្លិប Chelsea ព្រមព្រៀងទិញភាគហ៊ុនធំក្លិបបារាំង Strasbourg

2023/06/23 05:56:29 pm        235
ថៅកែក្លិបតោខៀវ Chelsea លោក Todd Boehly បានឈានដល់កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ទិញ​យក​ភាគហ៊ុនធំរបស់ក្លិបបាល់ទាត់បារាំង Strasbourg នៃក្របខណ្ឌបារាំង Ligue 1។អ្នកវិនិយោគអាមេរិករូបនេះធ្លាប់បាននិយាយថា ការវិនិយោគក្លិបច្រើនអាចជួយពង្រឹកសមត្ថភាព និងបទពិសោធ កីឡាករវ័យក្មេង។ទំហំភាគហ៊ុនដែលទិញក្លិប Strasbourg នេះមិនត្រូវប្រកាសជាចំហរឡើយ តែបើតាម​សារព័ត៌​មាន​បារាំង​ចុះផ្សាយថា ម្ចាស់ក្លិប Chelsea រូបនេះត្រូវបោះទុន ៧៥ លានអឺរ៉ូដែល​ចំនួន​ទឹក​ប្រាក់​នេះ ស្មើនឹងភាគហ៊ុនស្ទើ ១០០% ទៅហើយ។ រំលឹកថា ក្រុមអ្នកវិនិយោគអាមេរិកដែលដឹកនាំដោយលោក Todd Boehly បានទិញ​យក​ភាគ​ហ៊ុន​តោ​ខៀវ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៤.២៤ ពាន់លានផោន។ តែ Chelsea មានរដូវកាលដ៏អាក្រក់បំផុតជាមួយនឹងការបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២ នៅ Premier League ដែលជាចំណាត់ថ្នាក់អាក្រក់បំផុតក្នុងរយៈពេល ៣០ និងបាន​បណ្តេញ​អ្នក​ចាត់​ការ​អស់ពីរនាក់។ ចំណែក Strasbourg ក៏មានរដូវកាលលំបាកដែរនៅក្របខណ្ឌបារាំង Ligue 1 ដោយបញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ១៥៕ អត្ថបទ៖នាង សុភាវុធ

ជ័យជំនះអ៊ីរ៉ង់មានន័យថា កូរ៉េត្រូវជួបម្ចាស់ផ្ទះថៃវគ្គ ៨ ក្រុមចុងក្រោយ AFC U17 Asian Cup

2023/06/23 05:46:39 pm        331
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ AFC U17 Asian Cup បានបញ្ចប់ការប្រកួតវិលជុំក្នុងពូល B ហើយខណៈអ៊ីរ៉ង់ជាក្រុមលេខ ១ ក្រោយឈ្នះកូរ៉េ។ ពីរគ្រាប់ផ្ទួនៗរបស់អ៊ីរ៉ង់ដោយ Andarz នាទីទី ១៨ និង Sadeghi នាទីទី ១៩ គ្រប់គ្រាន់ល្មមសម្រាប់អ៊ីរ៉ង់ទទួលបានបីពិន្ទុដែលជាជ័យជំនះ ៣ ប្រកួតផ្ទួនៗនៅក្នុងពូល B។ ក្រុមលេខ ១ ពូល B អ៊ីរ៉ង់ត្រូវជួបជាមួយក្រុមលេខ ២ ពូល A យ៉េមែន ខណៈកូរ៉េស្គាល់បរាជ័យដំបូងបានបញ្ចប់ពូល B ជាក្រុមលេខ ២ នឹងត្រូវជួបជាមួយក្រុមលេខ ១ ពូល A ម្ចាស់ផ្ទះថៃ។ មួយប្រកួតទៀតបង្គ្រប់កិច្ចក្នុងពូល B នេះដែរ អាហ្វហ្កានីស្ថានយកឈ្នះកាតា ២-១។ Habibullah Hotak ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យអាហ្វហ្កានីស្ថាន។ ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះតាជីគីស្ថាន ២-០ ដោយគ្រាប់បាល់របស់ Bennie នាទីទី ៦៨ និង Amanatidis នាទីទី ៩០+៩ ដែលធ្វើឱ្យអូស្រ្តាលីកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ២ ក្នុងពូល។ ចំណែកឯអារ៉ាប៊ីសាអ៊ូឌីតរកបានជ័យជំនះ ៣ ប្រកួតផ្ទួនៗក្រោយយកឈ្នះចិន ៣-០ ដោយគ្រាប់បាល់របស់ Al-Muwallad, Al-Bishri និង Al-Yahebi ដើម្បីបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១។ សម្រាប់ការប្រកួតថ្ងៃនេះ នឹងជាការប្រកួតបង្ហើយក្នុងពូល D រវាងជប៉ុនជួបឥណ្ឌា និង វៀតណាម ជួបអ៊ូសប៊ែគីស្ថាន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM