Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អ្នកការពារ​ជើងឯក Iga Swiatek ដកខ្លួន​ពី​ការប្រកួត​ពានរង្វាន់ Miami Open

2023/03/23 10:18:15 pm        90
​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​លេខ ១ ពិភពលោក Iga Swiatek បានសំរេច​ចិត្ត​ដកខ្លួន​មិន​ចូលរួម​ការប្រកួត​កម្ម​វិធី Miami Open ដោយសារ​របួស​ត្រគាក​។ ​បើតាម​ការ​គ្រោង​ទុក​កីឡា​ការិនី​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ​ត្រូវ​មាន​កាលវិភាគ​ប្រកួត​ជុំ​ទី​២ ជួប​ជាមួយ​កីឡាការិនី​អាមេរិក Claire Liu នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​​Iga Swiatek បាន​បញ្ជាក់ថា នាង​មាន​បញ្ហា​របួស​ត្រគាក​នេះ​តាំងពី​ការប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Indian Wells ដែល​ចាញ់ Elena Rybakina​។ ​របួស​នេះដែរ​ក៏បាន​ធ្វើឱ្យ Swiatek កាន់តែ​បារម្ភ​ពី​លទ្ធភាព​ពី​ការចូលរួម​ការពារ​តំណែង​ជើងឯក Grand Slam, French Open ដែល​នាង​ឈ្នះ​កីឡាការិនី​អាមេរិក Coco Gauff នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន​។ ​មុននឹង​ឈានដល់ French Open នៅ​ថ្ងៃទី២៩ ខែ​ឧសភា​នោះ​ ក៏​នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ផងដែរ​រួមមាន WTA 500 Stuttgart Open និង WTA 1000 ពីរ​កម្មវិធី Madrid Open និង Italian Open ផង​ដែរ ដែល​កម្មវិធី​សំខាន់ៗ​ទាំងនេះ Iga Swiatek ក៏​អាច​អវត្តមាន​ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Remco Evenepoel ឈ្នះ​ដំណាក់កាល​ទី៣ ប្រណាំង​កង់ Volta a Catalunya

2023/03/23 09:48:55 pm        88
​ប្រណាំង​កង់៖ ​ជើងឯក​ប្រណាំង​កង់​ពិភពលោក​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Volta a Catalunya នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ​​ដំណាក់កាល​ទី៣ ដែលមាន​ចំងាយ​ផ្លូវ ១៨០.៥គីឡូម៉ែត្រ​កីឡាករ​របស់​ក្រុម Soudal-Quick Step រូប​នេះ​បាន​ប្រើ​ល្បឿន​ខ្លួន​នៅ​ចំនុច ៤.៥គីឡូម៉ែត្រ​ចុងក្រោយ​ ដើម្បី​ប្រជែង​ឈ្នះ​ក្នុងចំណោម​កីឡាករ ៤០នាក់​ដែល​បូករួម​ទាំង​អតីត​ជើងឯក Tour de France, Primoz Roglic ផងដែរ​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤ម៉ោង ៤០នាទី ៤៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ស្លូ​វេ​នី Primoz Roglic យឺត​ជាង ២វិនាទី និង​លេខ៣ កីឡាករ​អ៊ីតាលី Giullo Ciccone យឺត​ជាង ១៣វិនាទី​។ ​​យ៉ាងណាក្តី​ក្រោយ ៣ដំណាក់កាល​នេះកីឡាករ​របស់​ក្រុម Jumbo Visma, Primoz Roglic នៅតែ​បន្ត​នាំមុខគេ​ដដែល និង​តាម​ពីក្រោយ​ដោយ Remco Evenepoel​។ ​សំរាប់​ដំណាក់កាល​ទី៤ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំងាយ​ផ្លូវ ១៨៨គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mesut Ozil សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​ក្រោយ​ចំណាយ​ពេល ១៧ឆ្នាំ​

2023/03/23 09:17:16 pm        94
បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Mesut Ozil បានសម្រេចចិត្ត​ចូលនិវត្តន៍​ហើយ​នៅក្នុង​វ័យ ៣៤ឆ្នាំ​។ ​អតីត​កីឡាករ​របស់ Arsenal និង Real Madrid រូបនេះ​គឺជា​សមាជិក​សំខាន់​របស់​អាល្លឺម៉ង់​ដែល​ឈ្នះ​ជើងឯក​ពិភពលោក ២០១៤ នៅ​ប្រេ​ស៊ី​ល​។ ​​Ozil បានសម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​កាលពី​ឆ្នាំ២០១៨ ក្រោយ​វិវាទ​ពាក់ព័ន្ធ​នឹង​រឿង​នយោ​បាយ​ដោយសារតែ​រូបភាព​សន្លឹក​ថត​ជាមួយ​ប្រធានាធិបតី​ទួ​ក​គី Tayyip Erdogan និង​ក្រោយមក​បានទទួល​រង​ការ​រិះ​គន់​ខ្លាំង​។ ​Ozil បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា រយៈពេល ១៧ឆ្នាំកន្លងមក​គេ​សូម​អរគុណ​ចំពោះ​ការគាំទ្រ ចំពោះ​ការលើក​ទឹកចិត្ត​រាល់​បញ្ហា​ដែល​កើតមាន តែ​របួស​ញាំញី​មួយរយៈ​ចុងក្រោយជាដើម​ទង​ដែល​ឈានដល់​ការសម្រេចចិត្ត​ចូលនិវត្តន៍​នេះ​។ ​Mesut Ozil បានបង្ហាញ​ខ្លួន​សរុប​ឱ្យ​ក្លិប និង​ក្រុម​ជម្រើសជាតិ ៦៤៥ប្រកួត​រកបាន ១១៤គ្រាប់ និង​បោះ​បញ្ជូន ២២២លើក​។ ​ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង Ozil ផ្តើម​ជាមួយ Schalke 04 មុនពេល​ផ្លាស់​ទៅកាន់ Werder Bremen​។ ទំរង់​លេង​ល្អ​នៅ​ទីនោះ​ធ្វើឱ្យ Ozil ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ឆ្នាំ២០០៥ និង​ឈានដល់​ការបង្ហាញ​ខ្លួន​នៅ World Cup 2010 អាហ្វ្រិក​ខាងត្បូង​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​ឆ្នាំ២០១៣ Ozil បាន​ផ្លាស់​ទៅកាន់ English Premier League ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal លើក​ពាន FA Cup ម្តង និង​ស៊ុត​បញ្ចូល​ទី​នៅ Premier League បាន ៣៣គ្រាប់ និង ៥៩បាល់​បញ្ជូន​។ ​Ozil បាន​ផ្លាស់​ទៅកាន់ Fenerbahce នៅ​ឆ្នាំ២០២១ ក្រោយ Arsenal រំលាយ​កិច្ចសន្យា មុនពេល​ផ្លាស់​ទៅកាន់ Istanbul Basaksehir ជា​ក្លិប​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រឿង​ទិញ​ក្លិប Manchester United កាន់តែ​ក្តៅ ក្រោយ​បេក្ខភាព​ទាំងពីរ​ដាក់​សំណើ​លើក​ទី២

2023/03/23 06:50:55 pm        283
​បាល់ទាត់៖ ការ​ប្រជែង​គ្នា​ដើម្បី​ទិញ​ក្លិប​បិសាច​ក្រហម Manchester United កាន់តែ​ក្តៅគគុក​ ខណៈ​ដែល​ធនាគារ​កាតា Sheikh Jassim Bin Hamad Al Thani ត្រលប់​មកវិញ​ជាមួយនឹង​ការដេញថ្លៃ​លើក​ទី​២ ​សម្រាប់​ក្លិប​យក្ស​អង់គ្លេស​។​​មហាសេដ្ឋី​អង់គ្លេស Jim Ratcliffe ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹងធ្វើ​ការផ្តល់ជូន​សំណើ​ជា​លើក​ទី​២ ​ដែរ​ដើម្បី​ទិញក្លិប​អង់គ្លេស ២០សម័យ​មក​គ្រប់គ្រង​។​ ម្ចាស់​ក្លឹប United ដែលជា​គ្រួសារ Glazer ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​តម្លៃ ៦ពាន់​លាន​ផោន (៧.៣ពាន់​លាន​ដុល្លារ​) ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​។​ ការដេញថ្លៃ​របស់ Sheikh Jassim សម្រាប់​ការគ្រប់គ្រង ១០០ភាគរយ​នៃ​ក្លឹប​សន្យាថា​នឹង​លុប​បំណុល ៦២០លាន​ដុល្លារ​របស់ United និង​វិនិយោគ​លើ​កីឡដ្ឋាន​ថ្មី និង​កន្លែង​ហ្វឹកហាត់បន្ថែម​ពីលើ​ការគាំទ្រ​សម្រាប់​ក្រុម​បុរស និង​ក្រុម​នារី​។​​ស្ថាបនិក​ក្រុមហ៊ុន INEOS លោក Ratcliffe ដែលជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United មាន​សុទិដ្ឋិនិយមក្នុងការ​វាយតម្លៃ​របស់​គាត់ ដោយ​ទទូចថា​គាត់​នឹងមិន​បង់ថ្លៃ "​ឆោតល្ងង់​" ក្នុងការ​ដេញថ្លៃ​សម្រាប់​ក្លឹប​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៃ​កីឡាបាល់ទាត់​នោះទេ​។​ Manchester United ដែល​កំពុង​ដឹកនាំ​ដោយ Erik ten Hag កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៣ នៅ Premier League ឈានដល់​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League និង​ជា​ម្ចាស់​ពាន Carabao Cup ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ​២២​ឆ្នាំ​ត្រៀម​ប្រកួត​ពាន Merlion នៅ​សិង្ហ​បុរី​

2023/03/23 06:22:09 pm        129
បាល់ទាត់៖ ពេលនេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២​ឆ្នាំកំពុងតែ​មមាញឹក​ហ្វឹកហាត់នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ពានរង្វាន់​មិត្តភាព​អន្តរជាតិ Merlion ដែល​ដំណើរ​ការប្រកួត​ចាប់ពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣​នេះ​។​​ការប្រកួត​បាល់ទាត់ Merlion Cup គឺជា​ការប្រកួត​បែប​អញ្ជើញ​ដែល​រៀបចំ​ជាប្រចាំ​ឆ្នាំ​ពី​ឆ្នាំ​១៩៨២ ដល់​១៩៨៦ ឆ្នាំ​១៩៩២ ២០០៩ និង​២០១៩​។ ក្រុម​ដែល​ចូលរួម​ប្រកួត​គឺ​ជម្រើសជាតិ ក្រុម​សម្រាប់​ប្រកួត​អូឡាំពិក និង​ក្លិប​មួយចំនួន​។​ ​ថ្ងៃទី​២៤ ខែមីនានេះ ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំ​កម្ពុជាត្រូវ​ជួប​យុវជន​អាយុ​ក្រោម ​២២​ឆ្នាំម៉ាឡេស៊ី ខណៈដែល​យុវជន​ម្ចាស់ផ្ទះ​សិង្ហ​បុរីត្រូវ​ប្រកួត​ជាមួយ​យុវជន​ក្រុម​ជម្រើស​ហុងកុង​។​ ​ពីរ​ថ្ងៃ​បន្ទាប់​អ្នកឈ្នះ​នៃ​ការប្រកួត នឹង​ជួបគ្នា​ដើម្បី​សម្រេច​ម្ចាស់​ពាន ចំនែក​អ្នកចាញ់​ប៉ះ​អ្នកចាញ់ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤។ ការប្រកួត​នេះ BTV News ផ្សាយ​ផ្ទា​ល់ពី​ប្រទេស​សិង្ហ​បុរី​ជូន​អ្នកគាំទ្រ​បាល់​កម្ពុជា​៕

Arsenal នឹង​ជួប​ក្រុម​តារា​ចម្រុះ​អាមេរិក​ដែល​ដឹកនាំ​ដោយ Wayne Rooney

2023/03/23 06:03:51 pm        87
​បាល់ទាត់៖ ​ក្រុម​កំពុង​នាំមុខគេ​នៅ Premier League កាំភ្លើង​ធំ Arsenal នឹងត្រូវ​ជួប​ជាមួយ​ក្រុម​តារា​ចម្រុះនៃ​ក្របខណ្ឌ​អាមេរិក Major League Soccer ដែល​នឹង​ដឹកនាំ​ដោយ​អតីត​ខ្សែប្រយុទ្ធ Manchester United, Wayne Rooney​។ ​​វា​នឹង​ជាការ​ប្រកួត​ទី២ សម្រាប់ Arsenal ដែល​ត្រូវ​លេង​ទល់នឹង​ក្រុម​តារា​ចម្រុះ​អាមេរិកដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១៩ ខែកក្កដា​នៅ​កីឡដ្ឋាន Audi របស់​ក្រុម DC United នៅ Washington DC​។ ​សម្រាប់ Wayne Rooney នឹង​ជាការ​បង្ហាញខ្លួន​លើក​ទី៣ ដែលមាន​វត្ត​មាននៅ​ការប្រកួត All Star បន្ទាប់ពី​ធ្លាប់ជា​កីឡាករ​លេង​ទល់នឹង Atletico Madrid នៅ​ឆ្នាំ២០១៩ និង​ជា​សមាជិក​របស់ Manchester United លេង​ទល់ All Star កាលពី​ឆ្នាំ២០១១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Arsenal, Tomiyasu របួស​ជង្គង់​ត្រូវ​អវត្តមាន​ដល់​ចប់​រដូវ​កាល

2023/03/23 05:21:10 pm        80
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ​ជប៉ុន Takehiro Tomiyasu នឹងត្រូវ​សម្រាក​រហូតដល់​ចប់​រដូវ​កាល​នេះ បន្ទាប់ពី​ទទួល​ការវះកាត់​ជង្គង់​រួចរាល់ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​ដែល​កំពុង​នាំមុខគេ​នៅ English Premier League​។ ​​ខ្សែការពារ​ស្លាប​ស្តាំ​ជប៉ុន​រូបនេះត្រូវបាន​ផ្លាស់ប្តូរ​ចេញ​អំឡុង​ការប្រកួត Europa League វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ពេល Arsenal ចាញ់ Sporting Lisbon​។ ​អ្នកចាត់ការ Mikel Arteta ក៏បាន​បង្ហាញ​ក្តីបារម្ភ​ផងដែរ​ជុំវិញ​បញ្ហា​របួស​របស់ Tomiyasu ដែល​លោក​គិតថា​នឹង​ប៉ះពាល់​ដល់​កាលវិភាគ​ប្រកួត​របស់ Arsenal ដែល​នៅសល់​។ ​Arsenal បាន​ធ្លាក់​ចេញពី Europa League ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​បាល់ ១១ម៉ែត្រ តែ​ពួកគេ​កំពុង​នាំមុខគេ​នៅ Premier League នៅឡើយ​ដោយ​នាំមុខ​ដាច់ ៨ពិន្ទុ​ពី​ក្រុម​លេខ២ Manchester City​។​ ​Arsenal ក៏​បាត់បង់​ខ្សែការពារ​មួយរូប​ទៀត​ដែរ​គឺ William Saliba ដែលមាន​របួស​ខ្នង​ក្នុងការ​ប្រកួត​ទល់នឹង Sporting ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តសៀមរាប​បញ្ចប់​ដោយ​ជោគជ័យ​

2023/03/23 04:57:17 pm        39
សៀមរាប​៖ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​សិក្សា​២០២២-២០២៣ ផ្នែក​សិស្ស​មធ្យមសិក្សា​លើ​ប្រភេទ​កីឡា​ចំនួន ​៦​ប្រភេទបុរស​-​នារីត្រូវបាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​បានចាប់ផ្តើម​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​មួយ​សប្ដាហ៍​កន្លងមក។​ ​លោក ជូន សុខ​វ៉ាន់ឌី ប្រធានការិយាល័យ​កីឡា និង​ជា​គណៈកម្មការ​អ​និ​ន្ត្រៃ​យ៍​រៀបចំ​ការប្រកួត នៃ​មន្ទីរអប់រំ​យុវជន និង​កីឡាខេត្តសៀមរាបលើកឡើងថា ការប្រកួត​បានដំណើរ​ការ​យ៉ាង​រលូន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ​ខែមីនារហូតដល់​ថ្ងៃ​បញ្ចប់​នា​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០២៣។ ​លោក​បន្ដថា ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​សិក្សា​២០២២-២០២៣ មាន​ចំនួន​ ១២​ក្រុង​-​ស្រុក គ្រឹះស្ថាន​មធ្យម​ក្រោម​ឱវាទ​ចំនួន​៣ និង​គ្រឹះស្ថាន​មធ្យម​ឯកជន​ចំនួន​៧​ផងដែរ​។ ​លោក​បន្ដថា ប្រភេទ​កីឡា​មាន​ចំនួន ​៦​ប្រភេទរួមមានប្រភេទ​កីឡាបាល់ទាត់ផ្នែក​បុរស នារី ប្រភេទ​កីឡាបាល់ទះ បុរស​នារី ប្រភេទ​កីឡាបាល់បោះ បុរស​នារី ប្រភេទ​កីឡាអត្តពលកម្ម​បុរស​-​នារី ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ដែលមាន​កីឡាករ កីឡា​រិ​នី​ចូល​រូ​ម​ចំនួន ​១២៦៤​នាក់​។ ​លោក​បន្ថែមថា ឆ្លងតាម​ការប្រកួត​យ៉ាងសកម្ម និង​ស្វិតស្វាញ​នៅលើ​ទីលាន​ប្រកួតទាំង ៦​ប្រភេទ​កីឡា​អស់​រយៈពេល​ចំនួន​ ៧​ថ្ងៃបានកត់សម្គាល់​ឃើញ​ថា​ក្រុម​នីមួយៗមាន​បច្ចេកទេស និង​ទេពកោសល្យ​របស់ខ្លួន ដែល​បាន​ចូលរួម​ប្រកួត​ប្រកបដោយ​ទឹកចិត្ត​ក្លៀវក្លា ដោយ​ឈរលើ​ស្មារតី គោរព​វិន័យ បទ​បញ្ហា​បច្ចេកទេស និង​ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ​គ្នា ហើយ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​នូវ​ចំណង​សាមគ្គីភាព ភាតរភាព ដែលជា​គំរូ​មួយ​ដ៍​ល្អ​សម្រាប់​អនាគត​ប្រទេសជាតិ​យើង។​ ​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប លោក​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​ដ៍​ស្វិត​ស្វា​ញ​នាពេលនេះ​។ ​លោក​បន្ដថា ការលេង​កីឡាគឺមាន​សារៈប្រយោជន៍​សម្រាប់​មនុ​ស្ស​គ្រប់​វ័យ ក្នុងការ​ទទួលបាន​នូវ​សុខ​ភាពល្អ​ទាំង​ផ្លូវ កាយ​ផ្លូវចិត្ត និង​ជួយ​ឱ្យ​ជៀស​ផុតពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​។ មិនតែប៉ុណ្ណោះ​កីឡា​បានរួម​ចំណែក​កសាង​ធនធានមនុស្ស និង​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​សមស្រប​ទៅតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣​ នាពេល​មុខ ដូចនេះការលើកស្ទួយ​វិស័យ​កីឡា​គឺជា​រឿង​ចាំបាច់ ព្រោះថា វិស័យ​អប់រំ​កាយ និង​កីឡា ជា​សមាសភាពមួយ​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​សមាសភាគ​ទាំង​ប្រាំ​នៃ​វិស័យ​អប់រំ សំដៅ​កសាង​កាយ​សប្ប​ទា​រឹងមាំ មាន​សុខ​ភាពល្អ បង្កើតចំណងមិត្តភាព ភាត​រភាព ឱ្យមាន​និរន្តរភាព​។ ​លោក​បន្ថែមថា កីឡា​សិស្ស​មធ្យមសិក្សា​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត ដោយ​ឈរលើ​គោល​ការណ៍បទបញ្ជា​នៃ​ការប្រកួត​កីឡា​បានល្អ​ត្រឹមត្រូវ​ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្រលាញ់​កីឡា​ពិតប្រាកដ ហើយ​បានទទួល​លទ្ធផល​បច្ចេក​ទេស​របស់ខ្លួន “​មិន​គិតតែ​ពី​ឈ្នះ - ចាញ់​ឡើយ“។ ​លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ អប់រំ​យុវជន និង​កីឡានៃ​រដ្ឋបាល​ក្រុង​-​ស្រុក គ្រប់​គ្រឹះស្ថានសិក្សា​សា​ធាណៈ និង​ឯកជន​ទូទាំង​ខេត្ត ឱ្យចូល​រួម​បំផុសសកម្មភាព​កីឡា​ឱ្យបាន​ទូលំទូលាយ ជាពិសេសសកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យមសិក្សា​ដើម្បី​ជា​គោលដៅ​សម្រាប់មិត្តភាព សាមគ្គីភាព សុខុមាលភាព ទាំង​ផ្លូវកាយ - ផ្លូវ​បញ្ញា​ដល់​សិស្សានុសិស្ស និង​ប្រជាជន​កម្ពុជា​៕

ព្រះអគ្គិជ័យកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ធ្វើដំណើរដល់ប្រទេសវៀតណាម

2023/03/23 03:50:09 pm        237
(ហាណូយ)៖ ដូចការគ្រោងទុក បន្ទាប់ពីចាកចេញព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ប្រតិភូដំណើរអគ្គិជ័យកីឡា ដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាបេសកជន ពិសេសដឹកនាំដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់ ត្រូវទទួលស្វាគមន៍ដោយលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសវៀតណាម និងមន្ត្រីជាន់ខ្ពស់កីឡាវៀតណាមជាច្រើនរូបទៀត។ បន្ទាប់មកអគ្គិជ័យកីឡា ត្រូវបានគណៈប្រតិភូដង្ហែ ទៅតម្កល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរង់ចាំដង្ហែ និងរត់ភ្លើងគប់ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅទីនោះនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។តាមកម្មវិធីព្រឹកថ្ងៃទី២៤ ខែមីនា អគ្គិជ័យកីឡា ក៏ដូចជាគប់ភ្លើង នឹងត្រូវដង្ហែ និងរត់ចេញពីស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ជុំវិញបឹងអណ្តើក(Ho Goum) ចម្ងាយបីគីឡូម៉ែត្រ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីល្បីៗរបស់វៀតណាម ហើយត្រឡប់យកមករក្សាទុកនៅស្ថានទូតជាថ្មី ដើម្បីរង់ចាំចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។សូមជម្រាបជូនថា ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង ២០០០ ឆ្នាំមុនគ.ស រៀងរាល់ការប្រារព្វពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព៉្យា ប្រទេសក្រិចបុរាណបានយកភ្លើងពីកម្តៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន ។ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ៕

Rafael Nadal ខ្ទាត​ពី​ចំណាត់ថ្នាក់ Top10 លើកដំបូង​តាំងពី​ឆ្នាំ២០០៥

2023/03/22 10:17:04 pm        75
​វាយកូនបាល់៖ ​កីឡាករ​​អេ​ស្ប៉ា​ញ Rafael Nadal បាន​ខ្ទាត​ចេញពី​ចំណាត់ថ្នាក់ Top10 ពិភពលោក​ជា​លើកដំបូងតាំងពី​ឆ្នាំ២០០៥ បន្ទាប់ពី​អវត្តមាន​ពី​ការប្រកួត​នៅ​ក្របខណ្ឌ ATP Masters 1000 នៅ Indian Wells​។ ​​Nadal បាន​បង្ខំចិត្ត​ដកខ្លួន​ពី​ការប្រកួត​នៅ​រដ្ឋ California ដែល​ខ្លួន​ធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ដោយសារ​បន្ត​ថែខ្លួន​ក្រោយ​ជា​ពីរ​បួស​ត្រគាក​ដែល​បណ្តាលឱ្យ​បរាជ័យ​ការប្រកួត​ត្រឹម​ជុំ​ទី២ នៅ Grand Slam, Australian Open កាលពី​ខែមករា​។​ ​ដោយ​មិនបាន​ចូល​លេង​នៅ​កម្មវិធី Indian Wells រឺ​ស្មើនឹង​ការខាតបង់ ៦០០ពិន្ទុ​នៅ​តារាង ATP World Ranking នោះ ធ្វើឱ្យ Nadal ធ្លាក់​អស់ ៤ចំណាត់ថ្នាក់​ពី​លេខ ៩ ដល់​លេខ ១៣ ពិភពលោក បញ្ចប់​ការ​រក្សា​ខ្លួន​ក្នុង​លំដាប់ Top10 រយៈពេល ៩១២សប្តាហ៍ ពោលគឺ​តាំងពី​ពេល​កីឡា​ករលេខ ២ ពិភពលោក​បច្ចុប្បន្ន​សញ្ជាតិ​អេ​ស្ប៉ា​ញ Carlos Alcaraz មាន​វ័យ​មិន​ដល់​ពីរ​ឆ្នាំ​ស្រួលបួល​ផង​។ ​​​យ៉ាងណាក្តី​គេ​មិន​រំពឹង​ថា Nadal នៅ​ក្រៅ​លំដាប់ Top10 យូរពេក​ឡើយ ខណៈដែល​ព្រឹត្តិការណ៍ Monte Carlo ខិតជិត​ចូលមក​ដល់ជា​កម្មវិធី​ដែល Nadal ទទួលបាន​ជោគជ័យ​បំផុត​ក្នុង​អាជីព​នៅលើ​ទីលាន​ដីក្រហម ក៏ដូចជា Grand Slam, French Open នៅពេល​ខាងមុខ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM