Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡា ៨​មីនា​មាន​អ្នកចូលរួម​ជាង ១,៥០០​នាក់​

2023/03/08 06:14:15 pm        153
​រត់ប្រណាំង៖ ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡា ឬ​ Woman Run 10K ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ខួប​លើក​ទី​១១២ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយមាន​អ្នក​ចូលរួម​ជាង ១,៥០០​នាក់។ ​​ថ្លែង​ក្នុង​ទិវា​រត់​កម្សាន្ដ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា ដោយសារ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​នេះ​បាន​ខកខាន​រៀបចំ ២​ឆ្នាំ​មក​ហើយ តែ​បន្ទាប់ពី​ការរៀបចំ​លើក​នេះ​ NOCC ​នឹង​រៀប​ចំ​រៀង​រាល់​ឆ្នាំ​ឡើងវិញ ដើម្បី​ជំរុញ​ស្ដ្រី​ក្នុង​វិស័យ​កីឡា​ផង និង​អបអរ​សិទ្ធិ​នារី​ផង។​ ​ទន្ទឹម​ជាមួយគ្នា​លោកជំទាវ កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ដ្រី និង​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡាបាន​ត្រឡប់មកវិញ នឹងមាន​ការចូលរួម​យ៉ាង​ផុលផុសទាំង​បុរស និង​នារី ដែល​បញ្ជាក់​ឲ្យ​ឃើញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡាកំពុងមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។​ ​ដោយឡែក​កីឡាករ​-​កីឡាការិនី​ចូលរួម​រត់​កម្សាន្ដ​ក្នុង​កម្មវិធី​នេះក៏បាន​សម្ដែង​ការសប្បាយ​ចិត្ត ចំពោះ​អាជ្ញាធរដែល​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់​អ្នកចូលរួម ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​ផង ពិសេស​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ៨​មីនា​តែម្ដង។​ ​ជាមួយគ្នាលោក​ Lok Kah Meng ​តំណាង​ក្រុមហ៊ុន​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍ បានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ក៏ដូចជា​ជំរុញ​ស្ដ្រី​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុនដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Chelsea ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ក្រោយ​ឈ្នះ Dortmund

2023/03/08 05:52:26 pm        83
​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្តដំណើរ​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ UEFA Champions League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Dortmund ២-០ និង​សរុប​ទាំងពីរ​ជើង ២-១​។ ​ក្រុម​របស់លោក Graham Potter មាន​រដូវ​កាល​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ដោយ​ធ្លាក់​ទៅដល់​លំដាប់​លេខ ១០ នៅ​ English Premier League មុនពេល​ឈ្នះ Leeds ចុង​សប្តាហ៍​កន្លងទៅ​។ ​​ការប្រកួត​ជើង​ទី១ នៅ​ទឹកដី​អាល្លឺម៉ង់​ដែល​ម្ចាស់ផ្ទះ​ឈ្នះ ១-០ នោះ ត្រលប់​មកកាន់​ទឹកដី Stamford Bridge តោ​ខៀវ Chelsea ត្រូវ​រង់ចាំ​ដល់​ចុង​វគ្គ​ទី១ ទើប Raheem Sterling រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៤៣​។ ​ឈានដល់​វគ្គ​ទី២ Chelsea មានឱកាស​ស៊ុត​បាល់ ១១ម៉ែត្រ​ក្រោយពេល VAR ពិនិត្យឃើញ​បាល់​ប៉ះ​ដៃ​របស់ Marius Wolf ខណៈ​អ្នក​ទាត់​សំរេច​នោះ​គឺ Kai Havertz តែ​មិនបាន​សំរេច​។ ​យ៉ាងណាក្តី​អាជ្ញាកណ្តាល​ឱ្យ​ទាត់​ម្តងទៀត​បន្ទាប់ពី VAR ពិនិត្យឃើញ​កីឡាករ​ផ្សេងទៀត​រត់​ចូល​ប្រអប់​មុន​ទាត់​។ ​​ម្តងទៀត​នេះ Kai Havertz មិន​ភ្លាត់​ឡើយ​ដោយ​ស៊ុត​បញ្ចូល​ទី​បានសំរេច​ទៅ​ទិសដៅ​ដដែល​។ ​​អ្នកចាត់ការ Chelsea លោក Graham Potter បាន​ហៅ​ជ័យជំនះ​នេះ​ថា ជាការ​កាត់ក្តី​អាជីព​របស់លោកនៅ Stamford Bridge ដោយ​លើកឡើងថា​ ប្រសិន Chelsea ធ្លាក់​នឹងមាន​រឿង​ផ្សេង​កើតឡើង​។ ​ចំណែក Dortmund ដែលមាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន​ដែរនោះកំពុង​ឈរ​លេខ២ នៅ Bundesliga ស្មើ​ពិន្ទុ​គ្នា​ជាមួយ Bayern Munich ខណៈ​នេះ​ជា​បរាជ័យ​ដំបូង​ប៉ុណ្ណោះ​​សម្រាប់​ពួកគេ​បន្ទាប់​ឈ្នះ ១០ប្រកួត​ជាប់​គ្នា​មកហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

UEFA ប្រកាស​សង​ថ្លៃ​សំបុត្រ​ដល់​អ្នកគាំទ្រ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំមុន​

2023/03/08 05:14:08 pm        90
​បាល់ទាត់៖ ​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានប្រកាស​សង​ថ្លៃ​សំបុត្រ​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រដូវ​កាល​មុន​នៅ​ទីក្រុង​ប៉ារីសដល់​អ្នកគាំទ្រ Liverpool ទាំងអស់​។ ​​សេចក្តីសំរេច​បែបនេះបន្ទាប់ពី​ការរិះគន់ និង​ឆ្លើយតប​វិញ​របស់ UEFA ស្មើនឹង​ការទទួលខុសត្រូវ​លើ​ហេតុ​ការណ៍ច្របូកច្របល់​ មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Liverpool និង Real Madrid រដូវ​កាល​មុន ដែល​ឈានដល់​ការពន្យា​ពេល​ចាប់ផ្តើម​ប្រកួត​។ ​អ្នកគាំទ្រ​ត្រូវបាន​បង្ក្រាប​ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែកនៅ​ខាងក្រៅ​កីឡដ្ឋាន Stade de France ទីក្រុង​ប៉ារីស មុន​ការប្រកួត​ចាប់ផ្តើម និង​ឈានដល់​ការពន្យា​ពេល ៣៦នាទី​។ ​​បើតាម​សេចក្តីប្រកាស​របស់ UEFA ថា​នឹង​ទទួលខុសត្រូវ​លើ​សំណង​ថ្លៃ​សំបុត្រ​ទាំងស្រុង​ដល់​អ្នកគាំទ្រ Liverpool ទាំងអស់​សរុប ១៩,៦១៨នាក់​។ ​UEFA និង​អាជ្ញាធរ​បារាំង​បាន​ស្តីបន្ទោស​លើ​អ្នកគាំទ្រ​ដែល​គ្មាន​សំបុត្រ ដែល​បាន​បង្កភាពច្របូកច្របល់​នៅ​ខាងក្រៅ​កីឡដ្ឋាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទស្សនិកជន​អាច​ប្រើ​ Wi-Fi ​ដោយ​សេរី​ក្នុង​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/03/08 04:57:16 pm        104
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ (CAMSOC-CAMAPGOC) ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍នឹងធ្វើ​ការបំពាក់​ប្រព័ន្ធ​ Wi-Fi ​ស្ទើរ​គ្រប់​ទីកន្លែងក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ខណៈ​ទស្សនិកជនក៏​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​ផងដែរ។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ត្រៃយ៍ ជាមួយ​គណៈកម្មការ​ពា​ក់​ព័ន្ធ និង​មានការ​ចូលរួម​ពី​តំណាង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​ការងារ​នេះនៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កីឡានៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៣។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ដោយមាន​ការជំរុញ​ពី​ថ្នាក់ដឹកនាំការងារ​រៀបចំ​ប្រព័ន្ធ​ Wi-Fi ​គឺជា​ផ្នែក​មួយដែល​ត្រូវបាន​យកចិត្តទុកដាក់ និង​រៀបចំ​បំពាក់​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទាំង​ក្នុង​វិមាន​កីឡដ្ឋាន ភូមិ​កីឡា និង​ទីធ្លារ​សាធារណៈ​នានា ដែល​អាច​បម្រើ​ឲ្យ​ការងារ​ស្នូល​របស់​គណៈកម្មការ​ជំនាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រួមទាំង​ទស្សនិកជនក៏​អាច​ប្រើប្រាស់​បានដែរដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​ចែករំលែក​ពិធី​បើក​-​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឲ្យ​កាន់តែ​ទូលំទូលាយ។​​ ​ក្រៅពី​ការបំពាក់​នូវ​ប្រព័ន្ធ​ Wi-Fi ​នៅក្នុង​បរិវេណនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​កំពុង​ពិនិត្យ​រៀបចំ​នៅ​ទីកន្លែង និង​ទីលាន​ប្រកួត​ផ្សេងៗ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​មួយចំនួនដែលមាន​រៀបចំ​ការប្រកួត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤ឆ្នាំនេះ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន៕​អត្ថបទ៖ លី ឈុន​ឡា

ពានរង្វាន់​បាល់ទាត់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​ស្រុក​ពញាក្រែក​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ

2023/03/08 04:36:17 pm        168
បាល់ទាត់៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៣ លើក​ទី​២ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​៧ ​ខែមីនា ឆ្នាំ​២០២៣​​។​ ​ឯកឧត្តម នៅ សារី ប្រធាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៣ លើក​ទី​២​ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ការប្រកួត​ពេលនេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធំៗ​គឺដើម្បី​គាំទ្រ​បេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត និង​គាំទ្រ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នាំ​សន្តិភាព​មក​ឲ្យ​ប្រជាជន​កម្ពុជា និង​ចូល​រួម​ចំណែក​លើកស្ទួយ​វិស័យ​​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​រីកចម្រើន ​ខណៈ​ក្នុង​ឆ្នាំ​២០២៣ ​នេះកម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេមផងដែរ​។ ​ឆ្លៀតឱកាស​នោះ​ដែរ​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៣ លើក​ទី​២ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា កីឡា​នាំមក​នូវ​សុខភាព​ល្អ ពង្រឹងសមត្ថភាព កាយសម្បទា ប្រាជ្ញា​ស្មារតី បង្កើន​ភាពក្លាហាន ដើម្បី​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ និង​ចូលរួម​រក្សា​សន្តិភាព​កុំ​ឲ្យ​បោះបង់។ ​គូស​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៣ លើក​ទី​២ នៅ​ស្រុក​ពញាក្រែកនេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈរហូត​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៣​នេះ រយៈពេល ១៧​ថ្ងៃ​នៃ​ការប្រកួត​។ ហើយ​មាន​ក្រុម​កីឡាករ​សរុប​ទាំងអស់​ ៤២​ក្រុម ក្នុង​នោះ​ចែក​ជា ៥​ផ្នែក​រួមមាន​៖ បាល់ទាត់មហាជន​មាន ​២៦​ក្រុម, ​បាល់ទាត់វ័យ​ចំណាស់​មាន ​១៦​ក្រុម, ​បាល់ទាត់អាយុ​ ១៨​ឆ្នាំ​មាន ​១០​ក្រុម​,​ បាល់ទាត់​នារី​មាន​ ២​ក្រុម និង​កីឡា​ប៉េតង់​មាន​ ៨​ក្រុម​ផង​ដែរ​៕

អតីត​ខ្សែការពារ Spurs, Toby Alderweireld សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​

2023/03/07 10:06:04 pm        71
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្លិប​ Tottenham Hotspur, Toby Alderweireld បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​នៅក្នុង​វ័យ ៣៤ឆ្នាំ​។ ​​រយៈពេល ១៣ឆ្នាំ​តាំងពី​ត្រូវបាន​កោះហៅ​ចូល​លេង​ដំបូង​ឱ្យ​ប៊ែ​ល​ហ្ស៊ិ​ក Alderweireld បង្ហាញខ្លួន​បាន​សរុប ១២៧លើក និង​ជា​សមាជិក​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​យកឈ្នះ​ប្រេ​ស៊ី​ល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup 2018 នៅ​រុស្ស៊ី​ផង​ដែរ តែ​ចុងក្រោយ​នៅ World Cup 2022 បាន​ត្រឹម​ធ្លាក់​នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​។ ​ក្រោយពី​ការ​ខកបំណង​នៅ World Cup សមាជិក​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ស្ថិតក្នុង​រជ្ជកាល​មាស​ បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ជា​បន្ត​បន្ទាប់ដូចជា Eden Hazard និង​អ្នកចាត់ការ Roberto Martinez ជាដើម​។​​​ងាក​មក​អាជីព​របស់ Toby Alderweireld គេ​បានចាប់ផ្តើម​អាជីព​ជាមួយ Ajax Amsterdam នៅ​ឆ្នាំ២០០៨ មុនពេល​ចាកចេញ​ទៅ Atletico Madrid នៅ​ឆ្នាំ២០១៣ តែ​ផ្លាស់​ទៅ Southampton ក្នុង​លក្ខខណ្ឌ​ខ្ចី រួច​បន្តទៅ Tottenham Hotspur នៅ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២១​។ ​បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​ឡុង​ដ៍ Alderweireld បាន​បន្ត​អាជីព​នៅ​ក្លិប​កាតា Al-Duhail មុនពេល​ផ្លាស់​មកកាន់​ទឹកដី​កំណើត​ជាមួយ​ក្លិប​ Royal Antwerp នៅ​ក្របខណ្ឌ​ប៊ែ​ល​ហ្ស៊ិ​ក​មកដល់​បច្ចុប្បន្ន​។ ​ជាមួយ​ក្លិប​អាជីព Toby Alderweireld ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ ៣លើក​ជាមួយ Ajax ឈ្នះ​ជើងឯក La Liga មួយ​លើក​ជាមួយ Atletico Madrid ក៏ដូចជា​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជាមួយ Atletico Madrid និង Spurs ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ Napoli, Victor Osimhen ឈ្នះ​ជ័យលាភី​អត្ត​ព​លិ​កប​រទេស​ឆ្នើម​បំផុត​នៅ​អ៊ីតាលី

2023/03/07 09:34:49 pm        84
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ Napoli, Victor Osimhen ត្រូវបាន​ជ្រើសរើស​ជា​អត្ត​ព​លិ​កប​រទេស​ឆ្នើម​បំផុត​នៅ​អ៊ីតាលី បន្ទាប់ពី​រដូវ​កាល​ដ៏​អស្ចារ្យ​របស់គេ​រដូវ​កាល​នេះ​។ ​​ប្រសិនបើ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​រូបនេះ​ពិតជា​អាចជួយ Napoli គ្រង​ជើងឯក​អ៊ីតាលី Serie A លើកដំបូង​ក្នុង​រយៈពេល ៣០ឆ្នាំ​បាន​មែន​នោះ ច្បាស់​ណាស់​ថា​គេ​នឹង​ក្លាយជា​វីរៈបុរស​របស់​ក្លិបដែល​មាន​ស្នាដៃ​ដូច​នឹង Diego Maradona​។ ​Diego Maradona នៅតែ​ជា​និមិត្តរូប​របស់​អ្នកគាំទ្រ Napoli នៅឡើយ បន្ទាប់ពី​គាត់​បាន​ជួយ Napoli ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​តែ​ពីរលើក​គត់​របស់​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​ឆ្នាំ១៩៨៧ និង ១៩៩០ ហើយ​កីឡដ្ឋាន Napoli បច្ចុប្បន្ន​គឺមាន​ឈ្មោះ Diego Maradona​។​ ​​នៅសល់ ១៣ប្រកួត​ទៀត​ចប់​រដូវ​កាល Napoli កំពុងកាន់​ដល់​ទៅ ១៥ពិន្ទុ​គំលាត​ពី​ក្រុម​លេខ២ Inter Milan​។ ​Victor Osimhen ដែល​កំពុង​លេង​រដូវ​កាល​ទី៣ ឱ្យ Napoli ក្រោយ​ចំណាយពេល​នៅ Bundesliga ជាមួយ Wolfsburg និង Ligue1 ជាមួយ Lille នោះបាន​ស៊ុត​បញ្ចូល​ទី ១៩គ្រាប់​ហើយ​នៅ Serie A រដូវ​កាល​នេះ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឃាត់ខ្លួនមនុស្ស ៧នាក់​បន្ទាប់ពី​មាន​អំពើ​ហិង្សា​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​នៅ​ទួ​ក​គី​

2023/03/07 09:20:08 pm        71
​បាល់ទាត់៖ នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស ៧នាក់ បន្ទាប់ពី​មាន​អំពើ​ហិង្សា​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​នៅ​ប្រទេស​ទួ​ក​គី​។ ​អំពើ​ហិង្សា​នេះ​បាន​ផ្ទុះឡើង​នៅក្នុង​ការប្រកួត​បាល់ទាត់ដោយ​ប្រឆាំង​នឹង​ក្រុម​មកពី​ទីក្រុង Diyarbakir របស់​ជនជាតិ​ឃឺ​ដ ហើយ​គណបក្ស​គាំទ្រ​ឃឺ​ដ​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​លាលែង​ពី​តំណែង​ជុំវិញ "​ការរើសអើង​ជាតិ​សាសន៍​ដោយ​ចំហ​" នៅ​ក្នុង​ការប្រកួត​នេះ​។​ ការិយាល័យ​អភិបាលខេត្ត Bursa ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ទួរគី​បាន​និយាយថា មន្ត្រី​សាធារណៈ​ ៣នាក់​ត្រូវបាន​ដកចេញ​ពី​តួនាទី​របស់​ពួកគេដោយ​រង់ចាំ​ការស៊ើបអង្កេត​ បន្ទាប់ពី​មាន​បញ្ហា​នៅក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​រវាង Bursapor និង Amedspor​។​ ​ព្រះរាជអាជ្ញាបាន​បើក​ដំណើរការ​នីតិវិធី​ប្រឆាំងនឹង​អ្នក​ដែល​ពាក់ព័ន្ធ ​នឹង​ការវាយដំ​នៅក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ បន្ទាប់ពី​ការប្រកួត និង​អ្នកពាក់ព័ន្ធ​ក្នុង​ការលើក​បដា​អំឡុងពេល​ប្រកួត ហើយ​មកទល់ពេលនេះមនុស្ស ​៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​។ Amedspor ស្ថិតក្នុង​លី​គ​ទី៣ ទួ​ក​គី និង​កំពុង​ឈរ​លេខ៣ បន្ទាប់ពី​ចាញ់ ២-១ ក្នុងការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម Bursaspor៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic នៅតែ​មិនអាច​ចូល​ដី​អាមេរិក​បាន​ដោយសារ​រឿង​ទិដ្ឋាការ​គ្មាន​វ៉ាក់សាំង​

2023/03/07 07:00:42 pm        119
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​ដកខ្លួន​ផ្លូវការ​ពី​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Indian Wells Masters ដោយសារតែ​បញ្ហា​ទិដ្ឋាការ​គ្មាន​វ៉ាក់សាំង​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ​ជើងឯក Grand Slam ២២លើក​រូបនេះ​បាន​ស្នើសុំ​ទិដ្ឋាការ​ពិសេស​ដើម្បី​ចូល​ទឹកដី​អាមេរិក​ ដោយសារតែ​រូបគេ​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​​​សហរដ្ឋអាមេរិក​នៅតែ​តម្រូវឱ្យ​ជនបរទេស​ចូល​ដី​របស់​ខ្លួន ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​ថា​បាន​ចាក់​វ៉ាក់សាំង ហើយ​ច្បាប់​នេះ​ត្រូវ​អនុម័ត​យ៉ាងហោចណាស់​រហូតដល់​ខែមេសា​។ ​Djokovic ក៏បាន​អវត្តមាន​ពី​ការប្រកួត Grand Slam, US Open ឆ្នាំមុន​ផងដែរ​ដោយសារតែ​បញ្ហា​នេះ​។​ Indian Wells ជា​កម្មវិធី​ធំជាងគេ​មួយ​ក្នុង​ក្របខណ្ឌ ATP Masters 1000 បន្ទាប់ពី​ព្រឹត្តិការណ៍ Grand Slam ទាំង ៤ប្រចាំឆ្នាំ​។​ ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កម្ម​វី​ធី Indian Wells Masters ក៏​ធ្លាប់​បានបង្ហាញ​ក្តី​សង្ឃឹម​ថា Djokovic នឹង​អាច​ចូលរួម​ការប្រកួត​តាម​លក្ខខណ្ឌ​ពិសេស​ណាមួយ​។ ​​រំលឹកថា Novak Djokovic ធ្លាប់បាន​បញ្ជាក់​ច្បាស់ៗ​ថា គេ​សុខចិត្ត​មិន​ចូលរួម​ការប្រកួត​មិន​ថា ​កម្មវិធី​ធំ​ប៉ុណ្ណា​ឡើយ ជាជាង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​កាលពី​ខែមករា​ ឆ្នាំ២០២២ Djokovic ត្រូវបាន​តម្រូវឱ្យ​ចាក​ចេញពី​ព្រលានយន្តហោះ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ដោយសារ​បញ្ហា​នេះ និង​បាន​ខកខាន​ការប្រកួត Australian Open មុនពេល​អនុញ្ញាត​ឱ្យចូល​ទឹកដី​អូស្ត្រាលី​វិញ​ឆ្នាំនេះ និង​បានឈ្នះ​ជើងឯក Australian Open តែម្តង​កាលពី​ចុងខែ​មករា​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​កជើង​របស់ Neymar ត្រូវការ​វះកាត់ នឹង​ត្រូវ​អវត្តមាន​ដល់​ចប់​រដូវ​កាល

2023/03/07 05:44:11 pm        169
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Paris Saint Germain, Neymar នឹងត្រូវ​អវត្តមាន​រហូតដល់​ចប់​រដូវ​កាល ​ដោយសារ​របួស​ក​ជើ​ង​របស់គេ​ឈានដល់​ការវះកាត់​។ ​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះត្រូវបាន​សែង​ចេញពី​ទីលាន​ ក្រោយ​ប៉ះទង្គិច​កជើង​ខាងស្តាំ​អំឡុង​ការប្រកួត​ដែល PSG យកឈ្នះ Lille ៤-៣ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ​កន្លងទៅ​។ ​​ក្លិប​បារាំង​មួយ​នេះ​បាន​បញ្ជាក់ថា របួស​កជើង​រប​ស់ Neymar គឺ​ប៉ះ​ទៅលើ​កន្លែងចាស់ ដែល​តម្រូវឱ្យ​មានការ​វះកាត់​ដើម្បី​កុំឱ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​។​ ​​ជាមួយនឹង​គ្នា​នឹង​ការវះកាត់​ផងដែរ Neymar នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់ ៤ខែ​។ ​​រំលឹកថា Neymar បាន​រងរបួស​ជាច្រើនលើក​មកហើយ​នៅ​ផ្នែក​ជើង​ខាងស្តាំ​របស់ខ្លួន ជាពិសេស​គឺ​កជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​​Neymar ក៏បាន​អវត្តមាន​ពីរ​ប្រកួត​នៅ World Cup 2022 ឱ្យ​ប្រេ​ស៊ី​ល​ផងដែរ បន្ទាប់ពី​រងរបួស​ពេល​ប្រេ​ស៊ី​ល​យកឈ្នះ​ស៊ែ​ប​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​។ ​​កាលពី​ឆ្នាំ២០១៩ អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ​ក៏​ធ្លាប់​អវត្តមាន​ពី​ការប្រកួត Copa America ដែរ​ដោយសារ​របួស​កជើង​ស្តាំ​នេះ ហើយ​ក៏បាន​អវត្តមាន​ជាច្រើន​សប្តាហ៍​ផ្សេងទៀត​កាលពី​ឆ្នាំ២០២១ ដោយសារ​របួស​ចំនុច​ដដែល​។ ​​រដូវ​កាល​នេះ Neymar បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៣គ្រាប់​នៅ Ligue 1 និង​ប៉ះ​បញ្ជូន ១០លើក​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM