Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ស្ថាបនិក​ Flying Bike Super Cross ​រីករាយ​ជាមួយ​ជោគជ័យ​នៃ​ការរៀបចំ​ឡើងវិញ​

2023/03/07 05:07:34 pm        156
​ប្រណាំង​ម៉ូតូ​៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ហោះ​ Flying Bike Super Cross ​ឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​ជោគជ័យក្រោយ​ខកខាន​រៀបចំ​អស់​ជាច្រើន​ឆ្នាំ ខណៈ​ស្ថាបនិក​កម្មវិធី​នេះបាន​សម្ដែង​ការ​សប្បាយ​ចិត្ត ដែល​ការរៀបចំ​ឡើងវិញ​នេះបាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន នៅលើ​ទីលាន​ព្រែកលាបកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ​​លោក ព្រែ អ៊ីវ​កាត់​ទ្រី អ្នករៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ហោះ​នេះ បាន​សម្ដែង​ការភ្ញាក់ផ្អើលដែល​ការរៀបចំ​វិញ្ញាសា​ Super Cross ​ឡើងវិញទទួលបាន​ការគាំទ្រ ហើយ​កីឡាករ​ចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សុវត្ថិភាព មិនមាន​គ្រោះថ្នាក់​អ្វី​កើតឡើង។ តាមរយៈ​នេះ លោក​បាន​ប្ដេជ្ញា​នឹង​ព្យាយាម​រៀបចំ​ការប្រកួត​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន ពិសេស​លើ​ការបណ្ដុះបណ្ដាល​ថ្នាល​យុវជន​តែម្ដង។​ ​សម្រាប់​ការប្រកួត​កីឡា​ម៉ូតូ​ហោះ​ Flying Bike Super Cross ​ឆ្នាំ​២០២៣ នេះដែរបានរៀបចំ​ការប្រកួត​លើ ៥​វិញ្ញាសា រួមមាន​វិញ្ញាសា​កម្រិត​ Class A, B, C, VIP ​និង​យុវជន។ តាម​ការគ្រោងទុកសម្រាប់​ការប្រកួត​បន្ទាប់ គឺ​គ្រោង​នឹង​រៀប​ចំនា​ចុងឆ្នាំ​២០២៣ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ព្រែ អ៊ីវ​កាត់​ទ្រី៕​អត្ថបទ៖ លី ឈុន​ឡា

ក្លិប​ Inter ​រៀបចំ​ពានរង្វាន់ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី​កម្ពុជា​

2023/03/07 04:43:49 pm        156
​​វាយ​សី៖ ក្លិប​កីឡា​វាយ​សី​ Inter ​សហការ​ជាមួយ​ AS Badminton Planner ​បានរៀបចំ​ពានរង្វាន់​ប្រចាំ​ក្លិប​របស់ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ ការប្រកួត​នេះបាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅដោយមាន​កីឡាករ​-​កីឡាការិនី​មកពី​បណ្ដា​ក្លិប​ជាច្រើន​ចូលរួម។​ ​យោងតាម​គណៈកម្មការ​រៀបចំ​ការប្រកួតបាន​ឲ្យ​ដឹងថា ពានរង្វាន់​ក្លិប​កីឡា​វាយ​សី​ Inter ​នេះ​រៀបចំឡើងក្នុង​គោល​បំណង​រួមចំណែក​បំផុស​កីឡា​វាយ​សី​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន ពិសេស​បង្កើន​នូវ​ចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជា​លើកកម្ពស់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការប្រកួត​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ដកស្រង់​បច្ចេកទេស​គ្នា​ទៅវិញទៅមក។​ ​ម្យ៉ាង​ការប្រកួត​នេះក៏​ដើម្បី​បណ្ដុះ​ផ្នត់គំនិត​មហាជន ពិសេស​យុវជនឲ្យ​ចូលរួម​លេង​កីឡា​វាយ​សី​ឲ្យ​កាន់តែច្រើន ចូលរួម​ក្នុងការ​អភិវឌ្ឍ​ធនធាន​វ័យក្មេងឲ្យ​កាន់តែ​សម្បូរ សម្រាប់​ចូលរួម​ប្រកួតប្រជែងក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ និង​ឈាន​ឆ្ពោះទៅ​ការប្រកួត​លើ​ឆាក​អន្ដរជាតិ​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។​ ​គួរ​ដឹងថា ការប្រកួត​នេះមាន ៣​វិញ្ញាសារួមមាន​វិញ្ញាសា​វាយ​គូ​បុរស​-​នារី​កម្រិត​ A ​និង​វិញ្ញាសា​វាយ​គូ​បុរស​កម្រិត​ B​។ ចំពោះ​លទ្ធផល​បច្ចេកទេស​នៃ​ការប្រកួត​វិញ្ញាសា​វាយ​គូ​បុរស​កម្រិត​ A ​លេខ​១ បាន​ទៅ​កីឡាករ អេង ឧ​ត្ត​ម និង លាង ភី​ណា មកពីក្លិបវាយ​សី​ XP, លេខ​២ បាន​ទៅ​កីឡាករ ហ៊ិ​ន ពិន​រិ​ទ្ធ និង ហាក់ ភក្តី មកពី​ក្លិប​វាយ​សី​ខេត្តមណ្ឌលគិរី និង​លេខ​៣ បាន​ទៅ​កីឡាករ ទេព ពុទ្ធោ និង ឃឹម នរៈ​វឌ្ឍ​នា មកពី​ក្លិប​ T-Badminton Court៕​អត្ថបទ លី ឈុន​ឡា

ក្រុម​នានា​ត្រៀម​រួចជាស្រេច​សម្រាប់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ ២០២៣

2023/03/07 04:26:43 pm        116
បាល់ទាត់៖ មកដល់ពេលនេះ​ក្រុម​នៅតាម​បណ្តា​ខេត្ត​នានាបាន​ត្រៀម​រួចរាល់ ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣ ខណៈ​ការប្រកួត​ផ្លូវការ​ចាប់ផ្តើម​ធ្វើឡើង​ចុងខែ​នេះ​។ ​​ក្រោយ​សិក្ខាសាលា​ស្តីពី​ការប្រកួតដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៣ លោក លឹម ឆាវ​រ៉ាត់ អ្នក​ចាត់​ខេត្តកំពតបាន​ប្រាប់​ឱ្យដឹងថា ក្រុម​របស់លោកត្រៀម​រួចរាល់​ដើម្បី​ប្រជែង​ជើងឯក​ដំណាក់កាល​ខេត្ត។ រដូវ​កាល​នេះ ខេត្តកំពតស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ខេត្ត​កែប កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​ហ្កា​ឡាក់​ស៊ី​។ កំពតត្រូវ​បើក​ការប្រកួត​ថ្ងៃទី​២៨ ដោយ​ជួប​ខេត្តព្រះសីហនុ​។​ ​លោក អ៊ីវ សារី ប្រធានការិយាល័យ​កីឡា​ខេត្ត​ត្បូងឃ្មុំបាន​រៀបរាប់​ពី​ការជ្រើស​រើស​ក្រុម​ដើម្បី​តំណាង​ខេត្ត សម្រាប់​ប្រកួត​ពានរង្វាន់​សម្តេច​លើក​នេះ ហើយ​ឆ្នាំនេះ​នឹងមាន​ការប្រកួតប្រជែង​យ៉ាង​​តានតឹងដោយ​ក្រុម​ទាំងអស់​សុទ្ធតែ​ត្រៀម​បានល្អ​។​ ​ឆ្នាំ​២០២៣​នេះ ខេត្ត​ត្បូងឃ្មុំស្ថិតនៅក្នុង​ពូ​ល B ជាមួយ​កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម និង​ខេត្តកណ្តាល ហើយ​ត្បូងឃ្មុំ​បើក​ការប្រកួត​ដោយ​ត្រូវ​ជួបខេត្តកំពង់ចាមថ្ងៃទី​២៩ ខែមីនាខាងមុខនេះ​។​ ​ចំនែក​លោក អ៊ួ​ន ឧ​ត្ត​ម អគ្គលេខាធិការ​របស់​ក្លិប​របស់​ខេត្ត​រតនៈគីរី អធិរាជ​ដំរី​ឥ​សាន្ត បានលើកឡើង​ដែរ​ថា ដើម្បី​បាន​ក្រុម​សម្រាប់​ប្រកួត​នានា​ពេលនេះ គឺ​ឆ្លងកាត់​ការធ្វើ​តេស្ត ហើយភាគច្រើន​ជា​យុវជន​។ ឆ្នាំនេះលោក​សង្កេតឃើញថា​ ក្រុម​ទាំងអស់​សុទ្ធតែ​ក្រុម​ល្អៗ ហើយ​មិន​ងាយស្រួល​ក្នុងការ​យកឈ្នះ​នោះទេ​។ ​អធិរាជ​ដំរី​ឥ​សាន្តស្ថិតនៅ​ពូ​ល D ជាមួយ​ក្រុម​ខេត្តព្រះវិហារ ខេត្ត​មណ្ឌល​គី​រី ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​ហើយ រតនៈគីរី​ត្រូវ​ប្រកួត​ដំបូង​ជួប​ខេត្តសៀមរាប​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣​ខាងមុខ​។ ឯ​ពូ​ល C មាន​ខេត្តពោធិសាត់ បាត់ដំបង សូ​ហ្វី​យ៉ា​ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ សូម​ជម្រាបជូន​ថា ​ពានរង្វាន់​សម្តេច​តេ​ជោឆ្នាំ​២០២៣ ពាន​ថ្នាក់​ខេត្ត​​មាន ២០​ក្រុម​ចូលរួម​ប្រកួត បែង​ចែកជា ​៤​ពូ​ល​មួយ​ពូ​ល​មាន ​៥​ក្រុម ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៨ ខែមីនាដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣៕

Red Bull គ្រប់គ្រង​ជ័យជំនះ​នៅ​បា​រ៉ែ​ន​ តែ Alonso ទទួល​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​

2023/03/06 10:09:50 pm        122
​ប្រណាំង​រថយន្ត៖ ​រដូវ​កាល​ថ្មី ២០២៣ Formula One ពិភពលោក​បានចាប់ផ្តើម​ហើយ​ចេញពី​ទីលាន​ដំបូង​នៅ​ប្រទេស​បា​រ៉ែ​ន​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក​ពិភពលោក Red Bull ក៏ដូចជា​អ្នកការពារ​តំណែង​ជើងឯក​ពិភពលោក Max Verstappen នៅតែ​គ្រប់គ្រង​ជ័យជំនះ​នៅ​បា​រ៉ែ​ន​តាមរយៈ​ការបញ្ចប់​ទី​លេខ ១ និង​លេខ ២ ដោយ​មិត្ត​រួម​ក្រុម Sergio Perez​។ ​​អ្វីដែល​ជាការ​កត់សំគាល់​នៅ​ជុំ​ដំបូង​នេះ​គឺអតីត​ជើងឯក​ពិភពលោក Fernando Alonso បានធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ក្នុងការ​ប្រកួត​នៅ​បា​រ៉ែ​ន​នេះ​ជាមួយនឹង​រថយន្ត Aston Martin របស់គេ​។ ​​កីឡាករ​វ័យ ៤១ឆ្នាំ​រូបនេះ​ធ្វើបាន​លឿន​ជាងគេ​ក្នុងពេល​សាកល្បង​កាលពី​ថ្ងៃ​សុក្រ តែ​ធ្វើ​មិន​បានល្អ​នៅពេល​ប្រណាំង​យក​ទី​ចេញដំណើរ​នៅ​ថ្ងៃ​សៅរ៍​។ ​​តែ​ការប្រកួត​ម្សិលមិញ Alonso ដែល​ចេញពី​លំដាប់ថ្នាក់​លេខ ៧ បាន​វ៉ា​ជែង​គូប្រកួត​រហូត​ឡើងមក​ដល់​លេខ ៣ នៅ​ទីបញ្ចប់​ដើម្បី​ឈរលើ​វេទិកា​កិត្តិយស​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៣ ពោលគឺ ១០​ឆ្នាំមុន​។ ​​អតីត​កីឡាករ​របស់​ក្រុម Renault រូបនេះ​បាន​វ៉ា​ផុត​ជើងឯក​ពិភពលោក ៧ សម័យ Lewis Hamilton ដែលជា​ការ​វ៉ា​ជែង​ដ៏​ស្វិតស្វាញ​រវាង​អ្នកបើកបរ​ជើងចាស់​ទាំងពីរ​នាក់ មុនពេល​ដែល​វ៉ា​ផុត George Russell និង​ចុងក្រោយ​វ៉ា​ផុត​កីឡាករ​របស់ Ferrari, Carlos Sainz ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ ៣​។ ​​ចំណែកឯ​ជើងឯក​រង​ឆ្នាំមុន Charles Leclerc បាន​ត្រឹម​ខកបំណង​ប៉ុណ្ណោះ​ ដោយ​មិនអាច​បញ្ចប់​ការប្រកួត​បាន​ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ ​សម្រាប់​ទីលាន​ទី ២ បន្ទាប់ពី​បា​រ៉ែ​ន​នេះ Formula One នឹង​បន្តដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២០ ខែមីនា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Daniil Medvedev ឈ្នះ Andrey Rublev គ្រង​ជើងឯក Dubai Tennis Championships

2023/03/06 09:33:33 pm        105
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី Daniil Medvedev បាន​យកឈ្នះ​មិត្ត​រួម​ជាតិ Andrey Rublev នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បីគ្រង​ជើងឯក Dubai Tennis Championships ចុង​សប្តាហ៍​កន្លងទៅ​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ Medvedev បាន​យកឈ្នះ​អ្នកការពារ​តំណែង​ជើងឯក Rublev មិន​ប្រើពេល​ច្រើន​ឡើយ​ជាមួយនឹង​លទ្ធផល ២សិត​ផ្ទួនៗ ៦-២ និង ៦-២​។ ​​មុន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​គ្រង​ជើងឯក​នេះ Daniil Medvedev បាន​យកឈ្នះ​កីឡា​ករលេខ ១ ពិភពលោក Novak Djokovic នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​បានបញ្ចប់​ស្ថិតិ​មិន​ចាញ់​សោះ​ក្នុង​ឆ្នាំ២០២៣ របស់​កីឡាករ​ស៊ែ​ប​ជើងឯក Australian Open រូបនេះ​ផងដែរ​។ ​​Daniil Medvedev ដែល​ធ្លាប់​ឈរ​លេខ ១ ពិភពលោក​ដែរនោះក៏បាន​បន្ត​ស្ថិតិ​ប្រកួត​មិន​ចាញ់​ក្នុង​ឆ្នាំ២០២៣ ដល់ ១៤ប្រកួត​ផងដែរ​ដើម្បី​គ្រង​ជើងឯក​ក្នុង​កម្មវិធី​សរុប ១៨លើក​ក្នុង​អាជីព​។ ​​ងាក​ទៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ផ្សេងទៀត កីឡាករ​អូស្ត្រាលី Alex de Minaur បាន​វាយបក​យកឈ្នះ​កីឡាករ​អាមេរិក Tommy Paul ដើម្បី​គ្រង​ជើងឯក Mexican Open​។ ​​Alex de Minaur បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ទល់នឹង ១ ពិន្ទុ ៣-៦ ៦-៤ និង ៦-១ ដើម្បី​គ្រង​ជើងឯកធំ​បំផុត​ក្នុង​អាជីព និង​ជា​ជើ​ក​នៅក្នុង​ក្របខណ្ឌ ATP 500 លើកដំបូង​ក្នុង​អាជីព​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ko Jin-young ក្លាយជា​កីឡាការិនី​វាយកូនគោល​ដំបូង​អាច​ការពារ​ពាន HSBC World Championship បាន​

2023/03/06 06:33:32 pm        120
​​វាយកូនគោល៖ ​កីឡាការិនី​កូរ៉េ Ko Jin-young បាន​ក្លាយជា​កីឡាការិនី​វាយ​កូន​គោល​ដំបូង​គេ​ដែល​អាច​ការពារ​ជើងឯក​ពានរង្វាន់ HSBC World Championship បាន​បន្ទាប់ពី​ជ័យជំនះ​នៅ​សិង្ហ​បុរី​។ ​​កីឡាការិនី​លំដាប់​លេខ ៥ ពិភពលោក​រូបនេះ​ដែល​ធ្លាប់មាន​បញ្ហា​របួស​កដៃ​ ដែល​រំខាន​ការប្រកួត​ជាច្រើន​កាលពី​ឆ្នាំ២០២២ នោះធ្វើបាន ៣អាន់​ឌើ​ផា​នៅ​ថ្ងៃ​ចុងក្រោយ និង​សរុប​រួម ១៧អាន់​ឌើ​ផា​ដើម្បី​គ្រង​ជើងឯក​ពាន​ជើងឯក​ពិភពលោក HSBC World Championship នេះ​បាន​។ ​​អ្នក​លេខ២ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាការិនី​លំដាប់​លេខ២ ពិភពលោក Nelly Korda ដែល​ធ្វើបាន​សរុប ១៥អាន់​ឌើ​ផា និង​តាម​ពីក្រោយ​ដោយ​កីឡាការិនី​ជប៉ុន Ayaka Furue ដែល​ធ្វើបាន ១៤អាន់​ឌើ​ផា​ស្មើគ្នា​ជាមួយ​កីឡាការិនី​អាមេរិក Danielle Kang និង Allisen Corpuz​។ ​ក្នុងនាម​ជើងឯក​នេះ Ko Jin-young ទទួលបាន​ប្រាក់រង្វាន់ ២៧០,០០០ដុល្លារ​អាមេរិក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ម្នាក់​សម្រេច​ក្តី​ស្រមៃ​ជួប​ជាមួយ Cristiano Ronaldo

2023/03/06 05:38:45 pm        108
​បាល់ទាត់៖ ​ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ម្នាក់​បានសម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ ក្នុងការ​ប៉ុនប៉ង​ជួប​ជាមួយ​និមិត្តរូប​របស់​ខ្លួន​គឺ​កីឡាករ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo​។​ ​​Nabil Saeed ដែលជា​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​អ្នករងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួ​ក​គី និង​ស៊ី​រីបានបង្ហាញ​វីដេអូ​ខ្លី​នៅ​បណ្តាញ​សង្គម​កាលពី​ខែកុម្ភៈ​ ក្រោយពី​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​អគារ​ត្រូវ​សង្កត់​ពី​លើ ដោយនិយាយ​ថា​ចង់​ជួប​មុខ​ម្ចាស់​ជ័យលាភី Ballon D’Or, Cristiano Ronaldo ផ្ទាល់​។ ​ចុង​សប្តាហ៍​កន្លងទៅ Nabil Saeed ត្រូវបាន​អញ្ជើញ​មក​ទស្សនា​ការប្រកួត​ផ្ទាល់​របស់ Al Nassr នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អបអរ​ជ័យជំនះ​របស់ Al Nassr លើ Al Batin ៣-១ នៅ​ក្របខណ្ឌ Saudi Pro League​។ ​​Nabil Saeed បាន​និយាយថា គេ​ស្ទើរតែ​មិន​ជឿ​ភ្នែក​របស់គេ​បានឃើញ Ronaldo ផ្ទាល់ និង​នៅតែ​គិតថា​គេ​កំពុង​នៅក្នុង​សុ​បិ​ន្ត​នៅឡើយ​។ ​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច​កម្រិត ៧.៨រិច​ឆ្ទ័​រ​នៅ​ទួ​ក​គី និង​ស៊ី​រី​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ៥០,០០០នាក់​ដែល​ក្នុងនោះ​មាន​ប្រមាណ ៥៩០០នាក់​នៅ​ស៊ី​រី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​អេឡិចត្រូនិក​រក​ឃើញ​បេក្ខភាព​ត្រៀម​ស៊ី​ហ្គេម ២​វិញ្ញាសា​ទៀត​

2023/03/06 05:01:58 pm        192
កីឡា​អេឡិចត្រូនិក៖ ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានបញ្ចប់ ​ការប្រកួត​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឬ​ Road To Sea Games 32nd ​ឆ្នាំ​២០២៣ ហើយ ក្រោយ​រក​ឃើញ​បេក្ខភាព​ក្រុម​ជើងឯក ២​វិញ្ញាសា​ទៀតរួមមាន​វិញ្ញាសា​ VALORANT ​និង​វិញ្ញាសា​ WILD RIFT ​ដែល​ទើប​បញ្ចប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ​​សម្រាប់​វិញ្ញាសា​ VALORANT ​គឺ​ក្រុម​ AG E-Sports ​បាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​ D-ROAR ​ក្នុង​លទ្ធផល ៣-០ គ្រា​ដែល​វិញ្ញាសា​ WILD RIFT ​គឺ​ក្រុម​ Team Max ​បាន​គ្រង​ជើងឯក បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្នុងជំនួប​ដ៏​ស្វិតស្វាញ​លើ​ក្រុម​ Anxiety Crew ​ដោយ​លទ្ធផល ៣-១។​ ​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា បេក្ខភាព​ជើងឯក​ទាំង ២ក្រុមសុទ្ធ​តែមាន​សមត្ថភាព តែ​ដើម្បី​ប្រាកដ​ក្រុម​ណា ឬ​កីឡាករ​ណាខ្លះនឹង​ទទួលបាន​ឱកាស​តំណាង​​លេង​ស៊ី​ហ្គេម ពួកគេ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ Pre-Sea Games ​មួយ​ជាមុនសិនដែល​គ្រោង​ធ្វើឡើង​នាពេល​ឆាប់ៗ​ខាងមុខ។​​ ​ដោយឡែក​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media ​ដែល​ចូលរួម​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​សម្ដែង​សេចក្ដី​រីករាយដែល​ការប្រកួត​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​រលូន និង​មានការ​ចូលរួម​ច្រើន​ពី​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា។ តាមរយៈ​នេះលោក​រំពឹងថានឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នាពេលខាងមុខ។​ ​សូមបញ្ជាក់ថា សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានកំណត់​វិញ្ញាសា​ចំនួន ៩ ដាក់​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ ពោលគឺ​ក្រៅពី​វិញ្ញាសា​ក្រុម​ VALORANT ​និង​វិញ្ញាសា​ក្រុម​ WILD RIFT ​គឺមាន​វិញ្ញាសា​ AK2 ​ក្រុម និង​ឯកត្តជន​, PUBG Mobile ​ក្រុម និង​ឯកត្តជន​, Mobile Legends: Bang Bang ​ក្រុម​បុរស និង​ក្រុម​នារី និង​វិញ្ញាសា​ Cross Fire ​ជា​ក្រុម៕​អត្ថបទ៖ លី ឈុន​ឡា

ពានរង្វាន់​ប៉េតង់​វ័យចាស់​ក្លិប​សន្ដិភាព​ទទួលបាន​ការគាំទ្រ​ខ្លាំង​

2023/03/06 04:43:29 pm        221
​ប៉េតង់​៖ ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​វ័យចាស់​ក្លិប​សន្ដិភាពឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​ជោគ​ជ័យ និង​ទទួលបាន​ការគាំទ្រ​ជាខ្លាំងពី​សំណាក់​ថ្នាក់ដឹកនាំ និង​ក្រុម​ចូលរួម រហូត​មានការ​ជំរុញ​ឲ្យ​មាន​ការរៀបចំ​ការប្រកួត​រៀងរាល់ឆ្នាំ​ទៀតផង។​ ​ពានរង្វាន់​កីឡា​ប៉េតង់​វ័យចាស់​នេះរៀបចំ​ដោយ​ក្លិប​កីឡា​ប៊ូល និង​ប៉េតង់​សន្ដិភាពនៅ​ទីលាន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញកាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញ ដោយមាន ៣២​ក្រុម​ចូលរួម​ប្រកួត​លើ​វិញ្ញាសា ៣​នាក់ ទល់នឹង ៣​នាក់។​ ​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបង្កើត​ឲ្យ​មាន​ក្លិប​កីឡា​ប៊ូល និង​ប៉េតង់​វ័យចាស់​នេះ​ឡើង ពិសេស​ការបង្កើត​ឲ្យ​មាន​ពានរង្វាន់​វ័យចាស់​ផ្ទាល់​តែម្ដង។​ ​ឯកឧត្តម​រដ្ឋមន្ដ្រី​មានប្រសាសន៍ថា ការប្រកួត​នេះគឺជា​ការរៀបចំ​ដ៏​ប្រពៃ ដើម្បី​បង្កើត​ឱកាស​ជួបជុំ​លេង​កីឡាដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព ហើយ​រួមចំណែក​ការពារ​សន្ដិភាព និង​អភិវឌ្ឍន៍​សង្គម ស្របតាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត ដើម្បី​លើកកម្ពស់​សុខុមាលភាព​សង្គម​ផង ហើយក៏​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម​បណ្ឌិត សោម ចិន អ្នកតំណាងរាស្ដ្រ​ខេត្តកំពត និង​ជា​ប្រធាន​ក្លិប​កីឡា​ប៊ូល និង​ប៉េតង់​សន្ដិភាពមានប្រសាសន៍ថា ការរៀបចំ​ពានរង្វាន់​វ័យចាស់​នេះផ្ដោតលើ​គោលបំណង​សំខាន់ ៣ ទី​១-​បំផុស​ការប្រកួត​កីឡាករ​វ័យ ៥០​ឆ្នាំ​ឡើង ទី​២-​រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​ខេត្ត​-​ក្រុង ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣-​ធ្វើជា​គំរូ​សម្រាប់​ការបណ្ដុះបណ្ដាល​ថ្នាល​បន្ដវេន​ឲ្យ​កាន់តែច្រើន និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន។​ ​ចំពោះ​លទ្ធផលនៃ​ការប្រកួត​កីឡា​ប៉េតង់​វ័យចាស់​ក្លិប​សន្ដិភាពឆ្នាំ​២០២៣ នេះ គឺ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្លិប​ប៉េតង់​វ័យចាស់​ខេត្ត​កែប​(១), លេខ​២ បាន​ទៅ​ក្លិប​ខេត្តកំពត និង​លេខ​៣ ស្ទួនបាន​ទៅ​ក្លិប​សន្ដិភាព​(២) ​និង​ក្លិប​ខេត្ត​កែប​(២)៕​អត្ថបទ៖ លី ឈុន​ឡា

អាជ្ញាធរ Los Angeles ព្រម​បង់​ប្រាក់ ២៩​លាន​ដុល្លារ​ដល់​ភរិយា Kobe Bryant ជុំវិញ​រឿង​រូបថត​នៃ​ឧបទ្ទវហេតុ​

2023/03/03 10:06:25 pm        128
​បាល់​បោះ៖ ​អាជ្ញាធរ​ក្រុង Los Angeles បាន​យល់ព្រម​បង់​ប្រាក់​ឱ្យ​ភរិយា Kobe Bryant ជិត ២៩លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​អ្នក​ឆ្លើយ​តប​ដំបូង​បាន​ចែករំលែក​រូបថត​ដ៏​គួរ​ឱ្យ​រន្ធត់ ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​តារា​ឆ្នើម​របស់ NBA​។ Bryant និង​កូនស្រី Gianna និង​មនុស្ស​ ៧នាក់​ផ្សេងទៀត​បាន​ស្លាប់​ នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​របស់​ពួកគេ​បាន​បុក​ជ្រលង​ភ្នំ​ក្បែរ​ទីក្រុង Los Angeles កាលពី​ខែ​មករា ​ឆ្នាំ២០២០​។​ ​មន្ត្រី​មាន​សមត្ថកិច្ច និង​ក្រុម​ពន្លត់​អគ្គីភ័យ​ដែល​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើតហេតុ​បាន​ផ្តិត​យក​រូបភាព​នៃ​សាក​សព រួម​ទាំង​បំណែក​សាកសព​វីរៈបុរស​បាល់បោះ​របស់​ក្លិប Los Angeles Lakers រួម​ជាមួយ​កូនស្រី​។ ​ស្ត្រី​មេម៉ាយ​ដែល​ជា​ភរិយា​របស់ Kobe Bryant អ្នកស្រី Vanessa បាន​ប្តឹង​ទាមទារ​ការខូចខាត​ផ្លូវចិត្ត​ជុំវិញ​រូបភាព​ដ៏​សោកសង្រេង​ទាំង​អស់​នោះ ដែល​នាង​ខ្លាច​ថ្ងៃ​ណាមួយ​នឹង​បែក​ធ្លាយ​លើ​អ៊ីនធឺណិត​។​ នៅ​ពេល​នេះ​អាជ្ញាធរ Los Angeles បាន​យល់ព្រម​បង់​ប្រាក់​ចំនួន ២៨.៨៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ​រាល់​វិវាទ​ដែល​ទាក់ទង​នឹង​ការ​ធ្លាក់​យន្តហោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM