Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រុម​កំពុង​ស្រុត​ទម្រង់​លេង​ខ្លាំង Chelsea ធ្វើដំណើរ​ទៅ​ទឹកដី Dortmund យប់​នេះ​

2023/02/15 06:10:43 pm        71
​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea នឹងត្រូវ​ប្រឈម​ជាមួយ​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Borussia Dortmund រាត្រី​នេះ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជាមួយនឹង​ក្តី​សង្ឃឹមថានឹង​អាច​កែប្រែ​ទម្រង់​លេង​ដ៏​អាក្រក់​មួយរយៈ​ចុងក្រោយ​។ ​​ក្រុម​របស់លោក Graham Potter ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​នៅ Premier League ធ្លាក់​ដល់​លេខ ១០ ក្នុង​តារាង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ដល់​ទៅ ២០ពិន្ទុ​។ ​​Chelsea បាន​ចំណាយ​លុយ​ច្រើនសន្ធឹក​សន្ធាប់​ក្នុងពេល​ទីផ្សារ​ទិញដូរ​កីឡាករ​កាលពី​មករា​កន្លងមក តែ UEFA អនុញ្ញាតឱ្យ​បញ្ចូល​ឈ្មោះ​កីឡាករ​ថ្មី​តែ ៣នាក់​ប៉ុណ្ណោះ​នៅ Champions League នេះ​។​ ​​លោក Graham Potter បានសំរេច​ជ្រើសរើស​កីឡាករ​តម្លៃ ១០៦.៨លាន​ផោន Enzo Fernandez ដែល​ទិញ​ពី Benfica, ខ្សែបម្រើ​អ៊ុយ​ក្រែ​ន Mykhailo Mudryk និង Joao Felix​។​ ​​ទោះបីជា​ទម្រង់​លេង​មិនល្អ​នៅ Premier League លោក Graham Potter ដែល​ទទួល​តំណែង​បន្ត​ពី​លោក Thomas Tuchel នោះបាន​ដឹកនាំ Chelsea ស្មើ​មួយ និង​ឈ្នះ ៤ នៅ​វគ្គ​ចែក​ពូ​ល UCL​។​ ​​ចំណែក​គូប្រកួត​យប់​នេះ ក្រុម​ម្ចាស់ផ្ទះ​អាល្លឺម៉ង់ Borussia Dortmund ជា​ក្រុម​កំពុងមាន​ទម្រង់​លេង​ល្អ​ជាមួយនឹង​ជ័យជំនះ ៦ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​គ​ឡើង​មកឈរ​លេខ៣ ក្នុង​តារាង​តាម​ពីក្រោយ Bayern Munich តែ​ ៣ពិន្ទុ​ប៉ុណ្ណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich និង AC Milan កាន់​មួយ​គ្រាប់​ចំណេញ​ដូចគ្នា​នៅ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UCL

2023/02/15 05:28:03 pm        111
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ឆ្នាំ​២០២០ Bayern Munich រកបាន​ជ័យជំនះ​បានសំរេច​ក្នុង​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League នៅ​ទឹកដី​បារាំង​របស់ Paris Saint Germain​។ ​​កីឡាករ​បារាំង Kingsley Coman គឺជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​តែមួយ​គ្រាប់​គត់​ឱ្យ Bayern Munich យកឈ្នះ​នាទី​ទី៥៣ ក្នុង​វគ្គ​ទី២ បន្ទាប់ពី​ការ​វាយ​សម្រុក​ជាច្រើនលើក​នៅ​វគ្គ​ទី១ តែ​មិនបាន​សំរេច​។ ​​នេះ​ជា​គ្រាប់​ទី២ របស់ Coman ទៅលើ​អតីត​ក្លិប​របស់ខ្លួន បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​នៅ​ឆ្នាំ២០២០ ជា​គ្រាប់​ជ័យជំនះ​ឱ្យ Bayern Munich លើក​ពាន​នៅពេលនោះ​។ ​​ក្រុម​ម្ចាស់ផ្ទះ​មានឱកាស​តិចតួច មុនពេល​ដែល​កីឡាករ​បម្រុង Kylain Mbappe ផ្លាស់ប្តូរ​ចូល​អាច​រកបាន​មួយ​គ្រាប់ ​តែ​អាជ្ញាកណ្តាល​មិន​ឱ្យ​ដោយ​អ្នក​បញ្ជូន​ឈរ​ក្នុង​ជំហរ​ក្រៅ​ល្បែង​។ ​​បរាជ័យ​នេះ​ធ្វើឱ្យ​ក្រុម​ជើងឯក​បារាំង​មួយ​នេះចាញ់ ៣ប្រកួត​ជាប់​គ្នា​ហើយ​គ្រប់​ក្របខណ្ឌ ផ្ទុយ​ពី Bayern Munich បន្ត​មិន​ចាញ់​សោះ​តាំងពី​ថ្ងៃទី១៧ ខែកញ្ញា​។​ ​​ងាក​មក​មួយគូ​ទៀត AC Milan បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​អង់គ្លេស Tottenham Hotspur ក្នុង​លទ្ធផល​តានតឹង ១-០ ដូចគ្នា​ធ្វើបាន​ដោយ Brahim Diaz តាំងពី​នាទី​ទី៧​។ ​​ទោះបីជា​ចាញ់​មែន គេ​ឃើញ​ក្រុម​របស់លោក Antonio Conte មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តាមរយៈ​ការគ្រប់គ្រង​បាល់​ច្រើនជាង និង​បង្កើត​ឱកាស​ច្រើនជាង​តែ​គ្មាន​សំណាង​។ ​​ពីរ​គូ​នេះ​នឹង​ត្រលប់​ទឹកដី​គ្នា​នៅ​ថ្ងៃទី៨ ខែ​មិនា​ខាងមុខ រួមមាន Bayern Munich ស្វាគមន៍ PSG នៅ​ទីក្រុង​មូ​និ​ច ​និង Tottenham Hotspur ស្វាគមន៍ AC Milan នៅ​ទីក្រុង​ឡុង​ដ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​និង​វិស័យ​ឯកជន​បង្កើត​មូលនិធិ​មហាជន ដើម្បី​គាំទ្រ​ក្រុម​កម្ពុជា​

2023/02/15 05:02:56 pm        101
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) បាន​សហការ​ជាមួយ​វិស័យ​ឯកជន បង្កើត​មូលនិធិ​មហាជនដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់ “​ក្រុម​កម្ពុជា ឬ​ Team Cambodia” ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ត្រៀម​ការប្រកួតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នាពេល​ឆាប់ៗ​ខាងមុខ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​បន្ទាប់ពី​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ KhmerCare ​និង​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​កម្មវិធី​វិធី​កៀរគរ​មូលនិធិ​មហាជន (crowdfunding) ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ​នៅ​អគារ​វឌ្ឍនៈ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​ថវិកា សម្រាប់​គាំទ្រ​ដល់​កីឡាករ​-​កីឡាការិនី បន្ថែម​លើ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។ កម្មវិធី​សប្បុរសធម៌​នេះបានកំណត់​គោលដៅ​កៀរគរ​មូលនិធិ​ឲ្យ​បាន ១​លាន​ដុល្លារ ដែល​អាជីវករ សហគ្រាស និង​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេសសុទ្ធតែ​អាច​ចូលរួមបាន ទោះបី​តិចក្ដី​ច្រើនក្ដី។​ ​ប្រតិបត្តិ​ករ​កីឡា​កម្ពុជា​ដដែល​ប​ន្ដ​ថា ការហ្វឹកហាត់​កីឡា​កម្រិត​ខ្ពស់គឺមាន​ការលះបង់​ខ្ពស់ ទាំង​ពេលវេលា ថវិកា និង​ញើស​ឈាម​ស្រស់ដើម្បី​កិត្តិយស​ជាតិ​ជាធំ។ ដូច្នេះ​ការបង្កើត​នូវ​មូលនិធិ​នេះ ពិតជា​កត្ដា​រួមចំណែក​មួយ​ដ៏​សំខាន់ក្នុង​ការជំរុញ​ចិត្តសាស្ដ្រ​កីឡាករ​-​កីឡាការិនី លើ​ការហ្វឹកហាត់ និង​ការប្រកួត ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​ ​លោក​ Steven Path ​ស្ថាបនិក​ KhmerCare ​បាន​បញ្ជាក់ថា នេះ​គឺជា​មូលនិធិ​មហាជន​ដ៏​ធំជាងគេ​ក្នុង​ប្រវត្តិ​កម្មវិធី​សប្បុរសធម៌​របស់ខ្លួន។ យ៉ាងណា​លោក​មាន​សុទិដ្ឋិនិយមក្នុងការ​កៀរគរ​ថវិកា ដើម្បី​ជួយ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ដោយ​ផ្អែកលើ​បទពិសោធន៍នៃ​ការ​រៃអង្គាស​ថវិកាជួយ​ដល់​កុមារកំព្រា អង្គការ និង​លក្ខណៈ​បុគ្គល​ដោយ​ជោគជ័យ​នាពេល​កន្លងមក។ លោក​ថា ថវិកា​ទទួលបាន​ពី​កម្មវិធី​បរិច្ចាគ​នេះនឹងត្រូវ​ផ្ដល់​ការគាំទ្រ​ផ្នែក​បរិក្ខារ សម្លៀកបំពាក់ ស្បែកជើង និង​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​ការផ្ដល់​ង្វាន់​លើកទឹកចិត្ត​ជា​សាច់ប្រាក់​ដល់​កីឡាករ-កីឡាការិនី​ជយលាភី​ជាដើម។​ ​គួរ​បញ្ជាក់ថា ការបរិច្ចាគ ឬ​ការឧបត្ថម្ភ​ដល់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ធ្វើឡើង​តាមរយៈ​ផ្លែ​ត​ហ្វ​ម​នៃ​កម្មវិធី​ KhmerCare ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូបនេះអាច​ចូលរួមបាន​គ្រប់គ្នា និង​គ្រប់​ទីកន្លែង ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយចំនួនក៏បាន​ឧបត្ថម្ភ​ជា​បណ្ដើរៗ​ផងដែរ ជាក់ស្ដែង​ធនាគារ​ ABA ​បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ១៥​ម៉ឺន​ដុល្លារ​រួចរាល់​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ស៊ី​ហ្គេម ២០២៣៖​ ម៉ាឡេស៊ី​ពេញចិត្ត​នឹង​ការរៀបចំ និង​ការ​ត្រៀម​ធ្វើ​ស៊ី​ហ្គេម​របស់​កម្ពុជា

2023/02/15 04:51:46 pm        95
ស៊ីហ្គេម៖ ម៉ាឡេស៊ី​ពេញ​ចិត្តនឹង​ការរៀបចំ​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភាខាងមុខនេះ​។​ ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​ម៉ាឡេស៊ីលោក Datuk Mohd Nasir Ali ​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មក​ភ្នំពេញ​ថ្មីៗ​នេះ​បាន​បង្ហាញថា ​ការរៀបចំ​ដំណើរការ​បានល្អ និង​លឿន អាច​និយាយបានថា​រួចរាល់​តាម​គម្រោង ប៉ុន្តែ​ភូមិ​កីឡា​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​នេះ​។ លោក​បន្តថា ​ភូមិ​កីឡា​គឺ​នៅក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​ ​លោក Nasir បាន​ប្រាប់​អ្នកសារព័ត៌មាន ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ជ្រើសរើស​កីឡាករ​សម្រាប់​ស៊ី​ហ្គេមថា យើង​ពេញចិត្ត​ការរៀបចំ ប៉ុន្តែ​ព្រួយបារម្ភ​ពី​ការដឹក​ជ​ញ្ជួ​ន (​ចរាចរណ៍​) និង​ម្ហូប​ហា​លា​ល់​សម្រាប់​កីឡាករ​។​ ​លោក​បាន​បង្ហាញថា ក្រុម​កីឡាករ​ជម្រើសជាតិ​ម៉ាឡេស៊ី​ដែល​ចម្រុះ​ជើងចាស់ និង​កីឡា​ក្មេងអាច​នាំ​មេដាយ​ច្រើន​ជូន​ម៉ាឡេស៊ី​។​ ស៊ី​ហ្គេម ២០២១ ​នៅ​វៀតណាម ដែ​លលើ​កមក​ប្រកួត​នៅ​ឆ្នាំ​២០២២ ម៉ាឡេស៊ី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៦​ តារាង​ចំណាត់ថ្នាក់​មេដាយ ក្នុងនោះ​មេដាយមាស​៣៩ ប្រាក់​៤៥ និង​សំរឹទ្ធ​៩០៕អត្ថបទ៖ គង់ ហួន

វត្តមាន​ក្រុម​ U19 ​បារាំង​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កីឡាបាល់ទះ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​

2023/02/15 04:33:35 pm        87
​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​បារាំងបាន​មកដល់​កម្ពុជា​ហើយកាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​ម្សិល​មិញ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជានា​ថ្ងៃទី​១៩ និង​ថ្ងៃទី​២២ ខែកុម្ភៈ​ខាងមុខនៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។ ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​ ​វត្តមាន​របស់​ក្រុមយុវជននៃ​ប្រទេស​មហាអំណាច​វិស័យ​បាល់​ទះ​ពិភពលោក​នេះ ត្រូវបាន​ចាត់ទុក​ជាស​ញ្ញាណ​ដ៏​ល្អសម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដើម្បី​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើកដំបូង ក៏ដូចជា​ការយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបាក្នុងជំនួប​មិត្តភាព​អន្ដរជាតិ និង​ការប្រកួត​ផ្សេងៗ​ទៀត។​ ​លោក​ Bertrand LEYS ​អនុប្រធាន​បច្ចេកទេសសហព័ន្ធ​កីឡាបាល់ទះ​បារាំង និង​លោក​ Belmadi Slimane ​គ្រូបង្វឹក​ក្រុម​ U19 ​បារាំងបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ក្រោយ​បានមក​ដល់​កម្ពុជា ហើយ​លោក​រំពឹងថា ក្រៅពី​ការប្រកួត​មិត្តភាព និង​ដកស្រង់​បច្ចេកទេសរវាង​ក្រុម​ទាំងពីរ ក៏​នឹង​ជំរុញ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើររវាង​សហព័ន្ធ​កីឡាបាល់ទះ​បារាំង និង​កម្ពុជា ហើយ​សង្ឃឹមថា វិស័យ​បាល់ទះ​កម្ពុជានឹង​រីកចម្រើន​កាន់តែខ្លាំង​នា​ថ្ងៃ​អនាគត​ផងដែរ។​ ​រីឯ​កីឡាករ​ Mathis Henno ​ក៏​មិន​ខុសពី​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ខ្លួន​ដែរ ដោយ​ប្រធាន​ក្រុម​ U19 ​បារាំង​រូបនេះរំពឹង​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​ពី​កម្ពុជា ក្រោយ​ការប្រកួត​មិត្តភាព​អន្ដរជាតិនាពេល​ឆាប់ៗ​ខាងមុខ។​ ​ដោយឡែក​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​គូសបញ្ជាក់ថា នេះ​គឺជា​កំណត់ត្រា​ថ្មីសម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដែល​អាច​អញ្ជើញ​ក្រុម​លំដាប់​កំពូល​ពិភពលោក​មក​ធ្វើការ​ប្រកួត​មិត្តភាព។ ទោះបីជា​កម្រិត​ក្រុម​ U19 ​ក៏ពិតមែន តែ​ផ្អែកលើ​បទពិសោធន៍ ក្រុមយុវជន​បារាំងក៏​មិន​ចាញ់​កីឡាករ​កម្ពុជា​ដែរ ដ្បិត​ពួកគេ​បាន​ហ្វឹកហាត់​តាំងពី​អាយុ​ខ្ទង់ ១២​ឆ្នាំ​មកម្ល៉េះ។ ផ្អែកលើ​ហេតុនេះលោក​ជឿជាក់ថា នឹងធ្វើ​ឲ្យ​វិស័យ​បាល់ទះ​កម្ពុជាកាន់តែ​រីក​ច្រើន ពិសេស​ត្រៀម​ស៊ី​ហ្គេម និង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្រើន​ផងដែរ។​ ​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ U19 ​បារាំងគ្រោង​ធ្វើឡើង ២​ជើងដោយ​ជើង​ទី​១ នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​១៩ ខែកុម្ភៈ និង​ជើង​ទី​២ ប្រកួត​នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៨​ពាន់​រៀល។ ប៉ុន្ដែ​ក្រៅពី​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ សហព័ន្ធ​ក៏​នឹងមាន​រៀបចំ​ជំនួប​មិត្តភាព​អមរវាង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

Ronnie O’Sullivan និង​អ្នកការពារ​ជើងឯក Joe Perry ឆ្លង​ផុត​ជុំ​ទី១ ស្នូកឃ័រ Welsh Open

2023/02/14 10:29:49 pm        77
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​លំដាប់​លេខ ១ ពិភពលោក Ronnie O’Sullivan ហាក់​មិនមាន​ការលំបាក​ឡើយ​ក្នុងការ​ចាប់ផ្តើម​ព្រឹត្តិការណ៍​ស្នូកឃ័រ​ពានរង្វាន់ Welsh Open បន្ទាប់ពី​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​អង់គ្លេស Oliver Lines នៅ​ជុំ​ដំបូង​។ ​​ជើងឯក Welsh Open ៤សម័យ​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៤-០ហ្វ្រេ​ម​លើ Oliver Lines​។ ​ជាមួយគ្នា​នោះដែរ អ្នកការពារ​តំណែង​ជើងឯក Joe Perry ក៏​មិនមាន​បញ្ហា​ដែរ​នៅ​ជុំ​ដំបូង​ដោយបាន​យកឈ្នះ Mark King ៤-០ហ្វ្រេ​ម​ដូចគ្នា​។ លទ្ធផល​ផ្សេងទៀត​មានដូចជា កីឡាករ​អង់គ្លេស Judd Trump, កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen និង​កីឡាករ​ស្កុ​ត​ឡេ​ន John Higgins សុទ្ធតែ​គ្មាន​បញ្ហា​។ ​ចំណែកឯ​កីឡាករ​ក្តីសង្ឃឹម​ម្ចាស់ផ្ទះ​ជើងចាស់ Mark Williams បាន​យកឈ្នះ​មិត្ត​រួម​ជាតិ Michael White ៤-២ហ្វ្រេ​ម​ផងដែរ ស្រប​ពេលដែល​អតីត​ជើងឯក​ពិភពលោក Mark Selby វាយបក​យកឈ្នះ Jamie O’Neil ៤-២ហ្វ្រេ​ម​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមហ៊ុន​វិនិយោគ​កាតា​នឹងដាក់​សំណើ​ទិញ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​សប្តាហ៍​នេះ

2023/02/14 09:54:19 pm        101
​បាល់ទាត់៖ ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​នឹងដាក់​សំណើ​ទិញ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​សប្តាហ៍​នេះហើយ នេះ​បើតាម​ការចុះផ្សាយរ​រប​ស់​សារព័ត៌មាន Bloomberg​។ ​​សារព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា មិន​ត្រឹមតែ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​ទេ បេក្ខភាព​ផ្សេង​ទៀត​ដែលមាន​បំណង​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United ត្រូវ​ដាក់សំណើ​របស់ខ្លួន​មិន​លើសពី​ថ្ងៃទី១៧ ខែកុម្ភៈ​នេះ ស្រប​ពេលដែល​ម្ចាស់​ភាគហ៊ុន​គ្រួសារ​ត្រកូល Glazers ទំនងជា​ព្រម​លក់​មិន​ក្រោម ៦ពាន់​លាន​ផោន​។ ​ម្ចាស់​ក្រុមហ៊ុន INEOS លោក Jim Ratcliffe បានប្រកាស​ពី​គោលជំហរ​របស់ខ្លួន​ ក្នុងការ​ទិញយក​ភាគហ៊ុន​នេះដែរ​កាលពី​ខែ​មុន បន្ទាប់ពី​គ្រួសារ Glazers ប្រកាស​លក់​កាលពី​ខែវិច្ឆិកា​។ ​កាលពី​ដើមខែ​នេះ កាសែត Daily Mail បាន​រាយការណ៍​ថា វិនិយោគិន​កាតាគ្រោង​នឹងធ្វើ​ការដេញថ្លៃ​ដ៏​ធំ​មួយ ​ដើម្បី​ទិញ​ក្លឹប Manchester United ក្នុង​ក្របខ័ណ្ឌ Premier League។​ ​របាយការណ៍​របស់ Daily Mail បាន​និយាយថា ​អ្នកវិនិយោគ​ដែល​ចាប់អារម្មណ៍​គឺ​ដាច់ដោយឡែក​ពី QSI ដែលជា​ម្ចាស់​ក្លិប​បារាំង Paris St Germain ហើយ​ប្រាក់​នឹង​បានមកពី "​មូលនិធិ​បុគ្គល​" ជាជាង​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​។ Manchester United ដែល​កំពុង​ដឹកនាំ​ដោយ Erik ten Hag កំពុង​ឈរ​នៅ​លេខ​រៀង​ទី៣ នៅ Premier League មាន ៤៦ពិន្ទុ​ពី​ការប្រកួត ២៣ប្រកួត ២ពិន្ទុ​តាម​ពីក្រោយ Manchester City និង ៥ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Arsenal៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ឆែក Jakub Jankto ប្រកាសថា ​ខ្លួន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​

2023/02/14 09:27:55 pm        66
​បាល់ទាត់៖ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​នៃ​សាធារណរដ្ឋ​ឆែក Jakub Jankto បាន​ចេញមក​ប្រកាសថា ខ្លួន​ជាម​នុស្ស​ស្រលាញ់ភេទ​ដូចគ្នា​។ ​​ការប្រកាស​បែបនេះ​មានន័យថា កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​បុរស ​ដែល​កំពុង​ប្រកប​អាជីព​ដំបូង​គេ​ដែល​សារភាពថា ​ខ្លួន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​។ ​ខ្សែបម្រើ​របស់​ក្រុម Sparta Prague ដែល​ខ្ចី​ជើង​ពី​ក្លិប​អេ​ស្ប៉ា​ញ Getafe រូបនេះបានប្រកាស​បែបនេះ​នៅលើបណ្តាញ​សង្គម Twitter កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​Jabuk Jankto បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ឆែក​នៅ​ឆ្នាំ២០១៧ ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៥លើក​។ ​​Jakub Jankto ធ្លាប់​ប្រកប​អាជីព​ច្រើន​ឆ្នាំ​នៅ​អ៊ីតាលី​រួមមាន​នៅ Udinese Ascoli និង Sampdoria មុន​ពេល​ផ្លាស់​ទៅកាន់ Getafe នៅ​ឆ្នាំ២០២១​។ ​មុន Jankto ក៏មាន​កីឡាករ​ដែល​បានប្រកាស​ខ្លួន​ថា ភេទ​ទី៣ ដែរ​ដូចជា​កីឡាករ​របស់​ក្លិប Blackpool, Jake Daniels កាលពី​ឆ្នាំមុន, Justin Fashanu នៅ​ឆ្នាំ១៩៩០ ក៏​ដូច​ជា​កីឡាករ​របស់​ក្លិប​អូស្ត្រាលី Adelaide United, Josh Cavallo ដែល​បានប្រកាស​កាលពី​ខែតុលា​ឆ្នាំមុន​ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Erling Haaland មិនទាន់​ច្បាស់​ថា ​ចូល​លេង​បាន​រឺ​អត់​ពេល Man City ទៅផ្ទះ Arsenal យប់​ស្អែក

2023/02/14 07:04:41 pm        78
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland កំពុងស្ថិត​ក្នុង​មន្ទិល​នៅឡើយ​ថា ​តើ​អាច​បង្ហាញខ្លួន​បាន​រឺ​អត់​នៅពេល Manchester City ធ្វើដំណើរ​ទៅ​ទឹកដី​ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal យប់​ស្អែក​នេះ​ដោយសារ​បញ្ហា​របួស​។ ​​Haaland ដែល​ស៊ុត​បញ្ចូល​ទី ២៥គ្រាប់​រួចមកហើយ​នៅ English Premier League រដូវ​កាល​នេះ ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ក្រោយ​ចប់​វគ្គ​ទី១ ពេល Manchester City យកឈ្នះ Aston Villa កាលពី​ថ្ងៃអាទិត្យ​។ ​អ្នកចាត់ការ City លោក Pep Guardiola បានឱ្យដឹងថា Haaland បាន​ប៉ះទង្គិច​ក្នុង​វគ្គ​ទី១ ហើយ​កុំឱ្យ​ស្ថានភាព​ធ្ងន់​លើសពីនោះ លោក​សម្រេចចិត្ត​ប្តូរ​ឱ្យគេ​សម្រាក​។ ​​ជ័យជំនះ​របស់ Manchester City លើ Aston Villa ៣-១ ស្របពេល Arsenal ស្មើ Brentford ធ្វើឱ្យ​គំលាត​ក្រុម​ទាំងពីរ​មាន​ត្រឹម ៣ពិន្ទុ តែបើ City ឈ្នះ​នៅ​ទឹកដី Arsenal ស្អែក​នេះ​មានន័យថា​ ក្រុម​របស់លោក Pep Guardiola នឹង​ឡើង​កំពូល​តារាង​វិញ​តែ Arsenal នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សិង្ហ​បុរី​គ្រោង​បញ្ជូន​អត្ត​ព​លិ​កជាង ៥០០​នាក់មក​ចូលរួម​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​

2023/02/14 06:39:07 pm        92
​ស៊ី​ហ្គេម៖ ​គណៈកម្មាធិការ​អូឡាំពិក​នៃ​ប្រទេស​សិង្ហ​បុរី គ្រោង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ប្រមាណ​ជាង ៥០០នាក់មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដែល​រៀបចំ​នៅ​ប្រទេស​កម្ពុជា​នៅ​ខែឧសភា​ខាងមុខនេះ​។ ​​បញ្ជី​ឈ្មោះ​របស់​អត្ត​ព​លិ​ក​សិង្ហ​បុរី​នៅពេលនេះ​មាន​សរុប ៥១៧​នាក់ តែ​សម្រាប់​ចំនួន​ជាក់ស្តែង​នឹង​ត្រូវ​ប្រកាស​នៅពេល​ព្រឹត្តិការណ៍​ជិត​ចាប់ផ្តើម​។ ​គណៈកម្មាធិការ​ជ្រើសរើស SNOC ដែល​ដឹកនាំ​ដោយ​ប្រធាន Tan Chuan-Jin បានធ្វើការ​សម្រេចចិត្ត ​បន្ទាប់ពី​បាន​ពិគ្រោះ​ជាមួយ​សមាគម​កីឡា​ជាតិ​។​ ​រំលឹកថា កាលពី​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​ហាណូយ​ឆ្នាំ​២០២១ ប្រទេស​សិង្ហ​បុរី​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៤២៤នាក់​។​ ​សិង្ហ​បុរី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៥ លើ​តារាង​មេដាយ​នៅពេលនោះដោយ​ដណ្តើមបាន​មេដាយ​សរុប​ ១៦៦គ្រឿង​។​ ស៊ី​ហ្គេម ២០២៣ នឹង​ជា​លើកទី១ ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​ចំនួន ១១ប្រទេស​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៦៤ឆ្នាំ​របស់ខ្លួន​ដែលមាន​តាំងពី​ឆ្នាំ១៩៥៩​។​ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​កម្ពុជានឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៥ ដល់​ថ្ងៃទី១៧ ខែឧសភា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM
ប្រព័​ន្ធផ្សព្វផ្សាយ៖ មនុស្ស ២នាក់បាន​ស្លាប់ ក្នុងការវាយប្រហាររបស់ជនសកម្មប្រយុទ្ធនៅតំបន់កាស្មៀររបស់ឥណ្ឌា
08/01/2026 02:08 PM
ប្រធានាធិបតីលីបង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលកំពុងគំរាមកំហែងកិច្ចចរចាក្របខណ្ឌ មុនជំនួបនៅទីក្រុងរ៉ូម
08/01/2026 01:08 PM
ប្រមុខUN ៖ ផែនទីបង្ហាញផ្លូវនៃការរំសាយអាវុធនៅតំបន់ហ្កាហ្សា ត្រូវតែអនុវត្តតាម
08/01/2026 01:08 PM
UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
08/01/2026 01:08 PM
វិស័យអប់រំបោះជំហានទៅមុខលើការបណ្ដុះយុវជនឱ្យខិតខំអភិវឌ្ឍជំនាញនិងការច្នៃប្រឌិតថ្មី
08/01/2026 01:08 PM
ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ
08/01/2026 12:08 PM
ទេសចរក្នុងស្រុកដាក់ផែនការទៅទស្សនាខេត្តសៀមរាប កំឡុងការបញ្ចុះតម្លៃសេវាស្នាក់រហូតដល់៥០%
08/01/2026 12:08 PM
រដ្ឋមន្រ្តីសុខាភិបាល «ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស»
08/01/2026 12:08 PM
ជំនាញបច្ចេកទេសចំនួន៦ នៅវិទ្យាស្ថាន ITI ត្រូវនឹងទីផ្សារការងារទាំងពេលបច្ចុប្បន្ននិងអនាគត
08/01/2026 12:08 PM