Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

CAMSOC ​កោះប្រជុំ​ជាមួយ​សហព័ន្ធ​ជាតិ ដើម្បី​កំណត់​តួនាទី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/09 04:24:32 pm        692
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​បាន​កោះប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​នាយ​បច្ចេកទេស​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដើម្បី​កំណត់​តួនាទី​ភារកិច្ចត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គិត​ត្រឹម​ថ្ងៃនេះគឺ​នៅសល់ ៨៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោកាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ​ម្សិលមិញ ។​ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបាន​ផ្ដោត​សំខាន់​លើ​ការបញ្ជាក់​ពី​តួនាទី​ភារកិច្ច ការត្រៀមខ្លួន និង​ដោះស្រាយ​បញ្ហា​សេសសល់ ដ្បិត​ពេលវេលា​កាន់តែ​ខើច ដែល​តម្រូវ​ឲ្យ​សហព័ន្ធ​ត្រូវ​ដឹងថា ខ្លួនឯង​ត្រូវធ្វើ​អ្វីខ្លះ​? ដឹកនាំ​អ្វីខ្លះ​? ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​សហព័ន្ធ​អន្ដរជាតិតាម​ប្រភេទ​កីឡា​នីមួយៗ ដើម្បី​ជំរុញ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ស្ដង់ដារ។​ ​ឯកឧត្តម​សង្កត់ធ្ងន់ថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ត្រូវ​យល់ច្បាស់​ពី​លក្ខន្តិកៈ តម្រូវការ​ច្បាស់លាស់តាម​ផ្នែក​នីមួយ​ៗ និង​យល់ច្បាស់​ពី​យន្តការ​របស់​ហ្គេម ខុសពី​យន្តការ​ប្រកួត​ជើងឯក​តាម​ប្រភេទ​កីឡា​មួយៗ ដែលមាន​លក្ខណៈ​បុព្វសិទ្ធិ និង​ឯករាជ្យ​របស់​សហព័ន្ធ​កីឡា​ជាតិ ប៉ុន្តែ​ហ្គេមត្រូវមាន​ការទទួលខុសត្រូវ​លើ​បទបញ្ញត្តិ​ហ្គេម ក្នុងការ​ប្រកួត​ជា​ពហុ​កីឡាដើម្បី​យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​ការរៀបចំ​កម្លាំង​គាំទ្រ​ដល់​ដំណើរការ​ប្រកួត ដូចជា​អ្នកស្ម័គ្រចិត្ត និង​ការរៀបចំ​ពិធីការ​ជាដើម ត្រូវ​បែងចែក​ភារកិច្ច​គ្នារវាង​ CAMSOC ​និង​សហព័ន្ធ​កីឡា​ជាតិ​។​ ​ម្យ៉ាងវិញទៀត ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ណែនាំ​ឲ្យ​នាយក​បច្ចេកទេសដែល​បញ្ជូន​មកពី​សហ​ព័ន្ធ និង​ត្រូវបាន​ថ្នាក់ដឹកនាំ​ CAMSOC ​បញ្ចូល​ឈ្មោះ​ជា​មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវធ្វើ​ការ​លើ​ផ្នែក​បច្ចេកទេស ដឹកនាំ​លើ​ការប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ ជាមួយ​សហព័ន្ធ​អន្តរជាតិដែលមាន​បច្ចេក​ទេស​ស្ដង់ដារ និង​ធ្វើ​ឲ្យ​បន្ស៊ី​គ្នាដើម្បី​ធានាបាន​នូវ​ការរៀបចំ និង​ការប្រកួត​ប្រកបដោយ​តម្លាភាពក្នុងនាម​ម្ចាស់ផ្ទះ និង​សម្រាប់​បណ្ដា​ប្រទេស​ជា​ភ្ញៀវ ដែល​មក​ចូលរួម​ការប្រកួត​កីឡា​ថ្នាក់​តំបន់​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​លើសពីនេះ កិច្ចប្រជុំក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិត្រូវ​រៀបចំ និង​អភិវឌ្ឍ​អត្ត​ព​លិ​ក ក៏ដូចជា​ស្វះ​ស្វែងរក​កីឡាករ​-​កីឡាការិនី​នៅក្រៅ​ប្រទេស​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​ទាំងអស់ ត្រៀម​ចូល​ជំរំ​ហ្វឹកហាត់​យ៉ាងយូរ​នៅ​ចុងខែ​មេសា នៅ​ភូមិ​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ម​រក​តេ​ជោ ដើម្បី​ត្រៀម​ការប្រកួត ដ្បិត​កីឡា​មួយ​ចំនូ​ននឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសា មុន​ពិធី​បើក​ការប្រកួត​ផ្លូវការនា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC៕​អត្ថបទ៖ លី ឈុន​ឡា​

ស្ត្រី​សញ្ជាតិ​ស៊ី​លី Barbara Hernandez បង្កើត​កំណត់ត្រា​ហែល​ឆ្លង​កាត់ទឹក​ត្រជាក់​ស្ទើរ​កក​ចម្ងាយ ២.៥​គីឡូម៉ែត្រ​

2023/02/08 10:05:22 pm        88
​ហែលទឹក៖ ​ស្ត្រី​សញ្ជាតិ​ស៊ី​លី Barbara Hernandez បាន​បង្កើត​កំណត់ត្រា​ហែល​ទឹក​ឆ្ងាយ​បំផុត​នៅ​សមុទ្រ​ទឹកកក​នៃ​ទ្វីបអង់តាកទិក​។ ​​Hernandez បាន​ហែល​ចម្ងាយ​ជាង ២.៥គីឡូម៉ែត្រ​ជាមួយនឹង​ឯកសណ្ឋាន​ហែល​ទឹក​ធម្មតា នៅក្នុង​ទឹកសមុទ្រ​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ស្ទើរ​កក​ត្រឹម ២.២​អង្សារ និង​ប្រើពេល​ដល់​ទៅ​ជាង ៤៥នាទី​ក្នុង​ទឹក​ទម្រាំ​ដល់​គោលដៅ​។ ​ជាមួយនឹង​នោះដែរការបង្កើត​កំណត់ត្រា​ថ្មី​នេះ ​នៅ​កំពុង​ស្ថិតក្រោម​ការវាយតម្លៃ​នៅឡើយ​។ ​​Barbara Hernandez ដែលមានអាជីព​ជា​គ្រូ​ចិត្តសាស្ត្រ និង​ជា​អ្នក​ហែល​ទឹក​មួយរូប​មានវ័យ ៣៧ឆ្នាំ​បាន​និយាយថា មូលហេតុ​នៃ​ការបង្កើត​កំណត់ត្រា​បែបនេះ​គឺ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន និង​អភិរក្ស​តំបន់​សមុទ្រ​នៃ​ទ្វីប​ទឹកកក​អង់តាកទិក ក៏​ដូច​ជា​សមុទ្រ​ខាងត្បូង​ទាំងមូល​។ ​​កាលពី​ឆ្នាំ២០២២ Barbara Hernandez ក៏​ធ្លាប់បាន​បំបែក​កំណត់ត្រា Guinness World Record ម្តង​ដែរ​ដោយ​ហែល​ឆ្លង​ចម្ងាយ ១គីឡូម៉ែត្រ​ប្រើពេល ១៥នាទី ៣វិនាទី​។ ​ជាមួយគ្នា​នោះដែរ​សមាគម​កីឡាហែលទឹក​ពិភពលោក​ ក៏​ធ្លាប់​ផ្តល់​កំណត់ត្រា​មួយ​ដែរ​ទៅកាន់ Hernandez ដែលមនុស្ស​ដំបូង​ដែល​ឆ្លង​កាត់ទឹក​ត្រជាក់​បែបនេះ​ចម្ងាយ ៣គីឡូម៉ែត្រ​នៅ​តំបន់​ចន្លោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគខាងត្បូង​ប្រទេស​ស៊ី​លី​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បួន​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​រួមគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030

2023/02/08 09:21:48 pm        94
​បាល់ទាត់៖ ​អា​ហ្ស​ង់​ទីន ស៊ី​លី អ៊ុយ​រូ​ហ្កា​យ និង​ប៉ា​រ៉ា​ហ្កា​យ​បានប្រកាស​ពី​ការរួបរួម​គ្នា​ ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣០​។ ​​អ៊ុយ​រូ​ហ្កា​យ​គឺជា​ម្ចាស់ផ្ទះ​ដំបូង​គេ​បង្អស់​នៃ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក​តាំងពី​ឆ្នាំ១៩៣០ ខណៈដែល​អ៊ុយ​រូ​ហ្កា​យ​ចង់យក World Cup មក​រៀបចំ​ម្តងទៀត​ដើម្បី​អបអរ​ខួប ១00ឆ្នាំគត់​។ ​​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​លោក Alejandro Dominguez បាន​និយាយថា នេះ​ជា​សុ​បិ​ន​របស់​ទ្វីបអាមេរិក​ខាងត្បូង​ទាំងមូល​។ ១០០ឆ្នាំ​ឆ្ងាយ​ពី​ផ្ទះ​ដូច្នេះ World Cup នឹង​ត្រលប់​មកវិញ​នៅ​ទឹកដី​ដែល​ព្រឹត្តិការណ៍​បាន ចាប់​ផ្តើមដំបូង​។ ​​ក្រៅពី​អ៊ុយ​រូ​ហ្កា​យ ស៊ី​លី​ក៏​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ World Cup ដែរ​កាលពី​ឆ្នាំ១៩៦២ ខណៈ​អា​ហ្ស​ង់​ទីន​ឆ្នាំ១៩៧៨​។ ​​World Cup 2022 ឆ្នាំនេះ​នឹង​រៀបចំ​នៅ​ប្រទេស​កាតា ខណៈ World Cup បន្ទាប់​ឆ្នាំ២០២៦ នឹងធ្វើ​នៅ​ទឹកដី​អាមេរិក​ខាងជើង​មាន​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ ​​យ៉ាងណាក្តី ៤ប្រទេស​នេះ​ត្រូវ​ប្រជែង​ជាមួយ​បេក្ខភាព​ផ្សេងទៀត ​រួមមានអេ​ស្ប៉ា​ញ​រួមគ្នា​ជាមួយ​ព័រទុយហ្កាល់ ខណៈ​ម៉ា​រ៉ុ​ក និង​អារ៉ាប៊ីសាអ៊ូឌីត​ក៏​កំពុង​ពិចារណា​រួមគ្នា​ដាក់​ដេញថ្លៃ​ផង​ដែរ​។​ ​​FIFA គ្រោង​នឹង​ប្រកាស​ប្រទេស​ឈ្នះ​សិទ្ធិ​រៀបចំ World Cup 2030 នៅ​ឆ្នាំ២០២៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Al Hilal ទម្លាក់​ជើងឯក​អាមេរិក​ខាងត្បូង Flamengo ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup

2023/02/08 07:04:22 pm        107
បាល់ទាត់៖ ​ក្រុមបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Al Hilal បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល ​ក្រោយ​ទំលាក់​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Flamengo ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup នៅ​ប្រទេស​ម៉ា​រ៉ុ​ក​។ ​ក្រុម​ជើងឯក​ទ្វីបអាស៊ី ៤សម័យ Al Hilal បាន​បើក​ការនាំ​មុខមុន​តាំងពី​នាទី​ទី៤ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Salem Al Dawsari មុនពេល​ដែល Flamengo តាម​ស្មើ​វិញ​នៅ​នាទី​ទី២០ ដោយ Pedro​។ ​​ហៀបនឹង​ចប់​វគ្គ​ទី១ ទៅហើយ Flamengo ក៏​បាត់បង់​កីឡាករ​ម្នាក់​គឺ​កីឡាករ​ប្រេ​ស៊ី​ល Gerson ទទួលបាន​កាត​ក្រហម​ក្រោយ​កំហុស​នៅក្នុង​តំបន់​គ្រោះ ដែល​ធ្វើឱ្យ Al Hilal រកបាន​គ្រាប់​នាំមុខ​សាជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​មួយគ្រា​ប់​ទៀត​របស់ Al Dawsari​។ ​​គ្នា​តែ​ដប់​នាក់​នៅ​វគ្គ​ទី២ Falmengo ក៏ត្រូវ​បាន Al Hilal បន្ថែម​ការនាំ​មុខ​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៧០ ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន Luciano Vietto មុនពេល​ដែល Pedro ដដែល​តាម​បាន​មួយ​គ្រាប់​វិញ​ដែរ​ឱ្យ Flamengo នាទី​ទី៩០+១ ទៅហើយ​ធ្វើឱ្យ Flamengo ក្លាយជា​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង​ទី៦ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ ២៣ឆ្នាំ FIFA Club World Cup ដែល​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក Al Hilal ក៏បាន​ក្លាយជា​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​ដំបូង​គេ​បង្អស់​ដែល​​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​នឹងត្រូវ​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Real Madrid រឺ Al Ahly ដែល​នឹង​ជួបគ្នា​យប់​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Queiroz ត្រូវ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កាតា​

2023/02/08 06:15:20 pm        73
​បាល់ទាត់៖ ​អតីត​គ្រូបង្វឹក​ព័រទុយហ្កាល់ និង Real Madrid លោក Carlos Queiroz ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កាតាជំនួស​តំណែង​លោក Felix Sanchez​។ ​​បុរស​វ័យ ៦៩ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ក្រុម​ម្ចាស់ផ្ទះ World Cup 2022 កាតា​រហូតដល់​ឆ្នាំ២០២៦ World Cup នៅ​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។​​អតីត​ជំនួយការ Sir Alex Ferguson នៅ Manchester United រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​នៅ World Cup ២០២២ កន្លងទៅ បន្ទាប់ពី​ចំណាយពេល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មួយចំនួនទៀត​រួមមាន អាហ្វ្រិក​ខាងត្បូង កូ​ឡុំ​ប៊ី និង​អេ​ស៊ី​ប​។ ​​រំលឹកថា​ កាតា​បានបង្ហាញ​ខ្លួន​លើកដំបូង​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោកក្នុងនាម​ជា​ម្ចាស់ផ្ទះ តែ​បាន​រង​បរាជ័យ​ទាំង ៣ប្រកួត​ក្រោម​ស្នាដៃអេ​ក្វា​ដ័​រ សេ​ណេ​ហ្កា​ល់ និង​ហូ​ឡង់​នៅក្នុង​ពូ​ល​ក្រោម​ការដឹកនាំ​របស់លោក Felix Sanchez៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ពិភពលោក ៧កម្មវិធី​ឆ្លងកាត់ ៧ប្រទេស​រយៈពេល ៧ថ្ងៃ​បញ្ចប់​នៅ​ទីក្រុង Miami

2023/02/08 05:40:38 pm        62
​ម៉ា​រ៉ា​តុង​៖ ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ពិភពលោក World Marathon Challenge បាន​បិទ​បញ្ចប់​ហើយ​នៅ​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។ ​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ជុំវិញ​ពិភពលោក ក្នុងការ​ប៉ុនប៉ង​រត់​ម៉ា​រ៉ា​តុង ៧កម្មវិធី​ឆ្លងកាត់ ៧ប្រទេស​រយៈពេល​ត្រឹម ៧ថ្ងៃ​។ ​​ឆ្នាំនេះ​ការប្រកួត​បានចេញ​ដំណើ​រ​ពី Novo តំបន់​ទឹកកក​អង់តាកទិក​កាលពី​ថ្ងៃទី៣១ ខែមករា បន្តទៅ​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង Perth ប្រទេស​អូស្ត្រាលី Dubai អារ៉ាប់​រួម Madrid អេ​ស្ប៉ា​ញ Fortaleza ប្រទេស​ប្រេ​ស៊ី​ល និង​ចុងក្រោយ Miami សហរដ្ឋអាមេរិក​។ ​ការកំណត់​ជើងឯក World Marathon Challenge នេះ​គឺ​សម្រេច​ទៅលើ​កីឡាករ​ដែលមាន​ថេរវេលា​ជា​មធ្យម​ល្អ​បំផុត ​បូក​បញ្ចូល​គ្នា​ពី​ម៉ា​រ៉ា​តុង​ទាំង ៧ប្រទេស​នេះ​។ ​​អ្នកឈ្នះ​បាន​ទៅ​អត្ត​ព​លិ​ក​អាមេរិក David Kilgore ប្រើពេល​ថេរវេលា​មធ្យម ២ម៉ោង ៥៦នាទី ទោះបីជា​ម៉ា​រ៉ា​តុង​ដំបូង​នៅ​អង់តាកទិក​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នោះ​ប្រើពេល​ជាង ៣ម៉ោង​ក៏ដោយ​។ ​ចំណែក​ជើងឯក​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី​អាមេរិក​ដូចគ្នា Deidre Keane ខណៈ​ក៏មាន​វត្តមាន​អ្នករត់​ម៉ា​រ៉ា​រុង​ជើងចាស់​វ័យ​ដល់​ទៅ ៨០ឆ្នាំ Dan Little ក៏បាន​វិល​មក​ចូលរួម​វិញ​ដែរ​ក្រោយ​អវត្តមាន ៤ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Christian Atsu ដែល​បាត់​ខ្លួន​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួរគី​នោះ​ត្រូវ​រកឃើញ​នៅ​រស់រាន​មានជីវិត​នៅ​ឡើយ

2023/02/08 05:13:44 pm        81
​បាល់ទាត់៖ ​តារាបាល់ទាត់​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ Newcastle United, Christian Atsu ត្រូវបាន​គេ​រកឃើញថា​នៅ​រស់រានមានជីវិត​នៅឡើយ បន្ទាប់ពី​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិចទ័រ​នៅ​ប្រទេស​ទួរគី​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​ដែល​ប្រកប​អាជីព​នៅ​ក្លិប​ទួរគី Hatayspor ត្រូវបាន​គេ​រកឃើញ​នៅ​ក្រោម​គំនរ​ថ្ម​ និង​មាន​របួស ​តែ​សំណាង​ដែល​មិន​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ជាង ៥០០០​នាក់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ​។ ​​Atsu បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទួរគី​ឱ្យ​ក្រុម Hatayspor កាលពី​យប់​ថ្ងៃអាទិត្យ​យកឈ្នះ​លើ Kasimpasa ១-០ តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន ​បន្ទាប់ពី​ហេតុ​ការណ៍រញ្ជួយ​ដី​កំរិត ៧.៨រ៉ិចទ័រ ដែល​បាន​លេប​ត្របាក់​អគារ​ស្នាក់​មួយចំនួនធំ​នៅ​ព្រំដែន​ទួរគី និង​ប្រទេស​ស៊ី​រី​។​ ​​ប្រធាន​ក្លិប Hatayspor លោក Mustafa Ozat បាន​ប្រាប់​ទូរទស្សន៍​ទួរគី​ថា Christian Atsu ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ទាំងអស់នោះ ខណៈ​កីឡាករ រួមជាមួយ​មន្ត្រី​ក្លិប​មួយចំនួន​ត្រូវបាន​ជួយសង្គ្រោះ​។ ​​រំលឹកថា Christian Atsu បច្ចុប្បន្ន​វ័យ ៣១ឆ្នាំ​ធ្លាប់​ចំណាយពេល​លេង​នៅ Premier League ជាមួយ Newcastle និង Everton ហើយក៏​ធ្លាប់​ផ្លាស់​ទៅ Chelsea ក្នុង​កិច្ចសន្យាខ្ចី មុន​ផ្លាស់​ទៅកាន់ Hatayspor កាលពី​ខែកញ្ញា​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អគ្គនាយកដ្ឋាន​កីឡា​ជំរុញ​មន្ដ្រី​អង្គភាព​ពាក់ព័ន្ធត្រូវ​ចេះ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រតិបត្តិ​ការងារ​

2023/02/08 04:49:30 pm        191
​ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ឲ្យ​មន្ដ្រី​អង្គភាព​ពាក់ព័ន្ធត្រូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រតិបត្តិ​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់ពេលវេលា។​ ​ការលើកឡើង​នេះ បន្ទាប់ពី​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡានៃ​អគ្គនាយកដ្ឋាន​កីឡា បាន​បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា​កម្រិត​២ សម្រាប់​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡាកាលពីដើម​សប្ដាហ៍​កន្លងទៅ នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ មានប្រសាសន៍ថា ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡាគឺជា​ការអភិវឌ្ឍ​ការងារ​អប់រំ​កាយ និង​កីឡា ឲ្យ​ទៅជា​ចំណុច​ស្នូលនៃ​ការកែទម្រង់ និង​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ និង​បច្ចេកទេស​អប់រំ​កាយ និង​កីឡារបស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​សិទ្ធិ​ផល​ខ្ពស់​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ចជាតិ​ផងដែរ។​ ​តាមរយៈ​នេះ ឯកឧត្តមបាន​កោតសរសើរ​ដល់​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ដែល​បាន​មើលឃើញ​គុណ​តម្លៃនៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ សម្រាប់​ប្រតិបត្តិការ​ការងារ និង​បានរៀបចំ​វគ្គ​នេះ​បន្ថែម​ជា​លើក​ទី​២ ដើម្បី​ដុសខាត់​ចំណេះ​ជំនាញ​បច្ចេកវិទ្យា​បន្ថែមទៀត​ ដល់​មន្ត្រី​តាម​អង្គភាព​ទាំងអស់នៃ​អគ្គនាយកដ្ឋាន​កីឡា​។ ដោយ​ហេតុនេះ ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់ត្រូវ​ត្រង់ត្រាប់ និង​កត់ត្រា​នៅ​ចំណុច​ល្អ​ដែល​គ្រូ​ឧ​ទេ្ទ​ស​ពន្យល់ និង​ណែនាំ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ខ្លួនឯង ​និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​តាម​អង្គភាព​របស់ខ្លួន។​ ​លោក អ៊ឹង វីរៈ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡាបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះគ្រោង​រៀបចំ ៥​ថ្ងៃដោយមាន​សិក្ខាកាម​ចូលរួម​ មកពី​អង្គភាព​ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា ក្នុង​គោលបំណង​បង្កើន​ការស្វែងយល់​ពី​បរិបទ​ការងារ​ថ្មី​ក្នុងសម័យ បច្ចេកវិទ្យា​ទំនើប ដូចជា​ការប្រើប្រាស់​កម្ម​វិធី​ទំនាក់ទំនង និង​ការគ្រប់គ្រង​ការងារ​ដោយ​សិក្សា​លើ​ការរៀបចំ និង​ចូល​កិច្ចប្រជុំ​អន​ឡាញ​ការ ស្វែងយល់​ពី​កម្រិត​មូលដ្ឋាន​នៃ​សុវត្ថិភាព​ទិន្នន័យ ការប្រើប្រាស់​បច្ចេកវិទ្យាដើម្បី​គ្រប់គ្រង​ទិន្នន័យ ការប្រើប្រាស់​ Excel ​និង​ google Sheet ​ក្នុង​វិស័យ​ស្ថិតិ ស្វែងយល់​ពិធី​ចរចា និង​សម្របសម្រួល ការកំណត់​ប្រភេទ​ទិន្នន័យ​សម្រិតសម្រាំង​ទិន្នន័យ និង​ចងក្រង​ទិន្នន័យ ​និង​ការសរសេរ​កម្រង​សំណួរ​សម្រាប់​ចុះ​ស្រង់​ស្ថិតិ ព្រមទាំង​ការវិភាគ និង​ពន្យល់​លទ្ធផល​ស្ថិតិ​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

សារព័ត៌មាន​ត្រូវ​បាន​ចាត់ទុកជា​កញ្ចក់​ឆ្លុះបញ្ចាំង​កម្ពុជា​បច្ចុប្បន្ន កំឡុង​ស៊ី​ហ្គេម២០២៣

2023/02/08 04:40:13 pm        91
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC/CAMAPGOC) ​បានចាត់ទុក​វិស័យ​សារព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​កម្ពុជា​បច្ចុប្បន្នទៅកាន់​ពិភពលោក ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ព័ត៌មាន និង​ផ្សព្វផ្សាយនៅ​ដើម​សប្ដាហ៍​នេះ ឯកឧត្តម​បានលើកឡើង​ថា បច្ចុប្បន្ន​ពិភពលោកកំពុង​ផ្ដោត​ចក្ខុ​មក​កម្ពុជា តាមរយៈ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បន្ទាប់ពី​កម្ពុជារង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ ក្នុងនោះ​ក៏​ដោយសារ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​របស់​សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ។ ហេតុនេះ កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការរៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផង និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជាក្រោម​ម្លប់​សន្ដិភាព​ផង។​ ​​យ៉ាងណាក្ដី មុន​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​មកដល់ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​គ្រោង​នឹង​កោះប្រជុំ​ជាមួយ​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ពិសេស​គ្រប់​ទូរទស្សន៍​ក្នុងស្រុកដើម្បី​ពិភាក្សា និង​ស្វែងយល់​ពី​លទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ។ លើសពីនេះ​ CAMSOC ​ក៏​គ្រោង​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​វិជ្ជាជីវ​សារព័ត៌មាន​កីឡា និង​ការ​ផ្ដិត​យក​រូបភាព​កីឡា ដែល​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​មានគុណ​ភាពប្រសើ​រ ស្របតាម​និយាម​កីឡា​អន្ដរជាតិ​ទៀតផង។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០៨ ខែកុម្ភៈ​នេះ កម្ពុជា​នៅសល់ ៨៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ចំពោះ​ការចុះឈ្មោះ​សារព័ត៌មាន​ជាតិ​-​អន្ដរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះគ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែមីនា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Leeds បញ្ចប់​តំណែង​លោក Jesse Marsch ក្រោយ​ក្លិប​ធ្លាក់​ដល់​លេខ ១៧ ក្នុង​លី​គ​

2023/02/07 10:04:17 pm        128
​បាល់ទាត់៖ ​ក្លិប​ Leeds United បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ​លោក Jesse Marsch ហើយ​ក្រោយ​ដឹកនាំ​បាន​មួយឆ្នាំ​។ ​Leeds United ចាញ់ Nottingham Forest ចុងក្រោយ​បំផុត ១-០ កាល​ពី​ថ្ងៃអាទិត្យ ដែលជា​ប្រកួត​ទី៧ នៅ Premier League មិនដែល​ឈ្នះ​ ពោលគឺ​ឈ្នះ​ចុងក្រោយ​បំផុត​តាំងពី​ថ្ងៃទី៥ ខែវិច្ឆិកា​។​​​បច្ចុប្បន្ន Leeds ធ្លាក់​មកដល់​លេខ ១៧ ក្នុង​តារាង​នៅ​ឈរ​ពីលើ​តំបន់​គ្រោះថ្នាក់​ ដោយសារ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ​។​ ​គិត​ជារួម​ក្នុង​រដូវ​កាល​នេះ Leeds ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ២០ប្រកួត​នៅ Premier League ក្រៅពីនោះ​ស្មើ ៦ ចាញ់ ១០​។​ ​រំលឹកថា ​អ្នកចាត់ការ​សញ្ជាតិ​អាមេរិក Jesse Marsch បាន​ចូលមក​កាន់តំណែង​ជំនួស​លោក Marcelo Bielsa កាលពី​ខែកុម្ភៈ​ឆ្នាំមុន​នៅពេល Leeds ឈរ​លេខ ១៦ ក្នុង​តារាង និង​ជួយសង្គ្រោះ Leeds ពី​ការ​កាត់ចោល​រដូវ​កាល​មុន​ក្រោយ​ឈ្នះ Brentford សប្តាហ៍​ចុងក្រោយ​។​​​ក្រៅពី​ការដកតំណែង​លោក Jesse Marsch នោះ Leeds ក៏បាន​បញ្ចប់​តំណែង​គ្រូបង្វឹក Rene Maric រួម​ជាមួយ​នឹង​ជំនួយការ​ពីរ​នាក់​ទៀត​​។​ ​Leeds នឹងត្រូវ​ទៅ​ទឹកដី Manchester United យប់​ថ្ងៃ​ពុធ​នេះ និង​ជួប Manchester United ម្តងទៀត​នៅ​ថ្ងៃអាទិត្យ​ក្នុង​ទឹកដី​របស់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM