Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អភិបាលខេត្តកោះកុង បំផុសស្មារតីដល់មន្រ្តីរាជការ និងកីឡាករ ផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ

2023/01/25 02:51:50 pm        375
កោះកុង៖ លោកជំទាវអភិបាលខេត្តកោះកុង បានបំផុសស្មារតីដល់មន្រ្តីរាជការ និងកីឡាករ​ក្នុងខេត្តទាំងអស់​ត្រូវផ្សព្វផ្សាយចែករំលែកព័ត៌មានឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញសង្គមពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ខែឧសភាខាងមុខ។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តធ្វើឡើងនៅពិធីបិទវគ្គការប្រកួតបាល់ទាត់​ដណ្ដើមពាន​រង្វាន់ប្រចាំឆ្នាំ និងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយជំរុញឱ្យមានការផ្សព្វផ្សាយពីកីឡាស៊ីហ្គេមកាន់តែខ្លាំងក្លា។លោកជំទាវ មិថុនា ភូថង បានគូសបញ្ជាក់ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា យុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​គឺផ្តើមចាប់ថ្ងៃទី២៥ ខែមករា នេះតទៅហើយ ដើម្បីគាំទ្រវិស័យកីឡាជាតិក្រោម​ពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»។ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងខេត្តកោះកុង ឱ្យកាន់តែរីកចំរើនបន្ថែម លោកជំទាវអភិបាលខេត្ត ក៏ស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធាន​គណៈកម្មការក្លិបកីឡាបាល់ទាត់ អាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ត្រូវយកចិត្តទុកលើការហ្វឹកហាត់ ថែបំប៉ន កីឡាករ និងសូមលើកទឹកចិត្តដល់កីឡាករទាំងអស់។ ត្រូវរៀបចំឲ្យមានការប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងបំផុសសកម្មភាព​អប់រំកាយ និងកីឡាដល់សិស្សានុសិស្ស ឲ្យចូលរួមហាត់ប្រាណថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឱ្យប្រកបដោយសីលធ៌ម ចៀសឆ្ងាញពីកាំរប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។ទាក់ទិននឹងការជំរុញបំផុសស្មារតីរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ត្រូវបានក្រុម​កីឡាករ អះអាងថា ពួកគេនឹងចូលរួមផ្សព្វផ្សាយសារសំខាន់ពីការរាប់​ថយក្រោយដំណើរ​ការឆ្ពោះ​ទៅកាន់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ លើកទី៣២ ឱ្យកាន់តែទូលំទូលាយ ដើម្បីសាធារណជនបានដឹង និងជ្រាបជាព័ត៌មានគ្រប់មជ្ឈដ្ឋាន។គួរជម្រាបថា វិស័យកីឡា ក៏ជាវិស័យស្នូលសំខាន់មួយដែលរាជរដ្ឋាភិបាលបានខិតខំ​យកចិត្ត​ទុកដាក់​លើកកម្ពស់ និងបានចាត់ទុកវិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង​ទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ព្រមទាំងបានរួមចំណែកដល់​ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ៕(អត្ថបទ៖ ឈឹម មករា)

Everton សម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Frank Lampard ក្រោយ​ក្លិប​ធ្លាក់​ដល់​តំបន់​គ្រោះថ្នាក់​

2023/01/24 10:26:41 pm        81
​បាល់ទាត់៖ ​ក្លិប​ Everton បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Frank Lampard ហើយ​ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​មួយឆ្នាំ​ស្រួលបួល​ផង​នៅ Goodison Park​។ ​​បរាជ័យ​ក្រោម​ស្នាដៃ West Ham កាលពី​ថ្ងៃ​សៅរ៍​គឺជា​បរាជ័យ​ទី៩ ក្នុង ១២ប្រកួត​ចុងក្រោយ​នៅ Premier League​។ ​បច្ចុប្បន្ន​ឈរ​លេខ ១៩ មាន ១៥ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​បាត​តារាង Southampton បន្ទាប់ពី​ការប្រកួត​ចំនួន ២០ប្រកួត​រដូវ​កាល​នេះ​។ ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ ៤៤ឆ្នាំ​រូបនេះបានមក​ជំនួស​តំណែង​លោក Rafael Benitez កាលពី​ខែមករា​ ឆ្នាំ២០២២ នៅពេលដែល Everton ឈរ​លេខ ១៦ នៅពេលនោះ និង​ជួយ Everton រួច​ផុតពី​ការ​កាត់​ចោល​។ ​​ក្រោម​ការដឹកនាំ​របស់ Frank Lampard នៅ Everton សរុប​ចំនួន ៣៨ប្រកួត​រួមមាន​ឈ្នះ ៩ ស្មើ ៨ ចាញ់ ២១ ដែលជា​ស្ថិតិ​ជា​មធ្យម​ដ៏​អាក្រក់​មួយ​បើ​ប្រៀបធៀប​នឹង​អ្នកចាត់ការ​មុនៗ​។ ​Everton នៅពេលនេះ​កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី​ជា​ចាំបាច់ ហើយ​មនុស្ស​ ៣នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ក្លាយជា​អ្នកចាត់ការ​បន្ត​ពី Lampard រួមមាន Wayne Rooney, Marcelo Bielsa និង Sean Dyche៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Ronald Koeman ត្រូវ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ផ្លូវការ

2023/01/24 09:51:54 pm        89
​បាល់ទាត់៖ ​លោក Ronald Koeman បាន​វិល​ត្រលប់​មកកាន់​ការងារ​ជា​គ្រូបង្វឹក​វិញ​ ក្រោយ​ត្រូវ​ប្រកាស​តែងតាំង​ជា​ផ្លូវ​ការដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់​បន្ត​តំណែង​ពី​លោក Louis van Gaal​។ ​​លោក Ronald Koeman ដែល​ត្រូវបាន​ប្រកាសថា​នឹង​បន្ត​តំណែង​លោក Van Gaal តាំងពី​ឆ្នាំមុន​នោះបាន​និយាយ​ថា ​លោក​នឹង​រៀបចំ​ប្រព័ន្ធ​ការពារ ៤​នាក់​វិញ​ជំនួស​ពី​ការប្រើប្រាស់​ខ្សែ​ការពារ​ត្រឹម ៣​នាក់​ក្រោម​ការដឹកនាំ​របស់លោក Louis van Gaal រយៈពេល ១៨​ខែ​កន្លងមក​។ ​​នេះ​ជា​ប្រព័ន្ធ​ដែល​លោក Koeman រៀបចំ​អំឡុងពេល​ដឹកនាំ​ក្រុម​ហូ​ឡង់​ដំបូង​ពី​ឆ្នាំ២០១៨ ដល់ ២០២០ មុនពេល​លោក​ចាក​ចេញទៅ​ដឹកនាំ Barcelona​។​ ​​ហូ​ឡង់​បាន​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​ឆ្នាំមុន​ដោយ​ចាញ់​ក្រុម​ជើងឯក​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ការងារ​របស់លោក Koeman គឺ​ដឹកនាំ​ក្រុម​ហូ​ឡង់​ប្រកួត​ជម្រុះ​បាល់ទាត់​អឺរ៉ុប​ទល់នឹង​ក្រុម​បារាំង​នៅ​ថ្ងៃទី២៤ ខែមីនា​ខាងមុខ ហើយ​ហូ​ឡង់​ក៏​នឹងត្រូវ​ប្រជែង​ពាន UEFA Nations League ផងដែរ​ដោយ​ស្ថិតក្នុង​ពូ​ល​ជាមួយក្រូ​អាស៊ី អ៊ីតាលី និង​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Magda Linette ទម្លាក់ Caroline Garcia ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើកដំបូង​ក្នុង​អាជីព

2023/01/24 09:25:40 pm        76
​​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ប៉ូឡូញ Magda Linette បាន​ឈានឡើង​វគ្គ ៨នាក់​ចុង​ក្រោយ Grand Slam លើកដំបូង​ក្នុង​វ័យ ៣០ឆ្នាំក្រោយ​ជ័យជំនះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​លើ​កីឡាការិនី​លំដាប់​លេខ៤ Caroline Garcia នៅ Australian Open​។ ​​បច្ចុប្បន្ន​ឈរ​លេខ ៤៥ ពិភពលោក Magda Linette បាន​យកឈ្នះ​កីឡាការិនី​បារាំង Caroline Garcia ដោយ​លទ្ធផល ៧-៦(៧-៣) និង ៦-៤​។ ​Magda Linette បាន​និយាយថា នាង​មិន​ជឿ​ខ្លួន​ឯ​ឡើយ​នូវ​អ្វីដែល​បានកើត​ឡើង​នៅពេលនេះ​។ ​កីឡាការិនី​វ័យ ៣០ឆ្នាំ​ដែលមាន​កំណត់ត្រា​ផ្ទាល់ខ្លួន​ឡើង​បាន​ត្រឹម​ជុំ​ទី៣ Grand Slam នោះនឹង​បន្តដំណើរ​ប្រកួត ​ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី Karolina Pliskova​។ ​កីឡាការិនី​ឆេ​ក Karolina Pliskova បាន​យកឈ្នះ​កីឡាការិនី​ចិន Zhang Shuai ដោយ​លទ្ធផល ៦-០ និង ៦-៤ ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើក​ទី ១១ ក្នុង​អាជីព និង​ជា​លើក​ទី៤ នៅ Australian Open​។ ​​ចំណែក​លទ្ធផល​ផ្សេងទៀត កីឡាការិនី​ក្រូ​អាស៊ី Donna Vekic បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​វ័យក្មេង​ឆែក Linda Fruhvirtova ដោយ​លទ្ធផល ៦-២ ១-៦ និង ៦-៣​។ ​ក្នុង​វ័យ ១៧ឆ្នាំ ២៧៣ថ្ងៃ Linda Fruhvirtova ចង់​ក្លាយជា​កីឡាការិនី​វ័យក្មេង​បំផុត​ដែល​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Australian Open ក្នុង​រយៈពេល ២៥ឆ្នាំបន្ទាប់ពី Martina Hingis វ័យ ១៧ឆ្នាំ ១២៤ថ្ងៃ និង Venus Williams ១៧ឆ្នាំ ២២៩ថ្ងៃដោយ​អ្នក​ទាំងពីរ​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ១៩៩៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ដោយ​ទម្លាក់​កីឡាករ​ម្ចាស់ផ្ទះ Alex de Minaur

2023/01/24 07:12:27 pm        64
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic មិន​ធ្វើការ​ធ្ងន់​ឡើយ​ដើម្បី​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយដោយបាន​យកឈ្នះ​កីឡាករ​ក្តីសង្ឃឹម​របស់​ម្ចាស់ផ្ទះ​អូស្ត្រាលី Alex de Minaur នៅ Grand Slam, Australian Open​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​ដែល​នៅតែមាន​បញ្ហា​របួស​ភ្លៅ​របស់ខ្លួន​នៅឡើយ មិនបាន​បង្ហាញ​ពី​ការរំខាន​ដោយសារ​របួសអ្វី​ឡើយ ផ្ទុយទៅវិញ​បែ​ជា​យកឈ្នះ Alex de Minaur មិន​លំបាក ៣សិត​ផ្ទួនៗ ៦-២ ៦-១ និង ៦-២​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​នឹង​បន្តដំណើរ​ស្វែង​រកពាន Australian Open ជា​កំណត់ត្រា ១០លើក​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Ruben Rublev នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​​Ruben Rublev បន្ត​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​បន្ទាប់ពី​សង្គ្រោះ​ពិន្ទុ Match Point ពីរលើក​របស់​កីឡាករ​ដា​ណឹ​ម៉ាក Holger Rune ពី​ការ​នាំមុខ ៥-០ នៅ​សិត​កាត់សេចក្តី​រហូត​យកឈ្នះ​វិញ ៧-៦(១១-៩) មិនគួរ​ឱ្យ​ជឿ​។ ​​បន្ទាប់ពី​បានដឹងថា ត្រូវ​ជួប​ជាមួយ Djokovic នៅ​វគ្គ ៨នាក់​ចុងក្រោយ Rublev និយាយថា គ្មាន​នរណា​ចង់​ជួប Djokovic ឡើយ​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត កីឡាករ​អាមេរិក Ben Shelton បន្ត​ក្តី​ស្រមៃ​របស់ខ្លួន​ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ JJ Wolf ដោយ​លទ្ធផល​តានតឹង ៥សិត ៦-៧(៥-៧) ៦-២ ៦-៧(៤-៧) ៧-៦(៧-៤) និង ៦-២​។ ​​កីឡាករ​វ័យ ២០ឆ្នាំ Ben Shelton ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់ Bryan Shenton ទើបតែ​បង្ហាញខ្លួន​លើក​ទី២ ប៉ុណ្ណោះ​នៅក្នុង​ព្រឹត្តិការណ៍ Grand Slam​។ ​​កីឡាករ​ជំនាញ​ដៃ​ឆ្វេង​រូបនេះ​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៥៦៩ កាលពី​ឆ្នាំមុន តែ​នៅពេលនេះ​ឈរ​លេខ ៨៩​។ ​​ជុំ​បន្ត Ben Shelton នឹងត្រូវ​ជួប​ជាមួយ​មិត្ត​រួម​ជាតិ​អាមេរិក​ម្នាក់ទៀត​គឺ Tommy Paul ដែល​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista Agut ៦-២ ៤-៦ ៦-២ និង ៧-៥៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Aston Villa ទិញ​បាន​ខ្សែប្រយុទ្ធ​ក្លិប​អាមេរិក Chicago Fire, Jhon Duran តម្លៃ ១៨លាន​ផោន

2023/01/24 06:44:52 pm        80
​បាល់ទាត់៖ ​ក្លិប​ Aston Villa បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Jhon Duran ពី​ក្លិប​អាមេរិក Chicago Fire ក្នុងតម្លៃ​ផ្ទេរ ១៨លាន​ផោន​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់ខ្លួន​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់ និង​ប៉ះ​បញ្ជូន ៦លើក​ក្នុងការ​បង្ហាញខ្លួន ២៨ប្រកួត​ឱ្យ Chicago Fire នៅ​ក្របខណ្ឌ​អាមេរិក Major League Soccer​។ ​​Aston Villa នឹងត្រូវ​ចំណាយ​នៅលើ​ការផ្ទេរ​នេះ ១៤.៧៥លាន​ផោន និង​ប្រាក់​បន្ថែម​ផ្សេងៗ ៣.៣លាន​ផោន​។ ​​Jhon Duran ដែល​ធ្លាប់​បង្ហាញខ្លួន ៣លើក​ឱ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​នោះ បាន​ក្លាយជា​កីឡា​ករទី២ ដែល​មកកាន់ Aston Villa ក្រោម​ការដឹកនាំ​របស់​លោក Unai Emery បន្ទាប់ពី​ការមកដល់​របស់ Alex Moreno តម្លៃ ១៣.២លាន​ផោន​ពី Real Betis កាលពីដើម​ខែមករា​នេះ​។ ​​Jhon Duran នឹងត្រូវ​ប្រជែង​តំណែង​ប្រយុទ្ធ​ជាមួយ Ollie Watkins បន្ទាប់ពី​ការចាកចេញ​របស់ Danny Ings ដែល​ផ្លាស់​ទៅកាន់ West Ham​។ ​​Aston Villa បច្ចុប្បន្ន​ឈរ​លេខ ១១ នៅ English Premier League បន្ទាប់ពី​ឈ្នះ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ ​​ជាមួយគ្នា​នោះដែរ​ក្រុម​ការពារ​ជើងឯក Manchester City ក៏បាន​នាំយក​កីឡាករ​ចំនូល​ថ្មី​មួយរូប​ដែរ​គឺ​ខ្សែបម្រើ Maximo Parrone ផ្លាស់​ពី​ក្លិប​អា​ហ្ស​ង់​ទីន Velez Sarsfield តម្លៃ ៩លាន​ផោន​កិច្ចសន្យា ៥ឆ្នាំកន្លះ​។ ​​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣លើក​ឱ្យ Velez Sarsfield តាំងពី​ការបង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ២០២០​។ ​​ចំណែកឯ​ក្រុម​កាំភ្លើង​ធំ Arsenal ក៏បាន​សំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ប៉ូឡូញ Jakub Kiwior ផងដែរ​ពី​ក្លិប​អ៊ីតាលី Spezia ក្នុងតម្លៃ ១៧.៦លាន​ផោន​។ ​​កីឡាករ​វ័យ ២២ឆ្នាំនេះ​គឺជា​គោលដៅ​របស់លោក Mikel Arteta តាំងពី​ដើមរដូវ​កាល​ ដើម្បី​ចែករំលែក​តំណែង​ការពារ​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល Gabriel ដែល​លេង​ពេញ ៩០នាទី​រាល់​ប្រកួត​គ្មាន​ពេល​សម្រាក​៕អត្ថបទ​៖​នាង សុភា​វុ​ធ

Mbappe ស៊ុត​បញ្ចូល​ទី ៥គ្រាប់​ក្នុង​ជ័យជំនះ ៧-០ របស់ PSG ឡើង​វគ្គ ១៦ក្រុម French Cup

2023/01/24 06:25:38 pm        214
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​ស៊ុត​បញ្ចូល​ទី​ម្នាក់ឯង ៥គ្រាប់​ក្នុង​ជ័យជំនះ​របស់ Paris Saint Germain ៧-០ នៅ​ទឹកដី​ក្រុម​មកពី​លី​គ​ទី ៦ បារាំង Pays de Cassel ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ French Cup រឺ Coupe de France​។ ​​Pays de Cassel បានឈ្នះ​ការប្រកួត​ចំនួន ៣ប្រកួត​រួចមកហើយ​ទំរាំ​ឡើងមក​ដល់​វគ្គ ៣២ក្រុម​ចុង​ក្រោយនេះ ហើយក៏​បាន​ទប់​ស្មើ​ទល់នឹង PSG ទៀត​បាន ២៩នាទី មុនពេល​ដែល Kylian Mbappe ចាប់ផ្តើម​រក​គ្រាប់​បាល់​របស់ខ្លួន​ជា​បន្តបន្ទាប់​នៅ​នាទី​ទី២៩ និង Neymar នាទី​ទី៣៤​។ ​​បួន​គ្រាប់​ទៀត​របស់ Mbappe ធ្វើបាន​នៅ​នាទី​ទី៣៤ ៤០ ៥៦ និង ៧៩ ខណៈ​មួយ​គ្រាប់​ទៀត​ធ្វើបាន​ដោយ Carlos Soler​។ ​​Kylian Mbappe នៅពេលនេះ​ស៊ុត​បញ្ចូល​ទី​បាន ២៣គ្រាប់​ហើយ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​។ ​​នេះ​ជា​លើកដំបូង​ផងដែរ​សម្រាប់ Mbappe ដែល​ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ក្នុង​មួយ​ប្រកួត​ឱ្យ PSG​។ ​​Lionel Messi មិនបាន​ចូល​លេង​ទេ​ក្នុង​ការប្រកួត​នេះ ​ខណៈ Mbappe និង Neymar លេង​ពេញ ៩០នាទី ​ស្រប​ពេលដែល PSG កំពុង​ស្វែង​រកពាន Coupe de France លើក​ទី១៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ Soccer League ឈានដល់​វគ្គ ​១៦​ក្រុម​ចុងក្រោយ​ស្អែក​នេះ

2023/01/24 05:54:39 pm        117
បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Soccer League ២០២៣ ឈានដល់​ការប្រកួត​ចាញ់​ធ្លាក់​ហើយ ដោយ​វគ្គ​ ១៦​ក្រុម​ចុងក្រោយត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២៥ ខែមករានេះ​។ ក្នុងនោះ ស៊ី​យ៉ា​ប្រេនប្រកួត​ជាមួយ​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា, ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិប្រកួត​ជាមួយ ស ស យ ក ខេត្តកោះកុង, ស ស យ ក ខណ្ឌ​ពោធិ​សែន​ជ័យប្រកួត​ជាមួយ​ក្លិប​យុវជន​ស្រឡាញ់​សន្តិភាព និង Avatar FC ប្រកួត​ជាមួយ Khmer United FC​។​ ​ចំនែក​ថ្ងៃទី​២៦ ខែមករា ក្រុម​ ស ស យ ក ខេត្តបាត់ដំបងប្រកួត​ជាមួយពិស្ណុការ​ពិសិដ្ឋ​សុវណ្ណ​ភូមិ, Royal Mayura Resort ប្រកួត​ជាមួយ TRY ALL FC, ស ស យ ក ខេត្តកណ្តាលប្រកួត​ជាមួយ ស ស យ ក ខេត្តស្វាយរៀង និងស៊ីសូផុន អេ​ហ្វ​ស៊ី ប្រកួត​ជាមួយ Zaitun FC។ វគ្គ ​៨​ក្រុម​ចុងក្រោយ​នឹង​ប្រកួត​នៅ​ថ្ងៃទី​៣០ និង​៣១ ខែមករា, វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លេង​នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែកុម្ភៈ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​លេង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ខាង​មុននេះ​។​ ​ចំនែក​បាល់ទាត់​នារីក៏​រកឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្ងៃទី​២៨ និង​២៩ ​ខែមករា ក្រុម ស ស​ យ ក ស្អាង​យើង​ស្អាត ប្រកួត​ជាមួយសុ​ភី​ណា អេ​ហ្វ​ស៊ី និង​ភ្នំពេញ​ក្រោ​នប្រកួត​ជាមួយ ស ស ​យ ក ខេត្តព្រៃវែង​។ វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារី​លេង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​៕​អត្ថបទ៖ គង់ ហួន

មន្ដ្រី​សហព័ន្ធ​កា​រ៉ា​តេ​ប្រាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​ខ្លួន​ត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ច​

2023/01/24 05:44:38 pm        67
​កា​រ៉ា​តេ៖ ឯកឧត្តម ណុប វណ្ណ​ថា​រ៉ូ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ប្រាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​របស់ខ្លួនត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ចក្នុងការ​កាត់សេចក្ដី ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន។​ ​ការ​ក្រើន​រំ​លឹក​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាលអាជ្ញាកណ្តាល​-​ចៅក្រម កីឡា​កា​រ៉ា​តេ​ថ្នាក់ជាតិ កម្រិត​ B ​និង​ទិន្នន័យ​កីឡាឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​ដំណើរ​ការសិក្សា ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​រយៈពេល ៥​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​អគ្គលេខាធិការរង​សហព័ន្ធ​រូបនេះ​បន្ដថា ធ្វើជា​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវមាន​សុភ​វិនិច្ឆ័យ​លើ​ខ្លួនឯង ផ្តល់នូវ​ភាពយុត្តិធម៌ មិន​ត្រូវមាន​សម្ពាធ​ឡើយ ព្រោះ​កាលណា​បើ​មាន​សម្ពាធ​ពី​ខាងក្រៅគឺ​មិនអាច​ធ្វើជា​អាជ្ញាកណ្តាល-ចៅក្រមបានទេ។​ ​តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​វិជ្ជាជីវៈ​អាជ្ញាកណ្ដាល​-​ចៅក្រម ដោយ​ប្រកាន់​ភ្ជាប់​នូវ​សច្ចៈ យុត្តិធម៌ ក្នុងការ​វិនិច្ឆ័យ​នៅពេល​ប្រកួត ដើម្បី​រក្សា​នូវ​គុណ​តម្លៃ​វិជ្ជាជីវៈ​របស់ខ្លួន ចៀសវាង​ការ​កាត់សេចក្ដី​លម្អៀងដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​រប​ស់​កីឡាករ​-​កីឡាការិនី។​ ​ជាមួយគ្នា​ដែរលោក ទុយ វិច្ឆិកា ប្រធានការិយាល័យ​កីឡា​ទំនើប​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​កោតសរសើរ​ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ស្របតាម​គោលការណ៍ និង​កំណែទម្រង់​របស់​ក្រសួង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផលិត​បាន​នូវ​ធនធាន​មន្ដ្រី​បច្ចេកទេស​កម្រិត​ខ្ពស់​ ត្រៀម​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​ការ៉េ​តេ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

នាយ​បេសកកម្ម​អាស៊ាន​មកដល់​កម្ពុជា​បណ្ដើរៗ​ត្រៀម​ប្រជុំ​ CDM ​មុន​ពិធី​រាប់ ១០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម២០២៣

2023/01/24 05:12:09 pm        637
​ស៊ីហ្គេម៖ នាយ​បេសកកម្មនៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​ជា​បណ្ដើរៗ​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម ​(CDM) ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមករា​ខាងមុខ ស្របពេល​កម្ពុជាត្រៀម​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នា​ថ្ងៃទី​២៥ ខែមករា​ស្អែក​នេះ។​ ​កិច្ចប្រជុំ​ CDM ​គឺជា​កិច្ចប្រជុំ​ដ៏​សំខាន់​ចុងក្រោយ រវាង​នាយ​បេសកកម្ម​បណ្ដា​ប្រទេស​សមាជិក​ទាំង​អស់ ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះក្នុង​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម គ្រា​ដែល​កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់ក្នុងការ​ផ្ដល់នូវ​សក្ខីកម្ម​ជាក់លាក់អំពី​ការត្រៀមខ្លួន​រួចរាល់ ១០០% ដើម្បី​ស្វាគមន៍​ប្រតិភូ​កីឡា​ទាំងអស់ប្រកបដោយ​ភាពកក់ក្ដៅ​មក​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា​ខាងមុខ។​ ​ដំណាលគ្នា​នឹង​ការរៀបចំ​កិច្ចប្រជុំ​នេះ កម្ពុជា​ក៏​នឹង​អញ្ជើញ​នាយ​បេសកកម្ម និង​ប្រតិភូ​ទាំងអស់ចូលរួម​ពិធី​រាប់​ថយក្រោយ​នា​ល្ងាច​ស្អែក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោជាមួយ​ការរៀបចំ​នូវ​ទស្សនីយភាព​ជាច្រើន​ទៀតផង៕​​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM