Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ស្អែក​នេះ​នឹង​រៀបចំ​ឲ្យ​ឱឡារិក និង​មាន​អត្ថន័យ​

2023/01/24 05:02:30 pm        655
​ស៊ីហ្គេម៖ កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​២៥ ខែមករា​ស្អែក​នេះនឹងត្រូវ​រៀបចំ​ឲ្យ​បាន​ហ្មត់ចត់ ប្រកបដោយ​ភាព​ឱឡារិក និង​មាន​អត្ថន័យ​បំផុត ដើម្បី​បំផុសស្មារតី​គាំទ្រ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ និង​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោយ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធនៃ​ការរៀបចំ​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ដោយ​គោរព​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​អនុប្រធាន​អចិន្ដ្រៃយ៍​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ជំរុញ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការរៀបចំ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ ដើម្បី​បំផុស​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ជាមួយ​ទស្សនីយភាព​វប្បធម៌ សិល្បៈ តន្ដ្រី និង​កីឡា​ផងដែរ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ប្រជាពលរដ្ឋ​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី។​​​គួរ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករារហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ គឺ​នៅសល់​រយៈពេល ១០០​ថ្ងៃ​គត់ សម្រាប់​កម្ពុជា​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នេះ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។ ដំណាលគ្នា​នឹង​ការរៀបចំ​នូវ​ពិធី​រាប់​ថយក្រោយ​នេះដែរ កម្ពុជា​ក្នុងនាម​ម្ចាស់ផ្ទះក៏​នឹង​ដឹកនាំ​កិច្ចប្រជុំ​នាយ​បេសកកម្ម​ ជាមួយ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ដើម្បី​ជូនដំណឹង និង​ផ្ដល់ព័ត៌មាន​លម្អិត ពិសេស​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទាំងអស់​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ថ្ងៃទី៨ Australian Open, Djokovic បន្តដំណើរ​ស្វែងរក​ជើងឯក​លើក​ទី១០ ដោយ​ត្រូវ​ជួប Alex De Minaur ជុំ​ទី៤

2023/01/23 10:20:32 pm        64
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic នឹងត្រូវ​បន្តដំណើរ​ស្វែង​រកពាន Grand Slam, Australian Open លើក​ទី១០ ក្នុង​អាជីព​របស់ខ្លួន​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ក្តីសង្ឃឹម​របស់​ម្ចាស់ផ្ទះ​អូស្ត្រាលី Alex de Minaur នៅ​ជុំ​ទី៤ ថ្ងៃនេះ។ ​​អតីត​កីឡាករ​លំដាប់​លេខ ១០ ពិភពលោក​រូបនេះ​បាន​ជម្នះ​បញ្ហា​សរសៃពួរ​របស់ខ្លួន ​រហូត​យ​ក​ឈ្នះ​កីឡាករ​ប៊ុល​ហ្ការី Grigor Dimitrov ៣​សិត​ផ្ទួនៗ​ដែលជា​ជ័យជំនះ ២៤ប្រកួត​ជាប់​គ្នា​នៅ Australian Open នេះ​កាលពី​ថ្ងៃ​សៅរ៍​។ កីឡា​ករ​វ័យ ៣៥ឆ្នាំ​រូបនេះ​នឹង​បង្ហាញខ្លួន​នៅ​វគ្គ ៨នាក់​ចុងក្រោយ Australian Open លើក​ទី១៣ ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មិនដែល​ចាញ់​សោះ​តាំងពី​ឆ្នាំ​២០១៨​។ ​ជ័យជំនះ ២៤ប្រកួត​ជាប់​គ្នា​របស់ Djokovic គឺ​នៅពេលដែល​ឈ្នះ​ជើងឯក​បី​ឆ្នាំ​ជាប់​គ្នា ២០១៩ ២០២០ និង ២០២១ មុនពេល​ដែល​មិន​អនុញ្ញាតឱ្យ​ប្រកួត​ឆ្នាំមុន​។ ​Djokovic នឹង​អាច​ឡើង​មកឈរ​លេខ ១ ពិភពលោក​វិញ​បាន​ប្រសិនបើ​គេ​ឈ្នះ​ជើងឯក​ឆ្នាំនេះ​។ ​​ក្រឡេក​មក​លទ្ធផល​ការប្រកួត​ផ្នែក​បុរស​ម្សិលមិញ កីឡាករ​ក្រិ​ក Stefanos Tsitsipas បាន​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannik Sinner យ៉ាង​តានតឹង ៥សិត ៦-៤ ៦-៤ ៣-៦ ៤-៦ និង ៦-៣ ប្រើពេល ៣ម៉ោង ៥៩នាទី​។ ​កីឡាករ​លំដាប់​លេខ៤ ពិភពលោក Stefanos Tsitsipas នឹង​បង្ហាញខ្លួន​នៅ​វគ្គ ៨នាក់​ចុងក្រោយ Australian Open ឆ្នាំ​ផ្ទួនៗ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ឆេ​ក Jiri Lehecka ដែល​បាន​យកឈ្នះ​កីឡាករ​កាណាដា Auger-Aliassime​។ ​Auger-Aliassime បាន​ក្លាយជា​កីឡាករ​ក្នុង​លំដាប់ Top10 ទី៦ ដែល​ធ្លាក់​ចេញពី Australian Open ឆ្នាំនេះ​បន្ទាប់ពី Casper Ruud, Matteo Berrettini, Taylor Fritz និង Thanasi Kokkinakis៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Victoria Azarenka ឡើង​វគ្គ ៨នាក់​ចុងក្រោយ Australian Open លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ

2023/01/23 09:50:51 pm        77
​វាយ​កូន​បាល់៖ ​កីឡា​កា​រិ​នី​វាយ​កូន​បាល់​អតីត​លេខ ១ ពិភពលោក Victoria Azarenka ទីបំផុត​បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam, Australian Open លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ​បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ចិន Zhu Lin​។ ​​Azarenka ដែល​ធ្លាប់​ឈ្នះ​ជើងឯក Australian Open នេះ​ពីរលើកចាប់ផ្តើម​ការប្រកួត​ជុំ​ទី៣ របស់ខ្លួន​ជាមួយនឹង​បរាជ័យ​នៅ​សិត​ដំបូង ៤-៦ ក្រោម​ស្នាដៃ​កីឡាការិនី​ចិន Zhu Lin ដែល​ឡើង​មកដល់​វគ្គ​នេះ​ក្រោយ​ទំលាក់​កីឡាការិនី​លំដាប់​លេខ ៦ Maria Sakkari​។ ​​យ៉ាងណាក្តី​ជើងឯក​ឆ្នាំ២០១២ និង ២០១៣ Victoria Azarenka បាន​ប្រើ​បទពិសោធ​របស់​នាងរ​ហូត​យកឈ្នះ ២សិត​ផ្ទួនៗ ៦-១ និង ៦-៤ វិញ​។ ​​កីឡាការិនី​វ័យ ៣៣ឆ្នាំ Victoria Azarenka នឹង​បន្តដំណើរ​របស់ខ្លួន​នៅ Australian Open វគ្គ ៨នាក់​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៣ Jessica Pegula​។ ​​កីឡាការិនី​អាមេរិក Jessi Pegula ម្សិលមិញ​នេះដែរ​បាន​យកឈ្នះ​កីឡាការិនី​ឆេ​ក Barbora Krejcikova ដែលជា​ជើងឯក French Open ឆ្នាំ២០២១​។ ​​ពីរ​សិត​ផ្ទួន Pegula បាន​យកឈ្នះ​ដោយ​លទ្ធផល ៧-៥ និង ៦-២​។ ​​គូ​ចុង​ក្រោយនេះ​កីឡាការិនី​ឡេ​តូ​នីអតីត​ជើងឯក French Open, Jelena Ostapenko បាន​យកឈ្នះ​កីឡាការិនី​អាមេរិក Coco Gauff ៧-៥ និង ៦-៤​។ ​​Jelena Ostapenko ដែល​ឈ្នះ​ជើងឯក Grand Slam ដំបូង​ក្នុង​អាជីព​កាលពី​ឆ្នាំ២០១៧ French Open នោះនឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina ដែលជា​ជើងឯក Wimbledon ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mark Allen យកឈ្នះ Judd Trump លើក​ពាន​ស្នូកឃ័រ World Grand Prix

2023/01/23 09:26:24 pm        65
​ស្នូកឃ័រ​៖ ​កីឡាករ​ស្នូកឃ័រ​សញ្ជាតិ​អៀក​ឡង់​ខាងជើង Mark Allen បាន​យកឈ្នះ​កីឡាករ​អង់គ្លេស Judd Trump នៅ​វគ្គផ្តាច់ព្រ័ត្រ​ដើម្បី​លើក​ពាន​ស្នូកឃ័រ World Grand Prix​។​ ​​Mark Allen បាន​នាំមុខ​ការប្រកួត​ក្នុងដំណាក់កាល​ដំបូង​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ដល់​ទៅ ៦-២ហ្វ្រេ​ម និង​បន្ថែម​ការនាំ​មុខ​ដល់ ៧-២ នៅ​ដំណាក់កាល​ទី២​។ ​​តែ Judd Trump មិន​រាថយ​ឡើយ និង​បាន​យកឈ្នះ ៦ហ្វ្រេ​ម​ផ្ទួន ​ខណៈ Mark Allen ឈ្នះ​បាន ១ហ្វ្រេ​ម​ធ្វើឱ្យ​អ្នក​ទាំងពីរ​ស្មើគ្នា ៨-៨ហ្វ្រេ​មយ៉ាង​តានតឹង​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ប្រកួត​សរុប ១៩ហ្វ្រេ​ម​នោះ អ្នក​ទាំងពីរ​ក៏បាន​យកឈ្នះ​ម្នាក់​មួយ​ហ្វ្រេ​ម​ទៀត ៩-៩ ឈានដល់​ហ្វ្រេ​ម​កាត់សេចក្តី​ដែល Mark Allen យកឈ្នះ​ហ្វ្រេ​ម​ចុងក្រោយ​នោះ​សរុប​លទ្ធផល ១០-៩ហ្វ្រេ​ម​ដើម្បី​ទទួលបាន​ប្រាក់រង្វាន់ ១០០,០០០ផោន​។​ ​​រំលឹកថា ​ស្នូកឃ័រ​ពានរង្វាន់ World Grand Prix នេះ​ទើបតែ​បង្កើតឡើង​នៅ​ឆ្នាំ២០១៥ ហើយ​មានតែ Judd Trump ទេ​ដែល​ឈ្នះ​ជើងឯក​ច្រើនជាងគេ​សរុប ៣លើក ក្រៅពីនោះ​ម្នាក់​មួយ​លើក​រួមមាន Shaun Murphy, Barry Hawkins, Neil Robertson, Ronnie O’Sullivan ២លើក និង​ចុងក្រោយ Mark Allen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal ត្រលប់មក​នាំមុខ ៥​ពិន្ទុ​វិញ​ក្រោយ​ឈ្នះ Manchester United

2023/01/23 06:44:39 pm        93
​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal បាន​ត្រលប់មក​នាំមុខគេ ៥​ពិន្ទុ​វិញ​នៅក្នុង​តារាង English Premier League បន្ទាប់ពី​ជ័យជំនះ​លើ Manchester United ៣-២ នៅ Emirate Stadium​។​ ​​Manchester United មកដល់​ការប្រកួត​នេះ​ជាមួយនឹង​ជ័យជំនះ ៩ប្រកួត​ជាប់​គ្នា ហើយ​ក៏បាន​នាំមុខ​មុន​ទៀត​នៅ​ទឹកដី Arsenal ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford ពី​ចំងាយ​យ៉ាង​អស្ចារ្យ​។ ​​យ៉ាងណាក្តី​ក្រុម​របស់លោក Mikel Arteta ក៏បាន​វាយបក​ពីក្រោយ​រហូត​នាំមុខ ២-១ វិញ​ដោយ Eddie Nketiah និង Bukayo Saka​។​ ​​ខ្សែការពារ​អា​ហ្ស​ង់​ទីន Lisandro Martinez ជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឱ្យ Manchester United ត្រឹម​នាទី​ទី៥៩ មុនពេល​ដែល Eddie Nketiah ដ​ដែលជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Arsenal នៅ​នាទី​ទី៩០​។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Arsenal ត្រលប់មក​នាំមុខ​វិញ ៥ពិន្ទុ​ពី​ក្រុម​លេខ ២ Manchester City ដែល​បាន​យកឈ្នះ Wolves ៣-០ ធ្វើបាន​ដោយ Erling Haaland ៣គ្រាប់​ម្នាក់ឯង​។ ​​គិត​មកដល់ពេលនេះ​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះរកបាន ២៥គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ២០ប្រកួត​នៅ English Premier League​។ ​​Hat-Trick នេះ​ជា​លើក​ទី៤ សម្រាប់ Haaland ដែរ​ធ្វើ​ឱ្យគេ​តាម​ស្មើ Mohamed Salah បាត់ទៅហើយ នៅ​ពីក្រោម Sergio Agureo ដែល​ធ្វើបាន Hat-Trick ១២លើក​។ ​មានតែ Alan Shearer ទេ​ដែល​ធ្វើបាន Hat-Trick ក្នុង​រដូវ​កាល​តែមួយ​ច្រើនជាងគេ​សរុប ៥លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ជើងឯក​តេ​ក្វាន់​ដូ WT ថ្នាក់ជាតិ​ច្រើនជាងគេ​

2023/01/23 06:25:03 pm        56
​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្លិប​តេ​ក្វាន់​ដូ WT ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ។​ ​យោងតាម​របាយការណ៍​ប្រកួត​ប្រចាំ​ឆ្នាំនេះគឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨៣​នាក់មកពី ១៥​ក្លិប តំណាង​រាជធានី​-​ខេត្ត​ចំនួន ៣ ក្នុងនោះ​មាន​ក្លិប​នៅ​រាជធានី​ភ្នំពេញ ១៣​ក្លិប​, ខេត្តកំពង់ចាម ១​ក្លិប និង​ខេត្តបាត់ដំបង ១​ក្លិប ដែល​ធ្វើការ​ប្រកួត​លើ ១២​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស​នៃ​ការប្រកួត គឺ​ក្លិប​ក្រសួងមហាផ្ទៃដោយ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ៦​គ្រឿង (​មាស ៥ និង​ប្រាក់ ១) គ្រា​ដែល​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិតាម​ពីក្រោយ​ឈ្នះ​មេដាយ​សរុប ៦​គ្រឿង​ដូចគ្នា តែ​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ១។ រីឯ​ក្លិប​មិត្តភាពឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ២ ឈរ​លេខ​៣, ក្លិប​ពិភពថ្មីឈរ​លេខ​៤ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ១ និង​ក្លិប Mini Club ឈ្នះ​មេដាយមាស ១​គ្រឿង​ផងដែរ។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួតលោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គណៈកម្មការ​រៀបចំ។ លោកជំទាវបាន​ជំរុញ​ដល់​កីឡាករ​-​កីឡាការិនីទាំង​អ្នកទទួលបាន​ជយលាភី និង​ពុំ​ទទួលបាន​ជយលាភីត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ពិសេស​ក្រុម​ជម្រើសជាតិដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Ronaldo រក​គ្រាប់​មិនបាន​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ Al Nassr ឈ្នះ Al Ettifaq

2023/01/23 05:54:23 pm        156
​បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល Anderson Talisca គឺជា​អ្នកតែ​ត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឱ្យ Al Nassr យកឈ្នះ Al Ettifaq ក្នុង​ទឹកដី​របស់ខ្លួន​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត តែ​អ្នកគាំទ្រ​បាន​ត្រឹម​ខក​បំណង​ក្រោយ Cristiano Ronaldo បង្ហាញខ្លួន​ប្រកួត​ដំបូង​រក​គ្រាប់​បាល់​មិនបាន​។​​ក្តី​រំពឹង​មាន​ខ្ពស់​សម្រាប់​អ្នកគាំទ្រ ដែល​ចង់ឃើញ​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​មាន​គ្រាប់​បាល់​ ដូចដែល​គេ​រកបាន ពេល​ប្រកួត​មិត្តភាព​ទល់នឹង PSG កាលពី​សប្តាហ៍​មុន​។​ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​គឺជា​ប្រធាន​ក្រុម Al Nassr តែម្តង​ក្នុងការ​បង្ហាញខ្លួន​ដំបូង​យប់មិញ ខណៈ​សកម្មភាព​របស់​គេ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​នៅ​មិន​យល់ចិត្ត​គ្នា​នៅឡើយ​។​​Anderson Talisca បានតែ​ត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​ឱ្យ Al Nassr នៅ​នាទី​ទី៣១ និង​ជា​គ្រាប់​បាល់​មួយ​គ្រាប់​គត់​ដែល​កើតឡើង​ក្នុងការ​ប្រកួត​នេះ​។ ​​ជ័យជំនះ​របស់ Al Nassr នៅពេលនេះ​ធ្វើឱ្យ​ពួកគេ​ត្រលប់​ទៅ​កំពូល​តារាង​វិញ​មាន ៣៣ពិន្ទុ​ពី​ការប្រកួត ១៤លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​-​កីឡាការិនី​ភាគច្រើន​កើន​សមត្ថភាព ក្រោយ​ចប់​ជើងឯក​កីឡាហែលទឹក​ថ្នាក់ជាតិ​

2023/01/23 05:31:41 pm        91
​ហែលទឹក៖ ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៣​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​មន្ដ្រី​ជំនាញ​សហព័ន្ធបាន​មើលឃើញ​កីឡាករ​-​កីឡាការិនី​ចូលរួម​ភាគច្រើន​កើន​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​មួយចំនួននៅមានកម្រិត។​ ​ការប្រកួត​នៅ​អាង​ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១០៣​នាក់មកពី ៨​ក្លិប និង​ប្រកួត​លើ ២០​វិញ្ញាសា។ ពិធី​បិទ​ការប្រកួតបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ។​ ​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះបាន​ដំណើរការ​ដោយ​រលូន ហើយ​អ្វី​ដែលជា​បញ្ហា​ប្រឈមគឺ​កីឡាករ​-​កីឡាការិនី​តាម​រាជធានី​-​ខេត្តដែល​បានដាក់​ពាក្យ​ចូលរួម​នៅមាន​ចំនួន​តិច​នៅឡើយ។​ ​យ៉ាងណាក្ដី ក្នុងនាម​សហព័ន្ធ​លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កីឡាករ​-​កីឡាការិនី​ចូលរួម ដែល​ភាគច្រើន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​មួយចំនួនបាន​បំបែក​ថិរៈវេលា​ចាស់​របស់ខ្លួន។ លើសពីនេះ ពួកគេ​បាន​ខិតខំ​ប្រឹង​អស់ពី​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង ដោយ​គោរព​តាម​បទបញ្ជា​ប្រកួត​យ៉ាង​ត្រឹមត្រូវ។​ ​ចំពោះ​លទ្ធផល​បច្ចេកទេសនៃ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ គឺ​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូនដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២០​គ្រឿងរួមមាន​មេដាយមាស ៩ ប្រាក់ ៩ និង​សំរឹទ្ធ ២។ ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១០​គ្រឿងរួមមាន​មេដាយមាស ៨ និង​សំរឹទ្ធ ២។ ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន ឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ១៣​គ្រឿងរួមមាន​មេដាយមាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៦ និង​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ៩​គ្រឿងរួមមាន​មេដាយមាស ១ ប្រាក់ ៤ និង​សំរឹទ្ធ ៤៕​អត្ថបទ៖ លី ឈុន​ឡា

កាន់តែ​កៀក​ថ្ងៃ​ស៊ី​ហ្គេម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ខំប្រឹង​កាន់​តែ​ខ្លាំង

2023/01/23 05:18:18 pm        696
​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផលនៃ​ការត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា ប៉ុន្ដែ​សម្ដេច​បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ជំនាញត្រូវ​បន្ដ​ការ​ខំប្រឹង​កាន់តែខ្លាំង ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពិសេសក្នុង​កិច្ចប្រជុំ​បូកសរុប​វឌ្ឍន​ភាព​ការងារឆ្នាំ​២០២២ និង​លើក​ទិសដៅឆ្នាំ​២០២៣ ក្នុងដំណាក់កាល Games Time នៅ​ទីស្ដីការក្រសួង​ការពារជាតិ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនា​ថ្ងៃទី​២៥ ខែមករា​ខាងមុខនេះ។ ដូច្នេះ​ក្នុង​រង្វង់​នៅសល់ ១០០​ថ្ងៃនេះ គឺជា​ដំណាក់កាល​ចុងក្រោយ ដែល​ទាំងអស់គ្នាត្រូវ​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ទទួលបាន​ជោគជ័យក្នុងនាម​ម្ចាស់ផ្ទះ។​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូសបញ្ជាក់ថា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បានផ្ដល់​អនុសា​ន៍​ណែនាំ​ជាច្រើន ពិសេស​ក្នុងការ​រាប់​ថយក្រោយ ១០០​ថ្ងៃដែលជា​ការផ្ញើ​សារ​ដល់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា។​ ​សូម​រំ​លឹកថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែមករា​នេះ កម្ពុជា​នៅសល់ ១០២​ថ្ងៃ​ទៀតនៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខ CAMSOC នឹង​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ៦៤​ឆ្នាំនៃ​ការទន្ទឹងរង់ចាំ​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​នឹងមាន​ទស្សនីយភាព​ជាច្រើន ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​នាយ​បេសកកម្ម​បណ្ដា​ប្រទេស​សមាជិក ដើម្បី​បង្ហាញថា កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

Rafael Nadal ត្រូវ​សម្រាក​ព្យាបាល​របួស​ត្រគាក​​យ៉ាងហោចណាស់ ៨​សប្តាហ៍​

2023/01/20 10:34:24 pm        85
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ ២ ពិភពលោក Rafael Nadal នឹងត្រូវ​ខកខាន​ការប្រកួត​នានា​យ៉ាង​ហោចណាស់ ៦ ទៅ ៨សប្តាហ៍បន្ទាប់ពី​ទទួលរង​របួស​ត្រគាក​អំឡុង​បរាជ័យ​ជុំ​ទី២ Australian Open កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ​។​​ការការពារ​តំណែង​ជើងឯក​របស់​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ​រូបនេះ បានបញ្ចប់​ដោយ​ខក​បំណង​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Mackenzie McDonald ដោយ​លទ្ធផល ៦-៤ ៦-៤ និង ៧-៥​។ ​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បានទទួល​ការពិនិត្យ MRI ស្កេ​ន​ផ្នែក​ជើងឆ្វេង​ទាំងស្រុង​របស់ខ្លួន និង​បាន​បង្ហាញថា ​របួស​ត្រគាករបស់គេ​ឈានដល់​កម្រិត​ទី២​។ ​​ម្ចាស់​ជើងឯក Grand Slam ២២លើក​រូបនេះ​បានមក​ដល់​ទឹកដី​អូស្ត្រាលី​រកបាន​ជ័យជំនះ​នៅ​ជុំ​ដំបូង និង​ជា​ជ័យជំនះលើកដំបូង​ផងដែរ​តាំងពី US Open កាលពី​ខែសីហា​ឆ្នាំមុន និង​បាន​សម្រាក​ជា​បន្តបន្ទាប់​ដោយសារ​របួស​ញាំញី​។ ​​រយៈពេល​សម្រាក ៦-៨សប្តាហ៍​នេះ​មានន័យថា Rafael Nadal អាច​នឹង​វិល​មកកាន់​ទីលាន​ប្រកួត​វិញ​មុន​រដូវ​កាល​វាយ​កូន​បាល់​លើដី​ក្រហម និង​អាច​ត្រៀមខ្លួន​ផងដែរ​សម្រាប់​ការការពារ​តំណែង​ជើងឯក French Open របស់ខ្លួន​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM