Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Aryna Sabalenka និង Caroline Garcia បន្តដំណើរ​ឡើង​ជុំ​ទី៣ Australian Open

2023/01/20 10:17:28 pm        66
​វាយកូនបាល់៖ ​កីឡាការិនី​បេឡា​រុស Aryna Sabalenka បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, Australian Open ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក​គ Shelby Rogers ដោយ​លទ្ធផល ៦-៣ និង ៦-១​។ ​​កីឡាការិនី​លំដាប់​លេខ ៥ Sabalenka បាន​បន្ត​ស្ថិតិ​ប្រកួត​មិន​ចាញ់​របួស​ខ្លួន​ក្នុង​ឆ្នាំ២០២៣ នេះ​បន្ទាប់ពី​យកឈ្នះ​ការប្រកួត​នេះ​ដោយ​ប្រើពេល ១ម៉ោង ២៧នាទី ដើម្បី​កក់​កៅអី​នៅ​ជុំ​ទី៣ ជា​លើក​ទី៤ ក្នុង​អាជីព និង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens​។ ​ជាមួយគ្នា​នោះដែរកីឡាការិនី​បារាំង Caroline Garcia បាន​យកឈ្នះ​កីឡាការិនី​កាណាដា Leylah Fernandez ដោយ​លទ្ធផល​តានតឹង ៧-៦(៧-៥) និង ៧-៥​។ ​កីឡាការិនី​លំដាប់​លេខ ៤ Caroline Garcia នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​អាល្លឺម៉ង់ Laura Siegemund​។ ​​លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​មានដូចជាកីឡាការិនី​អេ​ស្តូ​នី Anett Kontaveit បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​ប៉ូឡូញ Magda Linette ដែល​នឹងត្រូវ​បន្ត​ជួប​ជាមួយ Ekaterina Alexandrova​។ ​កីឡា​ការិនី​លំដាប់​លេខ ៩ Veronica Kudermetova ក៏​ធ្លាក់​ពី​ការប្រកួត​ដែរ​ក្រោយ​ចាញ់​កីឡាករ​វ័យ ២១ឆ្នាំ​អាមេរិក Katie Volynets៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឈ្នះ​ការប្រកួត​ជុំ​ទី២ Australian Open ទាំង​របួស​

2023/01/20 09:42:29 pm        71
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ជំនះ​របួស​របស់ខ្លួនរ​ហូត​យកឈ្នះ​កីឡាករ​បារាំង Enzo Couacaud ដើម្បី​បន្តដំណើរ​ឡើង​ជុំ​ទី​៣ នៃ​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​កំពុង​ប៉ុនប៉ង​ស្វែងរក​ជើងឯក ​ដើម្បី​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក Australian Open នេះ​ច្រើនជាងគេ​សរុប ១០លើក​។ ​Djokovic បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-១ ៦-៧(៥-៧) ៦-២ និង ៦-០ ទោះបី​ជាមាន​របួស​សរ​សៃ​ពួរ​ដែល​ទទួល​បានការ​សម្រួល​ពី​ក្រុម​ជំនាញ​កាយសម្បទា​។ ​ជុំ​បន្ត​ជើងឯក Grand Slam ២១លើក Novak Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ប៊ុល​ហ្ការី Grigor Dimitrov​។ ​​ផ្ទុយ​ពី Djokovic គេ​ឃើញ​មាន​កីឡាករ​លំដាប់ Top10 មួយចំនួន​បាន​ជ្រុះ​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី២ រួមមានកីឡាករ​លំដាប់​លេខ ២ ក្នុង​កម្មវិធី​ពោលគឺ​ជា​ជើងឯក​រង​ឆ្នាំមុន Casper Ruud រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Jenson Brooksby ដោយ​លទ្ធផល ៦-៣ ៧-៥ ៦-៦(៤-៧) និង ៦-២​។ ​​មក​ទស្សនា​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray ក៏បាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ ដែរ​តែ​ត្រូវ​ប្រើពេល​ដល់​ទៅជិត ៦ម៉ោង និង​បញ្ចប់​នៅ​ម៉ោង ៤ព្រឹក​ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី​ទើប​រក​ចាញ់ឈ្នះ​ឃើញ​។ ​​កីឡាករ​ស្កុ​ត​ឡេ​ន​រូបនេះ​បាន​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis ដោយ​លទ្ធផល ៥ សិត ៤-៦ ៦-៧(៤-៧) ៧-៦(៧-៥) ៦-៣ និង ៧-៥ ដែលជា​ការប្រកួត​ប្រើពេល​យូរ​បំផុត​ក្នុង​អាជីព​របស់​កីឡាករ​វ័យ ៣៥ឆ្នាំ Andy Murray ដែល​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista Agut នៅ​ជុំ​ទី៣​។​ ​​ចំណែក​កីឡាករ​អាមេរិក​លំដាប់​លេខ ៨ Taylor Fritz ក៏​ធ្លាក់​ដែរ​ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Alexei Popyrin​។ ​ចុង​ក្រោយនេះ​កីឡាករ​អាល្លឺម៉ង់​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Alexander Zverev ក៏​ធ្លាក់​ដែរ​ដោយ​ចាញ់ Michael Mmoh​។ ​កីឡាករ​អាមេរិក Michael Mmoh បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា គេ​បាន​កក់​សំបុត្រ​យន្តហោះ​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​ ក្រោយ​ចប់​ការប្រកួត​ទល់នឹង Zverev ដោយ​គិតថា​គេ​នឹង​ចាញ់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ត្រៀម​រៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​អបអរ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​នា​ថ្ងៃ​ទី​២៥-​មករា​

2023/01/20 09:35:03 pm        209
​ស៊ីហ្គេម៖ នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខគឺជា​ពេលវេលា​នៅសល់ ១០០​ថ្ងៃ​គត់នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ របស់​កម្ពុជា ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ត្រៀម​រៀបចំ​កម្មវិធី​ជាច្រើន ដើម្បី​អបអរសាទរ​ពិធី​រាប់​ថយក្រោយនៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ នៅក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​នឹង​រៀបចំ​នូវ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នា​ល្ងាច​ថ្ងៃទី​២៥ ខែមករា​ខាងមុខដោយ​នឹងមាន​រៀបចំ​នូវ​ទស្សនីយភាព​ជាច្រើន ក្នុងនោះ​ក៏មាន​កិច្ចប្រជុំ​ជាមួយ​នាយ​បេសកកម្ម​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ដើម្បី​ជូនដំណឹង​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ផងដែរ។​​ ​គួរ​ដឹងថា កាលពី​ថ្មីៗ ស្របពេល​កម្ពុជាកាន់តែ​ខិតជិត​ដល់ពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ចូលរួម​បំផ្ទុះ​ការផ្សព្វផ្សាយ​ ពី​ដំណើរ​ឆ្ពោះទៅរក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ពិសេស​ពិធី​រាប់​ថយក្រោយនា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​បំផុសស្មារតី​គាំទ្រ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​​ការជំរុញ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គីលើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានប្រមាណ​ជិត ៥​ពាន់​នាក់កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងទៅ។ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឱ្យបាន​ផុលផុស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុង​ការប្រកួត​នាពេលខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Messi និង Ronaldo ស៊ុត​បញ្ចូល​ទី​រៀងខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព​លើទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត

2023/01/20 07:50:28 pm        113
​បាល់ទាត់៖ ​Cristiano Ronaldo និង Lionel Messi បាន​នាំ​អ្នកគាំទ្រ​ត្រលប់​មកវិញ​ក្នុង​ពេលវេលា​រួមគ្នា ក្នុងការ​សាទរ​អាជីព​ដ៏​អស្ចារ្យ​របស់​ពួកគេជាមួយនឹង​ការប្រកួត​មិត្តភាព​ មិនអាច​បំភ្លេចបាន​មួយ​នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត ​ដែលជា​ផ្ទះ​ថ្មី​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ និង​អាចជា​ការប្រកួត​ចុងក្រោយ​ដែល​ស្តេច​បាល់ទាត់​ទាំង២ ​ជួបគ្នា​លើ​ទីលាន​តែមួយ​។ ​​ម្ចាស់​ជ័យលាភី World Cup ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន Lionel Messi បាន​បើក​ការនាំ​មុខ​ឱ្យ PSG មុន ​ខណៈដែល Cristiano Ronaldo ស៊ុត​បញ្ចូល​ទី ២​គ្រាប់​ក្នុង​វគ្គ​ទី១ ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ២-២ រវាង PSG និង​ក្រុម Riyadh All Stars​។ ​​កីឡាករ​ទាំងពីរ Ronaldo និង Messi ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ដូចគ្នា​ក្រោយ​លេង​បាន ១ម៉ោង ​ខណៈ PSG បាន​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល​ចុងក្រោយ ៥-៤ ដែល​រួមមាន​គ្រាប់​ធានា​ជ័យជំនះ​របស់ Hugo Ekitike ខណៈ PSG មាន​កីឡាករ​ទទួលបាន​កាត​ក្រហម​ម្នាក់​គឺ Juan Bernat​។ ​​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​ដ៏​កម្រ​រវាង​ក្រុម​ដែលមាន​សមាសភាព​ស្តេច​បាល់ទាត់​ទាំងពីរ Ronaldo និង Messi នៅលើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត មាន​ការបញ្ជាទិញ​សំបុត្រ​ចូល​ទស្សនា​ដល់​ទៅ​ជាង ២លាន​ដង​នៅលើ​ប្រព័ន្ធ​អន​ឡាញ ហើយ​ក្នុងនោះ​សំបុត្រ​មាស រឺ​ហៅថា​សំបុត្រ “Beyond Imagination” ត្រូវបាន​ដេញថ្លៃ​ក្នុងតម្លៃ​ដល់​ទៅ ២.៦លាន​ដុល្លារ​អាមេរិក​ដែល​បាន​ទៅ​ម្ចាស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ម្នាក់​។ ​​នេះ​ជា​ប្រកួត​ដំបូង​របស់ Cristiano Ronaldo តាំងពី​ផ្លាស់​មកកាន់​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​ជា​ក្រុម Al Nassr ពោលគឺ​គេ​បាន​រង់ចាំ​ការប្រកួត​ផ្លូវការ​របស់ខ្លួន ​ដោយ​ទទួល​ការពិន័យ ២ប្រកួត​បន្ត​ពី FA អង់គ្លេស​ដែល​ពិន័យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ក្រោយ​បោក​ទូរស័ព្ទដៃ​អ្នកគាំទ្រ​អំឡុង​ការប្រកួត​ឱ្យ Manchester United នៅ​ទឹកដី Everton កាលពី​ខែមេសា​ឆ្នាំមុន​។ ​​ថ្ងៃអាទិត្យ​នេះ Ronaldo នឹង​មានមុខ​ផ្លូវការ​ក្នុងការ​ប្រកួត​ដំបូង​នៅ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ដោយ Al Nassr ត្រូវ​ទទួល​ស្វាគមន៍ Ettifaq៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ជើងឯក​យុវជន​លើកដំបូង​

2023/01/20 07:29:32 pm        83
​​វ៉ូ​វី​ណា​ម៖ ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​យុវជន​គិ​រី​សួគ៌​ឆ្នាំ​២០២៣ ដែល​បញ្ចប់​ការប្រកួត​ដោយ​ជោគ​ជ័យ ប្រកបដោយ​គុណ​ផល​ខ្ពស់ឆ្ពោះទៅរក​អ្នក​បន្ដវេន​សម្រាប់​ថ្ងៃ​អនាគត។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ការប្រកួត​ជើងឯក​យុវជន​នេះបាន​ដំណើរ​ការប្រកួត ១​ថ្ងៃ​ពេញ​កាលពី​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញនៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​វត្តមាន​ឯកឧត្តម ម៉ុង គឹម​ហេង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​លោក ឈរ រិទ្ធី នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​គិរី​សួគ៌ដែល​ចូលរួម​សហការ​រៀបចំ​ការប្រកួត​នេះ​ផងដែរ។​ ​ប្រធាន​សហព័ន្ធ​ដដែលបាន​គូសបញ្ជាក់ថា ជើងឯក​យុវជន​នេះរៀបចំឡើង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា ពិសេស​យុវជន ក្នុងន័យ​ស្វែងរក​ធនធាន​បន្ដវេន ស្របតាម​ទិសដៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល។ ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ឯកឧត្តម​បាន​កោតសរសើរចំពោះ​បច្ចេកទេស និង​វិន័យ​របស់​កីឡាករ​-​កីឡាការិនី​ទាំងអស់ដែល​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​ប្រកួត។​ ​ដោយឡែក​លោក ឈរ រិទ្ធី ក៏បាន​សម្ដែង​នូវ​មោទនភាព និង​សេចក្ដី​រីករាយដែល​បាន​ចូលរួម​សហការ​រៀបចំ​ការប្រកួត​ជើងឯក​យុវជន​នេះ ហើយ​លោក​ប្ដេជ្ញា​នឹង​បន្ដ​ការគាំទ្រ​ជា​ថែមទៀត ទាំង​កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​ផ្សេងៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​យុវជន​គិរី​សួគ៌ឆ្នាំ​២០២៣ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ៥២​នាក់មកពី ១១​សមាគម​/​ក្លិបដែល​ប្រកួត​លើក ១០​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ៧​គ្រឿង រួមមាន​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ១ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​សែន​សុខឈរ​លេខ​២ ឈ្នះ​មេដាយមាស ៣ និង​សំរឹទ្ធ ២ គ្រា​ដែល​ក្លិប​ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២​គ្រឿង៕ ​អត្ថបទ៖ លី ឈុន​ឡា

ពាន​ Soccer League 2023 ​បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​អស់ហើយ​

2023/01/20 07:07:42 pm        102
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​រកឃើញ​ក្រុម​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​អស់ហើយ ក្រោយ​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​តាម​ពូ​លកាលពី​ថ្ងៃទី​០៧ ខែមករា​កន្លងទៅ។​ ​សម្រាប់​បេក្ខភាព ៥​ក្រុម​ចុងក្រោយដែល​ទើប​បញ្ចប់​ការប្រកួត​តាម​ពូ​ល​របស់ខ្លួនកាលពី​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញ រួមមាន​ពូ​ល​ H ​ក្រុម​ Khmer United ​បាន​ឈរ​កំពូល​តារាង​រកបាន ៧​ពិន្ទុក្រោយ​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល ៣-០។​ ​ពូ​ល​ M ​ក្រុម ស​.​ស​.​យ​.​ក ខេត្ដ​កណ្ដាល បាន​ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញក្រោយ​យកឈ្នះ​ក្រុម​ម៉ូ​លី​អេ​ហ្វ​ស៊ី ៥-២។ ពូ​ល​ N ​ក្រុម ស​.​ស​.​យ​.​ក ខេត្ដ​ស្វាយរៀង ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នា ក្រោយ​យកឈ្នះ​ក្រុមយុវជន ៧​មករា​ច្រាំង​ចំរេះ​(១) ដោយ​លទ្ធផល ៧-០។​ ​ពូ​ល​ O ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​វ័យចាស់​ក្រសួងការពារជាតិ ៣-១ ដើម្បី​ឈរ​កំពូល​តារាង និង​រកបាន ៩​ពិន្ទុ គ្រា​ដែល​ក្រុម​ Zaitun FC ​បាន​យកឈ្នះ​ក្រុម​ RFL FC ​ដោយ​លទ្ធផល ៣-២ ដើម្បី​ធានា​កៅអី​វគ្គ​បន្ដក្រោយ​រកបាន ៩​ពិន្ទុ​ពេញ​ដូចគ្នាដើម្បី​ឈរ​កំពូល​តារាង។​ ​សម្រាប់​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយគ្រោង​នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមករា​ខាងមុខ ដោយ​កម្មវិធី​ប្រកួតរួមមាន​ថ្ងៃទី​២៥-​មករា​៖ ក្រុម​ស៊ី​យ៉ា​ប្រែ​នជួប​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា​, ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិជួប​ក្រុម​ស​.​ស​.​យ​.​ក ខេត្តកោះកុង​, ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យជួប​ក្រុមយុវជន​ស្រលាញ់​សន្ដិភាព និង​ក្រុម​ Avatar ​ជួប​ក្រុម​ Khmer United​។​ ​ដោយឡែក​នៅ​ថ្ងៃទី​២៦ ខែមករា រួមមាន​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងជួប​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាល​, ក្រុម​ Royal Mayura Resort ​ជួប​ក្រុម​ Try All FC, ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលជួប​ក្រុម ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង និង​ក្រុមស៊ីសូផុន អេ​ហ្វ​ស៊ី ជួប​ក្រុម​ Zaitun FC​។ ចំពោះ​ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្ដាល​អាជីព ដែល​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​កីឡា​វាយ​កូន​បាល់​អាស៊ី​វាយតម្លៃ​ទីលាន​កម្ពុជា​មាន​លក្ខណៈ​គ្រប់គ្រាន់​ ដើម្បី​រៀបចំ​ស៊ី​ហ្គេម​

2023/01/20 05:40:54 pm        112
​វាយកូនបាល់៖ លោក​ Kitsombat Euammongkol ​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី អមដំណើរ​ដោយ​នាយក​ប្រតិបត្តិ​លោកស្រី​ Manpreet Kandhari ​បាន​វាយតម្លៃ​ខ្ពស់​ថា ទីលានកីឡា​វាយ​កូន​បាល់​កម្ពុជាគឺមាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​កីឡា​វាយ​កូន​បាល់​អាស៊ី បាន​ចុះ​ពិនិត្យ​ទីលាន​វាយ​កូន​បាល់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​ការសម្របសម្រួល​របស់លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាកាលពី​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញ។ ក្នុងឱកាស​នោះក៏មាន​ជំនួប​សំណេះសំណាល​រយៈពេល​ខ្លីរវាង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ជាមួយ​លោក​ Kitsombat Euammongkol ​ផងដែរ។​ ​នាឱកាស​ចុះ​ពិនិត្យ និង​វាយតម្លៃ​នោះ ប្រធាន​សហព័ន្ធ ក៏ដូចជា​នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី​ដដែលបាន​លើកឡើងថា ទីលានកីឡា​វាយ​កូន​បាល់​របស់​កម្ពុជា ត្រៀម​ទទួល​កីឡា​ស៊ី​ហ្គេមនា​ខែឧសភា​ខាងមុខនេះ គឺមាន​លក្ខណៈ​ស្តង់ដា​គ្រប់គ្រាន់ ទាំង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និង​កន្លែង​អង្គុយ​ទស្សនា​ជាដើមគឺមាន​ភាព​រៀបរយ​អស់ហើយ នៅឡើយ​ទីលានដែល​ត្រូវមាន​ការកែលម្អ​បន្ដិចបន្ដួច​ទៀត នឹង​ស្របតាម​ស្ដង់ដារ​អន្ដរជាតិដើម្បី​រៀបចំ​ការប្រកួត​ដោយ​មោទនភាព​តែម្ដង។​ ​ជុំវិញ​ការ​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក ទេព រិទ្ធី​វិ​ទ្ធ បាន​អបអរសាទរ និង​ស្វាគមន៍​ដោយ​សេចក្ដី​រីករាយចំពោះ​ការត្រួតពិនិត្យ វាយតម្លៃ និង​ផ្ដល់​ជា​យោបល់​ល្អៗ សម្រាប់​ជា​ធាតុ​ចូ​បន្ថែម​ដល់​សហព័ន្ធក្នុងការ​ត្រៀមខ្លួន និង​រៀបចំ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុងការ​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រវត្តិ​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឧសភា​ខាងមុខ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។ លោក​អះអាងថា រាល់​ចំណុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​ទីលាន​ប្រកួត ភាគី​ទទួលបន្ទុក​ទីលាន​របស់​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​នឹងធ្វើ​ការកែលម្អ ដើម្បី​ឆ្លើយតប​តាម​ការវាយតម្លៃ​របស់​អ្នកជំនាញ​មកពី​សហព័ន្ធ​អាស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយកងកម្លាំង​ជាង ៤​ពាន់​នាក់​ត្រៀម​ស៊ី​ហ្គេម២០២៣

2023/01/20 05:20:36 pm        305
​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ថ្ងៃទី​១៩ ខែមករា​នេះ បាន​អញ្ជើញ​ត្រួតពិនិត្យ និង​សំណេះសំណាល​កងកម្លាំងនៃ​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ចំនួន ៤,៣៧៤​នាក់ដើម្បី​ត្រៀម​ការពារ និង​ផ្ដល់​សុវត្ថិភាព​ជូន​ប្រតិភូ​កីឡា ភ្ញៀវ​ជាតិ​-​អន្ដរជាតិក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនាពេល​ឆាប់ៗ​ខាងមុខ។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា កងកម្លាំង​របស់ខ្លួនបាន​ត្រៀម​រួចរាល់ដើម្បី​ការពារ​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ដល់​ឥស្សរជន មន្ដ្រីជាន់ខ្ពស់ ប្រតិភូ​កីឡា និង​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធក៏ដូចជា​អន្ដរជាតិ ជាក់ស្ដែង​មាន​បណ្ដា​ប្រទេស​ជា​មិត្ត​ចំនួន ៨ ក៏បាន​គាំទ្រ​ដល់​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ក្នុងការ​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ​ផងដែរ។​ ​បន្ទាប់ពី​ស្ដាប់​នូវ​របាយការណ៍​របស់​គណៈកម្មការ​ជំនាញ​រួច សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់ ដែល​បាន​សហការ​ជាមួយ​គណៈកម្មការ​ពាក់​ព័ន្ធនៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងការ​យកចិត្តទុកដាក់​រៀបចំ​ផែនការ​ការពារ ទាំង​កម្លាំង​សរុប មធ្យោ​បាយ សម្ភារៈ និង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​នានា។​ ​សម្ដេច​ពិជ័យ​សេនា​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមករា​នេះ ស៊ី​ហ្គេម​នៅ ១០៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ តាមរយៈ​ពេលវេលា​សេសសល់​នេះ​ CAMSOC ​ចង់បង្ហាញ និង​ផ្សព្វផ្សាយ​ឱ្យ​មតិសាធារណ​ជាតិ និង​អន្តរជាតិ​បានជ្រាបថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​តាមរយៈ​ការត្រៀម​កម្លាំង មធ្យោបាយ ឧបករណ៍​សម្ភារៈ​គ្រប់​ប្រភេទ សម្រាប់​ធានា​នូវសុខ​សុវត្ថិភាព និង​ភាពកក់ក្ដៅ​ជូន​ដល់​ប្រតិភូ​កីឡា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ទាំង ​១១​ប្រទេស មន្ដ្រី កីឡា​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​ពិភពលោក និង​អ្នកគាំទ្រ​ទេសចរណ៍រាប់ម៉ឺន​នាក់មក​ចូលរួម​នៅ​កម្ពុជាដែល​កំពុង​រស់នៅ​ក្រោម​ម្លប់​សន្ដិភាព។​ ​ក្នុងនាម​ថ្នាក់ដឹកនាំ​ CAMSOC ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធបាន​ប្តេជ្ញាចិត្ត​គោរព​យ៉ាង​ម៉ឺងម៉ាត់ ​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ពិធី​ជួបជុំ​លើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានកាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២៣ ដើម្បី​ធានា​អនុវត្ត​ភារកិច្ច​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​បស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់៕ ​អត្ថបទ៖ លី ឈុន​ឡា

Inter Milan ឈ្នះ AC Milan ៣-០ លើក​ពាន Italian Super Cup នៅ​អារ៉ាប៊ីសាអ៊ូឌីត​

2023/01/19 10:44:39 pm        70
​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Inter Milan បាន​យកឈ្នះ​ក្រុម​រួម​ទីក្រុង AC Milan ៣-០ ដើម្បី​លើក​ពាន Italian Super Cup ដែល​រៀបចំ​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​Federico Dimarco ជា​អ្នកបើក​ការនាំ​មុខ​លើ​ក្រុម​ជើងឯក Serie A នៅ​នាទី​ទី១០ មុន​ពេលដែល​ខ្សែប្រយុទ្ធ​ជើងចាស់ Edin Dzeko បន្ថែម​ការនាំ​មុខ​មួយ​គ្រាប់​ទៀត​ឱ្យ Inter Milan មុន​ចប់​វគ្គ​ទី ១​។ ​​វគ្គ​ទី ២ ជ័យលាភី​ជើងឯក World Cup ជា​ក្រុម​អា​ហ្ស​ង់​ទីន Lauraro Martinez បន្ថែម​គ្រាប់​ចុងក្រោយ​ឱ្យ Inter Milan យកឈ្នះ AC Milan ៣-០​។ ​​សូមបញ្ជាក់ថា Italian Super Cup ជាការ​ប្រកួត​ដើម្បី​ពាន​រវាង​ជើងឯក​អ៊ីតាលី Serie A និង Coppa Italia រដូវ​កាល​មុន​ដូច​ពានរង្វាន់ FA Community Shield នៅ​ទឹកដី​អង់គ្លេស​ដែរ​។ ​​នេះ​ជា​លើកដំបូង​ដែល Inter Milan យកឈ្នះ AC Milan នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ បន្ទាប់ពី​ធ្លាប់​ចាញ់​ពីរលើក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia ឆ្នាំ ១៩៧៧ និង ២០១១ ពាន Italian Super Cup នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Emma Raducanu ធ្លាក់​ត្រឹម​ជុំ​ទី២ Australian Open ក្រោយ​ចាញ់ Coco Gauff

2023/01/19 10:04:02 pm        74
​​វាយ​កូន​បាល់៖ ​កីឡាការិនី​លំដាប់​កំពូល​របស់​អង់គ្លេស Emma Raducanu បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Grand Slam, Australian Open ហើយ​នៅត្រឹម​ជុំ​ទី២ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​អាមេរិក Coco Gauff​។ ​​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​លេខ ៧៧ ពិភពលោក Raducanu មុន​ឈាន​មកដល់ Australian Open នេះ​បាន​រងរបួស​កជើង ១១ថ្ងៃមុន​ការប្រកួត​ចាប់ផ្តើម​។ ​Coco Gauff ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ ៧ ពិភពលោក​បាន​ក្រសោប​យក​ជ័យ​ជំនះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣ និង ៧-៦(៧-៤) ដែល​ធ្វើឱ្យ​កីឡាការិនី​វ័យ ២០ឆ្នាំ Raducanu ឡើង​មិន​ដល់​ជុំ​ទី៣ Grand Slam តាំងពី​ឈ្នះ​ជើងឯក US Open នៅ​ឆ្នាំ២០២១​។ ​​កីឡាការិនី​វ័យក្មេង​អាមេរិក Coco Gauff ក៏​ជា​បេក្ខភាព​ឈានមុខ​គេ​មួយរូប​ផងដែរ​ដែល​គេ​គិតថា​នឹង​អាច​ឈ្នះ​ជើងឯក Australian Open ឆ្នាំនេះ​។ ​​ងាក​មក​កីឡាការិនី​អាមេរិក Madison Keys បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ក្រោយ​យកឈ្នះ​កីឡាការិនី​ចិន Wang Xinyu ដោយ​លទ្ធផល ៦-៣ និង ៦-២​។ ​​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open នេះ​ពីរលើក Madison Keys នឹង​បន្ត​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Nadia Podoroska រឺក៏ Victoria Azarenka នៅ​ជុំ​ទី៣​។ ​​ចំណែកឯ​កីឡាការិនី​ឡេ​តូ​នី Yelena Ostapenko បាន​យកឈ្នះ​កីឡាការិនី​ហុង​គ្រី Anna Bondar ៧-៦(៧-៥) ៥-៧ និង​សិត​ចុងក្រោយ ៦-០​។ ​​កីឡាការិនី​លំដាប់​លេខ ១៧ រូបនេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៩៥ ពិភពលោក Kateryna Baindl៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM