Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

FFC ​និង​ FIFA ​សម្ពោធ​ទីលាន និង​សាលា​តម្រង់​ទិស ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់ ២៥​រាជធានី​-​ខេត្ត​

2023/01/17 06:27:03 pm        526
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ ​(FIFA) នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ នេះបានរៀបចំ​ពិធី​សម្ពោធ​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​រាជធានី​-​ខេត្ត​ទាំង ២៥ និង​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់​តាម​សាលា​ទាំង ២៥​រាជធានី​-​ខេត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​ ​កម្មវិធី​សម្ពោធ​ទីលាន និង​សាលា​តម្រង់ទិស​រួម​នេះធ្វើឡើង​នៅ​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់នៃ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប ក្រោម​វត្តមាន​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយក៏​មានការ​ចូលរួម​ពី​លោកស្រី​ Fatimata Sidibe ​ប្រតិភូ​តំណាង​ FIFA ​ផងដែរ។​ ​លោក កែវ សារ៉េត បាន​គូសបញ្ជាក់ថា កម្មវិធី​នេះ​រៀបចំឡើង បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់ ២៥​រាជធានី​-​ខេត្តបានបញ្ចប់​ជា​ស្ថាពរក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ FIFA ​ដែល​ដំណើរការ​តាំងពី​ឆ្នាំ​២០១៧ រហូត​ខែឧសភា ឆ្នាំ​២០២១។ តែដោយសារ​ជំងឺ​រាត​ត្បាត​ជាស​កល​កូ​វីដ​-១៩ ទើប​សហព័ន្ធ និង​ FIFA ​ពន្យា​ពេល​រៀបចំ​ពិធី​សម្ពោធ​រួមរហូតដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ នេះ។​ ​លោក​បន្ដថា ការគាំទ្រ​នូវ​គម្រោង​សាងសង់​ទីលាន និង​សាលា​តម្រង់ទិស​នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ សម្រាប់​អនាគត​បាល់ទាត់​កម្ពុជា ជាក់ស្ដែង​កន្លងមកបន្ទាប់ពី​សាលា​តម្រង់ទិស​ទាំង ២៥​រាជធានី​-​ខេត្តត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្ដបន្ទាប់ សហព័ន្ធ​ក៏បាន​សម្រិតសម្រាំង​យុវជន​ល្អៗ​ជាច្រើន មក​បណ្ដុះបណ្ដាល​ក្នុង​មជ្ឈមណ្ឌល​រួមនៃ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី រហូត​ទទួលបាន​នូវ​ធនធាន​កីឡាករ​ល្អៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​ ​ការណ៍​ស្របពេល​កម្ពុជាមាន​ទីលាន និង​សាលា​តម្រង់ទិស​គ្រប់​រាជធានី​-​ខេត្ដ​ហើយ​នោះ ក្នុង​ពិធី​សម្ពោធ​រួមដែលមាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ FIFA ​នេះដែរ សហព័ន្ធក៏បាន​ភ្ជាប់​ជាមួយ​នូវ​ការសម្ពោធ​កម្មវិធី​ Football For School ​ឬ​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់​តាម​សាលា​ទាំង ២៥​រាជធានី​-​ខេត្ត សម្រាប់​យុវជន​ថ្នាល​ពី​អាយុ ៦​ឆ្នាំដល់ ១២​ឆ្នាំ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ទៀត​ផង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត។​ ​ជាមួយគ្នា​ដែរលោកស្រី​ Fatimata Sidibe ​បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​សមិទ្ធផល​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពិសេស​លោកស្រី​បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​ជំរុញ​ឲ្យ​សាលា​តម្រង់ទិស​លេច​វត្ត​មាននៅ​គ្រប់​រាជធានី​-​ខេត្ត។ លោកស្រី​មាន​សុទិដ្ឋិនិយម​ថា ទីលាន និង​សាលា​តម្រង់ទិស​ទាំងអស់​នោះនឹង​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​ផលិត​បាន​នូវ​ធនធាន​កីឡាករ​ល្អៗ ឆ្ពោះទៅរក​ការប្រកួតប្រជែង​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ៕ ​អត្ថបទ៖ លី ឈុន​ឡា

ថៃ​លើក​ពាន​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៧ ក្រោយ​ឈ្នះ​វៀតណាម​សរុប​ទាំងពីរ​ជើង ៣-២

2023/01/17 05:40:17 pm        83
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ថៃទី​បំផុត​អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​បាន ក្រោយ​យកឈ្នះ​វៀត​ណាម ១-០ នៅ​​ជើង​ទី២ និង​សរុប​ទាំងពីរ​ជើង ៣-២ លើក​ពាន​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី៧ ក្នុង​ប្រវត្តិសាស្ត្រ​។ ​​ក្រុម​របស់លោក Mano Polking បាន​កាន់​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ២គ្រាប់​បន្ទាប់ពី​ស្មើគ្នា​ជើង​ទី១ នៅ​ទីក្រុង ហាណូយ ២-២​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់​ថៃ​សម្រេចបាន​នៅ​នាទី​ទី២៤ ដោយ​ខ្សែការពារ​ឆ្វេង Theerathon Bunmathan​។ ​​ថៃ​គឺជា​ជើងឯក​ព្រឹត្តិការណ៍​បាល់ទាត់ ២ឆ្នាំ​ម្តងនេះ​កាលពី​ឆ្នាំមុន​នៅ​ទឹកដី​សិង្ហ​បុរី ក្រោយ​ឈ្នះ​ឥណ្ឌូនេស៊ីក្នុងការ​ប្រកួត​ដែល​ត្រូវបាន​ពន្យា​ពេល ១២ខែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ​​Theerathon Bunmathan ត្រូវបាន​ប្រកាស​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Mitsubishi Electric Cup 2022 នេះ ស្រប​ពេលដែល​ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda និង​ខ្សែប្រយុទ្ធ​វៀតណាម Nguyen Tien Linh ឈ្នះ​ជ័យលាភី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​សរុប ៦គ្រាប់​ដូចគ្នា​។ ​​សូមបញ្ជាក់ថា ​តាំងពី​បង្កើតឡើង​នៃ​ពាន​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​តាំងពី​ឆ្នាំ១៩៩៦ មានតែ​ថៃ​ទេ​ឈ្នះ​ជើងឯក​ច្រើនជាងគេ​សរុប ៧លើកតាម​ពីក្រោយ​ដោយ​សិង្ហ​បុរី ៤លើក, វៀតណាម ២លើក និង​ម៉ាឡេស៊ី ១លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថា មន្ដ្រី​បច្ចេកទេស​យល់​ច្បាស់​ពី​ច្បាប់​ធ្វើ​ឲ្យ​កីឡាករ​ប្រកួត​ដោយ​ទំនុកចិត្ត​

2023/01/17 05:15:52 pm        135
​សូ​ហ្វ​តិ​ន្នី​ស​៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានចាត់ទុក​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​គ្រូបង្វឹកគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការបង្កើន​ទំនុកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី តាមរយៈ​ការយល់​ច្បាស់​ពីបទ​បញ្ជា​បច្ចេកទេសនៃ​ការប្រកួត។​ ​ការលើកឡើង​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ ​និង​អាជ្ញាកណ្តាលថ្នាក់ជាតិឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១៦ ខែមករា​ម្សិលមិញ បន្ទាប់ពី​ដំណើរការ​សិក្សា ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ដ​ផ្ទាល់​រយៈពេល ៥​ថ្ងៃកាលពី​សប្ដាហ៍​មុននៅ​មជ្ឈមណ្ឌល​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បញ្ជាក់ថា ក្នុងនាម​មន្ដ្រី​បច្ចេកទេសដែលមាន​ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម រួមទាំង​គ្រូបង្វឹក ក្រៅពី​ការបង្ហាត់បង្រៀន​នូវ​បច្ចេកទេស​កីឡាគឺ​ត្រូវ​យល់ដឹង​ច្បាស់​ពី​ច្បាប់​ប្រកួត តាមរយៈ​ការសិក្សា​ស្វែងយល់​ឲ្យ​ទាន់​តាម​សភាពការណ៍​អន្ដរជាតិ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ទាំងអស់នោះដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន។​ ​ដូច្នេះ​នៅពេល​កីឡាករ​-​កីឡាការិនីយល់ដឹង​ពី​ច្បាប់ ឬ​គោលការណ៍​នានា ដល់ពេល​ប្រកួត​ក៏មាន​ទំនុកចិត្ត​ខ្ពស់​ផងដែរ ពិសេស​នៅពេល​មានការ​កាត់សេចក្ដី​ខុស​ណាមួយ គឺមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ដើម្បី​តវ៉ា។ ផ្ទុយទៅវិញ ប្រសិនបើ​កីឡាករ​-​កីឡាការិនីខ្វះ​ការយល់ដឹង ពួកគេ​នឹងត្រូវ​ប្រកួត​ដោយ​ស្រពេចស្រពិល ហើយ​អាច​ឈានដល់​ការបាក់​ទឹកចិត្ត​ទៀតផង។​ ​ដោយហេតុនេះ ឯកឧត្តម​ជំរុញ និង​លើកទឹកចិត្ដដ​ល់​សិក្ខាកាម​ទាំងអស់ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ​នេះ ត្រូវ​បន្ដ​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែមពាក់ព័ន្ធ​នឹង​ច្បាប់​អន្ដរជាតិ ពិសេស​ត្រូវ​បន្ដ​ទំនាក់ទំនង​ជាប់​ជាមួយ​គ្រូឧទ្ទេស ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួនឆ្ពោះទៅរក​ការចែករំលែក និង​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី ប្រកបដោយ​សក្ដានុពល​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​ឯកឧត្តម យិ​ត ភីរ​: អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះមាន​សិក្ខាកាម​ចូលរួម ៣៦​នាក់ដែល​បង្ហាត់បង្រៀន​គ្រូឧទ្ទេស ២​រូបគឺ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​លោក​ OGIWARA Masato ​និង​មន្ដ្រី​បច្ចេកទេស​កម្ពុជា​លោក យី សារិន។ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​លទ្ធផល​នៃ​ការសិក្សា​ ​ដោយមាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​រហូតដល់ ៧០% និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ១០% ប៉ុណ្ណោះ៕ ​អត្ថបទ៖ លី ឈុន​ឡា

ក្លិប​បាល់ទះ​ខេត្ត​កោះកុង​បើក​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​លោកជំទាវ មិថុនា ភូ​ថង

2023/01/17 05:02:45 pm        85
​បាល់​ទះ៖ ក្លិប​បាល់ទះ​នៅ​ខេត្ត​កោះកុង​បាន​បើក​ការប្រកួត​ ដណ្តើម​ពាន​រង្វាន់​របស់​លោកជំទាវ មិថុនា ភូ​ថង អភិបាល​ខេត្ត ក្នុង​ន័យ​លើកស្ទួយ​វិស័យ​កីឡាបាល់ទះ​ថ្នាក់​មូលដ្ឋាន​​ឱ្យ​បានកាន់​តែ​ច្រើន​។ ​​លោក​ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ឱ្យដឹង​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៣​ ថា ដំណើរការ​ប្រកួត​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ រហូតដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០១៣ ដើម្បី​ស្វែងរក​ជើងឯក​ដោយមាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​ ១២​ក្រុម​។​ ​ក្នុង​ពិធី​បើក​ការប្រកួត​ដណ្តើម​ពាន​រង្វាន់​កីឡាបាល់ទះ​របស់​លោក​ជំទាវ មិថុនា ភូ​ថង លោកស្នងការ​នគរបាល​ខេត្ត​គូស​បញ្ជាក់​ថា ការដែល​ផ្តួចផ្តើម​ឱ្យ​ជា​ការ​ប្រកួត​បាល់ទះ​នេះ​ឡើងគឺ​ក្នុង​គោល​បំណង ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ចៀសវាង​អំពើ​អបាយ​មុខ​ផ្សេងៗ​ជំនួយ​មកវិញ​នូវ​សាមគ្គីភាព និង​សុខភាព​រឹងមាំ​ល្អ​ជាដើម​។​ ​លោក គង់ មនោ ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត​បន្ថែម​ទៀត​ដែរ​ថា ការ​លេង​កីឡា​ក៏​ជា​ចំណែក​មួយ​ពង្រឹង​សមត្ថភាព ​គៀង​គរ​លើកស្ទួយ​វិស័យ​លេង​កីឡាបាល់ទះ​នៅ​ថ្នាក់មូលដ្ឋាន​កាន់តែច្រើន ដើម្បី​សុខភាព និង​ឈាន​ដល់​ចូលរួម​ប្រកួតប្រជែង​កម្រិត​ជាតិ​។​ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២២​ កន្លងទៅ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏​ធ្លាប់​បាន​បំផុស​ស្មារតី​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត ចាំបាច់​បង្កើន​ការ​ពង្រឹង​ចំណេះដឹង​សមត្ថភាព ​ដល់​អ្នក​ដែល​មាន​ចាប់អារម្មណ៍​ចូលរួម​លេង​កីឡា​កាន់​តែ​ច្រើន​ តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ឈាន​ទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់​ជាតិ ឬ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ខាងមុខ​។ ​លោកជំទាវ​អភិបាលខេត្ត​សង្កត់​ធ្ងន់​ថា ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​នោះ​ទេ អ្នក​នឹង​ទទួល​បរាជ័យ​នៅ​លើ​ទីលាន​ប្រកួត​។​ ​គួរ​កត់​សម្គាល់​ថា ៤​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កីឡា​នៅ​ខេត្ត​កោះកុង​ទទួលបាន​ភាព​រីកចម្រើន​ជាខ្លាំង ហើយ​ទាំង​ទទួលបាន​មេដាយ​សំខាន់ៗ​ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ​ផងដែរ ដូចជា​កីឡាបាល់ទាត់ កីឡា​ទាត់សី​ស្លាប កីឡា​តៃ​ក្វា​ដូ និង​កីឡា​ប្រណាំង​ម៉ូតូ​ទឹកជាដើម​៕អត្ថបទ៖ ឈឹម មករា

Judd Trump គ្រង​ជើងឯក​ស្នូកឃ័រ Masters លើក​ទី២ ក្រោយ​ឈ្នះ Mark Williams តានតឹង​

2023/01/16 10:10:35 pm        165
​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Judd Trump បាន​គ្រង​ជើង​ឯកនៃ​ការប្រកួត​ពានរង្វាន់ Masters ជា​លើក​ទី២ ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡា​ករវែល Mark Williams តានតឹង​ដោយ​លទ្ធផល ១០-៨​ហ្វ្រេ​ម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ជើងឯក​លើក​ទី២ របស់ Judd Trump ដែល​ធ្លាប់​ឈ្នះ​លើកដំបូង​នៅ​ឆ្នាំ២០១៩ និង​បាន​ក្លាយជា​កីឡា​ករទី១១ ដែល​ឈ្នះ​ជើងឯក Masters នេះ​លើស​ពី​ម្តង​។ ​​Judd Trump បាន​នាំមុខ​ការប្រកួត ៥-៣ហ្វ្រេ​ម​នៅ​ដំណាក់កាល​ដំបូង​ពេលព្រឹក តែ​ភាព​តានតឹង​គឺ​នៅពេល​ល្ងាច​ដំណាក់កាល​ទី​២ បន្ទាប់​ពី Mark Williams វាយបក​មក​នាំមុខ​ពីរ​លើក ៧-៦ និង ៨-៧​ហ្វ្រេ​ម មុន​ពេល​ដែល​ចុងក្រោយ Judd Trump ឈ្នះ ៣​ហ្វ្រេ​ម​ផ្ទួនៗ និង​បញ្ចប់​ដោយ​លទ្ធផល ១០-៨​ហ្វ្រេ​ម​។ ​ជើងឯក Masters នេះ Judd Trump ទទួលបាន​ប្រាក់រង្វាន់ ២៥០,០០០​ផោន ​ខណៈ​ជើងឯក​រង Mark Williams ទទួល​បាន ១០០,០០០​ផោន​។ ​​មុន​ការប្រកួត​នេះ​កីឡា​ករវែល Mark Williams បាន​ប៉ុនប៉ង​ចង់​ឈ្នះ​ជើងឯក និង​ក្លាយ​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ឈ្នះ​ជើងឯក Masters ក្នុង​វ័យ ៤៧​ឆ្នាំ ៣០០​ថ្ងៃ​។ ​កីឡា​ករវែល​រូប​នេះ​ខកខាន​ឈ្នះ​ជើងឯក Masters នេះ​រយៈពេល ២០​ឆ្នាំ​មក​ហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leeds ទិញ​ខ្សែប្រយុទ្ធ Hoffenheim, Georgino Rutter ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប​

2023/01/16 09:43:16 pm        79
​បាល់ទាត់៖ ​ក្លិប​ Leeds United បានសម្រេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ក្លិប​អាល្លឺម៉ង់ Hoffenheim, Georgino Rutter ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប​។ ​កីឡាករ​វ័យ ២០ឆ្នាំ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី Elland Road ដោយ​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំកន្លះ​ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ដល់​ទៅ ៣៦លាន​ផោន​។​Rutter បាន​ស៊ុត​បញ្ចូល​ទី ១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៦៤ប្រកួត​នៅ​ក្របខណ្ឌ Bundesliga បន្ទាប់ពី​ផ្លាស់​ពី​ក្លិប​បារាំង Rennes កាលពី​ឆ្នាំ២០២១​។ ​Rutter បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ផ្លាស់​មកកាន់ Leeds ក្នុង​ខែមករា​នេះ បន្ទាប់ពី​ខ្សែការពារ Max Wober ដែល​ផ្លាស់​មកពី​ក្លិប​អូទ្រីស RB Salzburg ក្នុងតម្លៃ​ប្រមាណ ១០លាន​ផោន​។ ​​កីឡាករ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២០ឆ្នាំ​រូបនេះ​នឹង​មិនអាច​បង្ហាញខ្លួន​ភ្លាមៗ​ឱ្យ Leeds បានឡើយ​នៅពេល​ជួប​ជាមួយ Cardiff City ថ្ងៃ​ពុធ​នេះ​ពាន FA Cup តែ​នឹង​អាច​បង្ហាញខ្លួន​ដំបូង​នៅ Premier League នៅពេល Leeds ទទួល Brentford ថ្ងៃទី២២ ខែមករា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea នាំយក​ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Mykhailo Mudryk ផ្លូវការ​ពី Shakhtar Donetsk តម្លៃ ៨៩​លាន​ផោន​

2023/01/16 09:22:48 pm        85
​បាល់ទាត់៖ ​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Mykhailo Mudryk ជា​ផ្លូវការ​ពី​ក្លិប​អ៊ុយ​ក្រែ​ន Shakhtar Donetsk ក្នុងតម្លៃ ៨៩លាន​ផោន​។ ​​ការមកដល់​របស់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏បាន​បញ្ចប់​ការប៉ុនប៉ង​ចង់បាន​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ផងដែរ តែ​នៅពេលនេះ​បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​តោ​ខៀវ Chelsea ផ្លូវការ​ក្រោយ​ចុះកិច្ចសន្យា​រយៈពេល ៨ឆ្នាំកន្លះ និង​បាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ផងដែរ​មុន​ការប្រកួត​ដែល Chelsea ឈ្នះ Crystal Palace យប់មិញ ១-០​។ ​​Mykhailo Mudryk បាន​ស៊ុត​បញ្ចូល​ទី ៧គ្រាប់ និង​ប៉ះ​បញ្ជូន ៧បាល់​ក្នុងការ​បង្ហាញខ្លួន ១២លើក​ក្នុង​លី​គ​រដូវ​កាល​នេះ​ឱ្យ Shakhtar Donetsk បូក​បញ្ចូល​ទាំង ៣គ្រាប់​នៅ UEFA Champions League ផងដែរ​។ ​​Mudryk បាន​ក្លាយជា​កីឡា​ករទី៥ ដែល​មកកាន់ Stamford Bridge ក្នុង​ខែមករា​នេះ​បន្ទាប់ពី Joao Felix ពី Atletico Madrid ក្នុង​កិច្ចសន្យាខ្ចី រួមជាមួយ​នឹង Benoit Badiashile, David Dastro Fofana និង Andrey Santos​។​ ​​តាំងពី​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​មក Chelsea បាន​ចំណាយលុយ​ជាង ៤០០លាន​ផោន​ហើយ​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ ក្រោម​ការវិនិយោគ​របស់​អ្នកជំនួញ​អាមេរិក Todd Boehly កាលពី​ខែឧសភា​ ឆ្នាំ២០២២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nasser Al-Attiyah គ្រង​ជើងឯក Dakar Rally លើក​ទី​៥

2023/01/16 07:35:13 pm        82
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​ជើងចាស់​សញ្ជាតិ​កាតា Nasser Al-Attiyah បាន​គ្រង​ជើងឯក​ការប្រណាំង​រថយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ជា​លើក​ទី៥ ក្នុង​អាជីព ស្របពេល​កីឡាករ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​ផ្នែក​ម៉ូតូ​។ ​​Al-Attiyah ដែលជា​អ្នកការពារ​តំណែង​ជើងឯក​ជាមួយនឹង​ជំនួយការ​សញ្ជាតិ​បារាំង Mathieu Baumel បើកបរ​រថយន្ត​តូយ៉ូតា បានបញ្ចប់​ការប្រកួត​ដំណាក់កាល​ចុងក្រោយ​នៅ​ចំណាត់ថ្នាក់​លេខ ១៤ តែ​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​រួម មាន​វេលា​ចំណេញ​ពី​អ្នក​លេខ២ កីឡាករ​បារាំង​ជើងឯក Rally ពិភពលោក ៩សម័យ Sebastien Loeb ដល់​ទៅ ១ម៉ោង ២០នាទី​។ ​​កីឡាករ​សញ្ជាតិ​កាតាដែល​នាំមុខគេ​តាំងពី​ដំណាក់កាល​ទី៣ បច្ចុប្បន្ន​ឈរ​លេខ២ ក្នុង​តារាង​អ្នក​ដែល​ឈ្នះ​ជើងឯក Dakar Rally ច្រើនជាងគេ​លើ​ផ្នែក​រថយន្ត​តាម​ពីក្រោយ​កីឡាករ​បារាំង Stephane Peterhansel ដែល​ឈ្នះ​សរុប​ដល់​ទៅ ៨លើក​។​ ​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides បាន​យកឈ្នះ​ប្រជែង​ឈ្នះ​កីឡាករ​អូស្ត្រាលី Toby Price នៅ​ដំណាក់កាល​ចុងក្រោយ​ដោយ​មក​ដល់ទី​ព្រ័ត្រ​មុនគេ ៥៥វិនាទី និង​បាន​ក្លាយជា​ជើងឯក​ផ្នែក​ម៉ូតូ​ក្រោយ​មាន​វេលា​ចំណេញ​ពី Toby Price ៤៣វិនាទី​ដែល​ដំបូង​ឡើយជា​អ្នក​នាំមុខគេ​។ ​​ផ្នែក​ម៉ូតូ​កង់​បួន​កីឡាករ​បារាំង Alexander Giroud គឺជា​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា ខណៈ​ផ្នែក​រថយន្ត​ធំ​កីឡាករ​ហូ​ឡង់ Janus Van Kasteren ប្រើប្រាស់រថយន្ត Ivesco និង​បានបញ្ចប់​ដំណើរ​ជោគជ័យ​របស់រ​ថយ​ន្ត Kamaz ដែល​កាន់កាប់​ជើងឯក​តាំងពី​ឆ្នាំ២០១៧៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួង​ការងារ​បន្ដ​ជ័យជម្នះ​ក្នុង​ពាន​អន្ដរក្រសួង ខណៈ​ក្រសួងពាណិជ្ជកម្ម​រក​បាន ៣​ពិន្ទុ​ដំបូង

2023/01/16 06:54:24 pm        97
​បាល់ទាត់៖ ក្រុមបាល់ទាត់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ដ​ជ័យជម្នះ​របស់ខ្លួនក្នុង​ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ ដើម្បី​គ្រង​កំពូល​តារាង​ពូ​ល​ A ​បណ្ដោះអាសន្ន ស្របពេល​ក្រុម​ក្រសួងពាណិជ្ជកម្ម រកបាន ៣​ពិន្ទុ​ដំបូងក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូ​ល​ជុំ​ទី​២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក ក្រុមបាល់ទាត់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបាន​យកឈ្នះ​ក្រុម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទដោយ​លទ្ធផល ៦-០។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រសួង​ការងារ​មាន ៦​ពិន្ទុ​ពេញ បន្ទាប់ពី​ប្រកួត​បើកឆាក​ឈ្នះ​ក្រុម​ក្រសួងពាណិជ្ជកម្មដោយ​លទ្ធផល ៣-១ កាលពី​ថ្មីៗ។​ ​ចំណែក​ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ទី​២ របស់ខ្លួនលើ​ក្រុម​ក្រសួង​រ៉ែ និង​ថាមពលដោយ​លទ្ធផល ៧-២។ ជ័យជម្នះ​លើកដំបូង​នេះ​បានធ្វើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ឡើងឈរ​លេខ​២ បណ្ដោះអាសន្ន​ក្នុង​ពូ​ល​ A ​ដោយមាន ៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ដូចគ្នា៕​អត្ថបទ៖ លី ឈុន​ឡា

Arsenal ឡើង​នាំ​មុខដាច់ ៨​ពិន្ទុ​ក្រោយ​ឈ្នះ​នៅ​ទឹកដី Spurs ២-០

2023/01/16 06:27:07 pm        72
​បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បន្ត​ទម្រង់​អស្ចារ្យ​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ ក្រោយ​យកឈ្នះ​នៅ​ទឹកដី Tottenham Hotspur ២-០ ដើម្បី​ពន្លាត​ការនាំ​មុខ​នៅ Premier League ដល់ ៨ពិន្ទុ​ពី Manchester City​។ ​​​ក្រុម​របស់លោក Mikel Arteta នៅតែ​ជា​ក្រុម​មានប្រៀប​នៅ​ចំពោះមុខ​អ្នកគាំទ្រ Spurs និង​បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៤ ដែលជា​ការ​ស៊ុត​របស់ Martin Odegaard តែ​បុក​អ្នកចាំទី Hugo Lloris ផ្លាត​ចូល​ទី និង​ត្រូវ​ចាត់ទុកថាជា​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ដោយ​អ្នកចាំទី​បារាំង​។ ​ក្រោយមក​ខ្សែបម្រើ​ន័​រវេ​ស​ដដែល​នេះ ក៏​រកបាន​គ្រាប់​របស់ខ្លួន​ទាល់តែ​បាន​នៅ​នាទី​ទី៣៦ ដែលជា​ការ​ស៊ុត​ពី​ចំងាយ​យ៉ាង​ល្អ​។ ​​អ្នកចាំទី Arsenal, Aaron Ramsdale គឺជា​តួអង្គ​សំខាន់​ក្នុងការ​ប្រកួត​នេះដែរ​ តាមរយៈ​ការជួយ​សង្គ្រោះ​បាល់​សំខាន់ៗ​ជាច្រើន និង​ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​ផងដែរ​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Arsenal ឡើងមក​នាំមុខ​ដាច់​ដល់​ទៅ ៨ពិន្ទុ​ពី​ក្រុម​លេខ២ Manchester City ដែល​ចាញ់​នៅ​ទឹកដី Manchester United ២-១ កាលពី​ថ្ងៃ​សៅរ៍​។ ​ប្រកួត​បន្ទាប់ Arsenal ត្រូវ​ទទួល Manchester United នៅ​ថ្ងៃអាទិត្យ​ទី២២ ខណៈ Spurs ត្រូវ​ទៅ​ទឹកដី Manchester City យប់​ថ្ងៃ​ព្រហស្បតិ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM