Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

កីឡា​ឧបសគ្គ​បង្កើត​សហព័ន្ធ​ផ្លូវការ ដើម្បី​ឆ្លើយតប​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/16 06:03:23 pm        71
​កីឡា​ឧបសគ្គ​៖ សហព័ន្ធ​កីឡា​ឧបសគ្គ​កម្ពុជាត្រូវបាន​បង្កើតជា​ផ្លូវការ​ហើយ ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​ដើម្បី​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ដឹកនាំ​ត្រឹមត្រូវឆ្ពោះទៅរក​ការអភិវឌ្ឍ និង​រីកចម្រើន ពិសេស​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​នេះ​បើ​យោងតាម​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិអាណត្តិ​ទី​១ ឆ្នាំ​២០២៣​-​២០​២៧ របស់​សហព័ន្ធ​កីឡា​ឧបសគ្គ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការចូលរួម​ជា​សក្ខីភាព​ពី​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក តែម ម៉ឺន អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​កីឡា​ឧបសគ្គ គឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម​កីឡា ៣៨​ប្រទេស ដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ការណ៍​នេះនាំ​ឲ្យ​អាជ្ញាធរ​កីឡាដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​អាណាព្យាបាល ជំរុញ​ឲ្យ​មានការ​បង្កើត​សហព័ន្ធ​ឡើង ស្របតាម​យន្ដការ​ជាតិ និង​អន្ដរជាតិ ដើម្បី​ត្រៀមខ្លួន​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនា​ខែឧសភា​ខាងមុខ។​ ​ចំពោះ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​អាណត្តិ​ទី​១ នេះគឺមាន​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ចំនួន ១៣​នាក់រួមមាន​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា ជា​ប្រធាន​សហព័ន្ធ រួមទាំង​លោក ខេ​ស៊ី បា​ណេ​ត​, ​លោក ឌី សុ​វណ្ណា​, ​លោក ជី​ម គីម​ហ៊ុយ​, ​លោក ឃី សុភា និង​លោក ខ្ចៅ សុភាព ជា​អនុប្រធាន។ លោក សុទ្ធ រ៉ា​ដា​កូ ជា​អគ្គ​ហេ​រញ្ញឹក និង​មាន​លោក ធិ​ន វិចិត្រ ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង​ម្នាក់ និង​សមាជិក ៤​រូប​ផ្សេងទៀត។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន។ ឯកឧត្តម​បាន​ក្រើន​រំ​លឹ​កថា កីឡា​ឧបសគ្គក៏មាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​ដែរ ហេតុនេះសហព័ន្ធ​មាន​ភារកិច្ច​ជាច្រើន​ត្រូវធ្វើ ដ្បិត​សល់​រយៈពេល​ខ្លីសម្រាប់​រៀបចំ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនីដើម្បី​ធានាបាន​នូវ​គុណ​ផល​កម្រិត​ខ្ពស់ ត្រៀម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។ ចំពោះ​ក្រសួង​អប់រំគឺ​បាន​ប្ដេជ្ញា​គាំទ្រ​ពេញទំហឹង ដូច​សហព័ន្ធ​កីឡា​ដទៃ​ដែរ។​ ​ជាមួយគ្នា​នោះ ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា ក្នុងនាម​ប្រធាន​សហព័ន្ធ​ក្មេងខ្ចី​នេះ បានធ្វើការ​ប្ដេជ្ញា​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​សហព័ន្ធ​ឲ្យ​មាន​ភាព​រីកចម្រើន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស សម្រាប់​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ពិសេស​បេសកកម្ម​ដ៏​សំខាន់​ចំពោះមុខ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា

Xavi ដឹកនាំ Barcelona លើក​ពាន​លើកដំបូង​ក្រោយ​ឈ្នះ Real Madrid វគ្គ​ផ្តាច់ព្រ័ត្រ Spanish Super Cup

2023/01/16 05:33:52 pm        86
​បាល់ទាត់៖ ​អ្នកចាត់ការ និង​ជា​អតីត​ខ្សែបម្រើ Xavi Hernandez បាន​ដឹកនាំ Barcelona ឈ្នះ​ពាន​ជា​លើកដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ​របស់ខ្លួន​ក្រោយ​យកឈ្នះ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Spanish Super Cup ៣-១ លើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ La Liga, Barcelona គឺជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តាមរយៈ​ការនាំ​មុខ​ដោយ​កីឡាករ​វ័យ ១៨ឆ្នាំ Gavi និង Robert Lewandowski នៅ​វគ្គ​ទី១​។ Real Madrid រកតែ​ឱកាស​ស៊ុត​ឱ្យចំ​គោលដៅ​មិនបាន​សូម្បី​មួយ​លើក​នៅ​វគ្គ​ទី១ ខណៈ​វគ្គ​ទី២ បាន​ត្រឹម​ព្យាយាម​បិទ​មិនឱ្យ​របូត​គ្រាប់​បាល់​បន្ថែម​ប៉ុណ្ណោះ មុនពេល​ដែល Pedri ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ ៣-០ ឱ្យ Barcelona តែ Real Madrid ក៏​តប​បាន​មួយ​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​ដោយ Karim Benzema តែ​យឺត​ពេល​ទៅហើយ​។ ​សូមបញ្ជាក់ថា​ នេះ​ជា​ជើងឯក Spanish Super Cup លើក​ទី១៤ សម្រាប់ Barcelona និង​នៅតែ​ឈរលើ​គេ​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​នេះ​ច្រើនជាងគេ ខណៈ Real Madrid ឈ្នះ​សរុប ១២លើក​។ ​នេះ​ជាការ​ប្រកួត​ពាន Spanish Super Cup លើក​ទី៤ ដែល​ធ្វើ​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ ខណៈ​បី​លើក​មុនៗ Real Madrid ឈ្នះ ២លើក និង Athletic Bilbao ឈ្នះ​មួយ​លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​បំផ្ទុះ​ការផ្សព្វផ្សាយ​ដំណើរ​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

2023/01/16 05:15:43 pm        563
​ស៊ីហ្គេម៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់បំផ្ទុះ​ការផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ ពិសេស​ក្នុងឱកាស​នៅសល់ ១០០​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា​ខាងមុខ ដើម្បី​បំផុសស្មារតី​គាំទ្រ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​ ​ការជំរុញ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គីលើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានប្រមាណ​ជិត ៥​ពាន់​នាក់កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣ កន្លងទៅ នៅ​សាល​ពិ​ព័រណ៍​កោះ​ពេជ្រ។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឱ្យបាន​ផុលផុស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុង​ការប្រកួត​នាពេលខាងមុខ។​ ​គួរ​បញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា​នេះគឺ​នៅសល់​រយៈពេល ១០៩​ថ្ងៃ។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នឹង​រៀបចំ​នូវ​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា ហើយក៏​ដើម្បី​បង្ហាញថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ទទួល​រៀបចំ​ការប្រកួត​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

ក្រសួង​វប្បធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​រកបាន ៣​ពិន្ទុ​ពី​ជំនួប​បើកឆាក​ពាន​អន្ដរក្រសួង​-​ស្ថាប័ន​

2023/01/16 04:55:36 pm        107
​បាល់ទាត់៖ ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ បានបញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុជុំ​ទី​១ តាម​ពូ​ល​នីមួយៗ ហើយ ខណៈ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបានទទួល ៣​ពិន្ទុ​ពេញ​រៀងខ្លួនពី​ការប្រកួត​បើកឆាក​ពូ​ល​ G ​និង​ពូ​ល​ H ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ទីលាន​ The Blue​។​ ​សម្រាប់​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​យកឈ្នះ​ក្រុម​ក្រសួង​ធម្មការ និង​សាសនាដោយ​លទ្ធផល ៥-០។ ៥​គ្រាប់ដែល​ជួយ​ឲ្យ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈឈរ​កំពូល​តារាង​ពូ​ល​ G ​បណ្ដោះអាសន្ន​នេះធ្វើ​សម្រេច​ដោយ​កីឡាករ ញឹក ស៊ិ​យ៉ុង ៤​គ្រាប់ និង​កីឡាករ ខុន ច័​ន្ធ​ស៊ីណា ១​គ្រាប់។​ ​ចំណែក​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបាន​យកឈ្នះ​ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិដោយ​លទ្ធផល ២-០។ គ្រាប់​បាល់​ជ័យជម្នះ​បើកឆាក​ពូ​ល​ H ​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ តែ ត្រា​នី​ត និង​កីឡាករ យី​ត ស៊ុន​ណា​រោ​ឧ​ត្ត​ម។​ ​បន្ទាប់ពី​ការប្រកួត​នេះ ក្រុម​ទទួលបាន​ជ័យជម្នះ​ទាំងពីរនឹងត្រូវ​ធ្វើការ​ប្រកួត​ទី​២ ក្នុង​ពូ​ល​របស់ខ្លួននា​ដើមខែ​កុម្ភៈ​ខាងមុខ ដោយ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈត្រូវ​ជួប​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីត្រូវ​ជួប​ក្រុម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន៕ អត្ថបទ៖ លី ឈុន​ឡា

Sebastian Loeb បន្ត​ឈ្នះ​ដំណាក់កាល​ទី​១១ ទៀត​នៅ Dakar Rally តែ Al-Attiyah នៅតែ​នាំមុខ​

2023/01/13 09:55:47 pm        644
​ប្រណាំង​រថយន្ត៖ កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb នៅតែ​បន្ត​ឈ្នះ​ការប្រកួត ៤ដំណាក់កាល​ជាប់​គ្នា​នៅ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ក្រោយ​ឈ្នះ​ដំណាក់កាល​ទី១១ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ដំណាក់កាល​ទី១១ ដែលមាន​ចម្ងាយ​ផ្លូវ ២៧៤គីឡូម៉ែត្រ ម្ចាស់​ជើងឯក Rally ពិភពលោក ៩សម័យ​រូបនេះ​បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ២ម៉ោង ៥៦នាទី ១៤វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​បារាំង Guerlain Chicherit យឺត​ជាង ២នាទី ១៦វិនាទី និង​លេខ៣ កីឡាករ​ស៊ុយអែត Mattias Ekstrom​។ ​យ៉ាងណាក្តី​កីឡាករ​ជើងចាស់​កាតា Nasser Al-Attiyah កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក Dakar Rally ផ្នែក​រថយន្ត​ជា​លើក​ទី៥ ក្នុង​អាជីព​ក្រោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៥ ក្នុង​ដំណាក់កាល​ទី១១ នេះ​បន្ត​នាំមុខគេ​ក្នុង​តារាង​រួម​ចំណេញ​ពេល ១ម៉ោង ២១នាទី ៤វិនាទី​ពី​អ្នក​លេខ២ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes និង​លេខ Sebastian Loeb​។ ​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ អ្នកឈ្នះ​ក្នុង​ដំណាក់កាល​ទី​១១ នេះ​បាន​ទៅ​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides ខណៈ​អ្នក​មុខ​រួម​បែ​មកជា​កីឡាករ​អាមេរិក Skyler Howes វិញ​ចំណេញ​ពេល​ត្រឹម ២៨វិនាទី​ប៉ុណ្ណោះ​ទំលាក់​កីឡាករ​អូស្ត្រាលី Toby Price ទៅ​លេខ២ វិញ​។ ​សម្រាប់​ដំណាក់កាល​ទី១២ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៨៥គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gustavo Alfaro លាលែង​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​អេ​ក្វា​ដ័​រ​

2023/01/13 09:24:00 pm        164
​បាល់ទាត់៖ លោក Gustavo Alfaro បានសំរេច​ចិត្ត​ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ក្វា​ដ័​រហើយ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អេ​ក្វា​ដ័​រ​។ ​​អេ​ក្វា​ដ័​របា​ន​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​កាលពី World Cup 2022 កន្លងទៅ​នៅ​កាតា​ ក្រោយ​ចាញ់​សេ​ណេ​ហ្កា​ល់​ប្រកួត​ចុងក្រោយ ២-១​។ ​​បើតាម​សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា សហព័ន្ធ​បាល់​កីឡាបាល់ទាត់​អេ​ក្វា​ដ័​រ FEF គ្រោង​បន្ត​កិច្ចសន្យា​ដល់​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ តែ​លោក Gustavo បដិសេធ​។ ​​រំលឹកថា ​បុរស​វ័យ ៦០ឆ្នាំ​រូបនេះ​បានមក​កាន់តំណែង​ដឹកនាំ​ក្រុម​អេ​ក្វា​ដ័​រ​កាលពី​ឆ្នាំ២០២០ ឆ្លងកាត់​ការប្រកួត​សរុប ៣៥ប្រកួត​ក្នុង​តំណែង​។ ​​លោក Gustavo Alfaro បាន​នាំ​អេ​ក្វា​ដ័​រ​មាន​កៅអី World Cup ជា​លើក​ទី៤ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤ ក្នុងការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាមេរិក​ឡាទីន​នៅ​ពីក្រោម​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្កា​យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ខ្សែប្រយុទ្ធ​ហូ​ឡង់ Wout Weghorst ពី Burnley

2023/01/13 09:09:19 pm        112
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិហូ​ឡង់ Wout Weghorst ពី​ក្លិប​បាល់ទាត់ Burnley ដល់​ចប់​រដូវ​កាល​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​របស់ Burnley រូបនេះ​បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល​កន្លង​ទៅ ក្នុង​លក្ខខណ្ឌ​ខ្ចី​ផងដែរ​នៅ​ក្លិប​ទួ​រ​គី Besiktas តែ​នៅពេលនេះ​បាន​ហោះហើរ​មកកាន់​ទីក្រុង Manchester ដើម្បី​ពិនិត្យ​សុខភាព​មុនពេល​កិច្ចសន្យាខ្ចី​បំពេញ​រួចរាល់​ថ្ងៃនេះ​។ ​​កិច្ចសន្យាខ្ចី​ពី Burnley នៅពេលនេះ​មានន័យថា​ កិច្ចសន្យា​របស់ Besiktas ត្រូវបាន​លុបចោល​មុន​កំណត់​ បន្ទាប់ពី​ការចរចា​រវាង​ភាគី​ទាំងអស់​ព្រមព្រៀងគ្នា​រួចរាល់​។ ​​ត្រឹម​ពាក់កណ្តាល​រដូវ​កាល​នៅ​ទឹកដី​ទួ​រគី Wout Weghorst ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់ ​និង ៤បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៦លើក​ក្នុង​លី​គជា​មួយ Besiktas​។​ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ក៏​ជា​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup ផងដែរ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​អា​ហ្ស​ង់​ទីន​នៅ​ចុង​ម៉ោង​វគ្គ ៨ក្រុម​ចុងក្រោយ​មុនពេល​ហូ​ឡង់​ចាញ់​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​រំលឹក​ថា Wout Weghotst ត្រូវបាន Burnley ទិញ​ក្នុងតម្លៃ ១២លាន​ផោន​ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg កាលពី​ខែមករា​ឆ្នាំមុន និង​បង្ហាញខ្លួន​បាន ២០លើក​រកបាន ២គ្រាប់​តែ​មិនអាច​ជួយ Burnley គេច​ផុតពី​ការ​កាត់​ធ្លាក់​ទៅ​ក្របខណ្ឌ League Championship បាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ស្ថិតក្នុង​បញ្ជី​ឈ្មោះ​អាច​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA

2023/01/13 06:32:35 pm        181
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ ដែល​អាច​ឈ្នះ​ជយលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ឈ្នះ​ជើងឯក​ពិភពលោក​កាលពី​ខែធ្នូ​។ ​​ក្នុង​បញ្ជី​ឈ្មោះ​នេះ​គេ​ឃើញ​មាន​មិត្ត​រួម​ក្រុម Messi នៅ PSG, Kylian Mbappe រួមជាមួយ​កីឡាករ​អា​ហ្ស​ង់​ទីន​ផ្សេងទៀត​ដូចជា​អ្នកចាំទី Emiliano Martinez និង Julian Alvarez ក៏ដូចជា​ខ្សែប្រយុទ្ធ Manchester City, Erling Haaland ផងដែរ​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ១៤នាក់​ដែល​អាច​ឈ្នះ​។ ​​ក្រៅពីនោះ​ក៏មាន​ឈ្មោះ Robert Lewandowski, Kevin de Bruyne, Mohamed Salah, Neymar និង Achraf Hakimi រួមជាមួយ​ម្ចាស់​ពាន Ballon D’Or, Karim Benzema ផងដែរ​។ ​​ចំណែក​ពាន​គ្រូបង្វឹក​ឆ្នើម​វិញ​ឃើញ​មានឈ្មោះ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni គ្រូបង្វឹក Real Madrid, Carlo Ancelotti គ្រូបង្វឹក Manchester City, Pep Guardiola គ្រូ​បារាំង Didier Deschamps និង​គ្រូបង្វឹក​ម៉ា​រ៉ុ​ក Walid Regragui​។ ​​អ្នកចាំទី​ឆ្នើម​មានឈ្មោះ Alisson Becker របស់ Liverpool, Thibaut Courtois របស់ Real Madrid និង​អ្នកចាំទី Aston Villa និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Emiliano Martinez​។ ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ FIFA នឹង​ប្រកាស​បញ្ជី​ឈ្មោះ​បីនាក់​ចុងក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ធនាគារ​ជាតិ និង​ក្រសួង​រៀបចំ​ដែនដី​ចែក​គ្នា ១​ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​នៃ​ពាន​អន្ដរក្រសួង​-​ស្ថាប័ន​

2023/01/13 06:03:31 pm        92
​បាល់ទាត់៖ ក្រុមបាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ចែកគ្នា ១​ពិន្ទុ​ម្នាក់ក្រោយ​ប្រកួត​ស្មើគ្នា ៣-៣ ក្នុងការ​ប្រកួត​ដំបូងនៃ​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន​” លើក​ទី​៨ ឆ្នាំ​២០២២-២០២៣ ពូ​ល ​F។​ ​ការប្រកួត​នៅ​ទីលាន​ The Blue Sports Arena ​នេះ ក្រុម​ធនាគារជាតិ​នៃ​កម្ពុជាបាន​នាំមុខ ១​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ មាស មាន​និ​ស្ស័​ត នៅ​នាទី​១៨ មុន​បន្ថែម​គ្រាប់​ទី​២ ដោយ​កីឡាករ យិន សុ​ខៃ នៅ​នាទី​៥១ ។​ ​បន្ទាប់មក​ក្រុម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ក៏បាន​វាយបក​តាម​ស្មើ​ភ្លាមៗដោយ​ចំណាយពេល​ត្រឹម ៤​នាទីរកបាន ២​គ្រាប់ ដោយ​កីឡាករ ស្វាយ សុខ​រតនា និង​កីឡាករ គីម ផល្លា នៅ​នាទី​៦០ និង​នាទី​៦៣។​​ យ៉ាង​ណាក្ដី ៤​នាទី​ក្រោយមក​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា បាន​រកបាន​គ្រាប់​នាំមុខ​ជាថ្មីដោយ​កីឡាករ រដ្ឋា ធា​ណុ​ច នៅ​នាទី៦៧ តែ​ការ​នាំមុខ​នេះមិនទាន់បាន​ស្រួលបួល​ផង កីឡាករ គីម ផល្លា ក៏បាន​គ្រាប់​តាម​ស្មើ ៣-៣ វិញនៅ​នាទី​៧០ ហើយ​ក៏បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​ ​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរឈរ​លេខ​២ និង​លេខ​៣ ក្នុង​ពូ​ល​ F ​ជា​បណ្ដោះអាសន្នតាម​ពី​ក្រុម​ក្រុម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលមាន ៣​ពិន្ទុ​ពេញ ក្រោយ​យកឈ្នះ​ការប្រកួត​ដំបូង​លើ​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ ៤-២ កាលពី​ថ្មីៗ​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ថ្ងៃ​ស៊យ​សម្រាប់ Joao Felix ចូល​លេង​ប្រកួត​ដំបូង​បាន​កាត​ក្រហម Chelsea ចាញ់​នៅផ្ទះ Fulham

2023/01/13 05:39:18 pm        127
​បាល់ទាត់៖ ​ជា​ថ្ងៃ​ស៊យ​សម្រាប់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix តែ​ទើប​ផ្លាស់​មកកាន់​តោ​ខៀវ Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ពី Atletico Madrid ថ្មីៗ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​យប់មិញ​នេះ ក៏​ទទួលបាន​កាត​ក្រហម​ស្របពេល Chelsea ចាញ់​នៅ​ទឹកដី Fulham​។ ​​អតីត​ខ្សែបម្រើ Chelsea កីឡាករ​ប្រេ​ស៊ី​ល Willian ជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ Fulham នៅ​នាទី​ទី២៥ តែ​ខ្សែការពារ Kalidou Koulibaly ជា​អ្នក​តាម​ស្មើ​វិញ​ឱ្យ Chelsea នៅ​នាទី​ទី៤៧ ដើម​វគ្គ​ទី២​។ ​​បន្ទាប់មក Joao Felix ដែល​ផ្លាស់​មកកាន់ Chelsea ក្នុងតម្លៃ ៩.៧លាន​ផោន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ដល់​ចប់​រដូវ​កាលនោះ បែ​ជា​ទទួលបាន​កាត​ក្រហម​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​នៅពេល​ធ្វើឱ្យមាន​កំហុស​លើ​ខ្សែការពារ Fulham, Kenny Tete នៅ​នាទី​ទី៥៨ មានន័យថា Felix នឹងត្រូវ​ជាប់​ពិន័យ ៣ប្រកួត​។ ​​Fulham ក្រោយមក​ក៏​រកបាន​គ្រាប់​ជ័យជំនះ​របស់ខ្លួន​នៅ​នាទី​ទី៧៣ ដោយ Carlos Vinicius និង​ជា​បី​ពិន្ទុ​ដ៏​មាន​សារ​សំខាន់​ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Marco Silva ឡើង​មកឈរ​លេខ ៦ ក្នុង​តារាង​។ ​​ប្រកួត​បន្ទាប់​របស់​ក្រុម​ទាំងពីរ​គឺ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​គឺ Fulham ទៅផ្ទះ Newcastle ខណៈ Chelsea ទទួល Crystal Palace៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM