Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ផ្លូវការ Joao Felix ផ្លាស់​មកកាន់ Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល

2023/01/12 05:22:37 pm        109
​បាល់ទាត់​៖ ​ក្លិប​តោ​ខៀវ Chelsea បានសម្រេច​ជា​ផ្លូវការ​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​។ ​​មិនមាន​ការបង្ហាញ​ជុំវិញ​ព័ត៌មាន​នៃ​កិច្ចសន្យាខ្ចី​នោះឡើយ តែ​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះផ្សាយ​ថា Chelsea ត្រូវ​ផ្តល់ប្រាក់​ប្រមាណ ១០លាន​អឺរ៉ូ​ទៅកាន់ Atletico Madrid ហើយ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​គឺជា​រ៉ាប់រង​ប្រាក់​ឈ្នួល​ទាំងស្រុង​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ធ្លា​ក់មក​ក្រៅ​ជម្រើស​នៅ Atletico Madrid ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​តម្លៃ ១២០លាន​អឺរ៉ូ​រូបនេះ​បានមក​ដល់ Atletico Madrid នៅ​ឆ្នាំ២០១៩ ដើម្បី​បំពេញ​ការចាកចេញ​រប​ស់ Antoine Griezmann នៅពេលនោះ​។​ ​​យ៉ាងណាក្តី Felix មិនទាន់​ឈានដល់​កំរិត​ដែល​ក្លិប​ចប់​បាន​នៅឡើយ ហើយ​ទំនាក់ទំនង​របស់គេ​ជាមួយ​អ្នកចាត់ការ Diego Simeone ត្រូវបាន​គេ​ដឹងថា​កំពុង​បែកបាក់​ប្រេះឆា​ផងដែរ​។ ​​បើតាម​ភ្នាក់ងារ​របស់ Felix លោក Jorge Mendes ឱ្យដឹងថា Joao Felix ក៏​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ Premier League ផ្សេងទៀត​រួមមាន Manchester United និង Arsenal ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ស្អាង​យើង​ស្អាត និង​ព្រៃវែង​បន្ដ​ជ័យជម្នះ​ក្នុង​ពាន​ Soccer League ​ផ្នែក​បាល់ទាត់​នារី​

2023/01/12 05:05:00 pm        302
​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងបាន​បន្ដ​ជ័យជម្នះ​រៀងៗ​ខ្លួនក្នុងការ​ប្រកួត​ពានរ​ង្វាន់​ Soccer League ​លើក​ទី​៦ សម្រាប់​ការប្រកួត​ទី​២ ពូ​ល​ A ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ។​​សម្រាប់​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាតគឺ​បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ ដោយ​លទ្ធផល ៨-០ គ្រា​ដែល​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងគឺ​បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ១២-០ នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នាដើម្បី​គ្រង​កំពូល​តារាង​ពូ​ល​ A ​បណ្ដោះអាសន្ន មុន​ក្រុម​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​ពូ​លនា​ថ្ងៃទី​១៣ ខែមករា​ស្អែក ។ រីឯ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ នៅ​រក្សា ៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ចាញ់ ១ ខណៈ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុងមិនទាន់មាន​ពិន្ទុ​រាប់​នោះទេ ក្រោយ​ចាញ់ ២​ប្រកួត​ផ្ទួនៗ។​​ដោយឡែក​ទៅ​ចាប់អារម្មណ៍​ការប្រកួត​ផ្នែក​បុរស ដែលជា​ការប្រកួត​ដំបូងសម្រាប់ ៤​ពូ​ល​ចុងក្រោយ​វិញរួមមាន​៖ ពូ​ល ​M ​ក្រុម​ព្រែកប្រា​កីឡាយកឈ្នះ​ក្រុម​ម៉ូ​លី​អេ​ហ្វ​ស៊ី ១-០ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលយកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែង ៦-១។ ពូ​ល​ N ​ក្រុម ស​.​ស​.​យ​.​ក ស្វាយរៀង​យកឈ្នះ​ក្រុមយុវជន​ឬ​ស្សី​កែវ ៥-១ និង​ក្រុមយុវជន ៧​មករា​ច្រះ​ចំរេះ​(០១) បាន​យកឈ្នះ​ក្រុម​សេនា​អង្គរ​អេ​ហ្វ​ស៊ី ៨-២។​ ​រីឯ​ពូ​ល​ O ​គឺ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ីយកឈ្នះ​ក្រុម​ NL Galaxy FC ៨-១ និង​ក្រុម​វ័យចាស់​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ស្មើ​សមាគមន៍​បាល់ទាត់ អ​.​ម​.​ត ព្រះសីហនុ ៣-៣។ ពូ​ល​ P ​ក្រុម​ ZAITUN FC ​យកឈ្នះ​ក្រុម​ទីទុយ​ខ្មៅ ៥-២ និង​ក្រុម​ RFL FC ​យកឈ្នះ​ក្រុម​ Premium Lucky Legend ​ដោយ​លទ្ធផល ៣-០៕ ​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ-កីឡាការិនី​មាន​ផ្ទុក​កូ​វីដ​-១៩ នៅតែ​អាច​ប្រកួត​បាន​នៅ Australian Open

2023/01/11 10:11:56 pm        65
​វាយកូនបាល៖ ​កីឡាករ-កីឡាការិនី​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងមិន​ត្រូវធ្វើ​តេស្តរ​ក​មេរោគ​កូ​វីដ​-១៩ ឡើយ ហើយ​ពួកគេ​នៅតែ​អាច​ប្រកួត​បាន​បើទោះជា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ក៏ដោយ​។ ​​កាលពី​ឆ្នាំមុន​កីឡាករ-កីឡាការិនី​ទាំងអស់​ត្រូវតែ​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ប្រសិនបើ​ពួកគេ​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​ត្រូវតែមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដាច់ខាត​។ ​​ជើងឯក ៩លើក Novak Djokovic ដែល​មិន​ទទួលយក​ការចាក់​វ៉ាក់សាំង​នោះ ត្រូវបាន​តម្រូវឱ្យ​ចាក​ចេញពី​ព្រលាន​យន្ត​ហោះទី​ក្រុម Melbourne កាលពី​ឆ្នាំ២០២២ កន្លងទៅ​ មុនពេល​ការប្រកួត​ចាប់ផ្តើម​ដោយសារ​ទិដ្ឋាការ​របស់​កីឡាករ​ស៊ែ​ប​រូបនេះ​ មិនមាន​ភ្ជាប់​ជាមួយ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​។ ​​យ៉ាងណាក្តី​អ្នករៀបចំ Australian Open ថ្វីបើ​អនុញ្ញាតឱ្យ​កីឡាករ-កីឡាការិនី​ប្រកួត​ទាំង​មាន​វិជ្ជមាន​ក្តី តែ​ក៏​ស្នើ​សុំឱ្យ​អ្នក​ដែលមាន​វិជ្ជមាន​ទាំងនោះ កុំ​ចូលរួម​ប្រសិន​ពួកគេ​មិន​ស្រួលខ្លួន និង​ចេញ​រោគសញ្ញា​។ ​​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ ទី១៦ សប្តាហ៍​ក្រោយ​នេះហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី២៩ ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sebastian Loeb ឈ្នះ​ដំណាក់កាល​ទី​៩ ប្រណាំង​យានយន្ត Dakar Rally តែ Al-Attiyah បន្ត​នាំមុខ​រួម

2023/01/11 09:34:10 pm        65
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៩ នៃ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដដែល​។ ​​ដំណាក់កាល​ទី៩ ដែលមាន​ចម្ងាយ​ផ្លូវ ៣៥៨គីឡូម៉ែត្រ កីឡាករ​ដែល​បើកបរ​ឱ្យ​ក្រុម​ប្រណាំង Prodrive រូបនេះ​បាន​ចំណាយពេល ៣ម៉ោង ៧នាទី ២៤វិនាទី​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ តាម​ពីក្រោយ​ដោយ​កីឡាករ​លី​ទុយ​អា​នី Vaidotas Zala យឺត​ជាង ៥៧វិនាទី និង​លេខ៣ កីឡាករ​បារាំង Guerlain Chicherit យឺត​ជាង ២នាទី ៨នាទី​។ នេះ​ជា​ជ័យជំនះ​លើក​ទី៣ ដំណាក់កាល​សម្រាប់ Sebastian Loeb នៅ Dakar Rally ឆ្នាំនេះ ​តែបើ​ក្រឡេក​មក​តារាង​វេលា​រួម​វិញ​អ្នក​នាំមុខគេ​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដោយមាន​វេលា​ចំណេញ​ពីលើ​អ្នក​លេខ២ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes ១ម៉ោង ២១នាទី ៥៧វិនាទី​ឯណោះ​។ ​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ​ជ័យជំនះ​ក្នុងដំណាក់កាល​ទី​៩ នេះ​បាន​ទៅ​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​អាមេរិក Skyler Howes នាំមុខ ១នាទី ១៣វិនាទី​ពីលើ Benavises​។ ​សម្រាប់​ដំណាក់កាល​ទី១០ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ៦២៣គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Al Nassr ច្រានចោល​ព័ត៌មាន​ថា​ កុងត្រា Ronaldo មាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ដេញថ្លៃ​រៀបចំ World Cup 2030

2023/01/11 07:26:14 pm        104
​បាល់ទាត់៖ ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr បានចេញ​សេចក្ដីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បាន​ចុះផ្សាយ​ថា កិច្ចសន្យា​របស់ Cristiano Ronaldo គឺមាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030​។ ​​កិច្ចសន្យា​របស់ Ronaldo ជាមួយ Al Nassr ដែល​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ដល់​ទៅ ២០០លាន​អឺរ៉ូ​នោះ គឺ​អម​ជាមួយនឹង​ការជួយ​ផ្សព្វផ្សាយ​យុទ្ធនាការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 របស់​អារ៉ាប៊ីសាអ៊ូឌីត​។ ​​តែ​ក្លិប​បាន​ច្រានចោល​ថា នោះ​សុទ្ធតែជា​ព័ត៌មាន​មួលបង្កាច់​ភូត​កុហក ខណៈដែល​គោលដៅ​របស់​កីឡាករ​ព័រទុយហ្កាល់​មានតែ​មួយ​មុខ​គត់ ​គឺ​ផ្តោត​លើ​អាជីព​បាល់ទាត់​របស់ខ្លួន ជួយ​មិត្ត​រួម​ក្រុម និង​ក្លិប​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​។ ​​សូមបញ្ជាក់ថា Cristiano Ronaldo បាន​ផ្លាស់​មកកាន់ Al Nassr នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែ​មុន​ ក្រោយ​បញ្ចប់​កិច្ចសន្យា​មុន​កំណត់​ជាមួយ Manchester United បន្ទាប់ពី​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បញ្ចេញ​បទសម្ភាសន៍​ជាមួយ​លោក Piers Morgan រិះគន់​ក្លិប​ខ្លួនឯង​។ ​​Ronaldo មិនទាន់បាន​ចូល​លេង​ឱ្យ Al Nassr ផ្លូវការ​នៅឡើយ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី២២ ខែមករា​នេះ​ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍ Ettifaq ក្នុង​ទឹកដី​របស់ខ្លួន ហើយក៏​នឹង​អាច​ជួប​ជាមួយ Lionel Messi នៅពេល Paris Saint Germain ប្រកួត​មិត្តភាព​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​គេ​ដឹងថា​ កំ​ពុង​ពិចារណា​ក្នុង​ការដាក់​ដេញថ្លៃ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 ដែលមាន​គូប្រជែង​ក្រិ​ក និង​អេ​ស៊ី​ប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rashford ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Man United ឈ្នះ Charlton ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup

2023/01/11 06:45:31 pm        77
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ជាប់​ប្រកួត​គ្នា​មិន​ដាច់ ​បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ទៀត​ឱ្យ Manchester United យកឈ្នះ Charlton Athletic ៣-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup​។ ​​ខ្សែបម្រើ​ប្រេ​ស៊ី​ល Antony ជា​អ្នកបើក​ការនាំ​មុខ​ឱ្យ Manchester United នៅ​វគ្គ​ទី១ ដែលជា​ការ​ស៊ុត​ពី​ចំងាយ​កោង​ចូល​ទី​យ៉ាង​ល្អ​។ ​​Marcus Rashford ដែលជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ នោះគឺជា​អ្នកធានា​ជ័យជំនះ​ឱ្យ​ក្រុម​របស់លោក Erik ten Hag ដោយ​រកបាន​ពីរ​គ្រាប់​ផ្ទួន​នៅ​នាទី​ទី៩០ និង ៩០+៤ បញ្ជូន Manchester United ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup ពី​ជ័យជំនះ​លើ​ក្រុម​មកពី​ក្របខណ្ឌ​លី​គ​ទី៣ អង់គ្លេស Charlton​។​ ​​នេះ​ជា​គ្រាប់​បាល់​ទី១៤ និង ១៥ សម្រាប់ Marcus Rashford ក្នុង​រដូវ​កាល​នេះ និង​ជាការ​ស៊ុត​បញ្ចូល​ទី ៦ប្រកួត​ជាប់​គ្នា​ផង​ដែរ​។ ​​នេះ​ជា​ជ័យជំនះ ៨ប្រកួត​ផ្ទួនៗ​ផងដែរ​សម្រាប់ Manchester United ដែល​ខកខាន​ធ្វើបាន​បែបនេះ​តាំងពី​ឆ្នាំ២០១៨-១៩ ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer​។​ ​​ងាក​ទៅ​ការប្រកួត​មួយគូ​ទៀត ក្រុម​អ្នកមាន​ថ្មី Newcastle United ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ​ក្រោយ​ជ័យជំនះ​លើ Leicester City ២-០ នៅ St. James Park​។ ​​Newcastle ជា​ក្រុម​មានប្រៀប​តែ​គ្មាន​សំណាង​នៅ​វគ្គ​ទី១ ពោលគឺ​គ្រាប់​បាល់​ជ័យជំនះ​ត្រូវ​រង់ចាំ​នៅ​វគ្គ​ទី២ ដែល​សម្រេចបាន​ដោយ Dan Burn នាទី​ទី៦០ និង Joelinton នាទី​ទី៧២​។ ​​ពីរ​គូ​ទៀត​ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​ត្រូវ​ប្រកួត​យប់​នេះ​រួមមាន Nottingham Forest ទទួល Wolves និង Southampton ទទួល Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ថ្មី​មួយ​រំពឹង​រួមចំណែក​អភិវឌ្ឍន៍​ជាមួយ​សហព័ន្ធ​នា​ថ្ងៃ​អនាគត​

2023/01/11 06:22:08 pm        98
​វាយកូនឃ្លីលើតុ​៖ ថ្នាក់ដឹកនាំ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ SCE ​រំពឹង​ផលិត​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី​ល្អៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ជាមួយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បន្ទាប់ពី​ក្លិប​ក្មេងខ្ចី​មួយ​នេះបាន​បង្កើតជា​រូបរាង​ផ្លូវការ និង​បាន​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​លើកដំបូង ក្នុងការ​ប្រកួត​កីឡា​វាយ​កូនឃ្លី​តុ​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ កាលពី​សប្ដាហ៍​កន្លងទៅ។​ ​លោក ឃុន ផាន់​និ​ត គ្រូបង្វឹក​ប្រចាំ​ក្លិប​នេះបាន​ឲ្យ​ដឹងថា​ SCE ​មាន​ចក្ខុវិស័យ​វែងឆ្ងាយក្នុងការ​អភិវឌ្ឍ​ធនធានកីឡាករ​-​កីឡាការិនី។ បច្ចុប្បន្ន​ក្លិប​មាន​ធនធាន​កីឡាករ​ត្រឹម ៥​រូប និង​គ្រូ ២​រូប​ប៉ុណ្ណោះ។ ប៉ុន្ដែ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​ក្លិប​នឹង​ផលិត​បាន​កីឡាករ​-​កីឡាការិនី​កាន់តែច្រើន ដើម្បី​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា។​ ​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង ក្លិប​កីឡាវាយកូនឃ្លីលើតុ​ SCE ​គឺ​ដណ្ដើមបាន​មេដាយ​សរុប ៤​គ្រឿងរួមមាន​មេដាយប្រាក់ ១ និង​សំរឹទ្ធ ៣។ លោក​សង្ឃឹមថា ការប្រកួត​លើ​ក្រោយៗ ក្លិប​នឹង​សម្រេចបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​ប្រកាស​រៀបចំ​ជើងឯក​ U15 ​លើកដំបូង​នា​ដើមខែ​ក្រោយ

2023/01/11 05:48:18 pm        146
​បាល់ទាត់៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តស្វាយរៀង បានប្រកាស​នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ ស្វាយរៀង ខាប់ យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​លើក​ទី​១ ឆ្នាំ​២០២៣ នា​ដើមខែ​កុម្ភៈ​ខាងមុខនៅ​ទីលាន​បាល់ទាត់​ខេត្តស្វាយរៀង។​ ​យោងតាម​សេចក្ដីជូនដំណឹងនៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះបាន​ឲ្យ​ដឹងថា ការលក់​ពាក្យ​ចូលរួមគឺ​ចាប់ផ្ដើម​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ខណៈ​ការចុះឈ្មោះនឹង​ចាប់ផ្ដើម​ទទួល​ពាក្យពីថ្ងៃ​ទី​១៦ ខែមករាដល់​ថ្ងៃទី​២៧ ​ខែមករា មុន​ការប្រកួត​ចាប់ផ្ដើម​ផ្លូវការនា​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៣។​ ​សម្រាប់​លក្ខខណ្ឌ​កីឡាករ​ចូលរួម​ប្រកួត កីឡាករ​ត្រូវមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំជា​ជនជាតិខ្មែរ ហើយ​ត្រូវមាន​ទីលំនៅ​បច្ចុប្បន្ន ឬ​ទីកន្លែង​កំណើត​ក្នុង​ខេត្តស្វាយរៀង។ អ្វីដែល​ពិសេសគឺ​ក្នុង​មួយក្រុម អនុញ្ញាត​ឲ្យ​មាន​កីឡាករ​ក្រៅពី​ខេត្តស្វាយរៀង​តែ ៣​រូប​ប៉ុណ្ណោះ។ ​​ដោយហេតុនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តស្វាយរៀង បាន​អំពាវនាវ​ដល់​ក្រុមបាល់ទាត់​ទាំងអស់រួសរាន់​ដាក់ពាក្យ និង​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​លើកដំបូង នៅ​ខេត្តស្វាយរៀង​នេះឲ្យ​ទទួលបាន​ជោគជ័យ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ជាតិ​នា​ថ្ងៃ​អនាគត៕ អត្ថបទ៖ លី ឈុន​ឡា

ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី១០ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី ៣-០

2023/01/11 05:35:56 pm        91
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ជា​លើក​ទី១០ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ៣-០ ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​បន្ទាប់ពី​ការប្រកួត​ជើង​ទី១ ដែល​ម៉ាឡេស៊ី​យកឈ្នះ ១-០ នៅ​កីឡដ្ឋាន Bukit Jalil សប្តាហ៍​មុន ត្រលប់មក​កីឡដ្ឋាន Thamasat ទីក្រុង​បាងកក​ប្រទេស​ថៃ​វិញ ម្ចាស់ផ្ទះ​ថៃ​មិន​រង់ចាំ​យូរ​ទេ​ដោយ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី១៩ ដោយ​ខ្សែប្រយុទ្ធ Teerasil Dangda ដែលជា​គ្រាប់​ទី៦ របស់គេ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ​។ ​​វគ្គ​ទី២ ថៃ​នៅតែ​បន្ត​សម្រុក ​និង​រកបាន​ពីរ​គ្រាប់​ទៀត​ដោយ Bordin Phala និង Adisak Kraisorn គ្រប់គ្រាន់​ល្មម​ឱ្យ​ក្រុម​របស់លោក Alexandre Polking ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ជា​លើក​ទី១០ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​ដែល​បាន​ចូលរួម ១៤លើក​ជួប​ជាមួយ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី១ នឹងធ្វើ​ឡើង​នៅ​ទឹកដី​វៀតណាម​ថ្ងៃ​សុក្រ​ ទី១៣ ខែមករា​នេះ ខណៈ​ជើង​ទី២ ត្រលប់​ទៅ​ទឹកដី​ថៃ​វិញ​ថ្ងៃ​ចន្ទ ​ទី១៦ ខែមករា​ដដែល​។ ​​ការប្រកួត​ទាំងពីរ​ជើង​នេះនឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ BTV នៅវេលា​ម៉ោង ៧ និង ៣០នាទី​យប់​ទាំងពីរ​ជើង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​នឹងដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​មួយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​នាពេលខាងមុខ

2023/01/11 05:16:11 pm        378
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ត្រៀម​ដាក់ចេញ​នូវ​បទបញ្ជា​ការងារ​ដ៏​ម៉ឺងម៉ាត់​មួយក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល និង​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០២២ នាពេលខាងមុខ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​បន្ថែមក្នុង​ដំណាក់​ការ​ Games Time ​ឬ​ពេលវេលា​ប្រតិបត្តិការ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​កាលពី​ថ្ងៃទី​១០ ខែមករា​ម្សិលមិញនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោតលើ​ការ​កិច្ចពិភាក្សា​ពី​របាយការណ៍​ការងារ សម្រាប់​ត្រៀម​រៀបចំ​កិច្ចប្រជុំ​បូកសរុប​សមិទ្ធ​ផល​ប្រចាំឆ្នាំ ដែល​គ្រោង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នា​ថ្ងៃទី​២០ ខែមករា​ខាងមុខ ហើយ​សម្ដេច​ក៏​នឹង​ប្រកាស​នូវ​បទបញ្ជា​ការងារ​ដ៏​ម៉ឺងម៉ាត់​មួយ​នាពេលនោះ​ផងដែរ។​ ​សូមបញ្ជាក់ថា ឆ្នាំ​២០២៣ ត្រូវបាន​ចាត់ទុកជា​ពេលវេលា​ Games Time ​ឬ​ជា​ពេល​ត្រូវ​ប្រតិបត្តិ​ហ្គេម ស្របពេល​កម្ពុជានៅសល់ ១១៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នេះ ពោលគឺ​ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM