Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ផ្លូវការ​លោក Roberto Martinez ត្រូវ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់

2023/01/10 10:21:59 pm        97
​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក និង Everton លោក Roberto Martinez ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ជា​ផ្លូវការ​ហើយ​។​ ​បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៩​ឆ្នាំ​រូប​នេះ​បាន​ចូល​មក​ជំនួស​តំណែង​លោក Fernando Santos ដែល​បាន​ចាក​ចេញពី​តំណែង ​ក្រោយ​ព័រទុយហ្កាល់​ចាញ់​ម៉ា​រ៉ុ​កនៅ​វគ្គ ៨​ក្រុម​ចុងក្រោយ World Cup​។ ​​​លោក Roberto Martinez ក៏​ទើបតែ​ចាក​ចេញពី​តំណែង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ​ដែល​លោក​បាន​ចំណាយ​ពេល​អស់ ៦​ឆ្នាំ​ផង​ដែរ​ បន្ទាប់ពី​ប៊ែ​ល​ហ្ស៊ិ​ក​ធ្លាក់​ត្រឹម​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល​នៅ World Cup​។​ ​រំលឹក​ថា​ លោក Martinez ត្រូវបាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក​កាលពី​ឆ្នាំ​២០១៦។ ក្រោម​ការដឹកនាំ​របស់​បុរស​វ័យ ៤៩​ឆ្នាំ​រូបនេះ​ប៊ែ​ល​ហ្ស៊ិ​កបាន​ឈរ​លេខ ១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​របស់ FIFA តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​។ ​​អតីត​អ្នកចាត់ការ Wigan និង Swansea រូប​នេះ​ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ប៊ែ​ល​ហ្ស៊ិ​ក​ត្រឹម ៣ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ Everton កាលពី​ឆ្នាំ២០១៦ នោះ​។ ​លោក Martinez បាន​មកបន្តតំណែង​​លោក Marc Wilmot ដែល​បាន​ដឹកនាំ​ប៊ែ​ល​ហ្ស៊ិ​ក​ឡើងឈរ​លេខ ១ ពិភពលោក​ជា​លើកដំបូង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ដល់​ខែ​មេសា​ ឆ្នាំ​២០១៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Hugo Lloris ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​វ័យ ៣៦​ឆ្នាំ​

2023/01/10 09:35:59 pm        91
​បាល់ទាត់៖ ​អ្នកចាំទី​បារាំង Hugo Lloris បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហើយ​នៅក្នុង​វ័យ ៣៦ឆ្នាំ​។ ​ប្រធាន​ក្រុម​នៃ​ក្លិប​ Tottenham Hotspur រូបនេះ​បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ៣​សប្តាហ៍​ បន្ទាប់​ពី​បារាំង​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី តែ Lloris គឺជា​ប្រធាន​ក្រុម​បារាំង​ដែល​ឈ្នះ​ជើង​ឯក World Cup កាលពី ៤ឆ្នាំមុន​នៅ​ទឹកដី​រុស្ស៊ី​។​​Hugo Lloris ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង និង​ចូល​លេង​ប្រកួត​ដំបូង​នៅក្នុង​វ័យ ២១ឆ្នាំ​ក្នុង​ការប្រកួត​មិត្តភាព​ទល់នឹង​អ៊ុយ​រូ​ហ្កា​យ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០០៨​។​ ​តាំងពី​ពេលនោះ​មក​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប​បាន ១៤៥លើក ជា​កីឡាករ​ដែល​បង្ហាញខ្លួន​បាន​ច្រើន​បំផុត​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង ហើយ​ក្នុងចំណោម ១៤៥លើក​នោះ​មាន ១២១ប្រកួត​ជា​ប្រធាន​ក្រុមក៏​ជា​កំណត់ត្រា​ដែរ​។ ​​ការសម្រេចចិត្ត​ចូលនិវត្តន៍​របស់ Lloris ក៏បាន​បើកផ្លូវ​ឱ្យ​អ្នកចាំទី​វ័យក្មេងៗ​បន្តបន្ទាប់​ មានឱកាស​បង្ហាញខ្លួន​ឱ្យ​ក្រុម​បារាំង​ដែល​កំពុង​ត្រៀមខ្លួន​ប្រកួត​ជំ​រុះ Euro 2024 ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយហ្ស៊ី​ប្រា​ល់តា ក្រិ​ក ហូ​ឡង់ និង​សាធារណ​អៀក​ឡង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gareth Bale ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ត្រឹម​វ័យ ៣៣​ឆ្នាំ

2023/01/10 07:44:18 pm        175
​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​វែ​ល Gareth Bale បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ​នៅ​ក្នុង​វ័យ ៣៣​ឆ្នាំ​។ ​​កីឡាករ​ដែល​បង្ហាញខ្លួន និង​ស៊ុត​បញ្ចូល​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​វែ​ល​រូបនេះ​ ប្រកាស​ការ​សំរេចចិត្ត​រប​ស់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ បន្ទាប់ពី​ការពិចារណា​ដ៏​ល្អិតល្អន់ ខ្ញុំ​សូម​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ និង​ក្លិប​អាជីព ខ្ញុំ​មាន​អារម្មណ៍​ថា​ ពេញចិត្ត ស្កប់ស្កល់​ដែល​បាន​បំពេញ​តាម​សុបិន​ដែល​ចង់​លេង​កីឡា​ដែល​ខ្ញុំ​ស្រលាញ់​។ ​​កើត​នៅ​ទីក្រុង Cardiff, Gareth Bale បានចាប់ផ្តើម​អាជីព​នៅ Southampton មុនពេល​ផ្លាស់​ទៅកាន់ Tottenham Hotspur​។ ​​ក្រោយមក Bale ក៏បាន​ផ្លាស់​ទៅកាន់​ក្រុម​អធិរាជ​ស Real Madrid ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅ​ឆ្នាំ២០១៣ ក្នុងតម្លៃ ៨៥.៣លាន​ផោន និង​ចុងក្រោយ​ផ្លាស់​ទៅកាន់​ទឹកដី​អាមេរិក​ជាមួយ Los Angeles FC កាលពី​ខែមិថុនា​ ឆ្នាំ២០២២​។ ​​Gareth Bale ជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​វែ​ល​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដូចជា​បាន​ចូល​លេង​ជើងឯក​អឺរ៉ុប ២០១៦ និង ២០២០ និង​នាំ​វែ​ល​បង្ហាញខ្លួន​នៅ World Cup លើកដំបូង​តាំងពី​ឆ្នាំ១៩៥៨ ដោយ​បង្ហាញខ្លួន​សរុប​បាន ១១១លើក​រកបាន ៤១គ្រាប់​។ ​​Bale ធ្លាប់ជា​កីឡាករ​ឆ្នើម​បំផុត​ពីរលើក​កាលពី​នៅ Tottenham Hotspur ពីរ​រដូវ​កាល​ជាប់​គ្នា​មុន​ផ្លាស់​ទៅ Real Madrid​។ ​​នៅ​អេ​ស្ប៉ា​ញ Bale ឈ្នះ​ជើងឯក La Liga ៣លើក​ជាមួយ Real Madrid, ជើងឯក UEFA Champions League ៥លើក​រួម​ជាមួយនឹង Club World Cup ៣លើក, UEFA Super Cup ៣លើក និង Copa del Rey មួយ​លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal យកឈ្នះ Oxford ៣-០ ឡើង​ជួប Manchester City ជុំ​ទី៤ FA Cup

2023/01/10 06:58:30 pm        77
​បាល់ទាត់៖ ​អធិរាជ FA Cup កាំភ្លើង​ធំ Arsenal បាន​បន្តដំណើរ​ឡើង​ជុំ​ទី៤ នៃ​ពានរង្វាន់​ទី​ពីរ​នៅ​អង់គ្លេស FA Cup ក្រោយ​យកឈ្នះ​ក្រុម​មកពី​លី​គ​លំដាប់៣ អង់គ្លេស Oxford United ៣-០ នៅ​កីឡដ្ឋាន Kassam របស់ Oxford​។ ​​​បន្ទាប់ពី​វគ្គ​ទី១ គ្មាន​គ្រាប់​បាល់ ក្រុម​កាំភ្លើង​ធំ Arsenal ក៏​រកបាន​គ្រាប់​នាំមុខ​បានសំរេច​នៅ​នាទី​ទី៦៣ ដោយ Mohamed Elneny មុនពេល​ដែល Eddie Nketiah រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី៧០ និង ៧៦​។ ​Nketiah នៅ​ពេលនេះ​រកបាន ៥គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៦ប្រកួត​ចុងក្រោយ បន្ទាប់ពី​អវត្តមាន​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ដែលមាន​របួស​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta ត្រូវ​ប្រឈម​ជាមួយ​លោក Pep Guardiola, Manchester City នៅ​ជុំ​ទី៤ FA Cup​។ ​សូមបញ្ជាក់ថា Arsenal ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក FA Cup ច្រើនជាង​សរុប ១៤លើក និង​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Soccer League ​ផ្នែក​នារី​៖ ច្បារអំពៅ និង​ស្អាង​យើង​ស្អាត រកបាន ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​ដំបូង​ក្នុង​ពូ​ល ​A

2023/01/10 06:26:20 pm        140
​បាល់ទាត់៖ ក្រុមកីឡា​ការិនី​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ និង​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត បានទទួល ៣​ពិន្ទុ​ពេញ​រៀងៗ​ខ្លួនពី​ការប្រកួត​ដំបូងក្នុង​ពូ​ល​ A ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ លើ​វិញ្ញាសា​បាល់ទាត់​នារីកាលពី​ថ្ងៃទី​០៩ ខែមករា​។​​សម្រាប់​ក្រុមបាល់ទាត់​នារី​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ គឺ​បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​សេនា​អង្គរដោយ​លទ្ធផល ៣-០ មុនពេល​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ដោយ​លទ្ធផល ១០-០ នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡាដូចគ្នា។​ ​លទ្ធផល​នេះបានធ្វើ​ឲ្យ​បេក្ខភាព ៣ក្រុម​ក្នុង​ពូ​ល​ A ​រកបាន ៣​ពិន្ទុ​ស្មើគ្នាក្នុងចំណោម ៥​ក្រុម រួមមាន​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ​, ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងដែល​បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​សេនា​អង្គរ ៣-០ កាលពី​ថ្ងៃ​បើកឆាក​កន្លងទៅ។​​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ គឺមាន​ទាំង​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី។ ចំពោះ​វិញ្ញាសា​បាល់ទាត់​នារី​មាន ១០​ក្រុម​ចូលរួម និង​បែង​ចែកជា ២​ពូ​លដើម្បី​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​ក្រុមនៃ​ពូ​ល​នីមួយៗ នឹង​បាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ រីឯ​បេក្ខភាព ៥​ក្រុម​នៅ​ពូ​ល​ B ​គឺមាន​ក្រុស​ម្រ​ស់​ចំការលើ​, ក្លិប​ភ្នំពេញ​ក្រោ​ន​, ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​, ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្ដី​ចាស់ និង​ក្រុម​ Khemara Chey៕ ​អត្ថបទ៖ លី ឈុន​ឡា

ខេត្ត​កណ្តាល​រៀបចំ​ការប្រកួត​កីឡា​អបអរ​ទិវា​ជ័យ​ជម្នះ​ ៧​មករា ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​

2023/01/10 06:10:53 pm        77
​កណ្ដាល៖ ការប្រកួត​កីឡាអបអរ​ទិវា​ថ្ងៃជ័យ​ជម្នះ ​៧​មករា ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជនដែល​បាន​ចូលរួម ក្រោយ​ដំណើការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​៥ នឹង​បានធ្វើ​ពិធី​បិទ​នា​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​ទីលាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល។​ ​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួតបាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ឯកឧត្តម​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្តាល មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបានរៀបចំ​ការប្រកួត​កីឡា​ប៉េតង់ និង​កីឡាបាល់ទាត់អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ - ២០២៣ ដែល​កម្មវិធី​ប្រកួត​ជា​ផ្លូវចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ ដោយមាន​ក្រុម​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​រួមមាន​៖ កីឡាបាល់ទាត់​មាន​ចំនួន ​១៤​ក្រុមស្មើនឹង ​២៨០​នាក់ កីឡា​ប៉េតង់មាន​ចំនួន ២៨​ក្រុមស្មើនឹង ​១១២​នាក់ ស្រី ​២០​នាក់។ ក្នុងនោះ​ការប្រកួត​កីឡា​ប៉េតង់ចែកចេញជា​បី​វិញ្ញាសា​រួមមាន​៖ វិញ្ញាសា​វ័យចាស់ វិញ្ញាសា​យុវជន និង​វិញ្ញាសា​នារី ដោយបាន​ធ្វើការ​ប្រកួត ​១​នាក់​ទល់ ​១​នាក់ និង ​៣​នាក់​ទល់ ​៣​នាក់។​ ​ក្នុងឱកាស​នោះ​លោក ប៊ុន ផេង អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាលបាន​មានប្រសាសន៍ថា ការប្រកួត​នេះ រៀបចំឡើង​ក្នុង​គោលបំណងអបអរសាទរ​ថ្ងៃជ័យ​ជម្នះ ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​រំដោះប្រជាជន​កម្ពុជា​ចេញពី​រណ្ដៅ​ឈាម និង​ទឹកភ្នែក និង​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់យុវជន​ជំនាន់​ក្រោយ ដែល​មិនបាន​ឆ្លងកាត់របប​វាលពិឃាត​នេះបាន​យល់ដឹង​កាន់តែច្បាស់ នូវ​អនុស្សាវរីយ៍​ដ៏​ជូរចត់ដែល​ប្រជាជន​កម្ពុជា​ពិតជា​មិនអាច​បំភ្លេចបាន នូវ​ស្នាម​អតីតកាលក្រោម​របប​ប្រល័យពូជសាសន៍​របស់​ពួក ប៉ុល ពត ដ៏​ឃោរឃៅ​យង់ឃ្នង​បំផុតដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ តាមរយៈ​ការប្រកួត​នេះ លោក​អភិបាលរង​យល់ឃើញថា​ កីឡាករ កីឡាការិនី​ទាំងអស់​បានបង្ហាញ​នូវ​បច្ចេកទេស​ដ៏​ប៉ិនប្រសប់​របស់ខ្លួន ដើម្បី​យកជ័យ​ជម្នះ​ជូន​ក្រុម ជាពិសេស​ការចូលរួម​ប្រកួត​នេះ​បានបង្ហាញ​ស្មារតី​គោរព​ស្រឡាញ់ ថ្ងៃ​៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២ របស់​យើងទាំងអស់គ្នា ដោយ​តែងតែ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​អបអរ​នេះ​ជា​រៀងរាល់ឆ្នាំ។​ ​ចំពោះ​លទ្ធផល​ផ្នែក​ប៉េតង់នារី វិញ្ញាសា​ ១​ទល់​១​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​លើកីឡាការិនី គិ​ន ក​ញ្ញជ​នា មកពី​ក្លិបព្រែក​ហូរ, វិញ្ញាសា​ ៣​ទល់​៣​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​លើ​ក្លិបអមរៈ។ ផ្នែក​យុវជន ១​ទល់​១​នាក់ លេខ​១ បាន​លើ​កីឡាករ សុខ តុលា មកពី​ក្លិបយុវជន​ក្រុង​តាខ្មៅ​១, ៣​ទល់​៣​នាក់ លេខ​១ ​បាន​លើ​ក្លិបយុវជន​ក្រុង​តាខ្មៅ​១។ ផ្នែក​វ័យចាស់ ១​ទល់​១​នាក់ លេខ​១ បាន​លើ​កីឡាករ យឹម សោភ័ណ ក្លិបក្រុង​តាខ្មៅ, ៣​ទល់​៣​នាក់ លេខ​១ បាន​លើ​ក្លិប អាកាសចរណ៍។ ​រី​ឯ​ប្រភេទ​កីឡាបាល់ទាត់ចំណាត់ថ្នាក់​លេខ​១ ​បាន​លើ​ក្រុមយុវជន​ខេត្តកណ្តាល៕

វៀតណាម​យកឈ្នះ​ឥណ្ឌូនេស៊ី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤

2023/01/10 05:41:52 pm        139
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​យកឈ្នះ​ឥណ្ឌូនេស៊ី ២-០ នៅ​ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលមាន​ការផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍ BTV យប់មិញ ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ជា​លើក​ទី៤​។ ​​បន្ទាប់ពី​គ្មាន​គ្រាប់​បញ្ចូល​ទី ០-០ កាលពី​ជើង​ទី១ នៅ​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​សប្តាហ៍​មុន វិល​ត្រលប់មក​ទឹកដី​វៀតណាម​វិញ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវការ​ពេល​ត្រឹម ៣នាទី​ប៉ុណ្ណោះ​ដើម្បី​រក​គ្រាប់​បាល់​នាំមុខ​ដែល​ធ្វើបាន​ដោយ Nguyen Tien Linh​។ ​​ចូល​វគ្គ​ទី២ បានតែ ២នាទី Nguyen Tien Linh ដដែល​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ដែលជា​ការ​តែ​ត​បញ្ចូល​ទី​។ ​​ក្រុម​ភ្ញៀវ​ឥណ្ឌូនេស៊ី​បានបញ្ចប់​ការប្រកួត​ដោយ​ស៊ុត​មិន​ចំ​គោលដៅ​សូម្បី​មួយ​លើក​។ ​​វៀតណាម​ដែលជា​ជើងឯក​អាស៊ីអាគ្នេយ៍​ ២លើកនឹងត្រូវ​ជួប​ជាមួយ​អ្នកឈ្នះ​រវាង​ថៃ រឺ​ម៉ាឡេស៊ី​ដែល​ជួបគ្នា​ជើង​ទី២ រាត្រី​នេះ​នៅ​ទីក្រុង​បាងកក​បន្ទាប់ពី​ជើង​ទី១ ម៉ាឡេស៊ី​យកឈ្នះ ១-០​។ ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី២ រវាង​ថៃ និង​ម៉ាឡេស៊ី​រាត្រី​នេះក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ BTV ផងដែរ​នៅវេលា​ម៉ោង ៧ និង ៣០នាទី​យប់​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​វ៉ូ​វី​ណា​ម​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​ថ្មី ដើម្បី​ពង្រឹង​យុវជន​ថ្នាល​តាម​បណ្ដា​ក្លិប​នានា​

2023/01/10 05:32:48 pm        275
​​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបានប្រកាស​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​មួយ គឺ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​យុវជន គិ​រី​សួគ៌ ឆ្នាំ​២០២៣ ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ពង្រឹង​យុវជន​ថ្នាលតាម​បណ្ដា​ក្លិប​នានា។​ ​យោងតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ ព្រឹត្តិការណ៍​នេះនឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣ ខាងមុខ នៅ​អគារ​បាល់បោះនៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ សម្រាប់​វិញ្ញាសា​ប្រកួតរួមមាន​វិញ្ញាសា​សម្ដែង និង​មេគុន​អាយុ​ក្រោម ១៦​ឆ្នាំ​បុរស និង​នារី និង​វិញ្ញាសា​ប្រយុទ្ធ​អាយុ​ក្រោម ១៦​ឆ្នាំ។​ ​ចំពោះ​គោលបំណងនៃ​ការប្រកួត​ជើងឯក​យុវជន​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​យុវជន​ថ្នាលដែល​កំពុង​ហ្វឹកហាត់​នៅតាម​ក្លិប​នានា និង​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នៅ​កម្ពុជា ក្រោម​កិច្ចសហការ​រៀបចំរវាង​សហព័ន្ធជាមួយ​កសិដ្ឋាន​គិរី​សួគ៌។​ ​សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត ចាប់ផ្ដើម​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង​នេះរហូតដល់​ថ្ងៃទី​១៥ ខែមករា​ខាងមុខទើប​បញ្ចប់ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ មុន​កិច្ចប្រជុំ​ចាប់ឆ្នោតនា​ថ្ងៃទី​១៨ ខែមករាខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុម​សាកលវិទ្យាល័យ ២ រកបាន ៣​ពិន្ទុ​ដូចគ្នាក្នុង​ប្រកួត​ដំបូងនៃ​ពាន​ Soccer League 2023

2023/01/10 05:19:52 pm        86
​បាល់ទាត់៖ ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​ចំនួន ២ រួមមាន​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បានទទួល​ជ័យជម្នះ​រៀងៗ​ខ្លួនក្នុងជំនួប​បើកឆាក​ពូ​ល​ F ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ លើ​វិញ្ញាសា​បាល់ទាត់​បុរសកាលពី​ថ្ងៃទី​០៩ ខែមករា​។​ ​ប្រកួត​នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​កម្ពុជាបាន​យកឈ្នះ​ក្រុមយុវជន​អ្នកតា​វាំង ដោយ​លទ្ធផល ៣-១ គ្រា​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​យកឈ្នះ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាពដោយ​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំងពីរទទួលបាន ៣​ពិន្ទុ​ពេញ​ដូចគ្នា។​ ​ក្រៅពី​ការប្រកួត​ពូ​ល​ F ​នេះក៏មាន ៣​ពូ​ល​ផ្សេងទៀតបានចាប់ផ្ដើម​ការប្រកួត​ដំបូង​របស់ខ្លួន​ដែរ ក្នុងនោះ​មានតែ ១​ប្រកួត​ប៉ុណ្ណោះ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា គឺ​ក្រុម​ Khmer United ​ស្មើ​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី ០-០ ក្នុង​ពូ​ល​ H ​ស្របពេល​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល បាន​យកឈ្នះ​ក្រុម​មិត្ត​កីឡា ៥-១ ក្នុង​ពូ​ល​ជាមួយគ្នា។ ​​រីឯ​កពូ​ល​ E ​វិញ ក្រុម​ឈើ​ពណ៌ អេ​ហ្វ​ស៊ី ​យក​ឈ្នះក្រុម​ AM ENG FC ៥-១ និង​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ឈ្នះ​ក្រុម​ Chamkamorn Lion FC ២-០។ ចំណែក​ពូ​ល​ G ​ក្រុមយុវជន​វត្ត​វារិ​ន្ទ​ព្រែកលាប យកឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ២-០ និង​ក្រុម​ Avatar ​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​ ISI ​ដង្កោ​សែន​ជ័យ ៤-០៕ ​អត្ថបទ៖ លី ឈុន​ឡា

Naomi Osaka ដកខ្លួន​ពី Australian Open ដោយ​មិនដឹង​មូលហេតុ​

2023/01/09 10:07:34 pm        70
​វាយកូនបាល់៖ ​ជើងឯក Grand Slam, Australian Open ពីរលើក Naomi Osaka បាន​ដកខ្លួន​ចេញពី​ការប្រកួត Grand Slam ដើមឆ្នាំ​នៅ​អូស្ត្រាលី មួយ​សប្តាហ៍​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​ដោយ​មិនដឹង​មូលហេតុ​។ ​​នេះ​ជា​ដំណឹង​អាក្រក់​មួយទៀត​សម្រាប់ Australian Open ដែល​អវត្តមាន​តារា​វាយ​កូន​បាល់​សំខាន់ៗ​ បន្ទាប់ពីកីឡា​ករលេខ ១ ពិភពលោក Carlos Alcaraz ក៏បាន​ដកខ្លួន​ផងដែរ​ដោយសារ​របួស​ជើង​ស្តាំ​។​ ​​ជើងឯក Australian Open ឆ្នាំ២០១៩ និង ២០២១ Naomi Osaka មិនទាន់បាន​ចូល​លេង​ការប្រកួត​ណាមួយ​ឡើយ ​តាំងពី​ដក​ខ្លួន​ពី​ការប្រកួត​នៅ​កម្មវិធី Tokyo Open កាលពី​ខែ​កញ្ញា និង​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពិភពលោក​ដល់​លេខ ៤២​។ ជើងឯក Grand Slam ៤លើក Naomi Osaka ធ្លាប់​លើកឡើង​ពី​បញ្ហា​ផ្លូវចិត្ត​កាលពី​ឆ្នាំ​២០២២ និង​បាន​បរាជ័យ​ត្រឹម​ជុំ​ទី១ នៅ French Open និង US Open ហើយក៏​បាន​ដក​ខ្លួន​មិន​ចូលរួម Wimbledon ផង​ដែរ​ដោយសារ​របួស​។ ​បើ​តាម​គណនី​នៅ​បណ្តាញ​សង្គម​របស់ Naomi Osaka គេ​ឃើញ​កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប​ ជាមួយ​នឹង​មិត្ត​ប្រុស​ដែលជា​តារា​រ៉េ​ប Cordae៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាស្ដីពីវិបត្តិជនអន្តោប្រវេសន៍ពីម៉ារ៉ុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
08/02/2026 08:08 AM
សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM