Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Novak Djokovic គ្រង​ជើងឯក Adelaide International បន្ត​ស្ថិតិ​ឈ្នះ ៣៤​ប្រកួត​ជាប់​គ្នា​លើទឹក​ដី​អូស្ត្រាលី​

2023/01/09 09:39:07 pm        68
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​គ្រង​ជើងឯក​ការប្រកួត​កម្មវិធី Adelaide International ក្រោយ​យកឈ្នះ​កីឡាករ​អាមេរិក Sebastian Korda នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​បន្ត​ស្ថិតិ​ឈ្នះ​ ៣៤ប្រកួត​ជាប់​គ្នា​នៅលើ​ទឹកដី​អូស្ត្រាលី​។​បន្ទាប់ពី​ចាញ់​សិត​ដំបូង ៦-៧(៨-១០) Novak Djokovic បាន​យកឈ្នះ​ពីរ​សិត​ផ្ទួន ៧-៦(៧-៣) និង ៦-៤​។ ​​កីឡាករ​លំដាប់​លេខ៥ ពិភពលោក Djokovic នៅពេលនេះ​បានឈ្នះ​ជើងឯក​នៅក្នុង​ក្របខណ្ឌ ATP សរុប ៩២ពាន​ហើយ តាម​ស្មើ​កំណត់ត្រា​របស់ Rafael Nadal​។ មានតែ Jimmy Connors, Roger Federer និង Ivan Landl ប៉ុណ្ណោះ​ដែល​ឈ្នះ​ច្រើនជាង​នេះ​។ ​Adelaide International គឺជា​កម្មវិធី​ដំបូង​ដែល Djokovic ចូលរួម​នៅលើ​ទឹកដី​អូស្ត្រាលី តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី​អូស្ត្រាលី​កាលពីដើម​ឆ្នាំមុន​ ដោយសារ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​Djokovic នឹង​អាច​បន្ត​ស្ថិតិ​ឈ្នះ​ជាប់​គ្នា​នៅលើ​ទឹកដី​អូស្ត្រាលី​បន្ថែមទៀត​ នៅពេល​ចូលរួម​ការប្រកួត Grand Slam, Australian Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខាងមុខនេះ ហើយ​ប្រសិន​ឈ្នះ​ជើងឯក Australian Open គេ​នឹង​តាម​ស្មើ Rafael Nadal ឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​ដូចគ្នា​។​​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ​កីឡាការិនី​បេឡា​រុស Aryna Sabalenka បាន​ក្លាយជា​ជើងឯក និង​ពានរង្វាន់​ទី ១១ ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​វ័យ ១៨ឆ្នាំ Linda Noskova នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ការប្រកួត​ពានរង្វាន់​ផ្សេងទៀត កីឡាការិនី​អាមេរិកលំដាប់​លេខ ៧ ពិភពលោក Coco Gauff បាន​គ្រង​ជើងឯកពានរង្វាន់ ASB Classic នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​ស៊ី​ឡង់​ ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ Rebeca Masarova៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Didier Deschamps បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ដល់​ឆ្នាំ​២០២៦

2023/01/09 09:08:41 pm        124
​បាល់ទាត់៖ ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ២លើក​ជាប់​គ្នា​លោក Didier Deschamps បានទទួលកិច្ចសន្យា​ថ្មី​ដែល​បន្ត​ដឹកនាំ​ក្រុម​ជើងឯក​រង World Cup 2022 រហូតដល់​ឆ្នាំ២០២៦ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​បារាំង​ចុង​សប្តាហ៍​កន្លងទៅ​។ ​​លោក Didier Deschamps ដែលជា​ម្ចាស់​ជ័យលាភី World Cup ទាំង​ជា​កីឡាករ និង​គ្រូបង្វឹក​រូបនេះ​បាន​ចូលកាន់​តំណែង​ដឹកនាំ​ក្រុម​បារាំង​តាំងពី​ខែកក្កដា ​ឆ្នាំ២០១២ និង​បាន​នាំ​ក្រុម​បារាំង​ឈ្នះ​ជើងឯក​ពិភពលោក ២០១៨ នៅ​រុស្ស៊ី​នៅពេល​យកឈ្នះ​ក្រូ​អាស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្រោម​ការដឹកនាំ​របស់​លោក Deschamps ក្រុម​បារាំង​ស្ទើ​តែ​ក្លាយជា​ក្រុមទី​ពីរ​ដែល​អាច​ការពារ​តំណែង​ជើងឯកបាល់ទាត់​ពិភពលោក​បាន​ទៅហើយ តែ​បាន​ត្រឹម​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោម​ស្នាដៃ​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​អា​ហ្ស​ង់​ទីន​បាន​គ្រង​ជើងឯក​ពិភពលោក​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​គ្រាប់​របស់ Lionel Messi ២គ្រាប់ ​ខណៈ​បារាំង Kylian Mbappe ធ្វើបាន Hat-Trick តែ​បារាំង​មិនអាច​ឈ្នះ​ពាន​បាន​។ ​​សហព័ន្ធ​បាល់ទាត់​បារាំង​បញ្ជាក់ទៀតថា ដៃស្តាំ​របស់លោក Deschamps គឺ​ជំនួយការ Guy Stephan គ្រូបង្វឹក​អ្នកចាំទី Franck Raviot និង​គ្រូ​កាយសម្បទា Cyril Moine សុទ្ធតែ​បន្ត​កិច្ចសន្យា​ដូចគ្នា​។ ​​រំលឹកថា ១៣៩ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក Deschamps បារាំង​ឈ្នះ​សរុប ៨៩ប្រកួត​ស្មើ២៨ និង​ចាញ់​តែ ២២ប្រកួត​ប៉ុណ្ណោះ ស៊ុត​បញ្ចូល​ទី​គូប្រកួត​សរុប ២៧៩គ្រាប់ របូត​គ្រាប់​បាល់ ១១៩គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សសយក ដំរីអង្គរ បើកការប្រកួតរកបានបីពិន្ទុ និងលទ្ធផលផ្សេងទៀតការប្រកួត Soccer League

2023/01/09 07:41:28 pm        201
បាល់ទាត់៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរសបានដំណើរការប្រកួតហើយ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយចាប់ផ្តើមលេងពីពូល A ដល់ពូល D នៅទីលានបាល់ទាត់​បួនផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង ពូល D ក្រុមបាល់ទាត សសយក ដំរីអង្គរ បានយកឈ្នះក្រុមបាល់ទាត់ដៃឯកច្រាំងចំរេះ ២ ក្នុងលទ្ធផល ៣ទល់នឹង១ ចំនែកក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស (United SEZ) ចាញ់ សសយក ខេត្តកោះកុង ២ទល់នឹង៣។ ប្រកួតបន្ទាប់ក្នុងពូល D នេះថ្ងៃទី១២ ខែមករា ក្រុមបាល់ទាត់ដៃឯកច្រាំងចំរេះ២ ប្រកួតជាមួយក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស (United SEZ) ឯ សសយក ខេត្តកោះកុងជួបជាមួយ សសយក ដំរីអង្គរ។ ថ្ងៃជាមួយគ្នានេះដែរក្នុងពូល B ដែលលេងនៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ឈ្នះក្រុមមិត្តចាស់កីឡា ៣ទល់នឹង០ ចំនែកឯ Royal Bassac FC ចាញ់សាលាបាល់ទាត់​ពស់កេងកង ១ទល់នឹង៣។ ពូល B ប្រកួតបន្ទាប់ថ្ងៃទី១២ ខែមករា មិត្តចាស់ជួប Royal Bassac FC ឯសាលាបាល់ទាត់ពស់កេងកងប្រកួតជាមួយសម្ព័ន្ធយុវជនមុស្លីមកម្ពុជា។ចំនែកលទ្ធផលផ្សេងទៀតពូល A លេងនៅសកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ សសយក ស្រុកកៀនស្វាយ ឈ្នះក្លិបសិក្សាភាសាបរទេស ៦ទល០ និងស៊ីយ៉ាប៊្រេន ឈ្នះរាជសីហ៍ខេត្តកំពត ៣ទល់០។ ពូល C លេងនៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា អាល់អាលី ចាញ់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារពារជាតិ ០ទល៣ និងសម្ព័ន្ធសិស្ស និស្សិតជំនីក ឈ្នះ សសយក ស្រុកពញាឮ ២ទល់នឹង១។ រសៀលនេះការប្រកួតមាន ៤ពូលទៀតសម្រាប់បាល់ទាត់បុរសដោយដំណើរការពីពូល E ដល់ពូល H។ សូមជម្រាបជូនថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ២០២៣ នឹងបញ្ចប់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕

ក្រុមបាល់ទាត់នារី សសយក ខេត្តព្រៃវែង បើកការប្រកួតរកបានបីពិន្ទុ ចំនែកពីរប្រកួតទៀតសុទ្ធតែស្មើក្នុងការប្រកួតពានរង្វាន់ Soccer League

2023/01/09 07:32:13 pm        114
បាល់ទាត់៖ ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០២៣ ផ្តើមប្រកួតក្នុង​ពូល B បន្តទៀត បន្ទាប់ពីមួយប្រកួតដំបូងក្នុងពូល A ដែល សសយក ខេត្តព្រៃវែង បានយកឈ្នះសេនាអង្គរ អេហ្វស៊ី ៣ទល់នឹង០ ថ្ងៃបើកការប្រកួតផ្លូវការ។ប្រកួតថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងពូល B ក្រុមបាល់ទាត់ សុភីណា អេហ្វស៊ី តាមពីក្រោយយកស្មើ ភ្នំពេញក្រោន ១ទល់នឹង១ ខណៈដែល ខេមរាជ័យ ត្រឹមស្មើ ២ទល់នឹង២ ជាមួយស្ទាំងភ្លើងក្មេងវត្តក្តីចាស់ នៅទីលានបាល់ទាត់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPEC)។ ការប្រកួតរសៀលនេះពូល A វិទ្យាល័យសម្តេចហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ប្រកួតជាមួយសេនាអង្គរ និង សសយក ស្អាងយើងស្អាត ប្រកួតជាមួយ សសយក ខេត្តកោះកុង។ ចំនែកថ្ងៃទី១០ ខែមករាស្អែកពូល B ស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ប្រកួតជាមួយសម្រស់ចម្ការលើ និងខេមរាជ័យប្រកួតជាមួយ សុភីណា​អេហ្វស៊ី។ បាល់ទាត់នារីក្នុងព្រឹត្តិការណ៍ Soccer League និងបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕

Ronaldo នឹង​អាច​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ Al Nassr បាន​នៅ​ថ្ងៃទី​២២ ខែមករា

2023/01/09 07:17:31 pm        81
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo នឹង​អាច​បង្ហាញខ្លួន​ប្រកួត​ដំបូង​ឱ្យ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​បាន​នៅ​ថ្ងៃទី២២ ខែមករា​ខាងមុខនេះ បន្ទាប់ពី​ក្លិប Al Nassr ចុះឈ្មោះ​កីឡាករ​វ័យ ៣៧​ឆ្នាំ​រូបនេះ​រួចរាល់ នេះ​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ក្លិប​ប្រាប់​សារព័ត៌មាន AFP​។ ​​Ronaldo បានបង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ចំពោះ​អ្នកគាំទ្រ Al Nassr ប្រមាណ ២៥០០០​នាក់​កាលពី​សប្តាហ៍​មុន តែ​មិនទាន់​អាច​ចុះបញ្ជី​ក្រុម​នៅ​លី​គ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ ដោយសារ​ក្លិប​លើស​ចំនួន​កីឡាករ​បរទេស​កំណត់​។ ​Ronaldo ដែលមាន​ប្រាក់​ឈ្នួល​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយឆ្នាំ​គឺជា​កីឡាករ​បរទេស​ទី​៩ របស់ Al Nassr ដែល​នេះ​ជា​ចំនួន​លើសពី​ការកំណត់​របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​អនុញ្ញាត​ត្រឹម ៨​នាក់​។ ​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Vincent Aboubakar ត្រូវបាន​គេ​ដឹងថា​នឹង​ជា​កីឡាករ​បរទេស​ដែល​ចាកចេញ​ ដើម្បី​បើកផ្លូវ​ឱ្យអតីត​ខ្សែប្រយុទ្ធ Manchester United ចុះបញ្ជី​ឈ្មោះ​បានជា​ផ្លូវការ​នៅ​លី​គ​អារ៉ាប៊ីសាអ៊ូឌីត​។ ​​ជាមួយគ្នា​នោះដែរ​អតីត​ខ្សែប្រយុទ្ធ Porto, Vincent Aboubakar ត្រូវបាន​គេ​ដឹងថា ​ព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លិបបិសាច​ក្រហម Manchester United ផងដែរ​។ ​ថ្ងៃទី២២ ខែមករា​ខាងមុខ Al Nassr នឹងត្រូវ​ជួប​ជាមួយ Ettifag ក្នុង​ទឹកដី​របស់ខ្លួន​ដែល​មានន័យថា Ronaldo អវត្តមាន​ពីរ​ប្រកួត​នៅ Al Nassr តាមរយៈ​បណ្តឹង​របស់ FA អង់គ្លេស​ដែល​ពិន័យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ដែល​បាន​បោក​ទូរស័ព្ទដៃ​របស់​អ្នកគាំទ្រ ​អំឡុង​ការប្រកួត​របស់ Manchester United ទល់នឹង Everton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ក្រសួង​មុខងារ​សាធារណៈ​សុទ្ធតែ​ឈ្នះ​ដូចគ្នា​ថ្ងៃ​បើកឆាក​ការ​ប្រកួត​ពូ​ល E

2023/01/09 06:54:52 pm        143
បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង ស្ថាប័ន ឈាន​ដល់​ថ្ងៃ​ប្រកួត​ទី​៥ ហើយ ដោយ​ក្នុង​នោះ​ជាការ​ប្រកួត​ដំបូង​ក្នុង​ពូ​ល E បន្ទាប់​ពូ​ល A ដល់​ពូ​ល​ D បញ្ចប់​មួយ​ប្រកួត​ម្នាក់​ហើយ​នោះ​នៅ​ទីលាន​បាល់ទាត់ Blue Sport​។ ​​ការប្រកួត​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៣ ក្រុមបាល់ទាត់​អាជ្ញាធរ​សវនកម្ម​ជាតិ​ (​អាវ​ពណ៌​លឿង​) ​ចាញ់​ក្រុម​ក្រសួង​មុខងារ​សាធារណៈ ២​ទល់នឹង​៨​។ ជំនួប​នេះកីឡាករ ឈឿង វណ្ណឌី ស៊ុត​បញ្ចូល​ទី​ ៦​គ្រាប់​តែឯង​នៅ​នាទី​ទី២៤, ២៧, ៣០, ៣៣, ៣៧ និង​នាទី​ទី​៤៤ ចំនែក​ពីរ​គ្រាប់​ទៀត​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ហោ ស៊ី​ណាត នៅ​នាទី​ទី​២៩ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ ម៉ុ​ន ប៊ុន​ថេ​ង នាទី​ទី​៧០​។ ឯ​ពីរ​គ្រាប់​របស់​អាជ្ញាធរ​សវ​ន​កម្ពុជាកើត​ឡើ​ដោយ​កីឡាករ ប៉ា សុ​ផា​រ័ត្ន នាទី​ទី​៣៨ និង​កីឡាករ ងី វណ្ណឌី នាទី​ទី​៦១​។​ ​ថ្ងៃ​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភាឯក​ស​ណ្ឋា​នពណ៌បៃតង បាន​យកឈ្នះ​ក្រុមបាល់ទាត់​ក្រសួងផែនការក្នុង​លទ្ធផល ៤​ទល់នឹង​០​។ លេង​បាន​ ៩​នាទី​កីឡាករ លឹម សុគន្ធា តែ​ត​បញ្ចូល​ទី​ឱ្យអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នាំមុខគូប្រកួត ១​ទល់នឹង​០​។ បន្ទាប់មក​នាទី​ទី​៣០ កីឡាករ ប៊ុន សាន បន្ថែម​មួយគ្រា​ប់​ទៀត មុនពេល​កីឡាករ ឆាយ ស៊ុន​ហាវ និង សុខ វិសាល ថែម​ម្នាក់​មួយគ្រា​ប់​ឱ្យ​ក្រុម​ឈ្នះ ៤​ទល់​០​។​​តាមរយៈ​លទ្ធផល​នេះ ក្រសួង​មុខងារសាធារណៈ​ឈរ​នៅ​លេខ​១ ​មាន ៣ពិន្ទុ​ដូច​គ្នា​នឹង​ក្រុម​លេខ​២ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។ ប្រកួត​បន្ទាប់​ក្នុង​ពូ​ល E នេះធ្វើ​នៅ​ថ្ងៃទី​២៩ ខែមករា ដោយ​ក្រុមក្រសួងផែនការ​ប្រកួត​ជាមួយក្រសួង​មុខងារសាធារណៈ និង​អាជ្ញាធរ​សវនកម្ម​ជាតិ​ប្រកួត​ជាមួយអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។ ​​ប្រកួត​​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣​ នេះពូ​ល F សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកួត​ជាមួយ​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណែកពូ​ល​ជាមួយគ្នាថ្ងៃទី​១២ ខែម​កា​រា ធនាគារជាតិនៃ​កម្ពុជាប្រកួត​ជាមួយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ថ្ងៃទី​១៤ ខែមករា ពូ​ល ​G ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈប្រកួត​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​ពូ​ល H ទីស្តីការគណៈរដ្ឋមន្ត្រីប្រកួត​ជាមួយ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​៕

ជើងឯក​ទូកក្ដោង​ថ្នាក់ជាតិ​ពង្រឹង​ទាំង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​

2023/01/09 06:33:52 pm        68
​ទូកក្ដោង៖ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជាបានបញ្ចប់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដោយ​ជោគជ័យ ក្រោយ​ដំណើការ​ប្រកួត​រយៈពេល ៣​ថ្ងៃកាលពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែមករា​ចុង​សប្ដាហ៍​កន្លងទៅនៅ​ឆ្នេរ​រាម ខេត្ត​ព្រះសីហនុ ដែល​ផ្ដោត​សំខាន់ទាំង​លើ​ការពង្រឹង​សមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត។​ ​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​គឺជា​ការប្រកួត​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការបន្ត​កសាង​សមត្ថភាព គុណភាព ទេពកោសល្យ និង​វិជ្ជាជីវៈ​របស់​កីឡាករ-កីឡាការិនី ពិសេស​គឺ​​ការវាស់ស្ទង់​សមត្ថភាព​របស់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​របស់​សហព័ន្ធក្រោម​ការជួយ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញអភិវឌ្ឍន៍​វិស័យ​កីឡា​ទូកក្ដោង​នៅ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​រួចជាស្រេច​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​រយៈពេល ៣​ថ្ងៃនេះមាន​កីឡាករ​-​កីឡាការិនី ២៧​រូប​ចូលរួមដែល​ប្រកួត​លើ ៦វិញ្ញាសា។ ជា​លទ្ធផល​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​លើ​ផ្ទៃ​ទឹកគឺ​កីឡាករ កែវ ភា​រុណ ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Open, កីឡាករ គង់ សំរេង ជាប់​លេខ​១ លើ​វិញ្ញាសា​ Windsurfing Techno Open, កីឡាករ ញ៉ូ​វ ចាន់ ជាប់​លេខ​១ លើ​វិញ្ញាសា​ ILCA Open, កីឡាករ ចាន់ សុខ​វាសនា ជាប់​លេខ​១ លើ​វិញ្ញាសា​ Byte Boat Open ​និង​កីឡាករ ទិ​ត សុ​វណ្ណា ជាប់​លេខ​១ លើវិញ្ញាសា​ Optimist Open៕​អត្ថបទ៖ លី ឈុន​ឡា

Manchester City បំបាក់ Chelsea ៤-០ ឡើង​ជុំ​ទី៤ FA Cup

2023/01/09 06:17:50 pm        82
​បាល់ទាត់៖ ​ក្រុម​ជើងឯក ៦សម័យ Manchester City បាន​បន្តដំណើរ​ឡើង​ជុំ​ទី៤ នៃ​ការប្រកួត​ពានរង្វាន់ FA Cup អង់គ្លេស​ក្រោយ​បំបាក់​តោ​ខៀវ Chelsea ៤-០ នៅ Etihad Stadium​។ ​​City កាលពី​សប្តាហ៍​មុន​ទៅយក​ឈ្នះ Chelsea ១-០ នៅ Stamford Bridge ក្របខណ្ឌ English Premier League តែ​ជំនួប​លើក​នេះ​ហាក់​មិនមាន​ការប្រកួតប្រជែង​ដូច​មុន​។ ​​Riyad Mahrez បាន​បើក​ការនាំ​មុខមុន​ដោយ​បាល់ Freekick នៅ​នាទី​ទី២៣ មុនពេល​ដែល Julian Alvarez ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៣០ ហើយ Phil Foden បន្ថែម​មួយគ្រា​ប់​ទៀត​នាទី​ទី៣៨​។ ​​ចូល​វគ្គ​ទី២ ក៏​មិនមាន​អ្វី​ប្រសើរឡើង​សម្រាប់ Chelsea ដែរ​ខណៈ​ក្រុម​របស់លោក Pep Guardiola បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Riyad Mahrez ដែលជា​គ្រាប់​ទី​ពីរ​របស់គេ​ក្នុងការ​ប្រកួត​នេះ​។ ​​ជុំ​ទី៤ Manchester City នឹងត្រូវ​ជួប​ជាមួយគ្នា​ជាមួយ​កាំភ្លើង​ធំ Arsenal រឺ Oxford​។ ​​សម្រាប់​លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀត Reading ដែល​ដឹកនាំ​ដោយ​លោក Paul Ince នឹង​ត្រលប់​ទៅកាន់​ទឹកដី Old Trafford ជួប​ក្រុម​បិសាច​ក្រហម Manchester United អតីត​ក្រុម​ដែល​ធ្លាប់​ប្រកប​អាជីព​កីឡាករ​។ ​ចំណែក Brighton នឹងត្រូវ​ជួប Liverpool រឺ Wolves ដែល​ពីរ​ក្រុម​នេះ​ត្រូវ​ប្រកួត​មួយ​ជើង​ទៀត​នៅ​ទឹកដី Wolves បន្ទាប់ពី​ស្មើគ្នា​នៅ​ទឹកដី Anfield ២-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​បាល់ទះ​មិត្តភាព​ All Star ​បង្កប់​អត្ថន័យ​សំខាន់ៗ ពិសេស​អបអរ​ទិវា​ជ័យជម្នះ ៧​មករា

2023/01/09 05:43:59 pm        117
​បាល់​ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​មួយគឺ​ការប្រកួត​កីឡាបាល់ទះ​មិត្តភាព​ Cambodia Volleyball All Star ដែល​បង្កប់​នូវ​អត្ថន័យ​សំខាន់ៗ​ជាច្រើន​ទៀត ពិសេស​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នៅ​សាល​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​បាន​កៀគរ​តារា​បាល់ទះ​ស្ទើរ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះក្នុង​គោលបំណង​ទី​១ ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ក៏ដូចជា​ការផ្ដល់​ឱកាស​ដ៏​កីឡាករ​ឆ្នើមៗទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ បាន​ប្រមូលផ្ដុំ​ជា​ក្រុម​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ ហើយក៏​ជាការ​តេស្ដ​សមត្ថភាព​ក្រុម​ជម្រើសជាតិ ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​​​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ក្រៅពី​ការប្រកួត​មិត្តភាព​កម្ពុជា​ All Star ​នេះ សហព័ន្ធ​ក៏មាន​ផែនការ​ជាច្រើន ពិសេស​ការប្រកួត​មិត្តភាព​ជាតិ​-​អន្ដរជាតិរបស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដុស​ខាត​សមត្ថភាព បច្ចេកទេស និង​ពង្រឹង​គុណ​ផល​កម្រិត​ខ្ពស់ត្រៀម​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេម ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា ក្រោយ​ការ​ទន្ទឹងរ​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនា​ខែឧសភា ឆ្នាំ​០២៣ ខាងមុខនេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​ត្រឡប់មកវិញ​ដោយមាន​អ្នកចូលរួម​ទ្វេដង​

2023/01/09 05:24:18 pm        576
​រត់​ប្រណាំង​៖ ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ឬ​ Angkor Ultra Trail ​ដែលមាន​វិញ្ញាសារ​ត់ដល់​ទៅ ១០០គីឡូម៉ែត្របាន​ត្រឡប់​មកវិញហើយ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​គ្រោង​នឹង​រៀប​ចំនា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​តំបន់ និង​ជុំវិញ​តំបន់​អង្គរ ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​កើនឡើង​ទ្វេដង។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃទី​០៦ ខែមករា​ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​ជា​បណ្ដោះអាសន្ន​ជាង ៨០០​នាក់មកពី ៣៧​ប្រទេស​លើ​ពិភពលោក ដែល​ចំនួន​នេះមានការ​កើនឡើង​ស្ទើរ​គុណ​នឹង​ពីរ បើ​ធៀប​ព្រឹត្តិការណ៍​មុនៗ។​ ​លោក​ Edouard George ​ប្រធាន​ក្រុមហ៊ុន Phoenix Voyages ​ដែលជា​អ្នកបច្ចេកទេស​ទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​បញ្ជាក់ថា ដោយសារ​កត្ដា​ធំៗ​ពីរ ទី​១-​ទីតាំង​រៀបចំ ពោលគឺ​តំបន់​អង្គរ និង​ជុំវិញ​អង្គរក្នុង​ខេត្តសៀមរាបគឺជា​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជា និង​មាន​លក្ខណៈពិសេសមិនអាច​ធៀប​នឹង​ប្រទេស​ផ្សេងៗ​បាន និង​ទី​២-​កម្ពុជាគឺ​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព សន្ដិសុខ និង​បរិយាកាស​ល្អ ទើប​នាំ​ឲ្យ​ទាក់ទាញ​អ្នករត់​ជុំវិញ​ពិភពលោក​ចូលរួម​ដ៏​ច្រើន​បែបនេះ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា នេះ​គឺជា​កត្ដា​សំខាន់​មួយ តែ​អ្វី​ដែលជា​កត្ដា​រួមផ្សំ​មិនអាច​កាត់ផ្ដាច់​បានគឺ​ការ​ប្រែក្លាយ​វិបត្តិទៅជា​ឱកាស។ បន្ទាប់ពី​កម្ពុជាធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងប្រទេស រួមទាំង​បរទេសមានការ​លេចធ្លោរ​ជាងគេ​​ក្នុងការ​ទប់​ស្កាល់​ជំងឺ​កូ​វីដ​-១៩ និង​មាន​អត្រា​អ្នកស្លាប់​តិចជាងគេ រហូត​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោកដាក់​កម្ពុជា គឺជា​គោលដៅ​ដែល​អត់​មាន​កូ​វីដ​-១៩ មុនគេ និង​ជា​គោលដៅ​សុវត្ថិភាព​កូ​វីដ​-១៩ ល្អ​ជាងគេ​ ក៏​ជា​ឥទ្ធិពល​មួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្ដរជាតិ​មករ​ត់​ច្រើន​ដែរ។​ ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​នេះបាន​ខកខាន​រៀបចំ ២​ឆ្នាំ​មកហើយកាលពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២។ សម្រាប់​ការ​ត្រឡប់មកវិញនៃ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍ឆ្នាំ​២០២៣ នេះនឹង​រៀបចំ​លើ ៦វិញ្ញាសារួមមាន​រត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ១៦​គីឡូម៉ែត្រ និង ៨​គីឡូម៉ែត្រ។ ចំពោះ​គោលបំណង​សំខាន់ៗនៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជាទៅកាន់​ពិភពលោក ក៏ដូចជា​ការជំរុញ​ប្រជាពលរដ្ឋ​លេង​កីឡាដើម្បី​លើកកម្ពស់​សុខភាព​ល្អ ហើយ​ដើម្បី​រួមចំណែក​ជួយ​ដល់​ការងារ​សង្គម​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
08/02/2026 09:08 AM
អាមេរិកជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ាត្រៀមខ្លួនចាកចេញក្នុងករណីមានការកើនឡើងភាពតានតឹង
08/02/2026 08:08 AM
សហភាពអឺរ៉ុបកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាស្ដីពីវិបត្តិជនអន្តោប្រវេសន៍ពីម៉ារ៉ុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
08/02/2026 08:08 AM
សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM