Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Cody Gakpo ផ្លាស់​មកកាន់ Liverpool ផ្លូវការ​ក្នុងតម្លៃ​ផ្ទេរ ៣៥លាន​ផោន

2022/12/29 06:23:34 pm        77
​បាល់ទាត់៖ ​ក្លិប​ហង្ស​ក្រហម Liverpool បានប្រកាស​ពី​ការផ្ទេរ​ផ្លូវការ​ខ្សែប្រយុទ្ធ​ហូ​ឡង់ Cody Gakpo ពី​ក្លិប​ហូ​ឡង់ PSV Eindhoven ក្នុងតម្លៃ ៣៥លាន​ផោន​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំកន្លះ​នៅ​ទឹកដី Anfield ដែល​តម្លៃ​នៃ​ការផ្ទេរ​នេះ​អាច​នឹង​កើន​ដល់ ៤៤លាន​ផោន​អាស្រ័យ​លើ​លក្ខខណ្ឌ​ដែល​បាន​ចង​។ ​ការមកដល់​របស់ Cody Gakpo នឹង​ជួយ​ប៉ះប៉ូវ​តំបន់​ប្រយុទ្ធ​របស់ Liverpool ដែល​បាន​បាត់បង់​កីឡាករ​ពីរ​នាក់​ដោយសា​រ​របួស​រួមមាន Luiz Diaz និង Diogo Jota ដែល​នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់​ដល់​ខែមីនា​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​មាន​ទំរង់​លេង​គួរឱ្យកត់សំគាល់​នៅ World Cup កាតា​កន្លងមក​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​នាំ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។​​​សូមបញ្ជាក់ថា Cody Gakpo មុន World Cup បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់ ១២បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៤ប្រកួត​ឱ្យ PSV រដូវ​កាល​នេះ​។ ​ជាមួយគ្នា​នោះដែរ Gakpo ក៏បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់ ២បាល់​បញ្ជូន​ផងដែរ​ក្នុងការ​បង្ហាញខ្លួន ៥លើក​នៅ​ក្របខណ្ឌ UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland ស៊ុត​ពីរ​គ្រាប់​ឱ្យ Man City ឈ្នះ Leeds បំបែក​កំណត់ត្រា​ទៀតហើយ​នៅ Premier League

2022/12/29 05:40:30 pm        91
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ជាថ្មី​ម្តងទៀត​បាន​បំបែក​កំណត់ត្រា​នៅ Premier League ដោយ​ក្លាយជា​កីឡាករ​ក្មេង​បំផុត​រក​បាន ២០គ្រាប់​លឿន​បំផុត បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Manchester City យកឈ្នះ​នៅ​ទឹកដី Leeds United ៣-១​។ ​​ជាការ​ប្រកួត​ដ៏​តានតឹង​ក្នុង​វគ្គ​ទី១ ខណៈដែល Leeds ព្យាយាម​ទប់​ធ្វើឱ្យ Manchester City តឹងចិត្ត ត្រូវ​រង់ចាំ​ដល់​នាទី​ទី៤៥+១ ចុង​វគ្គ​ទី១ ទើប​ក្រុម​របស់លោក Pep Guardiola រកបាន​គ្រាប់​នាំមុខ​ដោយ Rodri​។​ ​ឈានចូល​វគ្គ​ទី២ ភាពមិន​លោភលន់​របស់ Jack Grealish បានផ្តល់​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ Erling Haaland នៅ​នាទី​ទី៥១ និង ៦៤​។ ​​គិត​ត្រឹម ១៥ប្រកួត​ប៉ុណ្ណោះ Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ហើយ​នៅ Premier League រដូវ​កាល​នេះ ខណៈ Manchester City ត្រលប់​មកឈរ​លេខ២ វិញ​តាម​ពីក្រោយ​កាំភ្លើង​ធំ Arsenal ៥ពិន្ទុ​។ ​ប្រកួត​បន្ទាប់ Manchester City ត្រូវ​ទទួល Everton ខណៈ Leeds ទៅ​ទឹកដី Newcastle ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ទី៣១ ខែធ្នូ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គុន​ល្បុក្កតោ​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ១៧០​នាក់

2022/12/29 05:29:35 pm        117
​គុន​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ បានរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧០​នាក់។ ពិធី​បើក​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី អនុប្រធាន​ទី​១ សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​ប្រតិភូ និង​កម្លាំង​ស្ម័គ្រចិត្ត​ជាច្រើន​ផងដែរ។​ លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​បាន​បញ្ជាក់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ តែ​ដោយមាន​ការគាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​រៀបចំ​ការប្រកួត​បានកា​ន់​តែ​ធំ និង​អស្ចារ្យ ស្របតាម​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក​ថា ការប្រកួត​នេះមាន​ប្រតិភូ គណៈកម្មការ គ្រូបង្វឹក និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ចូលរួម​សរុប ២៨១​នាក់ក្នុងនោះ​មាន​កីឡាករ ១០២​នាក់ និង​កីឡាការិនី ៦៨​នាក់មកពី ២៥​សាលា​គុន និង​មកពី ១០​រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន ១។ ក្រោម​ការចង្អុលបង្ហាញ​របស់​ប្រធាន​សហព័ន្ធ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សហព័ន្ធ​ក៏បាន​គិតគូរ​ដល់​ការធ្វើដំណើរ ហូបចុក និង​ស្នាក់នៅដល់​អ្នកចូលរួម​ទាំង​អស់​ផងដែរ។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម កែវ រ៉េមី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ចលនា​គាំទ្រ​ក្បាច់គុន​ល្បុក្កតោ ទាំង​រដ្ឋ និង​វិស័យ​ឯកជនដែល​រួមចំណែក​អភិវឌ្ឍន៍​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ បន្ថែម​លើ​នេះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​កាត់សេចក្ដី​ដោយ​អ​ព្យា​ក្រឹត្យ​បំផុត ដើម្បី​ផ្តល់នូវ​យុត្តិធម៌​ដល់​កីឡាករ​-​កីឡាការិនី ពិសេស​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជំរុញ​វិស័យ​កីឡា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ល្បី​សុះសាយ​លើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​កាយសម្ព័ន្ធទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​បើក​វគ្គ​គ្រូ​ជំនាញ និង​បោះជំរំ​តាម​ខេត្ត​

2022/12/29 05:14:55 pm        70
​កាយសម្ព័ន្ធ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាបានទទួល​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ ពី​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាលបច្ចេកទេស​គ្រូបង្វឹក​ជំនាញ និង​ការ​បោះជំរំ​តាម​ខេត្ត ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​ (Level 1 Class P4 + Training Camp) រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ នៅ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ នៃ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​ ​លោក​ថា នេះ​គឺជា​ការផ្លាស់ប្ដូរ​ថ្មី​មួយ ស្របតាម​បរិបថ​អន្ដរជាតិដែល​តែងមាន​ការបោះ​ជំរំ ដើម្បី​ផ្លាស់ប្ដូរ​ចំណេះ​ដឹង និង​បច្ចេកទេស​ផ្សេងៗ ជាក់ស្ដែង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​សហព័ន្ធ​បាន​អនុវត្ត​ផែនការ​នេះ គឺ​ឃើញ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ផ្ដល់ និង​ចែករំលែក​នូវ​ចំណេះដឹង​ថ្មីៗ ដើម្បី​ផលិត​បាន​នូវ​ធនធាន​គ្រូ​ប្រកបដោយ​សក្ដានុពល សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​​​ជាមួយ​ការរៀបចំ​នូ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជំនាញ ក៏ដូចជា​ការបោះ​ជំរំ​នេះដែរ ទាំង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​សិក្ខាកាម​ចូលរួមបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​សហព័ន្ធ​បានរៀបចំ​កម្មវិធី​នេះ​ឡើង ធ្វើ​ឲ្យ​សិក្ខាកាម​ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ ដើម្បី​រួមចំណែក​វិស័យ​កីឡា​មួយ​នេះ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធបានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំក្នុង​ការផលិត​ធនធាន​ល្អៗ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជូន​ជាតិ​។​​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​នេះគឺមាន​សិក្ខាកាម​ចូលរួម ២២​នាក់មកពី​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ និ​ងខេត្តកំពង់ឆ្នាំង។ ជា​លទ្ធផល​ក្រោយ​បញ្ចប់​ការសិក្សា​រយៈពេល ៥​ថ្ងៃគឺមាន​សិក្ខាកាម ១០​រូប​ទទួល​បា​និទ្ទេស​ល្អ ឬ​ស្មើនឹង ៤៥,៤៥% ខណៈ​និទ្ទេស​ល្អ​បង្គួរ​មាន ៨​នាក់ ឬ​ស្មើនឹង ៣៧,៣៦% និង​និទ្ទេស​មធ្យម​ចំនួន ៤​នាក់ ស្មើនឹង ១៨,១៨%។​ ​សម្រាប់​កម្មវិធី​រៀបចំ​ដោយ​សហព័ន្ធសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះគឺ​ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេស​ជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ឲ្យ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​សម្រាប់​ចំណេះ​ជំនាញ​មួយ​នេះ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Novak Djokovic វិល​ចូល​ទឹកដី​អូស្ត្រាលី​លើកដំបូង ១​ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញចេញ​

2022/12/28 10:20:03 pm        59
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​វិល​ត្រលប់​មកកាន់​ទឹកដី​អូស្ត្រាលី​សាជាថ្មី ១ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញ​ចេញពី​ព្រលាន​យន្ត​ដោយសារ​បញ្ហា​កូ​វីដ​-១៩​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​នឹងត្រូវ​ចូលរួម​ការប្រកួត​កម្ម​វិធី Adelaide International ដែលជា​កម្មវិធី​មួយ​ត្រៀមលក្ខណៈ​សំរាប់​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកួត​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open វិញ បន្ទាប់ពី​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​ព្រលានយន្តហោះ​ប្រទេស​អូស្ត្រាលីកាលពី​ខែមករា​ ដោយសារតែ​ការស្នើសុំ​ទិ​ដ្ឋ​ការមិន​មានភ្ជាប់​ជាមួយ​លិខិត​អះអាងថា​ បាន​ចាក់​វ៉ាក់សាំង​។​ ​​ជាមួយគ្នា​នោះដែរ Djokovic ត្រូវបាន​អាជ្ញាធរ​អូស្ត្រាលី​ហាម​មិនឱ្យ​ជាន់ដី​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៥ តែ​ក្រោយមក​ការសម្រេច​ចិត្តបាន​ផ្លាស់ប្តូរ​។ Novak Djokovic បាន​អវត្តមាន​ពី​ការប្រកួត Grand Slam ពីរ​កម្មវិធី​ឆ្នាំនេះ​រួមមាន Australian Open និង US Open តែ​បាន​ចូល​លេង​ពីរ Grand Slam គឺ French Open ឡើង​បាន​ត្រឹម​វគ្គ ៨នាក់​ចុងក្រោយ​មុនពេល​ឈ្នះ​ជើង​ឯក Wimbledon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​ហូ​ឡង់ Daley Blind ចាក​ចេញពី Ajax ៦​ខែ​មុន​កិច្ចសន្យា​

2022/12/28 09:50:14 pm        59
​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ Daley Blind បានសំរេច​ចិត្ត​បញ្ចប់​កិច្ចសន្យា​ចាក​ចេញ​ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ៦​ខែ​មុន​កិច្ចសន្យា នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​នៅ​លី​គ​កំពូល​ហូ​ឡង់​មួយ​នេះ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំដែលជា​ថ្នាល​យុវជន​របស់ Ajax តាំងពី​អាយុ ៨ឆ្នាំបានបង្ហាញ​ខ្លួន​សរុប ៣៣៣​ប្រកួត​ក្នុង​អាជីព​ជាមួយ Ajax Amsterdam ពីរលើក ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ ៧លើក​ស៊ុត​បញ្ចូល​ទី​សរុប ១៣គ្រាប់​។ ​រំលឹកថា Daley Blind បាន​ផ្លាស់​ពី Ajax ទៅកាន់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ២០១៤ និង​បាន​ចំណាយពេល ៤ឆ្នាំ​នៅ Premier League មុនពេល​ត្រលប់​មកកាន់ Ajax វិញ​។ ​​Daley Blind ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នៅ World Cup 2022 នៅ​កាតា​ផងដែរ និង​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ ខណៈ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​មុនពេល​ចាញ់​អា​ហ្ស​ង់​ទីន​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Norwich បណ្តេញ​អ្នកចាត់ការ Dean Smith ចេញពី​តំណែង

2022/12/28 09:40:54 pm        72
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ League Championship, Norwich City បានសំរេច​បញ្ចប់​តំណែង​អ្នកចាត់ការ Dean Smith ហើយ​ ក្រោយ​ដឹកនាំ​ក្រុម​ឈ្នះ​តែ ៣ ក្នុងចំណោម ១៣ប្រកួត​រដូវ​កាល​នេះ​។​​លោក Dean Smith ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ Norwich កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០២១ បន្ត​ពី​លោក Daniel Farke តែ​មិន​ជួយ Norwich គេច​ផុតពី​ការ​កាត់​ចេញពី Premier League បាន​។ ​រដូវ​កាល​នេះ​កាលពី​ខែតុលា Norwich ឈរ​កំពូល​តារាង​នៅ​ក្របខណ្ឌ League Championship តែ​នៅពេលនេះ​ធ្លាក់​ដល់​លេខ៥​។ ​បរាជ័យ​ចុងក្រោយ​បំផុត​របស់ Norwich គឺ​ចាញ់ Luton Town ដែលជា​បរាជ័យ ៣ ក្នុងចំណោម ៤ប្រ​កួយ​ចុងក្រោយ​។ ​កាលពី​ថ្ងៃទី១៧ ខែធ្នូ Norwich ចាញ់ Blackburn ក្នុង​ទឹកដី​ខ្លួនឯង និង​បាន​និយាយថា ​ក្រុម​របស់លោក​លេង​បានល្អ​នៅក្រៅ​ដី​ជាង​ក្នុង​ដី ដែល​ពាក្យសំដី​នេះ​បាន​ទទួលរង​ការរិះគន់​ខ្លាំង​ពី​អ្នកគាំទ្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​ធ្វើ​មហាសន្និបាតបញ្ចប់​អាណត្តិ​ចាស់ និង​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣

2022/12/28 07:32:53 pm        67
​​អត្តពលកម្ម៖ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ជា «​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​» នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី​ទី​៨ ពី​ឆ្នាំ​២០២២-២០២៦ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថា ​ការ​បញ្ចូល​សមាសភាព​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​បន្ថែម​សរុប ​២៣​រូបគឺ​ស្រប​ពេលដែល​វិស័យ​កីឡាអត្តពលកម្ម​ទាំងមូល​កំពុង​ត្រូវការ​ចាំបាច់​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​រឹងមាំ ក្នុង​គោលដៅ​អភិវឌ្ឍ​ជំនាញ​កីឡា​នេះ​ឲ្យ​រីកចម្រើន ជាពិសេស​គោលដៅ​ឆ្ពោះទៅស៊ី​ហ្គេមឆ្នាំ​២០២៣​។​ ​ឯកឧត្តម សំហេង បុរស ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា​អាណត្តិ​ថ្មី​បាន​លើកឡើងថា នៅក្នុង​អាណត្តិ​ចាស់​កន្លងទៅនេះ សហព័ន្ធ​បានធ្វើ​កំណែទម្រង់​មួយចំនួន ព្រមទាំង​កសាងបាន​នូវ​ស្នាដៃ​ជាច្រើន ក្នុងនោះ​ការបណ្តុះបណ្តាល​ធនធាន​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស រួមទាំង​បង្កើនបាន​ធនធាន​កីឡាករ-កីឡាការិនី​ជម្រើសជាតិ​ផងដែរ​។ សម្រាប់​អាណត្តិ​ថ្មី​នេះ ឯកឧត្តម​ក៏បាន​កោតសរសើរ​ចំពោះ​ឆន្ទៈ ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​សមាជិក​ប្រតិបត្តិ​ចាស់ និង​សមាជិក​ថ្មីៗ​ជាច្រើនរូប​មក​ចូលរួម​ជួយក្នុង​សហព័ន្ធ ដើម្បី​ពិភាក្សាផ្លាស់ប្តូរ​យោបល់​លើ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សម្រាប់​គោលដៅ​អភិវឌ្ឍ​ឆ្ពោះទៅ​ពេលខាងមុខ ជាពិសេស​គោលដៅ​ចម្បង​ចំពោះមុខគឺ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​។​ ​ឯកឧត្តម​គូសបញ្ជាក់ថា «​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះនឹង​ដាច់​ឆ្នាំ​២០២២ ឆ្លង​ចូលឆ្នាំ​២០២៣ ដែល​ពេលវេលា​នៃ​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម ២០២៣ កាន់តែ​ខ្លី​ទៅៗ ដូច្នេះ​តាមរយៈ​ការ​ពេលវេលា​នៃ​ការត្រៀមខ្លួន​នេះ យើង​នឹង​រៀបចំ​ការប្រកួត​កីឡាអត្តពលកម្ម​កម្រិត​ជាតិ​មួយទៀត មុនពេល​ដល់ស៊ី​ហ្គេមលើក​ទី​៣២ ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ ​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​បច្ចេកទេស​ផង និង​ផ្តល់ឱកាស​ឲ្យ​មន្ត្រី​រៀបចំ​បច្ចេកទេស​បាន​ដកស្រង់​បទពិសោធន៍​ផង​។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការរងគណៈកម្មាធិការ​ជាតិ CAMSOC បានបង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ស្មារតី ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​របស់​សហ​ព័ន្ធ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រឹងមាំតទៅ​ថ្ងៃ​អនាគត ពិសេស​គឺ​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្តង​។ ​មហា​សន្និបាត​ក៏បាន​អនុម័ត​របាយការណ៍​វឌ្ឍនភាព​ការងារ របាយការណ៍​ហិរញ្ញវត្ថុ​រយៈពេល​ ៤​ឆ្នាំ​បន្ត​នៃ​អាណត្តិ​ថ្មី ២០២២-២០២៦ វិសោធនកម្ម​លក្ខន្តិកៈ​បោះឆ្នោត​ជ្រើស​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ដោយ​ទទួលបាន​ពី​សំឡេងគាំទ្រ​ ១០០%​ ពី​សមាជិក​មាន​សិទ្ធិ​បោះឆ្នោត​៕អត្ថបទ៖ លី ឈុនឡា

សាលី អ៊ូ​មើ​ត នឹង​ចូលនិវត្តន៍​ដោយ​គ្មាន​ការសោកស្ដាយ បន្ទាប់ពី​ធនធាន​បន្ដវេន​ល្អៗ​

2022/12/28 06:40:02 pm        234
​កីឡា​ម៉ូតូទឹក៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៨ សាលី អ៊ូ​មើ​ត បាន​អះអាង​ជាថ្មី​ថា ខ្លួន​នឹង​ចូលនិវត្តន៍​ពី​អាជីព​កីឡា​ម៉ូតូ​ទឹក ក្រោយ​បញ្ចប់​បេសកកម្ម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្លួន​សម្រេច​ចិ​ត្ដដោយ​គ្មាន​ការសោកស្ដាយ​នោះ គឺ​ការបណ្ដុះ​បាន​នូវ​ធនធាន​បន្ដវេន​ប្រកបដោយ​សក្ដានុពល ដែលមាន​សមត្ថ​ភាពមិន​ចាញ់​ខ្លួន​ឡើយ។​ ​ថ្លែងប្រាប់​ក្រុមការងារ​ BTV ​កាលពី​ថ្មីៗ កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះបាន​ឲ្យ​ដឹងថា គម្រោង​ចូលនិវត្តន៍​ពី​អាជីព​នេះគឺមាន​តាំងពី​យូរ​មកហើយ តែ​ស្របពេល​កម្ពុជាទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង ទើប​ខ្លួន​សម្រេច​បន្ដ​ប្រកួតរហូតដល់​ឆ្នាំ​២០២៣ ហើយ​ទើប​ចូលនិវត្តន៍។ យ៉ាងណាមិញ អ៊ូ​មើ​ត បាន​សម្ដែង​ការពេញចិត្តមុន​ខ្លួន​ចូលនិវត្តន៍​ពី​អាជីព​កីឡា​លើទឹក​នេះ បាន​រកឃើញ​កីឡាករ​មាន​សមត្ថភាព​ជាច្រើនដើម្បី​បន្ដវេន​ពី​ខ្លួន។​ ​ជា​ការពិត​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ធនធាន​ប​ន្ដ​វេន គេ​ឃើញ​ដល់​យុវជន ១​ក្រុមដែល​កើតចេញពី​ការផ្ដួចផ្ដើម និង​ឧបត្ថម្ភ​គាំទ្រ​របស់​កីឡាករ សាលី អ៊ូ​មើ​ត ហើយ​បាន​ចេញទៅ​ប្រកួត​អន្ដរជាតិ​ជា​ហូរហែដូចជា​កីឡាករ​ ​សាលី​ ​ហ្វី​លីន​, ​ម៉ី​ន មូ​ស្ដា​ន​, ​មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ជាដើម ជាពិសេស កៃ វ៉ាន់​ស៊ី​ដែន ដែល​ទើប​ដណ្ដើមបាន​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​កម្រិត​ពិភពលោក​ Jet Ski World Series Season 2022 កាលពី​ខែតុលា​កន្លងទៅ។​ ​គួរ​ដឹងថា កីឡាករ​ខ្មែរ​-​ឥស្លាម សាលី អ៊ូ​មើ​ត បាន​ប្រកប​អាជីព​ម៉ូតូ​ទឹកជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ និង​ដណ្ដើមបាន​មេដាយក៏ដូចជា​ពានរង្វាន់​ជាច្រើន។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់ចាំ​មិន​ភ្លេច គឺ​ការរួមចំណែក​បង្កើត​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយមាស​កីឡា​អាស៊ី​​ឆ្នាំ​២០១៨ ចំនួន ២​គ្រឿង ក្នុងនោះ ១​គ្រឿង​ដណ្ដើមបាន​លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹកដោយ​វីរកីឡាករ សាលី អ៊ូ​មើ​ត និង ១​គ្រឿង​ទៀតដណ្ដើមបាន​ដោយ​វីរកីឡាការិនី ខាន់ ចេ​សា លើ​កីឡា​ជឺ​ជី​តស៊ូ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​សរសើរ​ការរៀបចំ​ជើងឯក​ជាតិ និង​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​ត្រៀម​ស៊ី​ហ្គេម​

2022/12/28 05:54:47 pm        86
​ទោចក្រយាន៖ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅ​ខេត្តសៀមរាបបាន​បើក​ការប្រកួត​ផ្លូវការ​ហើយកាលពី​ថ្ងៃទី​២៧ ខែធ្នូ​ម្សិល​មិញ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ២៧៥​នាក់ រួមទាំង​ប្រតិភូ និង​គណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រកួត​សរុប ៤០៥​នាក់។ឯកឧត្តម​ ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​កោតសរសើរ​ការ​ប្រកួត​រៀបចំ​នេះ ហើយ​បាន​ចាត់ទុកជា​សញ្ញាណ​ដ៏​ល្អ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​ឈរលើ​ស្មារតី កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស ព្រមទាំង​ត្រូវមាន​ការយោគយល់​គ្នា គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។ លើសពីនេះ ឯកឧត្តមបានស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនីប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេសនៃ​ការប្រកួត ​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​​តាមរយៈ​ការប្រកួត​តេស្ដ​សាកល្បង​ថ្នាក់ជាតិ​លើកចុងក្រោយ មុន​ស៊ី​ហ្គេមមកដល់​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិ​ច្ទ​សហការ​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ពិសេស​ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិស័យ​ឯកជន ក៏ដូចជា​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ។ ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ដ្រីក៏បាន​ផ្ដាំផ្ញើរ​ដល់​កីឡាករ​-​កីឡាការិនីត្រូវគោរព​ឲ្យ​បាន​ដាច់ខាត​ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ទី​១-​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យបាន​ល្អ ទោះ​មិន​បានឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិចក្តី និង​ទី​២-​ការ​ឈ្នះ​មេដាយគឺ​ត្រូវតែ​ត្រឹមត្រូវ និង​យុត្តិធម៌ មិនត្រូវ​ចង់​ឈ្នះ​មេដាយ​ដោយ​រំលោភបំពាន​ច្បាប់ ឬ​លក្ខន្តិកៈនៃ​ការប្រកួត​ឡើយ​។​​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ប្រកួត​លើ ២​ប្រភេទគឺ​កង់​គក់ និង​កង់​ភ្នំ​​។ សម្រាប់​វិញ្ញាសា​កង់​គួ​ករួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​អាយុ​ក្រោម ១៨​ឆ្នាំ​, ២. កង់​គួ​ក​បុរស​ឈុត​ធំអាយុ ១៨​ឆ្នាំ​ឡើង និង​៣. កង់​គួ​ក​បុរសចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាលអាយុ​ក្រោម ១៨​ឆ្នាំ​, ២. កង់​ភ្នំ​បុរស​ឈុត​ធំអាយុ ១៨​ឆ្នាំ​ឡើង​, ៣. កង់​ភ្នំ​នារី​អាយុ ១៥​ឆ្នាំ​ឡើង និង​៤. កង់​ភ្នំ​បុរស​អាយុ ៤០​ឆ្នាំ​ឡើង ។​ ​ការប្រកួត​នេះត្រូវបាន​រៀបចំ​នៅលើ​ទីលាន ឬ​ដង​ផ្លូវការដែល​សហព័ន្ធ​បាន​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផ្ទាល់​តែម្ដង ហើយក៏​ជា​ឱកាស​វាស់​ស្ទង់ ដុស​ខាត និង​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ផងដែរ៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM
កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
08/02/2026 01:08 PM
គណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
08/02/2026 01:08 PM
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស
08/02/2026 12:08 PM