Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ហ្វីលីពីន​ដណ្តើមបាន​បី​ពិន្ទុក្រោយ​ឈ្នះ​ព្រុយ​ណេ ៥​ទល់​១ បាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ាន

2022/12/24 05:39:46 pm        90
បាល់ទាត់៖ ក្រោយ​ចាញ់​កម្ពុជាប្រកួត​ដំបូង ហ្វីលីពីន​បាន​យកឈ្នះ​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម ៥​ទល់នឹង​១ ​វិញនៅ​ពហុ​កីឡដ្ឋាន Rizal Memorial រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​តំបន់​អាស៊ីអាគ្នេយ៍​ពូ​ល A​។​ ​ជំនួប​នេះ​លេង​បាន​ត្រឹម ​៧​នាទី​កីឡាករ Kenshiro Daniels បើក​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ​ឱ្យ​ហ្វីលីពីន បន្ទាប់ពី​មាន​ជួយ​ជ្រោមជ្រែង​ពី​កីឡាករ Pocholo Bugas​។ ៥​នាទី​បន្ទាប់​ហ្វីលីពីន​នាំមុខ​បន្ថែមទៀត​ដោយ​គ្រាប់​បាល់​កីឡាករ Sandro Reyes ពេល​កីឡាករ Mark Hartmann បោះ​បាល់​ឱ្យ​។ ចប់​តង់​ទី​១ ហ្វីលីពីននាំមុខ​ព្រុយ​ណេ ២​ទល់នឹង​០​។​ ​ក្នុង​តង់​ទី​២ ហ្វីលីពីន​នៅតែ​ដាក់​សម្ពាធ​បន្ថែម​លើ​គូប្រកួត ជាក់ស្តែង​នៅ​នាទី​ទី​៥០ កីឡាករ Jesus Melliza បន្ថែម​គ្រាប់​ទី​បី​ឱ្យ​ម្ចាស់ផ្ទះ បន្ទាប់ពី​កីឡាករ Sebastian Rasmussen ​ប​ញ្ចួ​ន​បាល់​ឱ្យ​។ មួយ​នាទី​បន្ទាប់ Sebastian Rasmussen​ខ្លួនឯង​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បួន​ឱ្យ​ហ្វីលីពីន មុនពេល​កីឡាករ Razimie ramlli ស៊ុត​បាន​មួយ​គ្រាប់​វិញ​ឱ្យ​ព្រុយ​ណេនាទី​ទី​៧០ ក្រោយ Hakeme Said ប​ញ្ជួ​ន​បាល់​។ យ៉ាងណាក៏ដោយ​ពីរ​នាទី​មុន​ចប់​ការប្រកួត Sebastian Rasmussen បន្ថែម​គ្រាប់​ទី​ប្រាំ​ឱ្យ​ហ្វីលីពីនពេល Oliver Bias បោះ​បាល់​ឱ្យ​។​ ​តាមរយៈ​លទ្ធផល​នេះ ហ្វីលីពីនឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ មាន​ ៣​ពិន្ទុដូចគ្នានឹងក្រុមលេខ ១ ដែលមាន​ថៃ ឥណ្ឌូនេស៊ី និង​កម្ពុជា​។ ប្រកួត​បន្ទាប់ហ្វីលីពីនត្រូវធ្វើ​ដំណើរ​ជួប​ថៃថ្ងៃទី​២៦ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ី​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​លថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣៕​អត្ថបទ៖ គង់ ហួន

កម្ពុជាចាញ់​ឥណ្ឌូនេស៊ីការប្រកួត​ទី​២ ​របស់ខ្លួន​ក្នុង​ពូ​ល A បាល់ទាត់​តំបន់​អាស៊ាន​

2022/12/24 05:08:49 pm        211
បាល់ទាត់៖ នៅ​ពីមុខ​អ្នកគាំទ្រជាង ​២០០០០​នាក់ និង​ពីមុខ​ប្រធានាធិបតី Joko Widodo ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ីបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ២​ទល់នឹង​១ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ពហុ​កីឡដ្ឋាន​ Gelora Bung Karno ទីក្រុង​ហ្សា​ការ​តាល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២២​។​ ​ដោយ​ទើបតែ​ប្រកួត​ដំបូង​ក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីបើក​ការ​នាំមុខ បន្ទាប់​ពី​លេង​បាន​ត្រឹមតែ ​៧​នាទី​ប៉ុណ្ណោះ​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Egy Maulana បន្ទាប់ពី​កីឡាករ Pratama Arhan ប​ញ្ជួ​ន​បាល់​ឱ្យ​។ មួយ​គ្រាប់​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​ឥណ្ឌូ​នេ​ស៊ីរីករាយ​យ៉ាងខ្លាំង​។​ ​ក្រោយមក​ភាព​រីករាយ​ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​គោព្រៃ​កម្ពុជាតាម​ស្មើ​នៅ​នាទី​ទី​១៦ ពេលដែល​កីឡាករ ​សឿត បារាំង ប​ញ្ជួ​ន​បាល់​ចេញពី​ជ្រុ​ញឱ្យ ​លឹម ពិសុទ្ធ ហើយ​ ពិសុទ្ធ ក៏​ប​ញ្ជួ​ន​ឱ្យ ​បារាំង ​វិញ រួច​ប​ញ្ជួ​ន​ទៅឱ្យ ​សារ៉េត គ្រី​យ៉ា តែ​ត​បញ្ចូល​ទី​បានសម្រេច​។​ ​យ៉ាងណា​ក៏​ដូច​ឥណ្ឌូនេស៊ីដាក់​សម្ពាធ​បន្ថែមរហូត​រកបាន​គ្រាប់​បាល់​នាំមុខ​ជាថ្មីនាទី​ទី​៣៥ ដោយ​កីឡាករ Witan Sulaeman​ ពេលដែល​កីឡាករ Marselino Ferdinan ប​ញ្ជួ​ន​បាល់​ឱ្យ​។ ចប់​តង់​ទី​១ ឥណ្ឌូនេស៊ីនាំមុខ​កម្ពុជា ២​ទល់នឹង​១​។​ ​ការប្រកួត​តង់​ទី​២ ទាំង​ម្ចាស់ផ្ទះ និង​ភ្ញៀវសុទ្ធ​មានឱកាស​រៀងៗ​ខ្លួន តែ​ធ្វើ​មិនបាន​សម្រេច​។ ចប់​ការប្រកួត គ្រុឌ​ឥណ្ឌូនេស៊ីឈ្នះ​គោព្រៃ​កម្ពុជា ២​ទល់នឹង​១​។ ​អ្នកចាំទី​កម្ពុជា កែង សុខ​សិលា បញ្ជាក់ថា ​ការប្រកួត​នេះ​ពិតជា​តានតឹង តែ​ត្រូវឱ្យ​បានល្អ​ជាង​នេះ​សម្រាប់​ប្រកួត​បន្ទាប់​។ ​ប្រកួត​បន្ទាប់​ថ្ងៃទី២៦ ខែធ្នូ ព្រុយ​ណេ​ទទួល​ឥណ្ឌូនេស៊ី ខណៈ​កម្ពុជាត្រូវ​ទទួល​ព្រុយ​ណេ​ដែរនៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​៕អត្ថបទ៖ គង់ ហួន

លោក Czeslaw Michniewicz នឹង​ចាក​ចេញពី​តំណែង​អ្នកចាត់ការ​ប៉ូឡូញ​

2022/12/23 09:38:46 pm        101
​បាល់ទាត់៖ ​លោក Czeslaw Michniewicz នឹង​ចាក​ចេញពី​តំណែង​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ចុងឆ្នាំ​នេះ ក្រោយ​ចំណាយពេល ១១ខែ​ក្នុង​តំណែង​។ ​សហព័ន្ធ​បាល់ទាត់​ប៉ូឡូញ PZPN បានសំរេច​ចិត្ត​មិន​បន្ត​កិច្ចសន្យា​ដល់​អ្នកចាត់ការ​វ័យ ៥២ឆ្នាំ​រូបនេះ​ឡើយ ក្រោយ​បរាជ័យ​នៅ World Cup​។ ​​ប៉ូឡូញ​បើកឆាក World Cup ស្មើ​ជាមួយ​ម៉ិ​ក​ស៊ិ​ក ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត និង​ចាញ់​អា​ហ្ស​ង់​ទីន​ ហើយបានឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​តែ​ធ្លាក់ដោយសារ​បារាំ​ង​ត្រឹម​វគ្គ​នោះ​។ ​លោក Michniewicz ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​កាលពី​ខែមករា​ឆ្នាំ ២០២២ នេះ​បន្ត​តំណែង​ពី​លោក Paulo Sousa ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែធ្នូ​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​ក្លិប Barcelona ថា Frenkie de Jong ជា​កីឡាករ​សំខាន់​មិនអាច​លក់

2022/12/23 07:17:47 pm        81
​បាល់ទាត់៖ ​ខ្សែបម្រើ​ហូ​ឡង់ Frenkie de Jong គឺជា​កីឡាករ​សំខាន់​បំផុត​របស់​ក្លិប និង​មិន​ដែលមាន​គម្រោង​លក់​ចេញ​ឡើយ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្លិប Barcelona លោក Joan Laporta​។ ​​កីឡាករ​ហូ​ឡង់​វ័យ ២៥​ឆ្នាំ​រូបនេះ​មាន​ទំនាក់ទំនង​ផ្ទេរ​កាន់​ក្រុម Manchester United ដែល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​សញ្ជាតិ​ហូ​ឡង់ Erik ten Hag​។​ ​លោក Laporta បាន​បន្តថា Frenkie de Jong គឺជា​កីឡាករ​សំខាន់​បំផុត​ម្នាក់​របស់​ក្លិប ជា​កីឡាករ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ម្នាក់ ហើយ​ជា​កីឡាករ​ដែល​ក្លិប​ព្យាយាម​រក្សាទុក​ជាមួយ​នឹង​អនាគត​របស់​ក្លិប និង​គ្មាន​គម្រោង​លក់​ចេញ​។ ​យ៉ាងណាក្តី​លោក Laporta បន្តថា ​ក្លិប​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​នៅ​កីឡដ្ឋាន Camp Nou តែ​ក៏​មិនដឹង​ថា ​សាមីខ្លួន​ចង់​បន្ត​នៅ ​រឺ​ចាកចេញ​នៅ​ខែមករា​ខាងមុខ​រឺ​អត់​នៅ​ឡើយ​។ ​​រំលឹក​ថា Frenkie de Jong បានមក​ដល់ Barcelona ពី Ajax Amsterdam កាលពី​ឆ្នាំ​២០១៩ នៅពេល Ajax ស្ថិតក្រោម​ការដឹកនាំ​របស់លោក Erik ten Hag​។ ​ជាមួយគ្នា​នោះ​ដែរ​សារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​ចុះផ្សាយ​ថា​ ប្រធាន​ក្រុម Barcelona, Sergio Busquet ដែល​ទើប​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​នោះ នឹង​ចាកចេញ​ទៅកាន់​ក្របខណ្ឌ​អាមេរិក Major League Soccer ក្រោយ​ចំណាយពេល ១៥​រដូវ​កាល​ជាមួយ Barcelona ឈ្នះ​ពាន​សំខាន់ៗ​សរុប ៣៣​ពាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alphonso Davies ឈ្នះ​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​របស់​កាណាដា ៤​ឆ្នាំ​ជាប់​គ្នា

2022/12/23 06:41:59 pm        72
​បាល់ទាត់៖ ​ខ្សែបម្រើ Bayern Munich, Alphonso Davies បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​កាណាដា ៤ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ជួយ​ក្រុម​កាណាដា​បង្ហាញខ្លួន​នៅ World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។ កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏បាន​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ផងដែរ​ឱ្យ​កាណាដា​នៅ World Cup​។ ​​នៅ World Cup 2022 កាតា Davies គឺជា​កីឡាករ​លេចធ្លោ​ម្នាក់​គត់​របស់​កាណាដា​នៅ​ជួរមុខ​ប្រយុទ្ធ និង​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ពេល​លេង​ទល់នឹង​ប​ក្រូ​អាស៊ី​នោះគឺជា​គ្រាប់​ដំបូង​របស់ខ្លួន និង​របស់​កាណាដា​ក្នុង​ប្រវត្តិសាស្ត្រ World Cup​។​ ក្រៅពី World Cup កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏បាន​រួមចំណែក​ជួយ​ក្លិប​អាជីព​របស់ខ្លួន Bayern Munich ឈ្នះ​ពាន Bundesliga និង EFL Supercup ផងដែរ​ក្នុង​ឆ្នាំ២០២២ នេះ​។​ ​សរុប​រួម Alphonso Davies បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​កាណាដា ៣៣លើក​ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់ ១៦បាល់​បញ្ជូន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester City ទំលាក់​ក្រុម​ការពារ​ជើងឯក Liverpool ត្រឹម​វគ្គ ១៦​ក្រុម Carabao Cup

2022/12/23 06:06:49 pm        74
​បាល់ទាត់៖ ក្រុម​ជើងឯក​អង់គ្លេស Manchester City បាន​ទំលាក់​ក្រុម​ការពារ​ជើងឯក Liverpool ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Carabao Cup ជាមួយនឹង​ជ័យជំនះ ៣-២​។ ​​ជាការ​ប្រកួត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រវាង​ក្រុម​ទាំងពីរ ខណៈ​ក្រុម​ម្ចាស់ផ្ទះ Manchester City បាន​នាំ​មុខមុន​រហូត​ពោលគឺ​គ្រាប់​ដំបូង​សំរេចបាន​ដោយ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland នាទី​ទី១០ មុនពេល​ដែល Liverpool តាម​ស្មើ​វិញ​ដោយ Fabio Cavalho ១០នាទី​ក្រោយមក​។ ឈានដល់​វគ្គ​ទី២ ក្រុម​ទាំងពីរ​នៅតែ​បន្ត​ទំរង់​ប្រយុទ្ធ​ដដែល​ខណៈ​ម្ចាស់ផ្ទះ Manchester City នាំមុខ​សាជាថ្មី​ដោយ Riyad Mahrez នាទី​ទី៤៧​។ ​​តែ​មិនបាន​ប៉ុន្មាន Liverpool ក៏​តាម​ស្មើ​សាជាថ្មី​មួយ​នាទី​បន្ទាប់​ដោយ Mohamed Salah មុនពេល​ដែល Nathan Ake ជា​អ្នកសម្រេច​គ្រាប់​ជ័យជំនះ​ឱ្យ Manchester City នាទី​ទី៥៨​។ ​​ក្រុម​របស់លោក Pep Guardiola នឹង​បន្ត​ជួប​ជាមួយ​ម្ចាស់ផ្ទះ Southampton នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី៩ ខែមករា​ ឆ្នាំ២០២៣ ខាងមុខ​។ ​​សម្រាប់ ៨ក្រុម​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​រកឃើញ​អស់ហើយ​រួមមាន Southampton ទទួល Manchester City, Manchester United ទទួល Charlton Athletic, Nottingham Forest ទទួល Wolverhampton និង Newcastle ទទួល Leicester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា ១៣​ប្រភេទ និង​កីឡា​សម្ដែង ១ បានអនុម័ត​រួចរាល់​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ២០២៣

2022/12/23 05:44:33 pm        318
​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បានអនុម័ត​ប្រភេទ​កីឡា​រួចរាល់​ហើយដោយ​សម្រេចយក​កីឡា ១៣​ប្រភេទបូក​កីឡា​សម្ដែង ១​ប្រភេទ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ (CAMAPGOC) ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) ​កាលពី​ថ្មីៗ។​ ​ឯកឧត្តម​មានប្រសាសន៍​ថា កាលពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិបាល​កីឡា​ជនពិការ​អាស៊ាននៅ​ឥណ្ឌូនេស៊ី គឺ​បានអនុម័ត​កីឡា​ចំនួន ១២​ប្រភេទ តែមាន​កីឡា​មួយ​ត្រូវ​បន្ថែម ហើយ​ពេលនេះបាន​ឯកភាព​លើ​កីឡា​មួយទៀត ដែល​នាំ​ឲ្យ​មានការ​សម្រេច​ចុងក្រោយគឺកំណត់​យក​កីឡា ១៣​ប្រភេទសម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បូក​ទាំង​កីឡា​សម្ដែង ១​ប្រភេទដែល​កំណត់​យក​កីឡា​អេឡិចត្រូនិក ​(E-Sports) ​តែ​មិន​រ៉ាប់​បញ្ចូល​មេដាយ​ឡើយ។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការរង​ CAMAPGOC ​ដដែល​បាន​ឲ្យ​ដឹងថា កីឡា ១៣​ប្រភេទដែល​ត្រូវ​បានអនុម័ត​រួចរាល់ រួមមាន​កីឡាអត្តពលកម្ម​ជនពិការ​, ​កីឡាហែលទឹក​ជនពិកា​រ​, ​កីឡា​វាយ​សី​ជនពិការ​, ​កីឡាបាល់ទាត់ ៥​ម្ខាង​, ​កីឡាបាល់ទាត់ ៧​ម្ខាង​, ​កីឡា​លើក​ទម្ងន់​ជនពិការ​, ​កីឡា​បូ​ស្យា​ជនពិការ​, ​កីឡាវាយកូនឃ្លីលើតុ​ជនពិការ​, ​កីឡា​យូ​ដូ​ជនពិការ​, ​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​, ​កីឡាបាល់បោះ​ជនពិការភ្នែក​, ​កីឡាបាល់ទះ​អង្គុយ និង​កីឡា​អុក។​ ​ឯកឧត្តម យី វាសនា បន្ថែមថា ១៣​ប្រភេត​កីឡា​នេះបានសម្រេច​រួចហើយ ហើយ​ការរៀបចំ​ឲ្យ​ចេញ​ជា​ព្រឹត្តិការណ៍​កីឡា ឬ​វិញ្ញាសា​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗត្រូវ​រៀបចំ​ការរៀបចំ​ជាក់ស្ដែង។ ប៉ុន្ដែ​បើតាម​ការគ្រោងទុក​ជាប​ទ​ពិសោធន៍ កាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ីគឺមាន​វិញ្ញាសា​ទាំងអស់​ប្រមាណ​ជាង ៤០០​វិញ្ញាសា លើ ១៤​កីឡា ហើយ​នៅ​កម្ពុ​ជាមាន ១៣​ប្រភេត​កីឡា។ ដូច្នេះ​វិញ្ញាសា​ដែល​គ្រោង​រៀបចំ​មិនទាន់​កំណត់​ជាក់លាក់​នោះទេ ប៉ុន្ដែ​អាច​ក្នុងរ​ង្វ​ង់ជាង ៤០០​វិញ្ញាសា។​ ​ចំណែក​ដំណើរការ​ចុះឈ្មោះ​ចូលរួម​វិញ ឯកឧត្តម​បាន​ពន្យល់ថា មាន ៣​ដំណាក់កាលក្នុងដំណាក់កាល​ទី​១ បានបញ្ចប់​ហើយ គឺជា​ការចុះឈ្មោះ​ប្រទេសទៅតាម​ប្រភេទ​កីឡា​នីមួយៗ។ រីឯ​ដំណាក់កាល​ទី​២ គឺជា​ការចុះឈ្មោះ​ចំនួន​ប្រតិភូ មន្ដ្រី និង​កីឡាករ​-​កីឡាការិនី​សរុប​ប៉ុន្មាន​នាក់ដែល​ត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០២៣ និង​ដំណាក់កាល​ទី​៣ គឺ​ការចុះឈ្មោះ​តាម​ឯក​ត្ត​បុគ្គល​នីមួយៗ ឧទាហរណ៍​ការបញ្ជាក់​ឈ្មោះ​ប្រតិភូ​ដឹកនាំ និង​ឈ្មោះ​កីឡាករ​-​កីឡាការិនី​ច្បាស់ៗទៅតាម​ប្រភេទ​វិញ្ញាសា​ខ្លួន​ចូលរួម​ប្រកួត ដែល​គ្រោង​នឹង​បញ្ចប់​នៅ​កំឡុង​ខែកុម្ភៈ មុន​ឈានដល់​ការប្រកួត​ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​នឹង​លេង​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ប៉ះ​ឥណ្ឌូនេស៊ី​រសៀល​នេះ​

2022/12/23 05:25:43 pm        336
បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាត្រូវ​ប្រកួត​ទី​២ ​របស់ខ្លួន​ក្នុង​ពូ​ល A ពានរង្វាន់​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​២០២២ ថ្ងៃ​ទីនេះ ដោយ​ត្រូវ​ជួប​ជាមួយ​ជើងឯក​រង​ច្រើនជាងគេឥណ្ឌូនេស៊ីនៅ​ពហុ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ីម៉ោង ៤​និង​៣០​នាទី​រសៀលម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួត​នេះ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​។​ ​មុន​ការប្រកួត​នៅលើ​ពហុ​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ជិត ​៨០០០០​នាក់ កម្ពុជា​បើក​ការប្រកួត​ដំបូង​ក្នុង​ពូ​ល ដោយបាន​យកឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​២ ដោយ​គ្រាប់​បាល់​ពីរ​គ្រាប់​តែឯង​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ អន ចាន់​ប៉ូ​លីន​។ ចំនែក​ឥ​ណ្ឌ​នេ​ស៊ី​សម្រាកនេះ​ជាការ​ប្រកួត​ដំបូង​របស់គេ​។​ ​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាលោក Ryu Hirose បញ្ជាក់ថា ទោះបីជា​យើង​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​ ក្នុងអំឡុងពេល​ប្រមូលផ្តុំ​នៅ​កម្ពុជា ប៉ុន្តែ​ដូច​ដឹង​យើង​មាន​កាលវិភាគ​ដ៏​លំបាក​បំផុត​មួយ​។ លោក​បន្តថា ឥណ្ឌូនេស៊ី​ជា​ក្រុម​មួយ​ដែល​លេង​បានល្អមាន​កីឡាករ​លេង​នៅក្រៅ​ស្រុក និង​ល្អៗ​ច្រើន​។ ដូច្នោះយើង​នឹង​លេង​ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ​ចំនែក​គ្រូបង្វឹក​ជម្រើសជាតិ​ឥណ្ឌូនេស៊ីលោក Shin Tae-yong លើកឡើងថា​ លោក​មិន​បារម្ភ​ពី​ក្រុម​ផ្សេង​ក្រៅ​ពូ​ល​ទេ ចំពោះមុខ​ផ្តោត​តែ​កូនក្រុម និង​ការត្រៀមខ្លួន​។ ​ទាក់ទង​នឹង​ជ័យជំនះ​កម្ពុជា ៣​ទល់នឹង​២ លើ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះបន្ថែមថា ជម្រើសជាតិ​កម្ពុជា​កំពុងមាន​លក្ខខណ្ឌ​ល្អប្រសើរ ហើយនឹង​បង្ករ​ភាពលំបាក​សម្រាប់​ឥណ្ឌូនេស៊ីក្នុងការ​ស្វែងរក​ពិន្ទុ​។ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ព្រមទាំង​នឹងធ្វើ​អ្វី​ដើម្បី​ឈ្នះ​ការប្រកួត​។​ ​ក្នុង​ប្រវត្តិ​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ឥណ្ឌូនេស៊ី​មិនដែល​ឈ្នះ​ពាន​នេះ​​ទេ ប៉ុន្តែ​ឥណ្ឌូនេស៊ី​ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើនជាងគេ​ដូច​ថៃ និង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ ប្រាំ​មួយដង ហើយ​ចុង​ក្រោយនេះបញ្ចប់​ត្រឹម​លេខ​ទី​២ ​ទៀត ក្រោយ​ចាញ់​ថៃ ៦​ទល់នឹង​២ ទាំងពីរ​ជើង​។​ ​សូម​រំលឹក​ថា​ ៧​ប្រកួត​ដែល​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា ឥណ្ឌូនេស៊ីឈ្នះ​ទាំង ​៧​ប្រកួត តាំងពី​ឆ្នាំ​២០០១ ក្នុងនោះឥណ្ឌូនេស៊ី​ទាត់​ចូល​ទី​ជម្រើសជាតិ​កម្ពុជា ២៦​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​ឥណ្ឌូនេស៊ី​វិញ ២គ្រាប់គឺ​ក្នុងការ​ប្រកួត​ពាន​នេះ​ឆ្នាំ​២០២០ លើក​មក​ប្រកួត​ឆ្នាំ​២០២១​ នៅ​ប្រទេស​សិង្ហ​បុរី​៕ អត្ថបទ៖ គង់ ហួន

សុខភាព​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele កាន់តែ​លំបាក​

2022/12/22 10:23:14 pm        116
​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele នឹង​ចំណាយពេល​ក្នុងឱកាស​បុណ្យ​គ្រី​ស​ស្មាស​នៅ​ក្នុង​មន្ទីរពេទ្យ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ​ ស្រប​ពេល​ដែល​សុខភាព​របស់​លោក Pele កាន់តែ​អាក្រក់​ទៅៗ​។ ​​បុរស​វ័យ ៨២​ឆ្នាំ​រូបនេះ​ត្រូវការ​ការថែទាំ​សុខភាព​របស់​គាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត ​ពី​ក្រុម​ជំនាញ​ពេទ្យ​ផ្នែក​មហា​រីក​នៅ​មន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo​។ ​មិន​ត្រឹមតែ​បញ្ហា​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​លោក Pele ក៏មាន​បញ្ហា​បេះដូង​ផងដែរ​។ ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​ ជំងឺមហារីក​របស់លោក Pele កំពុង​វិវឌ្ឍ​កាន់តែ​ព្រួយបារម្ភ តែ​មិនទាន់​ដល់​ថ្នាក់​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ​ទេ​។​​ដោយ​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លោក Pele ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ជាច្រើនលើក​រួច​មក​ហើយ​ក្នុង​ឆ្នាំ​២០២២ នេះ​។ ​ក្រុម​គ្រួសារ​របស់​លោក Pele រួមមាន​កូនស្រី​ទាំងពីរ​នាក់ Kely Nascimento និង Flavia Arantes បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ​ស្ថានភាព​ជំងឺ​របស់​ឪពុក​ខ្លួន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែបម្រើ​អេ​ស្ប៉ា​ញ Isco ចែកផ្លូវ​គ្នា​ជាមួយ Sevilla មុន​កិច្ចសន្យា​កំណត់​

2022/12/22 09:53:41 pm        71
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Real Madrid, Isco Alcaron បាន​ឈានដល់​កិច្ចព្រមព្រៀង​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ Sevilla មុន​កិច្ចសន្យា​កំណត់​ដែលមាន​សុពលភាព​ដល់​ឆ្នាំ២០២៤​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះបានប្រកាស​ពី​ការចាកចេញ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​មានន័យថា​ គេ​មាន​សិទ្ធិ​ផ្លាស់​ទៅកាន់​ក្លិប​ថ្មី​នៅ​ខែមករា​ខាងមុខ តាម​សំណើ​របស់​ក្លិប​ដែល​ខ្លួន​ចង់ទៅ​។ ​​Isco ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​នាយក​បច្ចេក​ទេស​ក្លិប Sevilla លោក Monchi ក្រោយមក​ក៏​ធ្វើការ​ហ្វឹកហាត់​ដាច់ដោយឡែក​ ដោយសារ​ប​ញ្ហា​របួស​កជើង​មុនពេល World Cup មកដល់​។ ​​Isco បាន​ចាក​ចេញពី Real Madrid ក្រោយ​កិច្ចសន្យា​របស់គេ​អស់​សុពលភាព និង​ផ្លាស់​មកកាន់ Sevilla តាមរយៈ​ការចរចា​របស់លោក Julen Lupetegui កាលពីដើម​រដូវ​កាល​។ ​​តែ​ក្រោយមក​លោក Julen Lupetegui ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​កាលពី​ខែតុលា​ ក្រោយ Sevilla ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អ និង​ជំនួស​ដោយ​លោក Jorge Sampaoli ហើយ Isco ក៏​បាត់បង់​ជម្រើស​ដំបូង​តាំងពី​ពេលនោះ​មក​។ ​​រំលឹកថា Isco មាន​រដូវ​កាល​ដ៏​ជោគជ័យ​នៅ Malaga និង Real Madrid ចន្លោះ​ឆ្នាំ២០១២-២០១៧​។ យ៉ាងណាក្តី​ទំរង់​លេង​ធ្លាក់ចុះ បូករួម​ទាំង​របួស​ញាំញី​ធ្វើឱ្យ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ស្ថិត​ក្រៅ​ជម្រើស​របស់លោក Carlo Ancelotti ហើយ Isco ក៏​ចាក​ចេញពី Real Madrid ក្រោយ​ចំណាយពេល ៩ឆ្នាំ​នៅ​ទីនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM