Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Burn X Flash ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចូលរួម​ប្រកួត​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4

2022/12/20 07:16:06 pm        43
​កីឡា​អេឡិចត្រូនិក៖ ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​ Burn X Flash ​បានបង្ហាញ​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4 World Championship ​សម្រាប់​វិញ្ញាសា​ Mobile Legends: Bang Bang ​នា​ខែមករា ឆ្នាំ​២០២៣ ខាងមុខ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ​​ការបញ្ជាក់​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​មួយ ស្ដីពី​ក្រុម​ Burn X Flash ​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​កីឡា​អេឡិចត្រូនិក​ពិភពលោកកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​ការសម្របសម្រួល​របស់​ក្រុមការងារ​ Mooton ​ដែលជា​ក្រុមហ៊ុន​រៀបចំ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ។​ ​តំណាង​ក្រុម​ជើងឯក​លី​គ​អាជីព​ MPL-KH League 2022 នេះបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ខ្លួនបាន​ត្រៀម​រួចរាល់ ដើម្បី​ចូលរួម​ការប្រកួតប្រជែង​កម្រិត​ពិភព​លោក​នេះ។ ពួកគេ​ទទួលស្គាល់​បេក្ខភាព​ក្នុង​ពូ​ល​ជាមួយគ្នា សុទ្ធតែជា​ក្រុម​ខ្លាំងៗ​លំដាប់​ពិភពលោក តែ​ពួកគេ​ប្ដេជ្ញា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​បំផុតដើម្បី​ឈានទៅ​វគ្គ​បន្ដបន្ទាប់ ក៏ដូចជា​ដណ្តើមបាន​នូវ​លទ្ធផល​ល្អ​ជូន​ជាតិ។​ ​សមាជិក​ក្រុម​ Burn X Flash ​ដដែល​បន្ដថា ការប្រកួត​នេះ​ពិត​ជាធំ និង​អស្ចារ្យ។ ប៉ុន្ដែ​ថ្មីៗ​នេះក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា ក៏​ទើប​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ដ្រ ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក 14TH IESF World Esport Championship ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែរគឺ​ក្រុម​ Impunity KH​។ ដូច្នេះ​ជោគជ័យ​នេះគឺជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​​ក្រុម​ខ្លួនក្នុងការ​ប្រកួត​ M4 World Championship ​នាពេលខាងមុខ ហើយ​ពួកគេ​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​បានល្អ​ជាង​ក្រុម​ Impunity KH ​ទៀតផង។​ ​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​កីឡា​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ M4 World Championship ​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល និង​វគ្គ​ចាញ់​ធ្លាក់ ខណៈ​ក្រុម​ឈ្នះ​ឡើង​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៧ ខែមករា​ដដែលនៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ខ្លាំងៗ​ទូទាំង​ពិភពលោក​ចូលរួម​សរុប ១៦​ក្រុម និង​ចែកចេញជា ៤​ពូ​លក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម។​ ​សម្រាប់​ក្រុម​ Burn X Flash ​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​ក្រុម​ខ្លាំង​ហ្វីលីពីន​ Blacklist International, ក្រុម​ Falcon Esports ​របស់​មី​យ៉ាន់​ម៉ា និង​ក្រុម​ Incendio Supremacy ​របស់​ទួរ​គី។ ឯ​ពូ​ល​ B ​មាន​ក្រុម​ Malvinas Games (​អា​ហ្ស​ង់​ទីន​), MDH Esports (​វៀតណាម​), ONIC Esports (​ឥណ្ឌូនេស៊ី​) និង​ TODAK (​ម៉ាឡេស៊ី​)​។ ពូ​ល​ C ​មាន​ក្រុម​ ECHO (​ហ្វីលីពីន​), Occupy Thrones (​អេ​ហ្ស៊ី​ប​), RRQ Hoshi (​ឥណ្ឌូនេស៊ី​) និង​ក្រុម​ RSG Singapore (​សិង្ហ​បុរី​) និង​ពូ​ល​D ​មាន​ក្រុម​ RRQ Akira (​ប្រេ​ស៊ី​ល​), S11 Gaming Angentina (​ប៊ូ​ឡា​វី​), Team HAQ (​ម៉ាឡេស៊ី​) និង​ក្រុម​ The Valley (​អាមេរិក​ខាងជើង​)​។​ ​ការប្រកួត​ដ៏​ធំ​នេះគឺមាន​ប្រាក់រង្វាន់​សរុប ៨០​ម៉ឺន​ដុល្លារ។ គេ​ចាំបាន​ថា កាលពី​ឆ្នាំ​២០២១ ពោលគឺ​ការប្រកួត​ M3 ​នៅ​សិង្ហ​បុរី កម្ពុជា​ក៏បាន​បញ្ជូន​ក្រុម​ See You Soon ​ចូលរួម​ប្រកួត​ដែរដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម ១៦​ក្រុម អម​ប្រាក់រង្វាន់ ១៥,០០០​ដុល្លារ ខណៈ​ក្រុម​ហ្វីលីពីន​ Blacklist International ​បានឈ្នះ​ជើងឯក អម​ប្រាក់រង្វាន់ ៣០​ម៉ឺន​ដុល្លារ៕អត្ថបទ៖ លី ឈុន​ឡា

លោក Gareth Southgate នឹង​បន្ត​ដឹកនាំ​អង់គ្លេស​ដល់​ឆ្នាំ​២០២៤

2022/12/20 06:25:35 pm        44
​បាល់ទាត់៖ ​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រហូតដល់​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២៤ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​សមាគម​បាល់ទាត់​អង់គ្លេស FA​។ ​​លោក Gareth Southgate កិច្ចសន្យា​របស់លោក​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៤ ដោយ​ធ្លាប់បាន​និយាយថា ​លោក​មិនទាន់​ច្បាស់​ពី​អនាគត​របស់ខ្លួន​ បន្ទា​ប់​ពី​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ដោយសារ​បារាំង​។ ​បុរស​វ័យ ៥២ឆ្នាំ​រូបនេះ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​អង់គ្លេស​នៅ​ឆ្នាំ​២០១៦ ដោយបាន​នាំ​ក្រុម​តោ​បី​អង់គ្លេស​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅ​រុស្ស៊ី និង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២១​។ ​​រំលឹកថា ​លោក Gareth Southgate ដំបូង​ឡើង​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​អង់គ្លេស​បណ្តោះអាសន្ន​ប៉ុណ្ណោះ ក្រោយ​ការចាកចេញ​របស់លោក Sam Allardyce មុន​ពេលដែល​ទទួលបាន​កិច្ចសន្យា​ដឹកនាំ​ផ្លូវការ​នៅ​ខែវិច្ឆិកា ​ឆ្នាំ២០១៦​។ ​ក្រោម​ការដឹកនាំ​របស់​លោក Gareth Southgate ៨១ប្រកួត​អង់គ្លេស​ឈ្នះ ៦១ប្រកួត ចាញ់១៤ ស្មើ៦​។ ​អង់គ្លេស​រយៈពេល ៤៨ឆ្នាំកន្លងមក​មានតែ​លោក Gareth Southgate ដែល​បាន​ដឹកនាំ​ក្រុម​ឈ្នះ​នៅ​វគ្គ​ចាញ់ធ្លាក់​ពានរង្វាន់​ធំៗ​សរុប ៦លើក ច្រើនជាង​អ្នកចាត់ការ​មុនៗ​ទាំងអស់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ដ្រីជាន់ខ្ពស់​ UWW ​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ដំណើរ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​យុវជន​អាស៊ី​របស់​កម្ពុជា​

2022/12/20 06:03:16 pm        41
​កីឡា​ចំបាប់៖ លោកស្រី​ Niamkey Deqa ​នាយិកា​ផ្នែក​អភិវឌ្ឍ​ធនធាននៃ​សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោក (UWW) ​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ដំណើរ​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​៥ នា​ឆ្នាំ​២០២៩ បន្ទាប់​ពី​លោកស្រី​បាន​ឃើញ​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​របស់​កម្ពុជា ពិសេស​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។​ ​ការ​គូស​បញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោកបាន​កោះ​អញ្ជើញ​អ្នក​ជំនាញ មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិមកពី​បណ្ដា​ប្រទេស​នានា ចូលរួម​សិក្ខាសាលា​មួយកំឡុង​ការប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២២ នៅ​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​មន្ដ្រី​ជាន់ខ្ពស់​ UWW ​រូប​នេះ​បន្ដ​ថា កំឡុង​ការប្រកួត​ចំបាប់​ជើងឯក​អាស៊ាន​លើកដំបូង​នៅ​កម្ពុជា សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោក​បាន​សហការ​ជាមួយ​ម្ចាស់ផ្ទះ ​រៀបចំ​វគ្គ​បណ្ដុះ​បណ្តាល​អាជ្ញា​កណ្តាល​-​ចៅក្រម គ្រូបង្វឹក ក៏ដូចជា​វគ្គ​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រឹត្តិការណ៍ ដែល​ដំណើរការ​យ៉ាង​រលូនមុន​ការប្រកួត​។ តាមរយៈ​នេះ​ស​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អដើម្បី​ទទួល​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩។​​​នេះ​ជាការ​មើលឃើញ​នូវ​ទស្សនៈ​វិស័យ​របស់​លោកស្រី​ Niamkey Deqa ​ដែលជា​មន្ដ្រីជាន់ខ្ពស់​សហ​ព័ន្ធ​កីឡា​ចំបាប់​ពិភពលោក ចំពោះ​ឆន្ទៈ​ខ្ពស់​របស់​ស្ថាប័ន​កីឡា​កម្ពុជាក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុងមាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធាន​មន្ត្រី កីឡាករ​-​កីឡាការិនីឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាក់ស្ដែង​កីឡា​ចំបាប់ដែលមាន​ធនធាន​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ និង​កីឡាករ​-​កីឡាការិនី​គ្រប់គ្រាន់ដើម្បី​ចូលរួម​រៀបចំ និង​ការប្រកួត​អន្ដរជាតិ​នានា៕​អត្ថបទ៖ លី ឈុន​ឡា

Karim Benzema ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​ថ្ងៃកំណើត​របស់ខ្លួន

2022/12/20 05:44:09 pm        64
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Real Madrid, Karim Benzema បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ហើយ ក្រោយ​ខកខាន​មិនបាន​ជួយ​ក្រុម​បារាំង​នៅ World Cup 2022 នៅ​កាតា​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​អវត្តមាន​ពី World Cup 2022 កន្លងទៅ​ ទោះបី​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជំរើសជាតិ​បារាំង​ក្តី បន្ទាប់ពី​មាន​របួស​មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​។ ​​Benzema បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ពី​គោលបំណង​ចូលនិវត្តន៍​នៅក្នុង​ថ្ងៃកំណើត​របស់ខ្លួន​តែម្តង​នៅ​ថ្ងៃ​ចន្ទ ​ទី១៩ ម្សិលមិញ​នេះ​។ ​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​បង្ហាញខ្លួន​សរុប​ឱ្យ​ក្រម​ជម្រើសជាតិ​បារាំង ៩៧លើក​ស៊ុត​បញ្ចូល​ទី​បាន ៣៧គ្រាប់​តែ​ក៏​ធ្លាប់​ខកខាន​បង្ហាញខ្លួន​ជិត ៦ឆ្នាំ​បន្ទាប់ពី​មានរឿង​អាស្រូវ​គម្រាម​អតីត​មិត្ត​រួម​ក្រុម Mathieu Valbuena មុន​ពេលដែល​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ឡើងវិញ​មុន Euro 2020​។ ​​Karim Benzema មាន​អាជីព​ដ៏​ជោគជ័យ​ជាមួយ​ក្លិប Real Madrid ជាពិសេស​រដូវ​កាល​ចុងក្រោយ​កន្លងទៅ​ដែល Real Madrid ឈ្នះ​ជើងឯក UEFA Champions League និង​ត្រូវ​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ Ballon d’Or ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​បាល់ឱប​ជំរុញ​ក្រុម​កីឡាករ​-​កីឡាការិនី​បន្ដ​ការ​ខំប្រឹង ក្រោយ​បញ្ចប់​ជើងឯក​ថ្នាក់ជាតិ​

2022/12/20 05:21:13 pm        47
​បាល់ឱប៖ លោកជំទាវ ស៊ុំ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា បាន​ជំរុញ​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការ​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឆ្ពោះទៅរក​ការប្រកួត​កម្រិត​ខ្ពស់ និង​ការប្រកួត​អន្ដរជាតិ​នានា។ ​​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​ការប្រកួត​កីឡា​បាល់ឱប​ 7s ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដោយ​ជោគជ័យកាល​ចុង​សប្ដាហ៍​កន្លងទៅនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។ ការប្រកួត​នេះមាន ១០​ក្រុម​ចូលរួម និង​បែង​ចែកជា ៣​វិញ្ញាសា ក្នុងនោះ​វិញ្ញាសា​បុរស​ក្រុម​ធំ​មាន​បេក្ខភាព ៥​ក្រុម​ចូលរួម គ្រា​ដែល​ផ្នែក​បាល់ឱប​នារីមាន​វិញ្ញាសា​អាយុ​ក្រោម ២០​ឆ្នាំ ៣​ក្រុម និង​អាយុ​ក្រោម ១៦​ឆ្នាំ ២​ក្រុម។​ ​ជា​លទ្ធផល​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ១​ថ្ងៃ​ពេញសម្រាប់​វិញ្ញាសា​បាល់ឱប​បុរស​ក្រុម​ធំ សមាគម​កីឡា​បាល់ឱប​កងយោធពល​ខេមរភូមិន្ទគ្រង​តំណែង​ជើងឯក ខណៈ​ក្រុមកីឡា​បាល់ឱប​ក្របីព្រៃទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង​ក្រុមកីឡា​បាល់ឱប​ព្រះស៊ីសុវត្ថិទទួលបាន​ចំណាត់ថ្នាក់​លេខ​៣។ រីឯ​ផ្នែក​បាល់ឱប​នារី ក្រុមកីឡា​ការិនី​បាល់ឱប​ក្របីព្រៃបាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​អាយុ​ក្រោម ២០​ឆ្នាំ និង​ក្រុម​បាល់ឱប​ផ្កាឈូក ព្រះស៊ីសុវត្ថិ គ្រង​ជើងឯក​លើ​វិញ្ញាសា​អាយុ​ក្រោម ១៦​ឆ្នាំ។​​លោកជំទាវ ស៊ុំ សុខា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​នេះ ទាំង​គណៈកម្មការ​រៀប​ចំ ពិសេស​ការចូលរួមរ​បស់​កីឡាករ​-​កីឡាការិនី​គ្រប់​វ័យ ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អសម្រាប់​វិស័យ​កីឡា​បាល់ឱប​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ និង​រីកចម្រើន​បន្ថែមទៀត។ តាមរយៈ​នេះ លោកជំទាវ​បាន​ជំរុញ​ដល់​ក្រុម និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ បន្ទាប់ពី​ចប់​ការប្រកួត​នេះ ទាំង​ក្រុម​ទទួលបាន​ជយលាភី និង​ពុំ​ទទួលបាន​ជយលាភីត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បានជា​ប់លាប់ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឆ្ពោះទៅរក​គុណ​ផល​ខ្ពស់ ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​កីឡា​ទោចក្រយាន​នឹង​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ

2022/12/20 04:54:35 pm        46
​​ទោចក្រយាន៖ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបានប្រកាស​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី នៃ​ការប្រកួត​ទោចក្រ​យាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ច្រើនជាង​មុន បន្ទាប់ពី​ទទួលបាន​ការឧបត្ថម្ភ​ទ្វេដង​ពី​ក្រុមហ៊ុន​ដៃគូ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ។​​ការប្រកាស​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ ដែល​គ្រោង​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ខេត្តសៀមរាប ស្របពេល​សហព័ន្ធបានទទួល​ការឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៤២,៧៥០​ដុល្លារ​ពី​ក្រុមហ៊ុន​ Herbalife ​សម្រាប់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ បាន​ចាត់​ទុ​ការរួមចំណែក​ពី​វិស័យ​ឯកជន​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការរៀបចំ​ឲ្យ​កាន់​តែមាន​ស្ដង់​ខ្ពស់ ពិសេស​សហព័ន្ធ​ក៏​នឹងធ្វើ​ការដំឡើង​នូវ​ប្រាក់រង្វាន់​ជ័យលាភី​បន្ថែម​ ដល់​កីឡាករ​-​កីឡាការិនី​ជ័យលាភី​ទៀតផង។​ ​ទន្ទឹម​ជាមួយគ្នា​លោក អឿ ឌី​ណា តំណាង​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​សហ​ព័ន្ធ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា ពិសេស​ដើម្បី​រួមចំណែក​ជាមួយ​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​​គួរ​ដឹងថា ការចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅសល់ ១​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹងត្រូវ​បញ្ចប់ ពោលគឺ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២១ ខែធ្នូ​ស្អែក​នេះ ខណៈ​ជា​បណ្ដោះអាសន្ន​មកទល់ពេលនេះការចុះឈ្មោះ​ចូលរួម​ទទួលបាន​ជាង ២៥០​នាក់​ហើយ គ្រា​ដែល​ក្ដី​រំពឹង​របស់​សហព័ន្ធសង្ឃឹមថា ការប្រកួត​ឆ្នាំនេះនឹងមាន​អ្នកចូលរួម​ប្រមាណ ៣៥០​នាក់។​ ​សម្រាប់​វិញ្ញាសា​ប្រកួត​វិញគឺ​បែង​ចែកជា​កង់​គួ​ក និង​កង់​ភ្នំ ក្នុងនោះ​វិញ្ញាសា​កង់​គួ​ក​រួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​, ២. កង់​គួ​ក​បុរស​ក្រុម​ធំ និង​៣. កង់​គួ​ក​បុរស។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាល​, ២. កង់​ភ្នំ​បុរស​ក្រុម​ធំ​, ៣. កង់​ភ្នំ​នារី និង​៤. កង់​ភ្នំ​បុរស៕​​អត្ថបទ៖ លី ឈុន​ឡា

អ្នកគាំទ្រ​បារាំង​ក្រៀមក្រំ ខណៈ​មានការ​ប៉ះទង្គិច​នៅ​ទីក្រុង Lyon

2022/12/19 10:28:19 pm        39
​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជំរើសជាតិ​បារាំង​បានបង្ហាញ​អារម្មណ៍​ក្រៀម​ក្រំ សោក​សង្រេង ក្រោយ​ចាញ់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup មិនអាច​ការពារ​តំណែង​ជើងឯក​បាន​។ ​​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឱ្យ​អ្នកចាញ់​មិន​អស់ចិត្ត​ឡើយ តាមរយៈ​ការ​លេង​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​បារាំង​ដែល​តាម​ស្មើ​ពីរ​គ្រាប់ និង​បន្ត​តាម​ស្មើ​វិញ​បាន​ទៀត​នៅ​ម៉ោង​បន្ថែម​កាត់​សេចក្តី មុន​ចាញ់​នៅ​វគ្គ ១១​ម៉ែត្រ​កាត់សេចក្តី​ចុងក្រោយ​។ ​អ្នកគាំទ្រ​បារាំង​នៅ​ទឹកដី​កាតា ថ្វីបើ​បារាំង​ចាញ់ក្តី​បានលើកឡើង​ថា លោក​សោកស្តាយ​ដែល​បារាំង​ចាញ់ តែ​ក៏​អបអរ Messi ដែរ​គាត់​បាន​សមបំណង​គាត់​ហើយ សម​នឹង​អាជីព​ដ៏​ជោគជ័យ​ស្ទើរ​ពេញ​មួយជីវិត​នេះហើយ​។​ ​​អ្នកគាំទ្រ​នៅ​ប្រទេស​បារាំង​បានលើកឡើង​ពី​ការខកចិត្ត​របស់ខ្លួន ដោយសារតែ​បារាំង​ធ្វើ​បាន​ល្អ​នៅ​ចុង​ក្រោយ ទោះ​មិនល្អ​នៅ​វគ្គ​ទី​១ តែ​ក៏​សរសើរ​អា​ហ្ស​ង់​ទីន​ដែល​មាន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​។ ​អ្នកគាំទ្រ​ខ្លះ​បាន​និយាយ​ថា នេះ​ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ តែ​សោកស្តាយ​ដែល​ក្រុម​របស់​ខ្លួន​នៅ​ស្ថិតនៅ​ខាង​ភាគី​បរាជ័យ​។ ​ជាមួយ​នឹង​ការ​ខក​បំណង ក៏​គេ​ឃើញ​មាន​កើតឡើង​អំពើ​ហិង្សា​ដែរ​នៅ​ទីក្រុង Lyon ដោយមាន​អ្នកគាំទ្រ​ខិលខូច​មួយ​ចំនួន​បង្ក​ចលាចល បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ដែល​ធ្វើឱ្យ​ឈាន​ដល់​ការ​អន្តរាគមន៍​ពី​មន្ត្រី​នគរបាល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​ Kylian Mbappe ឈ្នះ​ស្បែកជើង​មាស

2022/12/19 09:49:21 pm        75
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កាតា​នេះ បន្ទាប់ពី​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup លើក​ទី៣ និង​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។ ​​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​មួយ​គ្រាប់​ក្នុង​វគ្គ ១១​ម៉ែត្រ​កាត់សេចក្តី​ក្នុង​ជ័យជំនះ​លើ​ក្រុម​ការពារ​ជើងឯក​បារាំង​។ ​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ Messi ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់ ​និង​បាន​ក្លាយជា​កីឡា​ករទី១ ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​នៅ​គ្រប់​វគ្គ​ទាំងអស់​ រាប់​តាំងពី​វគ្គ​ចែក​ពូ​លដ​ល់វគ្គ​ចាញ់​ធ្លាក់ ​និង​ផ្តាច់ព្រ័ត្រ​។ ​​Messi ក៏បាន​ក្លាយជា​កីឡាករ​ទីមួយ​ដែរ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ (​បាល់​មាស​) ២លើក បូក​រួមទាំង​លើកដំបូង​នៅ​ឆ្នាំ២០១៤ ដែល​អា​ហ្ស​ង់​ទីន​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ងាក​មក​បារាំង ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe បានឈ្នះ​ពាន​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ​(​ស្បែកជើង​មាស​) ក្រោយ​រកបាន​សរុប ៨​គ្រាប់​បូក​ទាំង Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។ ​​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ធ្វើបាន Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រាប់​ពី​ឆ្នាំ​១៩៦៦ ដែល​ធ្វើឱ្យបាន​ដោយ​កីឡាករ​អង់គ្លេស Sir Geoff Hurst នៅពេល​អង់គ្លេស​លើក​ពាន​ដោយ​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​។ ​​សរុប​មកវិញ Kylian Mbappe វ័យ​ទើបតែ ២៣ឆ្នាំ​បង្ហាញខ្លួន​នៅ World Cup បាន​ពីរលើក​ឈ្នះ​ពាន​មួយ​លើក ហើយ Mbappe ក៏​ជា​កីឡាករ​ដំបូង​ដែរ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប​បាន ៤គ្រាប់​បូក​បញ្ចូល​ទាំង​មួយ​គ្រាប់​ពេល​បារាំង​យកឈ្នះ​ក្រូ​អាស៊ី​កាលពី ៤ឆ្នាំមុន​នៅ​រុស្ស៊ី​។ ​​ពីរ​ព្រឹត្តិការណ៍ ១២គ្រាប់ Kylian Mbappe បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដំបូង​គេ​ដែល​ធ្វើបាន​បែបនេះ​។ ​ជ័យលាភី​ផ្សេងទៀត​គឺ​អ្នកចាំទី​អា​ហ្ស​ង់​ទីន Emiliano Martinez ក្លាយជា​កីឡាករ​អ្នកចាំទី​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ទទួលបាន​ពាន​ស្រោមដៃ​មាស​។ ​​អ្នកចាំទី Aston Villa រូបនេះ​គឺជា​សមាជិក​ដែល​មិនអាច​រំលង​បាន​ ក្នុង​ការនាំ​ផ្លូវ​អា​ហ្ស​ង់​ទីន​មក​ឈ្នះ​ពាន​នៅពេលនេះ​តាមរយៈ​ការជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​របស់ Kingsley Coman និង​ពេល​យកឈ្នះ​ហូ​ឡង់​។ ​​ដោយឡែក​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន​របស់ Benfica, Enzo Fernandez វ័យ ២១​ឆ្នាំ​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈ្នះ​ពាន Fair Play ក្រោយ​មាន​កាត​តិច​បំផុត​៕អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​អបអរ​ជ័យជំនះ​ជើងឯក World Cup គ្រប់ទិសទី​ជុំវិញ​ពិភពលោក

2022/12/19 09:30:25 pm        71
​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីនបាននាំគ្នា​អបអរសាទរ​ ពាន​បាល់ទាត់​ពិភពលោក​គ្រប់ទិសទី​ជុំវិញ​ពិភពលោក និង​មិនអាច​បញ្ចប់​បាន​មិន​ថា​យប់​រឺ​ថ្ងៃ​។ ​​ដំបូង​គេ​យើង​ទៅ​មើល​អ្នកគាំទ្រ​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ប្រជាជន​អា​ហ្ស​ង់​ទីន​បាន​ជួបជុំគ្នានៅ​កណ្តាល​ទីក្រុង ​ដើម្បី​អបអរសាទរ​ដោយមាន​ចំនួន​ច្រើនណែន​ណាន់តាន់តាប់​រាប់​មិន​អស់​។ ​​Matias Cardinalli ដែលជា​អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​ម្នាក់​បាន​លើកឡើងថា រូបលោក​រស់នៅ​បារាំង​នៅពេល​បារាំង​លើក​ពាន ១៩៩៨ និង​ជា​ពេល​ដំបូង​ដែល​ចាប់ផ្តើម​មើល World Cup ហើយ​ពេលនេះ​ក៏បាន​ឃើញ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន បើ​និយាយ​ពី​ក្តី​រីករាយ មិនអាច​បរិយាយ​បាន​។ ​​អ្នកគាំទ្រ​ភាគច្រើនបាន​និយាយថា ​ពួកគេ​បានឃើញ និង​កើត​ទាន់​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup លើកដំបូង​ក្នុងឆ្នាំនេះ ហើយ​នេះ​ជា​ក្តី​រីករាយ​ឥតឧបមា មិនអាច​ពន្យល់បាន នេះ​ជាការ​លើកឡើង​រប​ស់បុ​រស​វ័យ ៣៤ឆ្នាំ Santiago Cutaia​។ ​​មិន​ត្រឹមតែ​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​ទេ អ្នកគាំទ្រ​នៅ​កាតា​ផ្ទាល់​មិនបាន​សម្រាក​ឡើយ ដោយ​បន្ត​ជប់លៀង​អបអរ​ជើងឯក​របស់​អា​ហ្ស​ង់​ទីន​ទល់​ភ្លឺ បូក​រួមទាំង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ដូចជាប៉ា​គី​ស្ថាន បង់​ក្លា​ដែ​ស អេ​ស្ប៉ា​ញជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ថា​នឹង​បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​មិនទាន់​ចូលនិវត្តន៍​ឡើយ​

2022/12/19 07:28:12 pm        55
​បាល់ទាត់៖ ​វិរៈ​បុរស​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន Lionel Messi និយាយថា នឹង​មិនទាន់​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ឡើយ ដោយ​នឹង​បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​មួយរយៈ​ទៀត បន្ទាប់​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។​ ​​ខ្សែប្រយុទ្ធ Paris Saint Germain រូបនេះ​ត្រូវបាន​ចោទសួរ​ដោយសារ​ព័ត៌មាន TyCSports ពី​អនាគត​របស់ខ្លួន និង​បាន​ឆ្លើយតប​ថា រូបគេ​នៅតែ​សប្បាយចិត្ត​ក្នុង​ការលេង​បាល់ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅឡើយ និង​ចង់​បន្ត​ស្វែងរក​ជ័យជំនះ​ឱ្យ​អា​ហ្ស​ង់​ទីន​បន្ថែមទៀត​ក្នុងនាម​ជា​ក្រុម​ជើងឯក​ពិភពលោក​។ ​​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ World Cup លើក​ទី៥ សម្រាប់ Lionel Messi និង​បាន​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​មួយ​គ្រាប់​នៅ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​Messi ដែល​នឹង​ឈានដល់​វ័យ ៣៩ឆ្នាំ​នៅ World Cup បន្ទាប់​នៅ​ឆ្នាំ២០២៦ នោះធ្លាប់បាន​បង្ហើប​ថា World Cup នៅ​កាតា​នឹង​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​របស់ខ្លួន​។ ​​យ៉ាងណាក្តី​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni និយាយថា ចង់ឱ្យ Messi បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​ដល់ World Cup 2026 ទៀត​ដែល​នឹងធ្វើ​ឡើង​នៅសហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM