Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Real Madrid ទិញ​បាន​កីឡាករ​វ័យ ១៦​ឆ្នាំ​ប្រេ​ស៊ី​ល Endrick ផ្លូវការ

2022/12/16 06:14:27 pm        119
​បាល់ទាត់៖ ​កីឡាករ​វ័យ ១៦ឆ្នាំ​របស់​ក្លិប​ប្រេ​ស៊ី​ល Palmeiras, Endrick បាន​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ផ្លូវការ​ហើយ តែ​ត្រូវ​រង់ចាំ​ឆ្នាំ២០២៤​។ Endrick នឹង​ក្លាយជា​កីឡាករ​របស់ Real Madrid ផ្លូវការ​នៅ​ឆ្នាំ២០២៤ ក្នុងតម្លៃ​ផ្ទេរ​ដល់​ទៅ ៧២លាន​អឺរ៉ូ​ឯណោះ​នៅពេល​គេ​ឈានដល់​វ័យ ១៨ឆ្នាំ​សិន​។​ ​​Paris Saint Germain និង​តោ​ខៀវ Chelsea ត្រូវបាន​គេ​ដឹងថា​កំពុង​តាមដាន​កីឡាករ​វ័យ ១៦ឆ្នាំ​រូបនេះ​ដែរ​។ ​​ក្លិប​អេ​ស្ប៉ា​ញ Real Madrid បាន​និយាយថា ពួកគេ​ចង់បាន Endrick ទុក​មុន​ដូច​ពេលដែល​នាំយក Vinicius Junior កាលពី​ឆ្នាំ​២០០៧ នៅពេលដែល Real Madrid ចំណាយលុយ ៤៥លាន​អឺរ៉ូ​ទៅកាន់ Flamengo​។ ​ត្រឹម​វ័យ ១៦ឆ្នាំ Endrick Felipe ត្រូវបាន​ក្លិប Palmeiras តម្លើង​ឱ្យមក​លេង​ក្រុម​ធំ​នៅ​ឆ្នាំ២០២២ នេះ​ដោយ​បង្ហាញខ្លួន​បាន ៧ប្រកួត​រកបាន ២គ្រាប់​។ ​Endrick ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អាយុ​ក្រោម ១៧ឆ្នាំ​លេង​បាន ៤ប្រកួត​រកបាន ៥គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ឡាវ​ដើម្បី​រឹតចំណង​សាមគ្គីភាព​នៃ​ប្រទេសជិតខាង

2022/12/16 05:55:20 pm        104
បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​ខេត្តស្ទឹងត្រែង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​ខេត្ត​ចំប៉ា​សាក់នៃ​ប្រទេស​ឡាវ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្និត​ស្នាល​ជាទីបំផុត ដើម្បី​បង្កើន​ចំណង​មេត្រីភាព​បន្ថែមទៀត​រវាង​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​គ្នា ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ខេត្ត​ទាំង២ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២២ នៅ​កីឡដ្ឋាន​នៃ​វិទ្យាល័យ​ព្រះរាជ​បូនីយកិច្ច ក្រុង​ស្ទឹងត្រែង​។ ការប្រកួត​បាល់ទាត់​មិត្តភាព​ខាងលើនេះ ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចំណែក​ខេត្ត​ចំប៉ា​សាក់ដឹកនាំ​ដោយ​លោក​បណ្ឌិត​ វី​ល័យ​វង្ស ប៊ុត​ដា​ខាំ ជា​អភិបាលខេត្ត​។​ ក្រុមកីឡា​បាល់ទាត់​ខេត្ត​ស្ទឹងត្រែង​ក្នុង​សំលៀកបំពាក់​ខោអាវ​ពណ៌​ទឹកក្រូច ខណៈ​ក្រុមបាល់ទាត់​ខេត្ត​ចំប៉ា​សាក់​ក្នុង​សំលៀកបំពាក់​ពណ៌​ឈាមជ្រូក​។ ក្នុងការ​ប្រកួត​មិត្តភាពខាងលើខេត្ត​ទាំង២ ​ស្មើគ្នា ពោលគឺ​ខាង​ខេត្តស្ទឹងត្រែង​ស៊ុត​បាល់​ចូល ​៣​គ្រាប់ក្នុង​នោះឯកឧត្ដម ​ស្វាយ សំ​អ៊ាង ស៊ុត​ចូល​ ២​គ្រាប់ និង​ខេត្ត​ចំប៉ា​សាក់​ស៊ុត​ចូល ​៣​គ្រាប់​។ឯកឧត្ដម ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ការ​ទា​ត់បាល់​មិត្តភាព​ថ្ងៃនេះគឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រសម្រាប់​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដែល​កន្លងមក​ពុំ​ធ្លាប់មាន​ការប្រកួត​កីឡាបាល់ទាត់​រវាង​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំង​២ ​នោះឡើយ ហើយ​ឯកឧត្ដម​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹង​មាន​ជា​បន្ដបន្ទាប់​ទៀត៕

ជម្រើសជាតិ​វ៉ូ​វី​ណា​ម​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន ខណៈ​ប្រធាន​សហព័ន្ធ​ជំរុញ​ការ​គាំទ្រ​គ្រប់​ប្រភេទ​កីឡា​

2022/12/16 05:27:51 pm        79
​​វ៉ូ​វី​ណា​ម៖ ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បាន​បន្ដ​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ទៀតហើយ ដើម្បី​រួមចំណែក​លើកទឹកចិត្ត​ដល់​ការហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា គ្រា​ដែល​ប្រធាន​សហព័ន្ធ​ឯកឧត្តម អ៊ូ រតនា ចង់​ឲ្យ​វិស័យ​ឯកជនចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រប់​ប្រភេទ​កីឡា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ការបញ្ជាក់​នេះ បន្ទាប់ពី​ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បានទទួល​ការឧបត្ថម្ភ​ទឹកដោះគោ​ចំនួន ៤​ដង​ក្នុងមួយ​ខែពី​កសិដ្ឋានគិរី​សួ​គ៍ ។ ឯកឧត្តម អ៊ូ រតនា បានចាត់ទុក​ការឧបត្ថម្ភ​នេះគឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់ ទោះបី​តិចក្ដី​ច្រើនក្ដី តែ​ជាការ​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ពិសេស​កំឡុងពេល​ខិតជិត​មកដល់នៃ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​សូមបញ្ជាក់ថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុង​ប្រជែង​មេដាយ​អន្ដរជាតិ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ សហព័ន្ធ​បានកំណត់​ទិសដៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​យ៉ាងតិច ៩​គ្រឿង​ក្នុងនាម​ម្ចាស់ផ្ទះ។ ក្រឡេក​ទៅ​មើល​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ កីឡា​វ៉ូ​វី​ណា​មគឺជា​ប្រភេទ​កីឡា​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១៣​គ្រឿងមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៨​គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​កម្ពុជា ៤រួប​ហើយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ឃី​ក​បុក​ស៊ី​ង​ជើងឯក​អាស៊ី ២០២២

2022/12/16 05:12:30 pm        129
ឃីកប៊ុកស៊ីង៖ គិត​ត្រឹម​ពេលនេះកម្ពុ​ជាមាន​កីឡាករ ៤រូប​ហើយ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ងជើងឯក​អាស៊ី ២០២២​ នៅ​ប្រទេស​ថៃ ខណៈដែល​កីឡាករ ៣​រូប​ទៀតនឹង​ស្វែងរក​កៅ​ផ្តាច់ព្រ័ត្រ​បន្ថែមទៀត​ថ្ងៃទី​១៦ ខែធ្នូនេះ​។​ ​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ប្រាប់​ពី​ទីក្រុង​បាងកកប្រទេស​ថៃ​ថា កីឡាករដែល​​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​មាន ៤រូប​ក្នុងនោះ​មាន​កីឡាករ សុខ រិ​ទ្ធ, បឺត សង្ឃឹម, សៃ​នី សៃ​ណេ​ត និង​កីឡាករ រឿង សោ​ភណ្ឌ​។​ ចំនែក​កីឡាករដែល​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្ងៃទី​នេះ​គឺ​កីឡាករ ឃួន ឡាំង​កូស៊ីន ប្រកួត​ជាមួយ​កីឡាករ​ថៃ ណាក់​សាវ៉ា​ត់ ស៊ី​ទី​ឆូ​ក, កីឡាករ ឈឿង ល្វៃ​ ប្រកួត​ជាមួយ​កីឡាករ​ថៃ តុ​ន​ផូ​ស៊ី ថា​ណា​វ៉ា​ត់ ខណៈដែល​កីឡាករ ប៊​ន ពន្លឹក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ហ្វីលីពីន លូ​ប្រ៊ី​កា ឃឺ​ដ​។ ការប្រកួត​ជើងឯក​អាស៊ី​លើ​ប្រភេទ​កីឡា​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែធ្នូចុង​សប្តាហ៍​នេះ​៕អត្ថបទ៖ គង់ ហួន

ខ្សែប្រយុទ្ធ Chelsea, Broja ត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល​ ក្រោយ​របួស​ពេល​ប្រកួត​មិត្តភាព​ទល់នឹង Aston Villa

2022/12/15 10:28:23 pm        84
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea, Armando Broja នឹងត្រូវ​សម្រាក​រហូតដល់​ចប់​រដូវ​កាល​នេះ បន្ទាប់ពី​ទទួលរង​របួស​អំឡុង​ការប្រកួត​មិត្តភាព​ទល់នឹង Aston Villa​។ ​កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ​បាន​ប៉ះទង្គិច​នឹង​ខ្សែ​ការពារ Aston Villa, Ezri Konza ក្នុងការ​ប្រកួត​មិត្តភាព​មួយ​នៅ​ទីក្រុង Abu Dhabi អារ៉ាប់​រួម​កាលពី​ថ្ងៃអាទិត្យ​។ ​​ក្លិប Chelsea បញ្ជាក់ថា Broja មាន​របួស​ដាច់​សរសៃ​គន្លាក់​ជង្គង់​ត្រូវ​ទាមទារ​ឱ្យមាន​ការវះកាត់​ជា​ចាំបាច់​។ ​Broja បានបង្ហាញ​ខ្លួន ១២​ប្រកួត​ឱ្យ Chelsea រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ English Premier League តែ​ចាប់ផ្តើម ១១នាក់​បាន​ត្រឹម ២ប្រកួត​ប៉ុណ្ណោះ​ក្រៅពីនោះ​គឺ​បម្រុង​ផ្លាស់ប្តូរ​ចូល​។ ​មុន​មកដល់ World Cup នេះ Chelsea បាន​រង​បរាជ័យ​បី​ប្រកួត​ផ្ទួនៗ ហើយ​ក្រោយ​ចប់ World Cup នឹងត្រូវ​ទទួល Bournemouth នៅ​ថ្ងៃទី២៧ ខែធ្នូ​។ ​ក្រុម​របស់លោក Graham Potter កំពុង​ឈរ​លេខ៨ ក្នុង​តារាង​តាម​ពីក្រោម​ក្រុម​នាំមុខ Arsenal ១៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ហ្វឹកហាត់​នៅ Real Madrid ក្រោយ​ចប់​បេសកកម្ម​ជាមួយ​ព័រទុយហ្កាល់​នៅ World Cup

2022/12/15 09:50:02 pm        127
​បាល់ទាត់៖ ​Cristiano Ronaldo បាន​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ Real Madrid ដើម្បី​ធ្វើការ​ហ្វឹកហាត់​រក្សាកាយសម្បទា​ឱ្យ​រឹងមាំ​ ក្រោយ​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup​។​​បន្ទាប់ពី​ការចាកចេញ​ពី​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo ទំនេរ​អាច​ផ្លាស់​ទៅកាន់​ក្លិប​ណាមួយ​នៅ​ខែមករា​ខាងមុខនេះ​។ ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr គឺ​ក្លិប​ឈានមុខ​គេ​ដែល​បានប្រកាស​ជា​ចំហរ​ពី​ការដាក់សំណើ​ទៅកាន់​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ តែ​ត្រូវបាន​គេ​ដឹងថា Ronaldo មាន​ជម្រើស​ច្រើន​ទៀត​។ ​Ronaldo បានធ្វើការ​ហ្វឹកហាត់​ម្នាក់​ឯង​នៅ​ជំរំ​ហ្វឹកហាត់ Valdebebas របស់ Real Madrid តែ​ត្រូវបាន​គេ​ដឹងថា គ្មាន​គម្រោង​ត្រលប់​ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ឡើយ​។​​​ការវិល​ត្រលប់​របស់ Ronaldo មកកាន់​ក្រុម​បិសាច​ក្រហម Manchester United បានបញ្ចប់​ដោយ​ភាព​ចម្រូងចម្រាស មិន​ចុះសម្រុង​គ្នា​ស្រប​ពេលដែល Ronaldo ចេញមក​ធ្វើ​បទសម្ភាសន៍​រិះគន់​ម្ចាស់​ក្លិប និង​អ្នកចាត់ការ Erik ten Hag​។ រឿង​ទាំង​អស់នេះ​កើតឡើង​មុន World Cup មកដល់ ២ថ្ងៃ​ប៉ុណ្ណោះ ស្របពេល​ដែល​នៅ World Cup ក៏​មានរឿង​ចុះផ្សាយ​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​ការចូល​លេង​ដំបូង និង​អង្គុយ​កៅអី​បម្រុង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ព័រទុយហ្កាល់ Fernando Santos៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​សោកសង្រេង ​តែមាន​មោទនភាព​ទោះ​ចាញ់​បារាំង

2022/12/15 09:26:23 pm        81
​បាល់ទាត់៖ ​ក្តី​សង្ឃឹម​របស់​ម៉ា​រ៉ុ​កចង់​បង្កើត​ប្រវត្តិសាស្ត្រ​បន្ថែមទៀត​នៅ World Cup ដោយ​ក្លាយជា​ក្រុម​អាហ្វ្រិក​ទី១ ​ឡើងវគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ត្រឹម​បារាំង​ដោយ​លទ្ធផល ២-០​។ ​​អ្នកគាំទ្រ​បាន​ប្រមូលផ្តុំ​គ្នា​គ្រប់ទិសទី​មិន​ថា ​ប្រទេស​មា​រ៉ុ​ក អឺរ៉ុប អាហ្វ្រិក និង​នៅ​ទឹកដី​កាតា ពួកគេ​បានបង្ហាញ​អារម្មណ៍​សោកស្តាយ និង​សោ​កស​ង្រេ​ង តែ​ក៏មាន​មោទនភាព​ដែរ​។ ​​នៅ​ទីក្រុង Casablanca ប្រទេស​ម៉ា​រ៉ុ​ក​ គេ​ឃើញ​មាន​អ្នកគាំទ្រ​ពាសពេញ​តំបន់​ប្រជុំជន​ជាមួយនឹង​ឯកសណ្ឋានម៉ា​រ៉ុ​ក និង​ទង់​ពណ៌​ក្រហម​ពេញទី​ក្រុង​។ ​​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក៏ដូចជា​នៅ​ប៊ែ​ល​ហ្ស៊ិ​កក៏មាន​ការជួបជុំ​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​រាប់រយ​នាក់​ផងដែរ​ ក្រោម​ការមើល​ការខុសត្រូវ​ដោយ​នគរបាល​មាន​សមត្ថកិច្ច​ផងដែរ​។ ​​នៅ​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​គេ​ឃើញ​មានការ​ប៉ះទង្គិច​រវាង​អ្នកគាំទ្រ និង​នគរបាល​ផងដែរ​ ក៏ប៉ុន្តែ​មិនមាន​ការបង្កគ្រោះថ្នាក់​អ្វី​ជា​ដុំកំភួន​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​បារាំង​អបអរ​ជ័យជំនះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា​

2022/12/15 07:32:57 pm        116
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំងបាន​កក់​កៅអី​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​តាមរយៈ​ជ័យជំនះ​លើ​ក្រុម​អាហ្វ្រិក​ម៉ា​រ៉ុ​ក ២-០​។ ​​អ្នកគាំទ្រ​នៅ​ទីក្រុង​ប៉ារីស​បាន​ប្រមូល​ផ្តុំគ្នាណែន​ណាន់​​តាន់​តា​ប់​នៅតាម​មហាវិថី Champs-Elysees​។ ​​អ្នកគាំទ្រ​ម្នាក់ៗ​បានបង្ហាញ​អារម្មណ៍​រីករាយ ហើយក៏​មិន​នឹកស្មាន​ដល់​ថា​ បារាំង​អាច​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​ជាប់​គ្នា​បាន​។ បា​រាំងជា​ប្រទេស​ដែល​សំបូរ​ប្រជាជន​ម៉ា​រ៉ុ​ក​រស់នៅ​ច្រើន ហើយ​ភាគច្រើន​មាន​សញ្ជាតិ​ពីរ​បារាំង និង​ម៉ា​រ៉ុ​ក​។ ​​អ្នកគាំទ្រ​ខ្លះ​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​ក្រុម​ទាំងពីរ​ឡើងមក​កាន់​វគ្គ​នេះ ហើយ​ចាញ់ឈ្នះ​សុទ្ធតែជា​ក្រុម​ដែល​ពួកគេ​គាំទ្រ​។ ​ម៉ា​រ៉ុ​ក​ស្ទើរ​តែ​ក្លាយជា​ក្រុម​អាហ្វ្រិក រឺ​ក្រុម​អារ៉ាប់​ទីមួយ​ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ទៅហើយ តែ​បារាំង​នៅពេលនេះ​បាំង​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ដើម្បី​ក្លាយជា​ក្រុម​ដំបូង​ដែល​អាច​ការពារ​ជើងឯក World Cup បាន​ក្នុង​រយៈពេល ៦០ឆ្នាំ​បន្ទាប់ពី​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ១៩៦៨ និង ១៩៧២៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

Messi ថា ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ​នឹង​ជា​ប្រកួត​ចុងក្រោយ​របស់ខ្លួន​នៅ World Cup

2022/12/15 06:52:30 pm        251
​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​បញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ជាការ​បង្ហាញខ្លួន​ចុងក្រោយ​នៅ World Cup ក្នុង​អាជីព​របស់ខ្លួន​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៥ របស់ខ្លួន​នៅ World Cup ឆ្នាំនេះ​បូករួម​ទាំង ១គ្រាប់​ចុងក្រោយ​ពេល​យកឈ្នះ​ក្រូ​អាស៊ី ៣-០ កាលពី​យប់​ថ្ងៃ​អង្គារ​។ ​​បង្ហាញខ្លួន​នៅ World Cup ព្រឹត្តិការណ៍​ទី៥ នៃ​អាជីព Messi មិនដែល​ជួយ​ក្រុម​លើក​ពាន​បានសំរេច​ឡើយ ដោយបាន​ត្រឹម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ២០១៤ ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន Lionel Messi រៀបរាប់ថា ពិតជា​រឿង​រំភើប​រីករាយ និង​សក្តិសម​បំផុត​ចំពោះ​ការបញ្ចប់​ដំណើរ​ផ្សងព្រេង​នៅ World Cup របស់ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ គិតពី​ពេលនេះ​ទៅមុខទៀត​នៅសល់​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ទៅដល់ World Cup មួយ​ព្រឹត្តិការណ៍​ទៀត រូបគេ​មិន​គិតថា​អាចឈាន​ទៅបាន​រឺ​អត់ ដូច្នេះ​ការបញ្ចប់​ដំណើរនៅពេលនេះ​គឺជា​រឿង​ល្អ​បំផុត​។ ​អា​ហ្ស​ង់​ទីន​នឹង​បន្ត​ជួប​ជាមួយ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​នេះ​នៅ​កីឡដ្ឋាន Lusail នៅពេលដែល Messi នឹង​បង្ហាញខ្លួន​ប្រកួត​ទី២៦ នៅ World Cup​។ ​World Cup 2026 នឹងត្រូវ​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក កាណាដា និងម៉ិ​ក​ស៊ិ​ក​។ ​ពាន​អ្វីៗ​ក៏ដោយ​ក៏ Messi ទទួលបាន​រួច​អស់​ដែរ​មិន​ថា​ពាន​ផ្ទាល់ខ្លួន ជាមួយ​ក្លិប​អាជីព គឺ​នៅ​បាំង​តែ World Cup មួយទៀត​ប៉ុណ្ណោះ​អ្វីៗ​នឹង​សម្រេច​ទាំងអស់​។ ​Messi បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៥ ក្នុង​វ័យ ១៨ឆ្នាំ​បង្ហាញខ្លួន​មកទល់ពេលនេះ​បាន ១៧២ប្រកួត​រកបាន ៩៧គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជម្រើសជាតិ​កង់​ទាំងអស់​នឹង​ចូល​ប្រកួត​ជើងឯក​ជាតិ ដើម្បី​បង្កើន​លក្ខណៈពិសេស​ត្រៀម​ស៊ី​ហ្គេម​

2022/12/15 06:12:28 pm        82
​កង់គួក៖ ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កង់​គួ​ក និង​កង់​ភ្នំ​ទាំងអស់​សរុប ១២​នាក់​នឹង​ចូលរួម​ប្រកួត​កីឡា​ទោចក្រយានជើងឯក​ថ្នាក់ជាតិនា​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​បាន​ខ្ពស់ ក៏ដូចជា​ស្គាល់​ស្ថានភាព​ផ្លូវ​ប្រកួត​កាន់តែច្បាស់ ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់ថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះគ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាបគឺ​សហព័ន្ធ​បាន​ត្រៀមខ្លួន​រួចរាល់ និង​យកចិត្តទុក ដាក់​ខ្ពស់​បំផុត ដោយ​ផ្តល់​ឱកាស​ដល់​ក្រុម​ជម្រើស​ជាតិ​របស់ខ្លួនទាំង ១២​នាក់ក្នុង​នោះ​មាន​កីឡាករ ​៨​នាក់ និង​កីឡា​ការិនី ៤​នាក់ចូលរួម​ប្រកួតប្រជែង​មេដាយ​ជាមួយ​កីឡាករ​-​កីឡា​ការិនី​មកពី​បណ្តា​ក្លិប​ផ្សេងៗ ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​បំផុតនៃ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ។​ ​សម្រាប់​ការរៀបចំ​ផ្លូវ​ប្រកួត​ទាំង​ផ្នែក​កង់​គួ​ក និង​កង់​ភ្នំនៅ​ខេត្តសៀមរាបក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិនេះ គឺជា​ផ្លូវ​ដែល​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ កាលពីពេល​កន្លងទៅ​ថ្មីៗ ហើយ ក៏​ជា​ផ្លូវ​ប្រកួត​សម្រាប់​គោលដៅ​ស៊ី​ហ្គេម ២០២៣ ដូចគ្នា។ ដូច្នេះ​ក្រុម​ជម្រើសជាតិ​ទាំង ១២​នាក់ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​ជាប់​ជាប្រចាំនៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នឹង​ត្រៀម​ចូលរួម​ប្រកួតទាំងអស់គ្នា​តែម្តង ដើម្បី​បាន​វាស់​ស្ទង់​បន្ថែម​នូវ​កម្រិត​សមត្ថភាព សិទ្ធ​ផលដែល​បាន​ហ្វឹកហាត់​កន្លងមក។​ ​យោងតាម​សេចក្តីជូនដំណឹងស្តីពី​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ កាលពី​ថ្មីៗ សម្រាប់​វិញ្ញាសា​ប្រកួត​ប្រភេទ​កង់​គួ​ករួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​, ២. កង់​គួ​ក​បុរស​ឈុត​ធំ និង​៣. កង់​គួ​ក​បុរស។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាល​, ២. កង់​ភ្នំ​បុរស​ឈុត​ធំ​, ៣. កង់​ភ្នំ​នារី និង​៤. កង់​ភ្នំ​បុរស។ សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹងត្រូវ​បញ្ចប់​នា​ថ្ងៃទី​១៩ ខែធ្នូ​ខាងមុខនៅ​ទីស្នាក់ការ​សហព័ន្ធ ស្ថិតនៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM