Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រុម​ការពារ​ជើងឯក​បារាំង​បញ្ចប់​ដំណើរ​ផ្សេង​ព្រេង​របស់​ម៉ា​រ៉ុ​ក​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​អា​ហ្ស​ង់​ទីន

2022/12/15 05:41:29 pm        106
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​ បានបញ្ចប់​ដំណើរ​ផ្សេង​ព្រេង​របស់​ម៉ា​រ៉ុ​កក្រោយ​ជ័យជំនះ ២-០ ដើម្បី​ឡើង​វគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃអាទិត្យ​នេះ​ជួប​អា​ហ្ស​ង់​ទីន​។ ​​ក្រុម​អាហ្វ្រិក​ដំបូង​ដែល​បាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចាប់ផ្តើម​ការប្រកួត​ដោយ​ត្រូវបាន​បារាំង​នាំមុខ​តាំងពី​ដើមទី​នាទី​ទី៥ ដោយ​ខ្សែការពារ Theo Hernandez​។ ​​បារាំង​ដែលមាន​បទពិសោធន៍​ពេញលេញ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅ World Cup បាន​គ្រប់គ្រង​ស្ថាន​ការណ៍​ទាំងស្រុង ​បើទោះបី​ម៉ា​រ៉ុ​ក​ព្យាយាម​វាយ​សម្រុក​ និង​គ្រប់គ្រង​បាល់ ៦១% លើ​បារាំង​។ ​​ឱកាស​ស៊ុត ១៣លើក​របស់​ម៉ា​រ៉ុ​ក​ចំ​គោល ៣លើក​តែ​មិន​សម្រេច​ឡើយ​ ខណៈ​បារាំង​មានឱកាស​ស៊ុត ១៤លើក​ចំ​គោលដៅ ៣ និង​សម្រេច​ទី​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៧៩ ដោយ​កីឡាករ​បម្រុង Randal Kolo Muani​។​​បារាំង​នៅពេលនេះ​នៅ​ខ្វះ​តែមួយ​ជំ​ហ៊ាន​ទៀត​ប៉ុណ្ណោះ ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​អាច​ការពារ​ជើងឯក World Cup បាន​ក្នុង​រយៈពេល ៦០ឆ្នាំ​បន្ទាប់ពី​ប្រេ​ស៊ី​ល​ដែល​ធ្វើបាន​ពីរលើក​ជាប់​គ្នា​នៅ​ឆ្នាំ១៩៥៨ និង ១៩៦២​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ​បារាំង​នឹងត្រូវ​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​នៅ​កីឡដ្ឋាន Lusail ថ្ងៃអាទិត្យ​នេះ និង​ជា​ជំនួប​សងសឹក​សម្រាប់​អា​ហ្ស​ង់​ទីន​ដែល​ធ្លាប់​ចាញ់​បារាំង ៤-៣ កាលពី​បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​កម្ពុជា​ភាគច្រើន​ឈ្នះ និង​ឡើង​ទៅ​វគ្គ​បន្ត​ការប្រកួត​ជើងឯក​ឃី​ក​បុក​ស៊ី​ង​អាស៊ី​២០២២

2022/12/15 05:35:16 pm        80
​ឃី​ក​បុក​ស៊ី​ង៖ កីឡាករ-កីឡាការិនី​ឃី​ក​បុក​ស៊ី​ង​កម្ពុជាបានបញ្ចប់​ការប្រកួត​ទៅតាម​វិញ្ញាសា​របស់ខ្លួន និង​មួយចំនួនទៀត​ឡើងទៅ​វគ្គ​បន្ត និង​ផ្តើម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជើងឯក​ឃី​ក​បុក​ស៊ី​ង​អាស៊ី ២០២២​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​ ​ប្រធាន​សហព័ន្ធ ឯកឧត្តម ហេង សុខឃ​ន បាន​ប្រាប់​ពី​ទីក្រុង​បាងកក​ថា ចំពោះ​លទ្ធផល​ថ្ងៃទី​១៣ និង​ទី​១៤ ខែធ្នូនេះ កីឡាករ ឈុត សេរី​វ៉ាន់​ថង ចាញ់​កីឡាករ​មកពី​ប្រទេសកៀ​ហ្ស៊ី​ស៊ី​ស្ថាន, កីឡាករ សៃ​នី ស៊ី​ណេ​ត ឈ្នះ​កីឡាករ​ឥណ្ឌា, ផុន ចា​នី ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន, លន បញ្ញា ចាញ់​កីឡាករឥណ្ឌូនេស៊ី, កីឡាការិនី វី​ស្រី ឆាយ ចាញ់​កីឡាការិនី​ប៉ា​ឡេ​ស្ទី​ន, ស៊ន រ៉ា​ឃីម ឈ្នះ​កីឡាករ​មកពី​ឆាយ​នី​ស​តៃប៉ិ, ឈឿង ល្វៃ ឈ្នះ​កីឡាករកា​ហ្សា​ក់​ស្ថាន, ប៊​ន ពន្លិច ឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី, ភួ​ន ឡាំង​កូស៊ីន ឈ្នះ​កីឡាករឥណ្ឌា និង​កីឡាការិនី នូវ ស្រី​ពៅ ចាញ់​កីឡាការិនី​ឥណ្ឌូនេស៊ី​។​​ឯកឧត្តមបន្តថា ​ថ្ងៃនេះ​កីឡាករ កីឡាការិនី​កម្ពុជា ៨​រូប​ទៀត​នឹង​បន្ត​ការប្រកួត​ដោយ​ក្នុងនោះ​កីឡាករ សាន រ៉ា​ឃីម ប្រកួត​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ​ ឆា​លីម​លាភ, កីឡាករ លី លី​សាន ប្រកួត​ជាមួយ​កីឡាករគុយ​វ៉ែត សេ​ហាំ សៃ​នី, សៃ​ណេ​ត ប្រកួត​ជាមួយ យូ តាត ហ្វៃ​ មកពី​ហុងកុង, ភណ្ឌ ចា​ន្ធី ប្រកួត​ជាមួយ​ សេ​រីក​បុល មកពី​កា​ហ្សា​ក់​ស្ថាន, សុខ រី​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​អ៊ីរ៉ាក់ ណា​សា​អ៊ី​ហ្វ, វន គឹម​ឆេង ប្រកួត​ជាមួយ​កីឡាករឥណ្ឌូនេស៊ី តូ​នី គ្រី​ស្ទា​ន, ទូច រ៉ា​ឆាន់​ ប្រកួត​ជាមួយ​កីឡាករ​ថៃ អា​រុន​នូ ស៊ី​វ៉ា​ផាន និង​កីឡាករ បូ​រិ​ន ប្រកួត​ជាមួយ​កីឡាករវៀតណាម ចាន់ មិញ​ហាវ​។ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ប្រដាល់​ឃី​ក​បុក​ស៊ី​ងជើងឯក​អាស៊ីនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែធ្នូចុង​សប្តាហ៍​នេះ​៕ អត្ថបទ៖ គង់ ហួន

ក្រុម​ Impunity KH ​នាំមក​នូវ​ក្ដីសង្ឃឹម​សម្រាប់​ស៊ី​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​

2022/12/15 05:16:44 pm        118
​អេឡិចត្រូនិក៖ ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​ Impunity KH ​បាន​ក្លាយជា​ក្ដីសង្ឃឹម​ថ្មី​មួយ​សម្រាប់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធលើកដំបូង នៅក្នុង​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជើងឯក​ពិភពលោកលើក​ទី​១៤ (14TH IESF World Esport Championship) ​ឆ្នាំ​២០២២ កាលពី​សប្ដាហ៍​កន្លងទៅ។​ ​លោក លន់​  ​សា​មា​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិបានធ្វើ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ចំណាយពេល​ជាង ១​សប្ដាហ៍ ទើប​រកឃើញ​ក្រុម​ជ័យលាភី។ ចំពោះ​ការប្រកួតគឺ​ចែក​ចេគ​ជា​ ៦​វិញ្ញាសារួមមាន​វិញ្ញាសា​ eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang ​និង​ PUBG Mobile ​ដែលមាន​អត្ត​ព​លិ​ក​អេឡិចត្រូនិក​មកពី​ទូទាំង​ពិភព​លោក​ជាង ៧០០​នាក់​ចូលរួម​មកពី ១០៧​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​ក្រុម​តំណាង​កម្ពុជា ១​ក្រុម​ដែរគឺ​ក្រុម​ Impunity KH ​ដែល​ប្រកួត​វិញ្ញាសា​ Mobile Legends: Bang Bang។​​ជា​លទ្ធផល​ការប្រកួត ក្រុម​ Impunity KH ​របស់​កម្ពុជាបាន​ឆ្លងកាត់ ៤​ប្រកួតគឺ​ឈ្នះ ២​ប្រកួត និង​ចាញ់ ២​ប្រកួតក្នុងនោះ​ប្រកួត​ទី​១ ក្រុម​កម្ពុជាឈ្នះ​ក្រុម​ជម្រើសជាតិ​ណា​មី​ប៊ី ២-០, ​ប្រកួត​ទី​២ ឈ្នះ​ក្រុម​ម៉ាឡេស៊ី ២-១ ប៉ុន្តែ​ចាញ់​ឥណ្ឌូនេស៊ី ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្រិត​ខ្ពស់ និង​ចាញ់​ហ្វីលីពីន ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្រិត​ទាប ដែល​នាំ​ឲ្យ​ក្រុម​កម្ពុជាទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ឬ​មេដាយ​សំរឹទ្ធ អម​ប្រាក់រង្វាន់ ២​ម៉ឺន​ដុល្លារ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីឈ្នះ​មេដាយមាស អម​ប្រាក់រង្វាន់ ៥​ម៉ឺន​ដុល្លារ និង​ក្រុម​ហ្វីលីពីនឈ្នះ​មេដាយប្រាក់ អម​ប្រាក់រង្វាន់ ៣​ម៉ឺន​ដុល្លារ។​​អគ្គលេខាធិការ​សហព័ន្ធបាន​បន្ដថា ទោះបី​ក្រុម​កម្ពុជាទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ តែ​សមិទ្ធផល​នេះស្ដែង​ឲ្យ​ឃើញ​ភាព​រីកចម្រើន​របស់​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជាលើ​វិញ្ញាសា​ Mobile Legends: Bang Bang​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេងសម្រាប់​សហព័ន្ធក្នុង​រយៈពេល ៤-៥​ឆ្នាំ​ចុងក្រោយ ដែល​ក្រុមកីឡា​អេឡិចត្រូនិកក​ម្ពុ​ជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ​កម្រិត​ពិភពលោក​ផ្លូវ​លើកដំបូង ហើយក៏​ជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ ក៏ដូចជា​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ និង​ប្រជែង​មេដាយនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​ផង​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Richarlison ប្រឈម​អវត្តមាន​ដល់​ខែមករា​ដោយសារ​របួស​សរសៃ​ពួរ​

2022/12/14 10:00:23 pm        82
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល និង Tottenham Hotspur, Richarlison នឹងត្រូវ​សម្រាក​នៅក្រៅ​ទីលាន​យ៉ាងហោចណាស់ ១ខែ​ដោយសារ​របួស​សរសៃ​ពួរ​តាំងពី​ពេល​ប្រេ​ស៊ី​ល​ចាញ់​ក្រូ​អាស៊ី​នៅ World Cup វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​Spurs រំពឹងថា Richarlison នឹង​សម្រាក​ប្រហែល​ពីរ​រឺ​បី​សប្តាហ៍​ប៉ុណ្ណោះ តែ​នៅ​រង់ចាំ​ការវិភាគ​ពី​អ្នក​ក្រុមគ្រូពេទ្យ​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្លាស់ចេញ​នៅ​នាទី​ទី៨៤ ក្នុងការ​ប្រកួត​ដែល​ប្រេ​ស៊ី​ល​ចាញ់​ក្រូ​អាស៊ី ៤-២ ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី តែ​រកបាន​ ៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤ប្រកួត​នៅ World Cup ឆ្នាំនេះ​។ ​Richarlison បាន​ក្លាយជា​កីឡាករ​របស់ Spurs មួយរូប​ទៀត​ដែលមាន​របួស​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី Dejan Kulusevski, Cristian Romero និង Heung-min Son​។ ​​របួស​របស់ Richarlison មានន័យថា Harry Kane នឹងមិន​មាន​ពេល​សម្រាក​ក្រោយ​ចប់ World Cup ឡើយ​ ខណៈ Spurs ត្រូវ​ទៅ​ទឹកដី Brentford នៅ​ថ្ងៃទី២៦ ខែធ្នូ​នៅពេល Premier League ត្រលប់​មកវិញ​។ ​រំលឹកថា Richarlison បាន​អវត្តមាន ៦ប្រកួត​រួចហើយ​ជាមួយ Spurs មុន World Cup ដោយសារ​របួស​កំភួន​ជើង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មោទនភាព​សម្រាប់​ប្រទេស​អារ៉ាប់ អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ត្រៀម​រួចរាល់​ដើម្បី​ហ៊ោ​គាំទ្រ​ការប្រកួត​យប់​នេះ​

2022/12/14 09:37:21 pm        118
​បាល់ទាត់៖ ​ទង់ជាតិ អាវ​ក្រុម​ជម្រើស និង​ផ្ទាំង​ប៉ាណូ​ដែលមាន​រូប​កីឡាករ​ដាក់តាំង​បង្ហាញ​ពេញទី​ក្រុង Rabat មុន​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup របស់​ម៉ា​រ៉ុ​ក​ទល់នឹង​បារាំង​យប់​នេះ ប៉ុន្តែ​ក្រុម​នឹងមាន​ការគាំទ្រ​ច្រើន​ពី​ចម្ងាយ​ជា​ក្រុម​អារ៉ាប់ ឬ​អាហ្វ្រិក​ដំបូង​គេ​ដែលឡើង​មកកាន់​វគ្គ​នេះ​។​ ​នៅ​ក្នុង​ប្រទេស​អារ៉ាប់ ការបង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup របស់​ម៉ា​រ៉ុ​ក​បាន​ចាប់យក​ការ​ស្រមើ​ស្រមៃ​របស់​ប្រជាជន​អារ៉ាប់​អំឡុង World Cup លើកដំបូង​នៅលើ​ទឹកដី​អារ៉ាប់​។​ ​ម៉ា​រ៉ុ​កបានធ្វើ​រឿង​ហួស​ពី​ការរំពឹងទុក​នៅ World Cup ដោយបាន​យកឈ្នះ​ក្រុម​កំពូលៗ​លើ​លោក ​ដូចជា​ឈ្នះ​ប៊ែ​ល​ហ្ស៊ិ​ក​នៅក្នុង​ពូ​ល ឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦​ក្រុម និង​ឈ្នះ​ព័រទុយហ្កាល់​វគ្គ ៨​ក្រុម​។ ​ប៉ុន្តែ​ទង់ជាតិ​ម៉ា​រ៉ុ​ក​ក៏​កំពុង​លក់​អស់​ពាសពេញ​ទ្វីបអាហ្វ្រិក​ខាងជើង និង​មជ្ឈិមបូព៌ា ខណៈ​ដែល​អ្នក​គាំទ្រ​ប្រញាប់ប្រញាល់​ស្វែងរក​វត្ថុ​អនុស្សាវរីយ៍​ ដើម្បី​លើកទឹកចិត្ត​ក្រុម​។​ Karim Mohammed Qotb អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ​នៅ​ទីក្រុង​គែរ​ប្រទេស​អេ​ស៊ី​ប​បាន​និយាយ​ថា មាន​តម្រូវ​ការ​ចង់​បាន​ទង់ជាតិ​ម៉ា​រ៉ុ​ក​ជាច្រើន​នៅ​ទី​នេះ ទោះបី​ពួកគេ​មិន​មែន​ជា​ជនជាតិ​ម៉ា​រ៉ុ​ក​ក្តី ព្រោះ​ម៉ា​រ៉ុ​ក​ប្រទេស​អារ៉ាប់​ដំបូង​គេ​ដែល​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​​នៅ​តំបន់​ហ្គា​ហ្សា​ប៉ា​ឡេ​ស្ទី​ន លោក Eyad Abu Teir កំពុង​ដើរ​ទិញ​ឥវ៉ាន់​ដើម្បី​គាំទ្រ​ម៉ា​រ៉ុ​ក​។ គាត់​បាន​និយាយ​ថា "​ជ័យជម្នះ​របស់​ម៉ា​រ៉ុ​ក​គឺជា​ជ័យជម្នះ​សម្រាប់​ប្រជាជាតិ​អារ៉ាប់​ទាំងមូល ហើយ​យើង​ជា​ប្រជាជន​អារ៉ាប់​ទាំងអស់​គួរតែ​រួបរួមគ្នា​តែមួយ​ពេលនេះ​"។​ ​សូម្បីតែ​ទៅដល់​ប្រទេស​អ៊ីរ៉ាក់ ប្រជាជន​នៅ​ទី​នោះបាន​និយាយថា ​ពួកគេ​រំភើបចិត្ត​លើស​ការរំពឹងទុក មិន​នឹកស្មានថា​ប្រទេស​អារ៉ាប់​ធ្វើបាន​ល្អ​បែបនេះ​។ ​Salam Rabiea វិស្វករ​នៅ​ទីក្រុង​បា​កដាដ​បាន​និយាយថា "​វា​គឺជា​ការប្រកួត​ល្អ​បំផុត​របស់​ជនជាតិ​អារ៉ាប់ ដែល​យើង​មិន​ធ្លាប់​បានឃើញ​ក្នុងនាម​ជា​អ្នកគាំទ្រ​បាល់ទាត់ និង​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​"។ ​ជំនួប​រវាង​ម៉ា​រ៉ុ​ក និង​បារាំង​យប់​នេះ​ត្រូវបាន​គេ​ដឹងថា នឹងមាន​ការតាមដាន​ច្រើន​លើសពី​ការរំពឹងទុក​ តាមរយៈ​ការគាំទ្រ​ក្រុម​ម៉ា​រ៉ុ​ក​គ្រប់ទិសទី​ទាំង​នៅ​អាហ្វ្រិក និង​អារ៉ាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​បារាំង​ថា​ ខ្សែការពារ​ម៉ា​រ៉ុ​ក​ឈរ​លំដាប់​កំពូល​នៅ World Cup តែ​លោក​មាន​ដំណោះស្រាយ

2022/12/14 07:36:44 pm        171
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Deschamps បាន​ហៅខ្សែការពារ​ក្រុម​ម៉ា​រ៉ុ​កថា​ល្អ​បំផុត​នៅ World Cup នេះ មុន​ការប្រកួត​យប់​នេះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​​ម៉ា​រ៉ុ​ក​គិត​មកដល់ពេលនេះ​របូត​គ្រាប់​តែមួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​មួយ​គ្រាប់​នោះ​គឺជា​គ្រាប់​ចូល​ទី​ខ្លួនឯង​ទៅទៀត នៅ World Cup ឆ្នាំនេះ តែ​លោក Didier Deschamps បាន​សង្កត់ធ្ងន់ថា ​បារាំង​នឹងមាន​ដំណោះស្រាយ​ដើម្បី​ជំនះ​ជញ្ជាំង​របស់​ម៉ា​រ៉ុ​ក​។ ​​“​ខ្ញុំ​គិតថា ​ខ្សែការពារ​ម៉ា​រ៉ុ​ក​ល្អ​ជាង​ក្រុម​ណាៗ​ទាំងអស់ ពួកគេ​រៀបចំ​បានល្អ ពួកយើង​បានធ្វើ​ការវិភាគ​ការប្រកួត​របស់​ពួកគេ​កន្លងមក តែ​មិនមែន​បានន័យថា​យើង​ដើរ​ដល់​ផ្លូវ​ទាល់​ទេ អ្វីៗ​តែងតែមាន​ដំណោះស្រាយ ”​។​​បុរស​ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ លើក​ពាន​បាល់ទាត់​ពិភពលោក​ទាំង​ពេល​ជា​កីឡាករ និង​គ្រូបង្វឹក​រូបនេះ​បាន​បន្តថា​៖ “​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ថា ការប្រកួត​នឹងមាន​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ច្រើន ពួកគេ​ពិតជា​មាន​មោទនភាព ដូច្នេះ​ពួកយើង​ត្រូវតែ​ប្រុងប្រយ័ត្ន កុំ​គិតថា​ក្រុម​ខ្លួនឯង​មានប្រៀប រឺ​ជា​ក្រុម​ដែល​គេ​រំពឹង​ឈ្នះ​”​។ ​​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​រាត្រី​នេះ​ នឹងត្រូវ​បន្ត​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​ដែល​បាន​យកឈ្នះ​ក្រូ​អាស៊ី ៣-០ ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែធ្នូ​នេះ​នៅ​កីឡដ្ឋាន Lusail៕​អត្ថបទ​៖​នាង សុភា​វុធ

គ្រូបង្វឹក​ថា ​គ្មាន​គម្រោង​ពិសេស​ដើម្បី​ចាប់ Mbappe ទេ​

2022/12/14 07:09:27 pm        192
​បាល់ទាត់៖ ​ម៉ា​រ៉ុ​ក​នឹង​គ្មាន​គម្រោងការ​អ្វី​ពិសេស​ទេ​ក្នុងការ​តាមបិទ​ខ្សែប្រយុទ្ធ PSG, Kylian Mbappe មុន​ជួបគ្នា​យប់​នេះ​នៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup នេះ​ជា​សំដី​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក Walid Regragui​។ ​Kylian Mbappe គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup ឆ្នាំនេះ​មាន​សរុប ៥គ្រាប់​។ ​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជួបគ្នា​យប់​នេះ​គ្រូបង្វឹក​ម៉ា​រ៉ុ​ក Walid Regragui ឱ្យដឹងថា លោក​គ្មាន​គម្រោងការ​ពិសេស​ដើម្បី​តាម​ចាប់ Mbappe តែ​ម្នាក់​នោះទេ បារាំង​មាន​កីឡាករ​ដែល​បង្ក​គ្រោះថ្នាក់​ច្រើន​ជាពិសេស Antoine Griezmann ក៏ដូចជា Ousmane Dembele ដែល​សុទ្ធតែជា​អ្នកបង្កើត​ឱ្យ Mbappe មាន​គ្រាប់​បាល់​។ លោក​បន្តថា បើសិនជា​ត្រូវ​ផ្តោតលើ Mbappe តែ​ម្នាក់​ពួកយើង​នឹងមាន​កំហុស ពួកគេ​ជា​ក្រុម​ការពារ​ជើងឯក កីឡាករ​ជើងឯកដែល​បាន​មកជា​ក្រុម ដូច្នេះ​អ្វីដែល​ត្រូវផ្តោត​គឺ​ក្រុម​ទាំងមូល​មិនមែន​ម្នាក់​។ ​​យប់​នេះ Mbappe នឹងត្រូវ​ប្រឈម​ជាមួយ​មិត្ត​រួម​ក្រុម PSG ខ្សែការពារ​ស្លាប​ស្តាំ​ម៉ា​រ៉ុ​ក Achraf Hakimi ជុំវិញ​រឿងនេះ​គ្រូបង្វឹក​ម៉ា​រ៉ុ​ក​និយាយថា Hakimi ស្គាល់ Mbappe ច្រើនជាង ដូច្នេះ​លោក​គិតថា Hakimi នឹងមាន​វិធី​ផ្ទាល់ខ្លួន​រួចហើយ​។ ​​សូមបញ្ជាក់ថា ​ម៉ា​រ៉ុ​កបាន​ឡើងមក​កាន់​វគ្គ​នេះ​ក្រោយ​យកឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦ក្រុម និង​យកឈ្នះ​ព័រទុយ​ហ្កាល់​នៅ​វគ្គ ៨ក្រុម​ក្លាយជា​ប្រទេស​អាហ្វ្រិក រឺ​ប្រទេស​អារ៉ាប់​ទី១ ដែល​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​កីឡា​លើក​ទម្ងន់​ជំរុញ​គ្រូបង្វឹក​ត្រូវ​ច្បាស់​ទាំង​ការ​បង្ហាត់ និង​បទបញ្ជា​ការប្រកួត​

2022/12/14 06:25:56 pm        83
​លើក​ទម្ងន់៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​ដល់​គ្រូបង្វឹក​កម្ពុជា​ទាំងអស់ត្រូវខិតខំ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ទាំង​បច្ចេកទេស​នៃ​ការបង្ហាត់ និង​បទបញ្ជា​ការប្រកួត ដើម្បី​ធានាបាន​នូវ​ការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី​ប្រកបដោយ​សក្ដានុពល​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធបានរៀបចំ​សិក្ខាសាលា​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​គ្រោង​ធ្វើ​ឡើយ​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ក្រោម​ការបង្រៀន​របស់​គ្រូឧទ្ទេស​អន្ដរជាតិ​លោក​ Minieash Pandoo ​មកពី​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ។​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ ឯកឧត្តម វ៉ា​ត់ ចំរើន បានចាត់ទុក​វគ្គ​នេះគឺមាន​សារៈសំខាន់​ណាស់សម្រាប់​សិក្ខាកាម ពោល​គឺជា​ឱកាស​មាស​-​ឱកាស​ប្រាក់ សម្រាប់​ការធ្វើ​ការរួម​កម្លាំង​គ្នា ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍន៍​សមត្ថភាព​បន្ថែមដល់​គ្រូបង្វឹក ក៏ដូចជា​មន្ដ្រី​បច្ចេកទេស ដើម្បី​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។ ហេតុនេះសិក្ខាកាម​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សិក្សា ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់។​​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កីឡា​លើក​ទម្ងន់គឺជា​ប្រភេទ​កីឡា​អូឡាំពិក ដែលមាន​ក្រឹត្យក្រម​ច្បាប់​ច្បាស់លាស់ សម្រាប់​អនុវត្តតាម ហើយ​ទាមទារ​ឲ្យ​អ្នកដឹកនាំ ពិសេស​គ្រូបង្វឹក និង​មន្ដ្រី​បច្ចេកទេសត្រូវ​ស្វែង​យល់ច្បាស់​ពីបទ​បញ្ជា​ទាំងអស់នោះ ទើប​ជំរុញ​ឲ្យ​ជំនាញ​កាន់តែ​គត់​មុត និង​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ​ចែករំលែក​ដល់​កូនសិស្ស ចៀសវាង​ការភាន់ច្រឡំ ឬ​ការរំលោភ​លក្ខខណ្ឌ​ណាមួយកំឡុងពេល​ប្រកួត​ជាក់ស្ដែង។​ ​អាស្រ័យហេតុនេះ ឯកឧត្តមសង្ឃឹម ​និង​ជឿជាក់ថា សិក្ខាកាម​ទាំងអស់នឹង​ផ្លាស់ប្តូរ​យោបល់ សួរ​នូវ​ចំណុច​សង្ស័យ របៀប​នៃ​ការដាក់​ពិន្ទុ រ​បៀ​របប​នៃ​ការផ្តល់​ពេលវេលា គេ​ធ្វើ​យ៉ាងម៉េច​? ហើយ​ការប្រកួត​នីមួយៗ គេ​រៀបចំ​របៀប​ណា​? លើសពីនេះត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ការងារ និង​វិ​ន័យដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ និង​យក​ចំណេះដឹងទៅ​ចែករំលែក​ឲ្យ​មាន​ប្រសិទ្ធភាព និង​សក្តានុពល​ប្រកបដោយ​គុណធម៌សម្រាប់​កីឡា​លើក​ទម្ងន់​កម្ពុជា។​​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​កម្រិត​អន្ដរជាតិ​នេះមាន​សិក្ខាកាម ២៥​នាក់​ចូលរួម ដែល​ធ្វើឡើង​ក្នុង​គោលបំណង​រួមចំណែក​កែតម្រូវ​បច្ចេកទេស កម្រិត​ជំនាញនៃ​កីឡា​លើក​ទម្ងន់ ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួនឲ្យ​បានច្បាស់លាស់ ឈានឆ្ពោះ​ទៅជា​គ្រូបង្វឹក​ ១​រូបដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ យល់ដឹង​លើ​ការគ្រប់គ្រង​ក្លឹប សមាគម​រាជធានី​-​ខេត្ត និង​សាមីខ្លួន​ផ្ទាល់ ពិសេស​ការរៀបចំ​ផែនការ​បង្ហាត់​រយៈពេល​ខ្លី មធ្យម និង​វែង សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Messi និង Alvarez នាំ​អា​ហ្ស​ង់​ទីន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក្រោយ​ឈ្នះ​ក្រូ​អាស៊ី ៣-០

2022/12/14 05:56:12 pm        192
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​អាច​សងសឹក​គំនុំ​ចាស់​កាលពី​ ៤​ឆ្នាំមុន​បានសំរេចក្រោយ​យកឈ្នះ​ក្រូ​អាស៊ី ៣-០ វិញ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​កាតា​។ ​​ក្រុម​របស់លោក Zlatko Dalic ធ្លាប់បាន​យកឈ្នះ​អា​ហ្ស​ង់​ទីន ៣-០ កាលពី​បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​ ខណៈ​ក្រូ​អាស៊ី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅពេលនោះ​តែ​ចាញ់​បារាំង ៤-២​។ ​​Lionel Messi ជាថ្មី​ម្តងទៀត​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បើក​ការ​នាំមុខ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ តែ​ខ្សែប្រយុទ្ធ Manchester City, Julian Alvarez មានការ​ប្រកួត​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុងការ​បង្ហាញខ្លួន​នៅ World Cup តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​នៃ​វគ្គ​នីមួយៗ​។ ​​ងាក​ទៅ​មើល​ការអបអរសាទរ​រប​ស់​អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន បាន​ប្រមូល​ផ្តុំគ្នា​ពេញ​រដ្ឋធានី Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ក៏ដូចជា​បន្ត​ការអបអរ​នៅ​ខាងក្រៅ​កីឡដ្ឋាន​នៅ​កាតា​ផងដែរ​។ ​​ចំណែក​ក្រុម​ក្រូ​អាស៊ី​ថ្វីបើ​ចាញ់ អ្នកគាំទ្រ​របស់ខ្លួន​នៅតែ​សម្តែង​ការអបអរសាទរ​ក្រុម​របស់ខ្លួន សប្បាយរីករាយជួបជុំគ្នា​នៅ​ទីក្រុង Zagreb​។ ​អ្នកគាំទ្រ​ក្រូ​អាស៊ី​ដែល​ចាក​ចេញពី​កីឡដ្ឋាន​ម្នាក់​បាន​សម្តែង​អារម្មណ៍​សោកស្តាយ តែមាន​មោទនភាព​ចំពោះ​ក្រុម​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អា​ហ្ស​ង់​ទីន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​ជាការ​ស្វែងរក​ជើងឯក​ទី៣ បន្ទាប់ពី​ឈ្នះ​ពីរដង​ចុងក្រោយ​តាំងពី​ឆ្នាំ១៩៧៨ និង ១៩៨៦​។ ​​Lionel Messi នៅ​បាំង​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ដឹងថា​អាចជា​ជើងឯក​ រឺ​អត់​ក្នុង​អាជីព​ដ៏​អស្ចារ្យ​របស់ខ្លួន តែ​ខ្សែបម្រើ Real Madrid, Luka Modric ដែល​ត្រូវបាន​ប្តូរ​ចេញ​នៅ​វគ្គ​ទី២ នោះបានទទួល​ការ​ទះដៃ​ពីរ​អ្នកគាំទ្រ​ក្រុម​ទាំងពីរ ដោយ​ការគោរព​ចំពោះ​អាជីព​របស់គេ​ដែល​បង្ហាញខ្លួន​ចុងក្រោយ​នៅ World Cup ជាមួយ​ក្រុម​ក្រូ​អាស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​រុះរើ​ថ្នាក់ដឹកនាំ​ថ្មី​

2022/12/14 05:40:54 pm        140
​សូ​ហ្វ​តិ​ន្នី​ស៖ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជាបានធ្វើ​ការរុះ​រើស​ក្បាលម៉ាស៊ីន​សហព័ន្ធ​ថ្មី​ទៀតហើយ ដោយ​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធបាន​បោះឆ្នោត​គាំទ្រ​ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃទទួល​ជួយ​ការងារ​ដឹកនាំ អគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ធ្វើជា​ប្រធាន​សហព័ន្ធ​ថ្មី គ្រា​ដែល​ប្រធាន​សហព័ន្ធ​មុន ឯកឧត្តម ប្រាក់ ផល្លា រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយស​សហព័ន្ធ។​ ​ការបោះឆ្នោត និង​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​នេះ ធ្វើឡើង​ក្នុង​អង្គ​មហាសន្និបាត​វិសាមញ្ញសហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣ និង​កែសម្រួល​សមាសភាព​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ អាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​កាលពី​ថ្ងៃទី​១៣ ខែធ្នូ​ម្សិលមិញ ហើយក៏​មានការ​ចូលរួម​ជា​សាក្សី​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផងដែរ។​ ​ប្រធាន​ថ្មីមានប្រសាសន៍ថា បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​មុនៗ​អស់​ជាច្រើន​ឆ្នាំកន្លងមក ឆ្នាំ​២០២៣ ខាងមុខនេះគឺជា​ពេលវេលា​កំណត់ និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ និង​ការប្រកួត​អន្ដរជាតិ​នានា។ ដូចនេះ​សហព័ន្ធបាន​ត្រៀម​រៀបចំ​នូវ​ទិសដៅ​អនុវត្ត​ផែនការ សកម្មភាព​ការងារ និង​បង្កើន​ការយកចិត្តទុកដាក់ដល់​ក្រុម​ជម្រើសជាតិ ក្នុងការ​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺនត្រៀម​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ធំៗ​ឲ្យ​បាន​ច្រើនតាម​អាចធ្វើ​ទៅបាន​ក្នុង​បំណង​បង្កើន​នូវ​សមត្ថភាព​បច្ចេកទេស ក៏ដូចជា​ការដណ្តើម​មេដាយជូន​ជាតិ​មាតុភូមិ។​ ​លោក​បង្ហើប​ថា ចំពោះមុខ មុន​ឈានដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៣ ឆ្នាំ​២០២៣ ដែល​គ្រោង​រៀបចំ​រយៈពេល ៧​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិដោយមាន​ប្រទេស​ចូលរួម​ដូចជា ថៃ ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​ជាដើម។ដូច្នេះ​នេះ​គឺជា​ការងារ​មួយ​ដ៏​សំខាន់ សម្រាប់​សហព័ន្ធ​ត្រៀមខ្លួន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ទាំង​ធនធាន​មន្ដ្រី​បច្ចេក​ទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ផងដែរ។​ ​ក្រឡេក​មក​សមាសភាព​ថ្នាក់ដឹកនាំ និង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធអាណត្តិ​ទី​៣ គឺមាន​ចំនួន ២៩​រូបដោយមាន​ឯកឧត្តម សរ សិទ្ធិ ប្រធាន និង​លោក តុង សុផល ជា​អនុប្រធាន​ទី​១ ព្រមទាំង​អនុប្រធាន​សហព័ន្ធ ៣​រូប​ទៀត។ ចំណែក​លោក យិ​ត ភី​រៈ ជា​អគ្គលេខាធិការ រួមជាមួយ​អគ្គលេខាធិការរង ៤​រូប។ លោក អ៊ា​ន សុភ័ក្ដ្រ ជា​អគ្គ​ហេរញ្ញិក និង​អគ្គ​ហេរញ្ញិក​រង ៤​រូប ព្រមទាំង​សមាជិក ១៤​រូប​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM