Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Louis van Gaal និយាយពី​ការដឹកនាំ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​ការ​តតាំង​ជំងឺ​មហារីក

2022/12/09 08:00:11 pm        92
​បាល់ទាត់៖ ​Louis van Gaal គឺជា​គ្រូបង្វឹក​បាល់ទាត់​ដែលមាន​ភាពជោគជ័យ​ម្នាក់ តែ​ការ​លំបាក​បំផុត​ក្នុង​ជីវិត​របស់​លោក​គឺ​នៅក្រៅ​ទីលាន​ទៅវិញ​ទេ ដោយ​លោក​ត្រូវ​តតាំង​ជាមួយ​ជំងឺ​មហារីក​តាំងពី​រយៈពេល​ជិត ២ឆ្នាំមុន​។ ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ​បាន​បង្ហើប​កាលពី​ខែមេសា​ថា គាត់​មាន​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ដែល​គាត់​បាន​លាក់បាំង​ពី​កីឡាករ​របស់​គាត់ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ការផ្តោត​អារម្មណ៍​របស់​ពួកគេ​ មុន​ពេល​ការប្រកួត​បាល់ទាត់​ពិភពលោក​។​ ​លោក Van Gaal បាន​បាត់បង់​ភរិយា​ដំបូង​របស់គាត់​ឈ្មោះ Fernanda ដោយសារ​ជំងឺមហារីក​ក្នុង​ឆ្នាំ១៩៩៤ នៅពេល​មាន​អាយុ ៣៩ឆ្នាំ ហើយ​តាំងពី​ពេលនោះ​លោក Van Gaal តែងតែ​ធ្វើ​អ្វី​ដើម្បី​ភាពជោគជ័យ​ ក្នុងការ​ឧទ្ទិស​ទៅកាន់​ភរិយា​របស់លោក​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស​គឺ​ការ​ផ្តោតអារម្មណ៍​ចំពោះ​ការប្រកួត​ទល់នឹង​អា​ហ្ស​ង់​ទីន​យប់​នេះ​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។​ ​លោក Louis van Gaal ត្រូវបាន​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក​ដែលមាន​ភាព​ម៉ឺ​ត​ម៉ាត់ តឹងរ៉ឹង​ក្នុងការ​ដឹកនាំ​របស់លោក ដែល​ធ្វើឱ្យ​កីឡាករ​ក្នុង​ក្រុម ត្រូវ​ម៉ត់ចត់​ត្រង់ត្រាប់​គោរព​វិន័យ​ជា​កំហិត​។​ថ្វីបើ​អត្តចរិត​ម៉ឺងម៉ាត់​តឹងរ៉ឹង​បែបនេះ​មែន កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​គ្រប់គ្នា​សុទ្ធតែ​ស្រលាញ់ និង​ចូល​​ចិត្ត​លោក Van Gaal ជាក់ស្តែង​ដូចជា​ការលើកឡើង​រប​ស់ Memphis Depay និង Daley Blind នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាដើម​។ ​លោក Van Gaal ធ្លាប់​ឈ្នះ​ជើងឯក​សរុប ២០ ក្នុង​អាជីព​របស់ខ្លួន​ដោយបាន​ឆ្លង​ការដឹកនាំ​ក្លិប​អាជីព​ដូចជា Barcelona Bayern Munich និង Manchester United និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បី​លើក​។ ​ក្នុង​វ័យ ៧១ឆ្នាំ​លោក Louis van Gaal គឺជា​អ្នកចាត់ការ​វ័យ​ចំណាស់​បំផុត​ទី៣ ដែល​ដឹកនាំ​ក្រុម​នៅ World Cup​។ ​សូមបញ្ជាក់ថា​ លោក Louis van Gaal មិន​ថា ​ក្នុង​លទ្ធផល​បែបណា​លោក Louis van Gaal នឹង​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្រោយ​ចប់ World Cup ដោយ​លោក Ronald Koeman នឹង​ចូលមក​ដឹកនាំ​បន្ត​សម្រាប់​វគ្គ​ជម្រុះ Euro 2024៕អត្ថបទ​៖​នាង សុភា​វុ​ធ

ល្បី​ថា​ កីឡាករ​វ័យ ១៦​ឆ្នាំ​ប្រេ​ស៊ី​ល Endrick ខិតជិត​ផ្លាស់​ទៅកាន់ Real Madrid

2022/12/09 07:14:16 pm        82
​បាល់ទាត់៖ ​សារព័ត៌មាន​ប្រេ​ស៊ី​ល​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ ១៦ឆ្នាំ​របស់​ក្លិប​ប្រេ​ស៊ី​ល Palmeiras, Endrick ខិតជិត​ផ្លាស់​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ហើយ​។ ​​សារព័ត៌មាន ESPN បាន​ចុះផ្សាយ​ថា Endrick ផ្លាស់​ទៅកាន់ Real Madrid ផ្លូវការ​នៅ​ឆ្នាំ២០២៤ ក្នុងតម្លៃ​ផ្ទេរ​ដល់​ទៅ ៧២លាន​អឺរ៉ូ​ឯណោះ​។ ​​Paris Saint Germain និង​តោ​ខៀវ Chelsea ត្រូវបាន​គេ​ដឹងថា​កំពុង​តាមដាន​កីឡាករ​វ័យ ១៦ឆ្នាំ​រូបនេះ​ដែរ​។ ​​ក្លិប​អេ​ស្ប៉ា​ញ Real Madrid បាន​និយាយថា ពួកគេ​នឹងធ្វើ​រឿងនេះ​ដូច​ពេលដែល​នាំយក Vinicius Junior កាលពី​ឆ្នាំ២០០៧ នៅ​ពេល​ដែល Real Madrid ចំណាយលុយ ៤៥លាន​អឺរ៉ូ​ទៅកាន់ Flamengo​។ ​Endrick នឹង​អាច​ផ្លាស់​ទៅកាន់ Real Madrid បាន​នៅ​ខែកក្កដា ​ឆ្នាំ២០២៤ ឯណោះ​នៅពេល​គេ​ឈានដល់​វ័យ ១៨ឆ្នាំ​សិន​។ ​​ត្រឹម​វ័យ ១៦ឆ្នាំ Endrick Felipe ត្រូវបាន​ក្លិប Palmeiras តម្លើង​ឱ្យមក​លេង​ក្រុម​ធំ​នៅ​ឆ្នាំ២០២២ នេះ​ដោយ​បង្ហាញខ្លួន​បាន ៧ប្រកួត​រកបាន ២គ្រាប់​។ ​​Endrick ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អាយុ​ក្រោម ១៧ឆ្នាំ​លេង​បាន ៤ប្រកួត​រកបាន ៥គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raheem Sterling ហោះ​ត្រលប់​ទៅកាន់​កាតា​ជួយ​ក្រុម​អង់គ្លេស​វិញ​ត្រៀម​ការប្រកួត​ទល់នឹង​បារាំង​ស្អែក​

2022/12/09 06:48:43 pm        61
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ស្លាប Chelsea, Raheem Sterling នឹង​ហោះហើរ​ពី​ទីក្រុង​ឡុង​ដ៍​ត្រលប់​ទៅ​កាតា​វិញ​ ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ទល់នឹង​បារាំង​ស្អែក​នេះ​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​កាតា​ ទៅកាន់​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពីមាន​ដំណឹង​ថា ​មាន​ជនដៃដល់​វាយប្រហារ​ចូលក្នុង​ផ្ទះ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​។ ​​ការចាកចេញ​របស់ Sterling គឺ​ដោយសារ​ក្តីបារម្ភ​ពី​សុ​វត្ថិ​ភាព​របស់​ក្រុមគ្រួសារ ជាពិសេស​គឺ​កូន​ចំនួន​បីនាក់​ក្នុងបន្ទុក​។ ​​Sterling បាន​អវត្តមាន​ពី​ការប្រកួត​របស់​អង់គ្លេស​ដែល​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​អតីត​ខ្សែប្រយុទ្ធ Manchester City និង Liverpool រូបនេះ​ក៏បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ផងដែរ​នៅ World Cup នេះ​ពេល​អង់គ្លេស​យកឈ្នះ​អ៊ីរ៉ង់ ៦-២ នៅក្នុង​ពូ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Enrique ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម​អេ​ស្ប៉ា​ញ​ជំនួស​ដោយ​អតីត​គ្រូ​យុវជន​

2022/12/09 06:20:13 pm        73
​បាល់ទាត់៖ ​លោក Luis Enrique បានសំរេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ហើយ ​ក្រោយ​បរា​ជ័យ​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​។ ​​បុរស​វ័យ ៥២ឆ្នាំ​រូបនេះ​បាន​ចូលមក​កាន់តំណែង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ២០១៨ និង​ដឹកនាំ​ក្រុម​ឡើងដល់វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ដែល​ចាញ់​អ៊ីតាលី​នៅពេលនោះ​។​​ជាមួយនឹង​ការចាកចេញ​ពី​តំណែង​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ក៏បាន​ប្រកាស​អ្នក​ដែល​នឹង​ចូល​ជំនួស​តំណែង​នេះដែរ​គឺ​លោក Luis de la Fuente ត្រូវ​ឆ្លងកាត់​ការសំរេច​ដោយ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៅ​ថ្ងៃ​ចន្ទ​ដើម សប្តាហ៍​ក្រោយ​។ ​​អេ​ស្ប៉ា​ញ​នៅ World Cup 2022 កាតា​បាន​យកឈ្នះ​កូ​ស្តា​រី​កា​ប្រកួត​ដំបូង​ក្នុង​ពូ​ល ៧-០ តែ​ក្រោយ​មក​ក៏​ស្មើ​អាល្លឺម៉ង់ ១-១ និង​ចាញ់​ជប៉ុន ២-១ តែ​បាន​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ត្រឹម​ជា​ក្រុម​លេខ ២ ក្នុង​ពូ​ល មុនពេល​ចាញ់​ម៉ា​រ៉ុ​កនៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។​​តាំងពី​ឈ្នះ​ជើងឯក Euro 2008 2012 និង World Cup 2010 អេ​ស្ប៉ា​ញ​បាន​ខកខាន​ឈ្នះ​ពាន​សំខាន់ៗ​រហូតមកដល់​ពេលនេះ​។ ​​អាជីព​របស់លោក Luis Enrique ជោគជ័យ​បំផុត​នោះ​គឺ​ពេល​លោក​ដឹកនាំ​ក្លិប​អាជីព Barcelona ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៧ ដោយ​ឈ្នះ​ជើងឯក UEFA Champions League ២លើក, La Liga ២លើក, Copa del Rey ៣លើក, Super Cup FIFA Club World Cup និងអេ​ស្ប៉ា​ញ Super Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ជំរុញ​កីឡា​កងទ័ព​ត្រូវ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ស៊ី​ហ្គេម ២០២៣

2022/12/09 06:08:25 pm        113
​កីឡា​កងទ័ព៖ ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ជំរុញ​ថ្នាក់ដឹកនាំ និង​កីឡាករ​-​កីឡាការិនីក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ពិសេស​ស្វែងរក​នូវ​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​ការលើកឡើង​នេះ ស្របពេល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​កីឡា​កងយោធ​ពល​ខេមរភូមិន្ទឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ដឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង​ការពារជាតិ។​ ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ដដែលបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ របស់​កីឡា​កងយោធពល​ខេមរភូមិន្ទ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ២៧៣​គ្រឿងទាំង​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្ដរជាតិ បន្ទាប់ពី​ស្ថានភាព​គូ​វីដ​-១៩ ធូរស្រាល។ សមិទ្ធផល​នេះសបញ្ជាក់​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាងសកម្ម​ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​លើ​វិស័យ​កីឡា​ក្នុងប្រទេស​កម្ពុជា។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ​-​កីឡាការិនី នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ បន្ដ​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការផ្សព្វផ្សាយ​យុទ្ធនា​ជាតិ​ស្ដីពី “​ប្រជាជន​ម្នាក់ត្រូវ​លេង​កីឡា​មួយ​មុខ​ប្រចាំជីវិត​” និង “​រួមគ្នា​ដើម្បី​កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​” “​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឥទ្ធិពល​គ្រឿងញៀន​” និង​យុទ្ធនាការ “​កីឡា​រស់ក្នុង​សន្ដិភាព​”។​​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​កាន់តែ​រីកចម្រើន ត្រៀម​ការប្រកួត​អន្ដរជាតិ​នានាពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បានផ្ដល់​នូវ​អនុសាសន៍ ៦​ចំណុចរួមមាន​៖១, ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​កីឡា​គ្រប់​កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការលើក​ទី​១ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​២, ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បន្ដ​យកចិត្តទុកដាក់​សហកា​រ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​រៀបចំ​ផែនការ​ការងារ​កីឡា​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាស្រេច​  ​ដើម្បី​ធានាបាន​នូវ​ជោគ​ជ័យ​ខ្ពស់​ក្នុង​ការចូលរួម​ប្រកួត​កីឡា​អន្ដរជាតិ​ដ៏​ធំ និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ជាតិ​នេះ។​៣, អគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បន្ដ​រៀបចំ​កសាង និង​អនុវត្ត​ផែនការ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក។ ទន្ទឹមនឹងនេះត្រូវ​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល លើកកម្ពស់ សមត្ថភាព​ធនធានមនុស្ស មន្ដ្រី​ដឹកនាំ​គ្រប់គ្រង​កីឡា មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក កីឡាករ​-​កីឡាការិនីសម្រាប់​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​ជាតិលើក​ទី​៤ នា​ឆ្នាំ​២០២៤ ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​ជា​ធ្លុង​មួយ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ធ្វើ​ឲ្យ​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ កាន់តែ​រីកចម្រើន​មួយកម្រិត​ថែមទៀត។​៤, ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​ស្វែងរក​ការ​កៀរគរ​ជួយ​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់ រឹង ជួយ​ឧបករណ៍​សម្ភារៈ និង​មធ្យោបាយ​ផ្សេងៗ សម្រាប់​បម្រើ​ដល់​ការហ្វឹកហាត់ និង​បញ្ជូន​មន្ដ្រី កីឡាករ​-​កីឡាការិនីទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​ត្រៀម​ទទួល​គណៈប្រតិភូ​បណ្ដា​ប្រទេស​ជា​មិត្ត អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ជ​ម្ឈ​មណ្ឌលកីឡា​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​បានល្អ តាម​គម្រោង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​។​៥, បន្ដ​លើកកម្ពស់​សមត្ថភាព នាយទាហាន នាយទាហានរងទទួលបន្ទុក​កិច្ចការរដ្ឋបាល ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀតក្នុងការ​ចរាចរ​ឯកសារ ការរក្សា​ទុក​ឯកសារ​ជា​ប្រវត្តិសាស្ដ្រ វិស័យ​កីឡាគឺជា​ការងារ​អាទិភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀនសូត្រ ដក​បទពិសោធន៍​ការងារ​។ ជាមួយគ្នាត្រូវ​យកចិត្តទុកដាក់​រៀបចំ​ទីកន្លែង​បំពេញការងា​រដ្ឋបាល​ប្រចាំថ្ងៃ ឲ្យ​បាន​ស័ក្ដិសម​ទៅនឹង​សមត្ថភាព ស្នាដៃ កេរ្ដិ៍ឈ្មោះ ដែល​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ​បាន​នឹង​កំពុង​វិ​វត្ដ​រីកចម្រើន​ជា​បន្ដបន្ទាប់។​៦, ថ្នាក់ដឹកនាំ មន្ដ្រី កីឡាករ​-​កីឡាការិនី នាយទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ត្រូវ​រៀបចំ​ឲ្យ​គ្រប់​លក្ខណៈសម្បត្តិ ក្នុងនាម​ម្ចាស់ផ្ទះ​រង់ចាំ​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​អាស៊ីអាគ្នេយ៍ និង​ភ្ញៀវ​ជាតិ អន្ដរជាតិ មកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក ទទួល​នូវ​ស្នាមញញឹម រួសរាយ​រាក់ទាក់​ជាមួយ​ឥរិយាបថ​ស្លូតបូត សុភាពរាបសា ថ្លៃថ្នូរ​របស់​យើង ដែល​កំពុង​រស់នៅក្នុង​សុខសន្ដិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ចូលរួម​រៀបចំ​តុបតែង សម្អាត​អនាម័យ លុបបំបាត់​ភាព​អសកម្ម​ក្នុងសង្គម ដើម្បី​លើកកម្ពស់​កិត្តិយស កិត្យានុភាព​ជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។​​គួរ​ដឹងថា ឆ្នាំ​២០២២ កីឡា​កងយោធពល​ខេមរភូមិន្ទដណ្ដើមបាន​មេដាយ ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​សរុប រួមមាន​មេដាយមាស ១២៣​គ្រឿង​, ប្រាក់ ៧៤​គ្រឿង​, សំរឹទ្ធ ៧៦​គ្រឿង​, ខ្សែក្រវាត់​ចំនួន ៨​ខ្សែ និង​ពាន​ចំនួន ១០។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​ច្រានចោល​ព័ត៌មាន Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ

2022/12/09 05:43:01 pm        92
​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់ FPF បាន​ច្រានចោល​ព័ត៌មាន​ដែលថា​ ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​នៅ World Cup នេះ​។ ​​សារព័ត៌មាន​មួយចំនួន​នៅ​អឺរ៉ុប​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​កំពុង​គម្រាម​ចាក​ចេញពី​ក្រុម ​បន្ទាប់ពីមិនត្រូវ​ដាក់ឱ្យ​លេង​ជម្រើស​ដំបូង​ពេល​ព័រទុយហ្កាល់​យកឈ្នះ​ស្វ៊ី​ស ៦-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​ជាមួយគ្នា​នោះដែរ​នៅពេល​ប្រកួត​ចុងក្រោយ​ពូ​ល​ដែល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ ២-១ នោះ​ក៏​គេ​ឃើញ​ប្រធាន​ក្រុមរូបនេះ​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ផងដែរ​នៅពេល​ត្រូវ​ប្តូរ​ចេញ​។ ​​យ៉ាងណាក្តី​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ភ្លាមៗ ច្រានចោល​ព័ត៌មាន​ក្តៅគគុក​នេះ​ថា​ជា​រឿង​មិន​ពិត ដែល​ព័ត៌មាន​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ព័រទុយហ្កាល់​ទាំងមូល​នៅ World Cup​។ ​​រំលឹកថា Ronaldo បី​ប្រកួត​នៅក្នុង​ពូ​ល​តែងតែ​ជា​ជម្រើស ១១នាក់​ដំបូង ​និង​ត្រូវបាន​ផ្លាស់ចេញ​នៅ​រយៈពេល​ប្រមាណ ២០នាទីចុងក្រោយ តែ​ការ​ផ្លាស់ចេញ​ពេល​ប៉ះ​កូរ៉េ គ្រូបង្វឹក Fernando Santo ធ្លាប់​និយាយថា មិន​ចូលចិត្ត​កាយវិការ​រប​ស់ Ronaldo ឡើយ​។​​ក្រោយមក​គ្រូបង្វឹក​ព័រទុយហ្កាល់​ដដែល​បាន​និយាយទៀតថា ការសម្រេច​ដាក់ Ronaldo ឱ្យ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស​គឺជា​យុទ្ធសាស្ត្រ​ក្រុម​។​ ​​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែលជា​ជម្រើស​ដំបូង និង​ជាការ​លេង ១១នាក់​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែរនោះក៏​រកបាន ៣​គ្រាប់​ម្នាក់ឯង ដែល​ធ្វើឱ្យ Ronaldo កាន់តែ​មានការ​លំបាក​បន្ថែមទៀត​ក្នុងការ​ប្រជែង​ជម្រើស ១១នាក់​ដំបូង​។ ​​ព័រទុយហ្កាល់​នឹងត្រូវ​ជួប​ម៉ា​រ៉ុ​កនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី ពៅ សុខា ត្រូវ​បាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិ​នៅ​ថៃ​

2022/12/09 05:25:08 pm        76
​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា ពៅ សុខា តំណាង​យុវជន​កម្ពុជា ត្រូវបាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​ថ្នាក់​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​ជ្រុលនិយម​តាមរយៈ​កីឡា (ASEAN-UN Reginal Youth Forum on Prevention Violet Extremism Through Sport) បានធ្វើ​ឡើង ២​ថ្ងៃនៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ​​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​មានប្រសាសន៍ថា​ ក្នុងនាម​សហព័ន្ធ​ពិតជា​សប្បាយរីក​រាយ​ចំពោះ​ដំណឹង​នេះ​។ នេះ​ស​បញ្ជាក់ថា ​វិស័យ​កីឡា​នៅ​កម្ពុជា​ពិតជា​មានការ​រីកចម្រើន​។​ ​នេះ​មិនមែនជា​លើកដំបូង​នោះដែល​កីឡាការិនី​ដ៏​ស្រស់​សោភា​របស់​កម្ពុជា​រូបនេះ ត្រូវបាន​អន្ដរជាតិ​ជ្រើសរើស និង​អញ្ជើញ​ចូលរួម​ចែក​រំលែក​ពីបទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​កីឡា​ក្នុង​វេទិកា​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ កញ្ញា​ក៏ត្រូវ​បាន​លេខាធិការដ្ឋាន​អាស៊ានអញ្ជើញ​ចួ​ល​រួម​កម្មវិធី​ជជែក​ពិភាក្ សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រីក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​សន្និសីទ​វីដេអូ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា រួមជាមួយ​នឹង​ទូត​សុច្ឆទៈ​កីឡា​ស្ត្រី​អាស៊ាន​មកពី​ប្រទេស​ ៩​ផ្សេងទៀត​ផងដែរ​៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ចង់​ឈ្នះ​ម៉ាឡេស៊ី​យប់​នេះ ដើម្បី​ជា​ទុនត្រៀម​ពាន​ AFF Mitsubishi Electric Cup 2022

2022/12/09 05:08:23 pm        399
បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៨​យប់ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Bukit Jalil ​ប្រទេស​ម៉ាឡេស៊ី។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត លោក​ Hirose Ryu ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ សម្រាប់​ការរៀបចំ​កូនក្រុម​ត្រៀម​ការប្រកួត​មិត្តភាព​នេះ ទោះបី​មាន​រយៈពេល​ខ្លី​ក៏ដោយ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ថា បន្ទាប់ពី​លី​គ​កំពូល​កម្ពុជាបញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ទើប​កម្ពុជា​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ១​ថ្ងៃមុន​ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី។ វា​ពិត​ជាមាន​រយៈពេល​ខ្លី ប៉ុន្ដែ​លោក​ជឿជាក់​ការរៀបចំ​បាន​យ៉ាង​ល្អ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យុទ្ធសាស្ដ្រ និង​បច្ចេកទេស​ចម្បង​ឆ្ពោះទៅមុខ​ដោយ​រលូន។​ ​លោក​ Hirose Ryu ​បន្ថែមថា​ ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​សម្រាប់​យប់​នេះ ក្រុម​គោព្រៃ​កម្ពុជាចង់​ធ្វើ​ឲ្យ​បាន​លទ្ធផល​ល្អ ក៏ដូចជា​ជ័យជម្នះ ដ្បិត​ការប្រកួត​នេះគឺជា​ផ្នែក​មួយនៃ​ការរៀបចំ និង​ត្រៀមខ្លួនសម្រាប់​ការប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ​នាពេលខាងមុខ ដែល​ទាមទារ​ឲ្យ​កូនក្រុម​ខំប្រឹង​ប្រកួត​ឲ្យ​បានល្អ​បំផុត។​​គួរ​ដឹងថា បន្ទាប់ពី​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី កម្ពុជា​នឹង​ត្រឡប់មក​មាតុភូមិ​វិញដើម្បី​បន្ដ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​បើកឆាក​ AFF Mitsubishi Electric Cup 2022 ដែល​កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​ការប្រកួត​ដំបូងកម្ពុជា​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីននា​ថ្ងៃទី​២០ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មី ទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕​អត្ថបទ៖ លី ឈុន​ឡា

Novak Djokovic នឹង​វិល​ចូល​ទឹកដី​អូស្ត្រាលី​លើកដំបូង ១ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញចេញ​

2022/12/08 10:01:25 pm        72
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic នឹងត្រូវ​ទៅកាន់​ទឹកដី​អូស្ត្រាលី​សាជាថ្មី​នៅ​ខែ​មករា​ខាងមុខ ១​ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញ​ចេញពី​ព្រលាន​យន្ត​ហោះដោយសារ​បញ្ហា​កូ​វីដ​-១៩​។ ​​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះ​នឹងត្រូវ​ចូលរួម​ការប្រកួត​កម្ម​វិធី Adelaide International ដែលជា​កម្មវិធី​មួយ​ត្រៀមលក្ខណៈ​សំរាប់​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកួត​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open វិញ បន្ទាប់ពី​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​ព្រលាន​យន្តហោះ​ប្រទេស​អូស្ត្រាលី​កាលពី​ខែមករា ដោយសារតែ​ការ​ស្នើសុំ​ទិដ្ឋាការ​មិន​មានភ្ជាប់​ជាមួយ​លិខិត​អះអាងថា ​បាន​ចាក់​វ៉ាក់សាំង​។​​​ជាមួយគ្នា​នោះដែរ Djokovic ត្រូវបាន​អាជ្ញាធរ​អូស្ត្រាលី​ហាម​មិន​ឱ្យ​ជាន់ដី​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៥ តែ​ក្រោយ​មក​ការសម្រេច​ចិត្តបាន​ផ្លាស់ប្តូរ​។ Novak Djokovic បាន​អវត្តមាន​ពី​ការប្រកួត Grand Slam ពីរ​កម្មវិធី​ឆ្នាំនេះ​រួមមាន Australian Open និង US Open តែ​បាន​ចូល​លេង​ពីរ Grand Slam គឺ French Open ឡើង​បាន​ត្រឹម​វគ្គ ៨​នាក់​ចុងក្រោយ​មុនពេល​ឈ្នះ​ជើងឯក Wimbledon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Eden Hazard ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ

2022/12/08 09:41:24 pm        79
​បាល់ទាត់៖ ប្រធាន​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក Eden Hazard បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហើយ​នៅក្នុង​វ័យ ៣១ឆ្នាំ បន្ទាប់ពី​ប៊ែ​ល​ហ្ស៊ិ​ល​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ World Cup​។ ​កីឡាករ​របស់ Real Madrid បាន​ចូល​លេង​ទាំង ៣ប្រកួត​របស់​ប៊ែ​ល​ហ្ស៊ិ​កនៅ​វគ្គ​ចែក​ពូ​ល​តែ​រក​គ្រាប់​បាល់​មិនបាន ខណៈ​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ​កាណាដា ចាញ់​ម៉ា​រ៉ុ​ក និង​ស្មើ​ក្រូ​អាស៊ី​។ ​Hazard បាន​ប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​នៅ​បណ្តាញ​សង្គម Instagram ដោយ​និយាយថា នេះ​ជាការ​សំរេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ អ្នក​បន្តវេន​ក៏មាន​រួចរាល់​ដែរ អរគុណ​គ្រប់គ្នា​សម្រាប់​សេចក្តី​ស្រលាញ់ និង​គាំទ្រ​កន្លងមក​។​Eden Hazard បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដំបូង​នៅ​ឆ្នាំ២០០៨ និង​ស៊ុត​បញ្ចូល​ទី​បាន ៣៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២៦លើក​ជួយ​ក្រុម​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup 2018 នៅ​រុស្ស៊ីចាញ់​បារាំង និង​ឈ្នះ​អង់គ្លេស​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៣​។ ​សូមបញ្ជាក់ថា ​តាមរយៈ​បរាជ័យ​របស់​ប៊ែ​ល​ហ្ស៊ិ​កនៅ World Cup នេះ​គ្រូបង្វឹក Roberto Martinez ក៏បាន​ចាក​ចេញពី​តំណែង​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM