មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

ព័ត៌មានកីឡា

Real Madrid ឈ្នះ​នៅផ្ទះ Elche ឡើង​នាំ​មុខដាច់ ៦​ពិន្ទុ​ពី Barcelona

2022/10/20 07:12:12 pm        61
​បាល់ទាត់៖ ​​ក្រុម​កំពូល​តារាង Real Madrid បាន​ពន្លាត​ការនាំ​មុខ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga ដល់ ៦ពិន្ទុ​បន្ទាប់ពី​ជ័យជំនះ​នៅ​ទឹកដី Elche ៣-០ យប់មិញ​។ ​​ខ្សែប្រយុទ្ធ​សំណព្វចិត្ត​របស់លោក Carlo Ancelotti, Federico Valverde បើក​ការនាំ​មុខមុន​ឱ្យ Real Madrid នៅ​នាទី​ទី១១ មុន​ពេលដែល​ម្ចាស់​ពាន Ballon d’Or ថ្មីៗ Karim Benzema រកបាន​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៧៥​។ ​​មុន​ចប់​ការប្រកួត MarcO Asensio បន្ថែម​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៩​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid ឡើង​នាំ​មុខដាច់ ៦ពិន្ទុ​ពី​ក្រុម​លេខ២ Barcelona តែ​ក្រុម​របស់លោក Xavi នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ជួប Villarreal រាត្រី​នេះ​។ ​​ចំណែក Elche នៅតែ​បន្ត​ឈរ​បាត​តារាង​មាន​ត្រឹម ៣ពិន្ទុ​ពី​ការប្រកួត ១០លើក​។ ​​នេះ​ជា​លើក​ទី២ ហើយ​ដែល Real Madrid ឈ្នះ​ការប្រកួត​ក្រៅ​ដី ៦ប្រកួត​ដំបូង​ជាប់​គ្នា​ក្នុង​លី​គរាប់​ពី​រដូវ​កាល ១៩៩១-៩២​។ ​​លទ្ធផល​ផ្សេងទៀត​យប់មិញ Cadiz ០-០ Real Betis, Real Valladolid ៤-១ Celta Vigo និង Real Sociedad ១-០ Real Mallorca៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich តាម​ពីក្រោយ​យកឈ្នះ Augsburg ៥-២ ឡើង​ជុំ​ទី៣ អាល្លឺម៉ង់​ខាប់

2022/10/20 06:29:58 pm        78
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់​ខាប់ ២០សម័យ Bayern Munich បាន​បន្តដំណើរ​ឡើង​ជុំ​ទី៣ ហើយ​តែ​ត្រូវ​វាយបក​ពីក្រោយ​ការនាំ​មុខ​របស់​ម្ចាស់ផ្ទះ Augsburg ដើម្បី​យកឈ្នះ ៥-២​។ ​​ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្តើមបាន​យ៉ាង​ល្អ​ក្រោយ​លេង​បាន​ត្រឹម ៩នាទី Mads Pedersen ស៊ុត​បើក​ការនាំ​មុខមុន​ឱ្យ Augsburg មុនពេល​ដែល Bayern Munich តាម​ស្មើ​វិញ​នៅ​នាទី​ទី២៧ ដោយ Eric Maxim Choupo-Moting​។ ​​ឈានដល់​វគ្គ​ទី២ Joshua Kimmich ស៊ុត​នាំមុខ​ឱ្យ Bayern Munich លើកដំបូង​នៅ​នាទី​ទី៥៣ មុនពេល​ដែល Moting ដដែល​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​។ ​ក្រុម​ម្ចាស់ផ្ទះ​ក៏​តប​បាន ១​គ្រាប់​វិញ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Dayot Upamecano តែ Jamal Musiala និង Alphonso Davies រកបាន​ម្នាក់​មួយគ្រា​ប់​ធ្វើឱ្យ Bayern Munich បញ្ចប់​ការប្រកួត​យកឈ្នះ​នៅ​ទឹកដី Augsburg ៥-២ ដើម្បី​ឡើង​ជុំ​ទី៣​។​​ថ្ងៃ​ជាមួយគ្នានេះដែរ Borussia Dortmund យកឈ្នះ​នៅ​ទឹកដី Hannover ២-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Hannover មួយ​គ្រាប់ និង​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Jude Bellingham​។ ​​ចំណែកឯ​ក្រុម​នាំមុខគេ​នៅ Bundesliga, Union Berlin យកឈ្នះ Heidenheim ២-០ ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត់​បាន​ចូល​លេង​ទល់នឹង Spurs យប់មិញ Ronaldo ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់

2022/10/20 06:00:29 pm        135
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ដើរ​ចេញពី​ទីលាន​មុន​ការប្រកួត​ចប់​យប់មិញ​នេះ នៅ​ពេល Manchester United យកឈ្នះ Tottenham Hotspur ២-០​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ដើរ​ចេញពី​ទីលាន​នៅ​នាទី​ទី៨៩ ពោលគឺ​ក្រោយ​ពេលដែល​លោក Erik ten Hag ផ្លាស់ប្តូរ Christian Eriksen និង Anthony Elanga ចូល មាន​ន័យថា Ronaldo ជា​កីឡាករ​បម្រុង​មិន​ត្រូវបាន​ប្រើប្រាស់​។ ​​ក្រោយ​ចប់​ការប្រកួត​លោក Erik ten Hag និយាយថា បានឃើញ Ronaldo ដើរ​ចេញពី​ទីលាន​ តែ​លោក​នឹង​និយាយ​ជាមួយ Ronaldo នៅ​ថ្ងៃ​បន្ទាប់​។ ​​Fred និង Bruno Fernandez រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United យប់មិញ ​ដែលជា​បី​ពិន្ទុ​ដ៏​មាន​សារសំខានៈ​ដើម្បី​ឈរ​លេខ៥ ដេញ​ពីក្រោយ Chelsea តែ ១ពិន្ទុ​។​​Chelsea យប់មិញ​មិនអាច​ធ្វើ​អ្វី​ម្ចាស់ផ្ទះ Brentford បានឡើយ​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០​។ ​​ចំណែកឯ Liverpool បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ញញួរ​ធំ West Ham ១-០ ដោយ​គ្រាប់​បាល់​របស់ Darwin Nunez​។ ​​ក្រុម​អ្នកមាន​ថ្មី Newcastle ក៏​រកបាន​បី​ពិន្ទុ​ដែរ​ក្រោយ​ឈ្នះ Everton ១-០ ដោយ​គ្រាប់​បាល់​របស់ Almiron និង Southampton យកឈ្នះ​នៅ​ទឹកដី Bournemouth ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​ជាមួយ​គុយបា​យប់​នេះ

2022/10/20 05:41:19 pm        142
​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ផ្លូវការ ​ជាមួយ​ក្រុម​ជម្រើសជាតិ​គុយបានា​វេលា​ម៉ោង ៧​យប់​នេះនៅ​សាល​ទីលាន​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៨ពាន់​រៀល​ប៉ុណ្ណោះ។ ​​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះត្រូវបាន​ចាត់ទុក​ជំនួប​ប្រវត្តិសាស្ដ្រ​មួយ សម្រាប់​វិស័យ​បាល់ទះ​កម្ពុជាដែល​ត្រូវ​ជួប​ក្រុម​ខ្លាំង​គុយបាដែលជា​គីឡូ​ធ្ងន់​លំដាប់​ពិភពលោក។ តែ​យ៉ាងណា​ក្រុម​គុយបាដែល​ត្រូវ​ជួប​កម្ពុជា​យប់​នេះ គឺជា​ក្រុមយុវជន​អាយុ​ក្រោម ២១​ឆ្នាំមិនមែនជា​ក្រុម​ធំ​នោះទេ។​ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​គូសបញ្ជាក់ អំឡុងពេល​ទៅ​ទទួល​ស្វាគមន៍​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​របស់​ប្រតិភូ និង​ក្រុម​ជម្រើសជាតិ​គុយបាកាលពី​ថ្មីៗ​ថា គុយបា​បាន​បញ្ជូន​ក្រុមយុវជន​ U21 ​មក​ប្រកួត​មិត្តភាព​ជាមួយ​កម្ពុជា។​ ​តែ​យ៉ាង​ណា​លោក​នៅតែ​ទទួលស្គាល់​ពី​កម្រិត​របស់​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក​នេះ ដ្បិត​វិស័យ​បាល់ទះ​គុយបាគឺមាន​ភាព​រីកចម្រើន​ខ្លាំង។អាស្រ័យហេតុនេះ លោក​បានចាត់ទុក​ជំនួប​មិត្តភាព​នេះគឺជា​ឱកាស​មួយ​ដ៏​សំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ការវាស់ស្ទង់​សមត្ថភាព និង​សិក្សា​ស្វែងយល់​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​របស់ខ្លួន ហើយ​ធ្វើការ​បំពេញបន្ថែម​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ត្រៀម​សម្រេច​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា នេះ​គឺជា​ជំនួប​មិត្តភាព​អន្ដរជាតិ​លើក​ទី​២ របស់​កម្ពុជា បន្ទាប់ពី​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ដ្រនៅ​វៀតណាមកាលពី​ថ្មីៗ ខណៈ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ដំបូង គឺ​កម្ពុជាបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីក្នុង​លទ្ធផល ២-១​សិត ក្នុងជំនួប​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​១៥ ខែតុលា​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុមបាល់ទាត់​ព្រះស៊ីសុវត្ថិ​លើក​ពាន​ជើងឯក​វិទ្យាល័យរដូវ​កាល​ទី​២ ក្រោយ​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ៣-១

2022/10/20 05:25:22 pm        156
​បាល់ទាត់៖ ក្រុមបាល់ទាត់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​គ្រង​ជើងឯក​ពានរង្វាន់ «​ជើងឯក​វិទ្យាល័យ​» លើក​ទី​២ ឆ្នាំ​២០២២ បន្ទាប់ពី​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េកាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។​ ​គួរ​ដឹងថា ការប្រកួត​ជើងឯក​វិទ្យាល័យឆ្នាំ​២០២២ បានចាប់ផ្ដើម​ឡើងវិញ ក្រោយ​ខន​ខាន​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។ ការបើក​ទំព័រ​រដូវ​កាល​ថ្មី​នេះគឺមាន​ក្រុម​វិទ្យាល័យ​ចំនួន ១២ ចូលរួម ហើយ​បាន​ចំណាយពេល​ប្រកួត​ចំនួន ១៤​សប្ដាហ៍ បើ​គិត​ចាប់ពី​ថ្ងៃទី​១៣ ខែកក្កដារហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលជា​ជំនួប​កាត់សេចក្ដី​រវាង​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីនៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។​ ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ទាំង២ បាន​បើក​ការប្រយុទ្ធ​លើ​សមរភូមិ​វាលស្មៅ​យ៉ាង​ជក់ចិត្ត ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​រាប់ពាន់នាក់។ វគ្គ​ទី​១ ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​បើក​ការ​នាំមុខ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ២​គ្រាប់​មុន មុន​ពួកគេ​បន្ថែម​គ្រាប់​ទី​៣ នៅ​វគ្គ​ទី​២។ រីឯ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវីបាន​ព្យាយាម​វាយបករហូត​រកបាន ១​គ្រាប់​ប៉ុណ្ណោះនៅ​ចុង​វគ្គ​ទី​២ ហើយ​បាន​រក្សា​លទ្ធផល​នេះដល់​ចប់​ការប្រកួត​តែម្ដង ដោយ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី ៣-១ ដូច​កាលពី​ក្រុម​ទាំងពីរជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ដែរ។​​ជាមួយ​ការ​ដណ្ដើមបាន​ជ័យលាភី​នេះដែរ សម្រាប់​ក្រុម​ជើងឯកគឺ​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបានទទួល​ពាន ១ អម​ប្រាក់រង្វាន់​ចំនួន ៦០​លាន​រៀលដែល​ប្រគល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី។ រីឯ​ចំណាត់ថ្នាក់​លេខ​២ ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានទទួល​ប្រាក់រង្វាន់​ចំនួន ៤០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ក្រុម​វិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបាន​ប្រាក់រង្វាន់ ២០​លាន​រៀល។ ចំណែក​ពានរង្វាន់ Fair-Play គឺ​បាន​ទៅ​ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ ទទួលបាន​ថវិកា​លើកទឹកចិត្ត ៤​លា​រៀល។ ក្រៅពីនេះក៏មាន​ពានរង្វាន់​ឯកត្តជន​មួយចំនួនទៀត​ផងដែរ។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ជើងឯក​វិទ្យាល័យបាន​បង្កើត​ដំបូងកាលពី​ឆ្នាំ​២០១៩ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត ដែល​អនុញ្ញាត និង​គាំទ្រ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​បាល់​ជាត់​ជាតិ ក៏ដូចជា​បណ្ដុះ​ស្មារតី​ដល់​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ។ ម្យ៉ាង​ក៏​ដើម្បី​ជួយ​បណ្ដុះ​យុវជន​ឲ្យ​សម្រេច​គោលដៅ និង​សុ​បិ​ន្ដ​ក្លាយជា​កីឡាករ​អាជីព សម្រិតសម្រាំង​ធនធាន​កីឡាករ​ថ្នាល​ល្អៗ សម្រាប់​បន្ដវេន ព្រមទាំង​បង្កើត​នូវ​ភាពសប្បាយ​រីករាយ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​សិស្សានុសិស្ស​តាម​គ្រឹះស្ថានសិក្សា​នានា​ផងដែរ៕​អត្ថបទលី ឈុន​ឡា

Jurgen Klopp៖ Diogo Jota មិន​អាចជួយ​ក្រុម​ព័រទុយហ្កាល់​បានឡើយ​នៅ World Cup

2022/10/19 10:07:56 pm        199
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Liverpool, Diogo Jota នឹងមិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បានឡើយ​នៅ World Cup ឆ្នាំនេះ​ដោយសារ​បញ្ហា​របួស​កំភួន​ជើង នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ Liverpool លោក Jurgen Klopp​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ត្រូវបាន​សែង​ចេញពី​ទីលាន​ អំឡុង​ការប្រកួត​ដែល Liverpool យកឈ្នះ Manchester City ១-០ កាលពី​ថ្ងៃអាទិត្យ​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​និយាយថា Jota ត្រូវ​សម្រាក​រយៈពេល​វែ​ង រឺ​ច្រើន​ខែ​ដែល​នេះ​ជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់ Liverpool និង​ព័រទុយហ្កាល់ ជាពិសេស Jota ខ្លួនឯង​។ ​​រំលឹកថា Diogo Jota បាន​អវត្តមាន​ច្រើន​ប្រកួត​ដែរ​កាលពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ដោយសារ​របួស​ស​រសៃ​ពួរ​ មុនពេល​ត្រលប់មក​បង្ហាញខ្លួន​បាន​វិញ​កាលពីដើម​ខែកញ្ញា​ពេល Liverpool ស្មើ​នៅ​ទឹកដី Everton​។ Jota ក៏បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ដែរ​ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​ដោយបាន​ស៊ុត​បញ្ចូល​ទីក្នុង​ជ័យជំនះ ៤-០ លើ​សាធារណរដ្ឋ​ឆែក​។ ​Liverpool ត្រូវ​ជួប​ក្រុម​ញញួរ​ធំ West Ham យប់​នេះ​សប្តាហ៍​ទី១១ ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រោយ​វះកាត់​រួច ច្បាស់​ការ​ហើយ N’Golo Kante ត្រូវ​អវត្តមាន​ពី World Cup

2022/10/19 09:41:42 pm        77
​បាល់ទាត់៖ ​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​បារាំង និង​តោ​ខៀវ Chelsea, N’Golo Kante ច្បាស់ការ​ហើយ​គឺ​ត្រូវ​អវត្តមាន​ពី World Cup នៅ​កាតា​ខែ​ក្រោយនេះ​ បន្ទាប់ពី​ទទួល​ការវះកាត់​​សរសៃ​ពួរ​រួចរាល់​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​អំ​ឡុង​ការប្រកួត​ដែល Chelsea ស្មើ Tottenham Hotspur ២-២ នៅ Stamford Bridge កាលពី​ថ្ងៃទី១៤ ខែសីហា​។ ​នៅក្នុង​សេចក្តីជូនដំណឹង​របស់ Chelsea បាន​បញ្ជាក់ថា ​របួសរ​បស់ Kante ក្រោយ​ការវះកាត់​រួច​ត្រូវ​សម្រាក​យ៉ាងហោចណាស់ ៤ខែ​។ ​N’Golo Kante ដែល​ឈ្នះ​ជើងឯក World Cup ២០១៨ ជាមួយ​ក្រុម​ជំរើសជាតិ​បាន​ហក់​ចូលក្នុង​បញ្ជី​កីឡាករ​របួស​នៅ​ក្របខណ្ឌ English Premier League ដែល​ត្រូវ​អវត្តមាន​ពី World Cup បន្ទាប់ពី Reece James ក៏ដូចជា Diogo Jota៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ថា​ ប្រេ​ស៊ី​ល និង​បា​រាំងជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក World Cup

2022/10/19 07:35:38 pm        163
​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​និយាយថា ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង និង​ប្រេ​ស៊ី​ល​គឺជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក World Cup 2022 នៅ​កាតា​ខែក្រោយ​នេះ​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​និយាយប្រាប់​ទូរទស្សន៍ DIRECTTV Sports ថា ​បារាំង ប្រេ​ស៊ី​ល អាល្លឺម៉ង់ អង់គ្លេស និង​អេ​ស្ប៉ា​ញ តែងតែ​ជា​បេក្ខភាព​ដែល​គេ​គិតថា​ឈ្នះ​ជើងឯក តែ​បារាំង និង​ប្រេ​ស៊ី​លមិន​ខុសគ្នា​ឡើយ ពួកគេ​មាន​កីឡាករ​ដែលមាន​បទពិសោធ​ច្រើន និង​បាន​លេង​ជាមួយគ្នា​រយៈពេល​ច្រើន​ដែរ​។ ​ការលើកសរសើរ​ក្រុម​ទាំងពីរ​ខាង​លើ​បែបនេះ Messi ក៏​មិនបាន​និយាយ​ពី​ក្រុម​របស់ខ្លួន​ដែរ ស្រប​ពេលដែល​អា​ហ្ស​ង់​ទីន​កំពុង​លេង​មិន​ចាញ់​សោះ ៣៥ប្រកួត​ជាប់​គ្នា​។​​មជ្ឈដ្ឋាន​អ្នកវិភាគ​បាល់ទាត់​ជាច្រើន បានចាត់ទុក​អា​ហ្ស​ង់​ទីន​ជា​បេក្ខភាព​ឈានមុខ​គេ​មួយ​ដែរ​ ក្នុង​ការ​ប្រជែង​ជើងឯក World Cup ឆ្នាំនេះ បន្ទាប់ពី​ស្ថិតិ​ឈ្នះ ៣៥ប្រកួត​ជាប់​គ្នា បូករួម​ទាំង​ឈ្នះ​ជើងឯក Copa America ឆ្នាំមុន​ដោយ​យកឈ្នះ​ប្រេ​ស៊ី​ល​ផងដែរ​។ ​តែ​អា​ហ្ស​ង់​ទីន​ក៏​ប្រឈម​នឹង​បញ្ហា​របួស​កីឡាករ​ដែល​អាច​អវត្តមាន​ពី World Cup ផងដែរ​រួមមាន Angel Di Maria និង Paulo Dybala​។ ​អា​ហ្ស​ង់​ទីន​ស្ថិតក្នុង​ពូ​ល C ដែល​នឹងត្រូវ​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា មុន​បន្ត​ជួប​ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លេង​ចាញ់ Man United ពីរ​ប្រកួត Omonia Nicosia បណ្តេញ​គ្រូបង្វឹក Neil Lennon ចេញពី​តំណែង​

2022/10/19 07:03:41 pm        81
​បាល់ទាត់៖ ​ក្លិប​ Omonia Nicosia បានសំរេច​បញ្ចប់​តំណែង​គ្រូបង្វឹក​លោក Neil Lennon ចេញពី​តំណែង​ហើយ​ក្រោយ​ដឹកនាំ​បាន ៧ខែ​។ ​​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ​លី​គ​កំពូល​ស៊ី​ប​មួយ​នេះ​បានប្រកាស​ភ្លាមៗ ពី​ការបញ្ចប់​តំណែង​អតីត​ខ្សែបម្រើ Celtic រូបនេះ​ក្រោយ​ចាញ់ Nea Salamis ធ្លាក់​ដល់​លេខ៧ នៃ​ក្របខណ្ឌ​លី​គ​កំពូល​។ ​​មុននេះ​ដែរ Omonia Nicosia បាន​រង​បរាជ័យ ២ប្រកួត​ផ្ទួនៗ​ផងដែរ​នៅ​ក្របខណ្ឌ UEFA Europa League ក្រោម​ថ្វី​ជើង Manchester United ទាំង​ក្នុង ​និង​ក្រៅ​ដី​។ ​​ថ្វីបើ​ដឹកនាំ​បាន​ត្រឹម ៧ខែ​លោក Neil Lennon បាន​ជួយ Omonia Nicosia ឈ្នះ​ជើងឯក Cypriot Cup កាលពី​ខែឧសភា​រដូវ​កាល​មុន ​ក្រោយ​ចូលកាន់​តំណែង​បាន​ត្រឹម ២ខែ​។ ​​មុន​មក​ដឹកនាំ Omonia Nicosia លោក Neil Lennon ធ្លាប់​ដឹកនាំ Celtic ចំនួន​ពីរលើក​ឈ្នះ​ជើងឯក​សំខាន់ៗ ១០លើក​ដូចជា Scottish Premiership ២លើក, Scottish Cup ២លើក និង League Cup ១លើក​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ការពារ​ជើងឯក RB Leipzig ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​អាល្លឺម៉ង់​ខាប់​

2022/10/19 06:18:56 pm        60
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក RB Leipzig បាន​ឈានឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់​អាល្លឺម៉ង់​ខាប់ រឺក៏ DFB Pokal ហើយ​ក្រោយ​ឈ្នះ Hamburg ៤-០ ក្នុង​ទឹកដី​របស់ខ្លួន​។ ​​Leipzig ដែល​ឈ្នះ​ជើងឯក DFB Pokal រឺ​ជា​ពានរង្វាន់​ដំបូង​របស់ខ្លួន​កាលពី​រដូវ​កាល​មុន​នោះ បាន​បើក​ការនាំ​មុខ ២គ្រាប់​ផ្ទួនៗ​មុន​ចប់​វគ្គ​ទី១ នៅ​នាទី​ទី៣៣ និង ៣៦ ដោយ​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក Yussuf Poulsen ពីរ​គ្រាប់​ម្នាក់ឯង​។ ​​Hamburg ដែលជា​អតីត​ជើងឯក​អាល្លឺម៉ង់​នេះ​ ២​សម័យ​ផងដែរ​នោះមិនមាន​សំណាង​ឡើយ​នៅ​វគ្គ​ទី២ ហើយ Leipzig ក៏​បន្ថែម​ពីរ​គ្រាប់​ទៀត​ដោយ​ខ្សែបម្រើ​ស៊ុយអែត Emil Forsberg និង​ខ្សែការពារ​អាល្លឺម៉ង់ Benjamin Henrichs​។​​ដោយឡែក​លទ្ធផល​ផ្សេងទៀត Borussia Monchengladbach បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​ក្រុម​នៅ​លី​គ​ទី២ Darmstadt ២-១​។ ​​ក្រុម​នៅ​លី​គ​ទី២ មួយទៀត Eintracht Braunschweig ចាញ់ Wolfsburg ១-២ Bochum យកឈ្នះ Elversberg ១-០ និង Hoffenheim យកឈ្នះ Schalke ៥-១​។ ​​សម្រាប់​យប់​នេះ Hannover ទទួលភ្ញៀវ Dortmund ខណៈ Bayern Munich ទៅផ្ទះ Augsburg៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត និងប្រធានាធិបតីទួរគី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការវាយប្រហារនៅសមុទ្រក្រហម
08/04/2026 07:08 PM
អាជ្ញាធរ៖ ជនអន្តោប្រវេសន៍ជាង ១៥០នាក់ ត្រូវបានសង្គ្រោះ ក្រោយ​ទូក​មាន​អគ្គិភ័យ​​​ នៅច្រកសមុទ្រអង់គ្លេស
08/04/2026 07:08 PM
អតីតមេបញ្ជាការកំពូលអ៊ុយក្រែនបញ្ជាក់​ថា អ៊ុយក្រែននឹងមិនបាន​ចូលរួមជាមួយណាតូទេ
08/04/2026 07:08 PM
ក្រសួងការបរទេសទួរគីថ្កោលទោសការវាយប្រហារលើនាវាពីរគ្រឿងនៅសមុទ្រខ្មៅ
08/04/2026 07:08 PM
មេដឹកនាំហេសបូឡានិយាយថា លោកមិនមានការជំទាស់ចំពោះការជួបជាមួយអាជ្ញាធរស៊ីរីទេ
08/04/2026 06:08 PM
អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាង UNESCO រាយការណ៍ពីការបំផ្លាញប្រាសាទព្រះវិហារដោយកងទ័ពថៃ
08/04/2026 06:08 PM
សេចក្ដី​រាយការណ៍៖ អ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញ
08/04/2026 05:08 PM
អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន ពិភាក្សាអំពីកិច្ចប្រឹងប្រែងការទូត ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់
08/04/2026 05:08 PM
ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់​ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមកាន់តែធំ​ធេង​ឡើយ​
08/04/2026 05:08 PM
លោក Zelenskyy៖ អ៊ុយក្រែនជាផ្នែកសំខាន់ ក្នុង​ការប៉ុនប៉ងស្តារឥទ្ធិពលរបស់លោក Putin លើអតីតរដ្ឋ​សហភាព​សូវៀត
08/04/2026 05:08 PM