មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

ព័ត៌មានកីឡា

កីឡា​ប៉េតង់​នឹង​សាងសង់​ទីលាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​ក្រោម​ជំនួយ​ CAMSOC

2022/10/19 05:53:42 pm        72
​ប៉េតង់៖ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រកាស​សាងសង់​ទីលាន​ស្ដង់ដារ​អន្ដរជាតិ​មួយ សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ កាលពី​ថ្មីៗ។​ ​ឯកឧត្តម​បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ទីលាន​ស្ដង់ដារ​នេះគឺជា​លក្ខណៈ​កីឡដ្ឋាន​តូច​មួយ ដែលមាន​ទីលាន​ប្រកួត​នៅ​កណ្ដាល ហើយ​មាន​កៅអីអង្គុយ​ទស្សនា​ព័ន្ធ​ជុំវិញ ដែល​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ ៨០០ ទៅ ៩០០​នាក់។ គម្រោង​នេះនឹង​ចាប់ផ្ដើម​សាងសង់​ក្នុង​សប្ដាហ៍​នេះ ក្រោម​ជំនួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។​ ​ឯកឧត្តម សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​គូសបញ្ជាក់ថា តាមរយៈ​សមិទ្ធផល​ថ្មី ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ជំរុញ​ឲ្យ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្នុងការ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ក៏ដូចជា​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូងដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះ។​​គួរ​ដឹងថា ទីលាន​ស្ដង់ដារ​លក្ខណៈ​បិទ​ជិតដែល​សហការ​សាងសង់រវាង​សហព័ន្ធ និង​ផ្គត់ផ្គង់​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​នេះគឺ​ស្ថិត​នៅជាប់​នឹង​ទីលាន​ប៊ូល និង​ប៉េតង់ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នាពេល​បច្ចុប្បន្ន។ តាម​ការបញ្ជាក់​ទីលាន​ថ្មី​នេះគឺ​សម្រាប់​បម្រើ​ឲ្យ​តែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ ខណៈ​ការប្រកួត​ជម្រុះនឹងត្រូវ​ប្រកួត​នៅ​ទីលាន​ខាងក្រៅ ដែល​ធ្លាប់​ទទួល​រៀបចំ​ការប្រកួត​អន្ដរជាតិ​ជាច្រើន​មកហើយ ក្នុងនោះ​ក៏មាន​ការប្រកួត​ជើងឯក​ពិភព​លោក​ម្ដង​ផងដែរកាលពី​ឆ្នាំ​២០១៩ កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​បន្ដ​យកឈ្នះ​ម៉ុង​ហ្គោ​លី ៣-០ ក្នុង​ប្រកួត​ទី​២ នៃ​ព្រឹត្តិការណ៍ Davis Cup នៅ​បា​រ៉ែ​ន​

2022/10/19 05:22:47 pm        102
​វាយ​កូន​បាល់​៖ ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បន្ដធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​យុទ្ធនា​ការប្រកួត Davis Cup ក្រុម​៤ ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីឆ្នាំ​២០២២ បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោល​ដីដោយ​លទ្ធផល ៣-០ កាល​ពី​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន។​ ​សម្រាប់​ប្រកួត​ទី​២ ក្នុង​ពូ​ល A នេះក៏​មិន​ខុសពី​ប្រកួត​បើកឆាក​ដែរ ដោយ​កម្ពុជាបាន​យកឈ្នះ​គូប្រកួត​ទាំង ៣​វិញ្ញាសា ក្នុងនោះ​វិញ្ញាសា​ឯកត្តជន កីឡាករ ឡុង សំនៀង បាន​យកឈ្នះ​កីឡាករ Undrakh Purevdorj របស់​ម៉ុង​ហ្គោ​លី ដោយ​ពិន្ទុ ៦-៣ និង ៦-៣ ដូចគ្នា។ រីឯ​កីឡាករ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ Gundurd Batjargal ដោយ​ពិន្ទុ ៦-០ និង ៦-០ ដូចគ្នា។​ ​រីឯ​វិញ្ញាសា​វាយ​គូ​វិញ កីឡាករ ឃ្លាំង ពន្លក ចាប់​ដៃគូ​ជាមួយ​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក Mathew Krusling បាន​យកឈ្នះ​ក្រុម​ម៉ុង​ហ្គោ​លី កីឡាករ Khatansuikh Batbayar និង Gunburd Batjargbatjargal ដោយ​ពិន្ទុ ៧-៥ និង ៦-៤។​​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា គ្រង​តំណែង​កំពូល​តារាង​បណ្ដោះអាសន្ន បន្ទាប់ពី​យកឈ្នះ​គូប្រកួត ៣-០ជាប់ៗ​គ្នា ក្រោយ​ប្រកួត​បើកឆាក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ប៊ូ​តាន ៣-០ ដូចគ្នាកាលពីដើម​សប្ដាហ៍​កន្លងទៅ។​ ​សម្រាប់​ការប្រកួត​វិលជុំ​ចុងក្រោយ​ក្នុង​ពូ​ល A គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ទួ​កមេ​នី​ស្ថាននា​ថ្ងៃទី​២០ ខែតុលា​ខាងមុខ។ ការប្រកួត​នេះសម្រាប់​ក្រុម​ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​នីមួយៗនឹង​ឡើងទៅ​ប្រកួត​វគ្គ​ខ្វែង ដើម្បី​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ជើងឯកនឹង​ទទួលបាន​កៅអី​ក្រុម​៣ នៃ​ព្រឹត្តិការណ៍ Davis Cup 2023 តែម្ដង៕អត្ថបទ៖ លី ឈុន​ឡា

ក្រៅពី​ជួសជុល និង​បំពាក់​កៅអី​ពហុ​កីឡដ្ឋាន​ជាតិ ស្តាត​មរតក​តេ​ជោ​ក៏​អាច​នឹង​ប្ដូរ​ស្មៅ​ថ្មី​ដែរ

2022/10/19 05:03:46 pm        181
​ស៊ីហ្គេម៖ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជាត្រូវការ​ទីលាន​ស្ដង់ដារ​យ៉ាងហោច ៤ សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​ផ្លូវការលើ​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី ក្នុងនោះ​មានដូចជា​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​កីឡដ្ឋាន​ព្រី​នស៍​ជាដើម។ ប៉ុន្ដែ​មាន​ទីលាន​មួយចំនួនកំពុងដំណើរការ​ជួស​ជុល ក៏ដូចជា​គ្រោង​ធ្វើការ​ផ្លាស់ប្ដូរ​ស្មៅ​ថ្មី ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ និង​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាដើម។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទីលាននៃ​ពហុ​កីឡដ្ឋាន​ជាតិ ឬ​ស្ដា​ត​អូឡាំពិកកំពុងដំណើរការ​ជួយ​ជុល ដោយ​ផ្លាស់ប្ដូរ​ពី​ស្មៅ​សិប្បនិម្មិតទៅ​ស្មៅ​ធម្មជាតិ​វិញ ហើយ​ខែវិច្ឆិកា​ខាងមុខនឹងធ្វើ​ការបំពាក់​កៅអី​ថ្មី​ជុំវិញ​ប្រមាណ​ជាង ៣៥,០០០​កៅអី។ រីឯ​ទីលាន​បាល់ទាត់ក្នុង​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​វិញ ក៏​គ្រោង​នឹងធ្វើ​ការផ្លាស់ប្ដូរ​ស្មៅ​ថ្មី​ដែរដើម្បី​ឲ្យ​ស្របតាម​លក្ខខណ្ឌ​ FIFA ​បន្ទាប់ពី​ការស្នើសុំ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​​​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា នេះ​គឺជា​គោលការណ៍​ណែនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​និង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ដែល​ជំរុញ​ឲ្យ​បាន​ដាច់ខាត​នូវ​ស្ដង់ដារ​កីឡា​តែមួយរបស់​អន្ដរជាតិ ដើម្បី​សេចក្ដីថ្លៃថ្នូរ និង​ឲ្យ​ស័ក្ដិសម​កិត្តិយស​ជាតិ ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ៕​អត្ថបទ៖ លី ឈុន​ឡា

Neymar ប្រាប់​អង្គ​ជំនុំ​ជម្រះថា​ ខ្លួន​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ចរចា​ផ្ទេរ​មកកាន់ Barcelona

2022/10/19 04:54:04 pm        143
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​និយាយប្រាប់​អង្គ​ជំនុំ​ជម្រះថា ខ្លួន​មិនបាន​ចូលរួម​ក្នុង​ការចរចា​ជុំវិញការផ្ទេរ​ពី Santos ទៅកាន់ Barcelona កាលពី​ឆ្នាំ២០១៣ នោះឡើយ គ្រាន់តែ​យល់ព្រម​ចុះហត្ថលេខា​ផ្ទេរ និង​ធ្វើតាម​អ្វីដែល​ឪពុក​របស់ខ្លួន​ប្រាប់​។ ​​Neymar រួមជាមួយ​ចុងចោទ ៨នាក់​ផ្សេងទៀត​បានបង្ហាញ​ខ្លួន​នៅ​តុលាការ​អេ​ស្ប៉ា​ញ ​ជុំវិញ​រឿង​ដែល​បាន​ចោទប្រកាន់ថា​ មាន​បញ្ហា​ពុករលួយ​ជុំវិញ​ការផ្ទេរ​កាលពី​ឆ្នាំ២០១៣ នោះ​។ ​Neymar បាន​និយាយថា ផ្ទេរ​មកកាន់ Barcelona កាលពី​ឆ្នាំ២០១៣ គឺជា​ក្តី​ស្រមៃ​របស់ខ្លួន និង​មិន​បានគិត​អ្វី​ទាំងអស់​ក្រៅពី​ធ្វើតាម​ឪពុក​របស់ខ្លួន​។ ​​ក្រុមហ៊ុន​វិនិយោគ​ប្រេ​ស៊ី​ល DIS គឺជា​ម្ចាស់​សិទ្ធិ ៤០ភាគរយ​នៃ​ការផ្ទេរ​របស់ Neymar តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ជាក់ថា ខ្លួន​បាន​បាត់បង់​ផលប្រយោជន៍​ជាច្រើន​ដោយសារតែ​ការផ្ទេរ​មានតម្លៃ​ទាប​ពេក​។ ​​ចុងចោទ​ផ្សេងទៀត​គឺ​ឪពុកម្តាយ​របស់ Neymar ក្លឹប​ទាំងពីរ​អតីត​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell និង​អតីត​ប្រធាន Santos Odilio Rodrigues៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាតា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ AFC Asian Cup 2023 ជំនួស​ចិន

2022/10/18 10:08:45 pm        125
​បាល់ទាត់៖ ​ប្រទេស​កាតា​ត្រូវបាន​ជ្រើសរើស​ជា​ផ្លូវការ ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាស៊ី AFC Asian Cup 2023 ជំ​នួសចិន តែ​កាលបរិច្ឆេទ​ប្រកួត​អាច​នឹងត្រូវ​ផ្លាស់ប្តូរ​។ ​​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ​កាតា​ជា​ម្ចាស់ផ្ទះ AFC Asian Cup 2023 ខាងមុខ ខណៈ​ដែល​បេក្ខភាព​ដែល​ប្រជែង​ ២​ប្រទេស​ផ្សេងទៀត​រួមមានសាធារណរដ្ឋ​កូរ៉េ និង​ឥណ្ឌូនេស៊ី​ត្រូវ​បាន​មើល​រំលង​។ ​កាតា​ដែល​នឹង​ជា​ម្ចាស់ផ្ទះ World Cup 2022 ខែក្រោយ​នេះ ក៏​គ្រោង​នឹង​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រកួត AFC Asian Cup 2023 ដែល​ជា​និច្ចកាល​តែងតែ​រៀបចំ​នៅ​ចន្លោះ​ខែ​មិថុនា​ដល់​ខែកក្កដា មក​ប្រកួត​នៅ​ដើម​ឆ្នាំ​២០២៤ វិញ​ដោយ​សារ​តែ​បញ្ហា​កំដៅ​។​​រំលឹក​ថា ​កាតា​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ Asian Cup ពីរលើក​រួចហើយ​កាលពី​អតីតកាល​គឺ​នៅ​ឆ្នាំ​១៩៨៨ និង ២០១១ ហើយ​កាតា​គឺជា​ជើងឯក​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ​២០១៩ នៅ​ទឹកដី​អារ៉ាប់​រួម​។ ​​កាតា​ក៏​ជា​បេក្ខភាព​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ AFC Asian Cup 2027 ផង​ដែរ​រួមជាមួយ​បេក្ខភាព​ផ្សេង​ទៀត​រួមមាន​អ៊ីរ៉ង់ និង​អ៊ូ​ស​ប៊ែ​គី​ស្ថាន ខណៈ​ការប្រកួត​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​វៀតណាម​ជោគជ័យ​បំផុត Park Hang-seo ប្រកាស​ចាក​ចេញពី​តំណែង​ក្រោយ​ចប់ AFF Championship

2022/10/18 09:45:29 pm        155
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​វៀតណាម​ដែល​ជោគជ័យ​បំផុត​លោក Park Hang-seo បានប្រកាស​ចាក​ចេញពី​តំណែងហើយ​នៅក្រោយ​ចប់​ព្រឹត្តិការណ៍​​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship​។ ​​សមាគម​បាល់ទាត់​វៀតណាម​បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន ពី​ការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ​។ ​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​លើក​ពាន AFF Championship ឆ្នាំ២០១៨ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Asian Cup ២០១៩ និង​ដឹកនាំ​ក្រុម​វៀតណាម​ឡើងដល់​ជុំ​ទី៣ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​តំបន់​អាស៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម​។ ​​លោក Park Hang-seo ដែលជា​គ្រូបង្វឹក​មាន​ប្រជាប្រិយភាព​មួយ​នៅ​វៀតណាម​នោះ ក៏បាន​ដឹកនាំ​វៀតណាម​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម ២លើក​ផងដែរ​ក្នុងការ​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​។​​លោក Park បាន​និយាយថា រយៈពេល ៥ឆ្នាំ​កន្លងមកនេះ ​លោក​បាន​ជួប​អនុស្សាវរីយ៍​ល្អៗ​ច្រើន​រាប់មិនអស់ និង​មានដំណើរ​សប្បាយរីករាយ​ជាច្រើន​ជាមួយ​បាល់ទាត់​វៀតណាម​។ ​​លោក​បាន​បន្តថា ថ្វីបើ​ចាកចេញ លោក​នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ជាមួយ​បាល់ទាត់​វៀតណាម រឺក៏​អនាគត​លោក​អាចមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​សារជាថ្មី​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែធ្នូ​បញ្ចប់​នៅ​ថ្ងៃទី១៦ ខែមករា ​ឆ្នាំ២០២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សំបុត្រ​ចូល​ទស្សនា World Cup លក់បាន​ជិត ៣លាន​សន្លឹក​ហើយ​

2022/10/18 09:24:31 pm        68
​បាល់ទាត់៖ ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ឆ្នាំនេះ​បាន​លក់​ចេញ​ជិត ៣លាន​សន្លឹក​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន FIFA លោក Gianni Infantino​។ ​​ប្រទេស​ចំនួន​បី​ដែល​គេ​ឃើញ​មានការ​ជាវ​សំបុត្រ​ច្រើនជាងគេ​ក្នុងចំណោម ២.៨៩លាន​សន្លឹក​នេះ​រួមមាន​ទី១ ម្ចាស់ផ្ទះ​កាតា, ទី​២ សហរដ្ឋអាមេរិក និង​ទី​៣ អារ៉ាប៊ីសាអ៊ូឌីត​។ ​​លោក Infantino ជាមួយគ្នា​នោះដែរ​ក៏បាន​លើកឡើង​ដែរ​ថា កន្លែង​ស្នាក់នៅ​ចំនួន​ប្រមាណ ២៤ម៉ឺន​កន្លែង​ត្រូវបាន​កក់​ផងដែរ​។ ​​កាតា​ដែលជា​ប្រទេស​តូច​បំផុត​ធ្វើ​ម្ចាស់ផ្ទះ World Cup នោះនឹង​ទទួលភ្ញៀវ​ទេសចរណ៍​ប្រមាណ ១.២លាន​នាក់អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​រយៈពេល ១ខែ​ពេញ​។ ​​ជាមួយគ្នា​នោះដែរ​អ្នកគាំទ្រ​មួយចំនួន ក៏ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ស្នាក់នៅ​ប្រទេស​ក្បែរ​ខាង​អារ៉ាប់​រួម​ផងដែរ ដោយសារតែ​កន្លែង​ស្នាក់នៅ​ពេញ​។​​នាយក​គ្រប់គ្រង​ទូទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​លោក Yasir Al Jamal បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ផងដែរ​ថា បន្ទប់​ស្នាក់នៅ​ចំនួន ២លាន​បន្ទប់​ត្រូវបាន​កក់​រួចរាល់ ហើយ​កាតា​នឹង​បន្ថែម​បន្ទប់​ស្នាក់នៅ​ជាង ៣ម៉ឺន​បន្ទប់​ទៀត​។ ​​បន្ទប់​ស្នាក់​មួយចំនួនធំ​នៅ​ទីក្រុង​ដូ​ហា​ត្រូវបាន​ទុក​សម្រាប់​ក្រុមបាល់ទាត់​ទាំង ៣២ប្រទេស​រួមជា​មួយ​មន្ត្រី​ពាក់ព័ន្ធ​។ ​ជប៉ុន​នឹង​ជា​ក្រុមបាល់ទាត់​ទី១ ដែល​ទៅដល់​ទឹកដី​កាតា​មុនគេ​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រួសរាន់​ឡើង​! ការចុះឈ្មោះ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងនៅ​អង្គរវត្តសល់​ពេល ១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ

2022/10/18 07:30:24 pm        190
​ម៉ារ៉ាតុង៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៧ នៅ​អង្គរវត្ត ខេត្តសៀមរាប គ្រោង​នឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ។ ប៉ុន្ដែ​គណៈកម្មការ​បានបញ្ជាក់​ថា ការចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះនៅសល់​ពេល ១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ពោលគឺ​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខនេះ។​​លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា មកទល់ពេលនេះមាន​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ប្រមាណ​ជាង ៤​ពាន់​នាក់​ហើយដែល​បាន​ចុះឈ្មោះ​រួចរាល់។ ប៉ុន្ដែ​ស្របពេល​ការចុះឈ្មោះ​សល់​រយៈពេល​ខ្លី លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិរួសរាន់​ចុះឈ្មោះ​ឲ្យ​បាន​លឿន ដើម្បី​គណៈកម្មការ​ងាយស្រួល​រៀបចំ​សម្ភារៈ និង​មេដាយ​ជាដើមសម្រាប់​ផ្ដល់ជូន​អ្នកចូលរួម​ទាំងអស់។​ ​ចំពោះ​ការចុះឈ្មោះ ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិអា​ចរក​ចុះឈ្មោះ​បាន សម្រាប់​ទីតាំង​ភ្នំពេញ នៅ​ក្រុមហ៊ុន​ Cambodia Events Organizer ​នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន និង​ខេត្តសៀមរាប នៅ​ក្លិប​ហាត់ប្រាណ​ Angkor Fitness​។​​គួរ​ដឹងថា ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង គឺជា​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធតែង​រៀបចំ​រៀងរាល់ឆ្នាំនា​អំឡុង​ខែធ្នូ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​ផង និង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ផង ពិសេស​ក៏​ផ្សារភ្ជាប់​ជាមួយ​ការស្វែងរក​មូលនិធិ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌​នានា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Neymar និង​ឪពុក​មកដល់​តុលាការ​អេ​ស្ប៉ា​ញ​ស្តាប់​ការ​ជំនុំ​ជម្រះ​បញ្ហា​ផ្ទេរ​មក Barcelona កាលពី​ឆ្នាំ​២០១៣

2022/10/18 07:01:34 pm        92
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល និង PSG, Neymar រួមជាមួយ​នឹង​ឪពុក​របស់ខ្លួន​បាន​ទៅដល់​តុលាការ​អេ​ស្ប៉ា​ញ​ហើយ ​ដើម្បីចាប់ផ្តើម​ជំនុំ​ជម្រះ​រឿងក្តី​នៃ​ការផ្ទេរ​ពី Santos មកកាន់ Barcelona កាលពី​ឆ្នាំ២០១៣​។ ​​ក្រុមហ៊ុន​វិនិ​យោគ​ប្រេ​ស៊ី​ល​មួយ​បាន​ចោទប្រកាន់ Neymar ពីបទ​ក្លែងបន្លំ និង​អំពើពុករលួយ​ទាក់ទង​នឹង​ការផ្ទេរ​របស់គាត់​ទៅ Barcelona ពី Santos ក្នុង​ឆ្នាំ២០១៣​។​ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​បាន​ចាញ់​ការប្តឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ២០១៧ ដែលនាំឱ្យ​ការកាត់ក្តី​ត្រូវបាន​នាំមក​ដោយ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​។​ ​​ចុងចោទ​ផ្សេងទៀត​គឺ​ឪពុកម្តាយ​របស់ Neymar ក្លឹប​ទាំងពីរ​អតីត​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell និង​អតីត​ប្រធាន Santos Odilio Rodrigues។​ DIS ទទួលបាន​ភាគរយ​នៃ​សិទ្ធិ​របស់ Neymar នៅពេល​គាត់​មាន​អាយុ ១៧ឆ្នាំ​ជា​ថ្នូរ​នឹង​លុយ ២លាន​អឺរ៉ូ​។​Barcelona បាន​និយាយ​នៅពេល​ផ្ទេរ Neymar ថា ​តម្លៃ​ផ្ទេរ​គឺ ៥៧.១លាន​អឺរ៉ូ ដែល​ក្នុងនោះ ៤០លាន​អឺរ៉ូ​ត្រូវបាន​ប្រគល់​ទៅឱ្យ​គ្រួសារ​របស់គាត់​។​ ​ក្រុមហ៊ុន​វិនិយោគ​ទទួលបាន​ចំណែក ៤០% នៃ​ប្រាក់​ដែល​នៅសល់​ចំនួន ១៧.១លាន​អឺរ៉ូ​នោះ​សល់​ប៉ុន្មាន​គឺ​បាន​ទៅ​ក្លិប Santos​។ ​ក៏ដូចជា​ការទាមទារ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ DIS ក៏​កំពុង​ស្នើសុំ​ការកាត់ទោស​ដាក់ពន្ធនាគា​រ​សម្រាប់ Rosell និង Bartomeu និង​ពិន័យ​ជា​ប្រាក់ ១៤៩លាន​អឺរ៉ូ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​កម្ពុជា និង​កីឡាការិនី​ថៃ​ឈ្នះ​ជុំ​ទី​៣​ ការប្រកួត​កង់​ភ្នំ​ឆ្នាំ២០២២

2022/10/18 06:37:53 pm        50
ប្រណាំង​កង់​ភ្នំ​៖ ការប្រកួត​កង់​ភ្នំ​ជើងឯក​ជាតិ ២០២២ (WURKZ Mountain Bike Series) ដំណើរការ​ដល់​ជុំ​ទី​បី​ហើយ ដោយ​ដំណើរ​ការប្រកួត​នៅ​ចុង​សប្តាហ៍​កន្លងទៅ​នៅ​បរិវេណ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដោយមាន​កីឡាករ-កីឡាការិនី ៣២០​នាក់​ចូលរួម​ប្រកួត ក្នុងនោះ​មាន​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​កង់​ភ្នំ​ថៃ​ចូលរួម​ផង​ដែរ​។​​ក្រោយ​ដំណើរ​ការប្រកួត​ស្ទើរ​ពេញ​មួយថ្ងៃ​អាទិត្យ វិញ្ញាសា​កម្រិត A ​បុរស កីឡាករ​ជម្រើសជាតិ​កម្ពុជា គីម ម៉េង​ឡុង បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់​បញ្ចប់​ការប្រកួត ​៥​ជុំដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣​នាទី ២៨​វិនាទី​៣ ខណៈ​ដែល​កីឡាករ ឆាប ឆៃ​ហ្វុ​ង បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​២ ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៤​នាទី ៤៣​វិនាទី​៦​។ ចំនែក​កីឡាករ​ជម្រើស​ជាតិ​ថៃ Adisak Tailangkha និង Athiphong Suwannasing ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​រៀង​គ្នា ចាញ់​អ្នកឈ្នះ​ ២​នាទី ​៤៤​វិនាទី និង ​៣​នាទី ​០០​វិនាទី​៥​។ សម្រាប់​កីឡាករ ហួត ឡយ​រស្មី បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៥ និង​លេខ​៦ បាន​ទៅ​កីឡាករ សាង សីហា​។​ ​រីឯ​វិញ្ញាសា​នារី​កម្រិត​ខ្ពស់​ដែល​ប្រកួត ​៤​ជុំ កីឡាការិនី​ជម្រើសជាតិ​ថៃ Jarinya Suebjakthin ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​ប្រើ​ថេរវេលា ១​ម៉ោង ៥​នាទី​២៦​វិនាទី​១ ដោយបាន​យកឈ្នះ​មិត្ត​រួម​ជាតិ Thanaporn Haman ក្នុង​គម្លាត​ថេរវេលា​ ១​នាទី​៤២​វិនាទី​៨​។ ចំនែក​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ខេន ម៉ាឡៃ បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ចាញ់​អ្នកឈ្នះ​៣​នាទី​១៦​វិនាទី​៧ ខណៈដែល​កីឡាការិនី​ថៃ​មួយរូប​ទៀត Natalie PANYAWAN បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ និង​កីឡាការិនី​កម្ពុជា យស កន្និការ ឈរ​នៅ​លេខ​៥ និង​កីឡាការិនី វន ស្រី​នី​ត បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦​។​​ក្រៅពី​វិញ្ញាសា​ធំៗ​ទាំងពីរ​នៅ​នៅមាន​វិញ្ញាសា B1 (​ប្រកួត​៤​ជុំ ចម្ងាយ​១៤​គីឡូម៉ែត្រ​) កីឡាករ​ជម្រើសជាតិ​កម្ពុជា គ្រួច វ៉ា ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២​ បាន​ទៅ​កីឡាករ កែវ សុ​ផា មកពី​ក្លិប​ជិះ​កង់ RVC និង​លេខ​៣ បាន​ទៅ​កីឡាករ ឆាង រ័ត្ន​មុន្នី មកពី​ក្លិប​ជិះ​កង់​ខេត្តសៀមរាប ខណៈ​លេខ​៤ កីឡាករ ភោគ ចំណាប់ និង​លេខ​៥ ​កីឡាករ​មកពី​កំពត យូ​រ៉ា គីម​។​ ​វិញ្ញាសា B2​ ប្រកួត​បី​ជុំ​ចម្ងាយ​ជិត​ ១០​គីឡូម៉ែត្រ កីឡាករ​មកពី​ប្រទេស​ថៃ Surachet Sing jui ជា​អ្នកទទួលបាន​ជ័យជំនះ លេខ​២ ​កីឡាករ Vasco ramsperger មកពី​ក្រុម​ជិះ​កង់​ខេត្តកំពត លេខ​៣ ​កីឡាករ Pierre Yves CATRY មកពី​ក្រុម​កង់​ហោះ លេខ​៤ ​កីឡាករ ហុង ចាន់​មករា មកពី​ក្រុម​ជិះ​កង់​តាខ្មៅ និង​លេខ​៥ កីឡាករ Julius មកពី​ក្រុម​ជិះ​កង់ ICF កម្ពុជា​។​ ​វិញ្ញាសា E-Bikes ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ប៊ុត ឈឿន របស់​ក្រុម​កង់​ហោះ លេខ​២​ កីឡាករ អ៊ូ ស៊ីផា មកពី​ក្រុម​កង់​ហោះ និង​លេខ​៣ កីឡាករ Pascal CATRY ក្រុម​កង់​ហោះ​២​។​វិញ្ញាសា C1 ជ័យជំនះ​បាន​ទៅ​កីឡាករ ពៅ សុភា​ន់ មកពី​ក្រុម​កង់​ហោះ, វិញ្ញាសា C2 ជ័យជំនះ​បាន​ទៅ​កីឡាករ ធី​ម លី​ម៉េង មកពី​ក្រុម​ជិះ​កង់​ខេត្តសៀមរាប, វិ​ញ្ញា​ C3 លេខ​១ ​បាន​ទៅ​កីឡាករ អ៊ី លាង​ម៉េង របស់​ក្រុម​ជិះ​កង់ Sun Bikes, វិញ្ញាសា Master ជ័យជំនះ​បាន​ទៅ​កីឡាករ គីម សម្បត្តិ មកពី​ក្លិប​ជិះ​កង់ Cycle Path Club, វិញ្ញាសា CMG ជ័យជំនះ​បាន​ទៅ​កីឡាករ ស្ម​គ្រ វិស្ណុ, វិញ្ញាសា VIP កីឡាករ ឈួន យ៉េន​របស់​ក្លិប Sun Bikes បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​១ វិញ្ញាសា​នារី ៣​ជុំក្នុង​ចំងាយ​ជាង ​៦​គីឡូ​ម៉ែត្រ កីឡាការិនី ខេន ម៉ាឡៃ ដណ្តើម​ជ័យជំនះ, វិញ្ញាសា C0 ដែលមាន​កីឡាករចូលរួម​ជាង ​៦០​នាក់​លេខ​១ បាន​ទៅ​កីឡាករ ជា សុ​បញ្ញា មកពី​ក្លិប​ជិះ​កង់​រិ​ទ្ធិ​សែន ខេត្តកំពង់ឆ្នាំង, វិញ្ញ​សា​កុមារ K2 ដែលមាន​កុមារ​ជាង ​៣០​នាក់​ចូលរួម​ប្រកួត​លេខ​១ ​បាន​ទៅ​កីឡាករ វន ដា​វីដ និង​វិញ្ញាសា K1 លេខ​១ ​បាន​ទៅ​កុមារា លី សុ​វណ្ណា​រាជ​មកពី​ក្លិប Sun Bike និងលេខ​១ ​កុមារី បាន​ទៅ បញ្ញា អ៊ា​ន មកពី​ក្រុម​ជិះ​កង់សុខសាន្ត​។ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ជុំ​ទី​១ នៃ​កម្មវិធី WURKZ Mountain Bike Series នឹងធ្វើ​នៅ​ព្រែកលៀប​រាជធានី​ភ្នំពេញ ខណៈ​ជុំ​ទី​៥ ដែល​ជុំ​ចុងក្រោយ​នឹងធ្វើ​នៅ​កំឡុង​ខែធ្នូ នៅ​រមណីយដ្ឋាន​គិរីរម្យ ខេត្តកំពង់ស្ពឺ​៕អត្ថបទ៖ គង់ ហួន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM
ប្រធានចារកម្មទួរគី និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាអំពីផែនទីផ្លូវសម្រាប់ដំណាក់កាលទី២នៃផែនការសន្តិភាពហ្កាហ្សា
08/04/2026 07:08 PM
ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត និងប្រធានាធិបតីទួរគី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការវាយប្រហារនៅសមុទ្រក្រហម
08/04/2026 07:08 PM
អាជ្ញាធរ៖ ជនអន្តោប្រវេសន៍ជាង ១៥០នាក់ ត្រូវបានសង្គ្រោះ ក្រោយ​ទូក​មាន​អគ្គិភ័យ​​​ នៅច្រកសមុទ្រអង់គ្លេស
08/04/2026 07:08 PM
អតីតមេបញ្ជាការកំពូលអ៊ុយក្រែនបញ្ជាក់​ថា អ៊ុយក្រែននឹងមិនបាន​ចូលរួមជាមួយណាតូទេ
08/04/2026 07:08 PM
ក្រសួងការបរទេសទួរគីថ្កោលទោសការវាយប្រហារលើនាវាពីរគ្រឿងនៅសមុទ្រខ្មៅ
08/04/2026 07:08 PM
មេដឹកនាំហេសបូឡានិយាយថា លោកមិនមានការជំទាស់ចំពោះការជួបជាមួយអាជ្ញាធរស៊ីរីទេ
08/04/2026 06:08 PM