កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

ព័ត៌មានកីឡា

ឯកឧត្តម នេ​ត សាវឿន ចាត់ទុកពាន​សម្ដេច​តេ​ជោ ជា​ឱកាស​សម្រួច​ជម្រើសជាតិ​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​

2022/10/17 06:45:14 pm        88
​បាល់​ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​បើក​ការប្រកួត​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​បេក្ខភាព​ខ្លាំងៗ​ចំនួន ១១​ក្រុម​ចូលរួម។ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាត់ទុក​ព្រឹត្តិការណ៍​នេះគឺជា​ឱកាស​សម្រួច​ក្រុម​ជម្រើសជាតិ ឆ្ពោះទៅ​សម្រេច​បំណង​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ។​ ​ការលើកឡើង​នេះ ស្របពេល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោនៅ​សាល​ទី​លា​នា​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោកជំទាវ​ Teo Lay Cheng ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរីប្រចាំ​នៅ​កម្ពុជា និង​លោកជំទាវ​ Liurka Rodriguez Barrios ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​គុយបាប្រចាំ​នៅ​កម្ពុជា​ផងដែរ។​ ​អ្វីដែល​ពិសេស​ទៀត​នោះ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក៏មាន​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ផងដែរ ដោយ​លទ្ធផល កម្ពុជាបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​សិង្ហ​បុរីដោយ​លទ្ធផល ២-១​សិតជាមួយ​ពិន្ទុ ២៥-២១, ២២-២៥ និង ២៧-២៥។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​នូវ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏ដូចជា​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​ឯកឧត្តមបានចាត់ទុក​ការរៀប​ចំនេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់សម្រាប់​សហព័ន្ធ ក៏ដូចជា​ក្រុមការងារ​គ្រូ ក្នុងការ​សម្លឹង​រកធ​ន​ធាន​កីឡាករ​ល្អៗ​មក​ពង្រឹង​ក្រុម​ជម្រើសជាតិ​បន្ថែមទៀត។​​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​សន្ដិ​បណ្ឌិតបាន​គូ​បញ្ជាក់ថា ការរៀបចំ​ពាន​ជាច្រើន​នាពេល​កន្លងមក ពិសេស​ការរៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​ចម្រាញ់​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី ដែលមាន​សមត្ថភាព និង​ទេពកោសល្យ ដើម្បី​ឈានទៅ​សម្រេច​បំណង​ដណ្ដើម​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ពានរង្វាន់​សម្ដេច​តេ​ជោ​នេះនឹង​ប្រើពេល​កន្លះ​ខែចាប់ពី​ថ្ងៃទី​១៥-៣០ ខែតុលា ដោយមាន​បេក្ខភាព ១១​ក្រុម​ចូលរួម ហើយ​ចែកចេញជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​ជម្រុះ​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ​បន្ដបន្ទាប់។ សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី ក្រុម​ជើងឯកនឹង​ទទួលបាន​ពាន ១ អម​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​, ​លេខ​២ ទទួលបាន ៥​ពាន់​ដុល្លារ​, ​លេខ​៣ ទទួលបាន ៣​ពាន់​ដុល្លារ និង​លេខ​៤ ទទួលបាន ២​ពាន់​ដុល្លារ។​​ដំណាលគ្នា​នឹង​ពិធី​បើក​ការប្រកួត​នេះ ក៏មាន​ក្រុម​មួយចំនួនបានចាប់ផ្ដើម​ការប្រកួត​សន្សំ​ពិន្ទុតាម​ពូ​ល​រៀងៗ​ខ្លួន​ផងដែរ ជាក់​ស្ដែក​នៅ​ថ្ងៃ​បើកឆាក ក្រុម​បញ្ជាការដ្ឋាន​អង្គរក្សបាន​វាយបក​យកឈ្នះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល ៣-១​សិតសម្រាប់​ការប្រកួតមុនគេ​នៃ​ពូ​ល​ B​។ រីឯ​នៅ​ថ្ងៃទី​១៦ ខែតុលា​ម្សិលមិញ បើកឆាក​ពូ​ល​ A ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ ៣-០​សិត ខណៈ​ក្រុម​កងពលធំ​អន្ដរាគមន៍​លេខ​៣ បាន​យកឈ្នះ​ក្រុម​កូន​នាគ​ឧត្ដរដោយ​លទ្ធផល ៣-០​សិត​ដូចគ្នាក្នុង​ពូ​ល​ C៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool បញ្ចប់​ពាក្យ​មិនដែល​ចាញ់​ក្នុង​លី​គ​រដូវ​កាល​នេះ​របស់ Manchester City

2022/10/17 06:16:16 pm        87
​បាល់ទាត់៖ ​គ្មាន​ឡើយ​ក្រុម​ដែល​លេង​មិន​ចាញ់​រដូវ​កាល​នេះ​ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម Liverpool យកឈ្នះ Manchester City ១-០ នៅ​កីឡដ្ឋាន Anfield​។ ​​Manchester City ជា​ក្រុម​តែមួយគត់​ដែល​លេង​មិនទាន់​ចាញ់​ក្នុង​រដូវ​កាល​នេះ តែ​អ្វីៗ​ត្រូវបាន​បញ្ចប់​ត្រឹម​នាទី​ទី៧៦ ដោយ​មួយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Mohamed Salah ដែល​ស៊ុត​មួយ​ទល់នឹង​មួយ​ជាមួយ​អ្នកចាំទី Ederson របស់ Manchester City ក្រោយ​ទទួល​បាល់​បញ្ជូន​វាយបក​របស់​អ្នកចាំទី Liverpool, Alisson Becker​។ ​​ថ្វីបើ​ចាញ់ Manchester City ជា​ក្រុម​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​តាមរយៈ​ការគ្រប់គ្រង​បាល់ ៦៣% ទល់នឹង ៣៧% ឱកាស​ស៊ុត ១៦-១៣ ចំ​គោលដៅ ៦លើក​តែ​មិន​សំរេច​ទី តែ Liverpool ឱកាស​ស៊ុត ១៣លើក​ចំ​គោលដៅ ២លើក​សម្រេច​ទី ១គ្រាប់​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ Liverpool ឡើង​ពី​លេខ ១០ មក​លេខ ៨ ក្នុង​តារាង​មាន ១៣ពិន្ទុ​ខណៈ Manchester City បន្ត​ឈរ​លេខ ២ មាន ២៣ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ៤ពិន្ទុ​។ ​​Arsenal បាន​យកឈ្នះ​នៅ​ទឹកដី Leeds United ១-០ ដោយ​គ្រាប់​បាល់​របស់ Bukayo Saka ខណៈ​ការប្រកួត​ត្រូវបាន​ផ្អាក​នៅពេល​លេង​មិនទាន់បាន ១នាទី​ផង កីឡដ្ឋាន Elland Road របស់ Leeds ក៏​ដាច់​ចរន្ត​អគ្គីសនី​។​​យ៉ាងណាក្តី​គ្រាប់​របស់ Bukayo Saka តាំងពី​នាទី​ទី៣៥ គឺជា​គ្រាប់​ជ័យជំនះ​របស់ Arsenal បើទោះបី Leeds មានឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​វគ្គ​ទី២ តែ​ខ្សែប្រយុទ្ធ​អង់គ្លេស Patrick Bamford ធ្វើ​មិនបាន​សំរេច​។ ​ចំណែក​ក្រុម​បិសាច​ក្រហម Manchester United និង Newcastle បញ្ចប់​ទៅដោយ​គ្មាន​ក្រុម​ស៊ុត​បញ្ចូល​ទី​នៅ Old Trafford៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅសល់ ២០០​ថ្ងៃ ខណៈ​កីឡា ៣៨​ប្រភេទ​ត្រូវ​បាន​អនុម័ត​ដាក់​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ​

2022/10/17 05:58:01 pm        821
​ស៊ី​ហ្គេម​៖ គិត​ត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នេះ កម្ពុជា​នៅសល់ ២០០​ថ្ងៃ​គត់សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របពេល​កីឡា ៣៨​ប្រភេទលើ ៦០៨​វិញ្ញាសាត្រូវបាន​អនុម័ត​រួចរាល់ ដាក់​ក្នុង​កម្មវិធី​ប្រកួត​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បានចាត់ទុក​ថ្ងៃនេះគឺជា​ថ្ងៃ​ប្រវត្តិសាស្ដ្រ​មួយនៃ​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដ្បិត​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានសម្រេច​ការងារ​សំខាន់ៗ​ជាច្រើន ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកាស​វឌ្ឍនភាព​ការងារ​របស់​ CAMSOC ​និង​ការប្រកាស​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ២០០​ថ្ងៃត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ដោយឡែក​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍បានអនុម័ត​រួចរាល់លើ​ប្រភេទ​កីឡា និង​វិញ្ញាសាសម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា​ហើយគឺមាន​កីឡា​ចំនួន ៣៨​ប្រភេទ និង​ញ្ញា​សា​ចំនួន ៦០៨​វិញ្ញាសា។រីឯ​ប្រភេទ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ក៏បាន​អនុម័ត​រួចរាល់​ដែរមាន​ចំនួន ១៣​ប្រភេទ​កីឡា តែ​មិនទាន់​សម្រេច​លើ​វិញ្ញាសា​ប្រកួត​នោះទេ។​ ​ក្នុងឱកាស​សល់ ២០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋបន្ដ​រួម​សហការគ្នាក្នុងការ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ស្វាគមន៍​ប្រតិភូ​កីឡា ក៏ដូចជា​ភ្ញៀវទេសចរ​អន្ដរជាតិ​រាប់ម៉ឺន​នាក់ដែល​នឹង​មក​ទស្សនា​កម្សាន្ដ ក៏ដូចជា​អបរ​សាទរ​កម្ពុជាក្នុង​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​ហ្គេមឆ្នាំ​២០២៣ ដូចជា​រៀបចំ​តុបតែងក្នុង​ការជំរុញ​បរិស្ថាន​ស្អាត និង​បៃតង​ជាដើម។​ ​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះគឺ​នៅសល់ ២០០​ថ្ងៃ​គត់។ បន្ទាប់មក​កម្ពុជានឹង​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។​ចំពោះ ៣៨​ប្រភេទ​កីឡាដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួមមាន​៖ ១. អត្តពលកម្ម (Track&Field ​និង ម៉ា​រ៉ា​តុង​), ២. កីឡា​លើទឹក (​ហែល​ទឹក​, ​លោតទឹក​, ​បាល់​ទឹក និង​ហែល​ទឹក​ជើង​ទា​), ៣. វាយ​សី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. កាយ​វប្បកម្ម, ៨. អុក (​អុកចត្រង្គ និង​អុក​ចិន​), ៩. ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​), ១០. គ្រី​ឃី​ត (T20/Sixes ​និង​ T50/T20), ១១. កីឡា​រាំ, ១២. កីឡា​អេឡិចត្រូនិក, ១៣. គុន​ដាវ, ១៤. Floorball, ១៥. បាល់ទាត់ (​បុរស​-​នារី​), ១៦. វាយ​កូន​គោល, ១៧. កាយសម្ព័ន្ធ (Aerobic ​និង​ Artistic)​, ១៨. ហុក​គី (​រួមបញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​), ១៩. ម៉ូតូ​ទឹក, ២០. យូ​ដូ, ២១. កា​រ៉ា​តេ, ២២. យុទ្ធ​គុន​ចម្រុះ (​គុន​ល្បុក្កតោ​, Arnis ​គុនដំបង​របស់​ហ្វីលីពីន​, ​ជឺ​ជី​តស៊ូ​, ​ឃី​ក​បុក​សី​ង​, ​វ៉ូ​វី​ណា​ម​, ​គុន​ខ្មែរ​), ២៣. កីឡា​ឧបសគ្គ, ២៤. បញ្ច​សីលា, ២៥. ប៉េតង់, ២៦. ទូកក្ដោង, ២៧. សីដក់, ២៨. សូ​ហ្វ​តេ​ន្នី​ស, ២៩. វាយ​កូនឃ្លី​លើ​តុ, ៣០. តេ​ក្វាន់​ដូ​ WT, ៣១. វាយ​កូន​បាល់, ៣២. ​ប្រណាំងទូក​ប្រពៃណី, ៣៣. ទ្រី​យ៉ា​ត្លុង (​រួមទាំង អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​), ៣៤. បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​), ៣៥. លើក​ទម្ងន់, ៣៦. ចំបាប់, ៣៧. វ៉ូ​ស៊ូ និង​៣៨ គឺជា​កីឡា​សម្ដែង (Demonstration Sport) ​ដែលមាន​ជា​លើកដំបូង​នោះ​គឺ​កីឡា​ Teqball៕​អត្ថបទ៖ លី ឈុន​ឡា

ប្រមុខ​សហព័ន្ធ​កីឡា​ប៉េតង់ទទូច​កុំ​ឲ្យ​មានការ​រើសអើងរវាង​អ្នកឈ្នះ និង​អ្នក​ពុំ​ទទួលបាន​ជ័យលាភី

2022/10/17 05:38:35 pm        148
​ប៉េតង់៖ ឯកឧត្តម សុខ សូ​កាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អំពាវនាវ​ដាច់ខាត​កុំ​ឲ្យ​មានការ​រើស​អើ​សរវាង​កីឡាករ​-​កីឡាការិនី​ជ័យលាភី និង​អ្នក​ពុំ​ទទួលបាន​ជ័យលាភី ផ្ទុយទៅវិញត្រូវ​លើកទឹកចិត្ត និង​បន្ដ​ការខិតខំ​ប្រឹងប្រែង ដើម្បី​មានឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ការប្រកួត​បន្ដបន្ទាប់​កាន់តែ​ប្រសើរ ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​ ​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុងការ​ប្រកួត​កីឡា​ប៉ូល និង​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១២៤​នាក់មកពី ១៧​សមាគម​/​ក្លិប​ទូទាំងប្រទេស បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជម្រុះ​តាម​តំបន់​ចំនួន ៥ និង​ស្ថាប័ន​ចំនួន ៤ កាលពី​ថ្មីៗ។​ ​ប្រមុខ​សហព័ន្ធ​ដដែលបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រកួត​នេះ ដែល​ប្រជុំ​ដោយ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ប្រចាំ​តំបន់ និង​ស្ថាប័ន​មក​ចូលរួម​ប្រកួត ដែលជា​ឱកាស​សម្រាប់​សហព័ន្ធ​ក្នុងការ​សម្លឹងមើល​ធន​ធាន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗដើម្បី​យកមក​បណ្ដុះបណ្ដាល និង​ស្នង​តំណែង​រាមច្បង ក៏ដូចជា​ត្រៀម​ចូលរួម​ការប្រកួត​ជាតិ និង​អន្ដរជាតិ​នានានៅ​ថ្ងៃ​អនាគត ពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ឆ្លៀតឱកាស​នោះឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការប្រកួត​កីឡា​តែងមាន​ឈ្នះ និង​ចាញ់ ហេតុ​នេះ​ត្រូវ​ចៀសវាង​ឲ្យ​ផុត​នូវ​ការរើសអើងចំពោះ​អ្នកទទួលបាន​ជ័យលាភី ឬ​ពុំ​ទទួលបាន​ជ័យលាភី ដែល​ផ្ទុយ​ពី​ស្មារតី​កីឡា។ ផ្ទុយទៅវិញត្រូវ​ផ្ដល់នូវ​ការ​សាទរ និង​លើកទឹកចិត្ត ចំពោះ​អ្នក​ដណ្ដើមបាន​ជ័យលាភី ដែលមាន​សមត្ថភាព​ខ្ពស់ប្រក​​ប​ដោយ​ស្មារតី​សាមគ្គីភាព ក្នុងនាម​មហា​គ្រួសារ​កីឡា​ប៉េតង់​តែមួយ។ រីឯ​អ្នក​ពុំ​ទទួលបាន​ជ័យលាភីក៏ត្រូវ​បន្ដ​ការ​ខំប្រឹង ដើម្បី​ត្រៀម​ការប្រកួតប្រជែង​ជា​បន្ដបន្ទាប់​ទៀត។​ ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ២​ថ្ងៃដែល​ធ្វើការ​ប្រកួត​លើ ៥​វិញ្ញាសា ជា​លទ្ធផល​សម្ព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេមាន​មេដាយមាស ២ និង​ប្រាក់ ១ ខណៈ​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ។ រីឯ​ទីស្ដីការគណៈរដ្ឋមន្ដ្រីឈរ​លេខ​៣ ដណ្ដើមបាន​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​សម្ព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​សម្ដេច​វិបុល​បញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបាន​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​ចំណាត់ថ្នាក់​លេខ​៤៕​អត្ថបទ៖ លី ឈុន​ឡា​

គ្រាប់​បាល់ ''Hand of God'' របស់ Maradona ដាក់​ដេញថ្លៃ​អាច​មាន​តម្លៃ​ដល់ ៣លាន​ផោន​

2022/10/14 10:25:59 pm        179
​បាល់ទាត់៖ គ្រាប់​បាល់​ដែល​ប្រើប្រាស់​ក្នុងការ​ប្រកួត​របស់ Diego Maradona ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ដ៏​ល្បី​រន្ទឺ​ពេញ​ពិភពលោកនឹងត្រូវ​ដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ចន្លោះ​ពី ២.៥ ទៅ ៣លាន​ផោន​។ ​គ្រាប់​បាល់​នេះ​ត្រូវបាន​ប្រើប្រាស់​អំឡុង​ព្រឹត្តិការណ៍ World Cup ១៩៨៦ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​រវាង​អង់គ្លេស និងអា​ហ្ស​ង់​ទីន​។ ​​បច្ចុប្បន្ន​គ្រាប់​បាល់​នេះ​ជា​កម្ម​សិទ្ធ​របស់លោក Ali Bin Nasser ជា​អាជ្ញាកណ្តាល​ទុយ​នេ​ស៊ី​ដែល​អនុញ្ញាតឱ្យ​គ្រាប់​របស់ Diego Maradona ដែល​ប្រើ​ដៃ​វាយ​បញ្ចូល​ទី​រឺ​ហៅថា “Hand of God”​។ ​បាល់​នេះ​ត្រូវបាន​ប្រើប្រាស់​ពេញ ៩០​នាទី​នៃ​ការប្រកួត​នោះ ដែលជា​ការប្រកួត​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ​ក្រៅពី​គ្រាប់​បាល់ “Hand of God” នោះ គ្រាប់​ទី​ពីរ​របស់ Maradona ក៏​ជា​គ្រាប់​ដែល​គេ​ចង់ចាំ​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ​ដោយ Maradona បណ្តើរ​បាល់​ដាច់​កីឡាករ​អង់គ្លេស ៥នាក់ និង​អ្នកចាំទី​ស៊ុត​បញ្ចូល​ទី​បានសម្រេច​។​​ឆ្នាំ​នោះដែរ​អា​ហ្ស​ង់​ទីន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​យកឈ្នះ​ម៉ិ​ក​ស៊ិ​កលើ​កពាន World Cup នៅ​ពេល​នោះ​។ ​សូម​បញ្ជាក់​ថា ​សម្ភារៈ​ជាប់​ខ្លួន​របស់ Diego Maradona ផ្សេងទៀត​ក៏​ធ្លាប់​បំបែក​កំណត់​ត្រា​ដាក់​ដេញថ្លៃ​បាន​តម្លៃ​ខ្ពស់បំផុត​ដែរ​ដែល​រួមមាន​អាវ​អា​ហ្ស​ង់​ទីន​នៅ World Cup ១៩៨៦ នោះបាន​លក់​ចេញ​កាលពី​ខែឧសភា​ក្នុងតម្លៃ ៧.៤លាន​ផោន​ដែលជា​កំណត់ត្រា​ពិភពលោក​។ ​កាលពី​ខែ​កញ្ញា​អាវ​របស់​តារា​បាល់បោះ​អាមេរិក Michael Jordan ដែល​ពាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ NBA ឆ្នាំ​១៩៩៨ នោះ​ក៏​ត្រូវបាន​ដេញថ្លៃ​លក់​ចេញ​ក្នុងតម្លៃ ៨.៧​លាន​ផោន​ជា​កំណត់ត្រា​ថ្មី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

Manchester United ឈ្នះ Omonia Nicosia ទាំង​តឹងទ្រូង​ ខណៈ Arsenal ឈ្នះ​នៅផ្ទះ Bodo/Glimt

2022/10/14 10:00:25 pm        90
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United យកបាន​ ៣ពិន្ទុ​ពី​ការប្រកួត​ទល់នឹង​ក្រុម​មកពី​កោះ​ស៊ី​ប Omonia Nicosia ក្នុង​ជ័យជំនះ ១-០ នៅ Old Trafford នៃ​ក្របខណ្ឌ UEFA Europa League​។ ​​ជាការ​ប្រកួត​ដ៏​តឹងទ្រូង​មួយ​សម្រាប់​ក្រុម​របស់លោក Erik ten Hag ដែលមាន​ភាព​រយ​គ្រប់គ្រង​បាល់​ដល់​ទៅ ៧៨% ទល់ ២២% ​លើ Omonia Nicosia ហើយ​មានឱកាស​ស៊ុត​ដល់​ទៅ ៣៤ជើង​ចំ​គោល ១៣ជើង​។ ​​អ្នកចាំទី​នី​ហ្សេ​រី​យ៉ា​របស់ Omonia Nicosia, Francis Uzoho គឺជា​តួអង្គ​សំខាន់​ដែល​បាន​បញ្ឈប់​គ្រាប់​បាល់​ស៊ុត​របស់ Manchester United ដល់​ទៅ ១២លើក​ដែលមាន​រួមមាន​ឱកាស​របស់ Cristiano Ronaldo, Marcus Rashford, Fred និង Bruno Fernandez ជាដើម​។ ​​យ៉ាងណាក្តី Scott McTominay ដែល​ត្រូវ​ប្តូរ​ចូល​នៅ ១០​នាទីចុងក្រោយ​គឺជា​អ្នក​បំប៉ោង​សំណាញ់​បានសម្រេច​នៅ​នាទី​ទី៩០+៣ ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag ទទួលបាន​ ៣​ពិន្ទុ​បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល E មាន ៩ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ១ ក្នុង​ពូ​ល Real Sociedad ដែល​យកឈ្នះ Sheriff Tiraspol ៣-០ យប់មិញ​។​​ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal ក៏​រកបាន​បី​ពិន្ទុ​ដែរ​ពី​ការប្រកួត​នៅ​ទឹកដី Bodo/Glimt ១-០​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់ Arsenal សម្រេចបាន​ដោយ Bukayo Saka នៅ​នាទី​ទី២៤ ដើម្បី​បញ្ចប់​ដំណើរ​មិន​ចាញ់ ១៤ប្រកួត​ជាប់​គ្នា​នៅក្នុង​ទឹកដី​របស់ Bodo/Glimt នៅ​អឺរ៉ុប​។ ​​បី​ពិន្ទុ​នេះ Arsenal បន្ត​ឈរ​លេខ១ ក្នុង​ពូ​ល​មាន ៩ពិន្ទុ​តាម​ពីក្រោយ​ដោយ PSV មាន ៧ពិន្ទុ​ដែល​យកឈ្នះ FC Zurich ៥-០ យប់មិញ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ដឹកនាំ River Plate ជាង ៨ឆ្នាំ​លោក Marcelo Gallardo ប្រកាស​ចាកចេញ​នៅ​ខែធ្នូ​

2022/10/14 09:38:00 pm        77
​បាល់ទាត់៖ ​លោក Marcelo Gallardo ដែលជា​គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​អា​ហ្ស​ង់​ទីន River Plate បានប្រកាស​ចាក​ចេញពី​ក្លិប​ហើយ​នៅពេល​កិច្ចសន្យា​អស់​សុពលភាព​នៅ​ខែធ្នូ​ខាងមុខ ក្រោយ​ចំណាយពេល​ជាង ៨ឆ្នាំ​ជា​គ្រូបង្វឹក​។ ​​Marcelo Gallardo ដែលជា​គ្រូបង្វឹក​ជោគជ័យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្លិប​ River Plate បានសម្រេច​ចិត្ត​បែបនេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​កាលពី​ថ្ងៃ​ពុធ​។ ​​លោក Marcelo Gallardo បានមក​ដល់ River Plate កាលពី​ឆ្នាំ២០១៤ និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​សរុប ១៤ ជាមួយ​ក្លិប​អា​ហ្ស​ង់​ទីន​មួយ​នេះ​ដែល​ក្នុងនោះ​មានពាន​អន្តរជាតិ​ចំនួន ៧ពាន​ក្នុងស្រុក ៦ និង​ជើងឯក​លី​គ​កំពូលអា​ហ្ស​ង់​ទីន​មួយ​លើក​នៅ​ឆ្នាំមុន​។​​ក្នុងចំណោម​នោះ River Plate បាន​យកឈ្នះ​គូប្រជែង​ក្នុង​ប្រវត្តិសាស្ត្រ Boca Junior ដើម្បី​លើក​ពាន Copa Sudamericana ឆ្នាំ២០១៤ និង Copa Libertadores ៣លើក​នៅ​ឆ្នាំ២០១៥ ២០១៨ និង ២០១៩​។ ​​Marcelo Gallardo នឹង​ដឹកនាំ River Plate ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​កីឡដ្ឋាន Estadio Monumental ទល់នឹង Rosaio Central នៅ​ថ្ងៃអាទិត្យ​នេះ មុននឹង​ប្រកួត​បិទ​រដូវ​កាល​នៅ​សប្តាហ៍​ក្រោយ​នៅផ្ទះ Racing Club​។ ​​River Plate កំពុង​ឈរ​លេខ២ ក្នុង​តារាង​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Boca Junior ៤ ខណៈដែល Boca Junior នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Putin ជូនពរ​ម្ចាស់ផ្ទះ​កាតា​ឱ្យ​ជោគជ័យ​ក្នុងការ​រៀបចំ World Cup ឆ្នាំនេះ​

2022/10/14 07:29:54 pm        72
​បាល់ទាត់៖ ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជូនពរ​ដល់​ម្ចាស់ផ្ទះ​កាតា​ឱ្យ​ទទួលបាន​ជោគជ័យ ​ក្នុងការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំនេះ​។ ​​ភាគី​ទាំង​ពីរបាន​ចែករំលែក​បទពិសោធ​គ្នា ជាពិសេស​រុស្ស៊ី​ដែលជា​ម្ចាស់ផ្ទះ World Cup 2018 កន្លងទៅ ស្រប​ពេលដែល​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al Thani ក៏បាន​អរគុណ​ដល់​លោក Putin ផងដែរ​ក្នុង​ការជួយជ្រោមជ្រែង​កាតា និង​ចែករំលែក​បទពិសោធ​។ ​​រុស្ស៊ី​ដែល​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ២០១៨ នោះមិនមាន​មុខ​នៅ World Cup ឆ្នាំ​នេះឡើយ​ក្រោយ​ការដក​សិទ្ធិ​ពី FIFA តាមរយៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​​យ៉ាងណាក្តីប្រភពព័ត៌មាន​ជិតស្និត​បាន​ប្រាប់​សារ​ព៏​ត៌មាន AP ថា ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​រំសាយ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​កាតា ដែល​បាន​កើនឡើង​កំដៅ​ បន្ទាប់ពី​ទីក្រុង​ដូ​ហា​បាន​សម្តែង​ការគាំទ្រ​ ចំពោះ​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និង​ការចូលរួម​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​កាតា​ នៅក្នុង​កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​ណា​តូ​ក្នុងប្រទេស​អាល្លឺម៉ង់​។​ ​ប្រភព​បាន​បន្ត​ថា កាតា​ត្រូវការ​ការគាំទ្រ​ពី​រុស្ស៊ី​ក្នុង​បញ្ហា​តំបន់​ផ្សេងៗ រួមទាំង​ការសម្រុះសម្រួល​របស់ខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី និង​អ៊ីរ៉ង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Angel Di Maria នឹង​អវត្តមាន​ដល់​ខែ​វិច្ឆិកា​ដោយសារ​របួស​សរសៃ​ពួរ

2022/10/14 06:50:14 pm        191
​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​អា​ហ្ស​ង់​ទីន Angel Di Maria នឹងត្រូវ​អវត្តមាន​យ៉ាងហោចណាស់​ដល់​ខែវិច្ឆិកា បន្ទាប់ពី​ក្លិប​សេះបង្កង់ Juventus បានបញ្ជាក់​ថា​ គេ​មាន​របួស​ស​រសៃ​ពួរ​កម្រិត​ស្រាល​។ ​​Di Maria បានទទួល​រងរបួស​នេះ​ក្នុង​បរាជ័យ​របស់ Juventus នៅ​ទឹកដី Maccabi Haifa ២-០ កាលពី​យប់​ថ្ងៃ​អង្គារ​ក្របខណ្ឌ UEFA Champions League ខណៈដែល​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បានទទួល​ការពិនិត្យ​លំអិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​Di Maria ត្រូវបាន​គេ​រំពឹងថា ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​។ ​អា​ហ្ស​ង់​ទីន​ស្ថិតនៅក្នុង​ពូ​ល C ដោយ​ចាប់ផ្តើម​ប្រកួត​ដំបូង​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា មុន​ជួប​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Neymar ប្រឈម​ជាប់ពន្ធនាគារ ៥ឆ្នាំ​រឿង​ផ្ទេរ​ពី Santos មក Barcelona កាលពី​ឆ្នាំ​២០១៣

2022/10/14 06:16:43 pm        105
​បាល់ទាត់៖ ក្រុមហ៊ុន​វិនិយោគ​ប្រេ​ស៊ី​ល​មួយ​បាន​អំពាវនាវ​ឱ្យ Neymar ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ ​នៅពេលដែល​ការកាត់ទោស​ត្រូវធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​ពីបទ​ក្លែងបន្លំ និង​អំពើពុករលួយ​ទាក់ទង​នឹង​ការផ្ទេរ​របស់គាត់​ទៅ Barcelona ពី Santos ក្នុង​ឆ្នាំ២០១៣​។​ Neymar វ័យ ៣០ឆ្នាំ​បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​បាន​ចាញ់​ការប្តឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ២០១៧ ដែលនាំឱ្យ​ការកាត់ក្តី​ត្រូវបាន​នាំមក​ដោយ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​។​ ​តុលាការ​បាន​និយាយថា កីឡាករ​របស់​ក្លឹប PSG រូបនេះ​នឹងត្រូវ​បង្ហាញខ្លួន​ដោយផ្ទាល់​សម្រាប់​ថ្ងៃ​ដំបូង​នៅ​ទីក្រុង Barcelona នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា​តើ Neymar នឹង​ត្រូវ​បាន​ស្នើ​សុំឱ្យ​ស្នាក់នៅ​សម្រាប់​សវនាការ​ទាំងមូល ​ដែល​អាចមាន​រយៈពេល​ពី​រ​សប្តាហ៍​។​ ​ចុងចោទ​ផ្សេងទៀត​គឺ​ឪពុកម្តាយ​របស់ Neymar ក្លឹប​ទាំងពីរ​អតីត​ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell និង​អតីត​ប្រធាន Santos Odilio Rodrigues។​DIS ទទួលបាន​ភាគរយ​នៃ​សិទ្ធិ​របស់ Neymar នៅពេល​គាត់​មាន​អាយុ ១៧ឆ្នាំ​ជា​ថ្នូរ​នឹង​លុយ ២លាន​អឺរ៉ូ​។​ Barcelona បាន​និយាយ​នៅពេល​ផ្ទេរ Neymar ថា​ តម្លៃ​ផ្ទេរ​គឺ ៥៧,១លាន​អឺរ៉ូ ដែល​ក្នុងនោះ ៤០លាន​អឺរ៉ូ​ត្រូវបាន​ប្រគល់​ទៅឱ្យ​គ្រួសារ​របស់គាត់​។​ ​ក្រុមហ៊ុន​វិនិយោគ​ទទួលបាន​ចំណែក ៤០% នៃ​ប្រាក់​ដែល​នៅសល់​ចំនួន ១៧.១លាន​អឺរ៉ូ​នោះ​សល់​ប៉ុន្មាន​គឺ​បាន​ទៅ​ក្លិប Santos​។ ​ក៏ដូចជា​ការទាមទារ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ DIS ក៏​កំពុង​ស្នើសុំ​ការកាត់ទោស​ដាក់ពន្ធនាគា​រ​សម្រាប់ Rosell និង Bartomeu និង​ពិន័យ​ជា​ប្រាក់ ១៤៩លាន​អឺរ៉ូ​ផងដែរ​។​ ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​ចង់​បានការ​ជាប់ពន្ធ​នាគារ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់ Neymar និង​ការបង់ប្រាក់​ពិន័យ​ចំនួន ១០លាន​អឺរ៉ូ និង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ៥ឆ្នាំ​សម្រាប់ Rosell បូករួម​ទាំង​ការពិន័យ​ចំនួន ៨.៤លាន​អឺរ៉ូ​សម្រាប់​ក្រុម Barcelona៕អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM