Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

Haaland ក្លាយជា​កីឡា​ករទី១ ក្នុង​ប្រវត្តិសាស្ត្រ Premier League ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​ ៣​ប្រកួត​ជាប់​គ្នា​ក្នុង​ដី

2022/10/03 05:46:38 pm        118
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ជាថ្មី​ម្តងទៀត​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្របខណ្ឌ​​អង់គ្លេស Premier League គឺជា​កីឡា​ករទី១ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស៊ុត​បញ្ចូល​ទី ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) បី​ប្រកួត​ជាប់​គ្នា​នៅក្នុង​ដី​។ ​​បី​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប Manchester Derby ម្សិលមិញ បូក​នឹង​បី​គ្រាប់​ម្នាក់ឯង​របស់​កីឡាករ​អង់គ្លេស Phil Foden ធ្វើឱ្យ Manchester City យកឈ្នះ Manchester United ៦-៣​។ ​​បី​គ្រាប់​របស់ Manchester United ធ្វើបាន​ដោយ Antony និង​ពីរ​គ្រាប់​របស់ Anthony Martial ដែល​ដូរ​ចូល​នៅ​វគ្គ​ទី២​។ ​​គិត​មកដល់ពេលនេះ Haaland ស៊ុត​បញ្ចូល​ទី​បាន ១៧គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ១១ប្រកួត​ពោលគឺ​គិត​ជា​មធ្យមភាគ ៥៤នាទី ១មួយ​គ្រាប់​តាំងពី​ផ្លាស់​ពី Borussia Dortmund​។ ​​លោក Pep Guardiola បាន​ពណ៌​នាពី Haaland ថា ​លោក​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Haaland តែ​វា​ជាការ​ពិត ហើយ​ធ្លាប់​កើតឡើង​តាំងពី​ពេល​នៅ​ន័​រវេ​ស អូទ្រីស និង​អាល្លឺម៉ង់​។មួយទៀត​លោក​ក៏​សូម​សរសើរ​កូនក្រុម​ទាំងអស់​ ដែល​រួមចំណែក​សំខាន់​ក្នុងការ​បញ្ជូន​ឱ្យ Haaland មាន​គ្រាប់​បាល់​ផងដែរ​។ ​​ជុំវិញ​ការចូល​លេង​រាល់​ការប្រកួត​លោក Pep និយាយថា Man City មានសំណាង​ដែល Haaland មាន​អ្វី​គ្រប់យ៉ាង​នៅពេលនេះ មិន​ដូច​ពេល​នៅ Dortmund ដែល​មានការ​ញាំញី​ដោយសារ​របួស តែ​ច្បាស់​ណាស់​ថា Haaland មានលទ្ធភាព​អាចគ្រប់ ៩០នាទី​រាល់​ការប្រកួត​ទាំងអស់​។ ​​សូមបញ្ជាក់ថា ​ជ័យជំនះ​ធ្វើឱ្យ Manchester City បន្ត​ឈរ​លេខ២ ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ដែល​ឈ្នះ Spurs ៣-១ កាលពី​ថ្ងៃ​សៅរ៍ ១ពិន្ទុ​ដដែល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពេជ្រ សម្បត្តិ​ ប្រើ​ពេល​ត្រឹម​មួយ​ទឹក​យកឈ្នះ ​ធន់ ផានិត ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨

2022/10/03 05:30:44 pm        192
​គុនខ្មែរ៖ ​កំពូល​កីឡាករ​គុន​ខ្មែរ​រហ័ស​នាម​ក្របីព្រៃ ពេជ្រ សម្បត្តិ ​បានធ្វើឱ្យ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​កក្រើក​ម្តងទៀត ក្រោយ​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ ​ធន់ ផានិត ​ត្រឹម​ទឹក​ទី១ ដើម្បី​ឡើង​វគ្គផ្តាច់ព្រ័ត្រ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨​។ ​​ជាការ​ប្រកួត​ដែល​អ្នកគាំទ្រ​គុន​ខ្មែរ​គ្រប់ទិសទី​ទន្ទឹងរង់ចាំ​ចង់ដឹងថា កីឡាករ​ទាំងពីរ​ ពេជ្រ សម្បត្តិ និង​ធន់ ផានិត ដែល​សុទ្ធតែជា​កីឡាករ​ក្នុង​ចិត្ត​របស់​អ្នកគាំទ្រ​ទាំងអស់ តែ​ការប្រកួត​បាន​ត្រឹម​មួយ​ទឹក​ប៉ុណ្ណោះ បន្ទាប់ពី​កូនសិស្ស​លោកគ្រូ ពេជ្រ សុផាន់​ កីឡាករ​ពេជ្រ សម្បត្តិ ប្រើ​កែង​បុក​ចំ​ក្រោម​ច្រមុះ ធន់ ផានិត​ បណ្តាលឱ្យ​បែក​សន្លប់ ធ្វើឱ្យ​លោក​អាជ្ញាកណ្តាល ម៉ី រតនៈ​ សំរេចចិត្ត​បញ្ឈប់​ការប្រកួត​ភ្លាមៗ​។ ​​កីឡាករ​ទាំងពីរ​ឡើងមក​កាន់​វគ្គ​នេះ​សុទ្ធ​តែមាន ១០ពិន្ទុ​ក្រោយ​ឈ្នះ ៣ និង​ចាញ់ ១ ដូចគ្នា​ តែ​នៅពេលនេះ​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​ដែលមាន​ការគាំទ្រ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​។​​មួយគូ​ដែល​បាន​ប្រកួត​ចប់​មុន កីឡាករ​ថៃ​ពីររូប​ដែលមាន ១០ពិន្ទុ​ដូចគ្នា​ក្នុង​ពូ​ល​ដូច​ពូ​ល​កម្ពុជា​ដែរ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​ ដោយ​ពិន្ទុ​។ ​​ដូច្នេះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ជា​ជំនួប​រវាង ពេជ្រ សម្បត្តិ និង ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែតុលា​នេះ​។ ​​ចំណែក ​ធន់ ផានិត និង​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក ​ក៏​នឹងត្រូវ​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ ដើម្បី​ដណ្តើមចំ​ណាត​ថ្នាក់​លេខ៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចិន​ចាត់ទុក​មហាសន្និបាត និង​ការរត់​កម្សាន្ដ​ OCA ​នៅ​កម្ពុជា ជា​ឱកាស​ផ្សព្វផ្សាយ​កីឡា​អាស៊ី​

2022/10/03 05:12:49 pm        94
​កីឡា​អាស៊ី៖ លោក​ Xu Jianfeng ​ប្រធាន​ផ្នែក​ទំនាក់ទំនង​ការបរទេស នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ នៅ​ទីក្រុង​ Hangzhou (19th Asian Games Hangzhou 2022) បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​នៅ​កម្ពុជាគឺជា​ឱកាស​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​វឌ្ឍនភាពនៃ​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​អាស៊ីនៅ​ប្រទេស​ចិន។​ ​ការលើកឡើង​នេះបន្ទាប់ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារៀប​ចំ​កម្មវិធី​ OCA Fun Run ​ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​កីឡា​អាស៊ីលើក​ទី​១៩ កាលពី​ថ្ងៃទី​០២ ខែតុលា​ម្សិលមិញ ក្នុង​គ្រា​ដែល​កម្ពុជាកំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២។​ ​លោក​ Xu Jianfeng ​បាន​សម្ដែង​សេចក្ដីត្រេកអរដែល​កម្ពុជា​បានទទួល​រៀបចំ​មហាសន្និបាត និង​កម្មវិធី​រត់​កម្សាន្ដ​ OCA Fun Run ​ដែល​ជាការ​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើនដល់​គណៈកម្មការ​រប​ស់​ខ្លួន ក៏ដូចជា​មុខមាត់​ប្រទេស​ចិន ដើម្បី​ផ្សាយ​ផ្សាយ​ពី​ការប្រកួត​កីឡា​អាស៊ីដល់​មហាជន ពិសេស​បណ្ដា​ប្រទេស​សមាជិក​ OCA ​ដែល​ចូលរួម​មហាសន្និបាត​នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​ធ្វើ​បទ​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដង ដែល​ត្រូវបាន​លើក​ពេល​ទៅ​ចុងឆ្នាំ​២០២៣ នេះ​ផងដែរ។​​រីឯ​មន្ដ្រី​ OCA ​លោក​ Wissan Trkmani ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ​នេះគឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​អាស៊ីនៅ​ទីក្រុង​ Hangzhou ​និង​លើកឡើង​នូវ​ប្រធានបទ​មួយ​ដែល​ Asian Games ​ផ្ដោត​សំខាន់គឺ​កីឡា​ដើម្បី​ទាំងអស់គ្នា មានន័យថា កីឡា​សម្រាប់​មហាជន​គ្រប់​ជាតិ​សាសន៍ មិន​ប្រកាន់​ពណ៌​សម្បុរ ភេទ អាយុ ឬ​និន្នាការ​អ្វី​ឡើយ ជាក់ស្ដែង​ការរត់​កម្សាន្ដ​នេះបើក​ឲ្យ​មហាជន​ទូទៅ​ចូលរួម ដោយ​ផ្ដោតលើ​គុណ​តម្លៃនៃ​កីឡា​អូឡាំពិក មិន​ផ្ដោតលើ​ការ​ចាញ់​-​ឈ្នះ​នោះទេគឺ​ផ្ដោតទៅលើ​ការចូលរួម​។ ​ជាថ្មី​ម្ដងទៀត ក្នុងនាម​ OCA ​លោក​បាន​សម្ដែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ NOCC ​ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​ OCA ​ដើម្បី​រៀបចំ​នូវ​កម្មវិធី​នេះ ពិសេស​មហាសន្និបាតលើក​ទី​៤១ ដែលមាន​លក្ខណៈ​ល្អឥតខ្ចោះ ទាំង​ការទទួល​បដិសណ្ឋារកិច្ច និង​ការ​ស្នាក់នៅ​-​ហូបចុក​ជាដើម​។លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការរៀបចំ​កម្មវិធី​ទាំងអស់នេះ គឺជា​ឱកាស​កម្ពុជាបង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន ហើយក៏​ជា​ភាពល្អទៅកាន់​ដៃគូ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​ដោយឡែក​ឯកឧត្តម វ៉ា​ត់ ចំរើន បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ការរៀបចំ​កម្មវិធី​រត់​កម្សាន្ដ​នេះ ហើយ​ឯកឧត្ដម​បានចាត់ទុក​វេទិការ​នេះ គឺជា​ឱកាស​ហ្វឹកហាត់ និង​ជា​បទពិសោធន៍​ដ៏​ល្អ ពោល​គឺជា​បទពិសោធន៍​ផ្ទាល់ដែល​ត្រូវ​រៀនសូត្រ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ មានន័យថា ជា​ឱកាស​ដើម្បី​ហ្វឹកហាត់​ការ​ងារ ទាំង​ការងារ​ទំនាក់ទំនង ទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ​-​ហូបចុក និង​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​។​ សូម​បញ្ជាក់ថា មហាសន្និបាត​ OCA ​លើក​ទី​៤១ នឹង​ប្រារព្ធ​ពិធី​បើកនា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីនឹង​ថ្លែង​សន្ទរកថា​បើក និង​សន្ទរកថា​គន្លឹះ ដើម្បី​ស្វាគមន៍ចំពោះ​ឥស្សរជន​កីឡា និង​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០​នាក់មកពី​ជាង ៥០​ប្រទេស​លើ​ពិភពលោក ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេនៃ​ការប្រកួត​តេ​ក្វាន់​ដូ​ ITF ​ជើងឯក​ជាតិ​ឆ្នាំនេះ​

2022/10/03 05:01:57 pm        83
​តេ​ក្វាន់​ដូ៖ ក្រុម​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ ITF ​របស់​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ីអាគ្នេយ៍។ ឯកឧត្តមបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​របស់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គណៈកម្មការ​បច្ចេកទេស ដែល​ស្ដែង​ឲ្យ​ឃើញ​ភាព​រីកចម្រើន​មួយកម្រិត​ទៀតរបស់​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​បច្ចុប្បន្ន។​ ​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន ១៣៨​នាក់មកពី ១៧​សមាគម​/​ក្លិប។ ជា​លទ្ធផល​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២០​គ្រឿង (​មាស ៨ ប្រាក់ ៤ និង​សំរិទ្ធ ៨) ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១៤​គ្រឿង (​មាស ២ ប្រាក់ ៤ និង​សំរិទ្ធ ៨)។​​ចំណែក​ក្លិប​យុវជនឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ៥​គ្រឿង (​មាស ២ និង​ប្រាក់ ៣)។ ក្លិប ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ ឈ្នះ​មេដាយ​សរុប ៦​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរិទ្ធ ២) ខណៈ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រឈ្នះ​មេដាយ​សរុប ៦​គ្រឿង​ដូចគ្នា (​មាស ២ គ្រឿង ប្រាក់ ១ និង​សំរិទ្ធ ៣)។ រីឯ​ក្លិប​សេរីភាពដណ្តើមបាន​មេដាយ​សរុប ៣​គ្រឿង (​មាស ២ និង​ប្រាក់ ១)។ ក្លិប​មិត្តភាពដណ្ដើមបាន​មេដាយមាស ២ និង​ខេត្តកោះកុង​ដណ្តើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស ១ ប្រាក់ ១ និង​សំរិទ្ធ ៤ គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពីការដាក់កីឡា Muay នៅស៊ីហ្គេម កុំឲ្យភាន់ច្រឡំរវាង គុនខ្មែរ និង Muay Thai

2022/10/01 07:57:33 pm        170
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡា Muay អាស៊ី បានពន្យល់ពីការ​កំណត់កីឡា Muay ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីចៀសវាងការភាន់ច្រឡំ រវាងប្រដាល់ «គុនខ្មែរ» និង «Muay Thai» បន្ដទៀត ។ការបកស្រាយរបស់ឯកឧត្តម បន្ទាប់ពីសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និង Muay Thai ដែលបានលើកឡើងលើបណ្ដាញសង្គមជាហូរហែនាពេលកន្លងមក ដោយឯកឧត្តម បានពន្យល់ថា ៖«នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា «កីឡា Muay» ជាគុនខ្មែរ ហើយពេលនេះ កម្ពុជាធ្វើម្ចាស់ផ្ទះ កម្ពុជាក៏ត្រូវប្រកួតកីឡា Muay ប៉ុន្ដែកម្ពុជា​បាន​សុំការឯកភាពពីគេដាក់ថា គុនខ្មែរ ។ កម្ពុជា ចូលរួមក្នុងកីឡា Muay ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែន Muay Thai ទេ។ Muay Thai គឺ Muay Thai ដូច្នេះកីឡា Muay គឺមិនមែន Muay Thai ទេ ។ឯកឧត្តម បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡា Muay អាស៊ី គឺមិនមែន Muay Thai ហើយប្រធានរបស់សហព័ន្ធកីឡា Muay ពិភពលោក គឺជនជាតិឡាវ លោក Say Samone Sayasone ប៉ុន្តែក៏មិនមែន Muay Thai ដែរ។ កម្ពុជាក៏មិនចូលរួមជាសមាជិកក្នុងសមាគមមួយថៃអន្ដរជាតិ IFMA នោះ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង Muay Thai អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈ Muay Thai ប៉ុន្ដែបើថៃ ឬប្រទេសផ្សេងមកស្រុកខ្មែរវិញ ពួកគេត្រូវចូលរួមប្រកួតជាលក្ខណៈ គុនខ្មែរ។ នេះគឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​និងក្រសួងអប់រំ​ យុវជន និងកីឡា និងជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ។ តែកាលណាគេប្រកួតកីឡាប្រដាល់គុនខ្មែរ សូម្បី Muay Thai ក៏ដោយ នៅស្រុកខ្មែរ គឺត្រូវ​គោរពតាមឈ្មោះ គោលការណ៍ ​និងបទបញ្ជាប្រកួតរបស់ គុនខ្មែរ ហើយខ្មែរ ទៅប្រកួតក្រៅប្រទេស ដែល Muay Thai អញ្ជើញ គឺប្រកួតធម្មតា ដោយគ្មានការរើសអើងទេ ​ពោលគឺចូលរួមប្រកួត ដើម្បីបង្កើនសមត្ថភាព និងការងារបច្ចេកទេស តែមិនមែនបានន័យថា កម្ពុជា ជាសមាជិក Muay Thai នោះទេ គ្រាន់តែជាសមាជិករបស់កីឡា Muay ប៉ុណ្ណោះ ។ប្រតិបត្តិករកីឡាដ៏ឆ្នើមរបស់កម្ពុជាដដែល ពន្យល់បន្ថែមថា ពាក្យថា Muay ប្រទេសឡាវ ក៏ប្រើពាក្យហ្នឹង ថៃក៏ប្រើពាក្យហ្នឹង ពោលគឺប្រើរួមសម្រាប់ការប្រកួតក្នុងស៊ីហ្គេម ។ ប៉ុន្ដែកម្ពុជា បានធ្វើការតវ៉ា ក្នុងការរក្សាអត្តសញ្ញាណរបស់គុនខ្មែរ ​គ្រប់វេទិកាទាំងអស់ នៃការចរចាគ្នា ដោយគ្មាន​ការគាំទ្រ ឬឯកភាពទៅលើពាក្យថា Muay Thai ដាក់នៅក្នុងការប្រកួត​កីឡាស៊ីហ្គេមឡើយ ​ពោលគឺគាំទ្រដាក់ត្រឹមពាក្យថា ​Muay មានន័យថា​ ប្រដាល់ ដែលជាភាសារបស់ថៃ និងឡាវ ហៅដូចគ្នា ។ ប៉ុន្ដែក៏មានអង្គការគ្រប់គ្រងខុសគ្នាដែរ Muay Thai គឺគ្រប់គ្រងដោយសហព័ន្ធ Muay Thai អន្ដរជាតិ ។ រីឯកីឡា Muay នៅថៃ គេមានសហព័ន្ធកីឡា Muay ពិភពលោក មួយផ្សេងទៀត» ។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ​ការបង្កើតសហព័ន្ធកីឡា Muay ពិភពលោក និងសហព័ន្ធ​កីឡា Muay អាស៊ីនេះ គឺមានប្រទេសចូលរួមទាំងអស់​ ហើយកម្ពុជាបានប្រកាន់យកពាក្យ Muay ជាមួយពាក្យថា ​គុនខ្មែរ ក្នុងរង្វង់នៃការការពារអត្តសញ្ញាណរបស់ខ្មែរ ។ ​រាល់ការប្រកួតនៅក្នុងស្រុក គឺត្រូវយកទម្រង់នៃការប្រកួតគុនខ្មែរ និងឈ្មោះ គុនខ្មែរ ​ដោយយកពាក្យក្នុងភាសាច្បាប់​របស់​ស៊ីហ្គេម ដែលគេដាក់ឈ្មោះថា កីឡា Muay» ។ ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានឲ្យមតិសាធារណៈទាំងអស់ មេត្ដាយោគយល់ ហើយបន្ដនូវការគាំទ្រ ការការពារ​ និងថែរក្សាអត្តសញ្ញាណរបស់ជាតិនេះ ជារាងរហូត​ មិនឲ្យមានការប៉ះពាល់ទេ ។ លើសពីនេះ​ ឯកឧត្តមក៏ថ្លែងអំណរគុណ ដល់ការយកចិត្តទុកដាក់ និងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរទាំងអស់គ្នាផងដែរ ។ ឯកឧត្តមថា រួមគ្នាធ្វើការអភិរក្ស ដើម្បីការអភិវឌ្ឍ រួមគ្នាអភិវឌ្ឍន៍ ​ដើម្បីការអភិរក្ស រក្សាអត្ដសញ្ញាណក្បាច់គុនព្រលឹងជាតិ គឺគុនខ្មែរ ៕ អត្ថបទ៖ លី ឈុនឡា

ខ្សែបម្រើ Arsenal, Emile Smith Rowe ត្រូវ​អវត្តមាន​ដល់​ខែ​ធ្នូ​ដោយសារ​របួស​

2022/09/30 09:54:38 pm        92
​បាល់ទាត់៖ ​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal, Emile Smith Rowe បាន​ទទួល​ការវះកាត់​បញ្ហា​ក្រលៀន​របស់​ខ្លួន​ដោយ​ជោគជ័យ​ តែ​រំពឹងថា​នឹង​ត្រូវ​សម្រាក​យ៉ាងហោចណាស់​ដល់​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​។ ​​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន ៤​លើក​រដូវ​កាល​នេះ​នៅ Premier League តែ​ត្រឹម​ជា​កីឡាករ​បម្រុង​ផ្លាស់ប្ដូរ​ចូល​។ ​​ចុងក្រោយ​បំផុត Smith Rowe បាន​រងរបួស​អំឡុង​បរាជ័យ​នៅ​ទឹកដី Manchester United ដែលជា​របួស​ចាស់​។ ​​រំលឹកថា Smith Rowe មាន​រដូវ​កាល​ដ៏​ល្អ​របស់ខ្លួន​កាលពី​រដូវ​កាល​មុន​ដោយ​រកបាន ១០គ្រាប់​។ ​​យ៉ាងណាក្តី​របស់គេ​នៅពេលនេះ គឺ​នឹងមិន​ប៉ះពាល់​ដល់​ការប្រកួត​ច្រើន​ពេល​នោះទេ​ដោយសារ Premier League នឹង​សម្រាក​នៅ​ខែ​វិច្ឆិកា​ខាង​មុន ខណៈ​ក្រុម​ជំរើសជាតិ​នីមួយៗ​ត្រៀម​ការប្រកួត​នៅ World Cup ប្រទេស​កាតា​។ ​Arsenal នឹងត្រូវ​ទទួល​ក្រុម​រួម​ទីក្រុង​ឡុង​ដ៍ Tottenham Hotspur ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Antonio Conte ស្នើឱ្យ​ដាក់​បម្រាម​មួយជីវិត​លើ​អ្នកគាំទ្រ​ដែល​ចោល​ចេក​មកលើ Richarlison

2022/09/30 09:37:39 pm        234
​បាល់ទាត់៖ ​គ្រូបង្វឹក​ Spurs លោក Antonio Conte ស្នើឱ្យ​វែកមុខ​អ្នក​ចោល​ចេក​មកលើ Richarlison អំឡុង​ការប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​ប៉ារីស និង​ស្នើឱ្យ​ដាក់ពិន័យ​ដល់​មួយជីវិត​លើ​អ្នកគាំទ្រ​នោះ​។ ​​ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មី​ម្តងទៀត​បាន​រងគ្រោះ​ក្នុងការ​រើសអើង​ពី​អ្នកគាំទ្រ អំឡុង​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ទុយ​នី​ស៊ី ៥-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។​ ​​Richarlison ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​ដោយ Raphinha តែ​ការអបអរសាទរ​គ្រាប់​បាល់​របស់ Richarlison នោះ អ្នកគាំទ្រ​បាន​ចោល​ចេក​មកលើ​ទីលានដែលជា​ទង្វើ​ររើសអើង​មួយ​។​ ​​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ក៏ដូចជា​ម្ចាស់ផ្ទះ​បារាំង​បាន​ថ្កោលទោស និង​ទទូច​ឱ្យ​រកមុខ​អ្នកគាំទ្រ​ដែលមាន​ទង្វើរ​អសីលធម៌​នេះ​។​​​ថ្មីៗ​នេះដែរ​ក្លិប​បាល់ទាត់​នៅ Premier League ទាំងអស់​បាន​យល់ព្រម​ច្បាប់​ដាក់ពិន័យ​លើ​អ្នកគាំទ្រ​ណា​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​រើសអើង​ជាដើម​នឹង​ត្រូវដាក​បម្រាម​យ៉ាងហោច​ណាស់​មួយឆ្នាំ​។ តែ​លោក Conte ថា មួយឆ្នាំ​មិន​គ្រប់គ្រាន់​ឡើយ ដាក់​មួយជីវិត​ទើប​សម​។ ​Spurs នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Arsenal ចុង​សប្តាហ៍​នេះ​នៅ​ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមហ៊ុន KAM Sports របស់​អាមេរិក​ចាប់អារម្មណ៍​ចង់​ទិញ​ក្លិប Everton

2022/09/30 07:24:00 pm        87
​បាល់ទាត់៖ ​ក្រុមហ៊ុន KAM Sports ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅតែ​ចាប់អារម្មណ៍​ក្នុងការ​ទិញយក​ភាគហ៊ុន​ធំ​ក្លិប​ Everton មក​គ្រប់គ្រង នេះ​បើតាម​ការចុះផ្សាយ​របស​សារព័ត៌មាន​អង់គ្លេស BBC​។ ​​ក្រុមហ៊ុន​មួយ​នេះ​ធ្លាប់​បានធ្វើ​ទំនាក់ទំនង​ចរចា​ទិញ Everton ម្តង​រួចមកហើយ​កាលពីដើមឆ្នាំ២០២២ នេះ តែ​ម្ចាស់​ក្លិប Everton បច្ចុប្បន្ន​លោក Farhad Moshiri មិន​ព្រម​លក់​។ ​KAM Sports គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Kaminski Family ដែលមាន​មូលដ្ឋាន Minneapolis ដែលជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​មួយ​នៅ​សហរដ្ឋអាមេរិក​។ ​Kaminski Family ក៏​ធ្លាប់ជា​សមាជិក​របស់លោក Peter Kenyon ដែរ​ដែល​ធ្លាប់​ចង់​ទិញ​ភាគហ៊ុន​របស់ Everton ផងដែរ​នាពេល​កន្លងមក​។ ​លោក Peter Kenyon គឺជា​អតីត​នាយក​ក្លិប Manchester United និង Chelsea កាលពី​អតីតកាល​។​​ដោយឡែក​ទោះបី​មានការ​ចង់បាន Everton ពី​អ្នកវិនិយោគ​មួយចំនួន​ក្តី ម្ចាស់​ក្លិប​បច្ចុប្បន្ន​លោក Farhad Moshiri នៅ​តែ​​ប្រកាន់​ជំហរ​មិន​លក់​ឡើយ​។ ​តាំងពី​កាន់កាប់​ភាគហ៊ុន​ធំ​របស់ Everton នៅ​ឆ្នាំ២០១៦ លោក Moshiri បាន​ចាយ​លុយ​វិនិយោគ​ក្លិប​ជាច្រើន​លាន​ផោន ​ដូចជា​ការសាងសង់​កីឡដ្ឋាន​ថ្មី​ដែលមាន​កៅអី​សរុប ៥៣,០០០ ដែល​នឹង​រួចរាល់​នៅ​ឆ្នាំ២០២៤​។ ​យ៉ាងណាក្តី Everton ក៏មាន​ការខាតបង់​ជិត ៤០០លាន​ផោន​ក្នុង​រយៈពេល ៣រដូវ​កាល​ចុងក្រោយ ដែលមាន​ការ​លំបាក និង​ប្រឈម​នឹង​ការ​កាត់ចោល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការធ្វើ​តេស្ត​ Covid-19 នៅតែ​ចាំបាច់​សម្រាប់​ការចូលរួម​របស់​អ្នកគាំទ្រ​នៅ World Cup

2022/09/30 06:52:01 pm        68
​បាល់ទាត់៖ ​អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនា​ការប្រកួត World Cup 2022 នៅ​កាតា​ឆ្នាំនេះ នៅតែ​តម្រូវឱ្យ​ធ្វើតេស្ត​រក​មេរោគ Covid-19 ដដែល នេះ​បើតាម​ការប្រកាស​ផ្លូវការ​របស់​ម្ចាស់ផ្ទះ​កាតា​។ ​​អ្នកគាំទ្រ​ទាំងអស់​ចាប់ពី​អាយុ ៦ឆ្នាំ​ឡើង​ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន Covid-19 ដោយ​ម៉ាស៊ីន PCR រយៈពេល ៤៨ម៉ោង​ក្រោយ​ពេលចេញ​លទ្ធផល​តេស្ត​។ ​​សម្រាប់​ការធ្វើ​តេស្ត​រហ័ស​មិនត្រូវ​បានអនុញ្ញាត​ឡើយ តែ​នឹងមិន​មានការ​ធ្វើតេស្ត​បន្ថែម​ណាមួយ​ទៀតឡើយ លើកលែង​តែមាន​ចេញ​អាការៈ​នៃ​មេរោគ Covid-19​។​ ​​ជាមួយគ្នា​នោះដែរ​អ្នកគាំទ្រ​ដែលមាន​អាយុ ១៨ឆ្នាំ​ឡើងទៅ​គឺ​តម្រូវឱ្យ​ទាញយក​កម្មវិធី ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កាតា​ដាក់​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ការ​ចល័ត​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ Covid-19​។​​អ្នកគាំទ្រ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដូចជា រថយន្តក្រុង រឺ​តាក់ស៊ី​ជាដើម តែ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង និង​អ្នកមិន​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​បានអនុញ្ញាតឲ្យចូលទស្សនាបានដូចគ្នា។ ​​សូមបញ្ជាក់ថា ប្រទេស​កាតា​មាន​អ្នក​ឆ្លង​មេរោគ Covid-19 សរុប ៤៤០.០០០ករណី ​និង​មាន​អ្នកស្លាប់​សរុប ៦៩២នាក់​តាំងពី​ការផ្ទុះ​ឡើង​នៃ​មេរោគ Covid-19​។ ​​កាតា​មាន​ប្រជាជន​សរុប​ប្រមាណ ២.៨០០.០០០នាក់​ដោយ​ក្នុងនោះ​មាន​អ្នក​ចាក់​វ៉ាក់សាំង​សរុប​ជាង ៧លាន​ដូ​ស​មកទល់ពេលនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona នៅតែ​ឈរលើ​គេ​ជា​ក្លិប​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​ក្នុង​មួយ​ប្រកួត

2022/09/30 06:08:01 pm        93
​បាល់ទាត់៖ ​ក្លិប​​យក្ស​អេ​ស្ប៉ា​ញ FC Barcelona នៅតែ​ឈរលើ​គេ​ដដែល​ ជា​ក្លិប​ដែលមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ច្រើន​បំផុត​ក្នុង​មួយ​ប្រកួត​។ ​​បើតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន Sport របស់​អេ​ស្ប៉ា​ញ​ឱ្យដឹងថា Barcelona មាន​អ្នកគាំទ្រ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​ដី​ជា​មធ្យម ៨៣,៣៤៨នាក់​ក្នុង​រដូវ​កាល ២០២២ នេះ ដែល​ចំនួន​នេះ​គឺជា​ចំនួន​ច្រើន​បំផុត​បើ​ប្រៀបធៀប​នឹង​ក្លិប​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប​។​​Barcelona ជា​ក្លិប​អេ​ស្ប៉ា​ញ​តែមួយគត់​ដែល​ឈរ​ក្នុង​លំដាប់ Top10 នេះ​ ខណៈ​ក្លិប​អាល្លឺម៉ង់ Borussia Dortmund ឈរ​លេខ២ មាន​អ្នកគាំទ្រ​ទស្សនា​មធ្យម ៨០,០០០នាក់​នៅ​កីឡដ្ឋាន Signal Iduna Park​។ ​​ក្លិប​ផ្សេងទៀត​ដែលមាន​អ្នកគាំទ្រ​ចូល​ទស្សនាច​ជា​មធ្យម​លើសពី ៧០,០០០នាក់​មានដូចជា Bayern Munich, Manchester United, Inter Milan និង AC Milan​។ ​​ក្លិប​ដែល​ស្ថិតក្នុង Top10 ដែល​តែមាន​មធ្យមភាគ​អ្នក​ចូល​ទស្សនា​ជាង ៥០,០០០នាក់​មាន Tottenham Hotspur, Marseille, Schalke និង West Ham៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM