Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

ព័ត៌មានកីឡា

លោក ប៊ូ វីរៈ​៖ កីឡា​ជាតិ​លើក​ទី​៣ ជា​ផែនការ​យុទ្ធសាស្ត្រ​ សហព័ន្ធ​ម៉ូតូ​ទឹកដុសខាត់​សមត្ថភាពឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/09/22 05:53:52 pm        87
ម៉ូតូទឹក​៖ លោក ប៊ូ វីរៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ​នេះ សហព័ន្ធ​បាន​ត្រៀម​ដាក់ ​៥​ប្រភេទ​វិញ្ញាសាអោយ​អត្ត​ព​លិ​ក ​២៥​រូបមកពី ​៧​រាជធានី​-​ខេត្ត​-​ក្រុង និង​ក្រសួង ស្ថាប័ន ប្រកួតប្រជែង​។​ ​លោក​អគ្គលេខាធិការបន្តថា អត្ត​ព​លិ​ក ​២៥​រូប​ខាងលើ សហព័ន្ធ​បានធ្វើការ​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ កីឡាករ​មកពី​បណ្តា​ក្លឹប​នានា និង​ក្រុម​ជម្រើសជាតិដើម្បី​សម្រួច និង​ដុសខាត់​សមត្ថភាពឆ្ពោះទៅ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងនោះ​សហព័ន្ធក៏បាន​ត្រៀម​មន្ត្រី​បច្ចេកទេសសរុប​ចំនួន​ ៣៥​នាក់ និង​ ១០​នាក់​មកពី​ក្លឹប Flamingo Jet Ski ប្រទេស​ថៃ មកជួយ​រៀបចំ​កីឡា​ជាតិលើក​ទី​៣ នេះដែរ​។ លោក ប៊ូ វីរៈ បន្ថែមថា កីឡា​ជាតិ​លើក​ទី​៣ ​នេះគឺជា​ឱកាស​អោយ​អត្ត​ព​លិ​ក​ជម្រើសជាតិ​ដែល​ហ្វឹកហាត់​ជាមួយ​គ្រូ​កម្រិត​អន្តរជាតិ និង​កីឡាករ​មកពី​ក្លឹប​ក្នុងស្រុក និង​មន្ត្រី​បច្ចេកទេសបាន​ផ្លាស់ប្តូរ​បទពិសោធន៍ បច្ចេកទេស និង​ចែករំលែក​គ្នា​ទៅវិញទៅមក ជាពិសេស​ពិនិត្យមើល​ពី​ចំណុច​ខ្វះខាត ចំណុចខ្សោយ ដើម្បី​ធ្វើការ​កែប្រែ​ឱ្យបាន​ល្អប្រសើរត្រៀមខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ទាំង​កម្រិត​តំបន់ និង​អន្តរជាតិនាពេល​ខាងមុខនេះ​។ លោក​អគ្គលេខាធិការអះអាងថា សហព័ន្ធ​មាន​គម្រោង​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជាតិ និង​អន្តរជាតិ​អោយបាន​ច្រើនដង និង​បញ្ជូន​មន្ត្រី​បច្ចេកទេសទៅ​ចូលរួម​កាត់សេចក្តី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ​។​​គួរ​បញ្ជាក់ថា ក្រៅពី​ការប្រកួត​កម្រិត​ជាតិ ដូចជាការប្រកួត​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំកីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ សហព័ន្ធ​មានការ​ប្រកួត​កម្រិត​ទ្វីប ៤​លើកក្នុង​មួយឆ្នាំ គឺ​ការប្រកួត Jet Ski Pro Tour ជើងឯក​តំបន់​អាស៊ីនៅ​ថៃ​, ការប្រកួត Jet ski World cup និង World Series នា​ខែកក្កដានៅ​ទ្វីបអឺរ៉ុប ខែតុលានៅ​សហរដ្ឋអាមេរិក ខែធ្នូការប្រកួត​ផ្តាច់ព្រ័ត្រនៅ​ប្រទេស​ថៃ និង​ការប្រកួត Aquabike world championship ធំជាងគេ​ប្រចាំ​ទ្វីបអឺរ៉ុប​។​ ​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ទីតាំង​ប្រកួត​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ខាងមុខនេះ សហព័ន្ធ​បានសម្រេច​ជ្រើស​រើសយកឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ​៕អត្ថបទ៖ លី ឈុន​ឡា

វាយ​កូន​បាល់​ជ្រើសរើស​បាន​កីឡាករ​ឆ្នើម​ៗ ​៥រូប​ទៅ​ប្រកួត Davis Cup នៅ​បា​រ៉ែ​ន

2022/09/22 05:25:59 pm        71
វាយ​កូន​បាល់​៖ ក្រុម​កីឡាករ​-​កីឡាការិនី​កំពុង​ត្រៀមខ្លួន​យ៉ាង​ល្អ និង​កំពុង​ត្រៀម​ចេញទៅ​ប្រកួត​ព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅ​ប្រទេស​បា​រ៉ែ​ន ដែល​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​១២ ខែតុលា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២២​។​ ​លោក ជា ពៅ គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​ឲ្យ​ដឹងថា ការចេញដំណើរ​គឺ​នឹង​ទៅ​ឲ្យ​បាន​មុន​ការចាប់ផ្ដើម​កម្មវិធី​ប្រកួត​ពី ៣ ទៅ ៤​ថ្ងៃព្រោះ​ក្នុង​គោលបំណង​ហ្វឹកហាត់​នៅ​ទីនោះឲ្យ​បាន​ស៊ាំជា​មួយ​អាកាសធាតុ និង​បាន​សម្រាក​គ្រប់គ្រាន់​។ ឆ្នាំនេះកម្ពុជា​គឺមាន​មហិច្ឆតា​ទៅ​ប្រកួត​ដណ្ដើមយក​ជ័យជម្នះ ធ្វើយ៉ាងណា​ឲ្យ​បាន​ឡើងមក​កាន់ Group III វិញ បន្ទប់​ពី​បាន​ធ្លាក់​ទៅ Group IV​។​ «​ការ​ចេញទៅ​លើក​នេះ យើង​ជឿថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​មិន​ខាន​។ យើង​មាន​មហិច្ឆតាចង់​ដណ្ដើមយក Group III មកវិញ ព្រោះតែ​យើង​ក៏បាន​ប្រឹងប្រែង​ខ្លាំង​មក​ដែរ​មួយ​រយៈពេល​មកនេះ​។ ឆ្នាំនេះ យើង​ឃើញថា កីឡាករ​-​កីឡាការិនី​យើងមាន​សមត្ថភាព​រីកចម្រើន​ច្រើនជាង​មុន​ខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ពៅ​។​ ​គ្រូបង្វឹក​ដដែល​បន្ថែម​ថា កីឡាករ​ដែល​ត្រូវ​ទៅ​ប្រកួត មាន ប៊ុន កេ​ន្នី​, ឡុង សំនៀង​, ឃ្លាំង ពន្លក​, ក្រូ​ស​លីន ម៉ា​ធី​វ​ដា​វីត និង ឡេង សារិន​រាជ​។ ក្រៅពីនេះក៏មាន​គ្រូបង្វឹក គ្រូ​ជំនួយ គ្រូពេទ្យ​ផ្នែក​ចលនា និង​ថ្នាក់ដឹកនាំ សរុប​ទាំងអស់ ៩​នាក់​៕អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​នឹង​លេង​ដោយ​ទំ​នុកចិត្តទល់​បង់​ក្លា​ដែ​សយ​ប់​នេះ ទោះ​មិនសូវ​សម្បូរ​កីឡាករ​មានបទពិសោធន៍​ក៏ដោយ

2022/09/22 05:07:02 pm        163
បាល់ទាត់៖ ​លោក​ Ryu Hirose ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​លើកឡើងថា ក្រុម​របស់ខ្លួន​នឹង​លេង​ដោយ​ទំនុកចិត្តក្នុងជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​២២ ខែកញ្ញា​នេះ ទោះបី​មិនសូវ​សម្បូរ​កីឡាករ​មានបទពិសោធន៍​ក៏ដោយ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមុន​ការប្រកួត​ថា កម្ពុជា​កំពុង​ស្រេកឃ្លាន​ជ័យជម្នះក្នុង​ការប្រកួត​នេះ ប៉ុន្ដែ​មិន​មានន័យថា ជាការ​ប្រកួត​ដែល​ងាយស្រួល​នោះទេ តែ​វា​ជា​កាតព្វកិច្ច​ដែល​កូនក្រុម​របស់ខ្លួនត្រូវ​ខំប្រឹង​យកឈ្នះ​ឲ្យ​ខាន​តែ​បាន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​ ​បុរស​វ័យ ៦៦​ឆ្នាំ​ដដែលបាន​បញ្ជាក់ថា ទោះបីជា​ការប្រមូលផ្ដុំ​លើក​នេះមិនសូវមាន​កីឡាករដែលមាន​បទពិសោធន៍​ លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ដូច​មុន តែ​ក្រុម​របស់ខ្លួននឹង​លេង​ដោយមាន​ទំនុក​ចិ​ត្ដ​ខ្ពស់ និង​លេង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ក្នុងជំនួប​មិត្តភាព​អន្ដរជាតិ​នេះ។​ ​ដោយឡែក​លោក​ Javier Fernandez Cabrera Martin ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស បាន​សម្ដែង​ការកោតសរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ត្រៀមខ្លួន​យ៉ាង​ល្អដើម្បី​ស្វាគមន៍​ក្រុម​របស់ខ្លួន ហើយក៏​ជា​កត្ដា​សំខាន់សម្រាប់​កីឡាករ​របស់ខ្លួន ​ត្រៀម​ខ្លួន​តតាំង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ផងដែរ។​​អាស្រ័យហេតុនេះ ក្រុម​បង់​ក្លា​ដែ​សគឺ​បាន​ត្រៀម​កម្លាំងកាយ និង​កម្លាំងចិត្ត​រួចរាល់ ដើម្បី​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ក្នុងការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ និង​ស្វែងរក​ជ័យជម្នះ​ឲ្យ​ខាន​តែ​បាននៅលើ​ទឹកដី​របស់​កម្ពុ​ជា។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​ដដែល។​ ​គួរ​ដឹងថា សមាសភាព​កីឡាករនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះមានការ​ផ្លាស់ប្ដូរ​មួយចំនួន បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​លោក​ Keisuke Honda ​សម្រេច​ជ្រើសរើស​កីឡាករ​ជម្រើសជាតិដោយ​ត្រូវ​ធ្វើតេស្ដ​កម្លាំង​អំណត់ 30-15IFT test​។ តាមរយៈ​នេះបានធ្វើ​ឲ្យ​កីឡាករ​មានបទពិសោធន៍​ជោគជាំ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាជាច្រើនត្រូវ​អវត្តមាន បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្នុងការ​ធ្វើតេស្ដ ដែល​ជំនួស​មកវិញ​ដោយ​កីឡាករ​វ័យក្មេង​ជាច្រើន ដែល​មិនសូវ​ជាប់​ជម្រើសជាតិ​នាពេល​កន្លងមក៕​អត្ថបទ៖ លី ឈុន​ឡា

ជ័យលាភី World Cup 2006 ជាមួយ​អ៊ីតាលី Fabio Cannavaro គ្រោង​មក​ដឹកនាំ​ក្លិប​មួយ​នៅ Serie B

2022/09/21 10:08:26 pm        66
​បាល់ទាត់៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក FIFA World Cup 2006 នៅ​អាល្លឺម៉ង់ Fabio Cannavaro ត្រូវបាន​គេ​ដឹងថា​ ខិតជិត​មក​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ​ទី​ពីរ​អ៊ីតាលី Serie B, Benevento នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​អ៊ីតាលី​មួយ​។ ​​អតីត​ខ្សែការពារ Real Madrid, Juventus និង Inter Milan ដែលជា​ម្ចាស់​ជ័យលាភី Ballon d’Or ផងដែរ​កាលពី​ឆ្នាំ២០០៦ នោះនឹង​ចុះហត្ថលេខា​រយៈពេល ១ឆ្នាំកន្លះ​ដឹកនាំ Benevento​។​ ​Benevento បាន​ធ្លាក់​ពី​ក្របខណ្ឌ​កំពូល Serie A កាលពី​រដូវ​កាល ២០២០-២១ ខណៈ​បច្ចុប្បន្នកំពុង​ឈរ​លេខ ១៣ នៅ Serie B​។ ​Fabio Cannavaro បាន​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​កាលពី​ឆ្នាំ២០១១ និង​ទទួលបាន​អាជីព​គ្រូបង្វឹក ២ឆ្នាំ​បន្ទាប់​ក្នុងនាម​ជា​ជំនួយការ​នៅ​ក្លិប Al-Ahli របស់​អារ៉ាប់​រួម មុន​ពេលដែល​ក្លាយជា​គ្រូ​បង្គោល​ក្លិប​ចិន Guangzhou និង​ក្លិប Al-Nassr របស់​អារ៉ាប៊ីសាអ៊ូឌីត​។​​បុរស​វ័យ ៤៩ឆ្នាំ​រូបនេះ​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិចិន​រយៈពេល​ជិត ២ឆ្នាំ​ដែរ​មុនពេល​លាលែង​ពី​តំណែង​ដើម្បី​ផ្តោត​អារម្មណ៍​លើ​ការដឹកនាំ​ក្លិប Guangzhou​។ ​Fabio Cannavaro ធ្លាប់បាន​និយាយ​កាលពី​ខែកុម្ភៈ​ថា ត្រៀមខ្លួន​រួចរាល់​ក្នុង​ការវិល​ត្រលប់មក​អាជីព​គ្រូបង្វឹក​នៅអឺរ៉ុប​។ ​Benevento នឹង​ទទួល​ស្វាគមន៍​ក្រុម​លេខ ១១ Ascoli នៅ​ថ្ងៃទី២ ខែតុលា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្មាន Ramos គ្មាន Fati អេ​ស្ប៉ា​ញ​ហ្វឹកហាត់​ត្រៀម Nations League ជួប​ស្វីស និង​ព័រទុយហ្កាល់​

2022/09/21 09:26:39 pm        69
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ទីក្រុង Madrid ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​ក្របខណ្ឌ UEFA Nations League សប្តាហ៍​នេះ​។ ​កីឡាករ​ក្នុង​បញ្ជី ២៥នាក់​មាន​កីឡាករ​ចំនូល​ថ្មី Nico Williams ខ្សែបម្រើ​ស្លាប​របស់ Athletic Bilbao និង​ខ្សែប្រយុទ្ធ​វ័យ ២៩ឆ្នាំ​របស់ Real Betis, Borja Iglesias​។ ​​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​លោក Luis Enrique ក៏​មិនបាន​កោះហៅ​កីឡាករ​មួយចំនួន​ដែល​នាំ​អេ​ស្ប៉ា​ញ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro កន្លងទៅ​មានដូចជា Gerard Moreno, Mikel Oyarzabal និង Dani Olmo ក៏ដូចជា​ខ្សែការពារកណ្តាល Aymeric Laporte ជាដើម​។ ​ជាមួយគ្នា​នោះដែរ Ansu Fati ក៏​អវត្តមាន​ដែរ បន្ទាប់ពី​មិនសូវ​មានឱកាស​លេង​បាល់​នៅ Barcelona ខណៈអតីត​ប្រធាន​ក្រុម​អេ​ស្ប៉ា​ញ Sergio Ramos ក៏​ដូចគ្នា​។ ​អេ​ស្ប៉ា​ញ​នឹងត្រូវ​ទទួល​ស្វាគមន៍​ស្វីស​នៅ​ទីក្រុង Zaragoza នៅ​ថ្ងៃទី២៤ ខែកញ្ញា​នេះ មុន​ធ្វើដំណើរ​ទៅ​ទីក្រុង Braga ជួប​ព័រទុយហ្កាល់​បី​ថ្ងៃ​បន្ទាប់​។ ​អេ​ស្ប៉ា​ញ​កំពុង​នាំមុខគេ​ក្នុង​ពូ​ល​នេះ​មាន ៨ពិន្ទុ ១ពិន្ទុ​ពីលើ​ព័រទុយហ្កាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

UEFA សម្រេច​ហាម​មិន​ឲ្យ​រុស្ស៊ី​ប្រកួត​ជម្រុះ Euro 2024 ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

2022/09/21 06:55:56 pm        103
​បាល់ទាត់៖ ​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានសម្រេច​ដាក់​បម្រាម​មិនឱ្យ​រុស្ស៊ី​ប្រកួត​ជម្រុះ Euro 2024 ឡើយដោយសារតែ​បញ្ហា​សង្គ្រាម​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​​សហព័ន្ធ​បាល់ទាត់​រុស្ស៊ី ក៏ដូចជា​ក្លិប​បាល់ទាត់​រុស្ស៊ី​ត្រូវ​បានដាក់​បម្រាម​ដោយ UEFA និង FIFA តាំងពី​ចាប់ផ្តើមជម្លោះ​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ​ម្ល៉េះ​។ ​​ការចាប់​ឆ្នោត​បែក​ចែក​ពូ​ល​ប្រកួត​ជម្រុះ Euro 2024 នឹងធ្វើ​ឡើង​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ថ្ងៃទី៩ ខែតុលា​ខាងមុខ​។ ​រំលឹកថា ​រុស្ស៊ី​ធ្លាប់បាន​ធ្វើការ​ប្តឹងតវ៉ា​បម្រាម​ទៅកាន់​តុលាការ​កណ្តាល​កីឡា​ដែរ តែ​មិន​ជោគជ័យ​កាលពី​ខែកក្កដា​កន្លងទៅ​។ ​​រុស្ស៊ី​ត្រូវបាន​ដក​សិទ្ធ​ពី​ការប្រកួត Play-Off យក​កៅអី World Cup 2022 នេះដែរ​កាលពី​ខែមីនា ខណៈ​ក្រុមបាល់ទាត់​ស្ត្រី​រុស្ស៊ី​ក៏ត្រូវ​បាន​ដកហូត​សិទ្ធ​ ពី​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប​ដែរ​កាលពី​ខែ​កក្កដា​កន្លង​ទៅ ដោយ​កៅអី​ត្រូវ​ជំនួស​ដោយ​ព័រទុយហ្កាល់​នៅពេលនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ហ្វឹកហាត់​ជាមួយ​ក្រុម​ព័រទុយហ្កាល់​ត្រៀម​ជួប​ឆែក​ក្របខណ្ឌ Nations League

2022/09/21 06:27:02 pm        91
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់មុន​ការប្រកួត​ក្របខណ្ឌ UEFA Nations League ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​សាធារណរដ្ឋ​ឆែក​ចុង​សប្តាហ៍​នេះ​។ ​​គ្រូបង្វឹក​ព័រទុយហ្កាល់​លោក Fernando Santos បញ្ជាក់ថា លោក​គ្មាន​ការព្រួយបារម្ភ​ឡើយ​ពី Ronaldo ទោះបីជា​មិនសូវ​បាន​លេង​ជាប់លាប់​នៅ Manchester United រដូវ​កាល​នេះ​។ ​​បន្ទាប់ពី​ចាញ់​ស្វ៊ី​ស​ប្រកួត​ចុងក្រោយ​បំផុត​លោក Fernando Santos បាន​កោះហៅ​កីឡាករ​សំខាន់ៗ​សំរាប់​ការប្រកួត​លើក​នេះ​មានដូចជា Joao Felix, Diogo Jota, Bernando Silva និង Bruno Fernandes រួមជាមួយ Joao Cancelo, Pepe និង​កីឡាករ​ចំនូល​ថ្មី Tiago Djalo​។​​ដោយឡែក​កីឡាករ​មួយចំនួន​ត្រូវ​អវត្តមាន​វិញ​ដោយសារ​របួស​មានដូចជា Otavio និង Renato Sanches ជាដើម​ខណៈ​កីឡាករ​មួយចំនួន​មិនត្រូវ​បាន​កោះហៅ​មានដូចជា Andre Silva, Goncalo Guedes និង Joao Moutinho​។ ​​ព័រទុយហ្កាល់​ដែលជា​ជើងឯក UEFA Nations League រដូវ​កាល​ដំបូង​កាលពី​ឆ្នាំ២០១៩ កំពុង​តាម​ពីក្រោយ​អេ​ស្ប៉ា​ញ ១ពិន្ទុ​នៅក្នុង​ពូ​ល​ទី២ នៃ League A និង​នាំមុខ​ឆែក ៣ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម​បណ្ឌិត ថោង ខុន បន្ដ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​មហាសន្និបាត​ OCA

2022/09/21 06:09:29 pm        75
​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញាបាន​បើក​កិច្ចប្រជុំ​ថ្មី​មួយទៀត ដើម្បី​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​(OCA) លើក​ទី​៤១ នៅ​សណ្ឋាគារ​សុខាចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​គូសបញ្ជាក់ថា ដើម្បី​ធានាបាន​នូវ​ជោគជ័យក្នុងនាម​ម្ចាស់ផ្ទះ នៃ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​នេះ គណៈកម្មការ​ជំនាញបានធ្វើ​ការប្រជុំ​ជា​បន្ដបន្ទាប់ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ឯកឧត្តម​បាន​ជំរុញ​បន្ថែម​លើ​ការងារ​សំខាន់ៗ​ជាច្រើន ពិសេស​ផ្នែក​សណ្ឋាគារដែល​ត្រូវ​យកចិត្តទុកដាក់ ទាំង​ម្ហូបអាហារ ការ​ស្នាក់នៅ និង​ការទទួល​បដិសណ្ឋារកិច្ច​ជាដើម។​​​គួរ​ដឹងថា ការទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជាកាលពី​ថ្មីៗ ដែល​តាម​គម្រោង​នឹងមាន​ប្រតិភូ​កីឡា​មកពី​បណ្ដា​ប្រទេស​ទាំង ៤៥ ក្នុង​ទ្វីបអាស៊ី និង​ភ្ញៀវ​អន្ដរជាតិ​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។ អ្វីដែល​ពិសេស សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នឹង​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ និង​បើក​មហាសន្និបាត​ដ៏​ធំ​នេះ​ទៀតផង។​ ​តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​អនុសាសន៍​ឲ្យ​អ្នកជំនាញ​កម្ពុជាខិតខំ​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​ឲ្យ​បាន​ពេញទំហឹង សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ​២០២៩ នៅ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

Jordan Henderson ត្រូវ​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រៀម​ប្រកួត Nations League

2022/09/21 05:43:52 pm        79
​បាល់ទាត់៖ ​ប្រធាន​ក្រុម Liverpool, Jordan Henderson ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​សំរាប់​ការប្រកួតក្របខណ្ឌ UEFA Nations League សប្តាហ៍​នេះ​ទល់នឹង​អ៊ីតាលី និង​អាល្លឺម៉ង់​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះមិន​ស្ថិតក្នុង​ជម្រើស​របស់​គ្រូបង្វឹក​អង់គ្លេស​លោក Gareth Southgate ឡើយ​ក្នុង​បញ្ជី​ឈ្មោះ​ដំបូង​ដោយសារ​របួស​ស​សៃ​ពួរ​។ ​​យ៉ាងណាក្តី​អតីត​ខ្សែបម្រើ Southampton រូបនេះ​ក៏​ជា​ពីរ​បួស​ទាន់ពេលដើម្បី​មក​ជំនួស​តំណែង​ខ្សែបម្រើ Manchester City, Kalvin Phillips ដែលមាន​របួស​ស្មា​។ ​​Jordan Henderson ដែល​ធ្លាប់​ជាប់​ជម្រើសជាតិ​អង់គ្លេស ៦៩ប្រកួតបាន​អវត្តមាន​ពី​ការប្រកួត ៣លើកចុងក្រោយ​ជាមួយ Liverpool បន្ទាប់ពី​មាន​របួស​អំឡុង​ជ័យជំនះ​លើ Newcastle កាលពី​ថ្ងៃទី៣១ ខែសីហា​។ ​​Henderson លេង​បាន​មួយ​ប្រកួត​គត់​ឱ្យ​អង់គ្លេស​ក្នុង​ឆ្នាំ២០២២ នេះ​គឺ​នៅពេល​អង់គ្លេស​យកឈ្នះ​ស្វ៊ី​ស​លក្ខណៈ​មិត្តភាព​កាលពី​ខែមីនា​។ ​​អង់គ្លេស​នឹងត្រូវ​ជួប​ក្រុម​ជើងឯក​អឺរ៉ុប​អ៊ីតាលី​នៅ​កីឡដ្ឋាន San Siro ថ្ងៃ​សុក្រ​នេះ មុន​បន្ត​ជួប​អាល្លឺម៉ង់​នៅ Wembley នៅ​ថ្ងៃ​ចន្ទ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

U23 ​កម្ពុជាចាញ់​ U23 ​ជប៉ុន ៣-១ ចំពោះមុខ​អ្នកគាំទ្រ​ជិត ១​ម៉ឺន​នាក់​

2022/09/21 05:26:18 pm        101
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុន ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនៅ​ពហុ​កីឡដ្ឋាន​ជាតិកាលពី​រាត្រី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ ។ ​​ការប្រកួត​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​សរុប​ចំនួន ៩៦៥៤​នាក់​នេះ ក្រុមយុវជន​ U23 ​ជប៉ុនបាន​ស៊ុត​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុននៅ​នាទី​១៤ ដោយ​កីឡាករ​ Komori Hiiro ​មុន​ប្រធាន​ក្រុម ជួន ចាន់​ចាវ រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រនៅ​នាទី​២៧។ យ៉ាងណាក្ដី​ក្រុម​ភ្ញៀវ​ជប៉ុននៅតែ​ព្យាយាម​ដាក់​សម្ពាធរហូត​រកបាន ២​គ្រាប់​បន្ថែមទៀតដោយ​កីឡាករ​ Fujii Kaito ​នៅ​នាទី​៣៧ និង​កីឡាករ​ Yamada Shin ​នៅ​នាទី​៦៤។​​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ មុន​ការប្រកួត​នេះក្រុម​ជម្រើសជាតិ​ U23 ​កម្ពុជាក៏​មិន​ខុសពី​ក្រុម​ជម្រើសជាតិ ឬ​ក្រុម​ធំ​កម្ពុជា​ដែរក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​គឺ​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​ក្នុងការ​ជ្រើសរើស​កីឡាករ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ដ​កម្លាំង​អំណត់ 30-15IFT test ​ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ និងអាមេរិក អះអាងថាកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្ទ Hormuz ជិតសម្រេចបានហើយ
08/06/2026 08:08 AM
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM