MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?

ព័ត៌មានកីឡា

U23 ​កម្ពុជាចាញ់​ U23 ​ជប៉ុន ៣-១ ចំពោះមុខ​អ្នកគាំទ្រ​ជិត ១​ម៉ឺន​នាក់​

2022/09/21 05:26:18 pm        101
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុន ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនៅ​ពហុ​កីឡដ្ឋាន​ជាតិកាលពី​រាត្រី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ ។ ​​ការប្រកួត​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​សរុប​ចំនួន ៩៦៥៤​នាក់​នេះ ក្រុមយុវជន​ U23 ​ជប៉ុនបាន​ស៊ុត​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុននៅ​នាទី​១៤ ដោយ​កីឡាករ​ Komori Hiiro ​មុន​ប្រធាន​ក្រុម ជួន ចាន់​ចាវ រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រនៅ​នាទី​២៧។ យ៉ាងណាក្ដី​ក្រុម​ភ្ញៀវ​ជប៉ុននៅតែ​ព្យាយាម​ដាក់​សម្ពាធរហូត​រកបាន ២​គ្រាប់​បន្ថែមទៀតដោយ​កីឡាករ​ Fujii Kaito ​នៅ​នាទី​៣៧ និង​កីឡាករ​ Yamada Shin ​នៅ​នាទី​៦៤។​​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ មុន​ការប្រកួត​នេះក្រុម​ជម្រើសជាតិ​ U23 ​កម្ពុជាក៏​មិន​ខុសពី​ក្រុម​ជម្រើសជាតិ ឬ​ក្រុម​ធំ​កម្ពុជា​ដែរក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​គឺ​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​ក្នុងការ​ជ្រើសរើស​កីឡាករ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ដ​កម្លាំង​អំណត់ 30-15IFT test ​ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

នាយក​ប្រតិបត្តិ Bayern Munich, Oliver Kahn នៅតែ​គាំទ្រ Julian Nagelsmann ទោះ​ចាប់ផ្តើម​រដូវ​កាល​មិនល្អ​

2022/09/20 10:15:52 pm        218
​បាល់ទាត់៖ ​នាយក​ប្រតិបត្តិ​នៃ​ក្លិប​ Bayern Munich លោក Oliver Kahn នៅតែ​គាំទ្រ​គ្រូបង្វឹក​លោក Julian Nagelsmann បើទោះជា​ចាប់ផ្តើម​រដូវ​កាល​មិនល្អ​នៅ Bundesliga ក្តី​។ ​​Bayern Munich បាន​រង​បរាជ័យ ១-០ នៅ​ទឹកដី Augsburg កាលពី​ថ្ងៃ​សៅរ៍​គឺជា​ប្រកួត​ដំបូង​ក្នុង​ចំណោម ៨៧​ប្រកួត​ចុងក្រោយ​ដែល Bayern Munich រក​គ្រាប់​បាល់​មិនបាន​ក្នុង​មួយ​ប្រកួត​បែបនេះ​នៅក្នុង​លី​គ និង​ជា​លើកដំបូង​ក្នុង​រយៈពេល ២០ឆ្នាំ​ដែល Bayern Munich លេង​មិន​ឈ្នះ ៤ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​គ​ផងដែរ​។ ​Bayern Munich បច្ចុប្បន្នកំពុង​ឈរ​លេខ៥ នឹងត្រូវ​ជួប​ជាមួយ Bayer Leverkusen នៅ​ថ្ងៃទី៣០ ខែកញ្ញា​នេះ ខណៈ​លោក​អតីត​អ្នកចាំទី Bayern Munich បច្ចុប្បន្ន​ជា CEO លោក Oliver Kahn និយាយថា គ្រប់គ្នា​ត្រូវ​ឆ្លើយតប​មកវិញ​ពី​ការធ្លាក់ចុះ​ទម្រង់​លេង​ជា​ក្រុម ហើយ​ក្លិប​មិនមាន​គំរោង​រក​គ្រូបង្វឹក​ថ្មី​ឡើយ ទោះបីជា​ក្លិប​មិន​សប្បាយចិត្ត​ចំពោះ​ទំរង់​លេង​បច្ចុប្បន្ន​ក្តី​។​​សូមបញ្ជាក់ថា Bayern Munich ឈ្នះ​ចុងក្រោយ​បំផុត​នៅក្នុង​លី​គ​គឺ​ឈ្នះ​នៅ​ទឹកដី Bochum ៧-០ តាំងពី​ថ្ងៃទី២១ ខែសីហា ហើយ​ក្រោយមក​ក៏​ស្មើ ៣ប្រកួត​ជាប់​គ្នា​មុនពេល​ចាញ់ Augsburg កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។ ​យ៉ាងណាក្តី​ក្រុម​របស់លោក Julian Nagelsamnn មាន​ស្ថិតិ​ល្អ​នៅ UEFA Champions League ដោយ​ឈ្នះ ២ប្រកួត​ដំបូង​ក្នុង​ពូ​ល​រួមមាន​ឈ្នះ​នៅ​ទឹកដី Inter Milan និង​ឈ្នះ Barcelona នៅក្នុង​ផ្ទះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

La Liga ថ្កោលទោស​រឿង​រើសអើង​លើ Vinicius Jr. អំឡុង​ការប្រកួត​នៅ​ទឹកដី Atletico Madrid

2022/09/20 09:40:06 pm        185
​បាល់ទាត់៖ ​ក្របខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​ថ្កោលទោស​ចំពោះ​ការរើសអើង​ទៅលើ​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​របស់ Real Madrid, Vinicius Junior អំឡុង​ការប្រកួត​នៅ​ទឹកដី Atletico Madrid ចុង​សប្តាហ៍​កន្លងទៅ​។ ​​Real Madrid បាន​យកឈ្នះ​នៅ​ទឹកដី Atletico Madrid ២-១ ខណៈ​ដែលមាន​អ្នកគាំទ្រ​មួយចំនួន​បាន​ច្រៀង​ចម្រៀង​ ដែលមាន​អត្ថន័យ​រើសអើង​អំឡុង​ការ​ដើរចូល​ទីលាន​។​ ​ការលេចឡើង​សកម្មភាព​រើសអើង​នេះដែរ បន្ទាប់ពី Vinicius Junior បាន​និយាយ​ពាក្យ​ថា សេចក្តីសុខ​របស់​កីឡាករ​ស្បែក​ខ្មៅ​ប្រេ​ស៊ី​ល​នៅ​អឺរ៉ុប​។ ​មិន​ត្រឹមតែ​ចម្រៀង​រើសអើង​ទេ គេ​ឃើញ​មាន​អ្នកគាំទ្រ​កាន់​រូប​ស្វា​ពាក់អាវ Real Madrid ទៀតផង​។ ​La Liga បាន​ហៅ​ទង្វើ​បែបនេះ​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន ខណៈ​ស្ថាប័ន​បាល់ទាត់​កំពុងធ្វើការ​ជាមួយ​ភាគី​ក្លិប​ម្ចាស់ផ្ទះ​ដើម្បី​វែកមុខ​មនុស្ស​អគតិ​ទាំងនោះ​។​​កីឡាករ​វ័យ ២២ឆ្នាំ Vinicius Junior ធ្លាប់បាន​ស៊ុត​បញ្ចូល​ទីហើយអបអរ​គ្រាប់​បាល់​របស់ខ្លួន ​ដោយ​ការ​រាំ​ឆ្លើយតប​នឹង​ការរិះគន់មិន​ពេញ​ចិត្តនឹង​ការ​រាំ​របស់គេ​។ ​ចំណែក​ការប្រកួត​នៅ​ទឹកដី Atletico Madrid មិត្ត​រួម​ក្រុម Rodrygo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ក៏បាន​អបអរ​គ្រាប់​បាល់​ដោយ​រាំ​ដូចនឹង Vinicius Junior ដែរ​ដើម្បី​គាំទ្រ​មិត្ត​រួម​ក្រុម​។ ​តាមរយៈ​ការរើសអើង​នេះ តារាបាល់ទាត់​ប្រេ​ស៊ី​ល​មួយចំនួន​បាន​បង្ហោះ​សា​រ លើ​បណ្តាញ​សង្គម​ក្នុង​អត្ថន័យ​គាំទ្រ Vinicius Junior មានដូចជា Pele និង Neymar ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Hugo Lloris អវត្តមាន​ពី​ក្រុម​បារាំង​នៅ Nations League ដោយសារ​របួស

2022/09/20 07:16:23 pm        75
​បាល់ទាត់៖ ​អ្នកចាំទី Tottenham Hotspur, Hugo Lloris នឹង​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​បារាំង​សំរាប់​ការប្រកួត​ក្របខណ្ឌ UEFA Nations League សប្តាហ៍​នេះ​ដោយសារ​របួស​ភ្លៅ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​បារាំង​។ ​​Hugo Lloris បាន​ចូល​លេង​ប្រកួត​ចុងក្រោយ​ឱ្យ Spurs ពេល​យកឈ្នះ Leicester City កាលពី​ថ្ងៃអាទិត្យ​ជា​ប្រកួត​ដែល​ក្រោយមក​ដឹងថា Lloris មាន​បញ្ហា​ភ្លៅ​ខាងស្តាំ​។ ​អវត្តមាន​របស់ Hugo Lloris មានន័យថា ​ក្រុម​ជើងឯក​ពិភពលោក​បារាំង​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ជាច្រើនរូប​ មុន​ការប្រកួត​លក្ខណៈ​អន្តរជាតិ​សប្តាហ៍​នេះ​។ ​ខ្សែការពារ AC Milan, Theo Hernandez ក៏​អវត្តមាន​ដែរ​ដោយសារ​របួស​ដូចគ្នា​ ធ្វើឱ្យ​អវត្តមាន​នេះ​ត្រូវ​ជំនួស​ដោយ​អ្នកចាំទី Nantes, Alban Lafont និង​ខ្សែការពារ Aston Villa, Lucas Digne​។​​ក្រុម​របស់លោក Didier Deschamps ក៏​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ Real Madrid, Karim Benzema ដែរ​ដោយសារ​របួស​ភ្លៅ​ទាំងសងខាង​អំឡុង​ជ័យជំនះ​នៅ​ទឹកដី Celtics ក្របខណ្ឌ UEFA Champions League​។​ ​បារាំង​ស្ថិតនៅក្រោម​គេ​ក្នុង​ពូ​ល​ទី១ នៃ League A ដោយមាន​ត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ ៤​លើក ​ខណៈ​សប្តាហ៍​នេះ​នឹងត្រូវ​ជួប​ជាមួយ​អូទ្រីស​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ទៅ​ទឹកដី​ដា​ណឺ​ម៉ា​កនៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Suarez នឹង​ចាក​ចេញពី​ក្លិប Nacional មុន World Cup ចាប់ផ្តើម​

2022/09/20 06:31:03 pm        67
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Luis Suarez នឹង​ចាក​ចេញពី​ក្លិប​កំណើត​របស់ខ្លួន Nacional មុន​ចូលរួម​ជាមួយ​ក្រុម​ជំរើសជាតិ​អ៊ុយ​រូ​ហ្កា​យ​នៅ World Cup 2022 ខាងមុខនេះ​។ ​អតីត​ខ្សែប្រយុទ្ធ Atletico Madrid រូបនេះ​បាន​ផ្លាស់​ទៅកាន់​ក្លិប​ដើម​របស់ខ្លួន​កាលពី​ខែមិថុនា ទោះបី​ជាមាន​ទំនាក់ទំនង​ផ្ទេរ​ត្រលប់​ទៅកាន់ English Premier League ក្តី​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បានបង្ហាញ​ទំរង់​លេង​ល្អ​ផងដែរ​នៅ Nacional ដោយ​រកបាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៨ប្រកួត​។ ​ការវិល​ត្រលប់​មកកាន់ Nacional ត្រូវបាន​គេ​ដឹងថា​ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​ម្ចាស់​ក្លិប​មិនបាន​បង្ហាញ​លំអិត​ពី​កិច្ចសន្យា​នេះឡើយ តែ​នៅពេលនេះ​លោក Jose Fuentes បានបញ្ជាក់​ច្បាស់​ថា Luis Suarez នឹង​ចាកចេញ​ពិតប្រាកដ​។ ​សូមបញ្ជាក់ថា ការ​ត្រលប់​មកកាន់ Nacional គឺ​ដើម្បី​ឱកាស​លេង​បាល់​ទៀងទាត់​មួយ ធ្វើយ៉ាងណា​រក្សា​ទំរង់​លេង​ដើម្បី​ជួយ​ក្រុម​ជំរើសជាតិ​អ៊ុយ​រូ​ហ្កា​យ​នៅ World Cup 2022 ឆ្នាំនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យុវជន​ថៃ​ម្នាក់​អរគុណ​បាល់ទាត់​កម្ពុជា​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​កុងត្រា​អាជីព​នៅ​ស្រុកកំណើត​

2022/09/20 06:03:49 pm        203
​បាល់ទាត់៖ កីឡាករ​ជនជាតិ​ថៃ​ Suphanuth Nira ​បាន​សម្ដែង​ការ​អរគុណចំពោះ​បាល់ទាត់​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្លួន​ទទួលបាន​កុងត្រា​នៅ​ក្លិប​មួយនា​ប្រទេស​កំណើត បន្ទាប់ពី​រូបគេ​បាន​វិវត្តន៍​ខ្លួន​ពី​ការ​លេង​នៅ​លី​គ​កំពូល​ហ្វូ​ត​សាល​កម្ពុជាជាមួយ​ក្រុម​ Panda FT ​និង​ការដឹកនាំ​ការប្រកួត​ស្ម័គ្រចិត្ត​នៅ​ក្រុម​វិទ្យាល័យ ហ៊ុន សែន សេរីភាព​។​ ​យុវជន​ថៃ​រូបនេះបាន​ឲ្យ​ដឹងថា ខ្លួន​បានមក​កម្ពុជាកាលពី​ឆ្នាំ​២០២០ ក្នុង​គោលបំណង​សិក្សា​ឱកាស​ធ្វើ​អាជីវកម្ម ហើយ​ឆ្លៀតពេល​ទំនេរ​លេង​បាល់ទាត់​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព​ Bayon Wanderer ​ដែលជា​ក្រុម​ប្រមូលផ្ដុំ​ដោយ​កីឡាករ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ល្អៗ។ បន្ទាប់ពី​ឃើញ​សមត្ថភាព និង​ទម្រង់​លេង​របស់គេ ក្រុម​ Panda FT ​ក៏បាន​នាំ​គេ​មកជួយ​ក្រុម​លេង​ពាន​បាល់ទាត់​ក្នុង​សាល​កម្រិត​ជាតិ​ជាច្រើន​។​ ​រហូតដល់​ឆ្នាំ​២០២២ កាលពី​ថ្មីៗ​នេះ​ Suphanuth ​ក៏បាន​ត្រឡប់​ទៅធ្វើ​តេស្ដ​ជាមួយ​ក្លិប​ Muangkrung FC ​នៃ​ក្របខណ្ឌ​លី​គ​ទី​៤ ប្រទេស​ថៃ ហើយ​បាន​ជាប់ និង​ទទួលបាន​កុងត្រា​អាជីព​តែម្ដង។ តាមរយៈ​នេះរូបគេ​បាន​សម្ដែង​សេចក្ដី​រីករាយ ហើយ​បាន​អរគុណ​បាល់ទាត់​កម្ពុជាដែល​ជួយ​ឲ្យ​ខ្លួន​រីកចម្រើន និង​ផ្ដល់​បទពិសោធន៍​ល្អៗរហូត​ឈានដល់​កម្រិត​មួយ​កាន់តែ​ប្រសើរ និង​ក្លាយជា​កីឡាករ​អាជីព​នៅ​ប្រទេស​កំណើត​ថែមទៀត។​​យ៉ាងណាមិញ ទោះ​មានឱកាស​ប្រកប​អាជីប​នៅ​ប្រទេស​ថៃ​វិញ​ក្ដី តែ​កីឡាករ​ Suphanuth ​បាន​បង្ហើប​ថា ខ្លួន​នឹង​ត្រឡប់មក​កម្ពុជា​វិញនា​ថ្ងៃ​អនាគតដើម្បី​បង្កើត​ក្រុមបាល់ទាត់​មួយ និង​ជំរុញ​កីឡាករ​មាន​សក្តានុពលអាច​ទៅលេង​នៅក្រៅ​ប្រទេស​បានដូចជា​ថៃ និង​ឥណ្ឌូនេស៊ី​ជាដើម​។​ ​គួរ​ដឹងថា មុន​មក​កម្ពុជា​ Suphanuth ​បាន​ផ្តើម​ហ្វឹកហាត់​បាល់ទាត់​តាំងពី​កុមារនៅ​សាលា​កីឡា​មួយ ដែល​ផលិត​កីឡាករ​ជម្រើសជាតិ​ថៃ​ជាច្រើន​ដូចជា​ Channathip Songkrasin, Thitiphan Puangchan, Tanaboon Kesarat ​ជាដើម​។ នៅ​ទីនោះក្នុង​វ័យ ​១៦​ឆ្នាំ គេ​ត្រូវបាន​ក្លិប​ Raj Vithi FC ​នៅ​លី​គ​ទី​២​ ថៃចាប់អារម្មណ៍ ប៉ុន្តែ​ត្រូវ​ខកខានដោយសារ​ឪពុកម្តាយ​ចង់​ឲ្យ​ផ្តោតលើ​ការសិក្សា​ជាមុនសិន​៕​អត្ថបទ៖ លី ឈុន​ឡា

រឿង World Cup មិនទាន់​ច្បាស់ ​តែ​របួស​ស្មា​របស់ Kalvin Phillips ត្រូវការ​វះកាត់

2022/09/20 05:50:16 pm        100
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​ Manchester City លោក Pep Guardiola បានបញ្ជាក់​ថា របួស​ស្មា​របស់​ខ្សែបម្រើ​អង់គ្លេស Kalvin Phillips អាចមាន​លទ្ធ​ភាពជា​ទាន់ World Cup តែ​ត្រូវ​ការវះកាត់​។ ​​Kalvin Phillips មិន​ស្ថិតក្នុង​ក្រុម Manchester City ឡើយ​ពេល​យកឈ្នះ​នៅ​ដី Wolverhampton សប្តាហ៍​មុន បន្ទាប់ពី​រងរបួស​ស្មា​តាំងពី​ការប្រកួត​មិត្តភាព​ជាមួយ Barcelona នៅ​អេ​ស្ប៉ា​ញ​ខែ​មុន​។ ​​កីឡាករ​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​រងរបួស​ញាំញី​តាំងពី​ផ្លាស់​ពី Leeds United ដោយ​បង្ហាញខ្លួន​បាន​ត្រឹម ១៣នាទី​ប៉ុណ្ណោះ​ជាមួយ​ក្លិប​ថ្មី​របស់ខ្លួន​។ ​​របួស​របស់ Kalvin Phillips ធ្វើ​ឱ្យគេ​អវត្តមាន​ពី​ក្រុម​ជំរើសជាតិ​អង់គ្លេស​សម្រាប់​ការប្រកួត​ក្របខណ្ឌ UEFA Nations League សប្តាហ៍​នេះ​នៅពេល​អង់គ្លេស​ជួប​អ៊ីតាលី និង​អាល្លឺម៉ង់​។ ​​អង់គ្លេស​ស្ថិតក្នុង​ពូ​ល B នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​អ៊ីរ៉ង់​មុនគេ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ជួប​អាមេរិក​ថ្ងៃទី២៥ និង​ជួប​វែ​ល​ថ្ងៃទី២៩ ខែវិច្ឆិកា​ដដែល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​វ៉ូ​វី​ណា​ម​សម្លឹង​ឃើញ​ធនធាន​ថ្មីៗ និង​មាន​សមត្ថភាព​ខ្ពស់​ក្រោយ​ចប់​ជើងឯក​ថ្នាក់ជាតិ

2022/09/20 05:24:21 pm        141
​​វ៉ូ​វី​ណា​ម​៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គ្រា​ដែល​សហព័ន្ធបា​នស​ម្លឹ​ក​ឃើញ​ធនធាន​ថ្មីៗដែលមាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​គួរឲ្យ​កត់សម្គាល់ ក្រោយ​បញ្ចប់​ការប្រកួត​ប្រចាំ​ឆ្នាំនេះ។​​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ប៊ូ ជុំ​សេរី​  ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ សៅ ស្រី​ពៅ អនុប្រធាន​កិត្តិយស​ហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​, ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ហើយក៏​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ Snatiphap Intaraphart ​អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​អាស៊ីអាគ្នេយ៍​ផងដែរ។​ ​លោក យាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ការជួយជ្រោមជ្រែង​ពី​វិស័យ​ឯកជន​នេះ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨២​នាក់មកពី ៨​សមាគម​/​ក្លិប ក្រសួង និង​រាជធានី​/​ខេត្ត ដែល​ធ្វើការ​ប្រកួត​លើ ១៩​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស ក្រៅពី​កំណត់​បាន​នូវ​កីឡាករ​-​កីឡាការិនី​ជ័យលាភី សហព័ន្ធ​បាន​សម្លឹង​ឃើញ​កីឡាករ​-​កីឡាការិនី​ថ្មីៗដែលមាន​បច្ចេកទេស ទេពកោសល្យ និង​សមត្ថភាព​ខ្ពស់ មាន​ស្មារតី​អង់​អាច​ក្លាហានដែល​អាច​ប្រកួតប្រជែង​នៅ​កម្រិត​ជាតិ និង​អន្ដរជាតិ​បាន។​​រីឯ​អាជ្ញាកណ្ដាល​-​ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​វិញ គឺមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការរៀបចំ​ការប្រកួត​នានា ពិសេស​បង្ហាញ​នូវ​ការត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ តែម្ដង។​ ​បន្ថែម​លើ​នេះ ឯកឧត្តម អ៊ូ រតនា បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​រៀបចំ​ការប្រកួត​របស់​មន្ដ្រី​បច្ចេកទេស ពិសេស​ការខិតខំ​ប្រឹង​អស់ពី​កម្លាំងកាយ​ចិត្ត និង​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះដំណើរការ​ប្រកួត​ដោយ​រលូន និង​ទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ដែល​កំពុង​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​លទ្ធផល​ជារួម ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃ គេ​ឃើញ​ក្លិប​កីឡា​វ៉ូ​វី​ណា​មក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ១៥​គ្រឿង (​មាស ៩ ប្រាក់ ២ និង​សំរឹទ្ធ ៤) ខណៈ​ខេត្តស្វាយរៀងឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ១) និង​ក្រសួងមហាផ្ទៃឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ១០ សរុប ១៤​គ្រឿង។ ចំណែក​ក្លិប​ខណ្ឌ​សែន​សុខឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ១០​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៦) និង​ខេត្តកំពង់ស្ពឺឈរ​លេខ៥ ឈ្នះ​មេដាយ​សរុប ៣​គ្រឿងរួមមាន​មេដាយមាស ២ និង​ប្រាក់ ១៕​អត្ថបទ៖ លី ឈុន​ឡា

គ្រូ U23 ថា ការប្រកួត​ថ្ងៃនេះ​មិន​ងាយស្រួល​ឡើយ ស្របពេល​គ្រូ​ជប៉ុន​ចង់​ឈ្នះ

2022/09/20 04:47:40 pm        116
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​ជប៉ុននា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​ជុំវិញ​ការប្រកួត​ដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍ ពិសេស​សមាសភាព​កីឡាករ​ជប៉ុនដែល​ភាគច្រើន​ជា​និស្សិត​នេះ គ្រូបង្វឹក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាលោក​ Ryu Hirose ​បាន​លើកឡើងថា មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ ស្របពេល​គ្រូបង្វឹក​ក្រុម​ជប៉ុនបានបង្ហាញ​ពី​មហិច្ឆតា​ចង់​ឈ្នះ​ដូចគ្នា។​ ​លោក​ Ryu Hirose ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ទោះបី​កីឡាករ​ជប៉ុន​ទាំងអស់មកពី​ក្រុម​សាកលវិទ្យាល័យ ប៉ុន្ដែ​ពួកគេ​សុទ្ធតែជា​កីឡាករកម្រិត​ខ្ពស់ និង​ជា​អនាគត​កីឡាករ​អាជីព​ក្នុង​លី​គ​កំពូល​ជប៉ុន។ ដូច្នេះ​ត្រូវ​ផ្លាស់ប្ដូរ​ការគិត ព្រោះនេះ​មិនមែនជា​ការប្រកួត​ងាយស្រួល ដូច​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​លើកឡើង​នោះទេ។​ ​លើសពីនេះលោក​បានចាត់ទុក​ការប្រកួត​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អសម្រាប់​ក្រុមយុវជន​ U23 ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថភាព ជាមួយ​ក្រុមយុវជន​ជប៉ុនដែល​មកពី​ជំនាន់​ដូចគ្នា។ នេះ​គឺជា​ការត្រៀម​ដ៏​ល្អសម្រាប់​ការប្រកួត​បន្ដបន្ទាប់​ទៀត។ លោក​សង្ឃឹមថា កូនក្រុម​របស់ខ្លួននឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ។​​ដោយឡែក​លោក​ Lee Wooyoung ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុនបានបង្ហាញ​ក្ដី​រំពឹងថា កូនក្រុម​របស់ខ្លួននឹងធ្វើ​បានល្អដើម្បី​ទទួលបាន​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​របស់ខ្លួន ទោះបី​កីឡាករ​ភាគច្រើន​មកពី​ក្រុម​សាកលវិទ្យាល័យ​ក៏ដោយ។ លោក​បង្ហើប​ថា បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​កម្ពុជា កីឡាករ​ភាគច្រើននឹងចូលរួម​ជាមួយ​ក្លិប​អាជីព​នៅ​លី​គ​កំពូល និង​លី​គ​ទី​២ ជប៉ុន។​ ​ទន្ទឹម​ជាមួយគ្នា គ្រូបង្វឹក​រូបនេះក៏បាន​អរគុណ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​បាន​អញ្ជើញ​ក្រុម​ខ្លួន និង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាពរវាង​ក្រុម​ U23 ​កម្ពុជា និង​ U23 ​ជប៉ុន​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​ករលេខ ១ ពិភពលោក​ថ្មី Carlos Alcaraz នាំ​អេ​ស្ប៉ា​ញ​ឈ្នះ​កូរ៉េ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ Davis Cup

2022/09/19 10:34:22 pm        74
​វាយ​កូន​បាល់៖ ​កីឡាករ​​លំដាប់​លេខ ១ ពិភពលោក​ថ្មីថ្មោង Carlos Alcaraz រកបាន​ជ័យជំនះ​ដំបូង​របស់​ខ្លួន​ក្នុង​រជ្ជកាល​នៃ​តំណែង​លេខ ១ ពិភព​លោក​ក្រោយ​យកឈ្នះ​កីឡាករ​កូរ៉េ Kwon Soon-woo នាំ​ក្រុម​អេ​ស្ប៉ា​ញ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Davis Cup​។ ​​Carlos Alcaraz ដែល​ឡើង​មកឈរ​លំដាប់​កំពូល​របស់​ពិភពលោក​តាមរយៈ​ការ​ឈ្នះ​ជើងឯក Grand Slam លើកដំបូង​របស់ខ្លួន​នៅ US Open បាន​យកឈ្នះ Kwon Soon-woo ដោយ​លទ្ធផល ៦-៤ និង ៧-៦(៧-១)​។ ​ជាមួយគ្នា​នោះដែរ Roberto Bautista Agut គឺជា​អ្នក​រកបាន​ជ័យជំនះ​ដំបូង​ឱ្យ​អេ​ស្ប៉ា​ញ​ក្រោយ​យកឈ្នះ Hong Seong-chan ៦-១ និង ៦-៣​។ ​ជើងឯក ៦សម័យ​អេ​ស្ប៉ា​ញ​នឹង​បន្ត​ជួប​ជាមួយ​ក្រូ​អាស៊ី​ ដើម្បី​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​​ចំណែក​ការប្រកួត​ក្នុង​ពូ​ល B នៅ​ប្រទេស​អ៊ីតាលី​ ក្រុម​ម្ចាស់ផ្ទះ​ក៏បាន​បន្តដំណើរ​ឡើង​ជុំ​បន្ត​ដែរ​តាម​រយៈ​ជ័យជំនះ​របស់ Matteo Berrettini លើ​កីឡាករ Elias Ymer ៦-៤ និង ៦-៤ មុនពេល​ដែល Mikael Ymer យកឈ្នះ Jannik Sinner វិញ ៦-៤, ៣-៦ និង ៦-៣​។ ប្រកួត​កាត់​សេចក្ដី វាយ​គូ​កីឡាករ Simone Bolelli និង Fabio Fognini ឈ្នះ Andre Goransson និង Dragos Nicolae Madaras ៧-៦ និង ៦-២។ តាមរយៈ​លទ្ធផល​នេះ​អ៊ីតាលី​ឈ្នះ​ក្រុម​ស៊ុយអែត ២ទល់១ ឡើង​ជួប​ជាមួយ​អាមេរិក​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម៉ាឡេស៊ី ថា នឹងមិនបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ ប្រសិនបើជីវិតពួកគេស្ថិតក្នុងហានិភ័យ
08/06/2026 10:08 AM
MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
08/06/2026 10:08 AM
ចិន វាយបកអាមេរិកដោយទណ្ឌកម្ម និងរឹតបន្តឹងការនាំចេញយានដ្រូន មុនជំនួបលោក Xi-Trump
08/06/2026 10:08 AM
រដ្ឋមន្ត្រីមហាផ្ទៃ៖ យានដ្រូនផ្ទុកគ្រឿងផ្ទុះនៅអាកាសយានដ្ឋានប្រទេសអាល្លឺម៉ង់ បង្កើនគ្រោះថ្នាក់ថ្មី
08/06/2026 10:08 AM
អ៊ីស្រាអែល បន្តការវាយប្រហារលើលីបង់ ខណៈការចរចាកំពុងបន្តដំណើរការនៅអ៊ីតាលី
08/06/2026 10:08 AM
អ៊ីរ៉ង់ គំរាមវាយប្រហាររដ្ឋឈូងសមុទ្រជាថ្មី ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីទៀត
08/06/2026 10:08 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី​ប្រគល់សញ្ញាបត្រ​ជូននិស្សិត​ជ័យលាភី និង​សម្ពោធ​​អគារ​សិក្សា​​នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​
08/06/2026 10:08 AM
អ៊ីរ៉ង់ និងអាមេរិក អះអាងថាកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្ទ Hormuz ជិតសម្រេចបានហើយ
08/06/2026 08:08 AM
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM