ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

Carlos Alcaraz គ្រង​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព

2022/09/12 05:10:24 pm        60
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​បំពេញ​ក្តី​បំណង និង​ការប្រឹងប្រែង​របស់ខ្លួន​ក្រោយ​ដណ្តើមបាន​ជើងឯក Grand Slam លើកដំបូង​ក្នុង​អាជីព​ដោយ​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​យកឈ្នះ Casper Ruud ដោយ​លទ្ធផល ៦-៤, ២-៦, ៧-៦(៧-១) និង ៦-៣ បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈ្នះ​ពាន Grand Slam ចាប់តាំងពី​ឆ្នាំ២០០៥ ដែល​ធ្វើបាន​ដោយ Rafael Nadal ឈ្នះ​ពាន French Open​។ ​​ចំណែក​កីឡាករ​វ័យ ២៣ឆ្នាំ Casper Ruud បាន​ត្រឹម​ខកបំណង​បន្ទាប់ពី​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ពីរលើក​ផ្ទួនៗ​បូករួម​ទាំង Wimbledon​។ ​​អ្នកឈ្នះ​ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹក​មិញ​នេះ មានលទ្ធភាព​ឡើងឈរ​លេខ ១ ពិភពលោក​ដូចគ្នា​ដែល​មានន័យថា Carlos Alcaraz បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ត្រឹម ១៩ឆ្នាំ​ឡើងឈរ​លេខ ១ ពិភពលោក​ក្នុង​រយៈពេល ៤៩ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ ATP World Ranking​។​រីឯ​ការប្រកួត​ផ្នែក​នារី​វិញ​កាលពី​ថ្ងៃ​សៅរ៍ កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek បាន​គ្រង​ជើងឯក Grand Slam លើក​ទី២ ក្នុង​អាជីព​របស់ខ្លួន​បន្ទាប់​ពី​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-២ និង ៧-៦(៧-៥)​។ ​​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ២ព្រឹត្តិការណ៍​ជាប់​គ្នា​នៅ​ពានរង្វាន់ Grand Slam បន្ទាប់ពី​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ដែរ​កាលពី​ខែកក្កដា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lewis Hamilton ត្រូវ​ពិន័យ​ចេញដំណើរ​ក្រោយ​គេ​នៅ​អ៊ីតាលី​ដោយសារ​ប្រើប្រាស់​ម៉ាស៊ីន​លើស​កំណត់​

2022/09/09 10:00:41 pm        134
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 អង់គ្លេស Lewis Hamilton ត្រូវ​ពិន័យ​ឱ្យចេញ​ដំណើរ​នៅ​ជួរ​ក្រោយ​គេ​ក្នុង​ការប្រកួត​នៅ​ទីលាន Monza ប្រទេស​អ៊ីតាលី​ចុង​សប្តាហ៍​នេះ​ដោយសារ​រថយន្ត Mercedes របស់គេ​ប្រើប្រាស់​ម៉ាស៊ីន​លើស​កំណត់​។ ​​ជើងឯក​ពិភពលោក ៧សម័យ​រូបនេះត្រូវបាន​ក្រុម Mercedes បំពាក់​ម៉ាស៊ីន​ទី៤ នៅលើ​រថយន្ត​របស់គេ​លើសពី​ការកំណត់​របស់ F1 ត្រឹម៣​។ ​ម៉ាស៊ីន​ទី៣ នៃ​រថយន្ត​របស់ Hamilton ទើបតែ​បំពាក់​ថ្មីៗ​តែ​ក៏ត្រូវ​ខូចខាត​អំឡុងពេល​ប៉ះទង្គិច​ជាមួយ Fernando Alonso របស់​ក្រុម Alpine សប្តាហ៍​មុន​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​។ ​Lewis Hamilton កំពុង​ឈរ​លេខ៦ ក្នុង​តារាង​ជើងឯក​ពិភពលោក​រដូវ​កាល​នេះ​មិន​ទាន់​ឈ្នះ​មួយ​ទីលាន​ណា​ឡើយ​ ខណៈ​អ្នក​នាំមុខគេ​គឺ​អ្នកការពារ​តំណែង​ជើងឯក Max Verstappen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Serge Aurier ក្លាយជា​កីឡាករទី​២២ ដែល​ផ្លាស់​មកកាន់ Nottingham Forest

2022/09/09 09:40:48 pm        159
​បាល់ទាត់៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest មិនទាន់​បិទ​បញ្ចប់​ការនាំ​ចូល​កីឡាករ​ថ្មី​របស់ខ្លួន​នៅឡើយ​ ទោះ​ទិញ​មិនបាន​ដោយសារ​ទីផ្សារ​ទិញដូរ​កីឡាករ​បិទ​ក៏ដោយ​ក្តី ដោយបាន​នាំយក​កីឡា​ករទី២២ គឺ​ខ្សែការពារ​កូ​ឌី​វ័រ Serge Aurier ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​​ប្រធាន​ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័រ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Nottingham Forest ក្រោយ​កិច្ច​សន្យា​របស់គេ​អស់​សុពលភាព​នៅ​ក្លិប​អេ​ស្ប៉ា​ញ Villarreal​។​ ​Serge Aurier ធ្លាប់​ចំណាយពេល ៤ឆ្នាំ​នៅ Tottenham Hotspur ក្រោយ​ផ្លាស់​ពី Paris Saint Germain កាលពី​ឆ្នាំ២០១៧ តម្លៃ ២៣លាន​ផោន​។ ​Serge Aurier ក៏បាន​ចាក​ចេញពី Spurs នៅ​ឆ្នាំ២០២១ ក្រោយ​ការព្រមព្រៀង​រំលាយ​កិច្ច​សន្យា​រៀងខ្លួន​។ ​Aurier គឺជា​សមាជិក​របស់ Spurs ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League កាលពី​ឆ្នាំ២០១៩ តែ​ចាញ់ Liverpool​។ ​រដូវ​កាល​មុនគេ​បង្ហាញខ្លួន​នៅ Villarreal បាន ២៤ប្រកួត បូករួម​ទាំង ៥ប្រកួត​នៅ UCL៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Remco Evenepoel ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​រួម​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​១៨ Vuelta a Espana

2022/09/09 09:24:28 pm        60
​ប្រណាំង​កង់៖ ​កីឡាករ​​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​រួម​ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៨ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ដំណាក់កាល​ទី១៨ ដែលមាន​ចំងាយ​ផ្លូវ ១៩១.៧គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម Quick-Step Alpha, Remco Evenepoel បាន​ប្រជែង​ឈ្នះ​គូប្រជែង​កីឡាករ​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ​នៅ​ចំនុច​ចុងក្រោយ ​ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៤៥វិនាទី ១៧វិនាទី លឿន​ជាង Enric Mas ២វិនាទី និង​លេខ៣ កីឡាករ​ហូ​ឡង់ Rebert Gesink​។ ​​ក្រោយ​ប្រណាំង​បាន ១៨ដំណាក់កាល​នេះ Remco Evenepoel បាន​ពន្លាត​ការ​នាំមុខ​របស់ខ្លួន​ក្នុង​តារាង​រួម​ឡើងដល់ ២នាទី ៧វិនាទី ពីលើ​អ្នក​លេខ២ Enric Mas និង​លេខ៣ កីឡាករ​អេ​ស្ប៉ា​ញ Juan Ayuso យឺត​ជាង៥ នាទី ១៤វិនាទី​។ ​​សំរាប់​ដំណាក់កាល​ទី១៩ ថ្ងៃនេះ​មាន​ចំងាយ​ផ្លូវ ១៣២.៧គីឡូម៉ែត្រ​។ ​សូមបញ្ជាក់ថា ​ការប្រកួតប្រណាំង​កង់ Vuelta a Espana នឹង​បិទ​បញ្ចប់​នៅ​ដំណាក់កាល​ទី២១ ថ្ងៃអាទិត្យ​នេះ​នៅ​ទីក្រុង Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ US Open ក្រោយ​ឈ្នះ Caroline Garcia

2022/09/09 07:18:39 pm        65
​​វាយ​កូន​បាល់​៖ ​កីឡាការិនី​វាយ​កូន​បាល់​ទុយ​នេ​ស៊ី Ons Jabeur បាន​ពន្លាត​ជ័យជំនះ​ផ្ទួនៗ​របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាការិនី​បារាំង Caroline Garcia ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ US Open និង​ជាការ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam លើក​ទី២ ក្នុងឆ្នាំនេះ​។ ​​កីឡាការិនី​បារាំង Caroline Garcia ឡើងមក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ US Open នេះ​ដោយ​ជ័យជំនះ​ទាំងអស់​របស់ខ្លួន​មិន​ចាញ់​មួយ​សិត​ណា​ឡើយ តែ Ons Jabeur បាន​យកឈ្នះ​សិត​ដំបូង ៦-១ ត្រឹម ២៣នាទី​ដែល​រួមមាន​ការ​វាយ​ចេញ​សេវា​បាន​ពិន្ទុ ៦លើក និង​វាយ​ឈ្នះ​ពិន្ទុ ១១លើក​។ ​​ឈានចូល​សិត​ទី​ពីរ Ons Jabeur ក៏​មិន​បង្អង់​ដៃ​ដោយ​បន្ត​យកឈ្នះ ៦-៣ ទៀត​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ជា​លើក​ទី២ ក្នុងឆ្នាំនេះ​។ ​​Ons Jabeur បាន​ក្លាយជា​កីឡាការិនី​អារ៉ាប់​ទី១ ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon នាពេល​កន្លងមក ហើយក៏​នឹង​បន្ត​បង្កើត​ប្រវត្តិសាស្ត្រ​ទៀត​ក្នុងការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ US Open នេះ​៕អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ចាញ់​ តែ Arsenal និង West Ham ឈ្នះ​រៀងខ្លួន​នៅ​ក្របខណ្ឌ​អឺរ៉ុប

2022/09/09 06:44:27 pm        112
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​រង​បរាជ័យ​ជាថ្មី​ក្រោយ​ឈ្នះ ៤ប្រកួត​ជាប់​គ្នា​ក្នុង​លី​គ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ Real Sociedad ១-០ ក្នុង​ទឹកដី​ខ្លួនឯង​ប្រកួត​ទី១ ក្នុង​ពូ​ល E នៃ​ក្របខណ្ឌ UEFA Europa League​។ ​​ការប្រកួត​នេះ​អាច​ដំណើរការ​ទៅបាន បន្ទាប់ពី​មានការ​ជជែក​ពិភាក្សា​រវាង FA និង UEFA ស្របពេល​អង់គ្លេស​កំពុង​កាន់ទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ពិរាល័យ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II​។ ​​មិនមាន​ភ្លេង​ចាក់​ក្នុង​កីឡដ្ឋាន Old Trafford ឡើយ ​ខណៈ​កីឡាករ​សុទ្ធតែ​ពាក់​ខ្សែ​ខ្មៅ​កាន់ទុក្ខ និង​ស្ងៀមស្ងាត់​មួយ​នាទី​មុន​ការប្រកួត​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធផងដែរ​។ ​Cristiano Ronaldo ចាប់ផ្តើម ១១នាក់​ដំបូង​ការប្រកួត​នេះ​តែ​ខកខាន​ឱកាស​ជាច្រើន ​ខណៈ Real Sociedad រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៥៩ ដោយ​បាល់ ១១ម៉ែត្រ​របស់ Brais Mendez​។ ​​ប្រកួត​បន្ទាប់​របស់ Manchester United នៅ UEL ត្រូវ​ទៅ​ទឹកដី​ម៉ុ​ល​ដូ​វ៉ា​របស់ Sheriif Tiraspol សប្តាហ៍​ក្រោយ​។​ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ក្របខណ្ឌ Europa League ដែរ​បាន​យកឈ្នះ​នៅ​ទឹកដី​ស្វ៊ី​សរ​បស់ Zurich ២-១​។ ​គ្រាប់​បាល់​នាំមុខ​របស់ Arsenal រកបាន​ដោយ Marquinhos មុនពេល​ដែល Zurich តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី១ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Mirlind Kryeziu ខណៈ​គ្រាប់​ជ័យជំនះ​របស់ Arsenal ត្រូវ​រង់ចាំ​ដល់​នាទី​ទី៦២ ធ្វើបាន​ដោយ Eddie Nketiah​។ ​ប្រកួត​បន្ទាប់ Arsenal ត្រូវ​ជួប​ក្រុម​ហូ​ឡង់ PSV Eindhoven សប្តាហ៍​ក្រោយ​។ ងាក​មក​ក្របខណ្ឌ​ទី៣ UEFA Europa Conference League ក្រុម​ញញួរ​ធំ West Ham បាន​យកឈ្នះ​ក្រុម​រ៉ូ​ម៉ា​នី FCSB ៣-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​កោះប្រជុំ​គណៈកម្មការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ OCA ​នា​ដើមខែ​ក្រោយ​

2022/09/09 06:21:18 pm        76
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃទី​០៨ ខែកញ្ញា​ម្សិលមិញបាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ និង​ភាគី​ពាក់ព័ន្ធដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីលើក​ទី​៤១ (41st OCA General Assembly) ​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ។​ ​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​និង​ជា​អនុប្រធាន​ប្រចាំ​ការរៀបចំ​មហាសន្និបាត​ OCA ​ដើម្បី​បញ្ជាក់​ពី​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​គណៈកម្មការ​នីមួយៗ ក្នុងការ​រៀបចំ ទាំង​ការ​ស្នាក់នៅ ហូបចុក ដឹកជញ្ជូន ទទួល​បដិសណ្ឋារកិច្ច និង​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ដល់​ភ្ញៀវ​អន្ដរជាតិ ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​ដ៏​ធំ​នៅ​កម្ពុជា​នេះ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ដោយមាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​គណៈកម្មការ​នីមួយៗបាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ស្វាគមន៍​ឥស្សរជន​កីឡា និង​ថ្នាក់ដឹកនាំ​កីឡា​ទាំង ៤៥​ប្រទេស​ក្នុង​ទ្វីបអាស៊ី ក៏ដូចជា​ថ្នាក់ដឹកនាំ​មកពី​អង្គការ​កីឡា​ធំៗ​លើ​ពិភពលោក ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ពិត និង​សក្ដានុពល​ជាតិដល់​បណ្ដា​ប្រទេស​ចូលរួម។​​​គួរ​ដឹងថា ការទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជាកាលពី​ថ្មីៗ ដែល​តាម​គម្រោងនឹងមាន​ប្រតិភូ​កីឡា​មកពី​បណ្ដា​ប្រទេស​ទាំង ៤៥ ក្នុង​ទ្វីបអាស៊ី និង​ភ្ញៀវ​អន្ដរជាតិ​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។ តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ របស់​ស្ថាប័ន​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​អនុសាសន៍​ឲ្យ​អ្នកជំនាញ​កម្ពុជា ខិតខំ​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​ឲ្យ​បាន​ពេញទំហឹង សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ​២០២៩ នៅ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

Leipzig តែងតាំង​អតីត​គ្រូ Dortmund, Marco Rose ជំនួស​គ្រូបង្វឹក Domenico Tedesco

2022/09/09 06:08:32 pm        64
​បាល់ទាត់៖ ​ក្លិប​​អាល្លឺម៉ង់ RB Leipzig រកបាន​គ្រូបង្វឹក​ថ្មី​ហើយ​ក្រោយ​បញ្ចប់​តំណែង​លោក Domenico Tedesco បាន​មួយថ្ងៃ​គឺ​តែងតាំង​លោក Marco Rose ដែល​ធ្លាប់​ដឹកនាំ Dortmund​។ ​Leipzig កំពុង​ឈរ​លេខ ១១ នៅ Bundesliga ក្រោយ​ឈ្នះ​តែ ១ប្រកួត​គត់​ក្នុងចំណោម ៥ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក Domenico Tedesco ខណៈ​នៅ Champions League ក៏​ទើប​ចាញ់ Shakhtar Donetsk ធ្ងន់​ករ​ក្នុង​ដី​ខ្លួនឯង​។ ​​សម្រាប់​លោក Marco Rose ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ Moenchengladbach និង Dortmund តែ​ទើប​ត្រូវបាន Dortmund បញ្ចប់​តំណែង​កាលពី​ខែឧសភា​។ ​បុរស​វ័យ ៤៥ឆ្នាំ​រូបនេះ​ក៏​ធ្លាប់ជា​គ្រូបង្វឹក​នៅ​ក្លិប​ RB Salzburg ផងដែរ​ក្នុង​ក្រុមយុវជន​អំឡុង​រដូវ​កាល ២០១៣-១៧ និង​ជា​គ្រូបង្វឹក​ក្រុម​ធំ​នៅ​ឆ្នាំ២០១៧ ដល់ ២០១៩ ឈ្នះ​ជើងឯក​លី​គ​កំពូល​អូទ្រីស​ពីរលើក​។ ​ប្រកួត​ដំបូង​របស់ Leipzig ក្រោម​ការដឹកនាំ​របស់​លោក Marco Rose គឺ​ជួប​ជាមួយ​ក្លិប​ចាស់ Borussia Dortmund តែម្តង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea តែង​តាំង​គ្រូ Brighton, Graham Potter ជំនួស​លោក Thomas Tuchel

2022/09/09 05:53:59 pm        124
​​បាល់ទាត់​៖ ​ក្លិបតោ​ខៀវ Chelsea រកបាន​អ្នកចាត់ការ​ថ្មី​ហើយ​គឺ​លោក Graham Potter ដែល​ចាក​ចេញពី Brighton មក​ជំនួស​តំណែង​អ្នកចាត់ការ​អាល្លឺម៉ង់ Thomas Tuchel ដែល​ត្រូវ​បានបញ្ចប់​តំណែង​កាលពី​ថ្ងៃ​ពុធ​។ ​​បុរស​វ័យ ៤៧ឆ្នាំ Graham Potter បាន​ចុះហត្ថលេខា​ដឹកនាំ Chelsea រយៈពេល ៥ឆ្នាំក្រោយ​ចំណាយពេល ៣ឆ្នាំ​ដឹកនាំ Brighton​។ ​​ក្រុមការងារ​របស់លោក Graham Potter រួមមាន​គ្រូបង្វឹក Bjorn Hamberg និង Bruno ក៏ដូចជា​គ្រូ​អ្នកចាំទី Ben Roberts និង​ជំនួយការ Kyle Macaulay សុទ្ធតែ​បាន​ផ្លាស់​មកកាន់ Chelsea ទាំងអស់ បន្ទាប់ពី​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ចំណាយលុយ ២១លាន​ផោន​សំរាប់​ការផ្ទេរ​នេះ​។ ​​រំលឹកថា ​លោក Graham Potter ដែល​បាន​ចូលមក​ដឹកនាំ Brighton កាលពី​ឆ្នាំ២០១៩ បាន​ដឹកនាំ​ក្រុម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៩ រដូវ​កាល​មុន ដែលជា​ចំ​ណាត​ថ្នាក់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​លី​គ​កំពូល​អង់គ្លេស​។​​បច្ចុប្បន្ន Brighton ចាប់ផ្តើម​រដូវ​កាល English Premier League ក៏បាន​ល្អ​ទៀត​ដោយ​កំពុង​ឈរ​លេខ៤ ក្នុង​តារាង​ក្រោយ​ឈ្នះ៤ ស្មើ១ ចាញ់១ ហើយ​ក្នុងនោះ​មាន​ឈ្នះ​នៅ​ទឹកដី Manchester United ថ្ងៃ​បើក​រដូវ​កាល​ផងដែរ​។ ​​ដោយ​ឡែក​សម្រាប់​ការដកតំណែង​លោក Thomas Tuchel គឺ​បន្ទាប់ពី​ក្លិប​ចាប់ផ្តើម​រដូវ​កាល​នៅ EPL មិនល្អ​បូករួម​ទាំង​ចាញ់​ប្រកួត​ទី១ នៅ UCL​។ ​​យ៉ាងណាក្តី​ការបណ្តេញ​លោក Tuchel ត្រូវបាន​គេ​ដឹង​អ្នកចាត់ការ​អាល្លឺម៉ង់​រូបនេះ​ខ្វែងគំនិត​គ្នា​ជាមួយ​ម្ចាស់​ក្លិប​ថ្មី​លោក Todd Boehly ច្រើនជាង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បើ​គ្មាន​ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​កម្ពុជា ១៦១​នាក់​នឹង​ចេញទៅ​ហាត់​នៅ​ចិន​នា​សប្ដាហ៍​ក្រោយ​

2022/09/09 05:30:35 pm        73
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ១៦១​នាក់លើ ១២​ប្រភេទ​កីឡា នឹង​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិននា​ថ្ងៃទី​១៥ ខែកញ្ញា​សប្ដាហ៍​ក្រោយនេះ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ក្រោយ​ខកខាន​ជា​យូរដោយសារ​បញ្ហា​កូ​វីដ​-១៩ ឥលូវ​បានទទួល​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​រួចហើយក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក ១២​ប្រភេទស្មើនឹង ១៦១​នាក់ទៅ​ហាត់​នៅ​ចិននាពេល​ឆាប់ៗ​ខាងមុខ ក្រោម​ជំនួយឥតសំណង់​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិនដល់​រាជរដ្ឋាភិបាល​កម្ពុជា។​ ​ចំពោះ​អត្ត​ព​លិ​ក​ទាំង ១២​ប្រភេទ​កីឡាដែល​កម្ពុជាត្រៀម​បញ្ជូនទៅ​ហាត់​នៅ​ចិន​នា​សប្ដាហ៍​ក្រោយនេះ រួមមាន​ប្រតិភូ​ដឹកនាំ ២​នាក់​, ​កីឡា​កាយសម្ព័ន្ធ ១១​នាក់​, ​កីឡា​យូ​ដូ ៥​នាក់​, ​កីឡា​វូ​ស៊ូ ១០​នាក់​, ​កីឡាបាល់បោះ ១៥​នាក់​, ​កីឡាវាយកូនឃ្លីលើតុ ១០​នាក់​, ​កីឡាអត្តពលកម្ម ២០​នាក់​, ​កីឡា​ចំបាប់ ១៥​នាក់​, ​កីឡា​វាយ​សី ១២​នាក់​, ​កីឡាហែលទឹក ១១​នាក់​, ​កីឡា​លើក​ទម្ងន់ ១០​នាក់​, ​កីឡាបាល់ទាត់​-​នារី ២៥​នាក់ និង​បាល់ទះ ១៥​នាក់។​​តាម​គម្រោង​អត្ត​ព​លិ​ក​ទាំងអស់នឹង​ហ្វឹកហាត់​នៅ​ចិនរហូតដល់​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា កីឡាករ​-​កីឡាការិនី​ទាំង ១៦១​នាក់​ដដែលនឹងត្រូវ​ត្រលប់​ទៅ​ហ្វឹកហាត់​បន្ត​នៅ​ចិន​វិញ រហូត​ចប់​កិច្ចសន្យា​ជំនួយឥតសំណងដែលមាន​រយៈពេល ២​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា
08/06/2026 05:08 PM
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
08/06/2026 05:08 PM
ជំនួយស្បៀងអាហាររបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបានជូនដល់ដៃវីរកងទ័ពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ
08/06/2026 05:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ «ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូង​នៃ​សាមគ្គីភាពរបស់សហគមន៍អាស៊ាន»
08/06/2026 05:08 PM
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យ​ជាក់​ស្តែង​នៅ​ដែន​ជម្រក​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុងខេត្តក្រចេះ
08/06/2026 05:08 PM
មន្ដ្រីជាន់ខ្ពស់ក្រសួងផែនការ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ឆ្នាំ២០២៥ ខេត្តតាកែវ
08/06/2026 05:08 PM
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
08/06/2026 05:08 PM
គណបក្សនយោបាយ មានសុទិដ្ឋិនិយម​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរសភានាចុងខែសីហានេះ
08/06/2026 04:08 PM
គ្រួសារកសិករកូឡុំប៊ី រក្សាកេរតំណែលឲ្យរស់រាន តាមរយៈការអភិរក្សពិធីបុណ្យផ្កា
08/06/2026 04:08 PM
លីបង់ និងអ៊ីស្រាអែលរាយការណ៍ពីវឌ្ឍនភាពក្នុងកិច្ចចរចាទីក្រុងរ៉ូម ខណៈអំពើហិង្សានៅតាមព្រំដែនកើនឡើង
08/06/2026 04:08 PM