ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

កម្ពុជា​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី​អបអ​រលីគ​បាល់ទះ​ពាន​សម្ដេច​តេ​ជោ​លើកដំបូង​

2022/09/09 05:18:10 pm        51
​បាល់ទះ​៖ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​បង្ហើប​ថា សហព័ន្ធ​នឹងរៀបចំ​ការប្រកួត​លី​គ​បាល់ទះដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកដំបូងនា​ពាក់កណ្ដាល​ខែតុលា​ខាងមុខ ខណៈ​ដើម្បី​អបអរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍​នេះ សហព័ន្ធក៏​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីផងដែរ។​ ​លោក​បញ្ជាក់ថា ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីគឺជា​ពានរង្វាន់​ធំ និង​អស្ចារ្យ ដែល​សហព័ន្ធ​ប្ដេជ្ញា​ខិតខំ​រៀបចំ​ឲ្យ​ខាន​តែ​បាន ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ អ្វីដែល​ពិសេសគឺ​ភាគី​សិង្ហ​បុរីបាន​ឯកភាព​តាម​ការអញ្ជើញ​របស់​ក​ម្ពុ​ជា ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួនមក​ប្រកួត​មិត្តភាព​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះដែរ។ ម្យ៉ាងវិញទៀត សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​បាល់ទះ​កម្ពុជា ចេញទៅ​ប្រកួត​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗមុន​ស៊ី​ហ្គេម​មកដល់​ទៀតផង។​​តាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​ដដែល ចំពោះ​លី​គ​បាល់ទះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ស្នើសុំ​គោលការណ៍ដើម្បី​រៀបចំ​ការប្រកួត​នា​ពាក់កណ្ដាល​ខែតុលា​ខាងមុខនេះ ក្លិប​ចូលរួមគឺមាន ៨​ក្រុម​ជា​បេក្ខភាព​មកពី​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃឆ្នាំ​២០២២ កាលពី​ថ្មីៗ ព្រមទាំង​ក្លិប​កម្រិត​ A ​ផ្សេងៗ​ទៀតដែលមាន​ធនធាន​កីឡាករ​ល្អៗ ក៏​សហព័ន្ធ​បើកទ្វារ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Leipzig បណ្ដេញ​គ្រូ​បង្គោល Domenico Tedesco ក្រោយ​ចាញ់​ធ្ងន់​ករ​ប្រកួត​ដំបូង​នៅ UCL

2022/09/08 10:20:49 pm        69
​បាល់ទាត់៖ ​ក្លិប​​អាល្លឺម៉ង់ RB Leipzig បាន​បណ្តេញ​គ្រូ​បង្គោល​លោក Domenico Tedesco ចេញពី​តំណែង​ហើយប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី Leipzig ចាញ់ Shakhtar Donetsk ក្នុង​ដី​ខ្លួនឯង​ធ្ងន់​ករ ៤-១ ប្រកួត​ដំបូង​នៅ UEFA Champions League កាលពី​យប់​ថ្ងៃ​អង្គារ​។ ​​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ដឹកនាំ​ក្រុម​ ឈ្នះ​ជើងឯក​សំខាន់​លើកដំបូង​ក្នុង​រយៈពេល ១៣​ឆ្នាំ​គឺ​ឈ្នះ​ពាន German Cup រដូវ​កាល​មុន តែ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga មិនបាន​ល្អ​​ដោយ​ចុងក្រោយ​បំផុត​ចាញ់ Frankfurt ៤-០ ចុង​សប្តាហ៍​កន្លងទៅ​។ ​កាល​វិភាគ​ប្រកួត​បន្ត​របស់ Leipzig សុទ្ធតែ​ជួប​ក្រុម​ខ្លាំងៗ​ដូចជា​ទទួល Borussia Dortmund ថ្ងៃ​សៅរ៍​នេះ និង​ទៅ​ទឹកដី Real Madrid សប្តាហ៍​ក្រោយ​។​​Shakhtar Donetsk ដែល​យកឈ្នះ​នៅ​ទឹកដី Leipzig កាលពី​យប់​ថ្ងៃ​អង្គារបាន​បាត់បង់​កីឡាករ​បរទេស​ជាច្រើន​នាក់ ដោយសារ​បញ្ហា​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ខកខាន​ប្រកួត​ក្នុង​លី​គ​មួយ​រយៈពេល​ធំ តែ​នៅតែ​អាច​យកឈ្នះ​នៅ​ទឹកដី Leipzig បាន​ដោយ​មិន​លំបាក​។ ​រំលឹកថា ​លោក Domenico Tedesco ត្រូវបាន Leipzig តែងតាំង​ជា​គ្រូបង្វឹក ៩ខែ​មុនក្រោយ​ចំណាយពេល ២ឆ្នាំ​ដឹកនាំ​ក្លិប​រុស្ស៊ី Spartak Moscow៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Frances Tiafoe ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង​ក្នុង​អាជីព

2022/09/08 09:58:18 pm        79
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​អាមេរិក Frances Tiafoe បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ Grand Slam លើកដំបូង​ក្នុង​អាជីពបន្ទាប់ពី​ជ័យជំនះ​លើ​កីឡាករ​រុស្ស៊ី Andrey Rublev នៅ​ US Open​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​អាមេរិក​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល​តានតឹង​ក្នុង​សិត​នីមួយៗ ៧-៦(៧-៣) ៧-៦(៧-០) និង​សិត​ចុងក្រោយ ៦-៤​។ ​Frances Tiafoe ដែល​ទំលាក់ Rafael Nadal មុន​ឡើងមក​កាន់​វគ្គ​នេះ​នឹង​ឡើងមក​កាន់​លំដាប់ Top20 លើកដំបូង​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​នៅ​ដើម​សប្តាហ៍​ក្រោយ​។ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​ ក្រោយ​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Jessica Pegula ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៣​និង ៧-៦(៧-៤)​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​កីឡាការិនី​ប៉ូឡូញ Iga Swiatek បន្តដំណើរ​ឡើង​វគ្គ ៤នាក់​ចុងក្រោយ​ដោយ​ត្រូវ​ជួប​ជាមួយ​កីឡាការិនី​បេឡា​រុស Aryna Sabalenka ដែល​បាន​យកឈ្នះ​កីឡាការិនី​ឆែក Karolina Pliskova៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea សំរេចចិត្ត​ដេញ​អ្នកចាត់ការ Thomas Tuchel ចេញពី​តំណែង

2022/09/08 09:37:59 pm        125
បាល់ទាត់៖ ​​ក្លិប​​តោ​ខៀវ Chelsea បានសំរេច​បណ្តេញ​អ្នកចាត់ការ Thomas Tuchel ចេញពី​តំណែង​ហើយ​ចំ​ថ្ងៃទី ១០០ នៃ​ការចូល​កាន់កាប់​របស់​ម្ចាស់​ក្លិប​ថ្មី​។ ​អតីត​អ្នកចាត់ការ Dortmund និង PSG រូបនេះ​បាន​ចាក​ចេញពី Stamford Bridge បន្ទាប់ពី​ឈ្នះ​ពាន​សំខាន់​ចំនួន ៣ ក្នុង​រយៈពេល ២០ខែ​ក្នុង​តំណែង​។​​ការសំរេច​បណ្តេញ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះគឺ​បន្ទាប់ពី Chelsea ចាញ់​ប្រកួត​ដំបូង​នៅ UEFA Champions League រដូវ​កាល​នេះ​នៅ​ទឹកដី Dinamo Zagreb និង​បូក​រួមទាំង​ស្ថិតិ​មិនល្អ​នៅ English Premier League រដូវ​កាល​នេះ​។ ​លោក Tuchel បានមក​កាន់តំណែង​នៅ Stamford Bridge កាលពី​ថ្ងៃទី២៦ ខែមករា ​ឆ្នាំ២០២១ ជំនួស​លោក Frank Lampard និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក UEFA Champions League ត្រឹម​រយៈពេល ៤ខែ​ក្នុង​តំណែង​។ ​ក្រោម​ការវិនិយោគ​ដោយ​ម្ចាស់​ក្លិប​ថ្មី​លោក Todd Boehly ដែល​ទិញ​ភាគហ៊ុន​ក្លិប​មក​គ្រប់គ្រង​ពី​សេដ្ឋី​រុស្ស៊ី Roman Abramovich នោះ Chelsea បាន​ចំណាយលុយ ២៥៥.៣លាន​ផោន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ដែលមាន​ដូចជា Raheem Sterling ពី Manchester City ខ្សែការពារ Cucurella ពី Brighton ជាដើម​។​​Chelsea ចាប់ផ្តើម​រដូវ​កាល​នៅ English Premier League ក៏​មិនល្អ​ដែរ​ដោយ​កំពុង​ឈរ​លេខ៦ ក្នុង​តារាង​ឈ្នះ៣ ស្មើ១ ចាញ់២​។ ​អ្នកចាត់ការ​ដែល​គេ​គិតថា​អាចមក​ជំនួស​តំណែង​នៅ Stamford Bridge បន្ត​ពី Thomas Tuchel មានដូចជា​អ្នកចាត់ការ Brighton បច្ចុប្បន្ន​លោក Graham Potter, លោក Zinedine Zidane អតីត​អ្នកចាត់ការ Real Madrid និង Mauricio Pochettino អតីត​អ្នកចាត់ការ Spurs និង PSG៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Richarlison ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង ​ខណៈ Spurs វិល​មក UCL វិញ​ជាមួយ​ជ័យជំនះ​

2022/09/08 07:19:29 pm        144
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison ទីបំផុត​រកបាន​គ្រាប់​បាល់​ដំបូង​តាំងពី​ផ្លាស់​ពី Everton មកកាន់ Tottenham Hotspur និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​ដែរ​ស្របពេល Spurs វិល​ត្រលប់មក UEFA Champions League វិញ​ជាមួយនឹង​ជ័យជំនះ​លើ​ក្រុម​បារាំង Olympique Marseille​។ ​​ក្រុម​ភ្ញៀវ Marseille ក៏បាន​ធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ​តឹងចិត្ត​ដែរ បន្ទាប់ពី​ការការពារ​ស្អិត​មិន​របូត​គ្រាប់​បាល់​សោះ​ក្នុង​វគ្គ​ទី១ មុនពេល​ដែល​ដើម​វគ្គ​ទី២ Chancel Mbemba ត្រូវបាន​បណ្តេញចេញ​ក្រោយ​កំហុស​លើ Heung-min Son​។ ​​១៤នាទី​មុន​ចប់ កីឡាករ​ដែលមាន​តម្លៃ ៦០លាន​ផោន​ផ្ទេរ​ពី Everton, Richarlison ក៏​រកបាន​គ្រាប់​ដំបូង​របស់ខ្លួន ហើយក៏​រកបាន​គ្រាប់​ទី​ពីរ​ទៀត​នៅ​នាទី​ទី៨១​។ ​​ចប់​ការប្រកួត Spurs យកឈ្នះ Marseille ២-០ ទទួលបាន​បី​ពិន្ទុ​ឈរ​លេខ២ ក្នុង​ពូ​ល D នេះ​ ខណៈ​លេខ១ គឺ Sporting Lisbon ដែល​យកឈ្នះ​នៅ​ទឹកដី​ជើងឯក Europa League, Eintracht Frankfurt ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lewandowski ស៊ុត​បញ្ចូល​ទី ៣​គ្រាប់​ម្នាក់ឯង​មុន​ជួប​ក្លិប​ចាស់​សប្តាហ៍​ក្រោយ​

2022/09/08 06:45:25 pm        68
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski បាន​កំដៅ​សាច់ដុំ​មុន​ជួប​ក្លិប​ចាស់ Bayern Munich សប្តាហ៍​ក្រោយ ដោយ​ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ម្នាក់ឯង​ឱ្យ Barcelona យកឈ្នះ​ក្លិប​ឆែក Viktoria Plzen ៥-១​។ ​បន្ទាប់ពី​គ្រាប់​បើកឆាក​ដោយ​នាំមុខ​ដោយ Frank Kessie នៅ​នាទី​ទី១៣ កីឡាករ​វ័យ ៣៤ឆ្នាំ Lewandowski ក៏​រកបាន​គ្រាប់​ទី១ របស់ខ្លួន​នៅ​នាទី​ទី៣៤ មុន​ពេលដែល​ក្រុម​ភ្ញៀវ​តប​បាន​មួយ​គ្រាប់​វិញ​នាទី​ទី៤៤ ដោយ Jan Sykora តែ Lewandowski ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៤៥+៣​។ ​ឈានចូល​វគ្គ​ទី២ ខ្សែប្រយុទ្ធ​ប៉ូឡូញ​ដដែល​ក៏​រកបាន​គ្រាប់​បាល់​ទី​បីរ​របស់ខ្លួន​នៅ​នាទី​ទី៦៧ មុនពេល​ដែល Ferran Torres សំរេច​គ្រាប់​ទី៥ ឱ្យ Barcelona យកឈ្នះ ៥-១ ឈរលើ​គេ​ក្នុង​ពូ​ល C នេះ​។​​មួយ​ប្រកួត​ទៀត​ជំនួប​រវាង​ក្រុម​យក្ស​ទាំងពីរ​គឺ​យក្ស​អ៊ីតាលី និង​យក្ស​អាល្លឺម៉ង់ Inter Milan ទទួល Bayern Munich​។ ​​អតីត​ខ្សែបម្រើ Manchester City, Leroy Sane ស៊ុត​បញ្ចូល​ទី​ឱ្យ Bayern Munich នាំមុខ​នៅ​នាទី​ទី២៥ មុនពេល​ដែល Inter Milan កីឡាករ Danilo D’Ambrosio ភ្លាត់​ចូល​ទី​ខ្លួនឯង​។ ​​ជំនួប​បន្ត​ក្នុង​ពូ​ល C នេះ Inter Milan ធ្វើដំណើរ​ទៅ​ទឹកដី​ឆែក​របស់ Viktoria Plzen សប្តាហ៍​ក្រោយ ​ខណៈ Bayern Munich ទទួល Barcelona៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Antoine Griezmann បំបែក​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​នាទី​ចុង​ក្រោយ​បំផុត​នៅ UCL

2022/09/08 06:20:02 pm        95
​បាល់ទាត់៖ ​អភិនីហារ​បាន​កើតឡើង​នៅ​កីឡដ្ឋាន Wanda Metropolitano របស់ Atletico Madrid បន្ទាប់ពី​ការប្រកួត​ត្រូវ​សំរេច​គ្រាប់​បាល់​នៅ​ម៉ោង​បន្ថែម​បង្គ្រប់​ទាំងអស់​។ ​​Altetico Madrid បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ FC Porto ជាការ​ប្រកួតពេញ​ដោយ​ភាពស្ងប់ស្ងាត់​ស្ទើរ​ពេញ ៩០​នាទី​។ ​​លុះ​ឈានដល់​នាទី​ទី​៨២ ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi ទទួលបាន​កាត​លឿង​ទី​២ បណ្តេញ​ចេញពី​ការប្រកួត ក្រោយ​កំហុស​ធ្វើជា​ដួល​ចង់បាន ១១​ម៉ែត្រ មុនពេល​ដែល Mario Hermaso ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៩០+១ ដែល​គិតថា​ជា​គ្រាប់​ជ័យជំនះ​ទៅហើយ​សំរាប់ Atletico Madrid​។ ​​មិនមែន​ទេ Mateus Uribe គឺជា​អ្នក​ស៊ុត​តាម​ស្មើ​ឱ្យ Porto ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ​នាទី​ទី៩០+៦ នៃ​ម៉ោង​បន្ថែម​បង្គ្រប់ បន្ទាប់ពី​កំហុស​របស់ Hermaso ចុះទៅ​ការពារ​ដល់​ក្រោម​ហើយធ្វើឱ្យមាន​កំហុស​ដៃ​ប៉ះបាល់​។ ​​មិនទាន់​បញ្ចប់​ទេ Antoine Griezmann គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​សំរេច​គ្រាប់​ជ័យជំនះ​ពិតប្រាកដ​នៅ​នាទី​ទី៩០+១១ ឱ្យ Atletico Madrid យកឈ្នះ Porto ២-១​។​​បើតាម​ការកត់ត្រា​រប​ស់ Opta តាំងពី​ឆ្នាំ២០០៣ មក​គ្រាប់​បាល់​របស់ Griezmann នាទី​ទី១០០ និង ២១វិនាទី រឺ​នាទី​ទី៩០+១១ នេះជា​គ្រាប់​បាល់​ដែល​រកបាន​នៅ​នាទីចុងក្រោយ​បំផុត​បំបែក​កំណត់ត្រា​នៅ UEFA Champions League មិន​គិត​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​។ ​​មិនតែប៉ុណ្ណោះ​បី​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​នេះគឺជា​លើក​ទី២ ដែល​កើតឡើង​នៅ UCL បន្ទាប់ពី​លើក​ទី១ កាលពី​ខែធ្នូ​ ឆ្នាំ២០២១ ក៏​ជា​ជំនួប​រវាង​ក្រុម​ទាំងពីរ​ដែរ​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Atletico Madrid ឈរលើ​គេ​ក្នុង​ពូ​ល B នេះ​ជាមួយ Club Bruges ដែល​យកឈ្នះ Bayer Leverkusen ១-០ យប់មិញ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សូ​ហ្វ​តេ​ន្នី​ស​រំពឹង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​របស់ខ្លួននឹង​រីកចម្រើន ក្រោយ​បោះជុំរុំ​នៅ​កូរ៉េ​

2022/09/08 06:05:07 pm        83
​សូ​ហ្វ​តេ​ន្នី​ស៖ សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជាបាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​វ័យក្មេង ៨​រូបទៅ​បោះជុំរុំ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament ​រយៈពេល ៣​សប្ដាហ៍នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ក្រោយ​ខកខាន​រយៈពេល ២​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​ ​តាមរយៈ​ការបោះ​ជុំរុំ​ហ្វឹកហាត់ និង​ប្រកួត​ក្រៅប្រទេស​នេះ សហព័ន្ធ​រំពឹងថា កីឡាករ​-​កីឡាការិនី​វ័យក្មេង​របស់ខ្លួននឹងមាន​ភាព​រីកចម្រើន ទាំង​ការ​បន្សំ​ជាមួយ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ពិសេស​ពង្រឹងសមត្ថភាព​កាន់តែ​ប្រសើរ ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធក្នុង​ការត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​សហព័ន្ធ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា កីឡាករ​-​កីឡាការិនី​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជាដែល​បាន​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​កូរ៉េ រួមមាន​កីឡាករ កាន់ សោ​ភ័​ណ្ឌ​, ​ច​ន ម៉ា​ដា​, ​សាយ សុចិ​ត្រា​, ​សំ ចាន់​កាប៊ី​, ​សយ សុ​ធន់​, ​សម ដេវីដ រួមជាមួយ​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន និង​កីឡាការិនី ឃុន ចន្ទ​រ៉ូ​សិ​កា ដែល​ពួកគេ​បាន​ចាក​ចេញពី​មាតុភូមិកាលពី​ចុងខែ​សីហា​កន្លងទៅ។​​លោក​បន្ថែមថា ក្រៅពី​ការបញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ក្រៅ​ស្រុក សហព័ន្ធ​ក៏មាន​គម្រោង​ស្នើសុំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ស្វែងរក​គ្រូបង្វឹក​អន្តរជាតិ​មក​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី​រយៈពេល​ពី ៧ ទៅ ៨​ខែមុន​ស៊ី​ហ្គេមឆ្នាំ​២០២៣ មកដល់​ផងដែរ ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ដណ្ដើមបាន​មេដាយមាស ៣​គ្រឿងក្នុងចំណោម ៧​វិញ្ញាសានៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ ​គួរ​ដឹងថា កីឡា​សូ​ហ្វ​តេ​ន្នី​សត្រូវបាន​ចាត់ទុកជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុង​ក្ដី​រំពឹង​ស្វែងរក​មេដាយមាស​ជូន​ជាតិនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool ចាញ់​ធ្ងន់​នៅ​ដី Napoli ខណៈ Ajax បំបាក់ Rangers ៤-០

2022/09/08 05:38:41 pm        106
​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង UEFA Champions League រដូវ​កាល​មុន​ហង្ស​ក្រហម Liverpool ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុង​ពូ​ល A មិនល្អ​ឡើយ​ក្រោយ​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី​អ៊ីតាលី Napoli ៤-១​។ ​​ក្រុម​របស់លោក Jurgen Klopp បាន​របូត​បី​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ​បាល់ ១១ម៉ែត្រ​របស់ Piotr Zielinski នាទី​ទី៥​។ ​​Andre-Frank Anguissa និង Giovanni Simeone ក៏​រកបាន​ម្នាក់​មួយ​គ្រាប់​មុន​ចប់​វគ្គ​ទី១ មុនពេល Napoli បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​ដើម​វគ្គ​ទី២ ដោយ Zielinski។ ​Liverpool តប​បាន​មួយ​គ្រាប់​វិញ​ដោយ Luis Diaz តែ​មិនអាច​រកបាន​គ្រាប់​លើស​នេះឡើយ​ ខណៈ Liverpool បញ្ចប់​ការប្រកួត​ដោយ​បរាជ័យ ៤-១ នេះ​។ ​​ងាក​មក​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះដែរ Rangers បើក​ទំព័រ​នៃ​ការវិល​ត្រលប់​មកកាន់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​លើកដំបូង​ក្នុង​រយៈពេល ១២ឆ្នាំ​ជាមួយនឹង​បរាជ័យ​ធ្ងន់​ករ​ដែរ​នៅ​ទឹកដី​ហូ​ឡង់​របស់ Ajax Amsterdam​។​មិន​ខុសពី Napoli ឡើយ Ajax រកបាន​គ្រាប់​នាំមុខ​បី​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ​កីឡាករ​បីនាក់​ផ្សេងទៀត​រួមមាន Edson Alvarez, Steven Berghuis និង Mohammed Kudus មុនពេល​ដែល​អតីត​កីឡាករ​របស់ Spurs, Steven Bergwijn រកបាន​គ្រាប់​ចុងក្រោយ​នៅ​វគ្គ​ទី២​។ ​នេះ​ជា​បរាជ័យ ៤-០ លើក​ទី២ សំរាប់ Rangers ក្នុង​រយៈពេល ១សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ទើប​ចាញ់​គូប្រជែង​ស្លា​ប់រស់ Celtic កាលពី​ថ្ងៃ​សៅរ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​ E-Sports ​ប្រកាស​វិញ្ញាសា​ផ្លូវការសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/09/08 05:14:15 pm        202
​កីឡាអេឡិចត្រូនិច៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានប្រកាស​វិញ្ញាសា សម្រាប់​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជាជា​ផ្លូវការ​ហើយដែលមាន​សរុប​ចំនួន ៩​វិញ្ញាសាដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​ ​វិញ្ញាសា​ទាំង ៩ ដែល​សហព័ន្ធ​ទើប​ប្រកាស​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា​ម្សិលមិញរួមមាន​៖ ទី​១-​វិញ្ញាសា​ក្រុម​ AK2(PC), ​ទី​២-​វិញ្ញាសា​ឯកត្តជន​ AK2(PC), ​ទី​៣-​វិញ្ញាសា​ក្រុម​ PUBG Mobile, ​ទី​៤-​វិញ្ញាសា​ឯកត្តជន​ PUBG Mobile, ​ទី​៥-​វិញ្ញាសា​ក្រុម​បុរស​ Mobile Leagends: Bang Bang (Mobile), ទី​៦-​វិញ្ញាសា​ក្រុម​នារី​ Mobile Leagends: Bang Bang (Mobile), ទី​៧-​វិញ្ញាសា​ក្រុម​បុរស​ League Of League: Wild Rift (Mobile), ​ទី​៨-​វិញ្ញាសា​ក្រុម​នារី​ League Of League: Wild Rift (Mobile) ​និង​ទី​៩-​វិញ្ញាសា​ក្រុម​ Cross Fire (PC)។​ ​ទន្ទឹម​ជាមួយ​ការប្រកាស​វិញ្ញាសា​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ជា​ផ្លូវការ​នេះ សហព័ន្ធ​បាន​ក្រើនរំលឹក​ដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួនឲ្យ​បន្ដ​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែមតាម​វិញ្ញាសា​រៀងៗ​ខ្លួន ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ។​​គួរ​បញ្ជាក់ថា ការប្រកាស​វិញ្ញាសា​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍បានកំណត់​ប្រភេទ​កីឡា ៣៩ បូក​កីឡា​សម្ដែង ១​ប្រភេទដាក់​ក្នុង​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាកាលពី​ថ្មីៗ និង​ការប្រជុំ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នៅ​ទីក្រុង​បាងកកកាលពី​ថ្មីៗ ដែល​បាន​ពិភាក្សា និង​កំណត់​វិញ្ញាសា​ប្រកួត តាម​ប្រភេទ​កីឡា​នីមួយៗសម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានដាក់ពង្រាយនៅទីក្រុងតៃប៉ិ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ
08/06/2026 05:08 PM
មនុស្សយ៉ាងហោច៦នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលផ្ទះនៅភាគខាងជើងប្រទេសឥណ្ឌា
08/06/2026 05:08 PM
យោធាកូរ៉េខាងត្បូង បញ្ជាក់​ថា កូរ៉េខាងជើង បាញ់គ្រាប់រ៉ូកែតមិនស្គាល់ប្រភេទ​
08/06/2026 05:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបាញ់មីស៊ីលវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតនៅឈូងសមុទ្រ Aden
08/06/2026 05:08 PM
លោក Min Aung Hlaing៖ មីយ៉ាន់ម៉ាស្ថិតលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ
08/06/2026 05:08 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា
08/06/2026 05:08 PM
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
08/06/2026 05:08 PM
ជំនួយស្បៀងអាហាររបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបានជូនដល់ដៃវីរកងទ័ពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ
08/06/2026 05:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ «ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូង​នៃ​សាមគ្គីភាពរបស់សហគមន៍អាស៊ាន»
08/06/2026 05:08 PM
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យ​ជាក់​ស្តែង​នៅ​ដែន​ជម្រក​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុងខេត្តក្រចេះ
08/06/2026 05:08 PM