ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​អនុ​វិស័យ​អប់រំ​កាយ និង​កីឡា​បាន​បញ្ចប់ក្រោយ​ចាយ​ពេល ៣​ឆ្នាំ​

2022/09/07 05:38:08 pm        96
​ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បញ្ជាក់ថា ការរៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡាបានបញ្ចប់​ហើយ និង​បានសម្រេច​លទ្ធផល​មួយ​ជំហាន​ធំ​ផងដែរបន្ទាប់ពី​ចំណាយពេល​រៀបចំ ៣​ឆ្នាំកន្លងមក។​ ​ការលើកឡើង​នេះបន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​ពិធី​ផ្ដល់​ប័ណ្ណសរសើរ និង​លើកទឹកចិត្តដល់​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​តាក់តែង​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡាកាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ ឯកឧត្តម ប៊ូ ជុំ​សេរី បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល នៃ​ការតាក់តែង​សេចក្ដីព្រាង​ច្បាប់​នេះ បន្ទាប់ពី​ដំណើរការ​ការតស៊ូ​មតិ ប្រមូល​ធាតុ​ចូល ក្នុង​កិច្ចប្រជុំ និង​សិក្ខាសាលា​ជាច្រើនលើកក្នុង​រយៈពេល ៣​ឆ្នាំកន្លងមក។​ ​ឯកឧត្តម​បន្ថែមថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡានឹងត្រូវ​បន្ត​ឆ្លង​ជាច្រើន​ដំណាក់កាល​ទៀតនៅ​គណៈរដ្ឋមន្ត្រី មុនពេល​សម្រេច និង​បញ្ជូនទៅ​សភាជាតិ​។ បន្ទាប់ពី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡា​នេះ​នឹង​ក្លាយជា​ប្រទីប​បំភ្លឺ​ផ្លូវ​សម្រាប់​វិស័យ​អប់រំ​កាយ និង​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​​គួរ​ដឹងថា​ ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​តាក់តែង​ច្បាប់​អនុ​គ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ដឹកនាំ និង​ចូលរួម​អង្គប្រជុំ​ប្រមាណ ១២៦​លើក ជុំវិញ​ការប្រមូល​ធាតុ​ចូលក្នុងការ​រៀបចំតាក់តែង​ច្បាប់​កីឡា​នេះ ដោយ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ដើមឆ្នាំ​២០២២​។ នេះ​ជា​ភាពជោគជ័យ​មួយ​ជំហាន ស្របតាម​ផែនការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​ ​សេចក្តីព្រាងច្បាប់​នេះ​នឹង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អត្ត​ព​លិ​ក​ជំនាន់​ក្រោយ ក្នុងការ​ស្រាវជ្រាវ ការងារ​គ្រប់គ្រង​អង្គការ​កីឡា ការគ្រប់គ្រង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​នៅតាម​គ្រឹះស្ថានសិក្សា ការគ្រប់គ្រង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា ការគ្រប់គ្រង​ការរៀបចំ​ការប្រកួត និង​ព្រឹត្តិការណ៍​កីឡា ការគ្រប់គ្រង​កីឡាករ​កម្រិត​ខ្ពស់ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការគ្រប់គ្រង​ហិរញ្ញវត្ថុ​កីឡា ក្រម​សីល​ធ៌​ម​កីឡា ការដោះស្រាយ​វិវាទ​កីឡា និង​ការងារ​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​កីឡា​របស់​ជាតិ​យើង​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

BTV ​នឹង​ផ្សាយ​ផ្ទាល់​ជំនួប​មិត្តភាព​អន្ដរជាតិ​របស់​ក្រុម​ជម្រើសជាតិ និង​ U23 ​កម្ពុជានា​ចុងខែ​នេះ

2022/09/07 05:22:52 pm        456
​បាល់ទាត់៖ ស្ថានីយ​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធិ​ជា​ដៃគូ​ផ្សាយ​ផ្ទាល់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ២​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានា​ចុងខែ​កញ្ញា ឆ្នាំ​២០២២ នេះ។​ ​សម្រាប់​ក្រុម​ជម្រើសជាតិ​ U23 ​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុននា​ថ្ងៃទី​២០ ខែកញ្ញា ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​សនា​ថ្ងៃទី​២២ ខែកញ្ញានៅក្នុង​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​តែមួយគត់។​ ​គួរ​ដឹងថា ក្រុម​ជម្រើសជាតិ​របស់​កម្ពុជា​ទាំង ២​ក្រុមក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​បានបង្ហាញ​បញ្ជី​ឈ្មោះ​បឋមដែល​ត្រូវ​ធ្វើតេស្ដ​កាយសម្បទា​រួចហើយ ដោយ​ក្រុម​ធំនៃ​ក្រុម​គោព្រៃ​កម្ពុជាគឺ​បាន​កោះហៅ​កីឡាករ ៤៣​នាក់មក​ធ្វើតេស្ដ ខណៈ​ក្រុម​ជម្រើសជាតិ​ U23 ​កម្ពុជាបាន​កោះហៅ​កីឡាករ ៣៥​នាក់មក​ធ្វើតេស្ដនា​ថ្ងៃទី​១៣ ខែកញ្ញា ដើម្បី​ចម្រាញ់​កីឡាករ​ចុងក្រោយ​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នាពេលខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ការប្រកួត​ជំ​រុះ AFC U20 ជើងឯក​អាស៊ី​ពូ​ល H ត្រូវ​លើក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ដោយសារ​បញ្ហា​សន្តិសុខ​

2022/09/06 10:10:21 pm        91
​បាល់ទាត់៖ ​ការប្រកួត​ជំ​រុះ​ជើងឯក​អាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ AFC U20 Asian Cup នៅក្នុង​ពូ​ល H ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង Basra ប្រទេស​អ៊ីរ៉ាក់​នោះត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ហើយ​ដោយសារ​បញ្ហា​សន្តិសុខ​ក្នុងប្រទេស នេះ​បើតាម​ការបញ្ជាក់​របស់សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC​។ ​​ការប្រកួត​ជំ​រុះ​នៅក្នុង​ពូ​ល H រួមមាន​វត្តមាន​រប​ស់​អ៊ីរ៉ាក់ និង​គុយ​វ៉ែត ឥណ្ឌា និង​អូស្ត្រាលី តែ​នៅ​ពេល​នេះ​អូស្ត្រាលី​បាន​ដកខ្លួន​ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ខណៈ​ការប្រកួត​គ្រោង​ធ្វើឡើង​នៅក្នុង​ខែ​នេះ​។ ​មួយរយៈ​ចុងក្រោយ​នេះ ទីក្រុង Basra ការប៉ះទង្គិច​គ្នា​ក្នុងចំណោម​គូប្រជែង​របស់​ពួក​សកម្មប្រយុទ្ធ​មូស្លីម Shi'ite នៅ Basra បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤នាក់​កាលពី​សប្តាហ៍​មុន ខណៈដែល​អំពើហិង្សា​ដែល​បណ្តាលមកពី​វិបត្តិ​នយោបាយ​កាន់តែ​អាក្រក់ ​បាន​វាយប្រហារ​ភាគខាងត្បូង​នៃ​ប្រទេស​។​ ​​អ៊ីរ៉ាក់​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៩ ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ណែនាំ​ពលរដ្ឋ​របស់ខ្លួន​ឱ្យ​ជៀសវាង​។​ ពានរង្វាន់ AFC Asian Cup អាយុ​ក្រោម ២០​ឆ្នាំ​ធ្វើឡើង​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​ឆ្នាំ​២០២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Reece James បន្ត​កិច្ចសន្យា​ជាមួយ Chelsea ដល់​ឆ្នាំ២០២៨

2022/09/06 09:38:28 pm        70
​បាល់ទាត់៖ ​ខ្សែការពារ​ស្លាប​ស្តាំ​អង់គ្លេស Reece James បាន​ប្តេជ្ញាចិត្ត​នៅ​ជាមួយ​ក្លិប​​តោ​ខៀវ Chelsea រយៈពេល​យូរអង្វែង​បន្តទៀត ​ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ដែល​នឹង​រក្សា​រូបគេ​នៅ Stamford Bridge ដល់​ឆ្នាំ២០២៨​។ ​​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល Chelsea រូបនេះ​ទើបតែ​ចុះកិច្ចសន្យា​ថ្មី​កាលពី​ខែមករា ​ឆ្នាំ២០២០ ដែលមាន​សុពលភាព​ដល់​ឆ្នាំ២០២៥ ខណៈ​កិច្ចសន្យា​ថ្មី​នេះ​មាន​រួមបញ្ចូល​ការ​តម្លើង​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។ កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​សរុប​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ១២៨​ប្រកួត​តាំងពី​ឡើងមក​កាន់​ក្រុមធំ​កាលពី​ខែកញ្ញា ​ឆ្នាំ២០១៩ ក្នុង​វ័យ ១៩ឆ្នាំ​នៅ​ពេល​នោះ​។ ​Reece James គឺជា​សមាជិក​សំខាន់​របស់ Chelsea ដែល​ឈ្នះ​ជើងឯក UEFA Champions League កាលពី​រដូវ​កាល ២០២០-២០២១ ដែល Chelsea យកឈ្នះ Manchester City ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

MotoGP ចុះ​កិច្ចព្រមព្រៀង​ប្រណាំង​នៅ​លើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​

2022/09/06 07:20:23 pm        70
​ប្រណាំង​ម៉ូតូ៖ ​ព្រឹត្តិការណ៍​ប្រណាំង MotoGP ពិភពលោក​នឹងមាន​វត្តមាន​នៅលើ​ទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត​នាពេល​អនាគត បន្ទាប់ពី​ភាគី​អារ៉ាប៊ីសាអ៊ូឌីត​ និង MotoGP បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ចន្ទ​។ ​​នៅ​ក្នុង MOU នោះ​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ Saudi Arabian MotoGP នឹងមាន​វត្តមាន​ភ្លាម​នៅពេល​ទីលាន​ថ្មីសាងសង់​រួច ដែល​មិនទាន់​អាច​កំណត់​បាន​ថា​នៅ​ឆ្នាំ​ណា​។ ​ព្រឹត្តិការណ៍ MotoGP មាន​វត្ត​មាននៅ​លើទឹក​ដី​មជ្ឈិមបូព៌ា​តាំងពី​ឆ្នាំ​២០០៤ ដែល​ដំបូង​គេ​ប្រទេស​កាតាដែលជា​ការប្រណាំង​នៅ​ពេល​យប់​។ ​MotoGP បាន​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង MOU នោះ​ក៏មាន​គម្រោង​អភិវឌ្ឍ​យុវជន​លើ​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ​។ ​​សូម​បញ្ជាក់​ថា អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែធ្នូ​កន្លងទៅ​ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង F1 ពិភព​លោក​ផង​ដែរ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ១៥​ឆ្នាំ​ជាមួយ F1 ហើយ​ប្រទេស​នេះ​ក៏​ស្ថិតក្នុង​កាលវិភាគ​ប្រកួត Dakar Rally ក៏ដូចជា​ការប្រកួត​រថយន្ត​អគ្គិសនី Formula E ពិភព​លោក​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sabalenka និង Pliskova ឡើង​វគ្គ ៨​នាក់​ចុងក្រោយ US Open

2022/09/06 06:29:45 pm        60
​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ឆែក Karolina Pliskova បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, US Open ក្រោយ​យកឈ្នះ​កីឡាការិនី​បេឡា​រុស Victoria Azarenka​។ ​​កីឡាករ​លំដាប់​លេខ២២ រូបនេះ​បាន​យកឈ្នះ​សិត​ដំបូង ៧-៥ មុនពេល Azarenka តប​បាន​មួយ​សិត​វិញ ៧-៦(៧-៥)​។ ​ការប្រកួត​ដែល​ចំណាយពេល​ដល់​ទៅ​ជាង ៣ម៉ោង Pliskova បាន​យកឈ្នះ​សិត​ចុងក្រោយ ៦-២​។ ​ជើងឯក​ឆ្នាំ២០១៦ Karolina Pliskova នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​បេឡា​រុស Aryna Sabalenka នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ កីឡាការិនី​លំដាប់​លេខ៦ Aryna Sabalenka បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​អាមេរិក Danielle Collins​។ ​Danielle Collins បាន​យកឈ្នះ​សិត​ដំបូង ៦-៣ តែ Sabalenka បាន​វាយបក​យកឈ្នះ ២សិត​ផ្ទួន ៦-៤ និង ៦-០​។​​ងាក​មក​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក Iga Swiatek ក៏​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ដែរ​ តែ​ត្រូវ​វាយបក​ពីក្រោយ​ទំរាំ​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ១០៨ ពិភពលោក Jule Niemeier​។ ​​នេះ​ជា​លើកដំបូង​ដែល Iga Swiatek ឡើង​វគ្គ ៨នាក់​ចុងក្រោយ US Open ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​អាមេរិក Jessica Pegula៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal ចាញ់​ការប្រកួត​នៅ Grand Slam លើកដំបូង​ក្នុង​ឆ្នាំ​២០២២

2022/09/06 05:55:54 pm        60
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​រង​បរាជ័យ​ក្នុង​ព្រឹត្តិការណ៍ Grand Slam ជា​លើកដំបូង​ក្នុងឆ្នាំ២០២២ នេះ​បន្ទាប់ពី​ចាញ់​កីឡាករ​អាមេរិក Frances Tiafoe នៅ​ជុំ​ទី៤ Grand Slam, US Open​។ ​​កីឡាករ​អាមេរិក Frances Tiafoe បានធ្វើឱ្យ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​អាមេរិក​ហ៊ោ​កញ្ជ្រៀវ​តាមរយៈ​ជ័យជំនះ ៦-៤, ៤-៦, ៦-៤ និង ៦-៣ លើ​ជើងឯក ៤សម័យ Rafael Nadal​។ ​បរាជ័យ​នេះ​ក៏បាន​បញ្ចប់​ការប៉ុនប៉ង​របស់ Rafael Nadal ដែល​ចង់​ឈ្នះ​ជើងឯក Grand Slam ២៣លើក​។ ​ក្រោយ​ចប់​ការប្រកួតកីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​មិនទាន់​ច្បាស់​ថា​នឹង​វិល​មក​ទីលាន​វិញ​ពេលណា​នៅឡើយ​។ ​​Rafael Nadal មាន​កាលវិភាគ​ប្រកួត​ពានរង្វាន់ Laver Cup នៅ​ចុងខែ​កញ្ញា​នេះ​ដោយ​នឹង​ចាប់​ដៃគូ​ជាមួយ Roger Federer, Novak Djokovic និង Andy Murray​។ ​ចំណែកឯ​អ្នកឈ្នះ Frances Tiafoe នឹងត្រូវ​បន្ត​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី​លំដាប់​លេខ៩ Andrey Rublev នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​Andrey Rublev បាន​យកឈ្នះ​កីឡាករ​លំដាប់​កំពូល​របស់​អង់គ្លេស Cameron Norrie ៦-៤, ៦-៤ និង ៦-៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Pogba វះកាត់​ជង្គង់​ជាថ្មី មិនទាន់​ប្រាកដ​ថា​ជួយ​ក្រុម​បារាំង​បាន​រឺ​អត់​នៅ World Cup

2022/09/06 05:31:29 pm        67
​បាល់ទាត់៖ ​ខ្សែបម្រើ Juventus, Paul Pogba មិនទាន់​ប្រាកដថា​អាចជួយ​ក្រុម​ជំរើសជាតិ​បារាំង​បាន ​រឺ​អត់​នៅឡើយ​ទេនៅ World Cup 2022 នៅ​កាតា​ចុងឆ្នាំ​នេះបន្ទាប់ពី​ទទួល​ការវះកាត់​ជង្គង់​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​មាន​របួស​ជង្គង់​អំឡុង​ការហ្វឹកហាត់​កាលពី​ខែកក្កដា និង​មិនទាន់បាន​ចូល​លេង​មួយ​ប្រកួត​ណា​ឡើយ​ជាមួយ Juventus​។ ​​ប្រកួត​ដំបូង​របស់​ក្រុម​បារាំង​នៅ World Cup គឺ​ជួប​អូស្ត្រាលី​នៅ​ថ្ងៃទី២២ ខែ​វិ​ច្ឆ​កា​។ ​​អ្នកចាត់ការ Juventus លោក Massimiliano Allegri បានឱ្យដឹងថា Pogba បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ម្សិលមិញក្រោយមក​ក៏​ផ្អាក​ទៀត មុនពេល​សំរេចចិត្ត​ឱ្យ​គាត់​វះកាត់​ជង្គង់ ហើយ​បើ​និយាយ​ពី​ការ​ជាសះស្បើយ ១០០% អាន​និយាយបានថា​នៅ​ខែមករា​។ ​​រំលឹកថា Paul Pogba ទើប​ផ្លាស់​ត្រលប់​មកកាន់​សេះបង្កង់ Juventus វិញ​ក្រោយ​ចាក​ចេញពី Manchester United ក្រោយ​ចប់​រដូវ​កាល​មុន​។ ​លី​គ​បាល់ទាត់​អ៊ីតាលី​នឹង​ឈប់សម្រាក​ត្រឹម​ថ្ងៃទី១៣ ខែវិច្ឆិកាដើម្បីឱ្យ​ក្រុម​ជំរើសជាតិ​ប្រមូលផ្តុំ​ត្រៀម World Cup ហើយនឹង​ចាប់ផ្តើម​ប្រកួត​លី​គ​បន្ត​នៅ​ខែមករា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ Olympiakos ២​ម៉ឺន​នាក់​ស្វាគមន៍​វត្តមាន​អតីត​ខ្សែ​ការពារ Real Madrid, Marcelo

2022/09/06 05:15:34 pm        191
​បាល់ទាត់៖ អ្នកគាំទ្រ​ប្រហែល ២ម៉ឺន​នាក់​បានទទួល​ស្វាគមន៍​តារាបាល់ទាត់​ប្រេ​ស៊ី​ល Marcelo ដែល​ផ្លាស់​មកកាន់​ក្លិប​ក្រិ​ក Olympiakos ក្រោយ​ចាក​ចេញពី Real Madrid​។​ ​អ្នកគាំទ្រ​បាន​ស្រែកច្រៀង និង​ដុត​ភ្លើង​កាំជ្រួច​ ខណៈ​កីឡាករ​ចំណូល​ថ្មី​រូបនេះ​ធ្វើដំណើរ​ទៅកាន់​ទីលាន​កីឡដ្ឋាន Georgios Karaiskakis​។ Marcelo អម​ជាមួយ​ភរិយា និង​កូនប្រុស​ ២​នាក់​របស់ខ្លួនបានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​អា​តែ​ន នៅ​ពេល​រសៀល​ដោយ​យន្តហោះ​ឯកជន ហើយ​ត្រូវបាន​អមដំណើរ​ទៅកាន់​កីឡដ្ឋាន​ដោយ​នាយក​កីឡា​ក្លឹប​ Olympiakos លោក Christian Karembeu។​ Marcelo បាន​ដើរចូល​ទីលាន​ដោយ​ពាក់អាវ​លេខ ១២ ដូច​អាវ​ដែល​ពាក់​នៅ Real Madrid រយៈពេល ១៦រដូវ​កាល​កន្លងមក​។​ ខ្សែការពារ​ឆ្វេង​រូបនេះ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍ ហើយ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​មិនត្រូវ​បានប្រកាស​ទេ​។​ ​គេហទំព័រ​កីឡា​ក្រិ​កបាន​រាយការណ៍​ថា​ កិច្ចសន្យា​នេះគឺ​សម្រាប់​មួយឆ្នាំអម​ជាមួយ​លក្ខខណ្ឌ​បន្ត​បន្ថែម​មួយឆ្នាំ​ទៀត​។​Marcelo វ័យ 34ឆ្នាំ​បានបង្ហាញ​ខ្លួន 58ប្រកួត​ឱ្យ​ប្រេ​ស៊ី​លពី​ឆ្នាំ២០០៦-២០១៨ រួមទាំង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ និង ២០១៨។​ Olympiakos គឺជា​ជើងឯក​លី​គ​កំពូល​ក្រិ​ក Superleague បី​រដូវ​កាល​ចុងក្រោយ ខណៈ​រដូវកាល​នេះ​កំពុង​ស្វែងរក​ជើងឯក​លើក​ទី៤៨ ក្នុង​ប្រវត្តិសាស្ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកនេះ

2022/09/06 04:14:20 pm        977
ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន បានសម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​​ជាផ្លូវ​ការហើយ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រោងចក្រកាត់ដេរសម្លៀកបំពាកអាហ្វ្រិកខាងត្បូងជួបការលំបាក ក្រោយកម្មករចំណាកស្រុករត់ភៀសខ្លួន
08/06/2026 07:08 PM
របាយការណ៍៖ លំហូរព័ត៌មានសម្ងាត់របស់អាមេរិក ទៅអ៊ុយក្រែន មានសន្ទុះ​​ឡើងវិញ
08/06/2026 07:08 PM
ក្រសួងការពារជាតិជប៉ុន៖ គ្មានការខូចខាតត្រូវបានរាយការណ៍នោះទេ ក្រោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
08/06/2026 07:08 PM
អនុប្រធានាធិបតីអាមេរិកថា អ៊ីរ៉ង់ជាមនុស្សសែនពិបាកនិយាយគ្នា ហើយកិច្ចព្រមព្រៀងត្រូវការចំណាយពេលទៀត
08/06/2026 07:08 PM
លីទុយអានី៖ រុស្ស៊ីអាចប្រើប្រាស់យានដ្រូន​របស់អ៊ុយក្រែន ប្រឆាំងនឹងតំបន់បាល់ទិក
08/06/2026 07:08 PM
ការផ្អាកជំនួយ ក្រោយការវាយប្រហារ ពន្យឺតដល់ការឆ្លើយតបជំងឺអេបូឡានៅភាគខាងកើតកុងហ្គោ
08/06/2026 07:08 PM
ប្រភព៖ ការប្រកាសពីកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ៦០ថ្ងៃ រវាងអ៊ីរ៉ង់ និងអូម៉ង់ ជិត​កើត​ឡើង​ហើយ
08/06/2026 07:08 PM
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤
08/06/2026 07:08 PM
កម្ពុជា និងបែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
08/06/2026 07:08 PM
ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ
08/06/2026 06:08 PM