ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

Francesco Bagnaia ក្លាយជា​កីឡាករ​ប្រណាំង​ម៉ូតូ​របស់​ក្រុម Ducati ទី​មួយ​ឈ្នះ ៤ទីលាន​ជាប់​គ្នា​

2022/09/05 10:29:39 pm        68
​​ប្រណាំង​ម៉ូតូ​៖ ​កីឡាករ​​អ៊ីតាលី Francesco Bagnaia បាន​ក្លាយជា​កីឡាករ​របស់​ក្រុម Ducati ទីមួយ​ដែល​ឈ្នះ​ការប្រណាំង​ម៉ូតូ GP បួន​ទីលាន​ជាប់​គ្នា បន្ទាប់ពី​ឈ្នះ​ការប្រកួត​នៅ​ទីលាន San Marino ចុង​សប្តាហ៍​កន្លងទៅ​។ ​​កីឡាករ​អ៊ីតាលី​រូបនេះ​ចាប់ផ្តើម​ការប្រកួត​នៅ​លំដាប់​ទី៣ ពេលចេញ​ដំណើរ​បន្ទាប់​ពី​ទទួល​ការ​ពិន័យ តែ​មិន​ថ្វី​ទេ Francesco Bagnaia បាន​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​ជុំ​ចុងក្រោយ​នៅពេល​វ៉ា​ជែង​មិត្ត​រួម​ជាតិ Enea Bastianini ខណៈ​លេខ៣ បាន​ទៅ​កីឡាករ​អេ​ស្ប៉ា​ញ Maverick Vinales​។​ ​​ជ័យ​ជំនះ​នេះ​ធ្វើឱ្យ Francesco Bagnaia ឡើងមក​លេខ២ ក្នុង​តារាង​ជើងឯក​ពិភពលោក​ តាម​ពី​ក្រោយ​អ្នក​នាំមុខគេ​កីឡាករ​បារាំង Fabio Quartararo ត្រឹម ៣០ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ​របស់​ក្រុម Yamaha រូបនេះ​បាន​លេខ៥ នៅ San Marino នេះ​។ ​ម៉ូតូ GP ជុំ​បន្ត​នឹងត្រូវ​ធ្វើឡើង​នៅ​ទីលាន Aragon ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃទី១៨ ខែកញ្ញា​នេះ​ដែលជា​ទីលាន​ទី១៥ ក្នុងចំណោម ២០ទីលាន​រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Max Verstappen ឈ្នះ​ការប្រកួត F1 ក្នុង​ប្រទេស​កំណើតពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក

2022/09/05 10:07:39 pm        74
​ប្រណាំង​រថយន្ត៖ កីឡាករ​ប្រណាំង F1 ហូ​ឡង់ Max Verstappen បាន​បន្តដំណើរ​ស្វែងរក​ជើងឯក​ពិភពលោក​លើក​ទី២ របស់ខ្លួនបន្ទាប់ពី​ជ័យជំនះ​នៅលើ​ទឹកដី​កំណើត Dutch F1 Grand Prix ដើម្បី​ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​។ ​​កីឡាករ​របស់​ក្រុម​ប្រណាំង Red Bull រូបនេះ​បាន​វ៉ា​ជែង​ជើងឯក ៧សម័យ Lewis Hamilton បន្ទាប់ពី​ការប្រកួត​ដែល​ត្រូវ​នាំមុខ​ដោយ​រថយន្ត​សុវត្ថិភាព Safety Car​។ ​Max Verstappen បាន​បន្ត​ការនាំ​មុខ​រហូត​ដល់ទី​ព្រ័ត្រ ខណៈ Lewis Hamilton បាន​បាត់បង់​តំណែង​លេខ១ និង​ធ្លាក់​ដល់​លេខ៤ បន្ទាប់ពី​មិត្ត​រួម​ក្រុម George Russell និង​កីឡាករ​របស់ Ferrari, Charles Leclerc វ៉ា​ជែង​នៅពេល​ជិត​ចប់​ការប្រកួត​។​​ជ័យជំនះ​នេះ​ធ្វើឱ្យ Max Verstappen ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដោយមាន​ពិន្ទុសរុប ៣១០ពិន្ទុ​ដាច់​អ្នក​លេខ២ Charles Leclerc និង Sergio Perez ១០៩ពិន្ទុ​ដូចគ្នា​។ ​នៅ​សល់​តែ ៧ទីលាន​ទៀត​ប៉ុណ្ណោះ Formula One រដូវ​កាល ២០២២ នឹង​បញ្ចប់​ ខណៈ​ទីលាន​បន្ទាប់​គឺ​បន្ត​ដំណើរ​នៅក្នុង​ទឹកដី​អឺរ៉ុប​ដដែល ​ចុង​សប្តាហ៍​នេះ​នៅ​ទីលាន Monza ប្រទេស​អ៊ីតាលី​ដែលជា​ទឹកដី​របស់​ក្រុម​ប្រណាំង Ferrari៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Coco Gauff ឡើង​វគ្គ ៨​នាក់​ចុងក្រោយ US Open លើកដំបូង​ក្នុង​អាជីព

2022/09/05 09:37:17 pm        55
​វាយ​កូន​បាល់៖ កីឡាការិនី​អាមេរិក Coco Gauff បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam, US Open ជា​លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​ចិន Zhang Shuai​។ ​​កីឡាការិនី​អាមេរិក​លំដាប់​លេខ ១២ រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៧-៥ និង ៧-៥ លើ Zhang Shuai ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាការិនី Caroline Garcia នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​​Coco Gauff ដែល​គេ​ស្គាល់​ថា​ជា Serena Williams តូច​នោះមិនទាន់​ចាញ់​មួយ​សិត​ឡើយ​នៅ US Open ឆ្នាំនេះ តែ​និមិត្តរូប​របស់​នាង​គឺ​កីឡាការិនី Serena Williams ដែលជា​ជើងឯក Grand Slam ២៣លើក​នោះបាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​អូស្ត្រាលី Ajla Tomljanovic កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ ​​Serena Williams ដែល​នឹង​ឈានចូល​វ័យ ៤១ឆ្នាំ​នៅ​ខែក្រោយ​នោះបាន​លា​អ្នកគាំទ្រ​របស់​នាង​ទាំង​ទឹកភ្នែក ក្រោយ​បញ្ចប់​បេសកកម្ម​នៅ US Open និង​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​។​​ងាក​មកដល់​លទ្ធផល​ផ្សេងទៀត​ផ្នែក​នារី​នេះដែរ កីឡាការិនី​អេ​ស្ប៉ា​ញ Caroline Garcia បាន​បន្ត​ស្ថិតិ​មិន​ចាញ់ ១០ប្រកួត​ជាប់​គ្នា​របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក Riske-Amritraj ៦-៤ និង ៦-១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Caroline Garcia ឡើង​វគ្គ ៨នាក់​ចុងក្រោយ​នៅ Grand Slam ម្តងទៀត បន្ទាប់ពី​ធ្លាប់​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ២០១៧ នៅ French Open៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Casper Ruud ឡើង​វគ្គ ៨នាក់​ចុងក្រោយ US Open លើកដំបូង​ក្នុង​អាជីព

2022/09/05 07:40:17 pm        73
​វាយ​កូន​បាល់៖ ​កីឡាករ​ន័​រវេ​ស Casper Ruud បាន​ឈានឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, US Open ជា​លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាករ​បារាំង Corentin Moutet​។ ​​Casper Ruud បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-២ និង ៦-២ តែ​កីឡាករ​បារាំង Corentin Moutet តប​បាន​មួយ​សិត​វិញ ៧-៦(៧-៤) មុនពេល​ដែល Casper Ruud យកឈ្នះ​នៅ​សិត​ទី​បួន ៦-២ ម្តងទៀត​ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Matteo Berrettini​។ ​​Matteo Berrettini ដែល​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ​នោះត្រូវធ្វើ​ការងារ​ធ្ងន់​ទំរាំ​រកបាន​ជ័យជំនះ​របស់ខ្លួន ពោលគឺ​ត្រូវ​លេង​ដល់ ៥សិត​ទំរាំ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina នៅ​កីឡដ្ឋាន Louis Armstrong នៅ​ទីក្រុង​ញូវយ៉ក​។​​Berrettini ដែល​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ US Open នេះ​ឆ្នាំ២០១៩ បាន​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ ៧-៦(៧-២) និង ៦-៣ បន្ទាប់ពី Fokina យកឈ្នះ​សិត​ដំបូង ៦-៣ និង​សិត​ទី​បួន ៦-៤​។ ​​ការប្រកួត​នៅ​សិត​កាត់សេចក្តី​ទី៥ កីឡាករ​អេ​ស្ប៉ា​ញ Fokina មាន​បញ្ហា​របួស​ជង្គង់​នៅពេល Berrettini កំពុង​នាំមុខ ៤-២ ហើយក៏​មិនអាច​តបត​អ្វី​បានដែរ ​ខណៈ​កីឡាករ​អ៊ីតាលី Berrettini យកឈ្នះ​សិត​ចុងក្រោយ​នេះ ៦-២​។ ​​Matteo Berrettini នឹង​បន្ត​ជួប​ជាមួយ Casper Ruud នៅ​វគ្គ ៨នាក់​ចុងក្រោយ​ថ្ងៃ​អង្គារ​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យុវជន-យុវនារី​ជាង​ ៣០០​នាក់​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​ក្នុង​ស្មារតី​អរគុណ​សន្តិភាព​

2022/09/05 07:28:53 pm        847
​ជិះ​កង់៖ យុវជន​-​យុវនារី​ខ្មែររួមទាំង​ជនបរទេស​ផង​ប្រមាណ​ជាង ​៣០០​នាក់​បាន​បង្កើត​គំនិត​បបួល​គ្នា​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​ ចាប់ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ (​ប្រវែង ​២០០​គីឡូម៉ែត្រ​) ក្នុង​គោល​បំណង​បំផុស​ស្មារតី​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ មក​ចាប់អារម្មណ៍​លេង​សប្បាយ​នឹង​កីឡាប្រសើរ​ជាជាង​ការ​សេព​នូវ​គ្រឿងញៀន និង​រឿង​អបាយមុខ​ផ្សេងៗ ខណៈ​ព្រឹត្តិការណ៍​មួយ​នេះ​គឺ​បាន​កើត​ឡើងជា​លើក​ដំបូង​បំផុត ស្ថិតនៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៃ​ប្រទេស​កម្ពុជា​នោះ​។​ ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ប្រវែង ​២០០​គីឡូម៉ែត្រ​ក្នុង​ស្មារតី​យុវជន ​«​អរគុណ​សន្តិភាព​»​ នេះ​គឺ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយមាន​ក្រុម​អ្នក​និយម​លេង​កីឡា​ជិះ​កង់​ជាង ៣០០នាក់​ដែល​មកពី​ក្រុម​ផ្សេងៗ​គ្នា បន្ទាប់ពី​មានការ​ផ្តួច​ផ្តើម​គំនិត​ដោយ​ចលនា​យុវជន​កម្ពុជា ​«​ក្រុម​១៧៥»​។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នោះ​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ «​ក្រុម​១៥៧»​ បាន​លើក​ឡើង​ថា ​ការ​លេង​កីឡា​ជិះ​កង​នេះ​គឺ​ដើម្បី​បង្កើន​ស្មារតី​មួយ ​ប្រាប់​ដល់​យុវជន​យុវនារី​ខ្មែរ​យើង​ទាំងអស់​ឲ្យ​មក​ចាប់អារម្មណ៍​លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ​គ្នា ប្រាស់​ចាក​នូវ​អំពើ​អបាយ​ផ្សេងៗ។ហើយ​មួយវិញទៀត​ការសម្រេច​ជិះ​លើ​ផ្លូវ​ល្បឿន​លឿន​នេះគឺ​ចង់​បង្ហាញ​ថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ជាក់ស្ដែង គឺ​ពេលនេះ​កម្ពុជា​យើង​បាន​ចាប់ផ្តើម​មាន​ផ្លូវ​ល្បឿន​លឿនជា​លើកដំបូង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​។​ ​ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ប្រមូល​គ្នា​ជិះ​កង​រួមគ្នា​នេះ​នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​ ក្នុង​ស្មារតី​យុវជន​កម្ពុជា «​អរគុណ​សន្តិភាព​» និង​ក្នុង​ស្មារតី​បំផុស​បំផុល​លើក​កម្ពស់​វិស័យ​កីឡា​ នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​៕​អត្ថបទ​៖ បាន ចក់

កីឡាករ​ហូ​ឡង់ Thyman Arensman ឈ្នះ​ដំណាក់កាល​ទី​១៥ Vuelta a Espana ខណៈ​អ្នក​នាំមុខ​នៅ​ដដែល

2022/09/05 06:59:32 pm        66
​ប្រណាំង​កង់៖ ​កីឡាករ​ហូ​ឡង់ Thyman Arensman បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Vuelta a Espana នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែលជា​ជ័យជំនះក្នុងដំណាក់កាល​ជា​លើកដំបូង​សំរាប់​កីឡាករ​របស់​ក្រុម​ប្រណាំង DSM រូបនេះ​។ ​​ដំណាក់កាល​ទី១៥ ដែលមាន​ចំងាយ​ផ្លូវ ១៤៨.១គីឡូម៉ែត្រ Thyman Arensman ដែល​ជិះ​ឱ្យ​ក្រុម DSM បានមក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១៧នាទី ១៧វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Enric Mas យឺត​ជាង ១នាទី ២៣វិនាទី និង​លេខ៣ កីឡាករ​កូ​ឡុំ​ប៊ី Miguel Angel Lopez យឺត​ជាង ១នាទី ២៥វិនាទី​។ ​​យ៉ាងណាក្តីកីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel ដែល​បានបញ្ចប់​ដំណាក់កាល​ទី១៥ នៅ​ចំណាត់ថ្នាក់​លេខ១០ នោះនៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​រួម​ដដែល​មាន​ដោយមាន​វេលា​ចំណេញ ១នាទី ៣៤វិនាទី ពីលើ​អ្នក​លេខ២ ដែលជា​អ្នកការពារ​តំណែង​ជើងឯក Primoz Roglic និង​លេខ៣ នៅតែ​ជា Enric Mas ដដែល​យឺត​ជាង ២នាទី ១វិនាទី​។​​សំរាប់​ថ្ងៃ​ចន្ទ​នេះ​មិនមាន​ការប្រកួត​ឡើយ ខណៈ​ដំណាក់កាល​ទី១៦ ថ្ងៃស្អែក​មាន​ចំងាយ​ផ្លូវ ១៨៨.៩គីឡូម៉ែត្រ​។ ​​ប្រណាំង​កង់ Vuelta a Espana នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១១ ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​ដំណាក់កាល​ទី២១ ដែល​ទី​ព្រ័ត្រ​នៅ​រដ្ឋធានី Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខេមរៈ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​រៀបចំ​កម្មវិធី​អបអរ​ថ្ងៃ “Teakwondo Day”

2022/09/05 06:34:27 pm        97
​តេ​ក្វាន់​ដូ​៖ ខេមរៈ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញបានរៀបចំ​កម្មវិធី​អបអរសាទរទិវា​តេ​ក្វាន់​ដូ ឬ​ Teakwondo Day ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​សិស្ស​គុន​មកពី​បណ្ដា​ក្លិប​សមាជិក​សហព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​សរុប ១៦៣​នាក់​ចូលរួម។​ ​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការជួបជុំ​សិស្ស​គុន​តេ​ក្វាន់​ដូ​ WT ​នេះគឺ​ស្របពេល​ពិភពលោក​បានរៀបចំ​ក​ម្ម​វិធី​ Teakwondo Day ​ដើម្បី​រំលឹក​ពី​គុណ​តម្លៃ​កីឡា​តេ​ក្វាន់​ដូ ដែលជា​ប្រភេទ​កីឡា​អូឡាំពិក និង​ការ​ហាត់ប្រាណ​សម័យថ្មីដល់​ប្រជាពលរដ្ឋ ពិសេស​កីឡាករ​-​កីឡាការិនី​ប្រមាណ ៨​លាន​នាក់ដែល​កំពុង​ប្រកប​អាជីព​កីឡា​នេះនៅ ២០០​ប្រទេស។​ ​លោក ឆ​យ យ៉ុង​សុក តំណាង​ឲ្យ​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជាបាន​ឲ្យ​ដឹងថា កម្មវិធី​នេះតែង​រៀបចំ​រៀងរាល់ឆ្នាំនៅ​ទូទាំង​ពិភពលោក ដោយមាន​សិស្ស​គុន​រាប់លាន​នាក់​ចូលរួមដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ពី​ការលេង​កីឡា​ដើម្បី​សុខភាព ក៏ដូចជា​បង្កើន​ភាពរ​ហ័សរ​ហួន​ផង និង​ជំរុញ​ការអភិវឌ្ឍ​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ កម្ពុជាក្នុងនាម​សមាជិក​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​អន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធក៏​តែង​រៀបចំ​ជារឿយៗ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Antony ស៊ុត​ចូល​ទី​ប្រកួត​ដំបូង​ ខណៈ Manchester United បញ្ចប់​ស្ថិតិ​ឈ្នះ​សុទ្ធ​របស់ Arsenal

2022/09/05 06:23:26 pm        228
​បាល់ទាត់៖ ​ស្ថិតិ​ល្អឥតខ្ចោះ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ៥ប្រកួត​ឈ្នះ​ទាំង ៥ បានបញ្ចប់​ត្រឹម​ប្រកួត​ទី៦ យប់មិញ​នៅ​ទឹកដី Old Trafford របស់​ក្រុម​បិសាច​ក្រហម Manchester United​។ ​​កីឡាករ​ចំនូល​ថ្មី​តម្លៃ ៨២លាន​ផោន​របស់ Manchester United ដែល​ទើប​ទិញ​ពី Ajax, Antony បាន​ចូល​លេង​ប្រកួត​ដំបូង និង​រក​គ្រាប់​បាល់​បានតែ​ម្តង​ឱ្យ​ក្រុម​ថ្មី​នាំមុខ ១-០ ត្រឹម​នាទី​ទី៣៥ បន្ទាប់ពី​គ្រាប់​នាំមុខ​របស់ Arsenal ដោយ Martinelli ត្រូវ​លុបចោល​ដោយ VAR​។ ​Arsenal ដែល​ចាប់ផ្តើម​រដូវ​កាល​ល្អឥតខ្ចោះ ហាក់​ប្រសើរ​ឡើងវិញ​នៅ​វគ្គ​ទី២ នៅពេល Buyako Saka ស៊ុត​តាម​ស្មើ​នៅ​នាទី​ទី៦០ តែ Marcus Rashford ជា​អ្នក​ស៊ុត​នាំមុខ​សាជាថ្មី​ឱ្យ Manchester United នៅ​នាទី​ទី៦៦ និង​គ្រាប់​ធានា​ជ័យជំនះ​នៅ​នាទី​ទី៧៥ ដោយ Rashford ដដែល​។​​នេះ​ជាការ​ប្រកួត​ដែល​ខ្សែប្រយុទ្ធ Marcus Rashford រកបាន​ពីរ​គ្រាប់​លើកដំបូង​តាំងពី​ខែធ្នូ​ ឆ្នាំ២០២០ និង​ជា​ពីរ​គ្រាប់​ដែល​នាំ Manchester United ឡើងមក​ដល់​លេខ៥ ក្នុង​តារាង​ក្រោយ​ឈ្នះ ៤ប្រកួត​ជាប់​គ្នា​។ ​Arsenal នៅតែ​បន្ត​នាំមុខគេ​ដដែល​ក្រោយ​លេង​បាន ៦ប្រកួត​ដូចគ្នា​មាន ១៥ពិន្ទុ​ឈ្នះ៥ ចាញ់១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពានរង្វាន់​យុវជន​ U15 ​និង​ U18 ​រកឃើញ​ជើងឯក​ប្រចាំឆ្នាំ​២០២២

2022/09/05 06:00:55 pm        104
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំរដូវ​កាល​ឆ្នាំ​២០២២ បានបញ្ចប់​ហើយ ដោយ​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទ និង​ក្រុមយុវជន​ U18 ​វិសាខាបាន​គ្រង​ជើងឯក​រៀងៗ​ខ្លួន បន្ទាប់ពី​យកឈ្នះ​គូប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​ល្ងាច​ថ្ងៃទី​០៤ ខែកញ្ញា នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី។​ ​សម្រាប់​ក្រុមយុវជន​ U18 ​វិសាខាគឺ​បាន​គ្រង​ជើងឯក​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ បន្ទាប់ពី​យកឈ្នះ​ក្រុម​ U18 ​ភ្នំពេញ​ក្រោ​ន​វិញក្នុង​លទ្ធផល ៣-១។ ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោម​តំណក់ទឹកភ្លៀង​នេះ វគ្គ​ទី​១ វិសាខា បាន​បើក​ការនាំ​មុខ ១​គ្រាប់ មុន​បន្ថែម ២​គ្រាប់​ទៀតនៅ​ដើម​វគ្គ​ទី​២ គ្រា​ដែល​យុវជន​ភ្នំពេញ​ក្រោ​នវាយបក​បាន​ត្រឹម ១​គ្រាប់​ប៉ុណ្ណោះដែល​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​ឆ្នាំ​២០២០ ទទួលបាន​ត្រឹម​ជើងឯក​រង ខណៈ​យុវជន​វិសាខាបាន​គ្រង​ជើងឯក​លើកដំបូង។​ ​ដោយឡែក​ក្រុមយុវជន​ U15 ​កងយោធពល​ខេមរភូមិន្ទបាន​លើក​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ បន្ទាប់ពី​យកឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​តម្រង់ទិស​ខេត្តស្វាយរៀង ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កា​សេចក្ដី ក្នុង​លទ្ធផល ៤-២ បន្ទាប់ពី​ប្រកួត ៩០​នាទី​ស្មើគ្នា ១-១។​​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ឡា ឡៃ តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរការ​ប្រកួត​ពានរ​ង្វាន់​យុវជន​ឆ្នាំនេះ ដែល​ដំណើរ​ការប្រកួត​ដោយ​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ ពិសេស​បានផ្ដល់​ឱកាស និង​ចម្រាញ់​បាន​នូវ​ធនធាន​បន្ដវេន​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​កាយសម្ព័ន្ធ​ដណ្ដើម​បាន​មេដាយ ៣​គ្រឿង​ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ថៃ

2022/09/05 05:37:11 pm        91
​កាយសម្ព័ន្ធ៖ កីឡា​កាយសម្ព័ន្ធ​ដណ្ដើម​បាន​មេដាយ ៣​គ្រឿង​បណ្ដោះអាសន្ននៃ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី​លើក​ទី​៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) ​នៅ​ប្រទេស​ថៃគិត​ត្រឹម​ថ្ងៃទី​០៤ ខែកញ្ញា​ម្សិលមិញ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ប្រធាន​ប្រតិភូ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​ ​សមិទ្ធផល​ដែល​ក្រុម​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា ធ្វើបាន​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះរួមមាន​មេដាយប្រាក់ ២ និង​សំរឹទ្ធ ១ ដែល​ដណ្ដើមបាន​លើ ៣​វិញ្ញាសា​ផ្សេងគ្នាក្នុងនោះ​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី និង​កីឡាការិនី ឈួន ស្រីនាត ដណ្ដើមបាន​មេដាយប្រាក់ ១ លើ​វិញ្ញាសា​គូ​បុរស​-​នារី ខណៈ​មេដាយប្រាក់ ១ ទៀតដណ្ដើមបាន​លើ​វិញ្ញាសា​ក្រុម​នារី គឺមាន​កីឡាការិនី​ ​ឌឹ​ម អ៊​ន​ធីតា​, ណេ​ម សុខ​ហេង​, ស៊ីវ ចន្ថា​, សួស ស្រី​ពៅ និង​កីឡាការិនី ឈួន សុវណ្ណ​បញ្ញា។​ ​ចំណែក​មេដាយ​សំរឹទ្ធ ១​គ្រឿងដណ្ដើមបាន​លើ​វិញ្ញាសា​ទ្រី​យ៉ូដោយ​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី​, កីឡាការិនី ឈួន ស្រីនាត និង​កីឡា​កា​រិ​ន ច្រឹង ចាន់​ត្រា។​​លោក ណ​យ ផា​ណា បាន​បញ្ជាក់ថា មេដាយ​ទទួលបាន​នេះគឺ​ដណ្ដើមបាន​ដោយ​ក្រុម​កីឡាករ​-​កីឡាការិនី​អាយុ​ក្រោម ១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ ហើយ​មាន​កីឡាការិនី​អាយុ​ក្រោម ១៨​ឆ្នាំ​ម្នាក់ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​ថ្ងៃទី​០៥ ខែកញ្ញា​នេះ ជាមួយ​ក្រុម​កីឡាករ​-​កីឡាការិនី​អាយុ​លើស ១៨​ឆ្នាំ​ផ្សេងទៀតដែល​ឆ្លង​ផុត​ការប្រកួត​វគ្គ​ជម្រុះ កាលពី​ម្សិលមិញ។​ ​តាមរយៈ​ការប្រកួត​នេះ សហព័ន្ធ​បាន​ចាត់ទុកជា​បេសកកម្ម​ដ៏​សំខាន់​មួយ សម្រាប់​កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជាក្នុង​ការវាស់ស្ទង់ និង​ពង្រឹងសមត្ថភាព​បន្ថែមតាមរយៈ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​ធំៗ ជាក់ស្ដែង​ការប្រកួត​ជើងឯក​អាស៊ី​នេះ​ជាដើម ដើម្បី​ត្រៀម​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM
រោងចក្រកាត់ដេរសម្លៀកបំពាកអាហ្វ្រិកខាងត្បូងជួបការលំបាក ក្រោយកម្មករចំណាកស្រុករត់ភៀសខ្លួន
08/06/2026 07:08 PM
របាយការណ៍៖ លំហូរព័ត៌មានសម្ងាត់របស់អាមេរិក ទៅអ៊ុយក្រែន មានសន្ទុះ​​ឡើងវិញ
08/06/2026 07:08 PM