UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Leicester City បដិសេធ​សំណើ​ទិញ​ខ្សែ​ការពារ Wesley Fofana ជា​លើក​ទី៣ ពី Chelsea

2022/08/24 06:27:13 pm        62
​​បាល់ទាត់​៖ ​ក្លិប​ Leicester City ជាថ្មី​ម្តងទៀត​បាន​បដិសេធ​សំណើ​ទិញ​ខ្សែ​ការពារ Wesley Fofana ពី​តោ​ខៀវ Chelsea ជា​លើក​ទី​៣​។ ​សំណើ​លើក​ទី​៣ របស់ Chelsea ត្រូវ​បាន​គេ​ដឹង​ថា​ក្នុង​តម្លៃ​ចន្លោះ​ពី ៦០ ទៅ ៧០​លាន​ផោន​។ ​​Leicester City ចាប់ផ្តើម​រដូវ​កាល​នេះ​មិនទាន់​ឈ្នះ​នៅឡើយ ​ខណៈ Wesley Fofana មិន​ស្ថិត​ក្នុង​បញ្ជី​លក់​ចេញ​ឡើយ​។ ​ប្រសិនបើ Chelsea នៅតែ​បន្ត​ប៉ុនប៉ង​ចង់បាន​កីឡាករ​វ័យ ២១​ឆ្នាំ​ខ្សែការពារ​កណ្តាល​រូប​នេះ និង​ហ៊ាន​ឱ្យ​ថ្លៃ​លើស​ពី ៨០​លាន​ផោន​មានន័យថា Wesley Fofana នឹង​ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​លើ​លោក​។ ​Wesley Fofana មិន​ស្ថិត​ក្នុង​បញ្ជី​ប្រកួត​របស់ Leicester City ឡើយ​កាលពី​ថ្ងៃ​សៅរ៍​។ ​Wesley Fofana បាន​មក​ដល់ Leicester City កាលពី​ឆ្នាំ​២០២០ ផ្ទេរ​ពី​ក្លិប​បារាំង Saint Etienne និង​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅពេលនោះ​មានន័យថា ​គេ​នៅសល់​សុពលភាព​កិច្ចសន្យា ៣ឆ្នាំ​ទៀត​។​​គេ​មិនទាន់​ដឹងថា Fofana មាន​ក្នុង​បញ្ជី​ឈ្មោះ​ប្រកួត​រឺ​អត់​ចុង​សប្តាហ៍​នេះ​នៅពេល Leicester City ធ្វើដំណើរ​ទៅ​ទឹកដី Stamford Bridge ជួប Chelsea​។​ សូមបញ្ជាក់ថា Chelsea បាន​ចំណាយលុយ​ប្រហែល ១៧០លាន​ផោន​ហើយ​ក្នុងការ​ទិញដូរ​កីឡាករ​រដូវក្តៅ​នេះ ហើយ​ថ្មីៗ​នេះ​ក៏​កំពុង​តាម​ទិញ​ខ្សែប្រយុទ្ធ Everton, Anthony Gordon ដែរ​ក្នុង​សំណើ​តម្លៃ ៤០លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Emerson Palmieri ផ្លាស់​ពី Chelsea មក West Ham ផ្លូវការ​តម្លៃ ១៥​លាន​ផោន​

2022/08/24 05:59:46 pm        99
​​បាល់ទាត់​៖ ​ក្លិបញញួរ​ធំ West Ham បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ស្លាប​ឆ្វេង​អ៊ីតាលី Emerson Palmieri ផ្លូវការ​ហើយ​ផ្ទេរ​ពី​តោ​ខៀវ Chelsea ក្នុងតម្លៃ ១៥លាន​ផោន​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​ជំរើសជាតិ​អ៊ីតាលី​រូបនេះបាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​ក្នុងតម្លៃ​ផ្ទេរ ១៣លាន​ផោនបូក​នឹង​បន្ថែម​ផ្សេងៗ ២លាន​ផោន​សរុប ១៥លាន​ផោន​។ ​​Palmieri បាន​ចំណេ​យ​ពេល​ពេញ​មួយ​រដូវ​កាល​មុន​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប​បារាំង Olympique Lyon បន្ទាប់ពី​ហក់​ចូលក្នុង​ជំរើស​ដំបូង​នៅ Stamford Bridge មិន​រួចតាំងពី​ផ្លាស់​ពី AS Roma នៅ​ឆ្នាំ២០១៨​។ ​Emerson Palmieri ដែលជា​សមាជិក​ក្រុម​អ៊ីតាលី​ឈ្នះ​ពាន Euro 2020 បាន​ក្លាយជា​កីឡា​ករទី៧ ហើយ​ដែល​មកកាន់ West Ham រដូវ​កាល​នេះ​។ ​​ក្រុម​របស់លោក David Moyes បច្ចុប្បន្នកំពុង​ឈរ​បាត​តារាង​នៅ Premier League ក្រោយ​ចាប់ផ្តើម ៣ប្រកួត​ដំបូង​ចាញ់​ទាំងបី​។​​កីឡាករ​ដែល West Ham ចំណាយលុយ​ទិញ​ថ្លៃ​បំផុត​ក្នុង​រដូវក្តៅ​នេះ​គឺ Gianluca Scamacca ពី Sampdoria តម្លៃ ៣០លាន​ផោន, ខ្សែការពារ​ក្លិប​បារាំង Rennes, Nayef Aguerd តម្លៃ ៣០លាន​ផោន, ខ្សែប្រយុទ្ធ Burnley, Maxwel Cornet តម្លៃ ១៧.៥លាន​ផោន​។ ​​ក្រៅពីនោះ​មាន​ខ្សែបម្រើ Flynn Downes ពី Swansea តម្លៃ ១២លាន​ផោន, ខ្សែការពារ Thilo Kehrer និង​អ្នកចាំទី Alphonse Areola តម្លៃ ១០លាន​ផោន​ដូចគ្នា​ពី Paris Saint Germain៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រដាល់​សកល​នឹង​រៀបចំ​ការប្រកួត​កម្រិត​អាជីព​ដើម្បី​ព​ង្រឹង​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេម

2022/08/24 05:45:24 pm        100
​ប្រដាល់សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ នឹង​រៀបចំ​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​ Ultimate Pro Boxing 2022 ​នា​ដើមខែ​តុលា​ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ការប្រកួត​នេះគ្រោង​រៀបចំឡើងនៅ​ពហុ​កីឡដ្ឋាន​ជាតិ ឬ​ស្ដា​ត​អូឡាំពិករៀងរាល់ ២​សប្ដាហ៍​ម្ដងដោយ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ដោយផ្ទាល់​ដោយ​សេរី ជាមួយ​ការប្រកួត​កម្រិត​អាជីពដែល​មានការ​ផ្គូរ​ផ្គងរវាង​កីឡាករ​-​កីឡាការិនី​ជាច្រើននៅលើ​សង្វៀន​ Ultimate Pro Boxing 2022​។​ ​អ្វីដែល​ពិសេស សហព័ន្ធ​នឹង​ផ្ដល់ឱកាស​ដល់​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​កីឡា​ប្រដាល់សកល​កម្ពុជា ចូលរួម​ការប្រកួត​នេះដើម្បី​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​បន្ថែម ក្នុងការ​ត្រៀមលក្ខណៈ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជា​ប្រវត្តិ​សា​ស្ដ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ។​​គួរ​ដឹងថា កាលពី​ឆ្នាំ​២០២១ សហព័ន្ធ​ធ្លាប់​បានរៀបចំ​ការប្រកួត​ Ultimate Boxing Championship 2021 ម្ដង​រួចមកហើយដែល​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​ចំនួន ៦​សប្ដាហ៍។ យ៉ាងណាមិញ​ការប្រកួត​ Ultimate Pro Boxing 2022 ​នេះ​វិញ សហព័ន្ធ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ ក៏ដូចជា​ផ្លែផ្កា​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ដ្រនៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ទទួលបាន​ផលចំណេញ​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ OCA ​លើក​ទី​៤១?

2022/08/24 05:32:32 pm        282
​អូឡាំពិក៖ កម្ពុជា​បានទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១ (41st OCA General Assembly) បន្ទាប់ពី​ចិន​អាក់ខាន​រៀបចំ ដំណាលគ្នា​នឹង​ការពន្យា​ពេល​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៩ ដែល​បាន​លើក​ពេល​ពី​ឆ្នាំ​២០២២ ទៅ​ឆ្នាំ​២០២៣។ មហាសន្និបាត​នេះ​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា​ខាងមុខ ក្រោយ​ទទួលបាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​មហាសន្និបាត និង​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ ក៏ដូចជា​ថ្នាក់ដឹកនាំ​កីឡា​ជុំវិញ​ពិភព​លោក​ប្រមាណ ៤០០​នាក់ដែល​នឹងចូលរួម​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានរៀបចំ​កិច្ចប្រជុំ​ពិសេស​មួយកាលពី​ថ្ងៃទី​២៣ ខែតុលា ដើម្បី​ជំរុញ​ការរៀបចំ​មហាសន្និបាត​នេះទទួលបាន​ជោគជ័យ ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ។​ ​តើ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ដ៏​ធំ​នេះ កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​អ្វីខ្លះ​? ការណ៍​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​មានប្រសាសន៍ថា នេះ​គឺជា​កិច្ចប្រជុំ​ដ៏​កម្រ ហើយក៏​ជា​ឱកាសល្អ ដែល​ស្ដែង​ឃើញ​ការគាំទ្រ​របស់​សហគម​ន៍​កីឡា​អន្ដរជាតិ និង​ពិភពលោកចំពោះ​កម្ពុជា ពិសេស​ការគាំទ្រ​ពេញទំហឹងសម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ីឆ្នាំ​២០២៩ ផងដែរ។​​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​ពន្យល់ថា ត្បិតតែ​មហាសន្និបាត​ក​ម្រិ​ត​អាស៊ី តែ​ការចូលរួម​គឺ​កម្រិត​ពិភព​លោក តែមាន​អង្គការ​កីឡា​ធំៗ​លើ​ពិភពលោកនឹង​មក​ប្រមូលផ្ដុំ​ក្នុង​មហាសន្និបាតនៅ​រាជធានី​ភ្នំពេញ​នេះ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះក្លាយជា​ដែក​ឆក់​មួយ ដើម្បី​ទាក់​អារម្មណ៍​ពិភពលោក​មក​កម្ពុជា ពិសេស​ផ្ដល់នូវ​កេរ្ដិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​កម្ពុជា ក្រោម​ម្លប់​សន្ដិភាព និង​ការអភិវឌ្ឍនៃ​សម័យ​តេ​ជោ សែន តែម្ដង។​ ​អ្វីដែល​ពិសេស ពិធី​បើក​មហា​សន្និបាត​ OCA ​នៅ​កម្ពុជា​នេះនឹង​ទទួលបាន​ការផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហើយ​សម្ដេច​នឹង​ថ្លែង​សន្ទរកថា​គន្លឹះ ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​ជំរុញ​ចលនា​កីឡា​ជាតិ ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ​ទៀតផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន ក្រៅពី​ការត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​នេះ ឯកឧត្តម​រដ្ឋមន្ដ្រីក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ដូចជា​ការត្រៀម​រៀបចំ​ពិ​ព័រ​ណ៍​អំពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣, ទស្សនា​កម្ពុជាឆ្នាំ​២០២៣, ពិ​ព័រ​ណ៍​ទេសចរណ៍ និង​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ ដល់​ប្រតិភូ​កីឡា​ទាំងអស់ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផងដែរ។ គណៈកម្មការ​ជំនាញ​នីមួយៗបានដឹង​ពី​គោលដៅ របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​រង់ចាំតែ​ការអនុវត្ត​ប៉ុណ្ណោះ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឲ្យ​ទទួលបាន​ជោគជ័យ៕អត្ថបទ៖ លី ឈុន​ឡា

Kyren Wilson យកឈ្នះ Barry Hawkins គ្រង​ជើងឯក​ស្នូកឃ័រ European Masters

2022/08/23 10:15:27 pm        156
​​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Kyren Wilson បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​ស្នូកឃ័រ​កម្មវិធី European Masters នៅ​ទឹកដី​អាល្លឺម៉ង់​ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ Barry Hawkins នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​Kyren Wilson បាន​នាំមុខ​ការប្រកួត ៣-០ហ្វ្រេ​ម​នៅ​ដំណាក់កាល​ដំបូង មុនពេល Barry Hawkins បាន​តាម​ពីក្រោយ ២ហ្វ្រេ​ម​វិញ​។ ​ក្រោយមក Kyren Wilson បាន​យកឈ្នះ ៣ហ្វ្រេ​ម​បន្ទាប់ មុននឹង​ធ្វើបាន​មួយ​ឈើ ៥៥ពិន្ទុ​ដើម្បី​នាំមុខ ៦-២ហ្វ្រេ​ម​។ ​យ៉ាងណាក្តី​កីឡាករ​វ័យ ៣០ឆ្នាំ Kyren Wilson បាន​យកឈ្នះ​បី​ហ្វ្រេ​ម​បន្ទាប់ពី Hawkins តប​បាន​មួយ​គ្រាប់ មុននឹង​ការប្រកួត​បញ្ចប់​ដោយ​លទ្ធផល ៩-៣ហ្វ្រេ​ម​លើ​កីឡាករ​វ័យ ៤៣ឆ្នាំ Barry Hawkins ដើម្បី​លើក​ពាន​ទី៥ ក្នុង​អាជីព​។​​សូមបញ្ជាក់ថា ​កីឡាករ​អង់គ្លេស Kyren Wilson ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ៥ ពិភពលោក​បាន​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​យកឈ្នះ​កីឡាករ​ចិន Lyu Haotian ជុំ​ដំបូង យកឈ្នះ​កីឡាករ​អង់គ្លេស Jimmy Robertson នៅ​ជុំ​ទី២ យកឈ្នះ Shaun Murphy នៅ​វគ្គ ១៦នាក់​ចុងក្រោយ យកឈ្នះកីឡាករ​ចិន Si Jiahui នៅ​វគ្គ ៨នាក់​ចុងក្រោយ និង​យកឈ្នះ Ali Carter នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ករ​លេខ២ ពិភពលោក Alexander Zverev ដក​ខ្លួន​ពី US Open ដោយសារ​របួស​កជើង​

2022/08/23 09:45:33 pm        91
​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ២ ពិភពលោក Alexander Zverev បានសំរេច​ចិត្ត​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍ Grand Slam, US Open ហើយ​ដោយសារ​មិនទាន់​ជា​ពីរ​បួស​កជើង​។ ​​កីឡាករ​អាល្លឺម៉ង់​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​រងរបួស​កជើង​នេះ​កាលពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open នៅពេល​ជួប​ជាមួយ​ជើងឯក Rafael Nadal​។ ​ម្ចាស់​មេដាយមាស​អូឡាំពិក​រូបនេះ​បានទទួល​ការវះកាត់​ជោគជ័យកាលពីដើម​ខែមិថុនា ហើយ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​សម្រាក​ព្យាបាលរបួស​របស់ខ្លួន​។ ​ការដកខ្លួន​របស់ Alexander Zverev ក៏​ធ្វើឱ្យមាន​ការកែប្រែ​ចំណាត់​ថ្នាក់​ក្នុង​កម្មវិធី​ប្រកួត​របស់ US Open ដែរ​ដែល​មានន័យថា​ កីឡាករ​អេ​ស្ប៉ា​ញ​លំដាប់​លេខ៣ ពិភព​លោក Rafael Nadal នឹង​ឡើង​មកឈរ​លេខ២ ក្នុង​កម្មវិធី​ពីក្រោម​កីឡាករ​រុស្ស៊ី Daniil Medvedev​។​​ជាមួយគ្នា​នោះដែរ កីឡាករ​ជំនាញ​ដៃ​ឆ្វេង​របស់​អង់គ្លេស Cameron Norrie ឡើង​មកឈរ​លេខ៨ មានន័យថា ​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​នឹងមិន​ជួប​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ល្អ​ជាង​ខ្លួន​ឡើយ​រហូតដល់​វគ្គ ៨នាក់​ចុងក្រោយ​។ ​ព្រឹត្តិការណ៍ Grand Slam ចុងក្រោយ​ប្រចាំឆ្នាំ២០២២ នេះ US Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៩ ខែសីហា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jeonbuk ឡើង​ជួប Urawa Red វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFC Champions League

2022/08/23 07:29:03 pm        117
​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League រកឃើញ​ក្លិប​ពីរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​អតីត​ជើងឯក​ទាំងពីរ Jeonbuk Motor របស់​កូរ៉េ​ត្រូវ​ជួប​ជាមួយ​ក្លិប​ជប៉ុន Urawa Red Diamonds​។ ​ក្រុមបាល់ទាត់​កូរ៉េ Jeonbuk Motors ដែលជា​អតីត​ជើងឯក​នៅ​ឆ្នាំ២០០៦ និង ២០១៦ បាន​យកឈ្នះ​ក្រុម​ជប៉ុន Vissel Kobe នៅ​ម៉ោង​បន្ថែម ១៥នាទី​ពីរដង ៣-១​។ ​Vissel Kobe ដែល​ទើប​ទំលាក់ Yokohama នៅ​វគ្គ ១៦ក្រុម​បាន​នាំ​មុខមុន​ក្នុងការ​ប្រកួត​នេះ​នៅ​នាទី​ទី៦៤ ដោយ Koya Yukuri មុនពេល​ដែល Jeonbuk តាម​ស្មើ​វិញ​ពីរ​នាទី​ក្រោយមក​ដោយ Modou Secka Barrow​។ ​លុះដល់​វគ្គ​បន្ថែម ១៥នាទី​ពីរដង​កាត់សេចក្តី Jeobuk Motors ក៏​រកបាន​ពីរ​គ្រាប់​ដោយ Gustavo នាទី​ទី១០៤ និង Seon-min Moon នាទី​ទី១២០+២​។ ​​ងាក​មក​មួយ​ប្រកួត​ទៀតជើងឯក​ពីរ​សម័យ​ដូចគ្នា Urawa Red Diamonds បាន​យកឈ្នះ​ក្រុម​ជើងឯក​ថៃ BG Pathum United ៤-០ ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFC Champions League ជា​លើក​ទី៥​។ ​៤គ្រាប់​របស់ Urawa ធ្វើបាន​ក្នុង​វគ្គ​ទី១ ពីរ​គ្រាប់​ដោយ David Modberg Karlsson និង Takuya Iwanami និង​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ ដោយ Yoshio Koizumi និង Takahiro Akimoto​។​ ​ក្រុម​ទាំងពីរ Urawa Red Diamonds និង Jeonbuk Motors នឹងត្រូវ​ជួបគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រង់ចាំ​ក្រុម​មកពី​តំបន់​អាស៊ី​ខាងលិច​។ ​ក្រុម​នៅ​តំបន់​អាស៊ី​ខាងលិច​ទើប​បញ្ចប់​វគ្គ ១៦ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ខណៈ​វគ្គ ៨ក្រុមចុងក្រោយនឹងធ្វើនៅ​អំឡុង​ខែកុម្ភៈ ​ឆ្នាំ២០២៣ ឯណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chris Smalling រកបាន​គ្រាប់​ជ័យជំនះ​ឲ្យ Roma ឈ្នះ Cremonese នៅ Serie A

2022/08/23 06:46:00 pm        122
​បាល់ទាត់៖ ​ក្រុម​កញ្ជ្រោង AS Roma ចាប់ផ្តើម​រដូវ​កាល​របស់ខ្លួន​បាន​យ៉ាង​ល្អឥតខ្ចោះ​ក្រោយ​ឈ្នះ ២ប្រកួត​ជាប់​គ្នាបន្ទាប់ពីយកឈ្នះ​ក្រុម​ឡើង​ថ្មី Cremonese ១-០ យប់មិញ​។​​ខ្សែការពារ​អង់គ្លេស និង​ជា​អតីត​ខ្សែការពារ Manchester United, Chris Smalling គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​សំរេច​គ្រាប់​បាល់​ជ័យជំនះ ៣ពិន្ទុ​សំរាប់ AS Roma នៅ​នាទី​ទី៦៥ ពី​បាល់​ជ្រុង​របស់ Lorenzo Pellegrini​។ ​ក្រុម​ភ្ញៀវ Cremonese ក៏មាន​ឱកាសល្អ​ក្នុង​ការរក​គ្រាប់​បាល់​ដែរ ​តែ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Cyriel Dessers ស៊ុត​បុករ​បាទី​។ ​AS Roma ដែលជា​ជើងឯក UEFA Europa Conference League រដូវ​កាល​មុន មកដល់ពេលនេះ​ឈ្នះ ២ប្រកួត​ជាប់​គ្នា និង​មិនទាន់​របូត​គ្រាប់​បាល់​ឡើយ​មាន ៦ពិន្ទុ​ពេញ​ឈរ​លេខ៣ ស្មើ​ពិន្ទុ​ជាមួយ Napoli និង Inter Milan​។ងាក​មក​មួយគូ​ទៀត​យប់មិញ​ដែរ Juventus បាត់បង់​ ៣ពិន្ទុ​ក្រោយ​ស្មើ​នៅ​ទឹកដី Sampdoria ០-០​។ ​ក្រុម​របស់លោក Massimiliano Allegri នៅពេលនេះ​ឈរ​លេខ៤ មាន ៤ពិន្ទុ​ក្រោយ​លេង ២ប្រកួត​ឈ្នះ១ ស្មើ១ ខណៈ Sampdoria ឈរ​លេខ១៦ មាន ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Casemiro បង្ហាញមុខ​នៅ Old Trafford ផ្លូវការ​ក្រោយ​ផ្លាស់​ពី Real Madrid តម្លៃ ៧០លាន​ផោន

2022/08/23 05:59:23 pm        94
​បាល់ទាត់៖ ខ្សែបម្រើ​ប្រេ​ស៊ី​ល Casemiro បានបង្ហាញ​មុខជា​ផ្លូវការ​នៅ​កីឡដ្ឋាន Old Trafford នៅ​ចំពោះមុខ​អ្នកគាំទ្រ​មុន​ការប្រកួត​ដែល Manchester United យកឈ្នះ Liverpool ២-១ យប់មិញ​។ ​​Manchester United ត្រូវ​ចំណាយលុយ​ការផ្ទេរ​នេះ​ទៅកាន់ Real Madrid ប្រមាណ ៧០លាន​ផោន​ដើម្បី​នាំយក​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ដែល​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ Old Trafford​។​ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​និយាយថា នេះ​ជា​ក្លិប​បាល់ទាត់​ធំ​បំផុត​មួយ​លើ​លោក​ដែល​គេ​បាន​ចូលរួម​។ Casemiro បាន​ក្លាយជា​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​បំផុត​ម្នា​ក់នៅ Manchester United តែ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បញ្ជាក់ថា ​ការផ្លាស់​មក​ពេលនេះ​គឺ​មិនមែន​ដោយសារ​រឿង​លុយ​ឡើយ​។ ​​រំលឹកថា Casemiro បានមក​ដល់ Real Madrid តាំងពី​ឆ្នាំ២០១៣ ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo​។ ​​រយៈពេល ៩ឆ្នាំ​នៅ​អេ​ស្ប៉ា​ញ Casemiro បានឈ្នះ​ពាន La Liga ៣លើក, Copa del Rey ១​លើក, UEFA Champions League ៥លើក ​និង FIFA Club World Cup ៣លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ស្គាល់​ជ័យជំនះ​ដំបូង​នៅ EPL ក្រោម​ការដឹកនាំ​របស់លោក Erik ten Hag

2022/08/23 05:23:39 pm        140
​បាល់ទាត់៖ ​ទីបំផុត​ក្រុម​បិសាច​ក្រហម Manchester United ស្គាល់​ជ័យជំនះ​ដំបូង​ហើយ​នៅ​ក្របខណ្ឌ English Premier League រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Eric ten Hag ក្រោយ​យកឈ្នះ Liverpool ២-១ នៅ Old Trafford​។ ​​អតីត​អ្នកចាត់ការ Ajax រូបនេះ​បានសំរេច​មិន​ដាក់​ប្រធាន​ក្រុម Harry Maguire និង​ខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យ​លេង​ជម្រើស​ដំបូង ខណៈ​ទំរង់​លេង​ឆ្លើយតប​មកវិញ​នូវ​ភាពប្រសើរឡើង ដើម្បី​បន្ធូរបន្ថយ​សំពាធ​នៅ​ខាងក្រៅ​កីឡដ្ឋាន​ដែល​មានការ​បាតុកម្ម​ប្រឆាំង​ប្រធាន​ក្លិប​។ ​​អតីត​កីឡាករ​របស់ Dortmund, Jadon Sancho បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៦ មុនពេល​ដែល​វគ្គ​ទី២ កីឡាករ​បម្រុង Anthony Martial បញ្ជូន​បាល់​ឱ្យ Marcus Rashford ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៥៣​។ ​​Liverpool ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​នាទី​ទី៨១ ដោយ Mohamed Salah តែ​មិន​គ្រប់គ្រាន់​ឡើយ ​ខណៈ​ការប្រកួត​បញ្ចប់​ដោយ Manchester United យកឈ្នះ Liverpool ២-១​។​​ជ័យជំនះ​ដំបូង​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ១៤ ក្នុង​តារាង​លេង ៣ប្រកួត​ឈ្នះ១ ចាញ់២ មាន ៣ពិន្ទុ ​ខណៈ Liverpool នៅតែ​បន្ត​ស្វែង​ជ័យជំនះ​របស់ខ្លួន​នៅឡើយ​ក្រោយ​លេង ៣ប្រកួត​ស្មើ២ ចាញ់១ មាន ២ពិន្ទុ​។ ប្រកួត​បន្ទាប់ Manchester United ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី Southampton ថ្ងៃ​សៅរ៍​នេះ ខណៈ Liverpool ទទួល Bournemouth៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM