UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

គុន​ខ្មែរ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ក្រោយ​ឈ្នះ​មេដាយមាស ៧គ្រឿង​នៃ​ព្រឹត្តិការណ៍ Grand Slam Tournament នៅ​ម៉ាឡេស៊ី​

2022/08/22 05:15:40 pm        665
​គុនខ្មែរ៖ ក្រុមកីឡា​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ​កម្ពុជា បាន​ត្រឡប់មក​មាតុភូមិ​វិញ​ហើយកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ក្នុង​ព្រឹត្តិការណ៍​កីឡាប្រដាល់​អន្ដរជាតិ IFMA Grand Slam tournament 2022 នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ក្រោយ​អ្នកលេង​គុន​ខ្មែរដណ្ដើមបាន​មេដាយមាស ៧គ្រឿង, ខ្សែក្រវាត់ ២ និង​ពាន ១ ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ។ ​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រតិភូ និង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​នេះ គេ​ឃើញ​មាន​ថ្នាក់ដឹកនាំ​ជាច្រើន អញ្ជើញ​ទទួល​ស្វាគមន៍ដូចជា​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ឯក​ឩ​ត្ត​ម វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សារ​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​មន្ដ្រី​ថ្នាក់ដឹកនាំ​កីឡា និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។​ ​ឯកឧត្តម តែម ម៉ឺន បាន​សម្ដែង​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ក្នុង​បេសកកម្ម​លើក​នេះ ដោយ​ឯកឧត្តម​បានចាត់ទុក​ជោគជ័យ​នេះគឺជា​សញ្ញាណ​វិជ្ជមាន ក្នុង​ផែនការ​យុទ្ធសាស្ដ្រ ក៏ដូចជា​ការត្រៀម​លក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ហើយ​សហព័ន្ធនឹង​បន្ដ​រៀបចំ និង​ចូលរួម​ការប្រកួត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​គុន​ខ្មែរ​ឲ្យ​កាន់តែខ្លាំង មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មកដល់។​​ដោយឡែក​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ ដែល​បាន​ចូលរួម​ផ្ទាល់ក្នុង​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​នូវ​មោទនភាពចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​គុន​ខ្មែររហូត​សម្រេចបាន​ជោគជ័យ​លើសពី​ការរំពឹង ពិសេស​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ចំពោះ​ភាពខ្លាំង​របស់​កីឡាករ​គុន​ខ្មែរ និង​បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ពី​ក្បាច់គុន​បុរាណ​ខ្មែរ រហូត​មានការ​ចាប់អារម្មណ៍ និង​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​កីឡាករ ក៏ដូចជា​ការប្រកួតរវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ចូលរួម​ទៀតផង។​​ ​សូមបញ្ជាក់ថា អ្នកលេង​គុន​ខ្មែរដែល​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ រួមមាន​កីឡាករ ឈឿង ល្វៃ​, ខាំ ខ្លា​នាង​, ភួង ឡាំង​កូ​ស៊ិន​, រិ​ន ដេវីត​, ស៊ន រ៉ា​គីម និង​កីឡាករ ផុន ពិសិដ្ឋ ដែល​ធ្វើ​ឲ្យ​កម្ពុជាឈរ​ចំណាត់ថ្នាក់​លេខ​១ ដែល​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង រួមជាមួយ​ខ្សែក្រវាត់ ២ និង​ពាន ១។ ក្នុងនោះ​កីឡាករ រិ​ន ដេវីត ក៏​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​ខ្សែក្រវាត់ អម​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារនា​ចុងឆ្នាំ​២០២២ នេះ បន្ទាប់ពី​ប្រកួត​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ីក្នុង​ព្រឹត្តិការណ៍ IFMA Grand Slam tournament 2022 នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ធន់ ផានិត​ បំបាក់​ខ្លា​ចាស់​ ទួន​ប៉េ ​យក​បី​ពិន្ទុ​ ខណៈ​ ផាន​ ផាន់​ណាត់ ​ស្គាល់​ជ័យជំនះ​ដំបូង

2022/08/22 05:04:32 pm        352
គ្រុន​ខ្មែរ៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ លើ​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​បានបញ្ចប់​សប្តាហ៍​ទី៦ ជុំ​ទី៣ ហើយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ មិន​ខុសពី​រាល់​សប្តាហ៍ សង្វៀន​ប្រដាល់​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​ពេញ​ដោយ​ទស្សនិកជន ​ដើម្បី​ចូលរួម​លើកទឹកចិត្ត​គាំទ្រ​កីឡាករ​គុន​ខ្មែរ​ក្នុងការ​ប្រជែង​ខ្សែក្រវាត់​រដូវ​កាល​នេះ​។ កីឡាករ ធន់ ផានិត មិន​ធ្វើឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​ ក្រោយ​ដេញ​វាយ​ខ្លា​ចាស់ ​ទួនប៉េ​ ស៊ីត​សាម​ផា​យ៉ាក ​ពេញ​ប្រាំ​ទឹក​ដើម្បី​បី​ពិន្ទុ​ដ៏​មាន​សារៈសំខាន់​។ កូនសិស្ស​របស់លោក ធន់ សុភា​ រូបនេះ​បាន​ប្រើ​ជើង​ទាត់ និង​បោះ​ជង្គង់ បូករួម​ទាំង​ការចេញ​កែង​ដ៏​មាន​ប្រសិទ្ធភាព​ទៅលើ​កីឡាករ​វ័យចាស់វាយ​មិនចេះ​ឈឺ ទួន​ប៉េ ធ្វើឱ្យ​ចៅក្រម​ទាំង ៥ សំរេច​ឱ្យ ធន់ ផានិត​ ឈ្នះ​ដោយ​ឯកច្ឆន្ទ ៥-០​។ បី​ពិន្ទុ​នេះ​ក៏បាន​ធានា​ឱ្យ ​ធន់ ​ផានិត ​មានមុខ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ ខណៈ​កីឡាករ​ថៃ​ ទួន​ប៉េ​ ក៏មាន​ភាគរយ​ខ្ពស់​ឈានទៅ​ជុំ​បន្ត​ដែរ​បើទោះជា​ចាស់​ប្រកួត​នេះ​។ ងាក​មក​មួយទៀត ផាន ផាន់​ណាត់ ដែល​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ទៅហើយនោះ ក៏​មិនបាន​ធ្វើឱ្យ​ទស្សនិកជន​ខកបំណង​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ថៃ​ដែល​អស់​ឱកាស​ដូចគ្នា ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ មិន​ខុសពី​គូ ធ​ន់ ផានិត និង​ទួន​ប៉េ​ឡើយ កូនសិស្ស​របស់លោក​គ្រូ​ហង្ស​ស៊ឺនបាន​ដេញ​វាយ​ពេញ​ប្រាំ​ទឹក ​ខណៈ ផេ​ត​ម៉េ​ត​ម៉ៃ​ ក៏​មិនឱ្យ ​ផាន់​ណាត់ ​វាយ​ស្រួលៗ​ដែរ​។ ព្រឹត្តិការណ៍​ប្រដាល់​គុខ​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ លើ​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នេះនឹង​ឈានដល់​ជុំ​ចុងក្រោយ​នៃ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ថ្ងៃទី៤ ខែកញ្ញា​ខាងមុខ​ដែល​រួមមាន​ជំនួប​រវាង ជ័រ ពៅ និង​ទួន​ប៉េ​ស៊ីត​សាម​ផា​យ៉ាក និង ពេជ្រ សម្បត្តិ ​ជួប​ជាមួយ​ ផេ​តម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកប្រដាល់គុនខ្មែរនឹងត្រឡប់មកដល់កម្ពុជាវិញយប់នេះ ក្រោយឈ្នះមេដាយមាស ៧ និងខ្សែក្រវាត់២ នៅម៉ាឡេស៊ី

2022/08/20 09:31:34 pm        1207
ភ្នំពេញ៖ ក្រុមកីឡាប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នារាត្រីថ្ងៃទី២០ ខែសីហានេះ ក្រោយដណ្ដើមបានមេដាយមាស ៧គ្រឿង ខ្សែក្រវាត់ ២គ្រឿង និងពាន ១ នៅក្នុងការប្រកួតកីឡាប្រដាល់អន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ។ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​បានបញ្ជាក់ថា ព្រឹត្តិការណ៍​អន្ដរជាតិនេះ ធ្វើឡើងជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ​ខែសីហា​ ដោយមានអត្តពលិកមកពី ១១០ប្រទេសចូលរួម​ ក្នុងនោះក៏មានអ្នកលេងគុនខ្មែរ ៨រូបផងដែរ ។ឯកឧត្តម បន្ដថា តាមរយៈការដណ្ដើមបានមេដាយមាស ៧គ្រឿង ​ខ្សែក្រវាត់ ២គ្រឿង​ និងពាន ១ មួយនេះ ​គឺជាជោគជ័យមួយដ៏ធំ ​សម្រាប់ក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ និងបាន​ផ្សព្វផ្សាយ​ពីភាពខ្លាំង ​នៃប្រភេទកីឡា​អត្តសញ្ញាណ​ជាតិមួយនេះ ​ទៅកាន់ឆាកអន្ដរជាតិផងដែរ ។ ចំពោះកីឡាករដណ្ដើមបានមេដាយមាសជូនជាតិ ​ក្នុងព្រឹត្តិការណ៍កីឡាប្រដាល់អន្ដរជាតិនេះ រួមមាន​កីឡាករ ផុន ពិសិដ្ឋ, កីឡាករ ខាំ ខ្លានាង, ភួង ឡាំងកូស៊ិន, រិន ដេវិត, ស៊ន រ៉ាគីម និងកីឡាករ ឈឿង ល្វៃ ៕អត្ថបទ៖ លី ឈុនឡា

មិនទាន់​ឈប់​ទិញ​ទេ Nottingham Forest ព្រមព្រៀង​តម្លៃ ២៥​លាន​ផោន​ទៀត​ទិញ​ខ្សែបម្រើ Wolves

2022/08/19 10:03:03 pm        81
​បាល់ទាត់៖ ​ក្រុម​ឡើង​ថ្មី Nottingham Forest មិនទាន់​បិទ​បញ្ចប់​ការនាំ​ចូល​កីឡាករ​ថ្មី​ឡើយ បន្ទាប់​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​តម្លៃ ២៥លាន​ផោន​ក្នុង​ការនាំយក​ខ្សែបម្រើ Wolves, Morgan Gibbs-White​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះនឹង​ក្លាយជា​កីឡាករ​ថ្មី​ទី១៦ ដែល​ផ្លាស់​មកកាន់ Nottingham Forest រដូវ​កាល​ថ្មី​នេះ​។ ​តាមពិតទៅ Nottingham បាន​ព្យាយាម​ចរចា​យក Gibbs-White យូរ​មកហើយ​តែ​អ្វីៗ​មិន​សំរេច​តាម​ការគ្រោងទុក​។ ​Morgan Gibbs-White គឺជា​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល​របស់ Wolves ស្រាប់​ និង​ជា​ជម្រើស​ដំបូង​របស់លោក Bruno Lage រដូវ​កាល​ថ្មី​នេះដោយ​ចាប់ផ្តើម ១១នាក់​ដំបូង​ទាំងពីរ​ប្រកួត​នៅ EPL​។ ​Forest នឹងត្រូវ​ចំណាយលុយ ២៥លាន​ផោន​ទៅឱ្យ Wolves បូករួម​ទាំង​ប្រាក់​បន្ថែម​ផ្សេងៗ​ទៀត​ប្រមាណ ១៧លាន​ផោនអាស្រ័យទៅលើ​ទំរង់​លេង​របស់ Gibbs-White ពេល​មក​ដល់ Forest​។​​Nottingham Forest បាន​ចាប់អារម្មណ៍​លើ Gibbs-White ដែល​ធ្លាប់ជា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ឆ្នាំ ១០លើក​រូបនេះនៅពេល​គេ​ចំនាយពេល​ជា​កីឡាករ​ខ្ចី​ជើង​នៅ Sheffield United រដូវ​កាល​មុន​។ ​Nottingham Forest ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ជាមួយនឹង​ជ័យជំនះ ១ប្រកួត បរាជ័យ​ ១​ប្រកួត ខណៈ​ប្រកួត​ទី៣ នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Everton ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal ចាញ់​ប្រកួត​ដំបូង​ក្រោយ​ជា​ពីរ​បួស​

2022/08/19 09:41:08 pm        82
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​កំពូល​របស់​អេ​ស្ប៉ា​ញ Rafael Nadal ទើបតែ​ជា​ពីរ​បួស​តាំងពី​ដកខ្លួន​ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon ហើយក៏​រង​បរាជ័យ​តែម្តង​នៅពេល​ជួប​ជាមួយ​កីឡាករ​ក្រូ​អាស៊ី Borna Coric នៅ​កម្មវិធី Cincinnati Open​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល​តានតឹង ៧-៦(៩-៧) ៤-៦ និង ៦-៣ ក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ ១៥២ ពិភពលោក​បច្ចុប្បន្ន Borna Coric​។​ ​​រំលឹកថា Rafael Nadal បាន​ចំនាយពេល ៦សប្តាហ៍​ដើម្បី​សម្រាក​ព្យាបាល​របួស​របស់ខ្លួន តែ​ការវិល​ត្រលប់មកនេះ​បាន​ត្រឹម​បរាជ័យ ដែល​ការប្រកួត​មួយ​ដើម្បី​ត្រៀមលក្ខណៈ​សំរាប់​ព្រឹត្តិការណ៍ Grand Slam, US Open ដែល​នឹង​ចាប់ផ្តើម​ថ្ងៃទី២៩ ខែសីហា​នេះ​។ ​​ងាក​មក​លទ្ធផល​គូ​ផ្សេងទៀត កីឡា​ករលេខ ១ ពិភពលោក Daniil Medvedev បាន​យកឈ្នះ​កីឡាករ​កាណាដា Danis Shapovalov ដោយ​លទ្ធផល ៧-៥ និង ៧-៥​។ ​​កីឡាករ​រុស្ស៊ី Daniil Medvedev មុន​មកដល់​កម្មវិធី​នេះ ទើបតែ​បរាជ័យ​នៅ​កម្មវិធី Canadian Masters ជុំ​ដំបូង​។​​វគ្គ ៨នាក់​ចុងក្រោយ Cincinnati Open នេះ Daniil Medvedev នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz​។ ​ចំណែកឯ​ផ្នែក​នារី​កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek បាន​ធ្លាក់​ចេញពី​កម្មវិធី​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក Madison Keys ៦-៣ និង ៦-៤​។ ​​ជ័យជំនះ​របស់ Madison Keys មិន​ត្រឹម​ធ្វើឱ្យ​នាង​បាន​ឡើង​ជុំ​បន្ត​នោះទេ តែ​វា​ជា​រឿង​ខកបំណង​មួយ​សំរាប់ Iga Swiatek ដែល​ស្គាល់​បរាជ័យ​ដំបូង​ក្រោយ​ឈ្នះ​ជាប់​គ្នា ៥០ប្រកួត​រួចមកហើយ​។ ​Madison Keys ដែល​ធ្លាប់​ឈ្នះ​ជើងឯក​នៅទីនេះ​កាលពី​ឆ្នាំ២០១៩ នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ជើងឯក Wimbledon, Elena Rybakina៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Vissel Kobe និង Jeonbuk ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Champions League

2022/08/19 07:32:44 pm        176
​បាល់ទាត់៖ ​ក្លិប​ជប៉ុន Vissel Kobe បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League ហើយ​ក្រោយ​យកឈ្នះ​ក្រុម​រួម​លី​គជ​ប៉ុន Yokohama F.Marinos ៣-២​។ ​​ការប្រកួត​នៅ​កីឡដ្ឋាន World Cup, Saitama ក្រុម Vissel Kobe បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី៧ ដោយ Nanasei Iino តែ​ក៏ត្រូវ Yokohama តាម​ស្មើ​វិញ​ពីរ​នាទី​បន្ទាប់​ដោយ Takuma Nishimura​។​ ​​ក្រោយមក Vissel ក៏មាន​ឱកាស​នាំមុខ​សាជាថ្មី​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Daiju Sasaki បន្ទាប់ពី​កំហុស​បាល់​ប៉ះ​ដៃ​របស់ Yuki Saneto​។​ ​​ឈានដល់​វគ្គ​ទី២ ហើយ​ការប្រកួត​នៅសល់តែ ១០នាទី Vissel Kobe កាន់តែ​កក់ក្តៅ​នៅពេល Yutaro Oda បន្ថែម​ការនាំ​មុខ ៣-១ មុនពេល​ដែល Yokohama តប​បាន​មួយ​គ្រាប់​វិញ​ដោយ Anderson Lopes នាទី​ទី៨៩​។ ​​Vissel Kobe ដែល​បច្ចុប្បន្នកំពុង​ឈរ​លេខ៣ រាប់​ពី​បាត​តារាង​មកវិញ​នៅ​លី​គ​កំពូល​ជប៉ុន​ត្រូវ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ ​ខណៈ Yokohama ខកខាន​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ ACL ពី​រដូវ​កាល​ជាប់​គ្នា​។​​ងាក​មក​មួយ​ប្រកួត​ទៀតក្រុម​កូរ៉េ Jeonbuk Motors បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុ​មុ​ចុងក្រោយ​ផងដែរ​ក្រោយ​យកឈ្នះ​ក្រុម​រួម​លី​គ Daugu FC​។ ​​ក្រុម​ទាំងពីរ​បញ្ចប់ ៩០នាទី​ដោយ​លទ្ធផល ១-១ បន្ទាប់ពី Jeonbuk នាំមុខ​មួយគ្រា​ប់​មុន​នៅ​នាទី​ទី៤៦ ដោយ Song Min Kyu មុនពេល​ដែល Daegu FC តាម​ស្មើ​វិញ​នៅ​នាទី​ទី៥៦ ដោយ Zeca​។ ​​ឈានដល់​វគ្គ​បន្ថែម ១៥នាទី​ពីរដង Jeonbuk ធ្វើឱ្យ Daegu កកឈាម​នៅពេល Kim Jin Gyu រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី១២០+១ ជិត​ចប់ទៅហើយ​។ ​​នៅសល់​ពីរ​ប្រកួត​ទៀត​ធ្វើឡើង​ថ្ងៃនេះ​ដែលជា​ជំនួប​រវាង BG Pathum United ជួប Kitchee FC និង Johor Darul Ta’Zim ជួប Urawa Red Diamonds៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ajax បដិសេធ​សំណើ ៨០​លាន​អឺរ៉ូ​របស់ Manchester United ទិញ Anthony

2022/08/19 06:26:26 pm        131
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ដឹងថា បានដាក់​សំណើ ៨០លាន​អឺរ៉ូ​ក្នុង​ការនាំយក​ខ្សែបម្រើ​ប្រេ​ស៊ី​ល Anthony ពី Ajax Amsterdam តែ​សំណើ​នេះ​ត្រូវបាន​បដិសេធ​ពី​ក្លិប​ហូ​ឡង់​រួចហើយ​។ ​​បើតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​កីឡា The Athletic ឱ្យដឹងថា Ajax ចង់​រក្សា​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​មួយឆ្នាំ​ទៀត​មិន​ពិចារណា​លក់​។ ​​Anthony បាន​ក្លាយជា​គោលដៅ​របស់ Manchester United តាំងពី​ការមកដល់​របស់​អ្នក​ចាត់​ថ្មី Erik ten Hag ម្ល៉េះ ​ខណៈ​អ្នក​ទាំងពីរ​ធ្លាប់​រួមការ​ងារ​នឹង​គ្នា​នៅ Ajax​។ ​​Anthony បាន​ចូលរួម​ជាមួយ Ajax កាលពី​ឆ្នាំ២០២០ ផ្ទេរ​ពី​ក្លិ​ប្រេ​ស៊ី​ល Sao Paulo បង្ហាញខ្លួន​បាន ៥៧លើក​ស៊ុត​បញ្ចូល​ទី​បាន ១៨គ្រាប់​។ សូមបញ្ជាក់ថា Antony បាន​ក្លាយជា​សមាជិក​សំខាន់​របស់ Ajax ក្នុង​រយៈពេល ១៨ខែ​កន្លងមក​បន្ទាប់ពី​ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo ហើយ​ក្លិប​ប្រេ​ស៊ី​ល​មួយ​នេះ​ក៏​នឹង​ទទួលបាន​លាភសការៈ​ផងដែរ​ ប្រសិន​ការផ្ទេរ​បានសំរេចដែលជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​កន្លងមក​៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

សំណើ ១៣៥លាន​អឺរ៉ូ​របស់ Manchester United ទិញ Joao Felix ត្រូវ Atletico Madrid បដិសេធ

2022/08/19 05:55:15 pm        77
​បាល់ទាត់៖ ​ក្លិប​​អេ​ស្ប៉ា​ញ Atletico Madrid បានសំរេច​បដិសេធ​សំណើ ១៣៥លាន​អឺរ៉ូ​ពី​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Joao Felix ទៅកាន់ Old Trafford​។ ​​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ Marca លោក Miguel Angel Gil Marin ដែលជា​ប្រធាន​ក្លិប Atletico Madrid បាន​បញ្ជាក់ថា ក្លិប​មិនមាន​បំណង​លក់ Joao Felix ឡើយ​នៅពេលនេះ​។ ​​លោក Gil Marin បាន​ហោះហើរ​ទៅកាន់​ទីក្រុង Lisbon ដើម្បី​ចរចា​នាំយក Joao Felix ពី Benifca ផ្ទាល់ដៃ​កាលពី​ឆ្នាំ២០១៩ និង​សង្ឃឹមថា​ កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​នឹង​ក្លាយជា​គ្រាប់ពេជ្រ​របស់​ក្លិប និង​ជា​កីឡាករ​កំពូល​ម្នា​ក់លើ​លោក​នាពេល​អនាគត​។ ​​កិច្ចសន្យា​របស់ Joao Felix នៅ Atletico Madrid មាន​រយៈពេល​វែង​នៅឡើយ ហើយ​ផ្លូវ​តែមួយគត់​ដែល Manchester United អាច​ទិញ​បាន​នោះ​គឺមាន​លុយ​ទិញ​ផ្តាច់​កុងត្រា​ដែលមាន​តម្លៃ​ដល់​ទៅ ៣៥០លាន​អឺរ៉ូ​។​​សូមបញ្ជាក់ថា Manchester United កំពុង​មមារ​ញឹក​ក្នុងការ​ស្វែងរក​កីឡាករ​ចំនូល​ថ្មី​មក​ពង្រឹង​ក្លិប ​ដែល​កំពុង​ដុនដាប​ពីរ​ប្រកួត​ដំបូង​នៅ Premier League ចាញ់​ទាំងពីរ​ប្រកួត​។ ​​កីឡាករ​ជាច្រើន​ដែល Manchester United ចាប់អារម្មណ៍ និង​បាន​ដាក់សំណើ​មានដូចជា Casemiro ពី Real Madrid, ខ្សែបម្រើ​អាមេរិក Christian Pulisic ចង់​ខ្ចី​ពី Chelsea ក៏ដូចជា Anthony ពី Ajax ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ហុក​គី​នារី​កម្ពុជា​ទទួលបាន​ការសរសើរ ក្រោយ​បញ្ចប់​ការប្រកួត​កម្រិត​អាស៊ី​នៅ​ថៃ

2022/08/19 05:42:05 pm        287
​ហុក​គី៖ ក្រុមកីឡា​ហុក​គី​នារី​ជម្រើសជាតិ​កម្ពុជា បានទទួល​ការកោតសរសើរ​ពី​បណ្ដា​ប្រទេស​ចូលរួម ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ហុក​គី​នារី​ក្នុង​សាល​អាស៊ី​ Women’s Indoor Hockey Asia Cup 2022 ​នៅ​ប្រទេស​ថៃកាលពីដើម​សប្ដាហ៍​កន្លងទៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ Rana Asif Maqsood ​គ្រូបង្វឹក​ក្រុមកីឡា​ហុក​គី​នារី​ជម្រើសជាតិ​កម្ពុជា​។​ ​ការប្រកួត​នេះធ្វើឡើង​រយៈពេល ៨​ថ្ងៃដោយមាន ៩​ក្រុម​ចូលរួម និង​បែង​ចែកជា ២​ពូ​លក្នុងនោះ​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ម្ចាស់ផ្ទះ​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល​ A ​មានកា​ហ្សា​ក់​ស្ថាន ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ឆាយ​នី​ស​តៃប៉ិ និង​ប៉ា​គី​ស្ថាន។ ជា​លទ្ធផល​ប្រកួត​ក្នុង​ពូ​ល កម្ពុជាបាន​យកឈ្នះ​សិង្ហ​បុរី ៣-០ តែ​ចាញ់​ថៃ ៥-០ និង​ចាញ់​ម៉ាឡេស៊ី ១៤-១។​ ​ក្រោយ​ខកខាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​កម្ពុជាដែល​ឈរ​លេខ​៣ ក្នុង​ពូ​លត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់ ចន្លោះ​លេខ​៥ ដល់​លេខ​៨ ហើយ​លទ្ធផល​កម្ពុជាបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៨ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​លេខ​៤ ក្នុង​ពូ​ល​ B ​ឆាយ​នី​ស​តៃប៉ិដោយ​លទ្ធផល ៣-២ និង​ប្រកួត​ចុងក្រោយចាញ់​ក្រុម​សិង្ហ​បុរី​វិញដោយ​លទ្ធផល ២-០។​ ​លោក​ Rana Asif Maqsood ​បាន​គូសបញ្ជាក់ថា ទោះបីជា​លទ្ធផល​មិន​សមប្រកប ប៉ុន្តែ​ទម្រង់​លេង​របស់​កូនក្រុម​ខ្លួនមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​មិនទាន់មាន​ទីលាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏ដោយ។ ម្យ៉ាង​ក៏​មិនមាន​ពេលវេលា​ហ្វឹកហាត់​គ្រប់គ្រាន់​នៅ​ថៃមុន​ការប្រកួត​ដែរ ដ្បិត​មុន​ចេញដំណើរមាន​កីឡាការិនី​មួយចំនួនបាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩។​​តែ​យ៉ាងណាក្ដីបណ្ដា​ប្រទេស​ជាច្រើនបាន​ភ្ញាក់ផ្អើល​ ដែល​កម្ពុជាបាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស បើ​ធៀប​នឹង​ការប្រកួត​មុនៗ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​គ្រូបង្វឹក​សញ្ជាតិ​ប៉ា​គី​ស្ថាន​រូបនេះ។​ ​លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​ហុក​គី​កម្ពុជាបាន​សម្ដែង​ការពេញចិត្ត​​ ចំពោះ​សិទ្ធ​ផលដែល​ក្រុម​កីឡាការិនី​កម្ពុជាធ្វើបាន​ពេលនេះ ដែលជា​សញ្ញា​វិជ្ជមាន​របស់​ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​វិញ្ញាសា​ហុក​គី​នារី​ក្នុង​សាលដែល​ត្រូវ​បានដាក់​ក្នុងការ​ប្រកួត នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំក្រោយ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា​

CAMSOC ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​កម្លាំង​ហ្វឹកហាត់ និង​សម្ដែង​អបអរ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេមឆ្នាំ២០២៣

2022/08/19 05:13:40 pm        124
​ស៊ីហ្គេម៖ គណៈអចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​នេះបាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​កម្លាំង​សម្រាប់​ហ្វឹកហាត់ និង​សម្ដែង​អបអរសាទរ​ពិធី​បើក​-​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ។​ ​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​និង​មានការ​ចូលរួម​ពី​តំណាង​ភាគី​ពាក់ព័ន្ធ ពិសេស​តំណាង​ក្រសួងការពារជាតិដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​សហការ​ផ្ដល់​កម្លាំង​កងយោធពល​ខេមរភូមិន្ទដើម្បី​ចូលរួម​ហ្វឹកហាត់ និង​សម្ដែង​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះធ្វើឡើងដើម្បី​ពិនិត្យ​កម្លាំង​ស្ម័គ្រចិត្ត និង​តម្រូវការ ក៏ដូចជា​ការបែងចែក​ផ្នែកដែល​ត្រូវ​ហាត់​សម និង​សម្ដែងសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ស្របទៅតាម​ផែនការ និង​ទិដ្ឋភាព​សំខាន់ៗដែល​ត្រូវ​បង្ហាញ រួមមាន​ទិដ្ឋភាព​វប្បធម៌ អរិយធម៌ និង​ទិដ្ឋភាព​កីឡា រួមជាមួយ​ទិដ្ឋភាព​ផ្សេងៗ​ទៀតដើម្បី​ជំរុញ​ឲ្យ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះមាន​ភាព​អធិកអធម និង​អស្ចារ្យ។​ ទន្ទឹម​ជាមួយគ្នា ក្រោម​កិច្ចសហការរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិនដែល​សន្យា​ជួយ​លើ​ផ្នែក​បទពិសោធន៍ និង​បច្ចេក​ទេស​រៀបចំ​ពិធី​បើក​-​បិទ អ្នកជំនាញការ​ចិនក៏​គ្រោង​នឹងធ្វើ​ដំណើរ​មក​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា និង​បន្ស៊ី​គ្នារវាង​វប្បធម៌ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​រៀបចំ និង​បង្កើត​ឲ្យ​មាននូវ​ទស្សនីយភាព​ស្រប​គ្នា​មួយ​ដ៏​អស្ចារ្យ ក្នុង​ព្រឹត្តិការណ៍​ដែល​ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​ទស្សនា​នេះ​ផងដែរ។​​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែមថា ទាំងអស់នេះគឺជា​អ្វីដែល​ CAMSOC ​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ ពិសេស​លើ​ការត្រៀម​កម្លាំង សម្រាប់​ហ្វឹកហាត់ និង​សម្ដែង​តែម្ដង។ ម្យ៉ាង​ក្រៅពី​ពិធី​បើក​-​បិទ ក៏មាន​ពិធី​ជាច្រើន​ទៀត ដែល​ត្រូវការ​កម្លាំង​ចូលរួម​ផងដែរ ដូចជា​ពិធី​ស្វាគមន៍​ការមកដល់ ឬ​ពិធី​បង្ហូត​ទង់ជាតិនៃ​បណ្ដា​ប្រទេស​សមាជិក​ស៊ី​ហ្គេម​ជាដើម។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែសីហា​នេះ កម្ពុជា​នៅសល់​ពេល ២៥៨​ថ្ងៃ​ប៉ុណ្ណោះសម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​នា​ថ្ងៃទី​០៥ ខែឧសភា និង​ពិធី​បិទនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM