UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Sergio Gomez មកដល់ Manchester City ផ្លូវការ​តម្លៃ ១១​លាន​ផោន​ផ្ទេរ​ពី Anderlecht

2022/08/17 09:40:32 pm        114
​​បាល់ទាត់៖ ក្លិប​ Manchester City បានប្រកាស​ពី​ការមកដល់​ផ្លូវការ​របស់​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Gomez ដែល​ផ្លាស់​ពី​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Anderlecht ក្នុងតម្លៃ ១១លាន​ផោន​។ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​ដែល​នឹង​រក្សា​រូបគេ​នៅ​កីឡដ្ឋាន Etihad ដល់​ឆ្នាំ២០២៦​។ ​​Sergio Gomez បានទទួល​អាវ​លេខ ២១ ដែល​ធ្លាប់​ពាក់​ដោយ​ខ្សែបម្រើអេ​ស្ប៉ា​ញ David Silva ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក English Premier League ៤លើក និង​ពាន​សំខាន់ៗ ១០ ផ្សេងទៀត​។ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Barcelona មុនពេល​ផ្លាស់​ទៅកាន់ Borussia Dortmund​។​ ​Sergio Gomez ក្រោយមក​ក៏បាន​ចំណាយពេល​ពីរ​ឆ្នាំ​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប​អេ​ស្ប៉ា​ញ Huesca នៅ​ឆ្នាំ២០១៩ មុនពេល​ផ្លាស់​ទៅកាន់ Anderlecht ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធាន​ក្រុម Manchester City, Vincent Kompany៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tottenham Hotspur ទិញ​បាន​ខ្សែការពារ​អ៊ីតាលី Destiny Odogie ពី Udinese តម្លៃ ១៥​លាន​ផោន

2022/08/17 09:20:09 pm        107
​បាល់ទាត់៖ ​ក្លិប​ Tottenham Horspur បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​វ័យក្មេង​អ៊ីតាលី Destiny Odogie ពី​ក្លិប​អ៊ីតាលី Udinese តម្លៃ ១៥លាន​ផោន​។ ​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​ព្រមព្រៀង​កិច្ចសន្យា​រយៈពេល ៥ឆ្នាំ​ ខណៈ​តម្លៃ​ផ្ទេរ​អាច​កើនឡើង ៣លាន​ផោន​បន្ថែមទៀត​។ ​​កីឡាករ​ជម្រើសជាតិ​អ៊ីតាលី​អាយុ​ក្រោម ២១ឆ្នាំ​ទើប​ក្លាយជា​កីឡាករ​របស់ Udinese រដូវ​កាល​នេះ ហើយក៏​បន្ត​នៅ​ទឹកដី​អ៊ីតាលី​ពេញ​មួយ​រដូវ​កាល​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​Destiny Odogie មាន​តួនាទី​ជា​ខ្សែការពារ​ឆ្វេង​បាន​ស៊ុត​បញ្ចូល​ទី ៥គ្រាប់ និង​បញ្ជូន៤ ក្នុងការ​បង្ហាញខ្លួន ៣៥លើក​ក្នុង​លី​គជា​មួយ Udinese រដូវ​កាល​មុន​។ ​សូមបញ្ជាក់ថា Destiny Odogie ត្រូវបាន Udinese ខ្ចី​ពី Hallas Verona កាលពី​ឆ្នាំ២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការផ្ទេរ Adrien Rabiot មកកាន់ Manchester United មិនអាច​ទៅរួច​ឡើយ​ដោយសារ​រឿង​ប្រាក់​ឈ្នួល

2022/08/17 06:42:46 pm        149
​បាល់ទាត់៖ ​ក្លិប​​បិសាច​ក្រហម Manchester United បាន​បញ្ឈប់​ការចរចា​នាំយក​ខ្សែ​បម្រើកណ្ដាលបារាំង Adrien Rabiot ពី​ក្លិប Juventus ហើយ​។ ​ក្រុម​របស់លោក Erik ten Hag សង្ឃឹមថានឹង​អាច​នាំយក​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​មកកាន់ Old Trafford ដើម្បី​បំពេញ​ចន្លោះប្រហោង​នៅ​តំបន់​កណ្តាល​។ ​​តាមពិតទៅ​ក្លិប​ទាំងពីរ Manchester United និង Juventus បាន​ព្រមព្រៀងគ្នា​ទៅហើយ តែ​បញ្ហា​នៅ​ត្រង់​ប្រាក់​ឈ្នួល​ដែល Manchester United មិន​ផ្តល់​ឱ្យបាន​តាម​ការចង់​បាន​របស់ Adrien Rabiot​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​ស្ថិត​នៅក្រៅ​ជំរើស​នៅ Juventus ខណៈ​កិច្ចសន្យា​របស់គេ​នៅសល់តែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។​ ​រំលឹកថា Adrien Rabiot បាន​ផ្លាស់​ទៅកាន់ Juventus កាលពី​ឆ្នាំ២០១៩ ក្រោយ​ចាក​ចេញពី Paris Saint Germain ដោយ​គ្មាន​តម្លៃ​ផ្ទេរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អារម្មណ៍​មិន​ចង់​នៅ​បន្ត​របស់ Ronaldo ធ្វើឲ្យ Manchester United គ្រោង​អនុញ្ញាត​ឲ្យរូបគេចាកចេញ

2022/08/17 06:10:19 pm        78
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United គ្រោង​អនុញ្ញាតឱ្យ​​ខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញ​ក្នុង​រដូវក្តៅ​នេះ ដោយសារតែ​អារម្មណ៍​មិន​ចង់​នៅ​របស់គេប៉ះពាល់​ស្មារតី​ក្រុម​ទាំងមូល​។ ​អ្នកចាត់ការ Erik ten Hag ធ្លាប់បាន​និយាយ និង​តែងតែ​និយាយ​ដដែលៗ​ថា លោក​មិន​ចង់ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ចាកចេញ​ឡើយ ហើយ Ronaldo តែងតែ​ស្ថិតក្នុង​គំរោង​របស់លោក​ជានិច្ច​។ ​​យ៉ាងណាក្តីតាមរយៈ​ការ​ស្ទាបស្ទង់​ឃើញថា ស្មារតី​ក្រុម​ទាំងមូល​ហាក់​ធ្លាក់ចុះ​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ពេលដែល Manchester United ចេញ​ប្រកួត Pre-Season កន្លងមក​ដោយ​គ្មាន Ronaldo​។ ​​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​នៅ Manchester United បន្ទាប់ពី​ត្រលប់​មកកាន់​ទឹកដី Old Trafford វិញ​រដូវ​កាល​មុន ក្រោយ​ចាក​ចេញពី Juventus​។ការប្រកួត​ពីរ​ប្រកួត​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ English Premier League, Manchester United បាន​រង​បរាជ័យ ២ប្រកួត​ផ្ទួនៗ​តាមរយៈ​ទំរង់​លេង​ដែល​មិនអាច​ទទួលយកបាន ​ពោលគឺ​ចាញ់ Brighton ក្នុងផ្ទះ​ខ្លួនឯង និង​ចាញ់​នៅ​ទឹកដី Brentford ៤-០​។ ​​យ៉ាងណាក្តី​មកទល់ពេលនេះមិនមាន​សំណើ​ពី​ក្លិប​ណាមួយ​ក្នុងការ​ទាក់​ទងយក Cristiano Ronaldo ពី Manchester United ឡើយ​បន្ទាប់ពី​ក្លិប​ធំៗ​មួយចំនួនសុទ្ធតែ​បាន​ដកខ្លួន​មានដូចជា Chelsea និង Bayern Munich ជាដើម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​ទទួល​សំណើ​បង់​ក្លា​ដែ​ស​ដើម្បី​ប្រកួត​មិត្តភាព​អន្ដរជាតិ​នា​ខែកញ្ញា​ខាងមុខ​

2022/08/17 05:47:14 pm        539
​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បានប្រកាស​ទទួល​សំណើ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស ដើម្បី​រៀបចំ​ការប្រកួត​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​ជម្រើស​ជាតិ​ទាំងពីរនា​ថ្ងៃទី​២២ ខែកញ្ញា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​កន្លងមកធ្លាប់មាន​សេចក្ដីរាយការណ៍​ថា សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​សក៏​ធ្លាប់​អញ្ជើញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​មិត្តភាព​ផងដែរកាលពី​អំឡុង​ខែឧសភា​កន្លងទៅ តែ​ត្រូវបាន​កម្ពុជា​បដិសេធ ព្រោះ​កម្ពុជាចង់​ប្រកួត​ជាមួយ​ប្រទេសជិតខាង​ជាង គ្រា​ដែល​បង់​ក្លា​ដែ​សចង់​ប្រកួត​ជាមួយ​កម្ពុជាលើ​ទឹកដី​របស់ខ្លួន។​ ​ក្រុម​ទាំងពីរធ្លាប់​ជួបគ្នា​នៅ​រាជធានី​ភ្នំពេញ​ម្ដង​រួចមកហើយ មុន​ផ្ទុះ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ កាលពីដើមឆ្នាំ​២០១៩ ដោយ​កាលនោះកម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​បង់​ក្លា​ដែ​សដោយ​លទ្ធផល ១-០ នៅ​ចុង​ម៉ោងនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។​​សម្រាប់​ជំនួប​មិត្តភាព​អន្ដរជាតិនា​ចុងខែ​កញ្ញា​ខាងមុខ​នេះដែរ ក៏​ជាការ​ត្រៀម​របស់​ក្រុម​គោព្រៃ​កម្ពុជាដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ​នា​អំឡុង​ខែធ្នូ ឆ្នាំ​២០២២ និង​ខែមករា ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ពាន​ King Snooker Cup ​ឈានដល់​វគ្គ ៨​នាក់​ចុងក្រោយ​

2022/08/17 05:22:33 pm        211
​ស្នូកឃ័រ៖ ការប្រកួត​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រដណ្ដើម​ពានរង្វាន់​ King Snooker Cup 2022 ​បាន​ឈានដល់​វគ្គ ៨​នាក់​ចុងក្រោយ​ហើយ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះដែលមាន​បេក្ខភាព​ចូលរួម ១៦​រូបកាលពី​ថ្ងៃទី​០៨ ខែសីហា​កន្លងទៅ។​ ​សម្រាប់​បេក្ខភាព ៨​នាក់​ចុងក្រោយដែល​ត្រៀម​ប្រកួត​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​ដ៏​ធំ​នេះ រួមមាន​កីឡាករ សេង ពិសាខ​បូ​ប្រឹក្ស និង ហ៊ុល សា​រ៉ា​វន្ដ ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ A​។ កីឡាករ ថា​យ តិច​ហុក និង សុ​ត ខា ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ B​។ កីឡាករ សាត ច័ន្ទ​វិ​រៈ និង លឹម ចុង​អៀវ ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ C ​ខណៈ​កីឡាក​ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ D ​រួមមាន​កីឡាករ ឡេង ចន្ទ​គ្រី​ស្នា និង​កីឡាករ កាំ​ង សុវណ្ណ​រ៉ា ។​ ​ចំពោះ​ការប្រកួត​វគ្គ ៨​នាក់​ចុង​ក្រោយនេះនឹងធ្វើ​ការប្រកួត ២​ថ្ងៃនៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា​នេះនៅ​ក្លិប​ King Snooker ​ដោយ​ប្រើប្រាស់​រូបមន្ដ​ប្រកួត​ខ្វែង​ពូ​ល ក្នុងនោះ​ថ្ងៃទី​១៧-​សីហា មាន ២​គូគឺ​កីឡាករ សេង ពិសាខ​បូ​ប្រឹក្ស ជួប​កីឡាករ សុ​ត ខា និង​កីឡាករ សាត ច័ន្ទ​វីរៈ ជួប​កីឡាករ កាំ​ង សុវណ្ណ​រ៉ា។រីឯ​ថ្ងៃទី​១៨-​សីហា គឺមាន ២​គូ​ដូចគ្នារួមមាន​កីឡាករ ហ៊ុល សា​រ៉ា​វន្ដ ជួប​កីឡាករ ថា​យ តិច​ហុក និង​កីឡាករ លឹម ចុង​អៀវ ជួប​កីឡាករ ឡេង ចន្ទ​គ្រី​ស្នា។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ King Snooker Cup 2022 ​រៀបចំឡើង​ក្នុង​គោល​បំណង​​បំផុសសកម្មភាព​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ចម្រាញ់​បាន​នូវ​ធនធាន​ឆ្នើមៗ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។ នេះ​បើតាម​ការ​បញ្ជា​ក់រប​ស់លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កី​ឡ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

CAMSOC ​ជំរុញ​គណៈ​ជំនាញ​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/17 05:04:10 pm        532
​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុ​ប្រ​ធានអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជំរុញ​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា ត្រូវ​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​រាជធានី​-​ខេត្ត​ចំនួន ៥ ដែល​ត្រូវ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​​ឯកឧត្តម​បានលើកឡើង​បែបនេះនៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ របស់​គណៈអចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ត្រួតពិនិត្យ​របាយការណ៍​កា​រងារ និង​កំណត់​ផែនការ​សកម្មភាព​ការងារ ក៏ដូចជា​ទិសដៅ​អនុវត្ត​ការ​ងារ​បន្ដ​ដល់​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា ​(NOCC) កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ។​ ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ដ្រី ជំ​រុញ​គណៈកម្មការ​ជំនាញត្រូវ​យកចិត្តទុកដាក់ និង​ពង្រីក​ការផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាជន​ទូទាំងប្រទេស​នេះមានដូចជា​៖ យុទ្ធនាការ​កីឡា​រស់ក្នុង​សន្ដិភាព​, ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខក្នុង​មួយជីវិត​, កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​, កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​គ្រឿងញៀន​។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា នេះ​គឺជា​រឿង​សំខាន់ដែល​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡាមាន​តួនាទី​ផ្សព្វផ្សាយ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ពិសេស​តំបន់​គោលដៅ​សំខាន់ៗទាំង ៥ ដែល​ត្រូវ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមរួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប។ ក្នុងនោះ​រាជធានី​ភ្នំពេញគឺជា​គោលដៅ​ធំជាងគេ ព្រោះ​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ធំជាងគេ​ផងដែរ។​​ទន្ទឹម​ជាមួយគ្នាក្នុងនាម​ប្រធាន​គណៈកម្មការ​ជំនាញ ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​អះអាងថា កន្លងមក​គណៈកម្មកា​រ​របស់ខ្លួនបានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​មួយចំនួន​មកហើយ និង​កំពុងធ្វើការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ CAMSOC ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​កៀគរ​ប្រជាពលរដ្ឋឲ្យ​ចូលរួម​យុទ្ធនាការ​ទាំងអស់ ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ ក៏ដូចជា​ការរៀបចំ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត និង​ល្អ ត្រៀម​ទទួល​បដិសណ្ឋារកិច្ចប្រកបដោយ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់ទាក់។​ ​អ្វីដែល​ពិសេសគឺ​រាជធានី​-​ខេត្ត​គោលដៅ​ទាំង ៥ ដែល​គណៈកម្មការ​រប​ស់​ខ្លួននឹង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូ​លាយ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី។ លើសពីនេះដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន ឯកឧត្តម​ក៏​ត្រៀម​រៀបចំ​នូវ​បទ​ចម្រៀង​អបអរសាទរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ផងដែរ ព្រោះ​បទ​ចម្រៀង​អាចមាន​សក្ដានុពល និង​ជ្រូត​ជ្រាប​ខ្លាំង​ទៅដល់​មហាជន​ទាំងអស់ដែល​និយម​ទស្សនា​ទស្សនា​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។​ ​គួរ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា​នេះ កម្ពុជា​នៅសល់​រយៈពេល ២៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នៅ​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ មុន​បន្ដ​រៀបចំ​ការប្រកួត​កី​ឡ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា​

Andy Murray យកឈ្នះ Stan Wawrinka ឡើង​ជុំ​ទី២ វាយ​កូន​បាល់ Cincinnati Open

2022/08/16 10:23:38 pm        75
​​វាយ​កូន​បាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ១ ពិភពលោក Andy Murray បាន​ឆ្លង​ផុត​ជុំ​ទី១ នៃ​ការប្រកួត​ពានរង្វាន់ Cincinnati Open នៅ​សហរដ្ឋអាមេរិក ​ក្រោយ​យកឈ្នះ​កីឡាករ​ជើងចាស់​ស្វ៊ី​ស Stanislas Wawrinka​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ Andy Murray បាន​យកឈ្នះ​ក្នុង​លទ្ធ​តានតឹង​លើ​កីឡាករ​វ័យ ៣៧ឆ្នាំ Stan Wawrinka ៧-៦(៧-៣), ៥-៧ និង ៧-៥​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​កីឡាករ​លំដាប់​លេខ៤៧ ពិភពលោក​ស្កុ​ត​ឡេ​ន​រូបនេះ​រក្សា​ក្តីសង្ឃឹម​មាន​លំដាប់ថ្នាក់​នៅ Grand Slam, US Open ដោយ​មិនបាច់​ប្រកួត​ជំ​រុះ​។ ​ជុំ​បន្ត Andy Murray នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Cameron Norrie ដែល​ទើប​យកឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune​។​​ដោយឡែក​លទ្ធផល​ផ្សេងទៀត កីឡាករ​កំពស់​ខ្ពស់​សេវា​ខ្លាំង​អាមេរិក John Isner ក៏បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​បារាំង Benjamin Bonzi ដោយ​លទ្ធផល ៧-៧(១១-៧), ៣-៦ និង ៧-៦(៧-៤)​។ ​គូ​ចុង​ក្រោយនេះ​កីឡាករ Diego Schwartzman បាន​យកឈ្នះ​កីឡាករ Alex Molcan ៥-៧, ៦-៤ និង ៦-២​។ ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Cincinnati Open នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ ខណៈ​ព្រឹត្តិការណ៍ Grand Slam, US Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៩ ខែសីហា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Angel Di Maria ស៊ុត​គ្រាប់​ដំបូង​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ​ក្លិប​ថ្មី Juventus

2022/08/16 10:02:27 pm        172
​បាល់ទាត់៖ ​កីឡាករ​ចំនូល​ថ្មី​សញ្ជាតិ​អា​ហ្ស​ង់​ទីន Angel Di Maria ដែល​ផ្លាស់​ពី Paris Saint Germain បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ផងដែរ​ឱ្យ​ក្លិប​ថ្មី Juventus យកឈ្នះ Sassuolo ៣-០ សប្តាហ៍​ទី ១ ក្របខណ្ឌ​អ៊ីតាលី Serie A​។ ​​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី PSG ក្រោយ​ចំណាយពេល ៧ឆ្នាំ​នៅ​ទឹកដី​បារាំង ហើយ​អតីត​កីឡាករ​របស់ Manchester United រូបនេះ​ផងដែរ​ក៏​រកបាន​គ្រាប់​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ Juventus នៅ​នាទី​ទី២៦​។ ​មុន​ចប់​វគ្គ​ទី១ ខ្សែប្រយុទ្ធ​ស៊ែ​ប Dusan Vlahovic បន្ថែម​គ្រាប់​នាំមុខ ២-០ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​មុនពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Fiorentina ដដែល​នេះ​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៥១ ធ្វើឱ្យ Juventus ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​យកឈ្នះ Sassuolo ៣-០​។​​នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​សំរាប់​ក្រុម​លោក Massimiliano Allegri បន្ទាប់ពី​បញ្ចប់​រដូវ​កាល​មុន​បាន​ត្រឹម​លេខ៤ ចាញ់​ក្រុម​ជើងឯក AC Milan ដាច់​ដល់​ទៅ ១៦ពិន្ទុ​។ ​សូមបញ្ជាក់ថា ​រដូវ​កាល​ថ្មី​ក្របខណ្ឌ​អ៊ីតាលី Serie A បានចាប់ផ្តើម​សប្តាហ៍​ទី១ របស់ខ្លួន​ដោយ​គ្មាន​ក្រុម​ស្មើគ្នា​ឡើយ ​ខណៈ​ដែល​ក្រុម​ធំ​ដូចជា Napoli, AC Milan, Inter Milan, Lazio, Roma និង Fiorentina ជាដើម​សុទ្ធតែ​ទទួលបាន​បី​ពិន្ទុ​រៀងខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ramla Ali ពី​ជនភៀសខ្លួន​ពី​សង្គ្រាម​នៅ​សូ​ម៉ាលីក្លាយ​ជា​កីឡា​ការិនី​ប្រដាល់​អាជីព​វាយ​មិនទាន់​ស្គាល់​ចាញ់​

2022/08/16 09:38:21 pm        108
​ប្រដាល់៖ ​ស្នូរ​សន្ធឹក​អ្នកគាំទ្រ​ស្រែក​ឈ្មោះ Ali Ali Ali នៅ​ក្នុង​កីឡដ្ឋាន O2 Arena កីឡា​ការិនី​ប្រដាល់ Ramla Ali បាន​បន្ត​ស្ថិតិ​ប្រកួត​មិនដែល​ចាញ់​របស់ខ្លួន​កាលពី​ខែ​មុន​។​ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​ស្ថិតនៅក្នុង​អាជីព​ថ្មីថ្មោង​នៅឡើយ ប៉ុន្តែ​ការតាមដាន និង​ចំណាប់​អារម្មណ៍​ពី​មហាជន​នោះ​គឺ​ស្នាដៃ​របស់​នាង​ទាំង​ក្នុង និង​ក្រៅពី​វិស័យ​កីឡា​។ ដំណើរ​របស់ Ali បាន​នាំ​នាង​ពី​ជនភៀសខ្លួន​កុមារ​ ចាក​ចេញពី​ប្រទេស​សូ​ម៉ាលី​ដែល​ហែកហួរ​ដោយ​សង្គ្រាម មក​ក្លាយជា​អ្នក​ប្រយុទ្ធ​មូស្លីម​ដំបូង​គេ​ដែល​ឈ្នះ​ពាន​នៅ​ទឹកដី​អង់គ្លេស ​ក្នុងនាម​ជា​អ្នក​ប្រដាល់​ស្ម័គ្រចិត្ត​។ Ramla Ali គឺជា​អត្ត​ព​លិ​ក សកម្មជន អ្នកនិពន្ធ និង​ជាតា​រា​ម៉ូ​ដែល​ដ៏​ជោគជ័យ​ម្នាក់ដែល​ត្រូវបាន​ជ្រើសរើស​ដោយ Meghan Markle ឱ្យមាន​វត្ត​មាននៅ​លើ​គម្រប​ទស្សនាវដ្ដី Vogue។​ ​និយាយ​ពី​ប្រវត្តិ​របស់ Ramla Ali បងប្រុស​របស់​នាង​ត្រូវ​បាន​សម្លាប់​តាំងពី​វ័យ ១២​ឆ្នាំ​នៅ​ប្រទេស​សូ​ម៉ាលី​អំឡុង​សង្គ្រាមស៊ីវិល​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ គ្រួសារ​របស់​នាង​បាន​រត់គេច​ពី​រដ្ឋធានី Mogadishu​។ បន្ទាប់ពី​ការធ្វើដំណើរ​តាម​ទូក​រយៈពេល​ប្រាំបួន​ថ្ងៃ​ទៅកាន់​ប្រទេស​កេ​ន​យ៉ា ដែល​ក្នុង​នោះ​អ្នកជិះ​លើ​យន្តហោះ​ខ្លះ​បាន​ស្លាប់​ដោយ​ការអត់ឃ្លាន ទីបំផុត​ពួកគេ​បាន​រកឃើញ​ទីជម្រក​នៅ​ទីក្រុង​ឡុង​ដ៍​។​​កាល​នៅ​វ័យ​ជំទង់ Ali ត្រូវបាន​គេ​បៀតបៀន​នៅ​សាលា​ដោយសារ​លើស​ទម្ងន់ ដូច្នេះ​បាន​ទៅ​កន្លែង​ហាត់ប្រាណ​ក្នុងស្រុក ហើយ​សាកល្បង​ហាត់​ប្រដាល់ ប៉ុន្តែ​នាង​មិនបាន​ប្រាប់​ក្រុមគ្រួសារ​របស់​នាង​ទេ ព្រោះ​នាង​គិតថា​ ពួកគេ​នឹងមិន​យល់ព្រម​ចំពោះ​កីឡា​សម្រាប់​ក្មេងស្រី​ម៉ូ​ស្លី​ម​។ យ៉ាងណាក្តី​នាង​បានចាប់ផ្តើម​ប្រឡូក​ខ្លួន​នៅក្នុង​វិស័យ​កីឡាប្រដាល់ ដោយ​រៀន​តាម​វីដេអូ​អន​ឡាញ មុនពេល​ទទួលបាន​កា​រ​ប្រកួត​ស្ម័គ្រចិត្ត​លើកដំបូង​នៅ​អំឡុង​ឆ្នាំ២០១០​។ ​មិនយូរប៉ុន្មាន Ramla Ali ក៏មាន​ឱកាស​ប្រកួត​តំណាងឱ្យ​ប្រទេស​អង់គ្លេស និង​ឈ្នះ​ពាន​នៅពេលនោះ តែ​ម្តាយ​របស់​នាង​ដឹង​ក៏បាន​សុំឱ្យ​កូនស្រី​ឈប់​។ ​នាង​មិនបាន​បញ្ឈប់​ក្តី​ស្រមៃ​របស់​នាង​ឡើយ និង​បាន​ជម្នះ​ចិត្ត​ម្តាយ​រហូត​មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​សំរេចចិត្ត​ប្រកួត​តំណាងឱ្យ​ប្រទេស​កំណើត​របស់ខ្លួន និង​ថែមទាំង​ជា​អ្នក​កាន់​ទង់ជាតិ​សូ​ម៉ាលី​ដង្ហែនៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំមុន ពោលគឺ Ali បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​ទី១ ​របស់​សូ​ម៉ាលី​ដែលមាន​មុខ​នៅ​អូឡាំពិក​។ ​សប្តាហ៍​នេះ​នៅ​ទីក្រុង Jeddah កីឡាការិនី Ramla Ali នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ម្តងទៀត​ នៅពេល​បង្ហាញខ្លួន​នៅលើ​សង្វៀន​ដែលមាន​វត្តមាន​ប្រកួត​របស់​កំពូល​កីឡាករ​ប្រដាល់​ពីររូប Oleksandr Usyk និង Anthony Joshua ក្នុងការ​ប្រកួត​ស្ត្រី​អាជីព​ដំបូង​ដែល​ធ្វើឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!
08/08/2026 08:08 AM
លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM