UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

Wolves ឈានដល់​កិច្ចព្រមព្រៀង​ទិញ​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​

2022/08/16 07:39:55 pm        79
​បាល់ទាត់៖ ​ក្លិប​​អង់គ្លេស Wolverhampton បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ ក្នុងការ​នាំចូល​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ពី​ក្លិប​ព័រទុយហ្កាល់ Sporting CP​។ ​​ខ្សែបម្រើ Matheus Nunes ខិតជិត​ការផ្លាស់​មកកាន់​ក្របខណ្ឌ English Premier League ខណៈដែល​ការផ្ទេរ​នឹង​សំរេច​ផ្លូវការ​ក្នុង​សប្តាហ៍​នេះ​។ ​​Liverpool និង Manchester City ក៏​ធ្លាប់មាន​ទំនាក់ទំនង​ទិញ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ដែរ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ស្របពេល​លោក David Moyes ក៏​បរាជ័យ​ដែរ​ក្នុងការ​លួងលោម​រូបគេ​មកកាន់ West Ham​។​ ​​ជាមួយនឹង​ការចរចា​ទិញ​ដូរ​ដោយ​ភ្នាក់ងារ​ទិញដូរ​កីឡាករ​គឺ​លោក Jorge Mendes កីឡាករ Matheus Nunes នឹងមាន​តម្លៃ​ផ្ទេរ​ដល់​ទៅ ៤២.៥​លាន​ផោន ហើយ​បើ​ការផ្ទេរ​បានសំរេច​នោះគឺ​នឹង​បំបែក​កំណត់ត្រា​ទិញ​កីឡាករ​ថ្លៃ​បំផុត​របស់ Wolves ដែល​ធ្លាប់​ចាយលុយ​ខ្ពស់បំផុត​ត្រឹម ៣៥លាន​ផោន​ទិញ Fabio Silva រដូវ​កាល​មុន​។​​មួយទៀត​ប្រសិនបើ Nunes ផ្លាស់​មកកាន់ Wolves មែន​នោះ​មានន័យថា Wolves ចំណាយលុយ​លើសពី ១០០លាន​ផោន​លើកដំបូង​ក្នុងការ​ទិញដូរ​កីឡាករ​ចូល បន្ទាប់ពី​ការមកដល់​របស់ Hwang Hee-Chan, Nathan Collins និង Goncalo Guedes៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alvaro Morata ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឲ្យ Atletico Madrid ឈ្នះ​នៅ​ទឹកដី Getafe ៣-០

2022/08/16 07:12:10 pm        75
​បាល់ទាត់៖ ​ក្រុម Atletico Madrid បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga យ៉ាង​ល្អ​តាមរយៈ​ជ័យ​ជំនះ​នៅ​ទឹកដី Getafe យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ៣-០​។ ​​ក្រុម​របស់លោក Diego Simeone បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី១៥ ដោយ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Alvaro Morata មុនពេល​អតីត​ខ្សែប្រយុទ្ធ Juventus ដដែល​នេះ​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​វគ្គ​ទី២ នាទី​ទី៥៩​។ ​​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann ក៏​រកបាន​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៧៥ ធ្វើឱ្យ​ក្រុម​ជើងឯក La Liga ឆ្នាំ២០២១ Atletico Madrid យកឈ្នះ​នៅ​ទឹកដី Getafe ៣-០ ទទួលបាន​បី​ពិន្ទុ​ដំបូង​ក្នុង​សប្តាហ៍​ដំបូង​នៃ​រដូវ​កាល​ថ្មី ២០២២-២៣​។ ​​ខ្សែប្រយុទ្ធ​វ័យក្មេង​ព័រទុយហ្កាល់ Joao Felix ថ្វីបើ​រក​មិនបាន​គ្រាប់​ក្តី តែ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​គឺជា​អ្នក​ប៉ះ​បញ្ជូន​ទាំងបី​គ្រាប់​នេះ​។​​ដោយឡែក​មួយគូ​ទៀត​យប់មិញ​ផងដែរ Real Betis យកឈ្នះ​ក្រុម​ភ្ញៀវ Elche ៣-០ ធ្វើបាន​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Juanmi ពីរ​គ្រាប់​ម្នាក់ឯងដើម្បី​ឈរ​កំពូល​តារាង​ជាមួយ Atletico Madrid​។ ​​ជុំ​ទី២ Atletico Madrid ត្រូវ​ទទួលភ្ញៀវ Villarreal ចុង​សប្តាហ៍​នេះ Real Madrid ទៅផ្ទះ Celta Vigo ខណៈ Barcelona ទៅ​ទឹកដី Real Sociedad៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Darwin Nunez ស្គាល់​កាត​ក្រហម​ដំបូង​នៅ Liverpool ពេល​ស្មើ Crystal Palace យប់មិញ

2022/08/16 06:43:46 pm        176
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Liverpool, Darwin Nunez ទើប​បង្ហាញខ្លួន​នៅ English Premier League បាន​ពីរ​ប្រកួត​ក៏​ស្គាល់​កាត​ក្រហម​ជា​លើកដំបូង​នៅពេល Liverpool ស្មើ Crystal Palace នៅ Anfield យប់មិញ​។​​ក្រុម​ភ្ញៀវ​បាន​នាំមុខ​ការប្រកួត​មុន​នៅ​នាទី​ទី៣២ ដោយ Wilfried Zaha ដោយ​ការ​វាយបក​បន្ទាប់ពី​ការ​វាយ​សម្រុក​ខ្លាំង​របស់​ម្ចាស់ផ្ទះ​។ ​​ក្រុម​របស់លោក Jurgen Klopp មិន​ត្រឹមតែ​ពិបាក​តាម​ស្មើ​វិញ​ទេ ថែមទាំង​បាត់បង់​កីឡាករ​ម្នាក់​នៅពេល​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី​សញ្ជាតិ​អ៊ុយ​រូ​ហ្កា​យ Darwin Nunez មិនអាច​ទប់​កំហឹង​របស់ខ្លួន​បានដោយបាន​ជល់​ក្បាល​ជាមួយ​ខ្សែការពារ Crystal Palace, Joachim Andersen ធ្វើឱ្យ​អាជ្ញាកណ្តាល Paul Tierney ឱ្យ​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​។ ​​គ្នា​តិចជាង​មែន​តែ Liverpool ក៏​តាម​ស្មើ​វិញ​បានសំរេច​បួន​នាទី​បន្ទាប់​ឱ្យ Luiz Diaz ខណៈ ១-១ នេះ​រក្សា​ដល់​ចប់​ការប្រកួត​។ ​​តាមរយៈ​លទ្ធផល​នេះ​ធ្វើឱ្យ Liverpool ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ពីរ​ប្រកួត​ដំបូង​មិន​ស្គាល់​ឈ្នះ​មិន​ចាញ់​មាន​ត្រឹម ២ពិន្ទុ​ឈរ​លេខ១២ បន្ទាប់ពី​ប្រកួត​ដំបូង​ស្មើ​នៅ​ទឹកដី Fulham ២-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​លើក​ពេល​ប្រកួត​កម្មវិធី​ទី​៣ នៅ​ចុងខែ​សីហា​វិញ

2022/08/16 06:31:34 pm        110
​គុនខ្មែរ៖ កម្មវិធី​ទី​៣ នៃ​ព្រឹត្តិការណ៍ “​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Kun Khmer Series” ដែល​គ្រោង​រៀបចំ​ការប្រកួត​នា​ថ្ងៃទី​១៧ ខែសីហា​ស្អែក​នេះ ត្រូវបាន​លើក​ពេល​ទៅ​រៀបចំ​ការប្រកួតនា​ថ្ងៃទី​៣១ ខែសីហា​វិញ​ហើយនៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​មួយ​នេះ។​ ​មុន​លើក​ពេល​ការប្រកួត​នេះ ស្ថាប័ន​ World Fight ​ដែលជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ផ្គូរ​ផ្គង់​គូប្រកួត សម្រាប់​កម្មវិធី​ទី​៣ របស់ខ្លួន​រួចហើយដោយមាន ៥​គូក្នុងនោះ​អ្នកលេង​គុន​ខ្មែរ ៦​រូបរួមមាន​កីឡាករ ឡៅ ចិ​ន្ទ្រា ជួប​កីឡាករ​បារាំង​ Sebastien Billard, កីឡាករ ប៉ឺ​ត ស​ង្ឃឹ​ប ជួប​កីឡាករ​ថៃ​ Ratchcharoen Sakchatree, ​កីឡាករ ឡៅ ស៊ី​នេ​ត ជួប​កីឡាករ​ថៃ​ Panhod The Baear, ​កីឡាករ រិ​ន សា​រ័ត្ន ជួប​កីឡាករ​ឡាវ​ Khunphonnoi Sor.Khamsing ​និង​កីឡាការិនី សំ សំណាង ជួប​មិត្ត​រួម​ជាតិ លីន ស្រី​ម៉ៅ។​​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះបាន​ដំណើរ​ការប្រកួត​ចំនួន ២​លើក​រួចមកហើយកាលពី​ខែកក្កដា​កន្លងទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងចំណោម ១១​កម្មវិធីដែល​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​គុន​ខ្មែរទៅកាន់​ឆាក​អន្ដរជាតិ ហើយក៏​រួមចំណែក​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ លី ឈុន​ឡា

ព្រឹត្តិការណ៍ AIA-ISF Grand Championship League បញ្ចប់ដោយជោគជ័យ

2022/08/16 05:55:44 pm        113
​បាល់ទាត់៖ ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន AIA-ISF Grand Championship League 2022 វគ្គ​ផ្តាច់ព្រ័ត្របានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការប្រកួត​ជម្រុះ​វិលជុំតាម​រាជធានី​-​ខេត្ត​ជិត​កន្លះ​ឆ្នាំ និង​មាន​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ជាច្រើន​ពាន់​នាក់​ចូលរួម ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំងៗ​ប្រចាំ​តំបន់មក​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ រាជធានី​ភ្នំពេញ កាល​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ការប្រកួត​ដ៏​ធំ​នេះរៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រ សហការ​ជាមួយ​ក្រុមហ៊ុន AIA Cambodia ខណៈ​ពិធី​បិទ​ការប្រកួតបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោកស្រី ពុធ ធីតា ប្រធាន​គណៈកម្មការ​ស្ដ្រីនៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​លោកស្រីបានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ។ លោកស្រី​បាន​ជំរុញ​ឲ្យ​កុមារ​រា​-​កុមារី និង​យុវជន​ទាំងអស់ ទោះពី​ទទួលបាន​ជ័យលាភី ឬ​មិនទាន់បានត្រូវខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ក្លាយជា​ធនធាន​បន្ដវេន ពិសេស​ដើម្បី​ក្លាយជា​កីឡាករ​-​កីឡាការិនី​អាជីព​នា​ថ្ងៃ​អនាគត។​ ​លោកស្រី ជួប វិច្ឆិកា ជា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្របាន​បញ្ជាក់ថា ឆ្នាំ​២០២២ នេះគឺជា​ឆ្នាំ​ដំបូងដែល​ដៃគូ​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​សហការ​រៀបចំ​កា​រ​ប្រកួតនៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន រួមមាន​ខេត្តកំពត ខេត្តសៀមរាប និង​ខេត្តកំពង់ស្ពឺ​ជាដើម ដោយមាន​វត្តមាន​កុមារ និង​យុវជន​ចូលរួម​ជិត ២,០០០​នាក់ ហើយ​ការប្រកួត​វិលជុំ​នេះដែរ ក៏បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​ក្នុង​សកម្មភាព​កីឡា សម្រាប់​កីឡា​ការិ​នី​ជិត ៧២៥នាក់​ផងដែរ។​លោកស្រី​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ដែល​ព្រឹត្តិការណ៍​នេះបាន​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យតាម​ការគ្រោងទុក ពិសេស​បានផ្ដល់​ឱកាស​ដល់​កុមារ និង​យុវជន​ជាច្រើនដែល​រង​ផលប៉ះពាល់​ដោយសារ​ភាពក្រីក្រ ការ​រើស​អើយ​យេន​ជ័យ និង​ពិការភាព​ជាដើមបាន​ចូលរួម​ប្រកួត បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន ជាមួយនឹង​ស្នាមញញឹម សំឡេង​ហ៊ោ​កញ្ជ្រៀវ និង​ស្មារតី​ស្រលាញ់​កីឡា​របស់​កីឡាករ​-​កីឡាការិនី​ទាំងអស់គ្នា។​ ​ដោយឡែក​ចំពោះ​លទ្ធផលនៃ​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AIA-ISF Grand Championship League 2022 សម្រាប់​ពាន​កុមារា​អាយុ​ក្រោម ១០​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុមសាមគ្គី​មានជ័យ​កុ​នាគ​ជាយដែន ខេត្តបាត់ដំបង ក្រោយ​យកឈ្នះ​ក្រុម​នគរ​ក្រៅ ខេត្តសៀមរាប ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ រីឯ​ពាន​កុមារី​អាយុ​ក្រោម ១៤​ឆ្នាំ ជើងឯកបាន​ទៅ​ក្រុម​ផ្លូវ​ជីវិត United ខេត្តសៀមរាប ក្រោយ​យកឈ្នះ​ក្រុម​សាល​បឋមសិក្សាកំពូល​មាស ខេត្តកំពត ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​​ចំណែក​ពានរង្វាន់​កុមារា​អាយុ​ក្រោម ១៤​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុម King Lion ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ក​យកឈ្នះ​ក្រុម​សាលាបឋមសិក្សា​កំពូល​មាស ខេត្តកំពត ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ពាន​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ជើងឯក​បាន​ទៅ​ក្រុម Feeding Dreams ខេត្តសៀមរាប ក្រោយ​យកឈ្នះ​ក្រុម​សហគមន៍​បាល់ទាត់​ខេត្តកំពង់ស្ពឺ ដោយ​លទ្ធផល ៦-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕អត្ថបទ៖ លី ឈុន​ឡា

កីឡា​ម៉ូតូ​ទឹក​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​-​អន្ដរជាតិ​ចំនួន ៩ មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/16 05:31:41 pm        105
​​ម៉ូតូ​ទឹក៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជាគ្រោង​រៀបចំ​ព្រឹត្តិការណ៍​កម្រិត​ជាតិ និង​អន្ដរជាតិ​យ៉ាងហោច ៩​កម្មវិធីមុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ ក្រោយ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួនកាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រោយ​មហាសន្និបាត​វិសាមញ្ញ​នេះ សហព័ន្ធ​កាន់​តែមាន​ភាពរឹងមាំបន្ទាប់ពី​ការកែ​សម្រួល និង​បន្ថែម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​មួយចំនួន។ តាមរយៈ​នេះ សហព័ន្ធ​បានកំណត់​ផែនការ​រៀបចំ​ការប្រកួត និង​កម្មវិធី​ជាច្រើន រាប់​ចាប់ពី​ការប្រកួត​ Pre-Sea Games ​លើក​ទី​២ ដែល​នឹង​ភ្ជាប់​ការរៀបចំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ក៏ដូចជា​ការប្រកួត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​ខែមេសា ឆ្នាំ​២០២៣ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​មន្ដ្រី​បច្ចេកទេសត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣។​ ​ដោយឡែក​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធដែល​ត្រូវ​បានសម្រេច​កែសម្រួល​ថ្មី និង​បន្ថែម​ជា​ឯកច្ឆន្ទក្នុង​មហាសន្និបាត​វិសាមញ្ញកាលពី​ម្សិលមិញ គឺមាន​ទីប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ ៧​រូបរួមមាន​ឯកឧត្តម​បណ្ឌិត អូស្មាន ហាសាន់​, លោក​ Karl Heinrich Kanuf, ឯកឧត្តម ហ៊ីម យ៉ាន​, ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ​, លោក ម៉ិ​ល កាដូ​, លោក ហ៊ុន សាមុត និង​លោកជំទាវ មី​ថុ​នា ភូ​ថង។រីឯ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិគឺមាន​ឯកឧត្តម ណុះ ស្លេះ ជា​ប្រធាន​, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​, ឯកឧត្តម នី ផល្លី និង​លោក ហួត សេង​ទ្រី ជា​អនុប្រធាន។ លោក ប៊ូ វិ​រៈ អគ្គលេខាធិការ និង​លោក មាស ម៉ាប់ អគ្គលេខាធិការរង។ លោក សៅ ចន្ថា អគ្គ​ហេរញ្ញិក និង​លោក ញ៉ែម ភី​ណា​រ៉េត ជា​អគ្គ​ហេរញ្ញិក​រង ព្រមទាំង​សមាជិក ២១​រូប​ផ្សេងទៀត។​ ​តាមរយៈ​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធដែល​ត្រូវបាន​ពិនិត្យ និង​កែសម្រួល​ថ្មី​នេះ ប្រមុខ​សហព័ន្ធ​ដដែលបានបង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​សម្រេចបាន​នូវ​ផ្លែផ្កា​ល្អប្រសើរ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូងនា​ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិនឹង​ប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ស្អែក​នេះ

2022/08/16 05:12:14 pm        601
​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹងធ្វើ​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយនា​ថ្ងៃទី​១៧ ខែសីហា​ស្អែក​នេះដើម្បី​ស្វែងរក​បេក្ខភាព ៤​ក្រុម​ចុងក្រោយឡើង​បង្គ្រប់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ ខណៈ​មាន ៤​ក្រុម​កំពុង​ឈរ​ចាំរួមមាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​បឹងកេត។​ ​សម្រាប់​កម្មវិធី​ប្រកួត​ជើង​ទី​២ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ស្អែក​នេះគឺមាន ៤​គូ ដែល​ត្រូវ​ប្រកួត​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា រួមមាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​កីឡដ្ឋាន​ហនុមាន​, ក្រុម​ភ្នំពេញ​ក្រោ​នបើកទ្វារ​កីឡដ្ឋាន​ RSN ​ទទួល​ក្រុម​ព្រៃវែង​, ក្រុម​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​ភ្ញៀវ​នគរបាលជាតិនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម​គិរីវង់បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា។​ ​សូម​រំ​ឭកថា ក្នុងចំណោម ៤​ប្រកួត​នេះភាគច្រើន​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជាគឺ​ទទួលបាន​ជ័យជម្នះ លើកលែងតែ​ក្រុម​គិរីវង់​ប៉ុណ្ណោះដែល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លី​គ​ទី​២ អគ្គិសនី​កម្ពុជាក្នុង​លទ្ធផល ៣-២។ រីឯ ៣​គូ​ទៀតក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​យកឈ្នះ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ២-១, ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ព្រៃវែង ១-០ និង​ក្រុម​កងយោធពល​ខេមរភូមិន្ទបាន​យកឈ្នះ​ក្រុម​នគរបាលជាតិ ក្រៅ​ដី ក្នុង​លទ្ធផល ២-១។​​តាមរយៈ​លទ្ធផល​នេះ ក្រុម​នីមួយៗសុទ្ធតែ​នៅមាន​ឱកាស​ច្រើនក្នុងការ​ប្រជែង​កៅអី​វគ្គ​បន្ដ ដ្បិត​ក្រុម​ឈ្នះគឺមាន​ប្រៀប​តែ ១​គ្រាប់ ខណៈ​ក្រុម​ចាញ់ក៏​ចាញ់​ប្រៀប​តែ ១​គ្រាប់​ដែរ។ ហេតុនេះការប្រកួត​ជើង​ទី​២ ស្អែក​នេះគឺជា​ជំនួប​ដ៏​ស្វិតស្វាញដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​បង្គ្រប់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ។ ដូច្នេះ​ចាំមើល​តើ​ក្រុម​ណាខ្លះនឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ណាហ្គា​វើ​ល​ដ៏ និង​បឹងកេតនៅ​វគ្គ​បន្ដ​?​អត្ថបទ៖ លី ឈុន​ឡា

Pablo Cerreno Busta និង Simona Halep គ្រង​ជើងឯក Canadian Open

2022/08/15 10:08:57 pm        73
​វាយ​កូន​បាល់​៖ កីឡាករ​​អេ​ស្ប៉ា​ញ Pablo Cerreno Busta បាន​គ្រង​ជើងឯក​នៅក្នុង​ព្រឹត្តិការណ៍ Masters 1000 ជា​លើកដំបូង​ក្នុង​អាជីប ក្រោយ​យកឈ្នះ​កីឡាករ​ប៉ូឡូញ Hubert Hurkacz នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន Canadian Open​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ Cerreno Busta ត្រូវ​តាម​ពីក្រោយ​មួយ​សិត​បន្ទាប់ពី Hurkacz យកឈ្នះ​សិត​ដំបូង ៦-៣ មុន​ពេលដែល​កីឡាករ​អេ​ស្ប៉ា​ញ Cerreno Busta វាយបក​យកឈ្នះ​វិញ​ពីរ​ផ្ទួនៗ ៦-៣ និង ៦-៣​។ ​Pablo Cerreno Busta បាន​ក្លាយជា​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​ដំបូង ​ដែល​ឈ្នះ​ពាន​នេះរាប់​តាំងពី​ឆ្នាំ២០០២ ដែល​ធ្វើបាន​ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន Guillermo Canas​។ ​នេះ​ជា​ពាន​នៅក្នុង​ក្របខណ្ឌ ATP Tour លើក​ទី៧ សំរាប់ Busta តែ​ជា​លើកដំបូង​សំរាប់​ព្រឹត្តិការណ៍ Masters 1000​។​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep បាន​ក្លាយជា​ជើងឯក Canadian Open នេះ​ជា​លើក​ទី៣ ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Beatriz Haddad Maia នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​ជើងឯក Wimbledon ឆ្នាំ២០១៩ វ័យ ៣០ឆ្នាំ Simona Halep បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ទល់នឹង១ ពិន្ទុ ៦-៣, ២-៦ និង ៦-៣​។ រំលឹកថា Simona Halep បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ២ ពិភពលោក​រហូតដល់​លេខ២០ បន្ទាប់ពី​អវត្តមាន​ច្រើន​កម្មវិធី​រដូវ​កាល​មុន​ដោយសារ​របួស​។ ​ជ័យជំនះ​នេះដែរ​បានធ្វើឱ្យ Simona Halep ឡើងមក​កាន់​លំដាប់ថ្នាក់​លេខ៦ ពិភពលោក​វិញ​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ន័​រវេ​ស Andreas Leknessund គ្រង​ជើងឯក​ប្រណាំង​កង់ Arctic Race of Norway

2022/08/15 09:41:53 pm        66
​​ប្រណាំង​កង់៖ កីឡាករ​​ម្ចាស់ផ្ទះ​ន័​រវេ​ស Andreas Leknessund បាន​ឆក់យក​ជ័យជំនះ​ដំណាក់កាល​ចុងក្រោយ ដើម្បី​គ្រង​ជើងឯក​ប្រណាំង​កង់ Arctic Race of Norway នៅក្នុង​ទឹកដី​របស់ខ្លួន​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​ដំណាក់កាល​ចុងក្រោយ​ដែលមាន​ចំងាយ​ផ្លូវ ១៥៩.១គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង​កង់ DSM, Andreas Leknessund បានមក​ដល់ទី​ព្រ័ត្រ​មុនគេ ១៦វិនាទី​ពីមុខ​អ្នក​លេខ២ កីឡាករ Nicola Conci និង​លេខ៣ កីឡាករ Axel Zingle​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Leknessund ក្លាយជា​ជើងឯក​ការប្រកួតប្រណាំង​កង់ Arctic Race of Norway ក្នុង​ទឹកដី​របស់ខ្លួន ខណៈ​លេខ២ គឺ​កីឡាករ Hugo Houle និង​លេខ៣ Nicola Conci​។​ ​សូមបញ្ជាក់ថា ការប្រកួតប្រណាំង​កង់ Artic Race of Norway ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដែល​ជើង​ឯក​ដំបូង​ក៏​ជា​កីឡាករ​ន័​រវេ​ស​ដែរ តែ​ឆ្នាំ​បន្តបន្ទាប់មក​មិនមាន​កីឡាករ​ន័​រវេ​ស​ឈ្នះ​ទៀតឡើយ ទើបតែ​ឆ្នាំ២០២២ នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​កីឡាករ Chelsea, Willian សំរេចចិត្ត​ចាកចេញ​ពី Corinthians ក្រោយ​រង​ការ​គំរាម​សម្លាប់​

2022/08/15 09:21:18 pm        208
​បាល់ទាត់៖ ​អតីត​កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea និង Arsenal, Willian បានសំរេច​ចិត្ត​ចាក​ចេញពី​ក្លិប​ប្រេ​ស៊ី​ល Corinthians បន្ទាប់ពី​រូបគេ​ផ្ទាល់ និង​ក្រុមគ្រួសារ​បានទទួល​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​នៅលើ​បណ្តាញ​សង្គម​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន ៤៥ប្រកួត​នៅ Corinthians តាំងពី​ចាកចេញ​ពី Arsenal រដូវ​កាល​មុន​។ ​ប្រធាន​ក្លិប Corinthians លោក Duilo Monteiro Alves បាន​សំដែង​អារម្មណ៍​ខកចិត្ត និង​សោកស្តាយ​ចំពោះ​ការចាកចេញ​របស់ Willian​។ ​ការចាក​ចេញ​របស់ Willian នេះដែរ​ក៏​ស្របពេល Corinthians ចាញ់ ៥ប្រកួត​ចុងក្រោយ និង​ធ្លាក់​ចេញពី​ក្របខណ្ឌ Copa Libertadores ផងដែរ​ដោយ​ចាញ់​ក្រុម​គូប្រជែង​ប្រេ​ស៊ី​ល Flamengo​។ ​កីឡាករ​ជំរើសជាតិ​ប្រេ​ស៊ី​ល​រូបនេះក៏ត្រូវ​បាន​គេ​ដឹងថា ​មាន​ទំនាក់ទំនង​ផ្ទេរ​មកកាន់ Premier League វិញ​ដែរគឺ​ក្លិប​ឡើង​ថ្មី Fulham៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញ ដាក់ការត្រួតពិនិត្យព្រំដែនលើអ៊ីតាលី ខណៈដំណោះស្រាយជនអន្តោប្រវេសន៍កាន់តែធំឡើង
08/08/2026 09:08 AM
ប្រធានាធិបតីអ៊ីរ៉ង់៖ ប្រទេសលោកបានរារាំងការរំពឹងទុកនៃការដួលរលំក្នុងអំឡុងពេលសង្គ្រាម
08/08/2026 09:08 AM
ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!
08/08/2026 08:08 AM
លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM