UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

ទិញ Cucurella មិនបាន Man City ព្រមព្រៀង​ទិញ​ខ្សែ​ការពារ​វ័យក្មេង​អេ​ស្ប៉ា​ញ Sergio Gomez

2022/08/12 07:21:45 pm        101
​​បាល់ទាត់៖ ​ក្លិប Manchester City បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងតម្លៃ ១៣លាន​អឺរ៉ូ​នាំយក​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Gomez ពី​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Anderlecht​។ ​​Manchester City បានធ្វើការ​ស្វែងរក​កីឡាករ​ក្នុង​តំណែង​ខ្សែការពារ​ខាងឆ្វេង បន្ទាប់ពី​បរាជ័យ​ក្នុងការ​ចរចា​ទិញ Marc Cucurella ពី Brighton ដែល​បានសំរេច​ផ្លាស់​ទៅ Chelsea សប្តាហ៍​មុន​ក្នុងតម្លៃ ៦២.៥លាន​ផោន​។ ​ប្រសិន​មិនអាច​ឡើងមក​ប្រកួត​នៅ​ក្រុម​ធំ​បាន Sergio Gomez អាច​នឹងត្រូវ Manchester City បញ្ចេញ​ឱ្យ​ក្រុម​ដែល​ស្ថិតក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន City Football Group ជាមួយគ្នា​នៅ​អេ​ស្ប៉ា​ញ​គឺ Girona ខ្ចី​ជើង​។ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Barcelona មុនពេល​ផ្លាស់​ទៅកាន់ Borussia Dortmund​។​ Sergio Gomez ក្រោយមក​ក៏បាន​ចំណាយពេល​ ២ឆ្នាំ​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប​អេ​ស្ប៉ា​ញ Huesca នៅ​ឆ្នាំ២០១៩ មុនពេល​ផ្លាស់​ទៅកាន់ Anderlecht ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធាន​ក្រុម Manchester City, Vincent Kompany៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ​ហើយ World Cup នឹង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ប្រកួត​បើកឆាក

2022/08/12 06:48:19 pm        748
​បាល់ទាត់៖ ​ផ្លូវការ​ហើយព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​ចុងឆ្នាំ​នេះនឹង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​។​ ​​កាលវិភាគ​ចាស់​គឺ​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល A គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ២០២២ នេះ​រវាង​ក្រុម​សេ​ណេ​ហ្កា​ល់ ជួប​ហូ​ឡង់ តែ​នៅពេលនេះ​ការប្រកួត​ត្រូវបាន​សំរេច​ចាប់ផ្តើម​មុន​មួយថ្ងៃ​ពោលគឺ លើក​មក​ថ្ងៃអាទិត្យ​ ទី២០ ខែវិច្ឆិកា​រវាង​ក្រុម​ម្ចាស់ផ្ទះ​កាតា​ជួប​អេ​ក្វា​ដ័​រ​ជា​ជំនួប​បើកឆាក​វិញ​។​ ​​ការផ្លាស់ប្តូរ​នេះនឹង​មិនមាន​ផលប៉ះពាល់​ណាមួយ​ជាមួយ​នឹង​ការប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ឡើយ ស្រប​ពេលដែល​ជំនួប​បើកឆាក​តាម​កាលវិភាគ​ចាស់​ រវាង​សេ​ណេ​ហ្កា​ល់​ជួប​ហូ​ឡង់​នោះ​ត្រូវ​រក្សា​នៅ​ថ្ងៃ​ចន្ទ​ដដែល មានន័យថា​ក្នុង​ថ្ងៃ​ចន្ទ​ ទី២១ នោះ​មានការ​ប្រកួត​តែ​ ៣គូ​ប៉ុណ្ណោះ​ខុសពី​កាលវិភាគ​ចាស់ ៤គូ​។ ​​ការផ្លាស់ប្តូរ​នេះ​គឺ​ស្របតាម​ប្រពៃណី​ជា​យូរ​មកហើយ ដោយ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវ​ចាប់ផ្តើម​ការប្រកួត​មុនគេ​ក្រោយ​ពិធី​បើក​ជា​ផ្លូវការ​។ ​កាតា​ស្ថិតក្នុង​ពូ​ល A ដែល​ត្រូវ​ជួប​ជាមួយ​អេ​ក្វា​ដ័​រ ខណៈ​សេ​ណេ​ហ្កា​ល់​ជួប​ហូ​ឡង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែបម្រើ Liverpool, Harvey Elliott បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២៧

2022/08/12 06:22:12 pm        140
​បាល់ទាត់៖ ខ្សែបម្រើ​ក្លិប​ហង្ស​ក្រហម Liverpool, Harvey Elliott នឹង​បន្ត​ស្នាក់នៅ Anfield រហូតដល់​ឆ្នាំ២០២៧ បន្ទាប់ពី​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​ទើបតែ​ទទួលបាន​កិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំមុន​ប៉ុណ្ណោះ​តែ Liverpool សំរេច​ធ្វើ​កិច្ចសន្យាដែល​បូក​បញ្ចូល​ទាំង​ការ​តម្លើង​ប្រាក់​ឈ្នួល តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​កន្លងមក​។​ ​​Harvey Elliott ដែល​លេង​បាន​ទាំង​បម្រើ​កណ្តាល និង​ប្រយុទ្ធ​ស្លាប​នោះបាន​ខកខាន​ស្ទើរ​ពេញ​មួយ​រដូវ​កាល ២០២១-២២ ដោយសារ​របួស​។ ​​Elliott គឺជា​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម ២១ឆ្នាំ​អង់គ្លេស​ដោយ​ធ្លាប់បាន​បង្ហាញខ្លួន ៣ប្រកួត​តែ​មិនទាន់​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ធំ​នៅឡើយ​។ ​​Elliott គឺជា​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល​របស់ Fulham និង​បាន​ផ្លាស់​មកកាន់ Liverpool កាលពី​ឆ្នាំ២០១៩​។ កាលពី​ប្រកួត​បើក​រដូវ​កាល English Premier League រដូវ​កាល​មុន Harvey Elliott ក៏បាន​ចូល​លេង​ដែរ​ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​ពេល Liverpool ស្មើ​នៅ​ទឹកដី Fulham​។ ​Liverpool នឹងត្រូវ​ទទួលភ្ញៀវ Crystal Palace ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​តេ​ក្វាន់​ដូ​ ITF ​អាស៊ី​មក​ទស្សនកិច្ច និង​ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​

2022/08/12 06:04:33 pm        132
​តេ​ក្វាន់​ដូ៖ លោក តាន់ ជេ​ក​ស៊ី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ី នៅ​ថ្ងៃ​ទី​១១ ខែសីហា​ម្សិលមិញបានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​បណ្ដុះបណ្ដាល និង​ចែករំលែក​បទពិសោធន៍​ដល់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា ពិសេស​ពង្រឹង​ផ្នែក​បច្ចេកទេស​ថ្មីៗ បន្ទាប់ពី​ការធ្វើ​បច្ចុប្បន្នភាព​របស់​សហ​ព័ន្ធ​អន្ដរជាតិ​តែម្ដង។​​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ក្រៅពី​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាដែលជា​សមាជិក លោក តាន់​  ​ជេ​ក​ស៊ី​ ក៏បាន​ចូលជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ហើយ​បាន​ពិភាក្សា​ការងារ​មួយចំនួន​ផងដែរ ពិសេស​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​តេ​ក្វាន់​ដូ​ ITF ​អាស៊ី​ ​និង​សហការី​នេះគឺ​រួមចំណែក​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ដល់​បណ្ដា​ប្រទេស​សមាជិក ហើយ​គោលបំណង​សំខាន់គឺ​ការពង្រឹង​បច្ចេកទេសរវាង​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា និង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ី ហើយ​លើកកម្ពស់​កិត្យានុភាព​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាលើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត។​​​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់ពី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​កីឡា​ជាន់ខ្ពស់​របស់​កម្ពុជា លោក តាន់ ជេ​ក​ស៊ី​ ​ក៏បាន​ចូលរួម​សិក្ខាសាលា​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​ដោយផ្ទាល់ដល់​កីឡាករ​-​កីឡាការិនីនៅ​ជុំរុំ​ហ្វឹកហាត់ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ឈុន សុខ​ឡុង ប៉ង​ចង់បាន​មេដាយ​មាស ទោះ​ឱកាស​ចូលរួម​ស៊ី​ហ្គេម ២០២៣ នៅ​ស្រពេចស្រពិល

2022/08/12 05:45:16 pm        88
​តេ​ក្វាន់​ដូ​៖ សមាជិក​ក្រុម​ជម្រើសជាតិ​តេ​ក្វាន់​ដូ​ WT ​កម្ពុជា ឈុន សុខ​ឡុង បាន​បង្ហើប​ថា ខ្លួន​នៅតែ​រក្សា​ក្ដី​ស្រ​ម៉ៃ​ចង់​ដណ្ដើម​មេដាយមាស​ជូន​ជាតិសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទោះបី​ឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ក៏ដោយ។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ខ្លួន​ខកខាន​ឱកាស​ប្រជែង​មេដាយមាសនៅ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កាលពី​ថ្មីៗ ដោយសារ​ការ​របួស​ជ​ង្គ​ង់អំឡុង​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ត្រូវ​បង្ខំចិត្ត​បោះបង់​ការប្រកួត និង​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។ សុខ​ឡុង ថា មកទល់​ពេលនេះស្ថានភាព​របួស​របស់​ខ្លួនមាន​ភាពល្អប្រសើរ បន្ទាប់ពី​ធ្វើការ​វះកាត់​ភ្លាមៗ និង​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ។​ ​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះបន្ដថា ក្រោយ​វះកាត់​រួច ខ្លួន​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោច ៦​ខែ តែ​ជាង ២​ខែ​កន្លងមកនេះរូបគេ​បាន​ត្រឡប់​ចូល​ហ្វឹកហាត់​ពង្រឹង​សាច់ដុំ​ជា​បណ្ដើរៗ ពោលគឺ​ធ្វើយ៉ាងណា​ព្យាបាល​ឲ្យ​ជាសះស្បើយទាន់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​សម្រេច​ក្ដី​ស្រ​ម៉ៃដែល​ខ្លួន​ប៉ង​ចង់​ដណ្ដើម​មេដាយមាស​ជូន​ជាតិ ពិសេស​លើទឹក​ដី​របស់ខ្លួន​នេះ​តែម្ដង។​​​ឈុន សុខ​ឡុង បាន​បន្ថែមថា ក្នុងដំណាក់កាល​ស្រពេចស្រពិល​នេះ ខ្លួន​មិនទាន់​គិត​អ្វី​ច្រើនក្រៅពី​ការ​ខំ​ព្យាបាល​របួស និង​ប្រឹងប្រែង​ហ្វឹកហាត់​តាម​ការណែនាំ​នោះទេ តែ​ប្រសិនបើ​លក្ខខណ្ឌ​ចាំបាច់ដែល​ខ្លួន​មិនអាច​ចូលរួម​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ រូបគេ​នឹង​ប្ដូរ​ពី​តួនាទី​ជា​កីឡាករមកជា​អ្នកផ្ដល់យោបល់​ឲ្យ​មិត្ត​រួម​ក្រុម​វិញ ពោលគឺ​ធ្វើយ៉ាងណាឲ្យ​តែ​បានរួម​ចំណែក​ក្នុង​បេសកកម្ម​ស្វែងរក​មេដាយ​ជូន​ជាតិ ក៏​គេ​សប្បាយចិត្ត​ដែរ។​ ​គួរ​ដឹងថា កីឡាករ ឈុន សុខ​ឡុង ត្រូវបានធ្វើ​ការវះកាត់​ភ្លាមៗនៅ​ប្រទេស​វៀតណាម បន្ទាប់ពី​ពិនិត្យឃើញ​ដាច់​សរសៃ​ជង្គង់អំ​ឡុយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាយ​ណូកាលពី​ខែឧសភា​កន្លងទៅ។ ក្រោយ​ត្រឡប់​មកដល់​កម្ពុជា​វិញ រូបគេ​ត្រូវបាន​ដាន​តាន​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, គណៈកម្មាធិការ​ជាតិ​ CAMSOC ​និង​សហព័ន្ធ​ផ្ទាល់ ដើម្បី​លើកទឹកចិត្ត​ក្នុងការ​ព្យាបាល​របួស​រូប​គេ​ឲ្យ​ឆាប់​ជាសះស្បើយ និង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ត្រៀម​ជាង ៥០០​វិញ្ញាសា​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/12 05:23:00 pm        416
​ស៊ីហ្គេម៖ កម្ពុជា​បាន​ត្រៀម​វិញ្ញាសា​ប្រកួត​ប្រមាណ​ជាង ៥០០​វិញ្ញាសាសម្រាប់​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ។​ ​ការគូសបញ្ជាក់​នេះបន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ CAMSOC ​ក្នុងការ​កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ជជែក​អំពី​ការកំណត់​វិញ្ញាសា​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ សម្រាប់​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខណៈ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍នឹងមាន​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ត្រួតពិនិត្យ​ពី​កម្មវិធី​ប្រកួត​របស់​ម្ចាស់ផ្ទះ​កម្ពុជា។​ ​ជា​លទ្ធផលឆ្លើយតប​នឹង​ការអនុម័ត​កីឡា​ចំនួន ៣៩ប្រភេទ បូក​កីឡា​សម្ដែង ១​ប្រភេទរបស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​អំឡុង​ខែកក្កដា​កន្លងទៅកិច្ច​ប្រជុំបាន​ត្រៀម​វិញ្ញាសា​សរុប​ជាង ៥០០​វិញ្ញាសាដើម្បី​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ នា​សប្ដាហ៍​ក្រោយ ។ ឯកឧត្តម​បានចាត់ទុក​នេះគឺជា​ជោគជ័យ​មួយ លើ​ការងារ​បច្ចេកទេស​រប​ស់​សហព័ន្ធក្នុងការ​ត្រៀមខ្លួន​ទទួល​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​បន្ថែមថា ដោយ​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​គឺត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាពស្មោះត្រង់ និង​មាន​ភាព​បរិសុទ្ធ​ថ្លៃថ្នូ ក្នុង​ការធ្វើការងារ​ប​ច្ចេកទេស មិនមែនជា​ការរៀបចំ​ដោយ​មិន​គោរព​បទបញ្ជា​ការប្រកួត និង​គោលការណ៍​ Fair Play ​នោះឡើយ ពោលគឺ​ធ្វើ​យុទ្ធសាស្ត្រ​នៅក្នុង​បច្ចេកទេស និង​ក្នុង​ក្របខណ្ឌ​នៃ​បទបញ្ជា​ប្រកួត​។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែសីហា​នេះកម្ពុជា​សល់​ពេល ២៦៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

បុរស​សញ្ជាតិ​អេ​ស្តូ​នី Jaan Roose ដើរ​លើ​ខ្សែពួរ ៦២៥ម៉ែត្រ​ឆ្លងកាត់​ទន្លេ​រវាង​អគារ​កម្ពស់ ១៨៨ម៉ែត្រ​

2022/08/11 10:19:55 pm        224
​កីឡា​ប្លែក៖ ​បុរស​សញ្ជាតិ​អេ​ស្តូ​នី Jaan Roose បានធ្វើ​រឿង​មិនគួរ​ឱ្យ​ជឿ​មួយ ​ក្រោយ​សំរេច​ជោគជ័យ​ក្នុង​ការដើរ​លើ​ខ្សែពួរ​ចម្ងាយ ៦២៥ម៉ែត្រ​ឆ្លងកាត់​ទន្លេ ដោយ​ខ្សែពួរ​ត្រូវ​បាន​ចងភ្ជាប់​រវាង​អគារ​កម្ពស់​ខ្ពស់​ពីរ​នៅ​ទីក្រុង Rotterdam ប្រទេស​ហូ​ឡង់​។ ​​ការចងភ្ជាប់​រវាង​អគារ​ខ្ពស់​ពីរ Jaan Roose ត្រូវ​ដើរ​ឆ្លងកាត់​ពីលើ​ទន្លេ​ដែលមាន​កម្ពស់ ១៨៨ម៉ែត្រ​ពី​ទឹក និង​បានសំរេច​ដើរ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​ប្រើពេល​ដល់​ទៅ ៤៩នាទី​។ ​Jaan Roose បាន​និយាយថា ការចាប់ផ្តើម​ចេញដំណើ​រ​មានការ​លំបាក​បន្តិច​ដោយ​សារ​មាន​ខ្យល់ តែ​កាន់តែ​លំបាក​ក្នុងចំណោម​ចម្ងាយ ៦២៥ម៉ែត្រ កម្ពស់ ១៨៨ម៉ែត្រ​ពី​ទឹក​គឺ​នៅពេល​ឆ្លង​ផុត​ពាក់​កណ្តាលផ្លូវ ពោលគឺ​នៅពេល​ខ្សែពួរ​កោង​ត្រូវ​ដើរ​ឡើង​ចំណោត​នៃ​ខ្សែពួរ​។​​នេះ​ជា​រឿង​មិន​គួរឱ្យ​ជឿ​សំរាប់​ទស្សនិកជនដែល​បានឃើញ​សមត្ថភាព​បែបនេះ តែ​មិនមែនជា​រឿង​ចំឡែក​សំរាប់ Jaan Roose ឡើយ​ដោយ​រូបគេ​គឺជា​ជើងឯក​ពិភពលោក​ច្រើន​សម័យកាល និង​ជា​ម្ចាស់​កំណត់ត្រា​ពិភពលោក​ផង​ដែរ​​ក្នុង​ការដើរ​លើ​ខ្សែពួរ​បែបនេះ ពោលគឺ Jaan Roose បានចាប់ផ្តើម​ដើរ​បែបនេះ​តាំងពី​អាយុ ១៨ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Brentford ទិញ​បាន​ខ្សែបម្រើ​ស្លា​បដា​ណឺ​ម៉ាក Mikkel Damsgaard ពី Sampdoria

2022/08/11 09:55:43 pm        71
​បាល់ទាត់៖ ​ក្លិប​ Brentford បានសំរេច​ក្នុង​ការនាំយក​ខ្សែបម្រើ​ស្លា​បដា​ណឺ​ម៉ាក Mikkel Damsgaard ផ្លូវការ​ហើយក្នុងតម្លៃ​ប្រមាណ ១៥លាន​ផោន​ពី​ក្លិប​អ៊ីតាលី Sampdoria​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បាន​មកដល់​ទឹកដី​អង់គ្លេស​ថ្ងៃ​ពុធ​ម្សិលមិញ និង​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ​កីឡដ្ឋាន Community Stadium​។​​Mikkel Damsgaard គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាល់ Freekick នាំ​មុខអង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ឆ្នាំមុន មុនពេល​អង់គ្លេស​វាយ​បក​យកឈ្នះ​វិញ​នៅ​ម៉ោង​បន្ថែម​។ ​​Mikkel Damsgaard បាន​ផ្លាស់​ទៅ Sampdoria កាលពី​ខែកក្កដា​ ឆ្នាំ២០២០ ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​។ ​​តែ​សម្រាប់​ជំរើសជាតិ​ដា​ណឺ​ម៉ាក Mikkel Damsgaard រកបាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៦លើក​ប៉ុណ្ណោះ​។​​គិត​មកដល់ពេលនេះ Brentford បាន​នាំចូល​កីឡាករ​ថ្មី ៤នាក់​ហើយ​រួមមាន​ខ្សែការពារ Ben Mee និង Aaron Hickey ខណៈ​ខ្សែប្រយុទ្ធ​មាន Keane Lewis-Potter និង​អ្នកចាំទី Thomas Strakosha ហើយ Damsgaard នឹង​ជា​កីឡា​ករទី៥​។ ​​Brentford បើកឆាក​ប្រកួត​ដំបូង​នៅ English Premier League ស្មើ​នៅ​ទឹកដី Leicester City ខណៈ​ចុង​សប្តាហ៍​នេះ​ត្រូវ​ទទួល Manchester United៕​អត្ថបទ​៖​នាង សុភា​វុ​ធ

World Cup 2022 គ្រោង​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ

2022/08/11 07:27:56 pm        180
​​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​ចុងឆ្នាំ​នេះ គ្រោង​នឹង​ផ្លាស់ប្តូរ​កាលវិភាគ​បន្តិចបន្តួចគឺ​ចាប់ផ្តើម​មុន​ការគ្រោងទុក​មួយថ្ងៃ​។ ​​កាលវិភាគ​ចាស់​គឺ​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល A គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ២០២២ នេះ​រវាង​ក្រុម​សេ​ណេ​ហ្កា​ល់ជួប​ហូ​ឡង់​។ ​​តែ​នៅពេលនេះ​ម្ចាស់ផ្ទះ​គ្រោង​ចាប់ផ្តើម​មុន​មួយថ្ងៃ​ពោលគឺលើក​មក​ថ្ងៃអាទិត្យ ​ទី២០ ខែវិច្ឆិកា​រវាង​ក្រុម​ម្ចាស់ផ្ទះ​កាតា​ជួប​អេ​ក្វា​ដ័​រ​ជា​ជំនួប​បើកឆាក​វិញ​។ ​​ការផ្លាស់ប្តូរ​នេះ​គឺ​ស្របតាម​ប្រពៃណី​ជា​យូរ​មកហើយ ដោយ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវ​ចាប់ផ្តើម​ការប្រកួត​មុនគេ​ក្រោយ​ពិធី​បើក​ជា​ផ្លូវការ​។ ​យ៉ាងណាក្តី​គំរោង​ផ្លាស់ប្តូរ​កាលវិភាគ​ប្រកួត​មក​មុន​មួយថ្ងៃ​នេះ នៅ​មិនទាន់​សំរេច​ផ្លូវការ​នៅឡើយ ពោលគឺ FIFA ​ត្រូវធ្វើ​ការជជែក​ពិភាក្សា​ជាមួយ​បណ្តា​ភាគី​ពាក់ព័ន្ធ​ជាមុនសិន​។ ​កាតា​ស្ថិតក្នុង​ពូ​ល A ដែល​ត្រូវ​ជួប​ជាមួយ​អេ​ក្វា​ដ័​រ ខណៈ​សេ​ណេ​ហ្កា​ល់​ជួប​ហូ​ឡង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alexis Sanchez ផ្លាស់​ទៅ​ក្លិប​បារាំង Marseille ផ្លូវការ​ក្រោយ​ចាក​ចេញពី Inter Milan

2022/08/11 06:51:44 pm        80
​បាល់ទាត់៖ ​ក្លិប​​បារាំង Olympique Marseille បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ស៊ី​លី Alexis Sanchez ផ្លូវការ ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​។ ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​ទើបតែ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​អ៊ីតាលី Inter Milan ដោយ​ព្រមព្រៀង​រៀងខ្លួន​។ ​​កីឡាករ​ជំរើសជាតិ​ស៊ី​លី​រូបនេះ​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១០៩ប្រកួត​ជាមួយ​ក្លិប​នៅ Serie A មួយ​នេះ​តាំងពី​ផ្ទេរ​ពី Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី និង​ទិញ​ផ្តាច់​នៅ​ឆ្នាំ២០១៩​។ ​​ក្រោយមក​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បានរួម​ចំណែក​ជួយ Inter Milan ឈ្នះ​ពាន​លី​គ​កំពូល​អ៊ីតាលី Serie A លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​នៅ​រដូវ​កាល ២០២០-២១ តែ​ក្រោយមក​ក៏​មិនសូវ​មាន​ឱកាស​លេង​ពេញលេញ​ឡើយ​នៅ​រដូវ​កាល​មុន​។​​Alexis Sanchez ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​កាំភ្លើង​ធំ Arsenal រយៈពេល ៤រដូវ​កាលនោះនឹង​អាច​បង្ហាញខ្លួន​លើកដំបូង​តែម្តង​នៅ​ទឹកដី​បារាំង​នៅពេល Marseille ធ្វើដំណើរ​ទៅ​ទឹកដី Brest នៅ​ថ្ងៃ​ចន្ទ​ដែលជា​សប្តាហ៍​ទី២ ក្របខណ្ឌ​បារាំង Ligue 1 បន្ទាប់ពី​សប្តាហ៍​ទី១ Marseille យកឈ្នះ Reims ៤-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី និងជើងហោះហើរគ្មានការអនុញ្ញាតទៅកាន់យេម៉ែន
08/08/2026 11:08 AM
កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស​ ​UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែង​នៃវត្តមានជនភៀសសឹកកម្ពុជា​
08/08/2026 11:08 AM
សមាជិក ប.ស.ស. សាទរចំពោះម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិជួយកាត់បន្ថយការរង់ចាំ
08/08/2026 11:08 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/08/2026 10:08 AM
អតីត​សិស្សនិ​ទ្ទេស A៖ ការជ្រើ​សរើស​រៀន​ជំនា​ញ IT ក្នុ​ងវិស័យ TVET គឺជាជម្រើសដ៏ល្អសម្រា​ប់ខ្ញុំ ដើម្បី​ចាប់​យក​ឱកាស​ការ​ងារតាម​យុគ​សម័យ​ឌីជី​ថល
08/08/2026 10:08 AM
ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
08/08/2026 10:08 AM
វិចារណកថា ព្រៃឈើលើសពីបណ្ដុំនៃដើមឈើ៖«ព្រៃឈើ មិនមែនគ្រាន់តែជាបណ្ដុំនៃដើមឈើច្រើនដើមនោះទេ ប៉ុន្តែគឺជាសហគមន៍នៃទំនាក់ទំនង»
08/08/2026 10:08 AM
លិខិតចំហ៖អង្គការសង្គមស៊ីវិលផ្ញើជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
08/08/2026 10:08 AM
កម្ពុជា-ICRC ពង្រឹងកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌
08/08/2026 10:08 AM
តំណាងស្ថានទូតកម្ពុជាបានចូលរួមកិច្ចគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) លើកទី ៣៣០
08/08/2026 10:08 AM