UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

កម្ពុជា​លែង​បារម្ភ​រឿង​ស្នាក់នៅ​-​ហូបចុក ក្រោយ​មាន​ពន្លឺ​ច្បាស់លាស់​ពី​ភូមិ​កីឡា​

2022/08/10 04:58:58 pm        274
​ស៊ីហ្គេម៖ បញ្ហា​ស្នាក់នៅ​-​ហូបចុក និង​ការដឹកជញ្ជូនដែលជា​កង្វល់​របស់​ក​ម្ពុ​ជា សម្រាប់​ការត្រៀម​លក្ខណៈ​ស្វាគមន៍​ប្រតិភូ​កីឡាក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ត្រូវបាន​ដោះស្រាយ និង​លែង​បារម្ភ​ទៀតហើយ ក្រោយ​មាន​ពន្លឺ​ច្បាស់លាស់​ពី​ភូមិ​កីឡានៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់​ដោយ​រលូន។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍​ CAMSOC ​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​កាលពី​ថ្ងៃទី​០៩ ខែសីហា ក្នុងនោះ​ក៏មាន​ការពិនិត្យ​របាយ​ការណ៍​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​ផងដែរ។​ ​ឯកឧត្តម​បន្ដថា ដំបូង​ឡើយ​ផែនការ​ A ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ភូមិ​កីឡា សម្រាប់​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡានៃ​បណ្ដា​ប្រទេស​អាស៊ានគឺមាន​ភាព​តានតឹង ព្រោះ​ខ្លាច​មាន​ភាពយឺតយ៉ាវ មិនទាន់​ពេលវេលា។ ប៉ុន្ដែ​បច្ចុប្បន្ន​ការសាងសង់​ភូមិ​កីឡាទទួលបាន​ពន្លឺ​ច្បាស់លាស់ ដែលមាន​លទ្ធភាព​អាច​ទទួល​ប្រតិភូ​កីឡា​បាន​ប្រមាណ​ជាង ៥​ពាន់​គ្រែ បូករួម​ទាំង​កន្លែង​ហូបចុក​នៅ​ទីនោះ​ស្រាប់ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ធូរទ្រូង មិនមាន​បញ្ហា​ចោទ​សម្រាប់​ការអនុវត្ត​ផែនការ​ A ​ទៀតឡើយ។​​សូមបញ្ជាក់ថា ដោយសារ​បញ្ហា​កូ​វីដ​-១៩ បានធ្វើ​ដំណើរការ​សាងសង់​ភូមិ​កីឡា ដែលជា​កន្លែង​ដ៏​សំខាន់សម្រាប់​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ ពិសេស​អត្ត​ព​លិ​កដែល​នឹង​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាមាន​ភាពយឺតយ៉ាវ។ យ៉ាងណាក្ដីគណៈអចិន្ដ្រៃយ៍​ CAMSOC ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​ក្រុមហ៊ុន​សាងសង់រហូត​សម្រេចបាន​សមិទ្ធផល​ជា​បន្ដបន្ទាប់។​ ​ប៉ុន្ដែ​ប្រសិនបើ​ផែនការ​ A ​នេះមិន​ទទួលបាន​ជោគជ័យ​ CAMSOC ​ក៏បាន​ត្រៀម​ផែនការ​ B ​ក្នុងការ​ស្វែងរក​សណ្ឋាគា​រ​ផ្កាយ​ប្រាំដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​កដែល​នឹង​មក​ចូលរួម​ប្រកួត ក៏ដូចជា​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Thiago ប្រឈម​អវត្តមាន ៦សប្តាហ៍​ដោយសារ​របួស​សរសៃ​ពួរ​

2022/08/09 10:17:53 pm        91
​​បាល់ទាត់​៖ ​ខ្សែបម្រើ​ក្រុម​ហង្ស​ក្រហម Liverpool, Thiago Alcantara ត្រូវ​ប្រឈម​អវត្តមាន​យ៉ាង​ហោច​ណាស់ ៦សប្តាហ៍​ដោយសារ​របួស​សរសៃ​ពួរ​អំឡុង​ការប្រកួត​ដែល Liverpool ស្មើគ្នា ២-២ នៅ​ទឹកដី Fulham ថ្ងៃ​បើក​រដូវ​កាល​ថ្មី English Premier League​។ ​​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​នៅ​តែ​មាន​បញ្ហា​លើ​កាយសម្បទា​របស់​ខ្លួន ​តាំងពី​ផ្លាស់​មកកាន់ Liverpool នៅ​ឆ្នាំ​២០២០ ដោយ​បង្ហាញខ្លួន​បាន​ត្រឹម ៤៩​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រយៈពេល ២​រដូវ​កាល​កន្លងមក​នៅ Premier League​។ ​របួស​របស់ Thiago ធ្វើ​ឱ្យ​អ្នកចាត់ការ Jurgen Klopp កាន់តែ​ឈឺក្បាល​បន្ទាប់ពី​កីឡាករ​ផ្សេងទៀត​មិនទាន់​ជា​ពីរ​បួស​ដូចជា Alex Oxlade-Chamberlain, Curtis Jones និង Naby Keita តែ​យ៉ាង​ណាក្តី Liverpool គ្មាន​គម្រោង​ទិញ​ចូល​ខ្សែបម្រើ​ទៀត​ឡើយ​។ ​​Jordan Henderson និង Fabinho ចាប់ផ្តើម ១១​នាក់​ដំបូង​ពេល​ជួប Fulham រួម​ជាមួយ Thiago មុន​ត្រូវ​ជំនួស​ដោយ Harvey Elliot នៅ​វគ្គ​ទី​២ ស្របពេល James Milner ក៏​ដូរ​ចូល​គ្មាន​សល់​ខ្សែបម្រើ​ណា​មួយ​ឡើយ​នៅ​កៅអី​បម្រុង​។ ​Liverpool ត្រូវ​ទទួល​ភ្ញៀវ Crystal Palace ចុង​សប្តាហ៍​នេះ​ស្វែងរក​ ៣ពិន្ទុ​លើកដំបូង​ក្រប​ខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Inter Milan បញ្ចប់​កិច្ចសន្យា​ជាមួយ Alexis Sanchez

2022/08/09 09:43:08 pm        171
​​បាល់ទាត់​៖ ​ក្លិបអ៊ីតាលី Inter Milan បានបញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ស៊ី​លី Alexis Sanchez ហើយដោយ​ការព្រមព្រៀង​ពីភាគី​ទាំងពីរ​។ ​​កីឡាករ​ជំរើសជាតិ​ស៊ី​លី​រូបនេះ​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១០៩ប្រកួត​ជាមួយ​ក្លិប​នៅ Serie A មួយ​នេះ​តាំងពី​ផ្ទេរ​ពី Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី និង​ទិញ​ផ្តាច់​នៅ​ឆ្នាំ២០១៩​។ ​ក្រោយមក​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បានរួម​ចំណែក​ជួយ Inter Milan ឈ្នះ​ពាន​លី​គ​កំពូល​អ៊ីតាលី Serie A លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​នៅ​រដូវ​កាល ២០២០-២១ តែ​ក្រោយមក​ក៏​មិនសូវ​មាន​ឱកាស​លេង​ពេញលេញ​ឡើយ​នៅ​រដូវ​កាល​មុន​។ ​​Alexis Sanchez ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​កាំភ្លើង​ធំ Arsenal រយៈពេល ៤​រដូវ​កាលនោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Olympique Marseille​។ ​Inter Milan នឹង​បើក​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ​អ៊ីតាលី Serie A ថ្ងៃ​សៅរ៍​នេះ​ធ្វើដំណើរ​ទៅ​ទឹកដី Lecce៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ឈានដល់​កិច្ចព្រមព្រៀង ១៥​លាន​ផោន​យក Adrien Rabiot ពី Juventus

2022/08/09 09:28:05 pm        76
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងតម្លៃ ១៥លាន​ផោន​ក្នុង​ការនាំយក​ខ្សែបម្រើ Adrien Rabiot ពី​សេះបង្កង់ Juventus នៅឡើយ​តែ​រង់ចាំ​ការ​សំរេច​ចិត្ត​របស់​ម្តាយ​ប៉ុណ្ណោះ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Suns​។​ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​ស្ថិត​នៅក្រៅ​ជំរើស​នៅ Juventus ខណៈ​កិច្ចសន្យា​របស់គេ​នៅសល់តែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ​ការមកដល់​របស់ Adrien Rabiot នឹង​ជួយ​ដោះស្រាយ​បញ្ហា​ខ្សែបម្រើ​នៅ Manchester United ខណៈ​ការបើក​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃអាទិត្យ​ចាញ់ Brighton ក្នុង​ទឹកដី​ខ្លួនឯង ១-២​។​​Adrien Rabiot បាន​ផ្លាស់​ទៅកាន់ Juventus កាលពី​ឆ្នាំ២០១៩ ក្រោយ​ចាក​ចេញពី Paris Saint Germain ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ ​ការមកដល់​របស់ Adrien Rabiot មិនបាន​ធ្វើឱ្យ Manchester United បញ្ចប់​ការចង់បាន Frenkie de Jong ពី Barcelona ដោយ​កីឡាករ​ហូ​ឡង់​រូបនេះ​នៅតែ​គោលដៅ​ចំបង​របស់​អ្នកចាត់ការ Erik ten Hag៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Everton ខ្ចី​ខ្សែការពារ​អង់គ្លេស Conor Coady ពី Wolves ពេញ​មួយ​រដូវ​កាល​

2022/08/09 07:32:30 pm        61
​បាល់ទាត់៖ ​ក្លិប​ Everton បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​អង់គ្លេស Conor Coady ពី​ក្លិប​រួម​លី​គ Wolverhampton ក្នុង​កិច្ចសន្យាខ្ចី​ពេញ​មួយ​រដូវ​កាល​។ ​​Everton ដែល​ដឹកនាំ​ដោយ Frank Lampard កំពុងមាន​វិបត្តិ​ខ្សែការពារ​ធ្ងន់ធ្ងរ បន្ទាប់ពី​កីឡាករ​សំខាន់​ពីររូប​រួមមាន Ben Godfrey និង Yerry Mina រងរបួស​អំឡុង​ការប្រកួត​ដំបូង English Premier League រដូវ​កាល​ថ្មី​នេះ​ចាញ់ Chelsea កាលពី​ថ្ងៃ​សៅរ៍​។ ​កីឡាករ​ដែលមាន​ដើមកំណើត​នៅ Merseyside វ័យ ២៩ឆ្នាំ​រូបនេះទទួលបាន​អាវ​លេខ ៣០ នៅ Everton​។​​Conor Coady គឺជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Liverpool និង​បាន​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ Huddersfield មុនពេល​ផ្ទេរ​ទៅ Wolves នៅ​ឆ្នាំ២០១៥ រហូតមកដល់​ពេលនេះ​បង្ហាញខ្លួន​បាន​ជាង ៣០០ប្រកួត​។ Conor Coady នឹងត្រូវ​សហការ​នៅ​តំបន់​ការពារ​របស់ Everton ជាមួយ James Tarkowski, Michael Keane និង Mason Holgate​។ ​Wolves នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Fulham ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ក្របខណ្ឌ English Premier League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​ក្លិប Barcelona ថា Frenkie de Jong ចង់​នៅ​បន្ត​ជាមួយ​ក្លិប

2022/08/09 06:39:07 pm        76
​បាល់ទាត់៖ ​ខ្សែបម្រើ​ហូឡង់ Frenkie de Jong ចង់​បន្ត​ស្នាក់នៅ Barcelona បន្តទៀត​ បើទោះជា​មាន​ការ​ទាក់​ទង់​ស្អិតរ​មួ​ត​ពី Manchester United មួយរយៈ​ចុងក្រោយ​នេះ​ក៏ដោយ នេះ​បើតាម​ការ​លើក​ឡើង​រប​ស់​ប្រធាន​ក្លិប Barcelona លោក Joan Laporta​។ ​​ក្រុម​បិសាច​ក្រហម Manchester United បាន​ព្រមព្រៀង​តម្លៃ​ផ្ទេរ ៦៣.៥លាន​ផោន​នាំយក​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​កាលពី​ខែ​មុន តែ​ការផ្ទេរ​នៅ​ទ្រឹង​មិន​ទៅមុខ​មកដល់ពេលនេះ​។ ​De Jong បាន​ចូល​លេង​នៅ​វគ្គ​ទី២ ក្នុងការ​ប្រកួត​ដែល Barcelona យកឈ្នះ​ក្លិប​ម៉ិ​ក​ស៊ិ​ក Pumas UNAM កាលពី​ថ្ងៃអាទិត្យ ៦-០​។ ​បើតាម​របាយ​ការ​ព័ត៌មាន​មួយចំនួន​ឱ្យដឹងថា Barcelona ចង់ឱ្យ Frenkie de Jong កាត់​ប្រាក់​ឈ្នួល​ពាក់កណ្តាល ស្របពេល​ក្លិប​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅឡើយ​។ ​​បញ្ហា​ចម្រូងចម្រាស​នៅពេលនេះ​គឺ De Jong មិន​សប្បាយចិត្ត​ជុំវិញ​រឿង​ប្រាក់​ឈ្នួល ជាពិសេស​គឺ​ប្រាក់​ឈ្នួល​ដែល Barcelona ជំពាក់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។​​ថ្វី​បើជា​ក្លិប​ដែល​កំពុងមាន​បំណុល​រុំកោះ​ក៏ដោយ Barcelona បាន​ចំណាយលុយ​ជាង ១២០លាន​ផោន​ហើយ​នៅ​រដូវក្តៅ​នេះ​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ដែល​រួមមាន Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla បូករួម​ទាំង​កីឡាករ​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ Andreas Christensen ពី Chelsea និង Franck Kessie ពី AC Milan​។ ព័ត៌មាន​ចុងក្រោយ​នេះដែរ​គឺខ្សែការពារ​អេ​ស្ប៉ា​ញ Marcos Alonso ក៏​ខិតជិត​ផ្ទេរ​ពី Chelsea មកកាន់ Barcelona ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ចាប់ផ្តើម​ទាក់ទង​ទិញ​អតីត​ខ្សែប្រយុទ្ធ West Ham, Marko Arnautovic

2022/08/09 06:09:04 pm        124
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ដឹងថា ចាប់ផ្តើម​ធ្វើ​ទំនាក់ទំនង​ក្នុងការ​នាំយក​អតីត​ខ្សែប្រយុទ្ធ West Ham, Marko Arnautovic​។ ​​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ត្រូវបាន​ចោទសួរ​ដោយ​អ្នកសារព័ត៌មាន​ជុំវិញ​ការផ្ទេរ​កីឡាករ​វ័យ ៣៣ឆ្នាំ​អូទ្រីស​រូប​នេះ តែ​អតីត​អ្នកចាត់ការ Ajax រូបនេះ​មិន​សង្កត់ធ្ងន់​ជុំវិញ​រឿងនេះ​។ ​Manchester United បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ ជាមួយនឹង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ Brighton ២-១ ខណៈ​ប្រព័ន្ធ​ប្រយុទ្ធ​ត្រូវបាន​គេ​ឃើញ​ថា​ មាន​បញ្ហា​ខ្វះ​ចន្លោះ​ច្រើន បើ​ទោះ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Cristiano Ronaldo ផ្លាស់ប្តូរ​ចូល​ក្តី​។​​រំលឹកថា Marko Arnautovic ធ្លាប់ជា​កីឡាករ​នៅ Stoke City និង West Ham ស៊ុត​បញ្ចូល​ទី ៤៣គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៨៤ប្រកួត និង​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប​អ៊ីតាលី Bologna​។​ ​រដូវ​កាល​មុនកីឡាករ​វ័យ ៣៣ឆ្នាំ​ជំរើសជាតិ​អូទ្រីស​រូបនេះ​រកបាន ១៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣លើក​នៅ Serie A៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រដាល់​សកល​ចង់​សម្រេច​គោលដៅ​មេដាយ​មាស​លើស​ពី ១​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/09 05:40:32 pm        453
​ប្រដាល់​សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​នឹង​កំពុង​ពង្រឹង​ការហ្វឹកហាត់​ជាខ្លាំងដល់​ក្រុម​ជម្រើស​ជាតិ​របស់ខ្លួន ទាំង​បច្ចេកទេស និង​ស្មារតី ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​មេដាយមាសដែល​សហព័ន្ធ​មាន​មហិច្ឆតា​សម្រេច​ឲ្យ​បាន​លើសពី ១​គ្រឿង។​ ​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកលបាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​ស​ន្ទ​ស្សន៍​មេដាយមាស ១​គ្រឿងសម្រាប់​កីឡា​ប្រដាល់​សកល។ ដើម្បី​សម្រេច​គោលដៅ​នេះ សហព័ន្ធ​បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​លើ​ផែនការ​គ្រប់​ជ្រុងជ្រោយ ពិសេស​ការបណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​តែម្ដង។​ ​ជាក់ស្ដែង​សម្រាប់​ផែនការ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​មាន​កីឡាករ​ខ្មែរ​ម្នាក់​ហាត់​នៅ​ថៃ ហើយ​ម្នាក់ទៀតហាត់​នៅ​វៀតណាម រួមជាមួយ​កីឡាករ​ល្អៗ​មួយចំនួនធំសរុប​មាន ១២​នាក់ដែល​កំពុង​ពង្រឹង​ការហ្វឹកហាត់​ក្នុងស្រុក ជាមួយ​គ្រូបង្វឹក​អន្ដរជាតិ​លោក​ Kkssymhanov Berikbol Amantayevich ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន ក្រោម​ការជួយឧបត្ថម្ភ​របស់​ CAMSOC ​ដើម្បី​ត្រៀម​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤ឆ្នាំនេះ។​​អាស្រ័យហេតុនេះ សហព័ន្ធ​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ស​ន្ទ​ស្សន៍​មេដាយមាស ដែល​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) យ៉ាងហោច​ដណ្ដើម​ឲ្យ​បាន​មេដាយមាស ១គ្រឿង។ ប៉ុន្ដែ​ជា​គោលដៅ និង​មហិច្ឆតា​របស់​សហព័ន្ធបាន​ប្ដេជ្ញា​ នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​លើស​ផែនការ​នេះ គឺ​ព្យាយាម​ដណ្ដើម​មេដាយមាស​ឲ្យ​បាន ២​គ្រឿង​តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ។​ ​ទន្ទឹង​ការខិតខំ​ប្រឹងប្រែង​នេះ ក្រៅពី​ការបញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ថៃរយៈពេល ២​សប្ដាហ៍ សហព័ន្ធ​នឹង​ប្រឹងប្រែង​ស្វែងរក​ថវិកា ដើម្បី​បាន​បញ្ជូន​កីឡាករ​កម្ពុជា​ចេញទៅ​ប្រកួត​លក្ខណៈ​អន្តជាតិ​ ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​ទទួលបាន​បទពិសោធ​កាន់តែច្រើន ព្រមទាំង​អាច​សម្រេច​គោលដៅ​របស់​ CAMSOC​។ មួយវិញទៀត​សម្រាប់​ឆ្នាំ​២០២២ លោក​ក៏​គ្រោង​ស្នើសុំ​ទៅកាន់​សហព័ន្ធ​កីឡាប្រដាល់​សកល​អន្តរ​ជាតិ ​នូវ​ថវិកា​ទ្រទ្រង់​ដល់​ការរៀបចំ​ការប្រកួត​ប្រដាល់សកល​ក្នុងស្រុក​ឲ្យ​បាន​រៀងរាល់ ២​សប្ដាហ៍​ម្ដង​ចំនួន ៦​លើក​ដូច​កាលពី​ឆ្នាំ​២០២១ ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ​នឹង​បន្ដ​ប្រកួត​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយ​ជើង​ទី​២ ស្អែក​នេះ​

2022/08/09 05:19:20 pm        305
​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹង​បន្ដ​ការប្រកួត​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយជើង​ទី​២ នា​ថ្ងៃទី​១០ ខែសីហា​ស្អែក​នេះដោយមាន ៤​គូ ខណៈ ៤​គូ​ផ្សេងទៀតនឹងត្រូវ​ប្រកួត​នា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខ។​ ​សម្រាប់​បេក្ខភាព ៤​គូដែល​ត្រូវបាន​ប្រកួត​កាត់សេចក្ដី​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ស្អែក​នេះរួមមាន ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញ​ម្ដង នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាចនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង បន្ទាប់ពី​រកបាន​ជ័យជម្នះ ១-០ កាលពី​ជើង​ទី​១ នៅ​ទឹកដី​ខេត្ដ​សៀមរាប។​ ​រីឯ ៣​គូ​ទៀតត្រូវ​ប្រកួត​នា​ម៉ោង ៣៖៣០​នាទី​រសៀល​ដំណាលៗ​គ្នា រួមមាន​ក្រុម​ការពារ​តំណែង​ជើងឯកវិសាខា ប៉ះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីនៅ​កីឡដ្ឋាន​ព្រី​នស៍​, ក្រុម​ណាហ្គា​វើ​ល​ដ៏បន្ដ​ជួប​ក្រុម​អាស៊ី​អឺរ៉ុបនៅ​កីឡដ្ឋាន​ AEU Sport Park ​និង​ក្រុម​បឹងកេតបើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េទទួល​ក្រុម​ ISI ​ដង្កោ​សែន​ជ័យ។​​ចំពោះ​លទ្ធផល​កាលពី​ជើង​ទី​១ ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជាសុទ្ធតែ​ទទួលបាន​ជ័យជម្នះ គឺ​ក្រុម​វិសាខាយកឈ្នះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីដោយ​លទ្ធផល ៦-០, ក្រុម​ណាហ្គា​វើ​ល​ដ៏យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​តដោយ​លទ្ធផល ៤-០ និង​ក្រុម​នាគ​ខៀវ​បឹងកេតបាន​យកឈ្នះ​ក្រុម​ ISI ​ដង្កោ​សែន​ជ័យដោយ​លទ្ធផល ២-០។​ ​ក្រោយ​បញ្ចប់​ការប្រកួត​នេះ ក្រុម​ទទួលបាន​ជ័យជម្នះក្នុងការ​ប្រកួត​សរុប​ទាំង ២​ជើងនឹងត្រូវ​ឡើងទៅ​ឈរ​ចាំ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ដែល​នឹងធ្វើ​ការប្រកួត​ចំនួន ២​ជើង​ដូចគ្នានា​ថ្ងៃទី​២៤ និង​ថ្ងៃទី​៣១ ខែសីហា​ខាងមុខ ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំង​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក៏ដូចជា​បន្ដ​ការប្រកួត​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ព្រឹត្តិការណ៍​នេះគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២៕​អត្ថបទ៖ លី ឈុន​ឡា​

ក្រសួង​អប់រំ​គាំទ្រ​ការ​បង្កើតពាន​ King Snooker Cup ​ដើម្បី​ពង្រឹង​ធនធាន​ត្រៀម​ស៊ី​ហ្គេម​

2022/08/09 05:11:46 pm        108
​ស្នូកឃ័រ៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបានបង្ហាញ​ការគាំទ្រ​ពេញទំហឹងចំពោះ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាដែល​បានរៀបចំ​ពានរង្វាន់​ King Snooker Cup 2022 ​ដោយ​ឯកឧត្តម​បានចាត់ទុក​ជា​ឱកាស​ពង្រឹង​ធនធាន ទាំង​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ការបង្ហាញ​សុទិដ្ឋិនិយម​នេះបន្ទាប់ពី​ពានរង្វាន់​ King Snooker Cup 2022 ​ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែសីហា ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធជាមួយ​ក្លិប​ King Snooker Sport ​នៅ​ទីតាំង​ក្លិប​ផ្ទាល់ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក ហេង សុវណ្ណ អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា តំណាង​ប្រធាន​សហព័ន្ធ​ឯកឧត្តម ជុំ កុសល ផងដែរ។​ ​ក្នុងនាម​អាជ្ញាធរ​កីឡា និង​ជា​អគ្គលេខាធិការ​រង​ទទួលបន្ទុក​ផ្នែក​បច្ចេកទេសនៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានផ្ដល់​ការគាំទ្រ​ដល់​សហព័ន្ធក្នុង​ការរៀបចំ​ការប្រកួត​ឲ្យ​បាន​ច្រើន ក្នុងន័យ​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​បាន​ចូលរួម​ប្រកួត និង​ដុះ​ខាត​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង ពិសេស​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​ឆ្នើមៗ សម្រាប់​គោលដៅ​ឆ្ពោះទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ម្យ៉ាង​ក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ ដើម្បី​មានលទ្ធភាព​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​សហព័ន្ធ​សាមី មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី ដើម្បី​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​នោះទេ តែ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ សហព័ន្ធ​ក៏ត្រូវ​មាន​មន្ដ្រី​បច្ចេកទេស ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រម​ជាដើមដើម្បី​ចូលរួម​រៀបចំ​ការប្រកួត​ផងដែរ។​​លោក ហេង សុវណ្ណ បាន​បញ្ជាក់ថា ដើម្បី​ត្រៀម​ឆ្ពោះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​ត្រូវការ​ទាមទារ​នូវ​គុណភាព​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ចម្បង ក្នុង​គោលបំណងដើម្បី​ធានា​ការប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​។ តាមរយៈ​នេះ សហព័ន្ធ​នឹង​បន្ត​ការខិតខំ​រៀបចំ​ការប្រកួត​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​លើ​ផ្នែក​បច្ចេកទេស អាច​ឈានទៅ​ប្រកួតប្រជែង​មេដាយក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ពានរង្វាន់​ King Snooker Cup 2022 ​នេះគ្រោង​ដំណើរ​ការប្រកួត ៣​សប្ដាហ៍ ដោយមាន​កីឡាករ​ឆ្នើមៗ ១៦​រូប​ចូលរួម និង​បែង​ចែកជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​ជម្រុះរហូត​ចម្រាញ់​បាន​កីឡាករ​ជ័យលាភី។ ក្រៅពី​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ក៏មាន​ផែនការ​រៀបចំ​ការប្រកួត​ជា​បន្ដបន្ទាប់ ពិសេស​ការត្រៀម​រៀបចំ​ការប្រកួត​ចំនួន ៦​វិញ្ញាសាក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

NEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
08/08/2026 01:08 PM
ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
08/08/2026 01:08 PM
ក្រសួងការងា​រ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ២ពាន់កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋ និងបងប្អូន​អតីតពល​ករត្រឡ​ប់មក​ពី​ថៃ និងអ្នកកំពុងស្វែងរកការ​ងារធ្វើ
08/08/2026 01:08 PM
អាមេរិក នឹងដកការបិទច្រកកំពង់ផែអ៊ីរ៉ង់ នៅពេលការដឹកជញ្ជូនទំនិញបន្តជាថ្មីដោយគ្មានការារាំង
08/08/2026 12:08 PM
ប្រធានអាជ្ញាធរប៉ាឡេស្ទីន ស្វាគមន៍កតិកាសញ្ញាទីក្រុងមេកា ថាជាជំហានសម្រាប់សន្តិសុខរួម
08/08/2026 12:08 PM
នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់លើការគ្រប់គ្រងអាវុធយ៉ាងតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀន
08/08/2026 12:08 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប៉ាគីស្ថាន ប្រឆាំងការយកពន្ធប្រេងឥន្ធនៈ
08/08/2026 12:08 PM
ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍ប្រាំពាន់ដើម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា!
08/08/2026 12:08 PM
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
08/08/2026 12:08 PM
កម្ពុជានាំចេញម្រេច GI ប្រមាណ ៥០តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៧ខែ
08/08/2026 11:08 AM