ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

បួន​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​រួមគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030

2022/08/04 09:55:45 pm        234
​បាល់ទាត់៖ ​អា​ហ្ស​ង់​ទីន ស៊ី​លី អ៊ុយ​រូ​ហ្កា​យ និង​ប៉ា​រ៉ា​ហ្កា​យបានប្រកាស​ពី​ការរួបរួម​គ្នា ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០​។ ​​អ៊ុយ​រូ​ហ្កា​យ​គឺជា​ម្ចាស់ផ្ទះ​ដំបូង​គេ​បង្អស់​នៃ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក​តាំងពី​ឆ្នាំ១៩៣០ ខណៈដែល​អ៊ុយ​រូ​ហ្កា​យ​ចង់យក World Cup មក​រៀបចំ​ម្តងទៀត​ដើម្បី​អបអរ​ខួប ១00ឆ្នាំគត់​។ ​​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​លោក Alejandro Dominguez បាន​និយាយថា នេះ​ជា​សុ​បិ​ន្ត​របស់​ទ្វីបអាមេរិក​ខាងត្បូង​ទាំងមូល​។ ១០០ឆ្នាំ​ឆ្ងាយ​ពី​ផ្ទះ​ដូច្នេះ World Cup នឹង​ត្រលប់​មកវិញ​នៅ​ទឹកដី​ដែល​ព្រឹត្តិការណ៍​បាន ចាប់​ផ្តើមដំបូង​។ ​​ក្រៅពី​អ៊ុយ​រូ​ហ្កា​យ ស៊ី​លី​ក៏​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ World Cup ដែរ​កាលពី​ឆ្នាំ១៩៦២ ខណៈ​អា​ហ្ស​ង់​ទីន​ឆ្នាំ១៩៧៨​។ ​World Cup 2022 ឆ្នាំនេះ​នឹង​រៀបចំ​នៅ​ប្រទេស​កាតា ខណៈ World Cup បន្ទាប់​ឆ្នាំ២០២៦ នឹងធ្វើ​នៅ​ទឹកដី​អាមេរិក​ខាងជើង​មាន​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ ​FIFA គ្រោង​នឹង​ប្រកាស​ប្រទេស​ឈ្នះ​សិទ្ធិ​រៀបចំ World Cup 2030 នៅ​ឆ្នាំ២០២៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Kasper Schmeichel ចាក​ចេញពី Leicester City ទៅ​ចូលរួម​ជាមួយ​ក្លិប​បារាំង Nice

2022/08/04 09:41:09 pm        62
​បាល់ទាត់៖ ​អ្នកចាំទី​ប្រធាន​ក្រុម Leicester City, Kasper Schmeichel បាន​ចាក​ចេញពី​ក្លិប​ហើយ​ក្រោយ​ចំណាយពេល ១១ឆ្នាំ​ដោយ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​បារាំង OGC Nice​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​សរុប ៤៧៩ប្រកួត​ឱ្យ Leicester City តាំងពី​ផ្លាស់​ពី Leeds United នៅ​ឆ្នាំ២០១១ ឈ្នះ​ពាន English Premier League មួយ​លើក និង FA Cup មួយ​លើក​។ ​​Schmeichel បាន​ចូលរួម​ជាមួយ Nice រួមជាមួយ​ខ្សែបំរើ​វែ​ល Aaron Ramsey ដែល​ទើប​ចាក​ចេញពី​សេះបង្កង់ Juventus​។ ​Kasper Schmeichel ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ដា​ណឺ​ម៉ាក ៨៤លើក​នោះបានទទួល​ការអនុញ្ញាត​ពី​ក្លិប Leicester City ដោយ​សន្តិវិធី​ក្នុងការ​ចាកចេញ​ទៅ​ចូលរួម Nice នេះ​។ ​Leicester City គឺជា​ក្លិប​តែមួយគត់​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ទាំង ៥ប្រទេស​ដែល​មិន​ទិញ​កីឡាករ​សូម្បីតែ​ម្នាក់ ខណៈដែល​អ្នកចាត់ការ Brendan Rodgers ធ្លាប់បាន​បញ្ជាក់ថា ​ក្លិប​ត្រូវធ្វើ​ការចាយវាយ​ត្រឹមត្រូវ និង​រឹត​ត្បឹ​ត​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ក្លិប​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​បើក​យុទ្ធនាការ​ចម្រាញ់​ជើង​ខ្លាំង​វិញ្ញាសា​ POOL ​ត្រៀម​ស៊ី​ហ្គេម​

2022/08/04 07:01:36 pm        101
​ស្នូកឃ័រ៖ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​បាន​សហការ​ជាមួយ​ក្លិប​ LUX 98 ​រៀបចំ​ពានរង្វាន់​ថ្មី​មួយ​ទៀតហើយគឺ​ការប្រកួត​កីឡា​ប៊ីយ៉ា​ដណ្ដើម​ពានរង្វាន់​ LUX98-POOL 9-Ball Open 2022 ដើម្បី​ស្វែងរក​ធនធាន​កីឡាករ​ឆ្នើមៗ​បន្ថែម សម្រាប់​ត្រៀម​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក មូ​ន ម៉ា​រ៉ា អគ្គលេខាធិការ​សហព័ន្ធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ថា ពានរង្វាន់​នេះគឺ​បើកទូលាយសម្រាប់​កីឡាករ​ខ្មែរ និង​បរទេសដាក់ពាក្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ POOL ​ជា​វិញ្ញាសា​មួយ ក្នុងចំណោម​វិញ្ញាសា​ផ្សេងទៀត ដែល​សហព័ន្ធ​ត្រៀម​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​ តាម​រយៈ​នេះលោក​រំពឹងថា ការប្រកួតប្រជែង​នេះនឹង​អាច​វាស់​ស្ទង់​សមត្ថភាព និង​ស្មារតីរវាង​កីឡាករ​កម្ពុជា និង​បរទេស ហើយ​សហព័ន្ធ​នឹង​អាច​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​ជ័យលាភី​ឆ្នើមៗ សម្រាប់​បណ្ដុះបណ្ដាល​បន្ថែ​ម ហើយ​ឈានទៅ​មានឱកាស​ចូលរួម​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​​ដំណាលគ្នា​ផងដែរ កញ្ញា ហេង ចាង តំណាង​ក្លិប​ LUX 98 ​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ទទួលបាន​ការគាំទ្រ​ពី​សហព័ន្ធ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ LUX98-POOL 9-Ball Open 2022 ដោយ​កញ្ញា​រំពឹងថា នឹងមាន​ការគាំទ្រ ក៏ដូចជា​ការចូលរួម​ច្រើន​ពី​សំណាក់​កីឡាករ​ជាតិ និង​អន្ដរជាតិ។ លើសពីនេះ ក្លិប​ក៏បាន​ប្ដេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ​យ៉ាងហោច ១​ឆ្នាំ ២​ដងដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​នៅ​កម្ពុជា​ផងដែរ។​ ​សូមបញ្ជាក់ថា ពានរង្វាន់​ LUX98-POOL 9-Ball Open 2022 គ្រោង​ចាប់ផ្ដើម​ការប្រកួត​ផ្លូវការនា​ថ្ងៃទី​១៣ ខែសីហា​ខាងមុខនៅ​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូកឃ័រ​ LUX 98 ​ច្បារអំពៅ ខណៈ​ការទទួល​ពាក្យ​ចូលរួមគឺ​បាន​បើក​បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួច ដោយ​គណៈកម្មការ​អនុញ្ញាត​ឲ្យ​មានការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ដោយ​សេរី មិន​ថា​កីឡាករ​ក្នុងស្រុក ឬ​បរទេស​ឡើយ ដោយ​ការប្រកួត​នឹង​គោរព​តាម​បញ្ជាការ​ប្រកួត​របស់​ស​ហ​ព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា និង​សហប័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​អាស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

អគ្គិសនី​កម្ពុជា​យកឈ្នះ​ក្រុម​លី​គ​កំពូល​គិរីវង់ ៣-២ ក្នុង​ជើង​ទី​១ នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2022/08/04 06:38:45 pm        207
​បាល់ទាត់៖ ក្រុម​មិន​ស្គាល់​ចាញ់នៃ​លី​គ​ទី​២ អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជា គិរីវង់​សុខ​សែន​ជ័យដោយ​លទ្ធផល ៣-២ ក្នុងជំនួប​ជើង​ទី​១ វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ។​ ​ការប្រកួត​ដ៏​ទាក់ទាញ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​នេះ ក្រុម​ម្ចាស់ផ្ទះ​ធ្វើបាន​យ៉ាង​ល្អដោយបាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​គិរីវង់ ២​គ្រាប់​មុនដោយ​កីឡាករ ច្រឹង ច័ន្ទ​វីរៈ នៅ​នាទី​ទី​២ និង​កីឡាករ ឈួ​ត សិន​ទៀង នៅ​នាទី​១៦ មុន​កីឡាករ ហ៊​ត ឈិន​ជិន រកបាន ១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​វិញនៅ​នាទី​២៧។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់​តែខ្លាំង ហើយ​កីឡាករ លី ម​ស្លី​ម បាន​ជួយ​ឲ្យ​ក្រុម​គិរីវង់ទទួលបាន​គ្រាប់​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​វិញ ២-២។ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​សម្រាប់​ក្រុម​មាន់គក់​ខេត្តតាកែវ បន្ទាប់ពី​កីឡាករ ឈួ​ត សិន​ទៀង រកបាន​គ្រាប់​ទី​៣ ជួយ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា បើក​ការ​នាំមុខ​ជាថ្មី ៣-២ នៅ​នាទី​៧៨ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​ដល់​ចប់​ការប្រកួត​តែម្ដង។​​ប៉ុន្ដែ​ជ័យជម្នះ​នេះមិនទាន់​សុវត្ថិភាព​សម្រាប់​ក្រុម​អគ្គិសនី​កម្ពុជា ក្នុងការ​ទទួលបាន​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ​នោះទេ ដ្បិត​ជើង​ទី​២ ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​តតាំង​ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៅ​ទឹកដី​ខេត្តតាកែវ​វិញ​ម្ដងនា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កងយោធពល​ខេមរភូមិន្ទ​វាយបក​ឈ្នះ​នគរបាល​ជាតិ ២-១ ក្នុង​ជើង​ទី​១ នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ

2022/08/04 06:17:11 pm        276
​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​១ វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ។​ ​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ 7NG ​នា​ទឹកដី​ឃុំ​វិហារ​សួគ៌​នេះ ក្រុម​ម្ចាស់ផ្ទះ​នគរបាលជាតិបាន​បើក​ការនាំ​មុខ​ក្រុម​កងយោធពល​ខេមរភូមិន្ទតាំងពី​នាទី​ទី​៤ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ នី មូ​ស្ដា​ហ្វា។ បន្ទាប់មក​ទើប​កីឡាករ ណា​រ៉ុង កក្កដា រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ភ្ញៀវ​វិញ​នៅ​នាទី​៣៧ មុន​បញ្ចប់​វគ្គ​ទី​១។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក ខណៈ​នៅ​នាទី​៦៦ កីឡាករ ណា​រ៉ុង កក្កដា ដដែលបាន​ស៊ុត​បន្ថែម​គ្រាប់​បាល់​ទី​២ ជួយ​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទនាំមុខ​ក្រុម​ម្ចាស់ផ្ទះ​វិញ ២-១ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​ ប៉ុន្ដែ​ក្រុម​ទាំងពីរនឹងត្រូវ​ជួបគ្នា​ម្ដងទៀតនៅ​ជើង​ទី​២ នា​ទឹកដី​កីឡដ្ឋាន​ស្ដា​ត​ចាស់នា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត ២​ជើងឡើងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុមកីឡា​អុក​ជនពិការ​ចាត់ទុក​ការ​ឈ្នះ​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​គឺជា​រឿង​មិន​នឹកស្មាន​

2022/08/04 05:55:50 pm        206
​អុក៖ ក្រុមកីឡា​អុក​ជនពិការ​កម្ពុជាដែលមាន​កីឡាករ ជា ស៊ី​ដេ​ត និង ប៉ែន រ័ត្ន​ទីណា បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងក្រោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ជូន​ជាតិ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ហើយ​បានចាត់ទុក​ការ​ឈ្នះ​មេដាយ​នេះគឺជា​រឿង​មិន​នឹកស្មាន​ទៀតផង។ ​​ក្នុងចំណោម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ១១​ប្រភេទ​កីឡាដែល​កំពុង​ប្រកួតប្រជែង​នៅ​ឥណ្ឌូនេស៊ី គឺ​មានតែ​កីឡា​អុក​ជនពិការ​ប៉ុណ្ណោះដែល​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​រយៈពេល ១​ខែ​នៅ​ទីនោះដើម្បី​ត្រៀម​ការប្រកួត ក្រោម​ការ​រ៉ាប់រង​ការ​ស្នាក់នៅ និង​ហូបចុករបស់​ភាគី​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឥណ្ឌូនេស៊ី និង​ការចំណាយ​ផ្សេងៗរបស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា។​ ​ឯកឧត្តម យី​វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ប៉ា​រ៉ា​ឡា​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្មធ្លាប់បាន​គូសបញ្ជាក់ថា ដោយសារ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ អត់​មាន​វិញ្ញាសា​អុក​នេះ ដូច្នេះ​នេះ​ជា​កិច្ច​ការសំខាន់ដែល​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​រៀបចំ​ឲ្យ​មាន​វិញ្ញាសា​អុក​ចូលរួម​ហ្វឹកហាត់ និង​ប្រកួត​នៅ​ឥណ្ឌូនេស៊ី ដោយ​កីឡា​ករទាំង ២​រូបបាន​ដើរតួ​ជា​គ្រូ​ផង និង​ជា​កីឡាករ​ផង ហើយ​ក្រោយ​បញ្ចប់​បេសកកម្ម​នេះពួកគេ​នឹង​នាំនូវ​បទពិសោធន៍ ក៏ដូចជា​ចំណេះដឹង​ចែករំលែក​ដល់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ផ្សេងទៀត។​​អ្វីដែល​មិន​នឹកស្មាន ទោះបី​ក្រុមកីឡា​អុក​ជនពិការ​កម្ពុជាទើប​ហ្វឹកហាត់​បាន​រយៈពេល​ខ្លី តែ​កីឡាករ ជា ស៊ី​ដេ​ត និង ប៉ែន រ័ត្ន​ទីណា ធ្វើបាន​យ៉ាង​ល្អប្រសើរដែល​អាច​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងក្នុងចំណោម​មេដាយ​សរុប ១៨គ្រឿងដែល​កម្ពុជា​ទទួលបានគិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ​រ៉ា​ហ្គេមឆ្នាំ២០២២ នៅ​ឥណ្ឌូនេស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ពិការភាព​មិនមែនជា​ឧបសគ្គក្នុងការ​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ឡើយ​

2022/08/04 05:35:20 pm        440
​អាស៊ានប៉ារ៉ាហ្គេម៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​មោទនភាព និង​កោតស្ញប់ស្ញែងចំពោះ​ការលះបង់ និង​ខំប្រឹង​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ពិការភាពមិនមែនជា​ឧបសគ្គក្នុងការ​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ឡើយ។​ ​ការលើកឡើង​នេះ ស្របពេល​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា កំពុងធ្វើការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ និង​ទទួលបាន​ជោគជ័យ​ជា​បន្ដបន្ទាប់ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​គិត​មកទល់ពេលនេះ កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ១៨​គ្រឿងរួមមាន​មេដាយមាស ៥ ប្រាក់ ៧ និង​សំរឹទ្ធ ៦ គ្រា​ដែល​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​កំពុងមាន​វត្តមាន​ផ្ទាល់​ជាប់​ជាមួយ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពួកគេនៅ​ទីក្រុង​សូ​ឡូ។​ ​ស្របពេល​ក្រុម​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាពដោយ​មិន​រុញ​រា ទោះបី​ខ្លួន​ស្ថិតក្នុង​ពិការភាពដើម្បី​ដណ្ដើម​កិត្តិ​សយ​ជូន​ជាតិ មាតុភូមិ​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ «​ញើស និង​ឈាម​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​! សម្រាប់​ពួកគាត់ ពិការភាព​មិនមែនជា​ឧបសគ្គ​! ឧបសគ្គ​ពិត​នោះគឺ​ការ​ឈរ​ឱបដៃ​មើល រិះគន់ និង​ការ​បណ្តោយ​តាម​ព្រហ្ម​លិខិត​»​។ នេះ​គឺជា​សារ​មួយ​ដ៏​មាន​អត្ថន័យ ដើម្បី​លើកទឹកចិត្ដដ​ល់បង​ប្អូន​ជនពិការ ពិសេស​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​តែម្ដង។​​លើសពីនេះ ឯកឧត្តមបានបង្ហាញ​នូវ​មោទកភាពចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ថា​ «​ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះជា​តំណាង​ឲ្យ​កម្ពុជា​! ពួកគាត់​នៅពេលនេះជា​មុខមាត់​ជាតិ ។ ដូច្នេះ​ទោះបី​កីឡាករ​-​កីឡាការិនីស្ថិតក្នុង​ពិការភាព ក៏​ពួកគាត់​មិនបាន​ដាក់បន្ទុក​នេះ​ឲ្យ​សង្គមជាតិ​ឡើយ ផ្ទុយទៅវិញពួកគាត់​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ មាតុភូមិ។​ ​ទន្ទឹម​ជាមួយគ្នា ក្នុងនាម​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​ជន​មាន​ពិការភាព ដោយ​ឯកឧត្តម​បាន​លើកឡើងថា សម្រាប់​ក្រុម​ជន​ដែលមាន​ពិការភាព ការផ្តល់​លទ្ធភាព និង​គាំទ្រ​ឲ្យ​បាន​ចូលរួម​ប្រកួត ជាការ​លើកស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការទទួលស្គាល់​នូវ​តម្លៃ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។​​សូមបញ្ជាក់ថា ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ី កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កី​ឡ​ការិនី ១១៥នាក់ លើ ១១​ប្រភេទ​កីឡា​ចូលរួម​ប្រកួត ខណៈ​លទ្ធផល​បណ្ដោះអាសន្នដែល​កម្ពុជា​ទទួលបាន​ពេលនេះ បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះហើយ ពោលគឺ​កម្ពុជាដណ្ដើមបាន​មេដាយ​ច្រើន​បំផុតក្នុង​ប្រវត្តិ​ចូលរួម​ប្រកួត ១១​លើក​កន្លងមកគិត​ចាប់ពី​ឆ្នាំ​២០០១ មកទល់​បច្ចុប្បន្ន បន្ទាប់ពី​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ១៤​គ្រឿង មាស ៤ ប្រាក់ ៦ និង​សំរឹទ្ធ ៤៕ ​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​បំបែក​កំណត់ត្រា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​

2022/08/04 05:16:53 pm        679
​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ កម្ពុជា​បាន​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ដ្រ​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេមបន្ទាប់ពី​ដណ្ដើមបាន​មេដាយ​ច្រើន​បំផុត សម្រាប់​ការចូល​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះ បើ​គិត​ចាប់ពី​ឆ្នាំ​២០០១ ដែលជា​ឆ្នាំ​ប​ង្កើ​ក​ដំបូងរហូតមកទល់​បច្ចុប្បន្ន។​ ​សម្រាប់​បេសកកម្ម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​កំពុង​ប្រព្រឹត្តទៅនាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ១៨​គ្រឿងរួមមាន​មេដាយមាស៥, ប្រាក់៧ និង​សំរឹទ្ធ ៦​គ្រឿង។​ ​សមិទ្ធផល​នេះបានធ្វើ​ឲ្យ​កម្ពុជា​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​លើកដំបូង ពោលគឺ​មិន​ធ្លាប់មាន​ឆ្នាំ​ណាដែល​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដណ្ដើមបាន​មេដាយ​ច្រើន​បែបណា​ឡើយ ពិសេស​មេដាយមាសដែល​កម្ពុជាធ្លាប់​ដណ្ដើមបាន​ច្រើន​បំផុត​ត្រឹម ៣​គ្រឿងកាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា។​ ​សម្រាប់​ប្រវត្តិ​ចូលរួម​ប្រកួត និង​ដណ្ដើម​មេដាយ​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះរួមមាន​៖-​លើក​ទី​១ ឆ្នាំ​២០០១ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ១ សរុប ៣-​លើក​ទី​២ ឆ្នាំ​២០០៣ នៅ​វៀតណាម​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ៥ និង​សំរឹទ្ធ ៣ សរុប ៩-​លើក​ទី​៣ ឆ្នាំ​២០០៥ នៅ​ហ្វីលីពីន​៖ កម្ពុជា​ឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ២ សរុប ៥-​លើក​ទី​៤ ឆ្នាំ​២០០៧ នៅ​ថៃ​៖ កម្ពុជា​ឈ្នះ​មេដាយប្រាក់ ១ សរុប ១-​លើក​ទី​៥ ឆ្នាំ​២០០៩ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៤ សរុប ៧-​លើក​ទី​៦ ឆ្នាំ​២០១១ នៅ​ឥណ្ឌូនេស៊ី​៖ កម្ពុជាឈ្នះ​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ២ សរុប ៧-​លើក​ទី​៧ ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា​៖ កម្ពុជាឈ្នះ​មេដាយមាស ៣ ប្រាក់ ៤ និង​សំរឹទ្ធ ២ សរុប ៩-​លើក​ទី​៨ ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​៖ កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៦ សរុប ៩-​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​៖ កម្ពុជាឈ្នះ​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥ សរុប ១០-​ចំណែក​លើក​ទី​១០ ឆ្នាំ​២០១៩ នៅ​ហ្វីលីពីនត្រូវបាន​ម្ចាស់ផ្ទះ​សម្រេច​លុបចោល ព្រោះ​បញ្ហា​កូ​វីដ​-១៩។​​ដោយឡែក​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​កំពុង​ប្រព្រឹត្តទៅនៅ​ឥណ្ឌូនេស៊ី​ពេលនេះ​វិញ ទោះបី​កម្ពុជា បាន​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​មេដាយ​ច្រើន​ពុំ​ធ្លាប់មាន​យ៉ាងណា តែ​កម្ពុជា​នៅមាន​លទ្ធភាព​ដណ្ដើម​មេដាយ​បន្ថែមទៀត ដ្បិត​នៅសល់​វិញ្ញាសា​ជាច្រើនត្រូវ​ប្រកួត ខណៈ​វិញ្ញាសា​មួយចំនួន​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ រួមមាន​វិញ្ញាសា​បាល់ទះ​អង្គុយ​បុរស និង​វិញ្ញាសា​បាល់បោះ​ជិះរទេះ​ជនពិការ​នារី ៥ ទល់ ៥ ជាដើម ដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយមាសជាមួយ​ក្រុម​ថៃនៅ​ថ្ងៃទី​០៤ និង​ថ្ងៃទី​០៥ ខែសីហា​នេះ៕ អត្ថបទ៖ លី ឈុន​ឡា

Leipzig ចាប់ផ្តើម​ចរចា​ជាមួយ Chelsea ដើម្បីយក Timo Werner ត្រលប់​ទៅវិញ​

2022/08/03 09:46:26 pm        80
​បាល់ទាត់៖ ​ក្លិប​អាល្លឺម៉ង់ RB Leipzig និង​ក្លិប​អង់គ្លេស​តោ​ខៀវ Chelsea បានចាប់ផ្តើម​ធ្វើការ​ចរចា​ជុំវិញ​ការផ្ទេរ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner ត្រលប់​ទៅកាន់ Bundesliga វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី Leipzig មកកាន់ Chelsea កាលពី​ឆ្នាំ២០២០ តែ​មិន​ជោគជ័យ​ឡើយ​នៅលើ​ទឹកដី​អង់គ្លេស​ក្រោយ​រកបាន​ត្រឹម ១០គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន ៥៦ប្រកួត​នៅ English Premier League​។​ ​Chelsea បាន​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់ខ្លួន​សំរាប់​រដូវ​កាល​ថ្មី​នេះ តាមរយៈ​ការនាំយក​ខ្សែប្រយុទ្ធ​ស្លាប Raheem Sterling ពី Manchester City បើទោះបីជា Romelu Lukaku ចាក​ចេញទៅ Inter Milan វិញ​ក៏ដោយ​។ បញ្ហា​នៃ​ការផ្ទេរ​របស់ Timo Werner ត្រលប់​ទៅ Leipzig វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​នោះ​គឺ​ប្រាក់​ឈ្នួល ពោលគឺ Chelsea អាច​នឹងត្រូវចំណាយ​យ៉ាងហោចណាស់​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ពាក់កណ្តាល​ជាមួយ Leipzig​។​​​Newcastle ក៏​ធ្លាប់បាន​ចាប់អារម្មណ៍​ក្នុងការ​ផ្ទេរ Werner ទៅកាន់ St. James Park ដែរ​តែ​បញ្ហា​ក៏​នៅត្រង់​ប្រាក់​ឈ្នួល​នេះដែរ​។ ​រំលឹកថា Timo Werner ធ្លាប់មាន​អាជីព​ជោគជ័យ​នៅ Leipzig ពី​ឆ្នាំ២០១៦ ដល់ ២០២០ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​សរុប ៧៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២៧ប្រកួត និង​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​នៅ​ឆ្នាំ២០១៧ បង្ហាញខ្លួន​បាន ៥៣លើក​រកបាន ២៤គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Fulham ទិញ​បាន​អ្នកចាំទី Bernd Leno ពី Arsenal តម្លៃ ៨​លាន​ផោន

2022/08/03 06:57:31 pm        213
​បាល់ទាត់៖ ​ក្រុម​ជើងឯក League Championship Fulham បានសំរេច​ក្នុង​ការនាំយក​អ្នកចាំទី Bernd Leno ពី​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុងតម្លៃ ៨លាន​ផោន​។ កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៣ឆ្នាំ​នៅ​ទឹកដី Craven Cottage បន្ទាប់ពី​បាត់​បង់​តំណែង​ដៃ​ទី១ នៅ Arsenal រដូវ​កាល​មុន​ក្រោយ​ការមកដល់​របស់ Aaron Ramsdale​។​​​រដូវ​កាល​មុន Bernd Leno បង្ហាញខ្លួន​បាន​ត្រឹម ៩ប្រកួត​ប៉ុណ្ណោះ និង​សរុប​ជារួម ១២៥​ប្រកួត រក្សា​សំណាញ់​ទី​បាន ៣៧​លើក​មិនឲ្យ​គូប្រកួត​ស៊ុត​ចូល​តាំងពី​ផ្លាស់​ពី Bayer Leverkusen នៅ​ឆ្នាំ២០១៨ ក្នុងតម្លៃ ២០​លាន​ផោន​។ ​Bernd Leno បាន​ក្លាយជា​កីឡា​ករទី៥ ដែល​មកកាន់ Fulham ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ បន្ទាប់ពី Joao Palhinha, Andreas Pereira, Kevin Mbabu និង Manor Salomon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM