ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

កីឡាការិនី​នី​ហ្សេ​រី​យ៉ា Tobi Amusan បំបែក​កំណត់ត្រា​ពិភពលោក​រត់​ផ្លោះ​របង​

2022/07/26 10:07:35 pm        88
​រត់​ផ្លោះ​របង៖ ​កីឡាការិនី​នី​ហ្សេ​រី​យ៉ា Tobi Amusan បាន​បំបែក​កំណត់ត្រា​ពិភពលោក​រត់​ផ្លោះ​របង ១០០ម៉ែត្រ​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នៃ​ព្រឹត្តិការណ៍​កីឡាអត្តពលកម្ម​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​។ ​​កីឡាការិនី​នី​ហ្សេ​រី​យ៉ា​វ័យ ២៥ឆ្នាំ​រូបនេះ​ធ្វើបាន​ក្នុង​ថេរវេលា ១២.១២វិនាទី មុនពេល​យកឈ្នះ​មេដាយមាស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​កំណត់ត្រា​ចាស់​នៃ​វិញ្ញាសា​រត់ ១០០ម៉ែត្រ​ផ្លោះ​របង​នេះ​គឺ ១២.២០វិនាទី​ដែល​ធ្វើបាន​កាលពី​ឆ្នាំ២០១៦ ដោយ​កីឡាការិនី​អាមេរិក Kendra Harrison​។ ​វិញ្ញាសា​នេះ​កីឡាការិនី​មកពី​ចា​ម៉ៃ​កា Britany Anderson ទទួលបាន​មេដាយប្រាក់ និង​មេដាយសំរឹទ្ធ​បាន​ទៅ​កីឡាការិនី​ព័រ​តូ​រី​កូ​ជើងឯក​អូឡាំពិក Jasmine Camacho Quinn​។ ​មុន​ព្រឹត្តិការណ៍​ពិភពលោក​នេះ Tobi Amusan ក៏​ទើបតែ​បំបែក​កំណត់ត្រា​ទ្វីបអាហ្វ្រិក​ដែរ​ក្នុង​ថេរវេលា ១២.៤០វិនាទី​កាលពី​ថ្ងៃ​សៅរ៍​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Alcaraz ក្លាយជា​កីឡាករ​វ័យក្មេង​ទី​២ បន្ទាប់ពី Nadal ដែល​ហក់​ចូលក្នុង​លំដាប់ Top5

2022/07/26 09:38:55 pm        88
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​ឈរ​ក្នុង​លំដាប់ Top5 នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​របស់ ATP តាំងពី Rafael Nadal ដែល​ធ្លាប់​ធ្វើបាន​ដូចគ្នានេះ​កាលពី​ឆ្នាំ២០០៥​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ Carlos Alcaraz បាន​យកឈ្នះ​កីឡាករ​ស្លូ​វ៉ា​គី Alex Molcan ៧-៦(៧-២) និង ៦-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​ចាញ់​កីឡាករ​អ៊ីតាលី Lorenzo Musetti នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​នៃ​ការប្រកួត​កម្មវិធី Hamburg Open នៅ​អាល្លឺម៉ង់​។ ​Carlos Alcaraz មកដល់ Hamburg Open នេះ​បាន​គ្រង​ជើងឯក​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី Tour ចំនួន​ប្រាំ​កម្មវិធី​រួចមកហើយ​បូករួម​ទាំង Miami Open និង Madrid Open​។​​Carlos Alcaraz បានទទួល​ការកោតសរសើរ​ជាច្រើន​ពី​រៀមច្បង Rafael Nadal តាមរយៈ​ទេពកោសល្យ​របស់គេ​ដែល​បាន​ឈានឡើង​មកឈរ​លំដាប់​លេខ ៥​ពិភពលោក​បែបនេះ​។​ ​ថ្វីបើ​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Hamburg Open, Alcaraz បាន​ទម្លាក់​កីឡាករ​ណ័​រវេ​យ Casper Ruud មកឈរ​លេខ៦ វិញ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​របស់ ATP World Ranking៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​ហូ​ឡង់ Marianne Vos ឈ្នះ​ដំណាក់កាល​ទី​២ ប្រណាំង​កង់ Tour de France នារី​

2022/07/26 09:27:28 pm        64
​ប្រណាំង​កង់៖ ​កីឡាការិនី​ហូ​ឡង់ Marianne Vos បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France ផ្នែក​នារី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល Tour de France រៀបចំ​ឱ្យ​ការប្រកួត​ផ្នែក​នារី​នេះ បន្ទាប់ពី​ការប្រកួត​ផ្នែក​បុរស​បានបញ្ចប់​ដោយ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard គ្រង​ជើងឯក​។ ​​សំរាប់​ផ្នែក​នារី​ដំណាក់កាល​ទី២ ម្សិលមិញ​មាន​ចម្ងាយ​ផ្លូវ ១៣៦.៤គីឡូម៉ែត្រ Marianne Vos ដែល​ជិះ​ឱ្យ​ក្រុម​ប្រណាំង Jumbo-Visma បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣ម៉ោង ១៤នាទី ២វិនាទី តាម​ពីក្រោយ​ដោយ​កីឡាការិនី​អ៊ីតាលី Silvia Persico និង​លេខ៣ កីឡាការិនី​ប៉ូឡូញ Katarzyna Niewiadoma ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​។ ជ័យជំនះ​នេះដែរក៏បាន​ធ្វើឱ្យ​កីឡាការិនី​វ័យ ៣៥ឆ្នាំ Marianne Vos ឡើងមក​នាំមុខគេ​ក្នុង​តារាង​រួម​ផងដែរមាន​វេលា​ចំនេញ ១០វិនាទី​លើ​អ្នក​លេខ២ កីឡាការិនី​អ៊ីតាលី Silvia Persico និង​លេខ៣ កីឡាការិនី Katarzyna Niewiadoma យឺត​ជាង ១២វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី៣ ថ្ងៃ​អង្គារ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៣៣.៦គីឡូម៉ែត្រ​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

World Cup នៅ​កាតា​នឹង​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​កីឡដ្ឋាន

2022/07/26 06:47:04 pm        217
​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ឆ្នាំនេះ ក្រៅពី​ការការពារ​សន្តិសុខដោយ​មនុស្ស និង​ឧបករណ៍​ផ្សេងៗ ឧបករណ៍​ដ្រូ​ន​នឹង​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់​កីឡដ្ឋាន​នីមួយៗ​។ ​​ឧបករណ៍​ដ្រូ​ន​កន្លងមកមិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ នៅ​កីឡដ្ឋាន​បាល់ទាត់​អំឡុង​ការប្រកួត​ឡើយ តែ​នៅពេលនេះ FIFA រួមជាមួយ​កាតា​បាន​ព្រមព្រៀងគ្នា​ក្នុង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដ្រូ​ន ដើម្បី​ការពារ​ប្រសិនបើ​មិន​ឧបករណ៍​ដ្រូ​ន អនាមិក​ណាមួយ​ចូលមក​កាន់​ទីលាន តាមរយៈ​ការប៉ុនប៉ង​បំផ្ទុះ​គ្រាប់បែក រឺ​ការសរសេរ​ពាក្យ​តវ៉ា​ណាមួយ​។ ​​ក្រុមហ៊ុន​ទទួលបន្ទុក​លើការគ្រប់គ្រង​ដ្រូ​ន​នេះ​គឺ Fortem Technologies ពោលគឺ​ឧបករណ៍​ដ្រូ​ន​នៃ​ការគ្រប់គ្រង​របស់ Fortem និង​បាញ់​ទំលាក់​ដ្រូ​ន​អនាមិក​ភ្លាមៗ​មិន​ឱ្យទៅ​ក្បែ​ទីលាន​ប្រកួត រឺ​កីឡដ្ឋាន​បានឡើយ​។​​យ៉ាងណាក្តី Fortem Technologies បាន​បញ្ជាក់ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការពារ​ប្រព័ន្ធ​សន្តិសុខ​តាម​ដែល​អាចធ្វើ​ទៅបាន តែ​មិនមែន​បានន័យថា​ អាច​ទប់ស្កាត់​ការប៉ុនប៉ង​របស់​ក្រុម​ភេ​វរជន​បាន​ទាំងស្រុង​នោះទេ​។ ​​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ទឹកដី​កាតា​ដែលជា​លើកដំបូង​នៅលើ​ទឹកដី​មជ្ឈិមបូព៌ា នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែវិច្ឆិកា​ដល់​ខែធ្នូ​ចុងឆ្នាំ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ប៉ា​រ៉ា​ឡាំ​ពិក​កម្ពុជា​ចេញទៅ​ចូលរួម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១

2022/07/26 06:07:11 pm        428
ប៉ារ៉ាឡាំពិក៖ ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ប្រតិភូ​កីឡាករ-កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ចាក​ចេញទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២២ ​នៅ​ទីក្រុង​សូ​ឡូ ខេត្ត​ជ្វា​កណ្តាល ប្រទេស​ឥណ្ឌូនេស៊ី តាម​ជើងយន្តហោះ​ពិសេស Sky Angkor Airlines​។​ ​គណៈប្រតិភូ​ដែល​មាន​សមាជិក​ ១៦៦​នាក់​ដែល​ជា​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​ជំនាញ​មកពី ​CAMSCO និង​កីឡាករ-កីឡាការិនី ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​ ​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជាបានបង្ហាញ​ក្ដី​រំពឹងថា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីដែល​នឹង​បើក​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាអាច​ដណ្ដើមបាន​មេដាយមាស​យ៉ាងតិច ៣​គ្រឿង។​ ​នាយ​បេសកកម្ម​ដដែលរំពឹងថា កម្ពុជា​នឹង​អាច​បំបែក​ឯតទគ្គ​កម្ម​មេដាយ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ដែល​កាលនោះ​កម្ពុជាដណ្ដើមបាន​ត្រឹម​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥​គ្រឿងប៉ុណ្ណោះ។ប៉ុន្ដែ​ផ្អែកលើ​ការ​ខំប្រឹង និង​ការប្ដេជ្ញាចិត្ត​របស់​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ឆ្នាំនេះ ឯកឧត្តម​ជឿជាក់​កម្ពុជានឹង​អាច​ឈ្នះ​មេដាយមាស​យ៉ាងតិច ៣​គ្រឿង ខណៈ​មេដាយប្រាក់យ៉ាងហោច ១០ និង​មេដាយ​សំរឹទ្ធយ៉ាង​ហោច ១៥​គ្រឿងផងដែរ។​ ​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាដែល​នឹងចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូនា​ចុង​សប្ដាហ៍​នេះគឺមាន​ចំនួន ១៦៦​នាក់ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១៥​នាក់លើ ១១​ប្រភេទ​កីឡារួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ បាល់ទាត់​ម្ខាង ៧​នាក់ វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​បូ​ស្យា។ ការប្រកួត​ដំណើរការ​ពីថ្ងៃ​ទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​។ ជាមួយគ្នា​នោះក៏​នឹងមាន​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ជាច្រើនរូបនឹងចូលរួម​សិក្សា​រៀនសូត្រ ដើម្បី​ដកស្រង់​បទពិសោធន៍​ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម សម្រាប់​យកមក​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​ អត្ថបទ៖ គង់ ហួន

ប្រធាន​សហព័ន្ធ​ហាប់​គី​ដូ​ជំរុញ​ការ​ចង​សម្ព័ន្ធ​ជាមួយ​កីឡា​ផ្សេង ដើម្បី​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ការ​អភិវឌ្ឍ​

2022/07/26 05:57:36 pm        69
​​ហាប់​គី​ដូ៖ លោក សៅ សេង​ហាក់ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​លើកទឹកចិត្ត​ឲ្យ​មន្ដ្រី​បច្ចេកទេស​សហព័ន្ធ ធ្វើការ​ចងសម្ព័ន្ធ​ជាមួយ​ប្រភេទ​កីឡា​ផ្សេងៗ ដែលមាន​មូលដ្ឋាន​ក្បាច់គុន​ត្រ​ដៀង​គ្នាដើម្បី​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​ការលើកឡើង​ដូច្នេះធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​របស់​សហព័ន្ធ ក្នុង​អាណត្តិ​ទី​៧ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ថ្មី បន្ទាប់ពី​លោក សៅ សេង​ហាក់ ទទួលបាន​ការគាំទ្រ​ពី​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ បន្ដ​អាណ​ត្ដិ​ថ្មីកាលពី​ខែមេសា​កន្លងទៅ។​ ​លោក​ថា ប្រភេទ​កីឡា​ក្បាច់គុនភាគច្រើនគឺ​ជ្រលិះៗ​គ្នា មិន​ខុសគ្នា​ឆ្ងាយ​ប៉ុន្មាន​ទេ អ្វីដែល​សំខាន់គឺមាន​គោលដៅ​តែមួយគឺ​ការ​ផ្ដួល​គូប្រកួត​ប្រជែង។ ដូច្នេះ​លោក​លើកទឹកចិត្ត​ឲ្យ​កីឡា​ហាប់​គី​ដូចងសម្ព័ន្ធ​ជាមួយ​កីឡា​ផ្សេងៗ ដើម្បី​ផ្លាស់ប្ដូរ​បច្ចេកទេស ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​រីកចម្រើន​បន្ថែមទៀត។​​លើសពីនេះក្នុងនាម​ប្រធាន​សហព័ន្ធ​ថ្មី លោក​បានធ្វើ​ការជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បង្កើន​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ក្នុងការ​ទទួលបាន​ឱកាស​ក្លាយជា​គ្រូ​បង្គោល​នា​ថ្ងៃ​អនាគត ហើយ​ឈានទៅ​សាបព្រោះ​វិស័យ​កីឡា​ហាប់​គី​ដូ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។​​លោក គង់ ចាន់​ធី​ណា បាន​បញ្ជាក់ថា រយៈពេល ៣​ខែ​ចុង​ក្រោយនេះ សហព័ន្ធ​បានសម្រេច​សកម្មភាព​ការងារ​ជាច្រើន​ ​ដូចជា​ការបើក​វគ្គប​ណ្ដុះ​បណ្ដាល និង​បង្ហាត់​ស្នៀត​ជំនាញ​បច្ចេកទេស ដើម្បី​ការពារ​សន្ដិសុខដល់​ក្រុម​គ្រូ​បង្គោល​មកពី​ពី​សាលា​បណ្ឌិតសភា​នគរ​បាល​ជាតិ ក្រុម​កងកម្លាំង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ក្លិប​សមាជិក។​ ​លោក​ថា បច្ចុប្បន្ន​សហព័ន្ធ​មាន​ក្លិប​សមាជិក​ចំនួន ៤ ដែលមាន​សិស្ស​គុន​សរុប​ប្រមាណ ៧២​នាក់​។ បន្ទាប់ពី​សហព័ន្ធបាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី លោក​បាន​ចាត់ចែងដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ និង​ដាក់​ទិសដៅ​ការងារ​ជា​បន្តបន្ទាប់ដោយមាន​កិច្ចសហការ​ផ្ទៃក្នុង​ល្អ ប្រកបដោយ​សុខដុម​នីយកម្មរហូត​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​សមាជិកភាព​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

ទើប​ត្រលប់​ទៅ Juventus, Pogba របួស​ជង្គង់​ប្រឈម​ការវះកាត់

2022/07/26 05:33:57 pm        92
​បាល់ទាត់៖ ​ក្លិប​សេះបង្កង់ Juventus បាន​បញ្ជាក់ថា​ ខ្សែបម្រើ​បារាំង Paul Pogba រងរបួស​ជង្គង់​ប្រឈម​នឹង​ការវះកាត់​។ ​របួស​នេះ​បានធ្វើឱ្យ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ការប្រកួត​មិត្តភាព​របស់ Juventus ទល់នឹង Barcelona នៅ​ទីក្រុង Dallas សហរដ្ឋអាមេរិក​។ ​​Paul Pogba បាន​ចាក​ចេញពី Juventus មកកាន់ Manchester United កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ពេលនោះ មុនពេល​ចាកចេញ​ត្រលប់មក​អ៊ីតាលី​វិញ​ក្រោយ​ផុត​សុពលភាព​កិច្ចសន្យា​។​ ​របួស​ជង្គង់​របស់ Pogba មិនមែន​ទើបតែ​ថ្មីៗ​នេះ​នៅ Juventus ឡើយ ពោល​គឺមាន​បញ្ហា​បែបនេះ​តាំងពី​ពេល​នៅ Manchester United ម្ល៉េះ​ដែល​ធ្វើឱ្យ​អាជីព​នៅ Old Trafford មិនសូវ​ជា​ជោគជ័យ​។ ​​រំលឹកថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​។តែ​នៅ​ឆ្នាំ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​​អស់​សុពលភាព​នៅ​ខែកក្កដា​ ឆ្នាំ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។ ​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន​សហព័ន្ធ​ថា កីឡា​គុន​ដាវ​មានការ​ទទួលស្គាល់ និង​រីកចម្រើន​ច្រើនជាង​មុន

2022/07/26 05:08:30 pm        93
​​គុន​ដាវ​៖ ឯកឧត្តម តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​មើលឃើញ​វិស័យ​កីឡា​មួយ​នេះកំពុងមាន​ភាព​រីកចម្រើន និង​ការទទួលស្គាល់​កាន់តែ​ទូលំទូលាយ​ជាង​មុន បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​សាល​ដំបូង​ទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ប្រធាន​សហព័ន្ធ​ដដែល​បា​ន​គូសបញ្ជាក់ថា ការប្រកួត​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥៥​នាក់មកពី ១១ក្លិបតាម​រាជធានី​-​ខេត្ត​មួយចំនួន។ ប៉ុន្ដែ​ចំនួន​នេះមាន​កើន​គួរ​ឲ្យ​កត់សម្គាល់ពិសេស​ក្លិប​ចូលរួម បើ​ធៀប​កាលពី​សហព័ន្ធ​ទើប​កកើត​ដំបូងមាន​ក្លិប​ចូលរួម​ប្រមាណ ២ ឬ ៣​ក្លិប​ប៉ុណ្ណោះ។​ ​តាមរយៈ​នេះ ឯកឧត្តម​បានចាត់ទុក​ជាស​ញ្ញា​វិជ្ជមាន​មួយ នៃ​ភាព​រីកចម្រើន​របស់​វិស័យ​កីឡា​គុន​ដាវ​កម្ពុជានាពេល​បច្ចុប្បន្ន ហើយ​ឯកឧត្តម​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត វិស័យ​កីឡា​មួយ​នេះនឹង​កាន់តែ​ផុលផុស​នៅ​ទូទាំងប្រទេស ដើម្បី​លុបបំបាត់​ការយល់​ខុស​របស់​អាណាព្យាបាល​មួយចំនួនមកលើ​សហព័ន្ធ ក៏ដូចជា​កីឡា​គុន​ដាវ។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សហព័ន្ធ និង​ដៃគូ​សហការដែល​បាន​ខិតខំ​រៀបចំ និង​គាំទ្រ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ ពិសេស​ជំរុញ​ការអភិវឌ្ឍន៍ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តមបាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត ទាំង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ពិសេស​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ប្រកបដោយ​ភាពជោគជ័យនា​ឆ្នាំក្រោយ។​ ​សម្រាប់​ការប្រកួត​កីឡា​គុន​ដាវ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃដែល​ប្រកួត​លើ ៦​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ហូ​សា​ណាដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ ៤ ខណៈ​ក្លិប​សន្ធរម៉ុកឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ និង​ក្លិប​ផេ​ន​ដាឈរ​លេខ​៣ ដណ្ដើមបាន​មេដាយមាស ១ និង​ប្រាក់ ១​គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា​

ប្រដាល់​សកល​ទទួលបាន​គ្រូ​អន្ដរជាតិ​ថ្មី ដើម្បី​ពង្រឹង​ការហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/07/26 04:45:32 pm        479
​​ប្រដាល់សកល​៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានប្រកាស​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មីគឺលោក​ Kassymkhanov Berikbol Amantayevich ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន ដែល​នឹងត្រូវ​ដឹកនាំ​ក្រុមកីឡា​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធក្នុង​ពិធី​ណែនាំ​គ្រូបង្វឹក​ថ្មីកាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ។​​លោក​ថា ការនាំយក​គ្រូបង្វឹក​កម្រិត​អន្ដរជាតិមក​ពង្រឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ហើយ​លោក​ Kassymkhanov Berikbol Amantayevich ​គឺជា​គ្រូបង្វឹក​មានបទពិសោធន៍​ជោគជ័យ​ក្នុង​វិស័យ​កីឡា​នេះ ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម មី​យ៉ាន់​ម៉ា និង​ធ្លាប់ជា​គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​យោធា​កា​ហ្សា​ក់​ស្ថាន​ទៀតផង។​ ​អ្វីដែល​ពិសេសមុន​ធ្វើដំណើរ​មក​កម្ពុជា គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​រូបនេះទើប​បញ្ចប់​ភារកិច្ច​បង្ហាត់​រយៈពេល ១ឆ្នាំនៅ​ប្រទេស​តួ​ក​គី។ ផ្អែកលើ​បទពិសោធន៍​ទាំងអស់នេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ រំពឹង​យ៉ាង​មុតមាំ​ថា លោក​នឹង​អាចជួយ​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​ប្រដាល់សកល​កម្ពុជា​កាន់តែ​រឹងមាំ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។​​ជាមួយគ្នា​នោះលោក​ Kassymkhanov Berikbol Amantayevich ​បានធ្វើការ​ប្ដេជ្ញាចិត្តចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​កីឡាករ​-​កីឡាការិនី ដោយ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដឹកនាំ និង​បង្វឹក​ហាត់​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជាឆ្ពោះទៅរក​គុណ​ផល​ខ្ពស់។ មិនតែប៉ុណ្ណោះលោក​ក៏មាន​គម្រោង​ស្នើសុំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​បញ្ជូន​ក្រុមកីឡា​ប្រដាល់សកល​កម្ពុ​ជា ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​កា​ហ្សា​ក់​ស្ថាន មុន​ការប្រកួត​ស៊ី​ហ្គេម​មកដល់​ទៀតផង។​ ​សូមបញ្ជាក់ថា ក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ កីឡាប្រដាល់​សកល​កម្ពុ​ជាដណ្ដើមបាន​មេដាយ​សរុប ៤​គ្រឿងរួមមាន​មេដាយប្រាក់ ១ និង​សំរឹទ្ធ ៣។ ប៉ុន្ដែ​សម្រាប់​បេសកកម្ម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​ម្ចាស់ផ្ទះ សហព័ន្ធ​បានកំណត់​គោលដៅ​ធ្វើបាន​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ ពិសេស​ទិសដៅ​ស្វែងរក​មេដាយមាស​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា​

Gareth Bale ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ Los Angeles FC

2022/07/25 10:16:44 pm        213
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វែ​ល Gareth Bale បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ជាមួយ​ក្លិប​ថ្មី Los Angeles FC ក្នុង​ជ័យជំនះ ២-០ លើ Sporting Kansas City ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៃ​ក្របខណ្ឌ​អាមេរិក Major League Soccer​។ ​​កីឡាករ​វ័យ ៣៣ ឆ្នាំ​ដែល​បាន​ចូល​លេង​ប្រកួត​ដំបូង​សប្តាហ៍​មុន​នោះ រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ​នាទី​ទី ៨៣ ក្រោយ​ត្រូវ​ប្តូរ​ចូល​។ ​Bale បាន​និយាយថា នេះ​ជា​គ្រាប់​ដ៏​មាន​សារសំខាន់​របស់គេក្នុង​របត់​នៃ​អាជីព​របស់ខ្លួន​នៅលើ​ទឹកដី​អាមេរិក​នេះ និង​រីករាយ​ដែល​ជួយ LAFC បាន​បី​ពិន្ទុ​។ ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី​អាមេរិកបន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ Real Madrid និង​បាន​ចុះហត្ថលេខា​លេង​ឲ្យ LAFC ដល់​ឆ្នាំ២០២៤​។​ ​Los Angeles FC កំពុង​នាំមុខគេ​ក្នុង​តារាង​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក Major League Soccer នៅ​ភាគ​ខាងលិច ខណៈ​ប្រកួត​បន្ទាប់​របស់​ពួកគេ​គឺ​ត្រូវ​ទទួល Seattle Sounders ថ្ងៃ​សៅរ៍​ ទី៣០ ខែកក្កដា​នេះ​។ ​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM