ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ក្លិប​ទួ​ក​គី Fenerbahce ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ Mesut Ozil

2022/07/14 07:35:25 pm        168
​បាល់ទាត់៖ ​ក្លិប​ទួ​ក​គី Fenerbahce បានប្រកាស​ពីការ​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ខ្សែបម្រើ Arsenal, Mesut Ozil ហើយពីរ​ឆ្នាំមុន​ផុត​កិច្ចសន្យា​។ ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅកាន់​ទឹកដី​ទួ​ក​គី​ឆ្នាំមុន​ នៅពេល​ចាក​ចេញពី Arsenal ក្រោយ​ចំណាយពេល ៨ឆ្នាំ​នៅ​ទីក្រុង​ឡុង​ដ៍​។​​មួយរយៈ​ជាមួយ Fenerbahce, Ozil ក៏មាន​ដើមរដូវ​កាល​ដ៏​ល្អ​មួយ​នៅ​ទីក្រុង Istanbul ផងដែរ​ដោយ​ស៊ុត​បញ្ចូល​ទីបាន ៨គ្រាប់បូករួម​ទាំង​មួយ​គ្រាប់​ពេល​យកឈ្នះ​គូប្រជែង Galatasaray​។ ​យ៉ាងណាក្តីកាលពីដើម​ឆ្នាំនេះ​ស្រាប់តែ​ក្លិប​ដក​ឈ្មោះ Ozil ចេញពី​បញ្ជី​ដោយ​មិនដឹង​មូលហេតុ និង​មិនមាន​ការឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​អ្វី​ដែរ មុនពេល​ប្រកាស​ចែកផ្លូវ​នៅពេលនេះ​។ ​សារព័ត៌​មាននៅ​ប្រទេស​ទួ​ក​គី​ឱ្យដឹងថា អតីត​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​រូបនេះ ទំនងជា​នឹង​ផ្លាស់​ទៅកាន់​ក្លិប​គូប្រជែង​ក្នុង​លី​គ​កំពូល​ទួ​ក​គី​មួយទៀត​គឺ Istanbul Basaksehir៕​អត្ថបទ​៖​នាង សុភា​វុ​ធ

AFF Women’s៖ ក្រុមបាល់ទាត់​នារី​កម្ពុជាយកឈ្នះ​ទី​ម័​រ ៣-១ មុន​ត្រឡប់មក​មាតុភូមិ​វិញ

2022/07/14 06:44:20 pm        419
​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​ទី​ម័​រ​ខាងកើតដោយ​លទ្ធផល ៣-១ ក្នុងជំនួប​បញ្ចប់​ពូ​ល​ B ​នៃ​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ AFF Women’s Championship 2022 ​នៅ​ប្រទេស​ហ្វីលីពីន។​ ​ជំនួប​បង្គ្រប់កិច្ចកាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា​នេះ វគ្គ​ទី​១ ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​បើក​ការនាំ​មុខ ៣​គ្រាប់​មុនដែល​ធ្វើ​សម្រេច​ដោយ​កីឡាការិនី ភឿង ស្រី​ភ័​ស្ដ, កីឡាការិនី សឿន វិ​ផា និង​កីឡាការិនី គាត សៀវ​ហ័ង មុន​ក្រុមទី​ម័​រ​ខាងកើតវាយបក​បាន ១​គ្រាប់​វិញនៅ​វគ្គ​ទី​២ ហើយ​ក៏បាន​រក្សា​លទ្ធផល​នេះរហូតដល់​ចប់​ការប្រកួត។​ ​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា បន្ទាប់ពី​ប្រកួត​បើកឆាក​ស្មើ​ឡាវ ១-១ ហើយ​ប្រកួត​បន្ទាប់​ចាញ់​វៀត​ណាម និង​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ៣-០ ដូចគ្នា នាំ​ឲ្យ​ក្រុមបាល់ទាត់​នារី​កម្ពុជាបញ្ចប់​យុទ្ធនាការ​ប្រកួត ​ពានរ​ង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ាន​នេះដោយ​ឈរ​លេខ​៣ ក្នុង​ពូ​ល​ B ​និង​រកបាន ៤​ពិន្ទុ​ប៉ុណ្ណោះមុន​ត្រឡប់មក​មាតុភូមិ​វិញ៕​អត្ថបទ៖ លី ឈុន​ឡា

Raheem Sterling ផ្លាស់​មកកាន់​តោ​ខៀវ Chelsea ផ្លូវការ​តម្លៃ ៥០លាន​ផោន​

2022/07/14 06:06:35 pm        188
​បាល់ទាត់៖ ​ក្លិប​តោ​ខៀវ Chelsea បានប្រកាស​ពី​ការមកដល់​របស់​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling ផ្លូវការផ្ទេរ​ពី Manchester City តម្លៃ ៥០លាន​ផោន​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ Stamford Bridge​។ ​​Raheem Sterling បាន​ផ្លាស់​ពី Liverpool ទៅ Manchester City កាលពី​ឆ្នាំ២០១៥ ក្នុងតម្លៃ ៤៩លាន​ផោនដោយ​បង្ហាញខ្លួន​សរុប​បាន ៣៣៩ប្រកួត​រកបាន ១៣១គ្រាប់​ជួយ Manchester City ឈ្នះ​ពាន English Premier League ៤លើក​។ ​ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola នៅ Manchester City មានតែ Sergio Aguero ម្នាក់​ប៉ុណ្ណោះដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាង Sterling ពោលគឺ Aguero រកបាន ១២៤គ្រាប់ និង Sterling ១២០គ្រាប់​។​​​កីឡាករ​ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស ៧៧លើក​រូបនេះគឺជា​កីឡាករ​ទិញ​ចូល​ទីមួយ​តាំងពី​ក្លិប Chelsea ផ្លាស់ប្តូរ​ម្ចាស់​ពី​ថៅកែ​រុស្ស៊ី Romain Abramovich មកជា​អ្នកជំនួយ​អាមេរិក Todd Boehly​។ ​​ជាមួយគ្នា​នោះដែរ Chelsea ក៏​ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​នាំយក​ខ្សែការពារ Napoli, Kalidou Koulibaly និង​ខ្សែការពារ Manchester City ម្នាក់ទៀត​គឺ Nathan Ake ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Barcelona ប្រកាស​ពី​ការនាំយក​កីឡាករ​ប្រេ​ស៊ី​ល Raphinha ពី Leeds

2022/07/14 05:31:11 pm        98
​បាល់ទាត់៖ ​ក្លិប​ Barcelona បានប្រកាស​ពី​ការនាំយក​ខ្សែបម្រើស្លាប​ប្រេ​ស៊ី​ល Raphinha ពី Leeds United ផ្លូវការ​ហើយ​។ ​​ការផ្ទេរ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះត្រូវបាន​គេ​ដឹងថា មានតម្លៃ ៤៩លាន​ផោន ហើយក៏​នឹង​អាច​កើន​ដល់ ៥៤.៧លាន​ផោន​ដែល​បូ​កប​ញ្ជូ​ល​ទាំង​កិច្ចសន្យា​ផ្សេងៗ បន្ទាប់ពី​ក្លិប​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​រួចរាល់​ហើយ​។ ​​រយៈពេល ២រដូវ​កាល​ជាមួយ Leeds United, Raphinha បង្ហាញខ្លួន​សរុប ៦៥ប្រកួត​នៅ English Premier League រកបាន ១៧គ្រាប់ និង ១២បាល់​បញ្ជូន​។ ​​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះបានទទួល​ការចាប់អារម្មណ៍​ខ្លាំង​មុន ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ខាងមុខនេះ ស្របពេល Chelsea ក៏មាន​បំណង​នាំយក​រូបគេ​ទៅ Stamford Bridge ផងដែរ​។ ​​រំលឹកថា Raphinha បាន​ផ្លាស់​មកកាន់ Leeds កាលពី​ឆ្នាំ២០២០ ផ្ទេរ​ពី​ក្លិប​បារាំង Rennes ក្នុងតម្លៃ ១៧លាន​ផោន​។​​Leeds United ត្រូវមាន​កាល​វិភា​គ​ប្រ​កួត​មិត្តភាព Pre-Season នៅ​ទឹកដី​អូស្ត្រាលី ខណៈដែល​អ្នកចាត់ការ​លោក Jesse March មិនបាន​ដាក់បញ្ចូល​ឈ្មោះ Raphinha ក្នុង​ក្រុម​ឡើយ​។ ​​Leeds នឹងត្រូវ​បើក​រដូវ​កាល​ថ្មី English Premier League ដោយ​ត្រូវ​ធ្ចើ​ដំណើរ​ទៅ​ទឹកដី Southampton៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាហែលទឹក​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​២ ខណៈ​សិក្ខាកាម ៧០% ទទួលបាន​និទ្ទេស​ល្អ

2022/07/14 05:20:59 pm        114
​ហែលទឹក​៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​២ (FINA Swimming Coaches Certification Course -Coach Level2) ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រោម​ការគាំទ្រ​របស់​ស​ហ​ព័ន្ធ​កីឡាហែលទឹក​អន្ដរជាតិ បានបញ្ចប់​ហើយក្រោយ​ដំណើរ​ការសិក្សា​ផ្ទាល់ និង​តាម​ Online ​អស់​រយៈពេល​ជាង ១​ខែដោយមាន​សិក្ខាកាម ៧០% ទទួលបាន​និទ្ទេស​ល្អ ក្នុងចំណោម​សិក្ខាកាម​សរុប ២២​នាក់។​ ​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបានបញ្ជាក់​ក្រោយ​ពិធី​បិទ​វគ្គកាលពី​ថ្ងៃទី​១៣ ខែកក្កដា​ថា វគ្គ​នេះបែង​ចែកជា ២​វគ្គ ទី​១-​វគ្គ​សិក្សា​តាម​ Online ​ចាប់ពី​ថ្ងៃទី​០៨ ខែមិថុនាដល់​ថ្ងៃទី​០៩ ខែកក្កដា ដែល​សិក្ខាកាម​ចូលរួម​ទាំងអស់ ត្រូវបាន​ជ្រើសរើស​ដោយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ តា​យ​រយៈ​ការចុះឈ្មោះ​ចូលរួម​ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ និង​ការប្រឡង​សមត្ថភាព។​ ​វគ្គ​ទី​២ គឺជា​ការសិក្សា​ផ្ទាល់​ជាមួយ​គ្រូឧទ្ទេស ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ និង​រៀបចំ​អំពី​ផែនការ​ហ្វឹកហាត់ បញ្ជាក់​អំពី​កាលវិភាគ​នៃ​ការសិក្សា​វគ្គ​បណ្តុះបណ្តាល ការរៀបចំ​ខ្លួន​របស់​គ្រូបង្វឹក សិក្សា​ស្វែងយល់​អំពី​វិទ្យាសាស្ត្រ​កីឡានៅក្នុង​ប្រភេទ​កីឡាហែលទឹក​, ​ការពិនិត្យ​ទៅលើ​ទីលាន​ហ្វឹកហាត់ និង​អាង​ហែល​ទឹក​, ​ការប្រមូល​ទិន្នន័យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​, ​ការពិនិត្យ​ទៅលើ​ការអភិវឌ្ឍ​របស់​កីឡាករ-កីឡាការិនី​តាម​កម្រិត​អាយុ​ជាដើម​។​​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បន្ថែមថា ក្រោយ​ឆ្លងកាត់​សិក្សា​ជាង ១​ខែតាម​ការវាយតម្លៃមាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ ៧០%, ​និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ១០%​។ លោក​បានចាត់ទុក​នេះ​គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត សម្រាប់​ការអភិវឌ្ឍ​ធនធាន​គ្រូបង្វឹក ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាហែលទឹក​កម្ពុ​ជានា​ថ្ងៃ​អនាគត​ឲ្យ​កាន់តែ​រីកចម្រើន ដ្បិត​គ្រូបង្វឹកគឺជា​គ្រឹះ​មួយ​ដ៏​សំខាន់ឆ្ពោះទៅ​ផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើម។​ ​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡាតាមរយៈ​ការ​ផ្តល់នូវ​គម្រោង​ថវិកា​ប្រចាំឆ្នាំមកកាន់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ក្នុងការ​ចង្អុលបង្ហាញ ក៏ដូចជា​លើកទឹកចិត្ត​ក្នុង​ការបើក​វគ្គ​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ទង់ជាតិ​កម្ពុជាបន្ដ​បង្ហូត​លើ​ទឹកដី​អាមេរិក ក្រោយ​ក្រុម​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ នៃ​ព្រឹត្តិការណ៍​ World Games

2022/07/14 05:00:45 pm        802
ប៉េតង់៖ ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាបាន​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ The World Games 2022 នៅ​ទីក្រុង​ Birmingham ​សហរដ្ឋអាមេរិក បន្ទាប់ពី​កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា បាន​ពួតដៃគ្នាដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា​វាយ​គូ​នារី ២​នាក់ទល់ ២​នាក់ ក្រោយ​វាយបក​យកឈ្នះ​ក្រុមកីឡា​ការិនី​បារាំង​ Nadege BAUSSIAN ​និង​ Caroline Marie BOURRIAUD ដោយ​លទ្ធផល ៧-៥​ពិន្ទុក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ។​ ​នេះ​គឺជា​ការបើក​កំណត់ត្រា​ថ្មី​របស់​កីឡា​ប៉េតង់​កម្ពុជា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ ពិសេស​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ក្រោយ​ដណ្ដើមបាន​មេដាយមាសលើ​វិញ្ញាសា​វាយយក​ពី​ន្ទុកាលពី​ម្សិលមិញ លោកស្រី​បាន​បន្ដ​ចាប់ដៃ​ជាមួយ​សិស្ស​ប្អូន អ៊ុន ស្រី​យ៉ា ហើយ​ធ្វើបាន​យ៉ាង​ល្អរហូត​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ទៀតលើ​វិញ្ញាសា ២​នាក់ទល់ ២​នាក់ ដែល​នាំ​ឲ្យ​ទង់ជាតិ​កម្ពុជាត្រូវបាន​បង្ហូត​ឡើង ២​ថ្ងៃ​ជាប់​គ្នាលើ​ទឹកដី​អាមេរិក។​ ​ការប្រកួតដែល​ម្ចាស់ផ្ទះ​អាមេរិកបាន​អញ្ជើញ​សុទ្ធតែ​ក្រុម​ខ្លាំងៗ​ប្រចាំ​ទ្វីប ​ចូលរួម​ព្រឹត្តិការណ៍​នេះ ឃើញថា ការប្រកួត​នីមួយៗសុទ្ធ​តែមាន​ភាពស្វិតស្វាញ ពិសេស​ការ​វិញ្ញាសា​វាយ​គូ​របស់​ក្រុម​កីឡាការិនី​កម្ពុជា។ សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ប្រកួត​ទី​១ កម្ពុជាបាន​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ១៣-៥​ពិន្ទុ មុន​ចាញ់​បារាំង ៩-៧ នៅ​ប្រកួត​ទី​២។ ហេតុនេះកម្ពុជា និង​ដា​ណឺ​ម៉ាកដែល​ឈរ​លេខ​២ និង​លេខ​៣ ក្នុង​ពូ​លក៏បាន​ជួបគ្នា​ម្ដងទៀតដើម្បី​ដណ្ដើម​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​​ជា​លទ្ធផល​ការជួបគ្នា​លើក​ទី​២ នេះ កម្ពុជាបាន​បន្ដ​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាកដោយ​ពិន្ទុ ១៣-៤។ ដូច្នេះ​កម្ពុជាក៏បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជាមួយ​ក្រុម​បារាំងដែល​ឈរ​លេខ​១ ក្នុង​ពូ​ល​ A ​ដើម្បី​ប្រកួត​ខ្វែង​ជាមួយ​ក្រុម​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ B ​គឺមាន​ក្រុម​ថៃ និង​អាល្លឺម៉ង់។ ក្នុងនោះកម្ពុជាបាន​ជួប​ថៃ ហើយ​បាន​យកឈ្នះ​ក្រុម​ទៅ​ពី​តំបន់​អាស៊ាន​ជាមួយគ្នានេះដោយ​ពិន្ទុ ១២-១០ ខណៈ​បារាំងបាន​យកឈ្នះ​អាល្លឺម៉ង់ ១៣-៣​ពិន្ទុដែល​នាំ​ឲ្យ​កម្ពុជា និង​បារាំងត្រូវ​ជួបគ្នា​ជាថ្មីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​ឈានដល់​វគ្គ​កាត់សេចក្ដី ក្រុមកីឡា​ការិនី​កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ាង បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​វាយបក​យកឈ្នះ​ក្រុម​ខ្លាំង​បារាំង​វិញដោយ​លទ្ធផល ៧-៥​ពិន្ទុ បន្ទាប់ពី​ជួបគ្នា​ក្នុង​ពូ​លកម្ពុជាបាន​ចាញ់​បារាំង ៩-៧​ពិន្ទុ។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជាឈ្នះ​មេដាយមាស​ទី​២ ក្នុង​ព្រឹត្តិការណ៍​ World Games 2022 ពោលគឺ​ក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជាបានឈ្នះ​មេដាយមាស​ទាំង ២​វិញ្ញាសា​តែម្ដង សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​លើកដំបូងលើ​ទឹកដី​អាមេរិក​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​វាយ​កូន​បាល់ Dominic Thiem ស្គាល់​ជ័យជំនះ​ដំបូង​ក្រោយ​អវត្តមាន​ជិត ១ឆ្នាំ​

2022/07/13 10:04:44 pm        77
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អូទ្រីស Dominic Thiem បានបង្ហាញ​ពី​អារម្មណ៍​រីករាយ ​ក្រោយ​ឈ្នះ​ការប្រកួត​ដំបូង​នៃ​ការ​វិល​ត្រលប់​វិញក្រោយ​អវត្តមាន​តាំងពី​ខែ​ឧសភា​ ឆ្នាំ២០២១ ដោយសារ​របួស​។ ​​កីឡាករ​វ័យ ២៨​ឆ្នាំ​ជើងឯក US Open ឆ្នាំ២០២០ រូប​នេះ​បាន​សម្រាក​ដល់​ទៅ ៩ខែ​ព្យាបាល​របស់​កដៃ​។ ​ទម្រាំ​រកបាន​ជ័យជំនះ Dominic Thiem បាន​រង​បរាជ័យ ៧ប្រកួត​មកហើយ​តាំងពី​វិល​ចូល​ប្រកួត​វិញ​កាលពី​មិនា មុន​ពេលដែល​យកឈ្នះ​កីឡាករ​ហ្វាំ​ង​ឡង់ Emil Ruusuvuori ៣-៦, ៦-១ និង ៧-៦(៧-៥) នៅ​ពានរង្វាន់ ATP Bastad Open​។ ​រំលឹកថា Dominic Thiem បានឈ្នះ​ជើងឯក Grand Slam លើកដំបូង​នៅ US Open ឆ្នាំ២០២០ ដោយ​យកឈ្នះ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev នៅពេលនោះ​។ ​ក្រៅពីនោះ Thiem ក៏​ធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ French Open ពីរលើក​ដែរ​តែ​ចាញ់ Rafael Nadal ទាំងពីរ​លើក​នៅ​ឆ្នាំ២០១៨ និង ២០១៩ ហើយក៏​ធ្លាប់​ចាញ់ Novak Djokovic ដែរ​នៅ Australian Open ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ដា​ណឺ​ម៉ាក Magnus Cort ឈ្នះ​ដំណាក់កាល​ទី១០ Tour de France តែ Tadej Pogacar បន្ត​នាំមុខ​

2022/07/13 09:30:04 pm        99
​ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​ដា​ណឺ​ម៉ាក Magnus Cort បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១០ នៃ​ព្រឹត្តិការណ៍ Grand Tour, Tour de France ខណៈដែល​អ្នកការពារ​តំណែង​ជើងឯក Tadej Pogacar នៅតែ​បន្ត​នាំមុខ​រួម​។ ​​ការប្រកួត​ដំណាក់កាល​ទី១០ ដែលមាន​ចំងាយ​ផ្លូវ ១៤៨.៥គីឡូម៉ែត្រមានការ​រំខាន​ប្រមាណ ១០នាទី​ដោយ​បាតុករដែលជា​សកម្មជន​ការពារ​បរិស្ថានដែល​សរសេរ​នៅលើ​អាវយឺត​ថា “We Have 989 Days Left”​។ ​យ៉ាងណាក្តី​ក្រោយ​ផ្អាក ១០នាទីការប្រកួត​បាន​បន្ត​ដោយ​កីឡាករ​របស់​ក្រុម EF Education, Magnus Cort មក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល​ពេល ៣ម៉ោង ១៨នាទី ៥០វិនាទី​ប្រកៀក​ប្រកិត​នឹង​អ្នក​លេខ២ កីឡាករ​អូទ្រីស Nicholas Schulz ពោលគឺ​អ្នកឈ្នះ​ត្រូវ​ឆែក​មើលរូប​ភាព​សារ​ឡើងវិញ​ទើប​ដឹង​។​​ដោយឡែក​ក្រោយ ១០ដំណាក់កាល​នេះ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar នៅតែ​បន្ត​នាំមុខ​ក្នុង​តារាង​រួម​ដដែល​មាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ កីឡាករ​អាល្លឺម៉ង់ Lennard Kamna ១១វិនាទី និង​លេខ៣ កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard យឺត​ជាង ៣៩វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១១ ថ្ងៃ​ពុធ​នេះមាន​ចំងាយ​ផ្លូវ ១៥២គីឡូម៉ែត្រ​ឆ្លងកាត់​តំបន់ភ្នំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rodri បន្ត​កិច្ចសន្យា​នៅ​ជាមួយ Manchester City ដល់​ឆ្នាំ២០២៧

2022/07/13 09:15:41 pm        99
​បាល់ទាត់៖ ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Rodri បានសំរេច​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Manchester City ដែល​នឹង​រក្សា​រូបគេ​នៅ​កីឡដ្ឋាន Etihad ដល់​ឆ្នាំ២០២៧​។​​សមាជិក​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៦ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប​ឱ្យ Manchester City ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola ១៥១ប្រកួត​ហើយ​តាំងពី​ផ្លាស់​មកពី​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ ៦២.៨លាន​ផោន​។ ​តាំងពី​ពេលនោះ​មក Rodri បានឈ្នះ​ពាន​សរុប​នៅ Etihad ៥ពាន​សំខាន់ៗ​ដែល​បូក​រួមទាំង​ពាន English Premier League រដូវ​កាល​ជាប់​គ្នា​ផងដែរ​។​​​កិច្ចសន្យា​ចាស់​របស់ Rodri ត្រូវអស់​សុពលភាព​ត្រឹម​ឆ្នាំ២០២៤ តែ Manchester City បានចាត់ទុក​រូបគេ​ជាសមាជិក​សំខាន់​ដែល​ត្រូវ​ប្រើប្រាស់​រយៈពេល​វែង ស្របពេល​តំណែង​ដូចគ្នានេះ​គឺ​កីឡាករ​ប្រេ​ស៊ី​ល Fernandinho បាន​ចាកចេញ​ទៅកាន់​ទឹកដី​ប្រេ​ស៊ី​ល​ទៅហើយ​។ ​Manchester City នឹងត្រូវ​បើក​រដូវ​កាល​ថ្មី​ក្របខណ្ឌ English Premier League ទទួល​ក្រុម​ឡើង​ថ្មី AFC Bournemouth នៅ​ថ្ងៃទី១៣ ខែសីហា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ទៅដល់ Juventus ភ្លាម Pogba ថា​ អាជីព​របស់​គេ​មិន​ជោគជ័យ​នៅ Man United ដោយសារ​ដូរ​គ្រូ​រាល់​ឆ្នាំ

2022/07/13 07:16:00 pm        426
​បាល់ទាត់៖ ​ខ្សែបម្រើ​បារាំង Paul Pogba បាន​និយាយថា ការផ្លាស់ប្តូរ​គ្រូបង្វឹក​ជា​រៀងរាល់ឆ្នាំ​គឺជា​ការ​លំបាក​នៃ​អាជីព​របស់ខ្លួន​នៅ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ធ្វើឱ្យ​អាជីព​របស់គេ​នៅ​អង់គ្លេស​មិន​ជោគជ័យ​។ ​​Paul Pogba បាន​ចាក​ចេញពី Juventus មកកាន់ Manchester United កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​ពេលនោះ មុនពេល​ចាកចេញ​ត្រលប់មក​អ៊ីតាលី​វិញ​ក្រោយ​ផុត​សុពលភាព​កិច្ចសន្យា​។​ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Turin ម្សិលមិញ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ឱ្យ​ដឹងថា ការផ្លាស់ប្តូរ​គ្រូបង្វឹក​រាល់​ឆ្នាំ​ពិតជា​រឿង​លំបាក​សំរាប់​រូបគេ បូក​ផ្សំ​ទាំង​បញ្ហា​របួស​ទៀត​ដែល​សុទ្ធតែ​ឧបសគ្គ​រារាំង​ជោគជ័យ​របស់គេ​។ ​រំលឹកថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​។តែ​នៅ​ឆ្នាំ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​សន្យា​អស់​សុពលភាព​នៅ​ខែកក្កដា​ ឆ្នាំ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។ ​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM