ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ធន់ ផានិត​ ទទួលបាន​ការកោតសរសើរ​ច្រើន​ពី​អ្នកគាំទ្រ​ ទោះ​ចាញ់​កីឡាករ​ថៃ​នៅ​សង្វៀន​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី៨

2022/07/11 05:29:04 pm        272
​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត បាន​បាត់បង់​បី​ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្រោយ​ចាញ់​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នេះ ធន់ ផានិត ដែល​កូនសិស្ស​របស់​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​លោក ធន់ សុភា មក​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារគឺជា​បេក្ខភាព ឈានមុខ​គេ​ម្នាក់​ដែល​គិតថា មានលទ្ធភាព​អាច​ដណ្តើម​ខ្សែក្រវាត់​រដូវ​កាល​នេះ​បាន​។ ​តែ​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ពេញ​ស្ទូ​ឌី​យោ​បាយ័ន​ស្ទឹងមានជ័យ កីឡាករ​ថៃ ផាត់​ដា​ណា ស៊ីត​អា​ចាន​វីន ដែលមាន​បទពិសោធ​ក្រាសក្រែល​នៅ​ប្រទេស​ថៃ និង​ការចេញ​ប្រឡូក​លើ​ឆាក​អន្តរជាតិ​នោះ បានបង្ហាញ​ពី​ភាពម៉ឺងម៉ាត់ និង​ចេញ​រាល់​ក្បាច់​របស់ខ្លួន​ច្បាស់ៗធ្វើឱ្យ​កីឡាករ​កម្ពុជា ធន់ ផានិត មានការ​លំបាក​។ ​​យ៉ាងណាក្តី ផានិត​ បាន​ព្យាយាម​វាយ​បក​ទៅវិញ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន និង​ធ្វើឱ្យ​គូប្រកួត​ថៃ​ក៏​ពិបាកនឹង​យកឈ្នះ​ដោយ​ងាយៗ​ដែរ​។ ​​ការប្រកួត​​បញ្ចប់​ប្រាំ​ទឹក​ដោយ​កីឡាករ​ថៃ ផាត់​ថា​ណា​ យកឈ្នះ​ដោយ​ពិន្ទុ តែ​ ផានិត ​បានទទួល​ការកោតសរសើរ​ពី មជ្ឈដ្ឋាន​អ្នកគាំទ្រ​គុន​ខ្មែរ​ថា ​ជា​កីឡាករ​ដែលមាន​ការតស៊ូ អំណត់ មិន​ខ្លាច​គូប្រកួត ​បើទោះជា​ចាប់ផ្តើម​ពីរ​ទឹក​ដំបូង​ធ្វើ​មិន​បានល្អ តែ​អាច​ស្រោចស្រង់​ស្ថាន​ការ​ណ៍មកវិញ​រហូត​បញ្ច​ប់​ប្រាំ​ទឹក​។ ​​នេះ​ជា​បី​ពិន្ទុ​ទី​ពីរ​សំរាប់​កីឡាករ​ថៃ បន្ទាប់ពី រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀ​ យកឈ្នះ ផាន ផាន់​ណាត់ ​សប្តាហ៍​មុន​។ដោយឡែក​សំរាប់​កីឡាករ​កម្ពុជា​មួយរូប​ទៀតគឺ​កីឡាករ ជ័រ ពៅ មិន​ធ្វើឱ្យ​ទស្សនិកជន​ខកបំណង​ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ ​​នេះ​ក៏​ជា​បី​ពិន្ទុ​ទី​ពីរ​ផងដែរ​សំរាប់​កីឡាករ​កម្ពុជា​បន្ទាប់ពី ពេជ្រ សម្បត្តិ​ យកឈ្នះ​កីឡាករ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក ​សប្តាហ៍​មុន​។ ​ជុំ​ទី២ នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​គឺជា​ជំនួប​រវាង ផាន ផាន់​ណាត់ ជួប​ជាមួយ ​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក និង ពេជ្រ សម្បត្តិ​ ជួប​ជាមួយ រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្នាក់ដឹកនាំ​សហព័ន្ធ​គាំទ្រ​ការបង្កើត​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាព

2022/07/11 05:06:20 pm        111
​តេ​ក្វាន់​ដូ៖ ថ្នាក់ដឹកនាំ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការបង្កើត​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ហ្វឹកហាត់ និង​កីឡាក្រៅ​ម៉ោង​សិក្សា។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ម៉ោង ស្រេង អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​បន្ទាប់ពី​លោក​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ដំណើរការ​ក្លិប​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាពកាលពី​ថ្ងៃទី​១០ ខែកក្កដា​ម្សិលមិញ។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក​ IM JONG NAM ​អនុប្រធាន​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ ដែលជា​ម្ចាស់ជំនួយ​ជំរុញ​ឲ្យ​មានការ​បង្កើត​ក្លិប​នេះ​ផងដែរ។​ ​លោក ម៉ៅ ស្រេង បាន​សម្ដែង​ការ​អរគុណចំពោះ​គណៈ​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែល​បានផ្តល់​ទីតាំង​ក្នុង​បរិវេណ​វិទ្យាល័យសម្រាប់​បង្កើត​ក្លិប​នេះ​ឡើង ដើម្បី​ជាការ​រួមចំណែក​អនុវត្ត​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការត្រៀម​ដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ WT ​នេះ​ផង និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋបាន​យល់ដឹង​ពី​ការហ្វឹកហាត់​កីឡា នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ការអភិវឌ្ឍន៍ ពិសេស​ស្របតាម​ពាក្យស្លោក​របស់​រាជរដ្ឋាភិបាល ប្រជាជន​ម្នាក់ ត្រូវ​លេង​កីឡា​មួយ​ប្រភេទ​ក្នុង​ជីវិត។​​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​គូសបញ្ជាក់ថា ការបើក​ដំណើរការ​ក្លិប​នេះ ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ឈានទៅរក​ការផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាពសម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​ ​លោក​ ​ស្រី​ ​ស្រឿ​ន​ ​នាយករង​ក្លិប​វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​អនុប្រធាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរី​ភាបាន​ឲ្យ​ដឹងថា ការរៀបចំ និង​បង្កើត​ក្លិប​នេះគឺ​ចំណាយ​ថវិកា​ប្រមាណ ១២,០០០​ដុល្លារក្រោម​ការឧបត្ថម្ភ​រប​ស់​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ។ ក្លិប​នេះ​មាន​បណ្តោយ​ប្រវែង ៤៨ម៉ែត្រ និង​ទទឹង​វែង ៧ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍ​កីឡា និង​បំផុស​ប្រភេទ​តេ​ក្វាន់​ដូ​ WT ​ឲ្យ​ផ្តល់​សិស្សានុសិស្សនៅ​ទីក្រុង​តាខ្មៅ ក៏ដូចជា​ផ្តល់ឱកាស​ដល់​និស្សិត​បាន​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​សិស្ស​ដែលមាន​ទេពកោសល្យ​តំណាង​ខេត្តកណ្តាល និង​ជាតិ​ចូលរួម​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ទៀតផង​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

អ៊ុក ស្រីមុំ រំពឹង​ទាំង ២​វិញ្ញាសា​ក្នុងការ​ប្រកួត​ World Games ​នៅ​អាមេរិក​

2022/07/11 04:50:01 pm        186
​ប៉េតង់៖ កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បានបង្ហាញ​ក្ដី​រំពឹង​ទាំង ២​វិញ្ញាសារួមមាន​វិញ្ញាសា​វាយ​គូ និង​វាយយក​ពិន្ទុ ដែល​ខ្លួន​នឹងត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ The World Games 2022 នៅ​ទីក្រុង​ Birmingham ​នៃ​រដ្ឋ​ Alabama ​សហរដ្ឋអាមេរិកនៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ ដែល​ត្រូវ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ពេលវេលា​នៅ​ប្រទេស​កម្ពុជា។​ ​ក្រោយ​ចាប់ផ្ដើម​ហ្វឹកហាត់​នៅ​ទីក្រុង​ Birmingham ​ម្ចាស់​មេដាយមាស​ពិភពលោកឆ្នាំ​២០២១ រូបនេះបានបង្ហាញ​អារម្មណ៍ល្អជុំវិញ​ការត្រៀមខ្លួន​ ប្រកួតប្រជែង​ជាមួយ​កីឡាការិនី​មកពី​ជុំវិញ​ពិភពលោក ទោះ​ស្ថានភាព​ទីលាន​មិនសូវ​ល្អប្រសើរ​ក៏ដោយ។ ប៉ុន្ដែ​លោកស្រី​មាន​ជំនឿ​ចិត្ត​ថា នឹង​អាច​ស្វែងរក​មេដាយ​ណាមួយ​ជូន​ជាតិពី​ការប្រកួត​ដ៏​ធំ​នេះ។ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ The World Games 2022 ​នៅ​អាមេរិក​នេះ ម្ចាស់ផ្ទះ​បានកំណត់​កីឡា​ចំនួន ៣៣​ប្រភេទ ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាការិនី​ប៉េតង់​កម្ពុជា ២​រូប​ផងដែរគឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម អ៊ុន ស្រី​យ៉ា។ អ្នក​ទាំងពីរនឹងត្រូវ​ចាប់ដៃគ្នា​ប្រកួត​លើ​វិញ្ញាសា​វាយ​គូ បន្ទាប់ពី​បាន​ហ្វឹកហាត់​ខ្លាំងមុន​ចាក​ចេញពី​មាតុភូមិ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាមកាលពី​ថ្មីៗ៕​អត្ថបទ៖ លី ឈុន​ឡា​

Ons Jabeur និង Elena Rybakina ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon លើកដំបូង​ដូចគ្នា​ក្នុង​អាជីព​

2022/07/08 10:20:14 pm        129
​វាយកូនបាល់៖ ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon ផ្នែក​នារី​រកឃើញ​បេក្ខភាព​ហើយគឺ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur និង​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina ដែល​នេះ​ជា​លើកដំបូង​សំរាប់​កីឡាការិនី​ទាំងពីរ​។ ​​Ons Jabeur បាន​ក្លាយជា​កីឡាការិនី​អារ៉ាប់​ទី១ ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​យកឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ៦-២, ៣-៦ និង ៦-១​។ ​​Ons Jabeur បាន​ក្លាយជា​បេក្ខភាព​ប្រជែង​ជើងឯក​ក្នុងឆ្នាំនេះ បន្ទាប់ពី​ឈ្នះ​ជើងឯក​ជា​បន្តបន្ទាប់​មុន Wimbledon មកដល់​។ ​ឈរ​លេខ២ ពិភពលោក​នាពេល​បច្ចុប្បន្ន Ons Jabeur គឺជា​កីឡាការិនី​អាហ្វ្រិក​ទី១ ដែល​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam តាំងពី​ឆ្នាំ១៩៦០ ដែល​ធ្វើបាន​ដោយ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Sandra Reynolds​។ ​​ចំណែកឯ​កីឡាការិនី Elena Rybakina ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដែរ ដោយបាន​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ទី១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ក្រោយ​ជ័យជំនះ​លើ​អតីត​ជើងឯក Simona Halep ៦-៣ និង ៦-៣​។​ ​​មាន​ដើមកំណើត​នៅ​ទឹកដី​រុស្ស៊ី Rybakina បានចាប់ផ្តើម​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​ឆ្នាំ២០១៨ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​នៅពេលនេះ​ក៏​អាច​នឹង​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ដំបូង​ផងដែរ ដែល​ឈ្នះ​ជើងឯក Grand Slam​។​​​Wimbledon បាន​ហាមឃាត់​មិនឱ្យ​កីឡាករ-​កីឡាការិនី​រុស្ស៊ី និងបេឡា​រុស​ចូលរួម​ការប្រកួត​ឡើយ​ដោយសារតែ សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន ហើយ​ជុំវិញ​បញ្ហា​នេះដែរ កីឡាការិនី​ដែល​កើត​នៅ​ទីក្រុង​មូ​ស្គូ​រូបនេះ​អោយដឹងថា រូបគេ​បាន​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​យូរ​មកហើយ ហើយក៏​រីករាយ​នឹង​បន្ត​ដែរ ប្រជាជន​កា​ហ្សា​ក់​ស្ថាន​មាន​ជំនឿ​ចិត្ត​លើ​រូបនាង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ Bilbao, Inaki Williams ប្ដូរ​សញ្ជាតិ​ពី​អេ​ស្ប៉ា​ញ​មក​ប្រកួត​តំណាង​ឱ្យ​ហ្កា​ណា

2022/07/08 10:04:10 pm        128
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​អេ​ស្ប៉ា​ញ Athletic Bilbao, Inaki Williams បានសំរេច​ជ្រើសរើស​ប្រកួត​តំណាងឱ្យ​ក្រុម​ជំរើសជាតិ​ហ្កា​ណា ជំនួស​ឱ្យ​ប្រកួត​ឱ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ នេះ​បើតាម​ការបញ្ជាក់​របស់​សាមីខ្លួន​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ធ្លាប់​ប្រកួត​តំណាងឱ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​អាយុ​ក្រោម ២១ឆ្នាំ និង​ក្រុម​ធំ​ពីមុន​តាមរយៈ​ដើមកំណើត​កើតជា​នៅ​ទឹកដី​អេ​ស្ប៉ា​ញ និង​មាន​ឪពុកម្តាយ​ជា​ជនជាតិ​ហ្កា​ណា​។ ​​Inaki Williams បាន​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់ Athletic Bilbao តាំងពី​ឆ្នាំ២០១៤ បង្ហាញខ្លួន​សរុប​បាន ២៧២ប្រកួត​រកបាន ៥៣គ្រាប់​។​ ​​ប្រធាន​សមាគម​បាល់ទាត់​ហ្កា​ណា​លោក Kurt Okraku ក៏បាន​បញ្ជាក់ដែរ​ថា ​កីឡាករ​របស់​ក្រុម Brighton, Tariq Lamptey ក៏ត្រូវ​ប្រកួត​ឱ្យ​ក្រុម​ហ្កា​ណា​ដែរ ដោយ​ពីមុន​ធ្លាប់ជា​កីឡាករ​ជំរើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ ឆ្នាំ​។ ​​បើតាម​ច្បាប់​របស់ FIFA កីឡាករ​អាច​ផ្លាស់ប្តូរ​សញ្ជាតិ​បាន​ ដើម្បី​លេង​ឱ្យ​ក្រុម​ជំរើសជាតិ​ផ្សេង ​ប្រសិនបើ​ពួកគេ​ប្រកួត​តំណាំង​ឱ្យ​ក្រុម​ជំរើសជាតិ​ដំបូង​ក្រោម ៣ប្រកួតនៅមុន​អាយុ ២១ឆ្នាំ ហើយ​មិនដែល​លេង​នៅ World Cup រឺ​ពានរង្វាន់​ថ្នាក់​ទ្វីប​ណាមួយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Paul Pogba ព្រមព្រៀង​ផ្លាស់​ត្រលប់​ទៅ Juventus វិញ​ក្រោយ​ផុត​កុងត្រា​ជាមួយ Manchester United

2022/07/08 09:45:04 pm        164
​បាល់ទាត់៖ ​ខ្សែបម្រើ​បារាំង Paul Pogba បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ ក្នុង​ការវិល​ត្រលប់​ទៅកាន់​សេះបង្កង់ Juventus វិញ​ក្រោយ​កិច្ចសន្យា​របស់គេ​អស់​សុពលភាព​ជាមួយ Manchester United​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​នឹងធ្វើ​ការពិនិត្យ​សុខភាព​នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ក្នុង​សប្តាហ៍​នេះ មុននឹង​ចុះកិច្ចសន្យា​រយៈពេល ៣ ទៅ ៤ឆ្នាំ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ SkySport​។ ​​រំលឹកថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ ឆ្នាំ​។ ​តែ​នៅ​ឆ្នាំ ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​សន្យា​អស់​សុពលភាព​នៅ​ខែកក្កដា​ឆ្នាំ ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ​​ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។ ​​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​។ ​​សរុបមក Paul Pogba បង្ហាញខ្លួន​សរុប ២៣៣ ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៣៩ គ្រាប់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United និង​បង្ហាញខ្លួន​ចុងក្រោយ​នៅពេល​ជួប Norwich City កាលពី​ខែមេសា និង​ត្រូវបាន​អ្នកគាំទ្រ​ខ្លួនឯង​ហ៊ោ​ប្រមាថ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal ដកខ្លួន​ដោយសារ​របួស​មុន​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon

2022/07/08 07:35:09 pm        156
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានសំរេច​ចិត្ត​ដកខ្លួន​ពី​ព្រឹត្តិការណ៍ Grand Slam, Wimbledon ទាំង​បង្ខំចិត្ត​ដោយសារ​របួស មុន​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​ធ្លាប់​បានទទួល​ការព្យាបាល​បឋម​អំឡុង​ការប្រកួត​វគ្គ ៨នាក់​ចុងក្រោយ​កាលពី​ថ្ងៃ​ពុធ ពេល​យកឈ្នះ​កីឡាករ​អាមេរិក Taylor Fritz​។ ​​ក្រោយ​ការប្រកួត​នោះ Nadal ក៏បាន​ទទួល​ការព្យាបាល និង​ស្កេ​ន​ឃើញថា ​មាន​របួស​រហែក​សាច់ដុំ​។ ​​ជើងឯក Grand Slam ២២លើក​រូបនេះ​ក៏បាន​ធ្វើការ​ហ្វឹកហាត់​ដែរ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មុនពេល​សំរេចចិត្ត​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដកខ្លួន​។ ​​Rafael Nadal មាន​កាលវិភាគ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង Nick Kyrgios តែដោយសារ​របួស​នេះមានន័យថា​ កីឡាករ​អូស្ត្រាលី​រូបនេះ​ត្រូវ​អង្គុយ​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​ជាមួយ Novak Djokovic រឺ Cameron Norrie ដែល​ត្រូវ​ប្រកួត​ថ្ងៃនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Dortmund ទិញ​ជើង​ស៊ុត​នៅ Ajax, Sebastien Haller តម្លៃ ៣១​លាន​អឺរ៉ូ

2022/07/08 07:06:04 pm        131
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អាល្លឺម៉ង់ Borussia Dortmund បាន​នាំយក​ខ្សែប្រយុទ្ធ​កូ​ឌី​វ័រ Sebastien Haller ពី​ក្លិប​ជើងឯក​ហូ​ឡង់ Ajax Amsterdam ក្នុងតម្លៃ ៣១លាន​អឺរ៉ូ​។ ​​នេះ​ជាការ​វិល​ត្រលប់​មកកាន់​បាល់ទាត់​អាល្លឺម៉ង់​វិញសំរាប់​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ដែល​ធ្លាប់​ចំណាយពេល​លេង​នៅ Eintracht Frankfurt នៅ​រដូវ​កាល ២០១៧-១៩​។ ​​Sebastien Haller បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ Borussia Dortmund ក្នុងតម្លៃ​ដែល​អាច​កើន​ដល់ ៣៤.៥លាន​អឺរ៉ូ​។​ ​​សូមបញ្ជាក់ថា Sebastien Haller បាន​ចំណាយពេល ១៨ខែ​នៅ Ajax ក្រោយ​ផ្ទេរ​ពី West Ham ពោលគឺ​ក្នុងការ​បង្ហាញខ្លួន ៦៦ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៤៧គ្រាប់ ហើយក៏​មាន​ដល់​ទៅ ១១គ្រាប់​នៅ​ក្របខណ្ឌ UEFA Champions League​។​ ​​១១ប្រកួត​នេះ Haller ធ្វើបាន​ត្រឹម ៧ប្រកួត​ប៉ុណ្ណោះដែល​ធ្វើឱ្យបាន​ក្លាយជា​កីឡា​ករទី២ ប៉ុណ្ណោះ​បន្ទាប់ពី Cristiano Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​គ្រប់​ការប្រកួត​នៅ​វគ្គ​ចែក​ពូ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សូល​ទី​ឡូ​អង្គរ​ឡើង​ជួប​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​

2022/07/08 06:36:01 pm        172
​បាល់ទាត់៖ ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរនឹងត្រូវ​ជួប​ក្រុម​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងដំណាក់កាល​ទី​៣ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ បន្ទាប់ពី​យកឈ្នះ​ទាំង ២ជើង​លើ​ក្រុមបាល់ទាត់​ខេត្តបន្ទាយមានជ័យ ៤-០ ក្នុង​វគ្គ​ជម្រុះ​ថ្នាក់ជាតិ។ ​​សម្រាប់​ជំនួប​កាត់សេចក្ដី​ជើង​ទី​២ នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យកាលពី​ល្ងាច​ថ្ងៃទី​០៧ ខែកក្កដា​នេះ ក្រុម​សូល​ទី​ឡូ​អង្គរបាន​បន្ដ​យកឈ្នះ​ក្រៅ​ដីក្នុង​លទ្ធផល ២-០ ដូច​កាលពី​ជើង​ទី​១ ដែរ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ យ៉ែ​ន មករា នៅ​នាទី​៥៣ និង​មិត្ត​រួម​ក្រុម អ៊ី​ម វ៉ា​ឃីម នៅ​នាទី​៩០+៣។​​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ទទួលបាន​កៅអី​ដំណាក់កាល​ទី​៣ នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ ដោយ​ត្រូវ​ជួប​ក្រុម​កំពូល​តារាងនៃ​លី​គ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី​១១ ពោលគឺ​ក្រុម​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង។ ទោះបី​ការប្រកួត​សន្សំ​ពិន្ទុ​លី​គ​កំពូល​នៅសល់ ២​សប្ដាហ៍​ទៀត​ក្ដី តែដោយសារ​ព្រះខ័ន​រាជ​ស្វាយរៀងមាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​គូប្រកួត មានន័យថា សូល​ទី​ឡូ​អង្គរនឹងត្រូវ​ជួប​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ដ​ស្វាយរៀង​នេះ ដោយ​ស្វ័យប្រវត្តិ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

ធន់ ផានិត និង ជ័រ ពៅ សុទ្ធ​តែមាន​ជំនឿ​ចិត្ត​មុន​ការប្រកួត​ដំបូង​”​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​”​សប្តាហ៍​នេះ

2022/07/08 06:21:08 pm        197
​ប្រដាល់៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ នឹង​ឈានចូល​សប្តាហ៍​ទី២ ជុំ​ទី១ ថ្ងៃអាទិត្យចុង​សប្តាហ៍​ហើយ​។ ​​ភេសជ្ជៈ​ប៉ូវ​កំលាំង​ខា​រ៉ា​បាវ​ដែលជា​ដៃគូ​ឧបត្ថម្ភ ​នៅ​សង្វៀន​គុន​ខ្មែរ​ទូរទស្សន៍​បាយ័ន​ជាង ១០ឆ្នាំ​មកហើយ​នោះបាន​បន្ត​សហការ​បន្ត​ទៀត​ជាមួយ​ទូរទស្សន៍​បាយ័ន ក្នុង​ការរៀបចំ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ​ដែលមាន​ការគាំទ្រ​ជាងគេ​បំផុត​នៅ​កម្ពុជា​។​​សំរាប់​សប្តាហ៍​នេះ កីឡាករ​ដែលជា​ក្តីសង្ឃឹម​របស់​គុន​ខ្មែរ ធន់ ផានិត ​ដែល​មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ក្រោម​ការ​បង្វឹក​ផ្ទាល់​របស់​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​គឺ​លោក ធន់ សុភា នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។ ​​សូមបញ្ជាក់ថា ធន់ ផានិត​ធ្លាប់​យកឈ្នះ​កីឡាករ​ថៃ​ជាច្រើន​នាក់​មកហើយ មុន​ឈានដល់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ តែ​គូប្រកួត​របស់គេ​គឺ​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ក៏​មិនធម្មតា​ដែរ បន្ទាប់ពី​ធ្លាប់​យកឈ្នះ​ជើង​ខ្លាំង ពេជ្រ ស​ម្ប​តិ្ត​ ក្នុងការប្រកួត​មិត្តភាព​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​នាពេល​កន្លងមក​។​​ចំណែកឯ​មួយគូ​ទៀតកីឡាករ​មកពី​ក្លិប​ប្រដាល់​ថ្មគោល​ពោធិ​សែន​ជ័យ ជ័រ ពៅ ដែលជា​កីឡាករ​ជំនាញ​លេង​កែង នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​។ ​​ការប្រកួត​នឹង​ចាប់ផ្តើម​នា​វេលា​ម៉ោង ៦ល្ងាច​តទៅ​នៅ​សង្វៀន​គុន​ខ្មែរ​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាយ័ន នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ប្រដាល់​គុន​ខ្មែរ​ទូរទស្សន៍​បាយ័ន Bayon & BTV Boxing និង​ផេ​កភេសជ្ជៈ​ប៉ូវ​កំលាំង​ខា​រ៉ា​បាវ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM