ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Cristian Ronaldo ចង់​ចាក​ចេញពី Manchester United រដូវក្តៅ​នេះ

2022/07/04 06:25:10 pm        271
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញ​ពី​ការចង់​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​នេះ ប្រសិនបើ​ក្លិប​ទទួលបាន​សំណើ​សក្តិសម​ណាមួយ​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​វិល​មកកាន់ Old Trafford វិញ​រដូវ​កាល​មុន​ក្រោយ​ចាក​ចេញពី Juventus​។ ​បើទោះបីជា​ការវិល​ត្រលប់​មកវិញ​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្លិប និង​ឈរ​លេខ៣ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Premier League រដូវ​កាល​មុន Manchester United នៅតែ​បញ្ចប់​រដូវ​កាល​ជាមួយនឹង​លទ្ធផល​ខកបំណង​។ ​​Manchester United ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer និង​អ្នកចាត់ការ​បណ្តោះអាសន្ន Ralf Rangnick បាន​ត្រឹម​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៦ មិនបាន​កៅអី​នៅ UEFA Champions League រដូវ​កាល​ថ្មី​ខាងមុខ​នេះឡើយ​។​​មានន័យថា Ronaldo ដែល​នៅសល់​កុងត្រា​មួយឆ្នាំ​ទៀត​នោះមានឱកាស​លេង​ត្រឹម UEFA Europa League ជា​លើកដំបូង​ក្នុង​អាជីព​។ ​​Ronaldo ក្នុង​ការវិល​ត្រលប់មក Manchester United នេះ​គឺ​ក្នុង​គោលដៅ​ចង់​បញ្ចប់​អាជីព​នៅ Old Trafford ជាមួយនឹង​សមិទ្ធផល​ត្រចះត្រចង់​មួយ​។ ​​ក្រោម​ការ​កាន់តំណែងរ​បស់​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag បានចាត់ទុក​ការរក្សា Ronaldo នៅ Old Trafford មួយ​រដូវ​កាល​ទៀត ជា​គោលដៅ​ចំបង​ក្នុង​គំរោង​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​។ ​​តោ​ខៀវ Chelsea និង Bayern Munich សុទ្ធតែ​ត្រូវបាន​សារព័ត៌មាន​ល្បីៗ​ជុំវិញ​អឺរ៉ុប​ចុះផ្សាយ​ថា កំពុង​ព្យាយាម​ទាក់ទង​នាំយក​ខ្សែប្រយុទ្ធ​វ័យ ៣៧ឆ្នាំ​រូបនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប៊ូ​ខាវ​ប្ដេជ្ញា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ World Fight ​នៅ​ស្ដា​ត​មរតក​តេ​ជោ ក្រោយ​ខកខាន​ប្រកួត ៣​ឆ្នាំ​

2022/07/04 06:02:37 pm        8978
​ប្រដាល់៖ ជើង​ខ្លាំង​ប្រដាល់​ថៃ​ Buakaw Banchamek (​ប៊ូ​ខាវ​) បានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ដើម្បី​បង្ហាញ​សមត្ថភាព​ជាថ្មីនៅក្នុង​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​ខ្លួន​បាន​ខកខាន​ប្រកួត​អស់​រយៈពេល​ប្រមាណ ៣​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ធ្វើដំណើរ​មកដល់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា​ម្សិលមិញ ដែល​ទទួល​ស្វាគមន៍​ដោយ​លោក តូ​នី អាន់ ប្រធាន​ស្ថាន​ប័ន​ World Fight ​ប៊ូ​ខាវ បាន​សម្ដែង​ការពេញចិត្តចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ World Fight ​ដែលជា​កម្មវិធី​មួយ​ដ៏​ធំ ហើយ​រូបគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​អ្នកទស្សនា​ខកបំណង​ឡើយ ពិសេស​ជំនួប​លើកដំបូងជាមួយ​កីឡាករ​ប៉េ​ឡា​រុស​ Varats Dzmitry ​តែម្ដង។​ ​​គួរ​ដឹងថា ប៊ូ​ខាវនឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​ Varats Dzmitry ​ក្នុងនាម​គូ​ទី​៤ នៃ​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​» នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។ រីឯ​គូប្រកួត ៤​គូ​ផ្សេងទៀតសុទ្ធ​តែមាន​កីឡាករ​-​កីឡាការិនី​កម្ពុជាត្រូវ​តតាំង​ជាមួយ​កីឡាករ​បរទេស ដូចជា​កីឡាករ កាន់ ម៉េង​ហុង ជួប​កីឡាករ​អូ​ស្ដ្រី​លី​ Dylan Eagle ​ទម្ងន់ ៥៥,៣​គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួប​ជើង​ខ្លាំង​ថៃ​ Penthep Eakmuangnon ​ទម្ងន់ ៥៧,២​គីឡូក្រាម។ កីឡាករ ម៉ឺន មេ​ឃា ជួប​កីឡាករ​ប្រេ​ស៊ី​ល​ Felype Souza ​ទម្ងន់ ៦១,២​គីឡូក្រាម និង​កីឡាការិនី ទូច ច័ន្ទ​វ​ត្តី ជួប​កីឡាការិនី​អេ​ស្ដូ​នី​ Marie Ruumet​។​​ចំពោះ​អាជ្ញាធរ​កីឡារួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើងដែល​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​ផង និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។ ព្រឹត្តិការណ៍​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

គ្រូ​យូ​ដូ​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ចំពោះ​ការយកចិត្តទុកដាក់ និង​ស្នើ​ភាគី​ជប៉ុន​ឲ្យ​ជួយ​

2022/07/04 05:48:23 pm        367
​យូ​ដូ៖ លោក ម៉ារ វង្ស​វិបុល គ្រូបង្វឹក​ក្រុមកីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា បាន​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​សម្ដេច​បាន​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​បានស្នើ​ឲ្យ​ភាគី​ជប៉ុនជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ថែមទៀត។ ​​ការសម្ដែង​សេចក្ដី​រីករាយ និង​ការថ្លែងអំណរគុណ​រប​ស់​គ្រូបង្វឹក​កីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា​រូបនេះ បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក​ Gotaro OGAWA ​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជាឆ្នាំ​២០០០-២០០៣ ចូលជួប​សម្ដែង​ការគួរ​ស​ម្យ ហើយ​សម្ដេច​បានស្នើ​ឲ្យ​គ្រូបង្វឹក​យូ​ដូ​ខ្សែក្រវាត់​ខ្មៅ ៦​ដាន់​រូបនេះជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជាកាលពី​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ។​ ​តប​សំណើរ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ស្របពេលលោក​ OGAWA ​និង​សហការី មានបំណង​មកជួយ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា​ផង​នោះនៅ​ថ្ងៃ​បន្ទាប់ ពោលគឺ​នៅ​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៣០ ខែកក្កដា​ម្សិលមិញ លោក​ OGAWA ​រួមជាមួយ​គ្រូបង្វឹក​កម្រិត​ខ្ពស់​ជនជាតិ​អាល្លឺម៉ង់​លោកស្រី ម៉ា​យ៉ា ក៏បាន​ចុះទៅ​បង្ហាត់ និង​ចែករំលែក​ផ្ទាល់​ដល់​ក្រុមកីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ប្រមូលផ្ដុំ​ហ្វឹក់ហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​​លោក ម៉ារ វង្ស​វិបុល បានចាត់ទុក​ការចែករំលែក​បទពិសោធ​ន៍ និង​បង្ហាត់បង្រៀន​របស់​អ្នកជំនាញ​មកពី​ជប៉ុន​នេះ គឺជា​កម្មវិធី​មួយ​ដ៏​សំខាន់ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត និង​បំពេញបន្ថែម​នូវ​ទិ​និ​ច​ល្អៗ។ ម្យ៉ាង​នេះ​ក៏​ជាការ​សិក្សា​ពី​សំណាក់​លោក​ Gotaro OGAWA ​ហើយ​ពេល​លោក​ត្រឡប់​ទៅ​ជប៉ុន​វិញ លោក​នឹង​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​យូ​ដូជ​ប៉ុន ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កីឡា​យូ​ដូ​កម្ពុជា​បន្ថែម​ផងដែរ។​ ​គ្រូបង្វឹក​ដដែល​បន្ដថា ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី គឺជា​កម្លាំងចិត្ត​មួយ​ដ៏​ពិសេសដែល​ជំរុញ​ឲ្យ​សហព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនី​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម។ ទន្ទឹម​ជាមួយគ្នា សហព័ន្ធ​ក៏​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ចិន ហើយ​អញ្ជើញ​គ្រូ​បរទេស​មក​បង្ហាត់​ផ្ទាល់ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀតផង។​​សូមបញ្ជាក់ថា ក្នុង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ ក្រុមកីឡា​យូ​ដូ​កម្ពុជាគឺ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងដោយ​កីឡាការិនី អ៊ឹង នួន។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ក្រុម​យូ​ដូ​កម្ពុជាបាន​ប្ដេជ្ញា​ដណ្ដើម​មេដាយ​ឲ្យ​បាន​ច្រើនជាង​នេះ ស្របតាម​ផែនការមេ និង​ស​ន្ទ​ស្សន៍​មេដាយដែល​ដាក់​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​យកឈ្នះ​សិង្ហ​បុរី ១-០ ក្នុង​ជំនួប​បើកឆាក​ពាន​ AFF U19 Championship 2022

2022/07/04 05:34:35 pm        420
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបានទទួល ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Boys Championship 2022 ​បន្ទាប់ពី​យកឈ្នះ​ក្រុម​សិង្ហ​បុរីដោយ​លទ្ធផល ១-០ កាលពី​រាត្រី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។​ ​ជំនួប​បើកឆាក​ពូ​ល​ B ​នេះ ក្រុម​ជម្រើសជាតិ​ U19 ​កម្ពុជាបា​នរក​គ្រាប់​បាល់​នាំ​មុខមុននៅ​នាទី​ទី​៧ ដែល​ធ្វើ​សម្រេច​ដោយ​សមាជិក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រកីឡាករ សុវណ្ណ ដូ​ណា ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​តែម្ដង។ នេះ​គឺជា​ការសង​សឹង​បាន​វិញសម្រាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដ្បិត​កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម កម្ពុជាបាន​ចាញ់​សិង្ហ​បុរី ១-០ ដូចគ្នា។​​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមយុវជន​ U19 ​កម្ពុជាមាន ៣​ពិន្ទុ​ស្មើគ្នាជាមួយ​ក្រុម​ U19 ​ឡាវដែល​បាន​យកឈ្នះ​ក្រុមយុវជន​ទី​ម័​រ​ខាងកើត ២-០ កាលពី​ម្សិលមិញ។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U19 ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៣​រសៀលថ្ងៃទី​០៥ ខែកក្កដា​ស្អែក​នេះនៅលើ​ទឹកដី​ឥណ្ឌូនេស៊ី​ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

PSG ទិញ​បាន​ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី Porto តម្លៃ ៤០​លាន​អឺរ៉ូ​

2022/07/01 09:58:25 pm        108
​បាល់ទាត់៖ ​ក្លិប​ជើងឯក​បារាំង Paris Saint Germain បាន​នាំយក​ខ្សែបម្រើ​ព័រទុយហ្កាល់ Vitinha ពី FC Porto ជាមួយនឹង​តម្លៃ​ផ្ទេរ ៤០លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ធ្លាប់បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល ២០២០-២១ លេង​ឱ្យ Wolverhampton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងដោយបាន​បង្ហាញខ្លួន​ស​រុ​ប ២២ប្រកួត​រកបាន​មួយ​គ្រាប់​នៅ​ពេល​នោះ​។ ​រដូវ​កាល​មុន Vitinha ត្រលប់មក Porto វិញ និង​បាន​ចូល​លេង​សរុប ៤៧ប្រកួត​គ្រប់​ក្របខណ្ឌ និង​ជា​សមាជិក​សំខាន់​របស់ Porto ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​ព័រទុយហ្កាល់ និង​ពាន​ក្នុងស្រុក​។​​Vitinha ដែល​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់​កាលពី​ខែមីនា បង្ហាញខ្លួន​បាន​បី​លើក​នោះគឺជា​សមាជិក​ថ្មី​ទី​ពីរ​ដែល​មកកាន់ PSG បន្ទាប់ពី​មិត្ត​រួម​ជាតិ Nuno Mendes ដែល PSG ទិញ​ផ្តាច់​ពី Sporting Lisbon ក្នុងតម្លៃ ៣៤លាន​ផោន​ក្រោយ​ចំណាយពេល​ ១​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​នៅ​ទីក្រុង​ប៉ារីស​រដូវ​កាល​មុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ernesto Valverde ត្រលប់​ទៅ​ដឹកនាំ Athletic Bilbao លើក​ទី​៣

2022/07/01 09:22:10 pm        123
​បាល់ទាត់៖ ​លោក Ernesto Valverde នឹង​ត្រលប់​ទៅ​ដឹកនាំ​ក្លិប​អេ​ស្ប៉ា​ញ Athletic Bilbao ជា​លើក​ទី៣ ក្រោយ​ចុះហត្ថលេខា​ដឹកនាំ​រយៈពេល ១ឆ្នាំ​។ ​បុរស​វ័យ ៥៨ឆ្នាំ​រូបនេះ​បាន​ក្លាយជា​គ្រូបង្វឹក​ដែល​ដឹកនាំ Bilbao យូរ​ជាងគេ បន្ទាប់ពី​ធ្លាប់​ដឹកនាំ​ពីរលើក​កន្លងមក​នៅ​ឆ្នាំ ២០០៣-២០០៥ និង ២០១៣ ដល់ ២០១៧​។ ​លោក Valverde ចុងក្រោយ​បំផុត​បាន​ផ្លាស់​ទៅ​ដឹកនាំ Barcelona ឈ្នះ​ពាន La Liga ២លើក និង Copa del Rey មួយ​លើក តែ​ត្រូវ​បាន​បណ្តេញចេញ​វិញ​កាលពី​ខែមករា ​ឆ្នាំ២០២០ និង​បាន​ទំនេរ​ពី​ការងារ​តាំងពី​ពេល​នោះមក​។ ​Athletic Bilbao បានបញ្ចប់​រដូវ​កាល​មុន​នៅ​ក្របខណ្ឌ La Liga ចំណាត់ថ្នាក់​លេខ ៨ ដោយ​ខកខាន​មិនបាន​កៅអី​ណាមួយ​ឡើយ​នៅ​ក្របខណ្ឌ​អឺរ៉ុប​ទាំងបី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការផ្លាស់​ពី Everton ទៅ Spurs

2022/07/01 07:30:15 pm        113
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល Richarlison បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​ផ្លាស់​ពី Everton មកកាន់ Tottenham Hotspur​។ ​​ការផ្ទេរ​នេះ​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ប្រមាណ ៥០លាន​ផោន ដែល​តម្លៃ​ដូចគ្នា​កាលពី​ឆ្នាំ២០១៨ ដែល Everton ទិញ​ពី Watford​។ ​​តាំងពី​ឆ្នាំ២០១៨ នោះមក​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​បាន ១៥២ប្រកួត​រកបាន ៥៣គ្រាប់ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់ Everton រដូវ​កាល​មុន​ដែល​គេច​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចេញ​។ ​​Richarlison ជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​ដែល​វិល​ពី Copa America និង​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំមុន ហើយ​ស៊ុត​បញ្ចូល​ទី​បាន ១០​គ្រាប់​នៅ Premier League ដែល​ក្នុងនោះ​មាន ៦គ្រាប់​រកបាន​ក្នុង ៩ប្រកួត​ចុងក្រោយ​ដែល​ធ្វើឱ្យ Everton បញ្ចប់​រដូវ​កាល​លេខ ១៦​។ ​​Richarlison នឹង​ជា​សមាជិក​ទី៤ ដែល​មកកាន់ Spurs បន្ទាប់ពី Ivan Perisic, Fraser Forster និង Yves Bissouma៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​លើ​ភ្នំ​គិរីរម្យ​ទទួលបាន​ការសរសើ​រថា មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ​

2022/07/01 06:44:14 pm        829
​ប្រណាំង​រថយន្ត​៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ Off Road ឆ្នាំ​២០២២ នៅលើ​កំពូលភ្នំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល ៣​ថ្ងៃ ២​យប់កាលពី​ចុង​សប្ដាហ៍​កន្លងទៅដោយ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​កីឡាករ​ជាតិ​-​អន្ដរជាតិ​ថា ការរៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិដូច​នៅ​បរទេស​ដែរ។​​កីឡាករ អេង ឡៃ​ហុក និង​សមាជិក​ក្រុម​ឡាន​គោព្រៃ​មណ្ឌលគិរី​កីឡាករ លឹម ដា​រ័ត្ន បាន​សម្ដែង​ការសប្បាយ​ចិត្ត ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ ពិសេស​ការរៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្ពស់។ លោក​សង្ឃឹមថា ការចូលរួម​របស់ខ្លួន ទោះបី​ពុំទាន់​ទទួលបាន​លទ្ធផល​ល្អ​យ៉ាង​ណា តែ​នឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បែប​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​ជំរុញ​ឲ្យ​ការរៀបចំព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ​ថែមទៀត។​ ​ដោយឡែក​លោក ព្រុំ រស្មី ប្រធាន​ក្រុម​ CAMABO 4x4 ​បាន​សម្ដែង​សេចក្ដី​រីករាយដែល​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​ឆ្នាំ​២០២២ នេះទទួលបាន​ការគាំទ្រ​ច្រើន បន្ទាប់ពី​ខកខាន​រៀបចំ​អស់​រយៈពេល ២​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។លោក​សង្កេតឃើញ​កីឡាករ​ជាតិ និង​អន្ដរជាតិមានកំណើន​ចូលរួម​ច្រើន ពិសេស​បច្ចេកទេសក៏មាន​កម្រិត​ខ្ពស់ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​របស់ខ្លួន​កាន់តែ​ទាក់ទាញ និង​មានការ​គាំទ្រ​ច្រើន ទាំង​កីឡាករ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ។​​ ​គួររំលឹកថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​បានរៀបចំ​ដោយ​គោរព​លើ​បាវចនា​ចំនួន​៤ គឺបំផុស​វិស័យទេស​ចរណ៍ ផ្សព្វផ្សាយ​ពី​បរិស្ថាន ​និង​អនាម័យ ជំរុញបំផុស​អភិវឌ្ឍ​វិស័យ​កីឡា​រថយន្ត​ Off Road ​នៅ​កម្ពុជា និងជួយ​លើ​ជំនួយ​មនុស្សធម៌ ដោយ​ផ្តោតលើ​ការជួយ​ជន​ខ្វះ​ខាតនៅ​តំបន់​ដាច់ស្រយាល​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាការិនី​លេខ ១ ពិភពលោក Iga Swiatek ឈ្នះ ៣៧​ប្រកួត​ជាប់​គ្នា​ឈានឡើង​ជុំ​ទី​៣ Wimbledon

2022/07/01 06:08:36 pm        95
​វាយកូនបាល់៖ ​​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​លេខ ១ ពិភពលោក Iga Swiatek បាន​បន្ត​ស្ថិតិ​អស់​អស្ចារ្យ​របស់ខ្លួន​ក្រោយ​រកបាន​ជ័យជំនះ ៣៧ប្រកួត​ជាប់​គ្នា​ដើម្បី​ឈានឡើង​ជុំ​ទី៣ Grand Slam, Wimbledon​។​ ​​កីឡាការិនី​ប​ប៉ូឡូញ​រូបនេះ​បាន​យកឈ្នះ​សិត​ដំបូង ៦-៤ លើ​កីឡាការិនី​ហូ​ឡង់ Lesley Pattinama Kerkhove មុនពេល​ដែល​ចាញ់​នៅ​សិត​ទី​ពីរ​វិញ ៤-៦ តាមរយៈ​កំហុស​ជាច្រើន​។ ​​យ៉ាងណាក្តី Iga Swiatek ត្រលប់មក​ភាព​ដើម​វិញ​ដោយបាន​យកឈ្នះ​នៅ​សិត​កាត់សេចក្តី ៦-៤ ដើម្បី​បន្ត​ស្ថិតិ​ឈ្នះ ៣៧ប្រកួត​ជាប់​គ្នា ពោលគឺ​ល្អ​ជាង​ស្ថិតិ​របស់ Monica Seles និង Martina Higgis ដែល​ធ្វើបាន ៣៦ប្រកួត​ជាប់​គ្នា​កាលពី​ឆ្នាំ១៩៩៧​។ ​​អ្នក​ដែល​ឈ្នះ​ជាប់​គ្នាច្រើន​បំផុត​មិនទាន់មាន​អ្នក​បំបែក​បាន​នោះ​គឺកីឡាការិនី Martina Navratilova ដែល​ឈ្នះ ៧៤ប្រកួត​ជាប់​គ្នា​នៅ​ឆ្នាំ១៩៨៤​។​​ដោយឡែក​គូ​ផ្សេងទៀតអតីត​ជើងឯក Wimbledon កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep បាន​យកឈ្នះ​កីឡាការិនី​ជើងឯក​ប៊ែ​ល​ហ្ស៊ិ​ក Kirsten Flipkens ៧-៥ និង ៦-៤​។ ​​Halep នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ប៉ូឡូញ​លំដាប់​លេខ ៩២ Magdalena Frech​។ ​សំរាប់​កីឡាការិនី​វ័យ ៣៦ឆ្នាំ Kirsten Flipkens ក្រោយ​បរាជ័យ​នេះក៏បាន​លា​អ្នកគាំទ្រ​ជាមួយ​នឹង​ទឹកភ្នែក ក្រោយ​សំរេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​វាយ​កូន​បាល់​។ ​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ Grand Slam លើក​ទី៥០ សំរាប់ Kirsten Flipkens៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចំបាប់ផ្ដោតលើ​ការហ្វឹកហាត់ និង​ប្រកួត​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/07/01 05:39:34 pm        761
​ចំបាប់៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាកំពុង​សម្លឹង និង​ជំរុញ​កីឡាករ​-​កីឡាការិនីចូលរួម​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​នានា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុប្រធាន​សហព័ន្ធលោក ខេ​ស៊ី បា​ណេ​ត។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ បន្ដ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន ត្រូវបាន​គាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធ​បន្ដទៀត។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​បន្ដថា អំឡុង​វិបត្តិ​កូ​វីដ​-១៩ កន្លងទៅ កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជាហាក់​ខ្វះ​បទពិសោធន៍​ប្រកួត​លើ​ឆាក​អន្ដរជាតិ ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម សហព័ន្ធ​កំពុង​ផ្ដោត​សំខាន់​លើ​ការបញ្ជូន​កីឡាករ​-​កីឡាការិនីទៅ​ប្រកួត ឬ​ហ្វឹកហាត់​លើ​ឆាក​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​ចំពោះ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាអាណត្តិ​ថ្មី ដែល​ត្រូវ​បានសម្រេច​ក្នុង​មហា​សន្និបាត​នេះ​វិញ ក្រៅពី​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ គឺមាន​លោក ខេ​ស៊ី បា​ណេ​ត ជា​អនុប្រធាន​ទី​១ និង​លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ជា​អនុប្រធាន​ទី​២, កញ្ញា កាង ណុ​ចប​វរ ជា​អគ្គលេខាធិការ​, លោក នរៈ យុទ្ធ ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​សមាជិក ៤​រូប​ទៀតគឺមាន​លោកស្រី ចូ​វ សុធា​រ៉ា​, លោក កាង ដែន​ពិសិដ្ឋ​, លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុ​ផា​ណា​រ៉ា៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 10:08 AM
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញបើកហឹបវិញ្ញាសានៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
08/10/2026 10:08 AM
តៃវ៉ាន់បៀបប្រដូចទៅនឹងការទប់ទល់ការវាយប្រហារពីចិន ដោយបន្ថយល្បឿនអ៊ីនធឺណិតចល័តក្នុងហ្គេមសង្គ្រាមប្រចាំឆ្នាំ
08/10/2026 10:08 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
08/10/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
08/10/2026 10:08 AM
ឆ្មាំអ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ប្រសិនបើអាមេរិកមិនបំពេញតាមការទាមទាររបស់ទីក្រុងតេអេរ៉ង់
08/10/2026 10:08 AM
នគរបាល៖ ជនជាប់ចោទបាញ់ប្រហារនៅសាលារៀនថៃបានមើលខ្លឹមសារអំពើហិង្សាតាមអ៊ីនធឺណិត
08/10/2026 09:08 AM
ក្រុមការងារចុះជួយមូលដ្ឋាន នំាយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ រស់នៅក្នុងឃុំបាយដំរំា ខេត្តបាត់ដំបង
08/10/2026 09:08 AM
លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM