ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

Marin Cilic មិន​អាច​ប្រកួត​នៅ Wimbledon បាន​ក្រោយ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩

2022/06/28 06:00:06 pm        107
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រូ​អាស៊ី Marin Cilic មិនអាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon បានឡើយក្រោយ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​ម្ចាស់​ជើងឯក US Open ឆ្នាំ២០១៤ រូបនេះធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon នេះ​កាលពី ៥ឆ្នាំមុន​តែ​ចាញ់ Roger Federer​។ ​​Marin Cilic មាន​ចំណាត់​នៅ Wimbledon លេខ ១៤ និង​បាន​ឈានដល់​មកដល់​ព្រឹត្តិការណ៍​នេះ​ជាមួយនឹង​ទំរង់​លេង​ល្អ​ផងដែរ បន្ទាប់ពី​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open និង​ពានរង្វាន់ The Queen ត្រៀម Wimbledon សប្តាហ៍​មុន​។ ​​ដូច្នេះ​តំណែង​របស់ Marin Cilic នឹងត្រូវ​ជំនួស​ដោយ​អ្នកចាញ់​នៅ​វគ្គ​ជម្រុះដែលមាន​សំណាង​គឺ​កីឡាករ​ព័រទុយហ្កាល់ Nuno Borges៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​បាល់បោះ​រទេះ​ជន​ពិការ​ចាប់ផ្ដើម​រឹងមាំ ក្រោយ​ដើរ​ដួល​ជាច្រើន​ឆ្នាំ​

2022/06/28 05:33:30 pm        148
​បាល់បោះ៖ សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​កម្ពុជាចាប់ផ្ដើម​រឹងមាំជាមួយ​ផែនការ​ការងារ និង​ទិសដៅ​ដ៏​ច្បាស់លាស់ បន្ទាប់ពី​សហព័ន្ធ​នេះបាន​ដើរ​ដួល​អស់​ជាច្រើន​ឆ្នាំដោយសារ​គ្មាន​ម៉ាស៊ីន​ដឹកនាំ មុន​ប្រកាស​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រីទទួលបន្ទុក​បេសកកម្ម​ពិសេស​អាជ្ញាធរ​មីន ជា​ប្រធាន​សហព័ន្ធ​លើកដំបូងកាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​ ​លោក មុយ ស៊ឹ អគ្គលេខាធិការ​សហព័ន្ធបានបង្ហាញ​នូវ​មោទនភាព ដែល​ឯកឧត្តម​ទេសរដ្ឋមន្ដ្រីបាន​ឯកភាព​មកដឹកនាំ​សហព័ន្ធធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជាកាន់​តែមាន​ក្ដីសង្ឃឹម ក្នុង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត និង​ដណ្ដើម​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​កីឡាអាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​តែម្ដង។​ ​បុរស​ពិការ​ជើង​ដែល​ទទួលបាន​ការគាំទ្រ​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធកាលពី​ឆ្នាំ​២០១៩ ដដែល​បន្ដថា ពីមុន​សហព័ន្ធ​ជួប​ការលំបាកដោយសារ​ខ្វះខាត​សម្ភារៈ​ហ្វឹកហាត់ពិសេស​រទេះ ។ តែ​ពេលនេះសហព័ន្ធ​មាន​ឧ​បករ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​បូក​រួមជាមួយ​សក្ដានុពល​ធនធាន​កីឡាករ​-​កីឡាការិនី​ស្រាប់ លោក​សង្ឃឹម និង​មានការ​តាំងចិត្ត​ខ្ពស់ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​​សូម​រំ​ឭកថា សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជាបាន​កកើត​តាំងពី​ឆ្នាំ​២០១២ តែ​រយៈពេល ១០​ឆ្នាំ​មកនេះ សហព័ន្ធ​ពុំមាន​ប្រធាន​សហព័ន្ធដើម្បី​ដឹកនាំ​នោះទេរហូតដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ទើប​សហព័ន្ធ​មានការ​អញ្ជើញ និង​ការឯកភាព​ពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ដ្រី លី ធុជ ចូលកាន់​តំណែង​ដ៏​សំខាន់​នេះដើម្បី​ដឹកនាំ​សហព័ន្ធ​ឆ្ពោះទៅរក​ការអភិវឌ្ឍ និង​រីកចម្រើន ក្នុងនោះ​ក៏មាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប ទៀតផង៕​អត្ថបទ លី ឈុន​ឡា

ប្រតិភូ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​បើក​កិច្ចប្រជុំ​លម្អិត​អំពី​ការ​ទទួល​ទង់ និង​ការប្រកួត​នៅ​ឥណ្ឌូនេស៊ី​

2022/06/28 05:03:41 pm        500
​អាស៊ាន​ប៉ារ៉ាហ្គេម៖ ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​ហ្គេម​កម្ពុជារួមទាំង​មន្ដ្រី​ជំនាញនៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​អំពី​ការត្រៀម​លក្ខណៈ​ទទួល​ទង់​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដើម្បី​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣ និង​ការចូលរួម​របស់​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជានៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូចាប់ពី​ថ្ងៃទី​៣០ ខែកក្កដាដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)។​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ រៀបចំ​កា​រ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះបាន​ពិភាក្សា​លម្អិត​អំពី​ដំណើរ​ឆ្ពោះទៅ​ ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែលជា​ការស្វែងរក​នូវ​ឧត្តមភាព​ផ្នែក​បច្ចេកទេស​កីឡា​ផង និង​ការចូលរួមដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣ ផង។​​លើសពីនេះ កិច្ចប្រជុំ​ក៏បាន​ជជែក​អំពី​ការទទួល​ទង់​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមពី​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​០៦ ខែសីហា​ខាងមុខ ហើយ​គ្រោង​នឹង​រៀបចំ​ក្បួន​ដង្ហែ បន្ទាប់ពី​ទង់​តំណាង​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ាន​នេះ ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម យី វាសនា បន្ថែមថា ឆ្នាំនេះកម្ពុជា​បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​កប្រមាណ ១៦០​នាក់ដែលជា​ចំនួន​ដ៏​ច្រើន បើ​ធៀប​នឹង​ការចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​មុនៗ។ ឯកឧត្តម​ពន្យល់​ថា កា​រ​បញ្ចូន​ប្រតិភូ និង​អ​ត្ដព​លិ​ក​ទៅ​ច្រើន​នេះ ក្រៅពី​ស្វែងរក​នូវ​ឧត្តមភាព​លក្ខណៈ​បច្ចេកទេស ក៏​ដើម្បី​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍ដើម្បី​យកមក​រៀបចំ និង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Chelsea ទាក់ទង​មកកាន់ Manchester City ផ្លូវការ​រឿង​ចរចា​ទិញ Raheem Sterling

2022/06/28 04:47:55 pm        101
​បាល់ទាត់៖ ​រឿងរ៉ាវ​ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​អង់គ្លេស Raheem Sterling ពី Manchester City ទៅកាន់ Chelsea ខិតជិត​ចេញ​ជា​រូបរាង​ហើយ បន្ទាប់ពី​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​បាន​ទាក់ទង​ផ្លូវការ​ក្នុងការ​ចរចា​ផ្ទេរ​។ ​​Chelsea រំពឹងថា​ វត្តមាន​រប​ស់ Raheem Sterling នឹង​អាច​ប៉ះប៉ូវ​នៅពេល Romelu Lukaku ចាកចេញ​ទៅកាន់ Inter Milan ខណៈ​អនាគត​របស់ Hakim Ziyech និង Christian Pulisic ក៏​នៅ​ស្រពិចស្រពិល​ដែរ​។ ​​គេ​មិនបាន​បង្ហាញ​ពី​តំលៃ​នៃ​សំណើ​របស់ Chelsea ទៅកាន់ Manchester City ឡើយ​ក្នុង​ការនាំយក​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ តែ​ត្រូវបាន​គេ​ដឹងថា​ការផ្ទេរ​នឹងមិន​ក្រោម​តម្លៃ ៤៥លាន​ផោន​ឡើយ​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះទើបតែ​ឈ្នះ​ជើងឯក English Premier League លើក​ទី៤ ជាមួយ Manchester City តែ Sterling បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ​នៅ​សប្តាហ៍​ចុងក្រោយ​ដែល​យកឈ្នះ Aston Villa ក៏ដូចជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ទាំងពីរ​ជើង​នៅពេល​ចាញ់ Real Madrid​។​​​នៅសល់តែ ១ឆ្នាំ​ទៀត​កិច្ចសន្យា​របស់ Sterling នឹង​អស់​សុពលភាព ដែល​ធ្វើឱ្យ​កីឡាករ​អង់គ្លេស​រូបនេះ​ត្រូវ​សំរេចចិត្ត​ពី​អនាគត​របស់ខ្លួន​។ Raheem Sterling កំពុង​ត្រូវការ​ពេលវេលា​លេង​បាល់​ទៀត​ទាត់​មួយ ដើម្បី​ឱកាស​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស​នៅ World Cup ទឹកដី​កាតា​ចុង​ឆ្នាំនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Francesco Bagnaia ឈ្នះ​ការប្រណាំង MotoGP នៅ​ប្រទេស​ហូ​ឡង់​

2022/06/27 10:30:42 pm        108
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​អ៊ីតាលី Francesco Bagnaia បាន​ប្រជែង​ឈ្នះ​ការប្រណាំង MotoGP នៅ​ប្រទេស​ហូ​ឡង់ បន្ទាប់ពី​អ្នក​នាំមុខគេ​ក្នុង​តារាង​ជើងឯក Fabio Quartararo ជួប​គ្រោះថ្នាក់​។ ​​Quartararo បាន​ដួល​ដល់​ទៅ​ពីរលើក​ពោលគឺ​លើកដំបូង​អាច​បន្ត​ការប្រកួត តែ​លើក​ទី២ នៅពេល​សល់ ១៤ជុំ​ទៀត​ចប់​ក៏​ដួល​មក​ម្តងទៀត​ដល់​របួស​ជើង​មិនអាច​បន្ត​ការប្រកួត​បាន​។ ​​ចំណែកឯ​កីឡាករ​របស់​ក្រុម Ducati, Francesco Bagnaia មិនមាន​បញ្ហា​ធំដុំ​ឡើយ​ក្នុង​ការប្រកួត​នេះ ពោល​គឺជា​អ្នក​ចេញដំណើរ​មុខ​គេ និង​រក្សា​ការនាំ​មុខ​ដល់ទី​បញ្ចប់​។​ ​​លេខ ២ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​អ៊ីតាលី​របស់​ក្រុម Ducati មួយរូប​ទៀត Marco Bezzechi និង​លេខ ៣ កីឡាករ​អេ​ស្ប៉ា​ញ Maverick Vinales របស់​ក្រុម Yamaha​។​ ​​យ៉ាងណាក្តី​ក្រោយ​ប្រណាំង​បាន ១១ទីលាន​រដូវ​កាល​នេះ Fabio Quartararo នៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដដែល​មា​នស​រុ​ប ១៧២ពិន្ទុ តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Aleix Espagaro មាន ១៣៨ពិន្ទុ និង​លេខ ៣ Johann Zarco មាន ១១១ពិន្ទុ​។ ​​ទីលាន​បន្ទាប់​ដែលជា​ទីលាន​ទី១២ ក្នុងចំណោម ២០ទីលាន​ក្នុង​រដូវ​កាល ២០២២ នេះ MotoGP នឹង​បន្តដំណើរ​ទៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី៧ ខែកក្កដា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Hubert Hurkacz សន្យា​ផ្តល់ ១០០អឺរ៉ូ​រាល់​ការចេញ​សេវា​បាន​ពិន្ទុ​ម្តងៗ​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​

2022/06/27 10:04:29 pm        84
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ប៉ូឡូញ Hubert Hurkacz បាន​សន្យា​ផ្តល់ ១០០អឺរ៉ូ​រាល់​ការ​ចេញ​សេវា​បាន​ពិន្ទុ​ម្តងៗ​នៅ​ការប្រកួត Grand Slam, Wimbledon ដើម្បី​ជួយ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​។ ​​កីឡាករ​ប៉ូឡូញ​វ័យ ២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កំពូល​កីឡាករ​ដែល​ពូកែ​ចេញ​សេវា ពោល​គឺ​ឈរ​លេខ ៣ ក្នុង​តារាង​កីឡាករ​ដែល​ចេញ​សេវា​បាន​ពិន្ទុ​ខ្ពស់បំផុត​របស់ ATP ក្នុងឆ្នាំនេះ ដោយ​មាន​សរុប​ដល់​ទៅ ៤៥២​លើកតាម​ពីក្រោយ​កីឡាករ​អាមេរិក​ទាំងពី​រ John Isner និង Reilly Opelka​។​​​ការប្រកួត​នៅលើ​ទីលាន​វាលស្មៅ ៦ប្រកួត​ចុងក្រោយ​របស់ Hurkacz គេ​ធ្វើ​វាយ​សេវា​បាន​ពិន្ទុ​ដល់​ទៅ ៧០​លើក​ទៅហើយ ពោលគឺ​ការប្រកួត​សប្តាហ៍​មុន​នៅ​អាល្លឺម៉ង់​ដែល​ឈ្នះ​ជើងឯក​កម្មវិធី Halle Open ក្រោយ​យកឈ្នះ​កីឡា​ករ​លេខ ១ ពិភពលោក Daniil Medvedev នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​Hubert Hurkacz នឹង​ចាប់ផ្តើម​ប្រកួត​នៅ Grand Slam, Wimbledon ឆ្នាំនេះ​ជុំ​ដំបូង​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Davidovich Fokina នៅ​ថ្ងៃ​ចន្ទ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ឡើង​ថ្មី Nottingham Forest ទិញ​បាន​កីឡាករ​ថ្លៃ​បំផុត​បំបែក​កំណត់ត្រា​ក្លិប

2022/06/27 09:46:02 pm        574
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ដែល​ទើប​ឡើងមក​ក្របខណ្ឌ English Premier League, Nottingham Forest បានសំរេច​ក្នុងការ​នាំយក​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​កំពូល​។ ​​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi បាន​ផ្លាស់​ពី​ក្លិប​អាល្លឺម៉ង់ Union Berlin មកកាន់ Nottingham Forest ក្នុងតម្លៃ ១៧លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៣ប្រកួត​គ្រប់​ក្របខណ្ឌ​រដូវ​កាល​មុន និង ១៥គ្រាប់​នៅ Bundesliga ក្នុងការ​បង្ហាញខ្លួន​ក្នុង​លី​គ ៣១ប្រកួត ឈរ​លេខ ៦ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ប្រចាំ​រដូវ​កាល និង​ជួយ Union Berlin បាន​លេខ ៥ មាន​កៅអី​នៅ​ក្របខណ្ឌ​អឺរ៉ុប UEFA Europa League ជា​លើកដំបូង​តាំងពី​ឆ្នាំ២០០២​។​ ​​Taiwo Awoniyi ដំបូង​ជា​កីឡាករ​របស់ Liverpool តាំងពី​ឆ្នាំ២០១៥ តែ​មិនដែល​បង្ហាញខ្លួន​ឡើយ ហើយ​ក៏បាន​ចំណាយពេល ៦ឆ្នាំ​របស់ខ្លួន​ជា​កីឡាករ​ខ្ចី​ជើង ដែល​ចុងក្រោយ​នៅ Union Berlin មុនពេល​ផ្លាស់​ផ្លូវការ​នៅ​ខែកក្កដា ​ឆ្នាំ២០២១​។​​Taiwo Awoniyi បានបង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្រុម​ជំរើសជាតិ​នី​ហ្សេ​រី​យ៉ា​កាលពី​ខែកក្កដា និង​សរុប​ចូល​លេង​បាន ៤ប្រកួត​រកបាន​មួយ​គ្រាប់​ពេល​នី​ហ្សេ​រី​យ៉ា​យកឈ្នះ​សូ​ដង់​កាលពី​ខែមករា ​នៅ​ពានរង្វាន់​ជើងឯក​អាហ្វ្រិក​។ ​​Nottingham Forest ក៏​រំពឹងថា​នឹង​នាំយក​អ្នកចាំទី Manchester United, Dean Henderson ផងដែរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយក៏​កំពុង​ចរចា​នាយក​ខ្សែការពារ​កណ្តាល Moussa Niakhate ពី Mainz ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gareth Bale ព្រមព្រៀង​ផ្លាស់​ទៅកាន់​ក្លិប​អាមេរិក Los Angeles FC

2022/06/27 07:05:56 pm        126
​បាល់ទាត់៖ ​ប្រធាន​ក្រុមបាល់ទាត់​ជំរើសជាតិ​វែ​ល Gareth Bale រក​ទ្រនំ​ថ្មី​ឃើញ​ហើយ ក្រោយ​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​ទៅកាន់​ក្លិប​អាមេរិក Los Angeles FC​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣២ឆ្នាំ​រូបនេះបាន​ចាក​ចេញពី Real Madrid ក្រោយ​កិច្ចសន្យា​អស់​សុពលភាព​បន្ទាប់ពី​ការចំណាយ​ពេល ៩ឆ្នាំ​នៅ​ទីក្រុង Madrid​។​ ​​ម្ចាស់​ជ័យលាភី Champions League ៥លើក​រូបនេះ មុននេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ផ្លាស់​មកកាន់​ទឹកដី​អង់គ្លេស​វិញ​ជាមួយ Tottenham Hotpsur រឺ​ក្លិប​នៅ​ប្រទេស​កំណើត Cardiff City​។ ​​មកដល់ពេលនេះ​ក្លិប​នៅ​ក្របខណ្ឌ Major League Soccer មួយ​នេះមិនទាន់​ប្រកាស​ផ្លូវការ​នៅឡើយ​ពី​ការផ្ទេរ​របស់ Gareth Bale តែ​សាមីខ្លួន​កីឡាករ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ថា ជួបគ្នា​ឆាប់ៗ Los Angeles​។​​​Gareth Bale ដែល​ផ្លាស់​ទៅកាន់ Real Madrid កាលពី​ឆ្នាំ២០១៣ ក្នុងតម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​លើ​លោក​នៅពេលនោះ ៨៥លាន​ផោន នឹង​ដើរ​តាម​លំនាំ​ខ្សែការពារ​ជើងចាស់​អ៊ីតាលី Giorgio Chiellini ដែល​ផ្លាស់​មកកាន់ LAFC កាលពី​ខែ​មុន​។ ​LAFC ដែល​កំពុងស្ថិត​ក្រោម​កា​រដឹក​នាំ​របស់​អតីត​ជំរើសជាតិ​អាមេរិក​លោក Steve Cherundolo បច្ចុប្បន្នកំពុង​ឈរលើ​គេ​នៅ​ក្របខណ្ឌ Major League Soccer៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United សង្ឃឹមថា Ronaldo មិន​ចាកចេញ​ក្រោយ​មាន​ក្លិប​ច្រើន​ទាក់ទង​

2022/06/27 06:39:40 pm        113
​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United រំពឹងថា​ខ្សែប្រយុទ្ធ​ជួរមុខ Cristiano Ronaldo មិន​ចាកចេញ បើទោះបី​ជាមាន​ក្លិប​ជាច្រើន​ព្យាយាម​ទាក់​ទង​។ ​តោ​ខៀវ Chelsea និង Bayern Munich សុទ្ធតែ​ត្រូវបាន​សារព័ត៌មាន​ល្បីៗ​ជុំវិញ​អឺរ៉ុប​ចុះផ្សាយ​ថា កំពុង​ព្យាយាម​ទាក់ទង​នាំយក​ខ្សែប្រយុទ្ធ​វ័យ ៣៧ឆ្នាំ​រូបនេះ​។​ភ្នាក់ងារ​របស់ Ronaldo លោក Jorge Mendes បាន​ជួប​ជាមួយ​ម្ចាស់​ក្លិប​ថ្មី​របស់ Chelsea លោក Todd Boehly សប្តាហ៍​មុន ខណៈ​ការជួបពិភាក្សារ​គ្នា​នោះ​ក៏មាន​រឿង​ផ្ទេរ Ronaldo ផងដែរ​។ ​ជាមួយគ្នា​នោះដែរ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ក៏ត្រូវ​បាន​គេ​ដឹងថាបាន​ទាក់ទង​មកកាន់ Ronaldo ផងដែរក្នុងការ​ស្វែងរក​ខ្សែប្រយុទ្ធ​ជំនួស​តំណែង Robert Lewandowski ដែល​ខិតជិត​ផ្ទេរ​ទៅកាន់ Barcelona​។ ​Manchester United បានបញ្ជាក់​ច្បាស់​ថា Cristiano Ronaldo មិន​ស្ថិតក្នុង​បញ្ជី​លក់​ចេញ​ឡើយ ស្របពេល​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូបនេះ​នៅសល់ ១ឆ្នាំ​ទៀត​នៅ Old Trafford ហើយ Ronaldo ក៏​ស្ថិតក្នុង​ជំរើស​ជួរមុខ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag ផងដែរ​។​អ្វីដែល​គេ​បារម្ភ​នោះ​គឺ Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៨គ្រាប់​នៅ Premier League រដូវ​កាល​មុន​នោះ ចង់​ឈ្នះ​ពាន UEFA Champions League ខណៈដែល Manchester United មិនមាន​តំណែង​នៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​មួយ​នេះឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Neymar គ្រោង​ចាក​ចេញពី PSG ហើយ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម

2022/06/27 06:25:24 pm        291
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កំពុង​ពិចារណា​ពី​ការចាកចេញ​ពី​ក្លិប​បារាំង Paris Saint Germain ហើយ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ខាងមុខនេះ​។ ​​សារព័ត៌មាន RMC Sport បាន​ចុះផ្សាយ​ថា Neymar មិន​សប្បាយចិត្ត​ឡើយ ក្រោយ​ការលើកឡើង​របស់​ប្រធាន​ក្លិប Nasser Al-Khelaifi ថ្មីៗ​នេះនិយាយ​ជុំវិញ​ស្ថានភាព​ក្រុម​រដូវ​កាល​មុន​។ ​​លោក Al-Khelaifi បាន​និយាយថា PSG ត្រូវតែមាន​ការផ្លាស់ប្តូ​រ កីឡាករ​ទាំងអស់​ត្រូវ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ជាង​នេះ ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ដោយ​មិនគួរ​ងាយ​រងរបួស កាត់បន្ថយ​កំហុស ដែល​ប៉ះពាល់​ដល់​លទ្ធផល​ក្រុម​ទាំងមូល​។ ​​កីឡាករ​ប្រេ​ស៊ី​ល Neymar នៅមាន​កិច្ចសន្យា​របស់គេ​ជាមួយ PSG ដល់​ឆ្នាំ២០២៧ ឯណោះ តែ​លទ្ធភាព​នៃ​ការលក់​ចេញ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​នឹង​អាច​កើតមាន យោងតាម​ស្ថានភាព​ក្លិប​នាពេល​បច្ចុប្បន្ន​។ ​​ក្លិប​ជាច្រើន​ត្រូវបាន​គេ​ដឹងថា បាន​ទាក់ទង​មកកាន់ Neymar ដូចជា Barcelona និង Real Madrid តែ​លទ្ធភាព​ដែល​អាច​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ហាក់​លំបាក​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។​​ក្លិប​នៅ​អង់គ្លេស​មួយចំនួន​ដូចជា Chelsea, Newcastle និង Manchester United ក៏​បង្ហាញ​ជំហរ​ក្នុង​ការចរចាយក​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះដែរ តែ​បញ្ហា​នោះ​គឺ Neymar មិន​ចង់​លេង​នៅ​ទឹកដី​អង់គ្លេស​ឡើយ​។ ​​រំលឹកថា Neymar រកបាន​ត្រឹម ១៣គ្រាប់ និង​បញ្ជូន ៨ ក្នុងការ​បង្ហាញខ្លួន ២៨ប្រកួត​ឱ្យ PSG រដូវ​កាល​មុន តែ​ក៏​ធ្លាប់​ត្រូវបាន​ចំអក​ដោយ​អ្នកគាំទ្រ​មួយចំនួន​ដែរ ​ជុំវិញ​បញ្ហា​របួស​ញាំញី​របស់គេ​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
08/11/2026 03:08 PM
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០
08/11/2026 03:08 PM
បេសកជន UN ព្រមានថា ការវាយប្រហាររបស់ក្រុមហ៊ូទីអាចរុញយេម៉ែនត្រឡប់ទៅរកសង្គ្រាម ទ្រង់ទ្រាយធំ
08/11/2026 03:08 PM
ការវាយប្រហាររបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលលើភូមិ Al-Mughayyir បង្ហាញពីអំពើហិង្សាកើនឡើងនៅវេសបែង
08/11/2026 03:08 PM
រដ្ឋាភិបាលយេម៉ែនប្តេជ្ញាចាត់វិធានការឆ្លើយតប ខណៈការវាយប្រហាររបស់ក្រុមហ៊ូទីកាន់តែខ្លាំងឡើង
08/11/2026 03:08 PM
ក្រុម AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
08/11/2026 02:08 PM
បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង
08/11/2026 02:08 PM
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
08/11/2026 02:08 PM
បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
08/11/2026 02:08 PM
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
08/11/2026 02:08 PM