ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

ឯកឧត្តម នេ​ត សាវឿន ហាម​ក្រុម​ឈ្នះ​ភ្លេចខ្លួន ក្រុម​ចាញ់​រំសាយ​ក្រុម ក្រោយ​ចប់​ពាន​សម្ដេច​ក្រឡាហោម​

2022/06/27 05:55:17 pm        154
​បាល់ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង រដូវ​កាល​ទី​១ ឆ្នាំ​២០២២ បានបញ្ចប់​ហើយ ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល ១៨​ថ្ងៃចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២៦ ខែមិថុនា​ម្សិលមិញ ដោយ​ក្រុម​បាល់ទះ​វិសាខា​ (B) បាន​លើក​ពាន បន្ទាប់ពី​យកឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ដោយ​លទ្ធផល ៣-២​សិតក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ ដែល​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​បាល់ទះ​កម្រិត​អាជីព ៦​នាក់ទល់ ៦​នាក់​នេះ។ ក្នុងនោះ​ឯកឧត្តម​បានផ្ដល់​អនុសាសន៍​សំខាន់ៗ​ចំនួន ដល់​បណ្ដា​សមាគម​/​ក្លិប​ចូលរួម​ទាំងអស់ ពិសេស​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្រុម​ទទួលបាន​ជ័យលាភីហាម​ភ្លេចខ្លួនគឺ​ត្រូវ​បន្ដ​ខំប្រឹង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ខណៈ​ក្រុម​ចាញ់ក៏​ដូចគ្នាមិនត្រូវ​រំសាយ​ក្រុម​ចោល ក្រោយ​ចប់​កម្មវិធី​នេះឡើយ។​ ​ការគូសបញ្ជាក់​ដូច្នេះ ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​សមាគម​/​ក្លិប​បាល់ទះ​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​វិស័យ​បាល់ទះ​កម្ពុជា​កាន់តែ​រីកចម្រើន ត្រៀម​ចូលរួម​ការប្រកួត​នានា ហើយ​ផលិត​ធនធាន​កីឡាករ​បាន​កាន់តែច្រើនសម្រាប់​បន្ដវេន ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​អនុសាសន៍​របស់​ប្រមុខ​សហព័ន្ធ ក្នុង​ពិធី​បិទ​ពានរង្វាន់​សម្ដេច​ក្រឡា​ហោមឆ្នាំ​២០២២ គឺមាន ៦​ចំណុចរួមមាន​៖១-​ក្រុម​ទាំងអស់ត្រូវ​កែលម្អ​ចំណុច​ខ្វះខាត​ដែលមាន​ ក្នុងអំឡុងពេល​រៀបចំ​ការប្រកួត ឬ​បញ្ហា​ផ្សេងៗ ដើម្បី​ឆ្ពោះទៅ​រៀបចំ​ពានរង្វាន់​កម្រិត​ខ្ពស់​មួយទៀត គឺ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជានា​ចុងឆ្នាំ​២០២២ នេះ។​២-​ក្រុម​ជ័យលាភីត្រូវ​អភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត ព្រោះ​ក្រុម​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​ជាដើម គេ​មិន​សុខចិត្ត​ពេល​ឃើញ​បាល់ទះ​កម្ពុជា​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ។ ចំណែក​ក្រុម​មិនបាន​លទ្ធផល​ល្អត្រូវខិតខំ​ប្រឹងប្រែង ហាម​ចាញ់ហើយបោះបង់​ឈប់​លេង។​៣-​គ្រូបង្វឹក​មាន​តួនាទី​រៀងៗ​ខ្លួន ហើយ​កីឡាករ​-​កីឡាការិនី​ក៏មាន​តួនាទី​រៀងខ្លួន។ គ្រូបង្វឹក​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្វឹក និង​យក់ចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បង្វឹក។ ឯ​កីឡាករ​-​កីឡាការិនីត្រូវមាន​ឆន្ទៈ​ក្នុងការ​បង្កើន​សមត្ថភាព​របស់ខ្លួន កុំ​ឲ្យ​សមត្ថភាព​នៅ​ដដែល ដែល​ត្រូវ​លេង​ឲ្យ​ល្អ​ជាង​មុន។​៤-​ក្រុម​ទទួលបាន​ជ័យលាភីមិនត្រូវ​ភ្លេចខ្លួន ពោលគឺ​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​បន្ថែមទៀត ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ថែមទៀត និង​លទ្ធផល​ល្អ​លើ​ឆាក​អន្ដរជាតិ​នាពេលខាងមុខ។ ចំណែក​ក្រុម​ដែល​ទទួល​ទ្ធ​ផល​មិនសូវ​ល្អ ក៏ត្រូវ​តែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឲ្យ​ល្អប្រសើរ​ដែរ កុំ​ឲ្យ​ប្រកួត​លើក​ក្រោយ​នៅ​លទ្ធផល​អន់​ដដែល។​៥-​ស្នើ​ស្នងការ​រាជធានី​-​ខេត្ត អភិបាល​រាជធានី​-​ខេត្ត បន្ដ​យកចិត្តទុកដាក់​លើ​ក្រុម​បាល់ទះ​របស់ខ្លួន សម្រាប់​ការឧបត្ថម្ភ​គាំទ្រសម្រាប់​ជា​សម្ភារៈ ការ​កៀគរ​ការឧបត្ថម្ភ និង​ការផ្ដល់​ការហ្វឹកហាត់​ជាប្រចាំ មិនមែន​អស់កម្ម​វិធី​នេះហើយរំសាយ​ក្រុម​ចោល​នោះទេ។ រឿងនេះក្រុមការងារ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ ក៏ដូចជា​អគ្គលេខាធិការដ្ឋានត្រូវ​តាមដាន បើ​លេងកុំ​ឲ្យ​រំសាយ​ក្រុម បើ​មិន​ដូច្នេះ​វិស័យ​បាល់ទះ​កម្ពុជានឹងមិន​អាច​ដើរ​ទៅមុខ​បានទេ។ ការធ្វើ​បែបនេះ ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ប្រកួត​ពានរង្វាន់​បន្ដបន្ទាប់​ទៀត និង​ផលិត​ឲ្យ​បាន​កីឡាករ​-​កីឡាការិនី​ដែលមាន​គុណ​ផល​ខ្ពស់​កាន់តែ​ច្រើន។​៦-​សម្រាប់ ៧​ក្រុមដែល​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេនៃ​ពាន​សម្ដេច​ក្រឡាហោម ត្រូវ​ចាត់ទុកជា​ក្រុម​ខ្លាំងដើម្បី​ទៅលេង​ពាន​សម្ដេច​តេ​ជោ​នាពេលខាងមុខ។ ដូច្នេះ​ត្រូវ​បន្ដ​យកចិត្តទុកដាក់​ហ្វឹកហាត់ឲ្យ​ខ្លាំង​បំផុត ដើម្បី​គ្រូ​ជម្រើស​ជាតិ​មើលឃើញ​ពី​សមត្ថភាព​របស់ខ្លួន ប្រឹង​ដើម្បី​ខ្លួនឯង ដើម្បី​បាល់ទះ​កម្ពុជា និង​ដើម្បី​មោទនភាព​របស់​ជាតិ​ទាំងមូល។​​សូមបញ្ជាក់ថា ពាន​បាល់ទះ​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ គឺមាន​បេក្ខភាព ២១​ក្រុម​ចូលរួម។ ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្សិលមិញបានបញ្ចប់​ដោយ​ភាព​តានតឹង​បំផុត បន្ទាប់ពី​ក្រុម​វិសាខា​ (B) ​បាន​យកឈ្នះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ២៩-២៧ នៅ​សិត​ទី​១ តែ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (B) ​វាយបក​ឈ្នះ ២​សិត​ផ្ទួនៗវិញក្នុង​ពិន្ទុ ២៥-២៣ និង ២៦-២៤ មុន​វិសាខា​ (B) វាយបក​យកឈ្នះ ២​សិត​ចុងក្រោយក្នុង​ពិន្ទុ ២៥-១៧ និង ១៥-១១ ដើម្បី​គ្រង​ជើងឯក អម​ថវិកា ២០​លាន​រៀល​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា​

ការបញ្ចូល ITF​ ក្នុង​កីឡា​ឧត្ដមសិក្សា​ជា​ការ​ជំរុញ​ការអភិវឌ្ឍ​បច្ចេកទេស និង​អភិវឌ្ឍ​ធនធាន​កីឡាករ​

2022/06/27 05:28:49 pm        141
តេ​ក្វាន់​ដូ៖ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងឱកាស​រៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៦ ខែមិថុនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ឱ្យដឹងថា ថ្នាក់ដឹកនាំ​សហព័ន្ធ ឯកឧត្តម កែវ រ៉េមី បានចាត់ទុកការរៀបចំ​ការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ ​ជួយ​ជំរុញ​លើកកម្ពស់​បន្ថែម​ដល់​ការអភិវឌ្ឍ​បច្ចេកទេស ព្រមទាំង​ការអភិវឌ្ឍ​ធន​ធាន​​កីឡាករ-កីឡាការិនី​ជា​និស្សិត​ឲ្យ​កាន់តែ​សម្បូរបែប និង​មាន​គុណភាព​ខ្ពស់នា​ថ្ងៃ​អនាគត​។​ ​លើសពីនេះ​លោក​បាន​បន្ថែមទៀតថា តាមរយៈ​ការរៀបចំ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៃ​ព្រឹត្តិការណ៍​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ គឺ​ល្អ​ខ្លាំងណាស់ក្នុង​ការជួយ​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​-​ចៅក្រម​របស់​សហព័ន្ធ​បាន​ដុះខាត់​សមត្ថភាព​បន្ថែម ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សម្រាប់ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF មាន​កីឡាករ-កីឡាការិនី​ជា​និស្សិត​ចូលរួម​សរុប​ចំនួន ៦៤​នាក់ (​កីឡាករ​ ៣៦​នាក់ និងកីឡាការិនី ​២៨​នាក់​) មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ចំនួន​៧ ដោយមាន ​១៣​វិញ្ញាសា ក្នុងនោះ​រៀបចំ​វិញ្ញាសាសម្តែង​មេគុណចំនួន​៤ និង​វិញ្ញាសា​ប្រយុទ្ធ​ចំនួន​៩ ដោយ​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែមិថុនា​។​សូមបញ្ជាក់ថា ​ការ​ប្រ​កួ​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ ដំណើរការ​ពីថ្ងៃ​ទី​២១ ​ដល់​ថ្ងៃទី​៣០ ខែមិថុនាដោយមាន ​១២​ប្រភេទ​កីឡាស្មើនឹង​ ៨៨​វិញ្ញាសា ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង ​១២​ប្រភេទ​កីឡា​៕អត្ថបទ៖ គង់ ហួន

CAMSOC ​ប្រកាស​ប្រឡង​គំនូរ​មេដាយ និង​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣

2022/06/27 05:03:18 pm        670
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានប្រកាស​ជូនដំណឹង​ដល់​សាធារណៈជន ពិសេស​សិស្ស​-​និស្សិត និង​យុវជន​ទាំងអស់អំពី​ការរៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ ប្រឡងប្រណាំង​គំនូរ​មេដាយ និង​គំនូរ​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​យោងតាម​លក្ខខណ្ឌ​ប្រឡងប្រណាំង​នេះ គណៈកម្មាធិការ​ជាតិ​ CAMSOC ​តម្រូវ​៖ ១-​បើកចំហរ​ជា​សាធារណៈ​ដល់​សិស្ស​-​និស្សិត យុវជន និង​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ស្នាដៃ​គំនូរ និង​មាន​ទេពកោសល្យ​ល្អចូលរួម​គូស​គំនូរ​មេដាយ និង​គប់​ភ្លើង​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ២-​ស្នាដៃ​ដែល​បានសម្រេច​ជ្រើសរើស​ត្រូវ​រក្សា​សិទ្ធិផ្ដាច់មុខ​ដោយ​ CAMSOC​។​ ៣-​ជ័យលាភី​នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០​លាន​រៀលសម្រាប់​ទាំងពីរ​ស្នាដៃ​នៃ​គំនូរ​មេដាយ និង​គំនូរ​គប់​ភ្លើង។​​អាស្រ័យហេតុនេះ​ CAMSOC ​បាន​ជូនដំណឹង​ដល់​បេក្ខជន​ដែល​ចាប់អារម្មណ៍​ក្នុង​គំនូរ​មេដាយ និង​គំនូរ​ភ្លើង​គប់​នេះ ហើយ​មានបំណង​ចូលរួម​ប្រឡងប្រណាំង អាច​យក​ស្នាដៃ​របស់ខ្លួន​មក​ដា​ក់នៅ​អគ្គលេខាធិការដ្ឋាន​ CAMSOC ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ឆាប់ៗ​ខាងមុខនេះ នៅ​អគារ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​សូមបញ្ជាក់ថា មេដាយ និង​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ​អត្តសញ្ញាណ​ផ្លូវការ​មួយក្នុងចំណោម​អត្តសញ្ញាណ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​នឹងត្រូវ​ចារ​ទុកជា​ប្រវត្តិសាស្ដ្រក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ហើយ​អ្នកទទួលបាន​ជ័យលាភីក៏​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​នេះដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

FIFA អនុញ្ញាត​ឲ្យ​ចុះបញ្ជី​កីឡាករ ២៦នាក់​ក្នុង​មួយ​ក្រុម​នៅ World Cup ២០២២

2022/06/24 10:10:20 pm        474
​បាល់ទាត់៖ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បានអនុម័ត​ឱ្យប្រើ​ប្រាស់​កីឡាករ​សរុប ២៦​នាក់​ក្នុង​មួយក្រុម​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ទឹកដី​កាតា​ឆ្នាំនេះ​។ ​​ការសំរេច​បែបនេះ​គឺ​ស្រប​នឹង​បរិបទ​ក្រោយ​កូ​វីដ​-១៩ និង​កាលវិភាគ​ប្រកួត​ដ៏​មមាញឹក​របស់​ក្លិប​អាជីព និង​ក្រុម​ជំរើសជាតិ ដោយ​ពីមុន​ក្នុង​មួយក្រុម​មានតែ ២៣នាក់​ប៉ុណ្ណោះ​។ ​​FIFA ក៏បាន​បញ្ជាក់ដែរថា ក្នុងការ​ប្រកួត​នីមួយៗ ក្រុម​នីមួយៗ​អាចមាន​កីឡាករ​បម្រុង​ដល់​ទៅ ១៥នាក់ដែល​មានន័យថា​កីឡាករ​គ្រប់គ្នា​ទាំង ២៦នាក់​សុទ្ធតែ​អាច​ចូល​លេង​បាន​។ ​​ក្រៅពីនោះ​មន្ត្រី​ក្រុម​សរុប ១១នាក់​ដែល​ក្នុងនោះ​ត្រូវតែមាន​ម្នាក់​ជា​ពេទ្យ​ប្រចាំ​ក្រុម អាច​អង្គុយ​នៅ​តំបន់​កៅអី​បម្រុង​បាន​។ ​​ក្រុម​ទាំង ៣២ នឹងត្រូវ​ចុះបញ្ជី​កីឡាករ​ផ្លូវការ​សំរេច World Cup នៅ​ថ្ងៃទី២០ ខែតុលា​ពោលគឺ ៣០ថ្ងៃមុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​។ ​​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ដោយ​គូ​ដំបូង​គឺជា​ជំនួប​រវាង​សេ​ណេ​ហ្កា​ល់ជួប​ជាមួយ​ហូ​ឡង់​នៅ​កីឡដ្ឋាន Al Thumama៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ Leipzig, Christopher Nkunku បន្ត​កិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែម​

2022/06/24 09:38:40 pm        102
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Leipzig ដែលជា​គោលដៅ​របស់​ក្លិប​ធំៗ​ជាច្រើន Christopher Nkunku បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​បន្ថែម ២​ឆ្នាំ​ទៀតដែល​នឹង​រក្សា​រូបនេះ​គេ​នៅ​ជាមួយ​ក្លិប​អាល្លឺម៉ង់​មួយ​នេះ​ដល់​ឆ្នាំ២០២៦​។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប​ធំៗ​នៅ Premier League ទាក់ទង​ដូចជា Chelsea និង Manchester United​។ ​​Nkunku ត្រូវបាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល ២០២១-២២ នៅ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga ក្រោយ​ជួយ Leipzig ឈ្នះ​ជើងឯក​អាល្លឺម៉ង់​ខាប់​។ Christopher Nkunku បាន​ស៊ុត​បញ្ចូល​ទី ២០គ្រាប់ ​និង ១៤បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ៣៤ប្រកួត​ក្នុង​លី​គ​រដូវ​កាល​មុន ​ខណៈ Leipzig បាន​លេខ៤ នៅ Bundesliga៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពេទ្យ​ព្យាបាល Maradona មុនពេល​ស្លាប់​ប្រឈម​នឹង​ការដាក់ទោស​ពីបទ​មនុស្សឃាត

2022/06/24 07:23:12 pm        2848
​បាល់ទាត់៖ បុគ្គលិក​ពេទ្យ​ចំនួន​ប្រាំ​បីនាក់​ដែល​បាន​ព្យាបាល​លោក Diego Maradona ប៉ុន្មាន​សប្តាហ៍​មុនពេល​គាត់​ស្លាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ នោះប្រឈម​នឹង​ការដាក់ទោស​ពីបទ​មនុស្សឃាត​។ ​ចៅក្រម​នៅ​អា​ហ្ស​ង់​ទីន​បាន​បញ្ជា​ឱ្យ​កាត់ទោស ​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​លើ​ការស្លាប់​របស់ Maradona ដោយ​សារ​គាំងបេះដូង​។ របាយការណ៍​បាន​រកឃើញថា ​ការព្យាបាល​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ កង្វះ​ការ​យកចិត្តទុកដាក់ និង​ព្យាបាល​មិន​ត្រឹមត្រូវ​។ ​របាយការណ៍​ក៏បាន​អះអាង​ដែរ​ថា Maradona អាចមាន​ឱកាស​គេច​ផុតពី​ការស្លាប់ ប្រសិនបើ​គាត់​បានទទួល​ការព្យាបាល​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។​ ​ក្នុងចំណោម​បុគ្គលិក​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​ គឺ​វេជ្ជបណ្ឌិត​ផ្ទាល់​របស់​លោក Maradona គឺ​លោក Leopoldo Luque ដែល​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​នេះ​។​ ​ចៅក្រម​បាន​ចោទប្រកាន់ក្រុម​ពេទ្យ​ទាំង ៨នាក់​ពីបទ​ធ្វើឃាត​ដោយ​អ​ចេតនា ហើយ​ប្រសិនបើ​រកឃើញថា​មានទោស បុគ្គលិក​ពេទ្យ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ២៥ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle ទិញ​បាន​អ្នកចាំទី​អង់គ្លេស Nick Pope ពី Burnley

2022/06/24 06:41:03 pm        115
​បាល់ទាត់៖ ​ក្លិប​​សារិកា​ព្រៃ Newcastle បានសំរេច​ក្នុងការ​នាំយក​អ្នកចាំទី​ក្រុម​ជំរើសជាតិ​អង់គ្លេស Nick Pope ពី​ក្លិប​បាល់ទាត់ Burnley ក្នុងតម្លៃ​មួយ​បិទ​ជិត​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ​កីឡដ្ឋាន St. James Park បន្ទាប់ពី​ចំណាយពេល ៦រដូវ​កាល​នៅ Burnley​។ ​Nick Pope បាន​ផ្លាស់​ទៅកាន់ Burnley កាលពី​ឆ្នាំ២០១៦ នៅពេល Burnley ឡើងមក English Premier League និង​បានបង្ហាញ​ខ្លួន​សរុប ១៥៥ប្រកួត​តាំងពី​ពេលនោះ​មកបូករួម​ទាំង ៣៦ប្រកួត​រដូវ​កាល​មុន​។ ​​Nick Pope គឺជា​សមាជិក​សំខាន់​របស់ Burnley កាលពី​រដូវ​កាល ២០១៧-១៨ ដែល​ឈានដល់​វគ្គ​ជម្រុះ Europa League ក្រោយ​បាន​លេខ៧ នៅ Premier League​។ ​​Nick Pope ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ដំបូង​នៅ​ឆ្នាំ២០១៨ និង​ត្រូវបាន​ប្តូរ​ចូល​ពេល​អង់គ្លេសជួប​កូ​ស្តា​រី​កា​។​ក្រោយមក​នៅ​ឆ្នាំ២០២១ Nick Pope ក៏បាន​ក្លាយជា​អ្នកចាំទី​អង់គ្លេស​ដំបូង​ ដែល​រក្សា​សំណាញ់​ទី​មិនឱ្យ​របូត​គ្រាប់​បាល់ ៦ប្រកួត​។ ​​Nick Pope បានក្លាយ​សមាជិក​ទី​ពីរ​ដែល​ផ្លាស់​មកកាន់ Burnley មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​នៅពេល​ខាងមុខ បន្ទាប់ពី​ខ្សែការពារ​ឆ្វេង Matt Targett ផ្ទេរ​ពី Aston Villa ក្នុងតម្លៃ ១៥លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម សៅ សុខា​៖ បាល់ទាត់​បាន​រួមចំណែក​កសាង​ទាំង​សង្គម និង​សេដ្ឋកិច្ច​

2022/06/24 06:06:39 pm        548
​បាល់ទាត់៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាមានប្រសាសន៍ថា ភាព​រីកចម្រើន​នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជាបានរួម​ចំណែក​កសាងទាំង​សង្គម និង​សេដ្ឋកិច្ចជាតិ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នារវាង​ក្រុមហ៊ុនវៀត​ធេ​ល ខេ​ម​បូ​ឌា​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា​ម្សិលមិញ។​ ​ឯកឧត្តម​បាន​រំ​លឹកថា ក្រោយ​បាល់ទាត់​កម្ពុជាចាប់ផ្ដើម​សកម្មភាព​ឡើងវិញ ទាំង​ត្រដាបត្រដួស​កាលពី​ឆ្នាំ​២០០៦ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វិស័យ​កីឡាបាល់ទាត់​កម្ពុជាបាន​វិវឌ្ឍន៍ និង​រីកចម្រើន​ជា​បន្ដបន្ទាប់រហូតមកទល់​បច្ចុប្បន្ន ដែល​ក្រៅពី​ការប្រកួត​លក្ខណៈ​ជាតិ និង​អន្ដរជាតិក្នុង​ស្មារតី​កសាង​មិត្តភាព សាមគ្គីភាព បាល់ទាត់​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការងារ​សង្គម និង​សេដ្ឋកិច្ចជាតិ។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បាន​ពន្យល់ថា ចំពោះ​ការជួយ​ដល់​ផ្នែក​សង្គម​កម្ពុជារួមមាន​៖១-​កាត់បន្ថយ​នូវ​ការបោះបង់​សាលា​របស់​យុវជន​២-​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​យុវជន​៣-​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ក្នុងចំណោម​យុវជន និង​អ្នកគាំទ្រ​បាល់​ទាត់៤-​បង្កើន​ការយល់ដឹង​អំពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង ពិសេស​ជំងឺអេដស៍ ហើយ​បច្ចុប្បន្ននេះគឺ​ជំងឺ​កូ​វីដ​-១៩៥-​ផ្ដល់​ឲ្យ​យុវជន និង​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជាជៀស​ផុស​ពី​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដោយ​សង្គ្រាម​៦-​បាន​អប់រំ​ដល់​ពលរដ្ឋ និង​យុវជន​កម្ពុជារួមគ្នា​ក្នុងការ​ថែរក្សា​បរិស្ថាន និង​អនាម័យ។​​ចំពោះ​ការរួមចំនែក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​វិញ ឯកឧត្តម​ថា តាមរយៈ​បាល់ទាត់ធ្វើ​ឲ្យ​បរទេស​ស្គាល់​កម្ពុជា​កាន់តែច្បាស់ ដែលជា​ប្រទេស​សម្បូរ​ដោយ​តំបន់​ទេសចរណ៍ពិសេស​ប្រាសាទបុរាណ ដោយបាន​ទាក់ទាញ​អ្នក​ទេសចរណ៍តាម​រយៈ​បាល់ទាត់ ក្នុងនោះ​ក៏មាន​អ្នកវិនិយោគ​បាន​ចាប់អារម្មណ៍ ហើយ​បានមក​បណ្ដាក់ទុន​មករក​ស៊ី​នៅ​កម្ពុជា បង្កើន​ការងារ​ជូន​ប្រជាជន​កម្ពុជា បង្កើន​ប្រាក់ចំណូល ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជាមានការ​រីកចម្រើន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Paul Pogba ខិតជិត​ការ​ត្រលប់​ទៅកាន់ Juventus វិញ

2022/06/24 05:52:30 pm        132
​បាល់ទាត់៖ ​ខ្សែបម្រើ​បារាំង Paul Pogba កាន់តែ​កៀក​ក្នុង​ការវិល​ត្រលប់​ទៅកាន់​សេះបង្កង់ Juventus វិញ ខណៈដែល​ភ្នាក់ងារ​របស់​កីឡាករ​បារាំង​រូបនេះ​ចាប់ផ្តើម​ចរចា ​ជាមួយ​ក្លិប​អ៊ីតាលី​ថ្ងៃ​ព្រហស្បតិ៍​ម្ស​លិ​មិញ​។ ​​Paul Pogba បាន​ក្លាយជា​កីឡាករ​ដែល​នៅ​ទំនេរ​បន្ទាប់ពី​ចាកចេញ​ពី Manchester United ក្រោយ​ចំណាយពេល ៦រដូវ​កាល​នៅ Old Trafford និង​សំរេចចិត្ត​មិន​បន្ត​កិច្ចសន្យា​ថ្មី​។ ​​សារព័ត៌មាន Sky Sports អ៊ីតាលី​ក៏បាន​ចុះផ្សាយ​ដែរ​ថា Pogba និង Juventus ឈានដល់​កិច្ចព្រមព្រៀង​ទៅហើយ ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣ ទៅ ៤ឆ្នាំនឹង​ចុះហត្ថលេខា​នៅ​ដើមខែ​កក្កដា​ខាងមុខ​។ ​​រំលឹកថា Paul Pogba បាន​ចូលរួម​ជាមួយ Manchester United ដំបូង​នៅ​ឆ្នាំ២០០៩ ផ្ទេរ​ពី​ក្លិប​បារាំង Le Havre ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​។ ​តែ​នៅ​ឆ្នាំ២០១២ Pogba បាន​ចាកចេញ​នៅពេល​កិច្ចសន្យា​សន្យា​អស់​សុពលភាព​នៅ​ខែកក្កដា ​ឆ្នាំ២០១២ ក្រោយ​បង្ហាញខ្លួន​ឱ្យ Manchester United ត្រឹម ៧ប្រកួត​ប៉ុណ្ណោះ​។ ​ទៅដល់ Juventus, Paul Pogba បានឈ្នះ​ពាន​សំខាន់​ចំនួន ៨ នៅ​ទីក្រុង Turin បូករួម​ទាំង​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា​។​​ត្រលប់​មកកាន់ Manchester United, Paul Pogba បានឈ្នះ​ពាន EFL Cup និង UEFA Europa League ក្នុង​រដូវ​កាល​ដំបូង​នៃ​ការវិល​ត្រលប់​របស់ខ្លួន​។ ​​សរុបមក Paul Pogba បង្ហាញខ្លួន​សរុប ២៣៣ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៣៩គ្រាប់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United និង​បង្ហាញខ្លួន​ចុងក្រោយ​នៅពេល​ជួប Norwich City កាលពី​ខែមេសា និង​ត្រូវបាន​អ្នកគាំទ្រ​ខ្លួនឯង​ហ៊ោ​ប្រមាថ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​ទោចក្រយាន​រៀបចំ​យុទ្ធនាការ “​ប្រជាជន​ម្នាក់ ​កង់​មួយ​គ្រឿង​” ដើម្បី​ផ្សព្វផ្សាយ​ស៊ី​ហ្គេម២០២៣

2022/06/24 05:22:21 pm        859
​ទោចក្រយាន​៖ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបានរៀបចំ​យុទ្ធនាការ “​ប្រជាជន​ម្នាក់ កង់​មួយគ្រឿង ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣” ដើម្បី​បំផុស​វិស័យ​មួយ​នេះ​ផង និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ផង។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ បន្ទាប់ពី​យុទ្ធនាការ​មួយ​នេះត្រូវ​បានរៀបចំ​ផ្ដើមចេញពី​ខេត្ត​កែបកាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ប្រមាណ ១០០​នាក់។​ លោក​បន្ដថា កម្មវិធី​នេះរៀបចំឡើង​ក្រោម​គម្រោង​ឧបត្ថម្ភ​គាំទ្រ​ របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្ដរជាតិដោយ​ក្នុង ១​ឆ្នាំ សហព័ន្ធ​គ្រោង​រៀបចំ​យ៉ាងហោច ៣​ដងនៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍ ពិសេស​ខេត្ត​ត្រៀមរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជាក់ស្ដែង​បន្ទាប់ពី​ខេត្ត​កែប សហព័ន្ធ​គ្រោង​រៀបចំ​នៅ​ខេត្តសៀមរាបនាពេល​ឆាប់ៗខាងមុខ។​​តាមរយៈ​នេះក្នុងនាម​សហព័ន្ធ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋក៏ដូចជា​យុវជន​-​យុវតីចូលរួម​ជិះ​កង់ និង​លេង​កីឡា​ឲ្យ​បាន​ច្រើន​កុះករដើម្បី​បង្កើត​ចំណងមិត្តភាព សាមគ្គីភាព និង​ទទួលបាន​សុខភាព​ល្អ ក៏ដូចជា​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ផង ពិសេស​ដើម្បី​ផ្សព្វផ្សាយ និង​អបអរសាទរ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ អាជ្ញាធរមីន៖ សមិទ្ធផលជិត២០ឆ្នាំនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលបានរួមចំណែកកសាងសហគមន៍មានសុវត្ថិភាព ខណៈកម្ពុជាប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីដែលបង្កឡើងដោយប្រទេសថៃ
08/11/2026 04:08 PM
ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើប បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងសហគមន៍
08/11/2026 03:08 PM
ទីភ្នាក់ងារ៖ កូរ៉េខាងត្បូងប្តេជ្ញារក្សាជំហររបស់ខ្លួនមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
08/11/2026 03:08 PM
រុស្ស៊ីព្រមានអ៊ុយក្រែនកុំឲ្យធ្វើសកម្មភាពបង្កហេតុណាមួយប្រឆាំងនឹងប្រទេសបេឡារុស
08/11/2026 03:08 PM
ឯកអគ្គរដ្ឋទូតរុស្ស៊ីរិះគន់ទណ្ឌកម្មថ្មីរបស់កាណាដាថា ជាការបង្ហាញអាកប្បកិរិយាឥតប្រយោជន៍
08/11/2026 03:08 PM
អ៊ីស្រាអែលទទួលស្គាល់ថា ការចរចាកំពុងដំណើរការលើគ្រប់វិស័យសំខាន់ៗ
08/11/2026 03:08 PM
ស្ថានទូត៖ រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបចំពោះវត្តមានរបស់ NATO ដែលកំពុងកើនឡើង នៅហ្វាំងឡង់
08/11/2026 03:08 PM
លោក TRUMP អះអាងថា ច្រកសមុទ្រហ័រមូសត្រូវបានបោសសម្អាតមីនទាំងស្រុង
08/11/2026 03:08 PM
កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
08/11/2026 03:08 PM
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០
08/11/2026 03:08 PM