ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

ឯកឧត្តម​បណ្ឌិត ថោង ខុន បំផុស​ការ​ស្ម័គ្រចិត្ត​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ខណៈ​នៅ​សល់​តែ ៣១៦​ថ្ងៃ​ទៀត​

2022/06/24 05:00:40 pm        395
​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បំផុស និង​ជំរុញ​អ្នកសារព័ត៌មាន​ទាំងអស់ត្រូវ​ស្ម័គ្រចិត្ត ​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខណៈ​នៅសល់​ពេល​តែ ៣១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ​ឯកឧត្តម​មានប្រសាសន៍​បែបនេះ នៅក្នុង​វេទិកា​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការសហការ​រៀប​ចំរវាង​ក្រសួងព័ត៌មាន និង​គណៈកម្មាធិការ​ CAMSOC ​ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ផងដែរ។​ ​ឯកឧត្តម​បណ្ឌិត ថោង ខុន បន្ដថា ការងារ​ជំរុញ និង​ការបញ្ជ្រាប​ការយល់ដឹង​របស់​អ្នកសារព័ត៌មានអំពី​បញ្ហា​ស៊ី​ហ្គេម គួរតែ​ត្រូវបាន​បង្កើនតាមរយៈ​ការផ្សព្វផ្សាយ​របស់ខ្លួន។ ដូច្នេះ​បណ្ដា​សារព័ត៌មាន​ទាំងអស់ត្រូវ​ដុតដៃ​ដុតជើង ពិសេស​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដោយ​ស្ម័គ្រចិត្ត ស្របតាម​គោលការណ៍​ CAMSOC ​ដូចជា​ការជំរុញ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ កម្ពុជា​ស្អាត កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿង​ញៀន​ជាដើម។​​​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា​នេះកម្ពុជា​នៅសល់ ៣១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡាអាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕​អត្ថបទ៖ លី ឈុន​ឡា

Nadal ចាប់ផ្តើម​រដូវ​កាល​ប្រកួត​លើ​ទីលាន​ស្មៅ​យកឈ្នះ Wawrinka ត្រៀម Wimbledon

2022/06/23 10:06:16 pm        112
វាយកូនបាល់៖ ​​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បានចាប់ផ្តើម​រដូវ​កាល​ប្រកួត​លើ​ទីលាន​ស្មៅ​របស់ខ្លួន ​ជាមួយនឹងជ័យជំនះ​លើ​កីឡាករ​ស្វីស Stanislas Wawrinka ក្នុងការ​ប្រកួត​កម្មវិធី Giorgio Armani Tennis Classic​។ ​​មិនមាន​សញ្ញាណាមួយ​ពី​ការរំខាននៃ​បញ្ហា​របួស​ជើង​របស់ Nadal ដែល​ទទួលរង​នៅ French Open កាលពី​ដើមខែ​ឡើយ ពោលគឺ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-២ និង ៦-៣​។ ​​នេះ​ជាការ​ប្រកួត​ដំបូង​របស់ Rafael Nadal នៅលើ​ទីលាន​ស្មៅ​តាំងពី​ឆ្នាំ២០១៩​។ ​​សូម​បញ្ចា​ក់ថា Nadal បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា គេ​នឹងចូលរួម​ការប្រកួត Grand Slam, Wimbledon ឆ្នាំនេះក្នុងការ​ប៉ុនប៉ង​ចង់​ឈ្នះ​ពាន Grand Slam បី​ជាប់​គ្នាបន្ទាប់ពី​ជើង​ឯក Australian Open និង French Open ក្នុងឆ្នាំនេះ​។​​ងាក​មក​សកម្មភាព​ការប្រកួត​កម្មវិធី​ផ្សេងទៀត កីឡាករ​កំពូល​របស់​រុស្ស៊ី Daniil Medvedev បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​កម្មវិធី Mallorca Championship នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ​រុស្ស៊ី Aslan Karatsev​។ ​​Medvedev ជា​អ្នកការពារ​តំណែង​ជើងឯក​នៅទីនេះ តែ​ចាប់ផ្តើម​សិត​ដំបូង Karatsev យកឈ្នះ ៦-៤ មុនពេល Medvedev វាយបក​យកឈ្នះ​វិញ​ពីរ​សិត​ផ្ទួនៗ ៦-៣ និង ៦-២ ដោយ​ចំណាយពេល​អស់ ២ម៉ោង ១៩នាទី​។ ​​ជុំ​បន្ត Daniil Medvedev នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Roberto Bautista Agut ដែល​ឡើង​ដោយស្វ័យប្រវត្តិ​ក្រោយ​គូប្រកួត Nick Kyrgios ដកខ្លួន​ដោយសារ​របួស​។ ​​កីឡាករ​ទាំងពីរ Daniil Medvedev និង Aslan Karatsev សុទ្ធតែ​មិនអាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon បាន​ដោយសារប្រទេស​ម្ចាស់ផ្ទះ​ហាមប្រាម​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ពាក់ព័ន្ធ​នឹងសង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Henrikh Mkhitaryan ផ្លាស់​ពី AS Roma មកកាន់ Inter Milan ផ្លូវការ

2022/06/23 09:36:10 pm        105
បាល់ទាត់៖ ​​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Manchester United, Henrikh Mkhitaryan បាន​ផ្លាស់​មកកាន់ Inter Milan ជា​ផ្លូវការ​ហើយ​ក្រោយ​បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​នៅ AS Roma​។ ​​Mkhitaryan បាន​ចំណាយពេល ៣រដូវ​កាល​នៅ Roma និង​ជា​សមាជិក​សំខាន់​របស់ Roma ឈ្នះ​ជើងឯក UEFA Europa Conference League រដូវ​កាល​កន្លងមក​។ ​​រដូវ​កាល​មុននេះកីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប ៤៤ប្រកួត​រកបាន ៥គ្រាប់ និង​បញ្ជូន ៩ ឱ្យ Roma ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Jose Mourinho​។ ​​រំលឹកថា កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​ជំរើស​អា​មេ​នី​រូបនេះ​ធំ​ឡើង​នៅ​ពេល​ប្រកប​អាជីព​ជាមួយ Borussia Dortmund ដោយ​ធ្លាប់ជា​កីឡាករ​ដែលមាន​ស្ថិតិ​បញ្ជូន​ច្រើន​បំផុត​នៅ​រដូវ​កាល ២០១៥-១៦​។ ​​ក្រោយមក Mkhitaryan ក៏បាន​ផ្លាស់​មកកាន់ Manchester United ក្នុងតម្លៃ ៣០លាន​ផោន​ដោយ​បង្ហាញខ្លួន​សរុប ៦៣ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cardiff City បើក​ការចរចា​ក្នុង​ការ​ផ្ទេរ Gareth Bale

2022/06/23 07:41:00 pm        70
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​វែ​ល Cardiff City បានចាប់ផ្តើម​បើក​ការចរចា​ជាមួយ​តំណាង​របស់ Gareth Bale ក្នុងការ​ផ្ទេរ​ប្រធាន​ក្រុម​វែ​ល​រូបនេះ​មកកាន់​ទឹកដី​កំណើត​។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​កំពុង​នៅ​ទំនេរ ​បន្ទាប់ពី​កិច្ចសន្យា​របស់គេអស់​សុពលភាព​ជាមួយ Real Madrid​។ ​​​យ៉ាងណាក្តីការចរចា​មិនទាន់​ចេញ​ជា​ផ្លែផ្កា​ឡើយ ខណៈដែល​ភ្នាក់ងារ​របស់ Bale ក៏​កំពុង​ទទួលបាន​សំណើ​ជាច្រើន​ពី​ក្លិប​ផ្សេងទៀត​ផងដែរ​។ ​Gareth Bale ធ្លាប់បាន​បញ្ជាក់ថា ក្លិប​បន្ទាប់​ដែល​រូបគេ​នឹង​បន្ត​អាជីព​នោះ​ គឺជា​ក្លិប​ដែល​គេ​មានឱកាស​លេង​បាល់​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ក្នុង​គោលដៅ​រួម​ដំណើរ​ជាមួយ​ក្រុម​វែ​ល​ទៅកាន់ World Cup ចុងឆ្នាំ​នេះ​។ ​សូមបញ្ជាក់ថា ​វែ​ល​ទើបតែ​បានទទួល​កៅអី World Cup នៅ​កាតា​កាលពីដើម​ខែ ក្រោយ​យកឈ្នះ​អ៊ុយ​ក្រែ​នៅ​វគ្គ Play-Off ផ្តាច់ព្រ័ត្រ​។​​រំលឹកថា អាជីព​របស់ Bale នៅ Real Madrid ត្រូវបាន​រំខាន​ខ្លាំង​ដោយសារ​បញ្ហា​របួស ខណៈ​រយៈពេល ៩ឆ្នាំ​នៅ Real Madrid, Gareth Bale បង្ហាញខ្លួន ២៥៨ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ១០៦គ្រាប់ ឈ្នះ​ពាន La Liga ៣លើក និង UEFA Champions League ៥លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការចរចា​មិនទាន់​សម្រេច​តែ Antony ថា​ពិតជា​ផ្លាស់​ទៅកាន់ Manchester United

2022/06/23 06:54:58 pm        124
​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល​របស់​ក្លិប​ Ajax, Amsterdam, Antony បានបញ្ជាក់​ពី​គោល​បំណង​ចង់​ផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United បើទោះជា​ការចរចា​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​។ ​​Manchester United ត្រូវបាន​គេ​ដឹងថា មាន​ចំណាប់អារម្មណ៍​ក្នុងការ​នាំយក​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះ​មកកាន់ Old Trafford តាមរយៈ​អតីត​អ្នកចាត់ការ Ajax លោក Erik ten Hag​។ ​អាច​និយាយ​បាន Antony ជា​គោលដៅ​បន្ទាប់​ផងដែរ​សំរាប់ Manchester United បន្ទាប់​ក្លិប​មួយ​នេះ​បរាជ័យ​ក្នុងការនាំយក​ខ្សែប្រយុទ្ធ Benfica, Darwin Nunez ដែល​ផ្លាស់​ទៅកាន់ Liverpool​។​​​សូមបញ្ជាក់ថា Antony បាន​ក្លាយជា​សមាជិក​សំខាន់​របស់ Ajax ក្នុង​រយៈពេល ១៨ខែ​កន្លងមក​បន្ទាប់ពី​ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo ហើយ​ក្លិប​ប្រេ​ស៊ី​ល​មួយ​នេះ​ក៏​នឹង​ទទួលបាន​លាភសក្ការៈ​ផងដែរ​ ប្រសិន​ការផ្ទេរ​បានសំរេចដែលជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​កន្លងមក​។ ​​តម្លៃ​នៃ​ការផ្ទេរ​របស់​កីឡាករ​រ​ប្រេ​ស៊ី​ល Antony ពី Ajax ត្រូវបាន​គេ​ដឹងថា​ក្នុង​រង្វង់​ពី ៥០ ទៅ ៦០លាន​អឺរ៉ូ​។ Manchester United បច្ចុប្បន្ន​ក៏​កំពុង​ចរចា​ទិញ​ខ្សែប្រយុទ្ធ Barcelona, Frankie de Jong ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sadio Mane ផ្លាស់​ទៅ Bayern Munich ផ្លូវការ​តម្លៃ ៣៥​លាន​ផោន

2022/06/23 06:33:08 pm        146
​បាល់ទាត់៖ ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane បាន​ផ្លាស់​ទៅកាន់​ក្លិប​អាល្លឺម៉ង់ Bayern Munich ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​ផ្ទេរ ៣៥លាន​ផោន​ពី​ហង្ស​ក្រហម Liverpool​។ ​​Liverpool នឹង​ទទួលបាន​តម្លៃ​ផ្ទេរ ៣២លាន​អឺរ៉ូបូក​នឹង​ប្រាក់​បន្ថែម ៦លាន​អឺរ៉ូ​ផ្សេងទៀត​អាស្រ័យ​លើ​ការបង្ហាញ​ខ្លួន​របស់ Mane នៅ Bayern Munich ហើយ​បូក​រួមទាំង ៣លាន​អឺរ៉ូ​សំរាប់​សមិទ្ធផល​ផ្ទាល់ខ្លួន និង​សមិទ្ធផល​ក្រុម​។ ​​សូមបញ្ជាក់ថា ​មុន​មកដល់​ការផ្ទេរ​ជា​ផ្លួ​វ​ការ​នេះ Liverpool បាន​ច្រានចោល​សំណើ​ទិញ Sadio Mane ពីរលើក​រួចមកហើយ​ពី Bayern Munich​។ ​​រំលឹកថា Sadio Mane បានមក​កាន់ Liverpool កាលពី​ឆ្នាំ២០១៦ ផ្ទេរ​ពី Southampton ក្នុងតម្លៃ ៣៤លាន​ផោនឈ្នះ​ពាន​សំខាន់ៗ​ចំនួន ៦ ជាមួយ Liverpool ដែល​រួមមាន English Premier League, UEFA Champions League, FA Cup, EFL Cup, UEFA Super Cup និង FIFA Club World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​៖ គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំងអស់​ត្រូវ​ធានា​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ជា​និស្សិត​រៀន​ពេញ​ម៉ោង​

2022/06/23 06:20:51 pm        175
​កីឡា​ឧ​ត្ត​មសិ​ក្សា៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាបាន​មានប្រសាសន៍ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់ត្រូវ​ចាត់តាំង​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស តែ​និស្សិត​ដែល​បាន​សិក្សា​ពេញ​ម៉ោង​នៅ​គ្រឹះស្ថាន​របស់ខ្លួន​ពិតប្រាកដ​ប៉ុណ្ណោះ ជៀសវាង​ការបន្លំ​កីឡាករ​-​កីឡាការិនី។​ ​ការ​សង្កត់ធ្ងន់​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​ផ្លូវការនៃ​ព្រឹត្តិការណ៍​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញកាលពី​ល្ងាច​​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២។ ឯកឧត្តម​មានប្រសាសន៍​បែបនេះ ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព ស្របតាម​ស្មារតី​កីឡា ពិសេស​គោលការណ៍​ Fair-Play ​តែម្ដង។​ ​ក្នុងឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ក្រើន​រំ​លឹក​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជនឲ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការពង្រឹង និង​ពង្រីក​វិស័យ​អប់រំ​កាយ និង​កីឡានៅក្នុង​សាលារៀន ពិសេស​រៀបចំ​កម្មវិធី​កីឡាដើម្បី​សុខភាព ភាពសប្បាយ​រីករាយ បញ្ញា​វាងវៃ បង្កើន​គុណភាព​សិក្សា ហើយ​ជ្រើសរើស​និស្សិតដែលមាន​ទេពកោសល្យ និង​ស្រលាញ់​វិស័យ​កីឡាតាម​ប្រភេទ​កីឡា​នីមួយៗ ​ហ្វឹកហាត់​ឲ្យ​បាន​ហ្មត់ចត់​ចូលរួម​ការប្រកួត​នានា។​​លើក​ពីនេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឲ្យ​មាន​ចុះឈ្មោះ​ជា​សមាជិកភាព​ ជាមួយ​ស​ហ​ព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា​ ​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​សមាជិកនៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​សាធារណៈ និង​ឯកជន ដើម្បី​ធ្វើ​សកម្មភាព​កីឡា​ឲ្យ​បាន​ខ្លាំងក្លា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ព្រោះ​កីឡាករ​-​កីឡាការិនី​ដែលមាន​សមត្ថភាព និង​ទេពកោសល្យនឹង​ក្លាយជា​និស្សិត​តំណាង​កម្ពុជា ​ចូលរួម​ការប្រកួត​កីឡា​សិស្ស​-​និស្សិត​អាស៊ាន ហើយក៏​មានឱកាស​ចូល​រួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជា នា​ឆ្នាំក្រោយ​ផងដែរ។​ ​ពាក់ព័ន្ធ​ជាមួយ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ឆ្នាំនេះ​វិញ លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះមាន​រយៈពេល ១០​ថ្ងៃចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ប្រតិភូ កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៤៤៣​នាក់មកពី​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​រុ​ប​ចំនួន​ ៣៨ ដែល​ប្រកួត​លើ ១២​ប្រភេទ​កីឡាស្មើនឹង ៨៨​វិញ្ញាសា។​​ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​ពេញ​ម៉ោង​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេសបាន​ចូលរួម​ប្រកួតប្រជែង​ និង​ផ្តល់​លទ្ធភាព​ជូន​សហព័ន្ធ​កីឡា​ជាតិ យក​ការប្រកួត​នេះធ្វើជា​មូលដ្ឋាន​អនុវត្ត​ការងារ ក៏ដូចជា​រៀបចំ​ការប្រកួត ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣៕​អត្ថបទ៖ លី ឈុន​ឡា

NOCC ​យក​វេទិកា​ទិវា​អូឡាំពិកដើម្បី​បញ្ជ្រាប​គុន​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម​

2022/06/23 05:42:31 pm        555
អូឡាំពិក​៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ បានរៀបចំ​នូវ​កម្មវិធី​ទិវា​អូឡាំពិក ឬ​ Olympic Day ​នៅ​ខេត្ត​កែប ដើម្បី​បញ្ជ្រាប​អំពី​គុណ​តម្លៃ​អូឡាំពិក​ផង និង​ផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​កម្មវិធី​នេះបានរៀបចំ​នៅ​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចរិយា​វង្ស និង​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី​ចំការ​ដូង ដោយមាន​សិស្សានុសិស្ស​ចំនួន ៧០​នាក់​ចូលរួមក្រោម​ការធ្វើ​បទ​បង្ហាញ​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិ​ការ​​ជាតិ​អូឡាំពិក​កម្ពុជា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ថា កម្មវិធី​រៀបចំឡើងដើម្បី​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូឡាំពិក ពិសេស​អត្ថប្រយោជន៍​នៃ​ការលេង​កីឡាដល់​សិស្សានុសិស្ស។ ហើយ​ក្នុងឱកាស​នោះក៏មាន​ការបញ្ជ្រាប​នូវ​ការផ្សព្វផ្សាយ​ ពីការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាង​ផងដែរ ពិសេស​ខេត្ត​កែប​ផ្ទាល់ក៏​នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ប្រភេទ​កីឡា​មួយចំនួន ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដែរ។​​លោក​បន្ដថា ក្រៅពី​ការធ្វើ​បទ​បង្ហាញ​អំពី​ទ្រឹស្ដី​កីឡា និង​ចលនា​អូឡាំពិកដល់​សិស្សានុសិស្ស នៅ​ថ្ងៃទី​២៣ ខែមិថុនា​នេះគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹងមាន​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដ​មួយនៅ​ជុំវិញ​ក្រុងកែប ដោយ​នឹងមាន​សិស្សានុសិស្សរួមជាមួយ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង ដែល​កំពុង​បោះជុំរុំ​ហ្វឹកហាត់​នៅ​ទីនោះចូលរួម​ជិះ​កម្សាន្ដ ដើម្បី​អបអរ​ទិវា​អូឡាំពិក និង​អបអរ​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាវាយកូនគោល​ដាក់​ចេញ​អភិក្រម​តម្រង់​ទិស ៣​ចំណុច​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ត្រៀម​ស៊ី​ហ្គេម២០២៣

2022/06/23 05:20:21 pm        40
​វាយកូនគោល៖ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជាបានដាក់​ចេញ​នូវ​គោលការណ៍ និង​អភិក្រម​តម្រង់ទិស ៣​ចំណុច ដើម្បី​ជំរុញ និង​ធានាបាន​នូវ​ការអភិវឌ្ឍ​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ក្នុងដំណាក់កាល​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធក្នុង​សន្និបាត​បូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០២០-២០២១ និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ដ​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២២ ខែមិថុនា​ម្សិលមិញ។​​ឯកឧត្តម ជា បូរ៉ា បាន​ថ្លែង​កោតសរសើរចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផលដែល​សហព័ន្ធ​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក ហើយ​ក្នុងនាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​សហព័ន្ធ ឯកឧត្តម​បានដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​មួយចំនួន សម្រាប់​អង្គសន្និបាត​យក​ធ្វើជា​គោលការណ៍ និង​អភិក្រម​តម្រង់ទិសរួមមាន​៖ ១-​យក​បទពិសោធន៍ និង​បញ្ហា​ប្រឈម​ការងារ​កន្លងមកធ្វើជា​កាលា​នុ​វ​ឌ្ឍ​ភាព នៃ​ការកែលម្អ​ចំណុច​ខ្វះខាត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាវាយកូនគោល​កម្ពុជា​ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​ ២-​គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មការ​ជំនាញ​ទាំងអស់ត្រូវ​ពង្រឹង​យន្តការ​ការងារ ដោយ​គោរព​ក្រម​ប្រតិបត្តិ និង​ក្រមសីលធម៌​ការងារ​ឲ្យ​បាន​ខ្ជាប់​ខ្លួន ដោយ​អនុវត្តតាម​ការណែនាំ​តម្រង​របស់​ថ្នាក់ដឹកនាំ ដើម្បី​បង្កើត​សុខដុម​នីយកម្ម​ការងា​រ និង​ប្រ​សិ​ទ្ឋ​ភាព​ការងារ​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា។​ ៣-​ផែនការ​សកម្មភាព​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ពិត​ជាមាន​សារៈសំខាន់ និង​ជា​ពេលវេលាត្រៀម​សហការ​រៀបចំ​ការប្រកួត ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងន័យនេះសូម​គណៈកម្មាធិការ​ប្រតិបត្តិ និង​គណៈកម្មការ​ជំនាញ​ដាក់ចេញ​នូវ​ការប្តេជ្ញាចិត្ត ឆន្ទៈ​មោះមុត ដែលជា​សម្មិតិ​កម្ម​គន្លឹះក្នុង​ភាពជោគជ័យ​សម្រាប់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។​​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ដើម្បី​សម្រួច​បាន​ផ្លែផ្កា​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ លុះត្រា​មានការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ទាំង​សហព័ន្ធ និង​កីឡាករ​-​កីឡាការិនី។ ប៉ុន្ដែ​ផ្អែកលើ​សមិទ្ធផល​កន្លងមក ឯកឧត្តម​មាន​សុទិដ្ឋិនិយម​ថា កីឡាវាយកូនគោលនឹង​អាចបង្កើត​កំណត់ត្រា ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ទន្ទឹម​ជាមួយគ្នា​ផងដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍ និង​ផ្ដល់នូវ​ការណែនាំ​បន្ថែម​ដល់​សហព័ន្ធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន ពិសេស​លើ​ការងារ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី ដ្បិត​ស៊ី​ហ្គេមនៅសល់​ពេល​ប្រហែល ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​សហព័ន្ធត្រូវ​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុងការ​ស្វែងរក​មេដាយ។ ចំណែក​កីឡាករ​-​កីឡាការិនី និង​គ្រប់ភាគី​ពាក់ព័ន្ធក៏ត្រូវ​មានការ​ប្ដេជ្ញាចិត្ត និង​មាន​ឆន្ទៈ​ខ្ពស់ទើប​អាច​សម្រេច​គោលដៅ​មួយ​នេះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

Carlos Tevez ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​ប្រេ​ស៊ី​ល Rosario Central

2022/06/22 09:56:24 pm        161
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន Carlos Tevez ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​នៃ​ក្លិប​បាល់ទាត់​អា​ហ្ស​ង់​ទីន Rosario Central នេះ​បើតាម​ការ​បញ្ជាប់​របស់​ក្លិប​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ​​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Manchester City និង Juventus រូបនេះបាន​ចុះហត្ថលេខា​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​មួយ​រយៈពេល ១២ខែដែលជា​ការងារ​ដំបូង​នៃ​អាជីព​ជា​គ្រូបង្វឹក​របស់ខ្លួន​។ ​បុរស​វ័យ ៣៨ឆ្នាំ​រូបនេះ​បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​កាល​ដើមខែ​សីហា​នេះ បន្ទាប់ពី​ប្រកប​អាជីព​ជាមួយ​ក្លិប​ដើម Boca Junior ជា​លើក​ទី៣ ពោលគឺ Boca Junior ជា​ក្លិប​ដែល​គេ​បានចាប់ផ្តើម​អាជីព​តាំងពី ២០ឆ្នាំមុន​។ ​​Carlos Tevez ធ្លាប់​ប្រកប​បាល់ទាត់​អាជីព​ជាមួយ​ក្លិប​ជាច្រើន​ដូចជា Juventus, Corinthians, Shanghai Shenhua និង​ពីរលើក​ជាមួយ Boca Junior​។​​ចំណែក​នៅ Premier League វិញ Carlos Tevez បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ West Ham ពី​ការ​កាត់ចោល​កាលពី​ឆ្នាំ២០០៧ មុនពេល​ផ្លាស់​មកកាន់ Manchester United ឈ្នះ​ពាន Premier League ពីរលើក និង​បន្តទៅ Manchester City នៅ​ឆ្នាំ២០០៩ និង​ឈ្នះ​ពាន Premier League មួយ​លើក​នៅ​ឆ្នាំ២០១២​។ ​​សរុប​រួម​រយៈពេល ៧ឆ្នាំ​នៅ​ទឹកដី​អង់គ្លេស Tevez បង្ហាញខ្លួន​សរុប ២០២ប្រកួត​រកបាន ៨៤គ្រាប់​។ ​​Carlos Tevez ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៤ នៅពេល​អា​ហ្ស​ង់​ទីន​ជួប​អេ​ក្វា​ដ័​រ និង​សរុប​បង្ហាញខ្លួន​បាន ៧៦លើក ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលតំបន់ Ceuta អំពាវនាវឲ្យមានការឃុំខ្លួនជនអន្តោប្រវេសន៍ក្នុងពេលមានវិបត្តិសម្រុកចូលទ្រង់ទ្រាយធំ
08/11/2026 04:08 PM
រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់កូឡុំប៊ី ទទួលស្គាល់ការអះអាងរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាប Golan
08/11/2026 04:08 PM
អាមេរិក លុបចោលទិដ្ឋាការជាង១៧៥.០០០ចាប់តាំងពីអាណត្តិទីពីររបស់លោកTrump ចាប់ផ្តើម
08/11/2026 04:08 PM
លោក Trump អះអាងពីការគ្រប់គ្រងទាំងស្រុងច្រកសមុទ្រ Hormuz ខណៈអ៊ីរ៉ង់កំណត់លក្ខខណ្ឌបើកច្រកសមុទ្រឡើងវិញ
08/11/2026 04:08 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់និយាយថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី រៀបចំជិតរួចរាល់ មុនសភាបោះឆ្នោតអនុម័ត
08/11/2026 04:08 PM
អនុប្រធានទី១ អាជ្ញាធរមីន៖ សមិទ្ធផលជិត២០ឆ្នាំនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលបានរួមចំណែកកសាងសហគមន៍មានសុវត្ថិភាព ខណៈកម្ពុជាប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីដែលបង្កឡើងដោយប្រទេសថៃ
08/11/2026 04:08 PM
ការចូលជាសមាជឹកសហគមន៍កសិកម្មទំនើប បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងសហគមន៍
08/11/2026 03:08 PM
ទីភ្នាក់ងារ៖ កូរ៉េខាងត្បូងប្តេជ្ញារក្សាជំហររបស់ខ្លួនមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
08/11/2026 03:08 PM
រុស្ស៊ីព្រមានអ៊ុយក្រែនកុំឲ្យធ្វើសកម្មភាពបង្កហេតុណាមួយប្រឆាំងនឹងប្រទេសបេឡារុស
08/11/2026 03:08 PM
ឯកអគ្គរដ្ឋទូតរុស្ស៊ីរិះគន់ទណ្ឌកម្មថ្មីរបស់កាណាដាថា ជាការបង្ហាញអាកប្បកិរិយាឥតប្រយោជន៍
08/11/2026 03:08 PM