កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ACGL៖ លោក Oleg បង្ហាញពីចំណុចខ្វះខាតក្រុម ស្របពេលគ្រូព្រះខ័នរាជ ថា​លទ្ធផល​ល្អ​ជាង​របៀប​លេង

2026/03/06 05:26:22 pm        275
ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមភ្នំពេញក្រោន រហូតលទ្ធផល ៤-១ ស្ទើរ​មិន​គួរ​ជឿ ​នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី​ AFC Challenge League (ACGL) 2025/26 កាលពីរាត្រីថ្ងៃទី៥ ខែមីនាកន្លងទៅ នៅព​ហុកីឡដ្ឋានជាតិ(អូឡាំពិក)។ជាមួយការបរាជ័យក្នុងដី ដោយរបូតច្រើនគ្រាប់នេះ គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន សម្រាប់កូនក្រុម គឺកង្វះខាតការអនុវត្តជាក់ស្ដែងជុំគ្នា ស្របពេលលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ទោះបីទទួលបានជ័យជម្នះ ក្នុងលទ្ធផលគួរឲ្យមានមោទនភាព តែកូនក្រុមធ្វើមិនសូវបានល្អតាមរបៀបលេងនោះទេ។សម្រាប់ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់នេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣នាទី កីឡាករ Moses Dyer រកបានគ្រាប់នាំមុខ ១គ្រាប់ឲ្យភ្នំពេញក្រោន និងបានបន្ដដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់នាទី២៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើវិញ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦៧ និងនាទី៨២ រួមជាមួយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីមិត្ដរួមក្រុម Patrick Robson នៅនាទី៧៥ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង វាយបកឈ្នះភ្នំពេញក្រោន ៤-១។ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានអបអរសាទរព្រះខ័នរាជស្វាយរៀង ដែលទទួលបានជ័យជម្នះ បន្ទាប់ពីការប្រែពីឱកាសទៅជាគ្រាប់បាល់ជាបន្ដបន្ទាប់។ លោកទទួលស្គាល់ពីការប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុងក្នុងជម្រើស ១១នាក់ដំបូង ដោយសារការជឿជាក់លើសមត្ថភាពពួកគេ តែដោយសារការមិនសូវបានលេងជុំគ្នា ដូចជាការប្រកួតក្នុងលីគ បានធ្វើឲ្យពួកគេមានការថមថយ។ ជាមួយគ្នាលោកក៏បានសរសេរខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Kwame Peprah ដែលបានបង្ហាញគុណភាពលេងដ៏អស្ចារ្យ រហូតរកបាន ៣គ្រាប់ម្នាក់ឯងទៀតផង។ចំណែកលោក McConkey Matthew ថា ការប្រកួតនេះ ពិតជាតានតឹង ។ ប៉ុន្ដែនិយាយពីរបៀបលេងក្នុងការប្រកួត លោកថា មិនសូវជាល្អណាស់ណាទេ តែសម្រាប់លទ្ធផល គឺពិតជាល្អណាស់ ។ បែបនេះក្ដីលោកថា ភ្នំពេញក្រោន សមនឹងរកបានគ្រាប់លើសពី ១គ្រាប់ បន្ទាប់ពីពួកគេបានបង្កើតឱកាសជាច្រើន តែធ្វើមិនបានសម្រេច។ ជាមួយគ្នាលោកបានក្រើនរំឮកដល់កូនក្រុម កុំរីករាយពេក ដ្បិតការប្រកួតសល់ ៩០នាទីទៀត ព្រោះរឿងអ្វីៗក៏អាចកើតបានដែរក្នុងបាល់ទាត់។សូមបញ្ជាក់ថា ជំនួបជើង២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមខ្លាំងកម្ពុជាទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១២ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕ អត្ថបទ លី ឈុនឡា 

បឹងកេតឈ្នះកងយោធពលខេមរភូមិន្ទ ខណៈណាហ្គាស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន

2026/03/05 07:36:07 pm        292
ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ស្របពេលក្រុមណាហ្គាវើលដ៏ ស្មើក្រុមភ្ញៀវវិសាខា ២-២ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាលពីថ្ងៃពុធកន្លងទៅ។សម្រាប់ជំនួបនៅកីឡដ្ឋានស្ដាតចាស់ កីឡាករ ឱ ភារុណ បានរកគ្រាប់នាំមុខលើក្រុមម្ចាស់ផ្ទះ ១គ្រាប់ នៅនាទី៤៣ មុនប្រធានក្រុម ម៉ាត់ នូរុណ បន្ថែមគ្រាប់ទី២ ឲ្យបឹងកេត នៅនាទី៧៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីកងយោធពលខេមរភូមិន្ទ មិនអាចស្វែងរកគ្រាប់បាល់វាយបកបានឡើយ។ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺវិញ បានបញ្ចប់ដោយភាពតានតឹង ដោយបន្ទាប់ពីបើកការវាយសម្រុកគ្នាទៅវិញទៅមក កីឡាករ Lucas Oliveira ក៏រកបានគ្រាប់នាំមុខឲ្យណាហ្គាវើលដ៏ នៅនាទី៣២ មុនឈានចូលវគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដូចគ្នា Lucas Dias វាយបកគ្រាប់តាមស្មើឲ្យវិសាខាវិញ នៅនាទី៥៦។ តែប្រមាណ ២០នាទីក្រោយមក ណាហ្គាវើលដ៏ ក៏បើកការនាំមុខជាថ្មី នៅនាទី៧៨ ក្រោយការតែតបញ្ចប់ទីយ៉ាងល្អពីខ្សែការពារ Mateus Martins តែនៅចុងម៉ោង កីឡាករ ថា គ្រីយ៉ា ដែលទើបប្ដូរចូល ក៏បានតែតបញ្ចូលទីគ្រាប់តាមស្មើឲ្យវិសាខាម្ដងទៀត នៅនាទី៩០+៣ ដែលនាំឲ្យក្រុមទាំងពីរ បានត្រឹមស្មើគ្នា ២-២។យ៉ាងណាក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ សល់រយៈពេល ៩០នាទីទៀត ដើម្បីប្រកួតកាត់សេចក្ដី នាជំនួបជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដោយវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមបឹងកេត ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទវិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្រ Galatasaray ត្រូវហាមមិនឱ្យទៅទស្សនានៅទឹកដី Liverpool ជើងទីពីរវគ្គ ១៦ ក្រុម UCL

2026/03/05 07:25:24 pm        220
អ្នកគាំទ្រក្លិបបាល់ទាត់ទួកគី Galatasaray ត្រូវបានហាមមិនចូលរូមទស្សនាការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League នៅពេលធ្វើដំណើរទៅទឹកដីហង្សក្រហម Liverpool។សម្រេចបានបែបនេះធ្វើឡើង បន្ទាប់ពីអ្នកគាំទ្រ Galatasaray បានបង្កភាពចលាចលអំឡុងការប្រកួតទល់នឹង Juventus កាលពីខែមុនក្នុងការប្រកួតវគ្គ Play-Off។ UEFA បានឱ្យដឹងថា អ្នកគាំទ្រក្លិបទួកគីមួយនេះបានបោះវត្ថុរឹង និងកាំជ្រួចចូលក្នុងទីលានអំឡុងការប្រកួតជើងទីពីរនៅទឹកដី Juventus កាលពីថ្ងៃទី ២៥ ខែកុម្ភៈកន្លងទៅ។ ទោះបីជាពួកគេចាញ់នៅទឹកដីអ៊ីតាលី ៣-២ តែ Galatasaray បានឈានឡើងវគ្គបន្តដោយលទ្ធផលសរុបទាំងពីរជើង ៧-៥។ Galatasaray នឹងត្រូវទទួល Liverpool ជើងទីមួយនៅទីក្រុង Istanbul ថ្ងៃអង្គារសប្តាហ៍ក្រោយនេះជើងទីមួយ ខណៈជើងទីពីរត្រលប់ទៅទឹកដី Anfield វិញថ្ងៃទី ១៨ ខែមិនានេះ។យ៉ាងណាក្តី UEFA បានសម្រេចហាមមិនក្លិបកំពុងនាំមុខគេលីគទួកគីមួយនេះលក់សំបុត្រក្រៅដីទៅកាន់កីឡដ្ឋាន Anfield ឡើយ បូករួមទាំងផាកពិន័យជាទឹកប្រាក់ ៤ ម៉ឺនអឺរ៉ូផងដែរ។ ជុំវិញការពិន័យនេះ Galatasaray ថានឹងធ្វើការប្តឹងតវ៉ាផងដែរ៕ អត្ថបទ៖នាង សុភាវុធ

គ្រូព្រះខ័នរាជ និងភ្នំពេញក្រោនថា ជំនួបពានទី៣ ទ្វីបអាស៊ីល្ងាចនេះ នឹងតានតឹងខ្លាំង ដោយសារ​ការស្គាល់គ្នាដូចថ្ងៃ

2026/03/05 05:16:41 pm        348
ជំនួបជាប្រវត្តិសាស្ត្ររវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន  ក្នុងពានរង្វាន់លំដាប់ទី៣ ទ្វីប​អាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ វគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ស្របពេលគ្រូ​បង្វឹក​ទាំង​សង​ខាងបានអះអាងថា ការប្រកួតនេះនឹងមានភាពតានតឹងកាន់តែខ្លាំង ដោយសារ​ក្រុម​ទាំង​ពីរ​ស្គាល់សមត្ថភាពគ្នាទៅវិញទៅមកច្បាស់ និងធ្លាប់តទល់គ្នា​យ៉ាង​ស្វិត​ស្វាញ​ក្នុង​លីគ​កំពូល​កម្ពុជា​។លោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ការប្រកួតថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នាច្រើនដង និងបានស្គាល់ពីគ្នាយ៉ាងច្បាស់ ។ តែ​អ្វី​ដែល​ខុសប្លែកក្នុងជំនួបពានកម្រិតទ្វីបនេះ គឺចំនួនកីឡាករបរទេសលើទីលាន ដែល​នឹង​ជំរុ​ញ​ឲ្យ​មាន​ភាព​តានតឹងកាន់តែខ្លាំង។ រីឯកីឡាករ Peprah Kwame ក៏មិនញញើត ហើយបាន​បង្ហាញ​ការ​តាំង​ចិត្ត និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ។ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន វិញ បាន​ចាត់​ទុក​នេះ​គឺ​ជា​ជំនួប​ប្រវត្តិសាស្ដ្រ​ក្នុង​បាល់ទាត់កម្ពុជា ដែលមានក្លិបតំណាងកម្ពុជា ២ ជួបគ្នាក្នុងពានរង្វាន់អន្ដរជាតិ។ ដោយសារក្រុមទាំងពីរ សុទ្ធតែបានស្គាល់ពីគ្នា នឹងជំរុញឲ្យមានការប្រកួតប្រជែងខ្ពស់លើទីលាន គ្រាដែលកីឡាករ Andres Neito ក៏បានលើកឡើងស្រដៀងគ្នា ជុំវិញជំនួបដ៏កក្រើកក្រុមខ្លាំង ប៉ះខ្លាំង នាល្ងាចនេះផងដែរ។គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមតំណាងកម្ពុជាទាំងពីរ បានជួបគ្នាក្នុងវគ្គដ៏សំខាន់ នៃ​ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ។ ការប្រកួវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើង ២ជើង ដើម្បី​កាត់​សេចក្ដីរកក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី៥ ខែមីនានេះ ខណៈ​ជើង​ទី២ ព្រះខ័នរាជស្វាយរៀង នឹងធ្វើម្ចាស់ផ្ទះវិញម្ដង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

NOCC រៀបចំតម្រាយផ្លូវរត់ពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុ កាន់តែទាក់ទាញ និង​លក្ខខណ្ឌ​ពិសេស​ដល់​ក្រុមជម្រើសជាតិ

2026/03/05 04:41:29 pm        253
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅ នា​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ជាមួយ​ការ​កែ​សម្រួល​តម្រាយ​ផ្លូវ​រត់​កាន់​តែ​វែង​ កាន់តែទាក់ទាញ សម្រាប់អ្នកចូលរួម ខណៈកីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​ចូល​រួម​ នឹងទទួលបានលក្ខខណ្ឌពិសេស មិនត្រូវឲ្យបង់ថ្លៃចុះឈ្មោះចូលរួមឡើយ។នេះ​បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គ​លេខា​ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ការ​ត្រៀម​រៀប​ចំព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ នៅតំបន់ឆ្នេរ កាលពីថ្ងៃពុធកន្លងទៅ ស្រប​ពេល​បច្ចុប្បន្នមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ហើយ ដែលបាន​ចុះ​ឈ្មោះ​ចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នាក្រុងព្រះសីហនុ ចុងខែនេះ។ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងការពារបរិស្ថានតំបន់ឆ្នេរ ដែល​ជា​សមាជិក​ក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាភ្ជាប់ព្រឹត្តទៅនឹងសកម្មភាពសប្បុរសធម៌ និង​ការ​បំផុសចលនាប្រជាពលរដ្ឋចូលរួមសកម្មភាពកីឡាជាដើម។អ្វីដែលប្លែក ឆ្នាំនេះ គណៈកម្មការរៀបចំ នឹងពង្រីកតម្រាយផ្លូវរត់ តាមឆ្នេរកាន់តែវែង ជា​មួយ​កម្រិត​ឡើងចុះភ្នំកាន់តែល្អប្រសើរ ពិសេសស័ក្ដិសមបំផុត សម្រាប់ក្រុមជម្រើសជាតិ និង​អ្នក​ចង់​ប្រកួត​ប្រជែងខ្លួនឯង។ តាមរយៈនេះ ឯកឧត្តម​បាន​អំពា​វ​នាវ​ដល់​ប្រជា​ពលរដ្ឋ​រួស​រា​ន់​ចុះ​ឈ្មោះ​ចូល​រួម​ឲ្យ​បានច្រើន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយផ្លូវរត់ដ៏ទាក់ទាញ ជាពិ​សេស​កីឡាករ​-កីឡាការិនី ដើម្បីបានផ្លាស់ប្ដូរបរិយាកាសហ្វឹកហាត់ ក៏ដូចជាដុសខាតសមត្ថភាពបន្ថែម ស្រប​ពេលគណៈកម្មការរៀបចំ នឹងសម្រួលនូវលក្ខខណ្ឌចុះឈ្មោះឥតគិតថ្លៃដល់កីឡាករ-កីឡា​ការិនី​ជម្រើសជាតិទាំងអស់ នៃសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តទៀតផង។លោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មាធិការម៉ារ៉ាតុង អមគណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិកក​ម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រាយផ្លូវរត់ តាមឆ្នេរសមុទ្រ នៅកម្ពុជា គឺ​កាន់​តែ​វែង​ជាង​គេ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ។ ការកែសម្រួលផ្លូវរត់នេះ ទី១ ដើម្បីអ្នករត់ កាន់​តែ​មាន​អារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់ស្អាត នៅតំបន់ឆ្នេរ ដែលបាន​រៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធកាន់តែទាក់ទាញ ទី២ សម្រួលការ​រត់​ចូល​ក្រុង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។សម្រាប់វិញ្ញាសា នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅ​ខេត្ត​ព្រះសី​ហនុ​ នាថ្ងៃទី២២ ខែមីនាខាងមុខ គឺមាន ៤ រួមមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០​គីឡូ​ម៉ែត្រ​, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ រីឯការចុះឈ្មោះ គណៈកម្មការ នៅ​បន្ដ​ទទួល​រហូត​ដល់​ថ្ងៃព្រឹត្តិការណ៍ ។ យ៉ាងណាដើម្បីសម្រួលការរៀបចំសម្ភារនានា គណៈកម្មការរៀបចំ បាន​សំណូមពរឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿនផងដែរ៕ អត្ថបទ លី ឈុនឡា

ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃពានរង្វាន់ ENEOS ២០២៦ ទទួល​បាន​អ្ន​កចុះ​ឈ្មោះ​ចូល​រួម​ច្រើន​ជាង​ឆ្នាំ២០២៥

2026/03/04 05:44:36 pm        182
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃណ្តើមជើងឯកពានរង្វាន់ ENEOS ឆ្នាំ២០២៦ ដែល​គ្រោង​រៀប​ចំ​រយៈ​ពេល​២​ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់២៩ ខែ មីនា ឆ្នាំ២០២៦ នៅទីលានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រណាំងបានច្រើន បើ​ធៀប​កាល​ពី​ឆ្នាំ​២០២៥​។នេះ​ជាការបញ្ជាក់ឱ្យដឹងពីលោក ពេជ្រ សុខា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្តើម​ជើង​ឯក​ពាន​រង្វាន់​ENEOS ឆ្នាំ២០២៦ កាលពីថ្មីៗនេះ ក្នុងឱកាសបើក​ទីលាន​ឱ្យ​កីឡាករ​កីឡាការិនី​សាក​ល្បង​។អ្នក​​រៀប​ចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ គឺនៅ​សល់​រយៈ​ពេល​​ប្រមាណ​​ជា​​ជិតមួយខែទៀតឯណោះ។ ដូច្នេះការចុះឈ្មោះ អាច​ចុះ​ឈ្មោះចូ​ល​រួម​ប្រណាំង​បាន​តាម​រយៈ​អន​ឡាញ​ដែល​កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករមានបំណងចូលរួម ពិសេស​អ្នក​នៅខេត្តឆ្ងាយៗ។ក្រៅពីការ​បង្ក​លក្ខណៈកាន់តែងាយស្រួលនោះ គណៈកម្មការរៀបចំ​ការ​ប្រណាំង​ដែល​កំពុង​ទទួល​ការ​ចុះ​ឈ្មោះ ​ក៏មានការលើកទឹកដល់អ្នកចុះឈ្មោះ ដោយបន្ថែមនូវប្រេងម៉ាស៊ីនចំនួនពីរកំប៉ុង និង​មួក​១​ផងដែរ។លោក ពេជ្រ សុខា អះអាងថា ទោះបីឆ្នាំទី៩នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភថយចុះក៏ដោយ ក៏​ព្រឹត្តិការណ៍​ប្រណាំង​មួយនេះនៅតែបន្តដំណើរដោយគោលជំហររឹងមាំដដែល ពោល​គឺ​ការ​ប្រណាំង​រក្សា​នូវ​ស្តង់​ដារ និង​ទ្រុង​ទ្រាយ​ធំ​ដដែល​ដោយ​មាន​អញ្ជើញ​កីឡាក​រ​បរទេស​ពី​ក្រៅ​ប្រទេ​សម​ក​ចូល​រួមប្រណាំង។អ្នករៀបចំរូបនេះ ក៏រំពឹងជឿជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​មួយ​នេះ​ និង​រួម​ចំណែក​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កីឡាករ​-កីឡាការិនី​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ស្រុក​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​តាម​រយៈ​ប្រណាំង​ប្រជែង​ជាមួយកីឡាករមកពីក្រៅប្រទេស និង សង្ឈឹមយ៉ាងមុតមាំថា នឹងមាន​ក្រុមហ៊ុន​ចូល​រួម​គាំទ្រ​កាន់តែច្រើនជួយឱ្យកីឡាប្រណាំងកាន់តែផុសផុលនៅពេលខាងមុខ។ សម្រា​ប់​ការ​ប្រណាំងក្នុងឆ្នាំ២០២៦នេះ វិញ្ញាសាប្រណាំងកើនដល់១១វិញ្ញាសា ដោយប្រភេទ​អាយុ​នីមួយៗ​បែងចែកតាមប្រភេទអាស្របតាមការកំណត់របស់សហព័ន្ធយានយន្តកម្ពុជា ហើយ​ក្នុង​នោះ​ ក៏មានប្រភេទអាយុសម្រាប់កុមារផងដែរ។សូមបញ្ជាក់ថា ការចុះឈ្មោះប្រណាំង​បើកទទួលតាមរយៈអនឡាញ និង​ចុះឈ្មោះ​ដោយ​ផ្ទាល់​តាម​​រយៈ​ក្រុម​ការងាររៀបចំព្រឹត្តិការណ៍ប្រណាំង ដោយបិទបញ្ចប់​ការ​ទទួល​មុន​ថ្ងៃ​ប្រកួត​មួយ​សប្តាហ៍​​៕

ការសិក្សាជំនាញឌីជីថលជាដើមទុន ក្នុងការពង្រឹងសមត្ថភាព​បច្ចេកវិទ្យាថ្មីៗ​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា

2026/03/04 05:05:55 pm        135
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា វគ្គ​បណ្ដុះ​បណ្ដាល ​ជំនាញឌីជីថល ជាដើមទុនសម្រាប់ សម្រួចនូវបំណិនឌីជីថល ចំណេះ​ដឹង​ក្នុង​កិច្ច​ការ​ស្ថិតិ ​និងបច្ចេកទេសកីឡា ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា។ នេះ​ជាការបញ្ជាក់របស់ ឯកឧត្តម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បី​ពង្រឹងសម្ថភាពស្រង់ទិន្ធន័យសនិងស្ថិតិកីឡា នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិច។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងពិតជា​ជួយ​បង្កើន​ប្រសិទ្ធ​ភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​បានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ក៏ជាយុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​​សមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់​ធន​ធាន​មនុស្ស​ដែល​ជា​មន្រ្តី​ជំនាញ​កីឡា​អនុវត្ត​ការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈ​ឲ្យ​បាន​មួយ​កម្រិត​ទៀត ​សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។ជាមួយនេះដែរ កញ្ញា គីន សំណាង អនុប្រធាន នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និង ស្ថិតិកីឡា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់សិក្ខាកាមលើ៦ចំនុច -      ទី១ បានស្វែងយល់ពី មូលដ្ឋានគ្រឹះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា -      ទី២ បានស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និង ការសរសេរកម្រងសំនួរសម្រាប់ចុះស្រង់ទិន្នន័យ -      ទី៣ សិក្សា មូលដ្ឋាន គ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ -      ទី៤ បានស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់កម្មវិធី ទំនាក់ទំនង និង ការគ្រប់គ្រងការងារ -      ទី៥ ការប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ -      ទី៦ ការសិក្សាពីការរចនារូបភាពកម្រិតដំបូងតាមវិធីសាស្ត្រងាយៗជាដើម។សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានរយៈ ៤ ថ្ងៃចាប់ពីថ្ងៃ ទី៣ ដល់ ៦ ខែ មីនា ឆ្នាំ ២០២៦ ដោយ មានសិក្ខាកាមចូលរួមសរុប ៨០ នាក់ (ស្រី ៩នាក់)។សម្រាប់គ្រូឧទ្ទេសវគ្គនេះទទួលបន្ទុកតាមមេរៀន បណ្តុះបណ្តាលដោយលោក ខៀវ ខេមរិន្ទ លោក ប៉ាន វិសាល និង អ្នកស្រី ចាន់ ហ្សាដាវីត៕

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រគល់សេចក្តីសម្រេចដល់ក្លឹបជីរ៉ាន់-កម្ពុជា ក្លាយ​ជា​ក្លិប​ពេញ​សិទ្ធិ​ទី​៨ ​ក្នុងការរួមចំណែកអភិវឌ្ឍ

2026/03/03 08:40:51 pm        224
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជា​ឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បី​បន្ត​រួម​ចំណែក​អភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ពិធី​ប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា ពិត​ជា​មាន​ក្តី​សោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជា​ចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូល​រួម​ជា​សមាជិក​របស់​ក្លឹប​-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូច​ជា​គោល​ការណ៍​សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិក​ពេញ​សិទ្ធិ​តាម​គោល​ការណ៍នី​តិវិធីផ្លូវច្បាប់របស់កីឡាជាតិ។លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុង​ចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំណែកអន្តរជាតិវិញ សហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​កម្ពុជា​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​ពិភពលោក​។ ដោយពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានស្នើចូលជាសមាជិករបស់សហព័ន្ធ និង​ស្រប​តាម​គោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថាក្លិប បានបំពេញ​តាម​បែប​បទ​ផ្សេង​ៗ​តាម​និតិ​វិធីកីឡាជាតិ ដូច្នេះ ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ ជាមួយ​គ្នា​នេះកញ្ញា យ៉ាន់ សុជី ប្រធានក្លឹបជីរ៉ាន់-កម្ពុជាបានបង្ហាញក្តីរីករាយ ដែលទ​ទួល​ការ​ចូល​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការផ្តល់​ឱកាស​ដ៏​វិសេស​វិសាល​នេះ ប្រធានក្លឹបរូបនេះបានប្តេជ្ញាចិត្តថា គោរពតាមបទដ្ឋានបច្ចេកទេស៖ នឹង​អនុវត្ត​តាម​រាល់​បទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ ក្នុងស្មារតី​លើក​កម្ពស់​វិស័យ​កីឡា​ទ្រីយ៉ាត្លុង នៅកម្ពុជា។ ពង្រឹងសាមគ្គីភាព និងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះ​បណ្តាល​សមាជិក​ឱ្យ​មានវិន័យខ្ពស់ សីលធម៌ល្អ និងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាជាមួយ​សមាជិក​នៃ​ក្លឹប​ដទៃ​ទៀត​ដែលចំណុះឱ្យសហព័ន្ធ។ ចូលរួមសកម្មភាពសហព័ន្ធ៖ ប្តេជ្ញាចូលរួម​យ៉ាង​សកម្ម​ក្នុង​រាល់​ព្រឹត្តិការណ៍ កម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សេងៗដែលរៀបចំដោយសហព័ន្ធ ដើម្បី​សម្រេច​បាន​នូវចក្ខុវិស័យរួម។ ការផ្សព្វផ្សាយជាវិជ្ជមាន៖ នឹងជួយផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​សហព័ន្ធ​ ក្នុងន័យជំរុញឱ្យមហាជនកាន់តែយល់ដឹង និងស្រឡាញ់កីឡា ដើម្បីសុខភាព និង​មិត្តភាព​៕

កីឡាការិនីអេស្ប៉ាញ Cristina Bucsa ឈ្នះជើងឯកក្នុងក្របខណ្ឌ WTA លើកដំបូងក្នុងអាជីព

2026/03/03 08:04:57 pm        151
កីឡាការិនីវាយកូនបាល់អេស្ប៉ាញ Cristina Bucsa បានបំពេញក្តីស្រមៃរបស់នាងក្នុងការចង់ឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour លើកដំបូង ក្រោយយកឈ្នះកីឡាការិនីប៉ូឡូញ Magdalena Frech នៅវគ្គផ្តាច់ព្រ័ត្រ គ្រងជើងឯកកម្មវិធី Merida Open នៅប្រទេសម៉ិកស៊ិក។បន្ទាប់ពីយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីលំដាប់លេខ ៦៣ ពិភពលោក Cristina Bucsa ជំនះ Breakpoint ៥ លើក ជ័យជំនះពេលចេញសេវា ៣២ ក្នុងចំណោម ៤៣ ក្នុងជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រនេះ។ នៅសិតដំបូង កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះបានយកឈ្នះមិនលំបាក ៦-១ តែកីឡាការិនីប៉ូឡូញ Magdalena វាយតបតបានមួយសិតវិញ ៦-៤។ នៅសិតចុងក្រោយ Bucsa ឈ្នះ Breakpoint មួយលើកគត់ តែគ្រប់គ្រាន់ដើម្បីយកឈ្នះ ៦-៤ ដើម្បីគ្រងជើងឯក។ ជ័យជំនះរបស់កូនកាត់ម៉ុលដូវ៉ា-អេស្ប៉ាញរូបនេះ បានធ្វើឱ្យនាងក្លាយជាកីឡាការិនីអេស្ប៉ាញទី ១៩ ដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour៕ អត្ថបទ៖នាង សុភាវុធ 

ខ្សែប្រយុទ្ធជើងចាស់ Danny Welbeck បន្តកិច្ចសន្យា ១២ ខែបន្ថែមជាមួយ Brighton

2026/03/03 07:41:31 pm        134
ខ្សែប្រយុទ្ធជើងចាស់អង់គ្លេស Danny Welbeck បានដំណើរការលក្ខខណ្ឌបន្តកិច្ចសន្យា ១២ ខែបន្ថែមជាមួយ Brighton ដែលនឹងរក្សារូបគេនៅជាមួយកីឡដ្ឋាន American Express ដល់ដំណាច់រដូវកាលក្រោយ។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់របស់ខ្លួនដែលត្រូវអស់សុពលភាពក្រោយចប់រដូវកាលនេះ។ Danny Welbeck បានបន្តកិច្ចសន្យាកាលពីឆ្នាំ ២០២៤ ដែលមានសុពលភាពពីរឆ្នាំ តែលក្ខខណ្ឌបន្តបន្ថែម ១២ ខែមិនត្រូវបានបញ្ចេញឱ្យដឹងឡើយនៅពេលនោះ។ អនាគតរបស់អតីតខ្សែប្រយុទ្ធ Manchester United ហាក់ស្រពិចស្រពិលមុនទទួលបានកិច្ចសន្យាថ្មីនេះ ទោះបីគេកំពុងមានរដូវកាលដ៏ល្អជាមួយ Brighton ក៏ដោយ។ Welbeck រកបាន ១១ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៣០ ប្រកួត និងទើបតែរកបានមួយគ្រាប់ក្នុងជ័យជំនះរបស់ Brighton លើ Nottingham Forest ចុងសប្តាហ៍កន្លងទៅ។ ទម្រង់លេងល្អរបស់ Welbeck ក៏នឹងអាចមានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ឆ្នាំនេះផងដែរ ដូចតាមការលើកឡើងរបស់អ្នកចាត់ក្រុមជម្រើសជាតិលោក Thomas Tuchel។រំលឹកថា Danny Welbeck បានផ្លាស់មកកាន់ Brighton នៅឆ្នាំ ២០២០ ក្រោយចាកចេញពី Watford និងបានបង្ហាញខ្លួននៅ Brighton បាន ១៩១ ប្រកួតហើយគិតមកដល់ពេលនេះ រកបាន ៤៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM