កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

មកទស្សនាកីឡដ្ឋាន World Cup 2026 នៅលើទឹកដីអាមេរិក ម៉ិកស៊ិក និងកាណាដា

2026/03/03 06:58:28 pm        92
World Cup 2026 ដែលរៀបចំឡើងនៅលើទឹកដីប្រទេសចំនួនបី សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងជាព្រឹត្តិការណ៍ដំបូងដែលត្រូវបានពង្រីកឱ្យមានក្រុមចូលរួម ៤៨ ក្រុម និងមានសរុបដល់ទៅ ១០៤ ប្រកួត។ប្រទេសកាណាដានឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះមាន ១០ ប្រកួតនៅក្នុងវគ្គវិលជុំក្នុងពូលនៅទីក្រុងចំនួនពីរគឺ Vancouver និង Toronto។ ប្រទេសម៉ិកស៊ិកនឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះក៏មាន ១០ ប្រកួតនៅក្នុងពូលដែរនៅទីក្រុងចំនួនបីរួមមាន រដ្ឋធានី Mexico City, Guadalajara និង Monterrey។ ក្រៅពីនោះ ការប្រកួតដែលនៅសេសសល់សុទ្ធតែត្រូវរៀបចំនៅលើទឹកដីអាមេរិក។World Cup 2026 នឹងចេញដំណើរប្រកួតបើកឆាកនៅកីឡដ្ឋាន Estadio Azteca ទីក្រុង Mexico City ប្រទេសម៉ិកស៊ិក និងត្រូវក្លាយជាកីឡដ្ឋានដំបូងរៀបចំការប្រកួតបើកឆាក World Cup ដល់ទៅបីលើក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែកក្កដានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey សហរដ្ឋអាមេរិក។ កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ MetLife នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបានសរុប ៨២៥០០ នាក់ ធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario នៅឆ្នាំ ២០១៦ នៅពេលស៊ីលីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ដោយឡែកសម្រាប់កីឡដ្ឋានផ្សេងទៀត សុទ្ធតែជាកីឡដ្ឋានប្រើប្រាស់សម្រាប់ការប្រកួតក្របខណ្ឌ NFL និង Major league Soccer រួមមាន នៅទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashville, Philadelphia, Seattle, Washington និងកីឡដ្ឋានចំនួនពីរទៀតនៅទីក្រុង Orlando៕ អត្ថបទ៖នាង សុភាវុធ 

កូរ៉េឈ្នះអ៊ីរ៉ង់ឡើងឈរលើគេក្នុងពូល A ការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីនៅអូស្រ្តាលី

2026/03/03 06:19:39 pm        101
ក្រុមបាល់ទាត់នារីកូរ៉េបានឡើងលើគេក្នុងពូល A បណ្តោះអាសន្ននៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីក្រោយយកឈ្នះក្រុមអ៊ីរ៉ង់ ៣-០។ក្រុមនារីកូរ៉េបានគ្រប់គ្រងការប្រកួតនៅក្នុងវគ្គទីមួយដោយមានឱកាសច្រើនលើសលុប តែពិបាកសម្រេចទី ទោះបីក្រុមនារីអ៊ីរ៉ង់អារម្មណ៍មិនសូវមូលដោយសារប្រទេសខ្លួនកំពុងមានសង្គ្រាម។ យ៉ាងណាក្តីការខិតខំប្រឹងប្រែងរបស់កូរ៉េ ក៏បានសម្រេចនៅនាទីទី ៣៧ នៅពេលកីឡាការិនី Choe Yu-ri ស៊ុតបញ្ចូលទីពីបាល់រីបោនបានសម្រេច។ឈានចូលវគ្គទីពីរ កូរ៉េក៏បង្កើនការនាំមុខរបស់ខ្លួនពីរគ្រាប់បន្ថែមនៅនាទីទី ៥៩ ដោយ Kim Hye-ri និងនាទីទី ៧៥ ដោយ Ko Yoo-jin។ លទ្ធផលជ័យជំនះ ៣-០ មានន័យថាកូរ៉េឡើងឈរលើគេក្នុងពូល A នេះពីលើម្ចាស់ផ្ទះអូស្រ្តាលីដែលបានយកឈ្នះហ្វីលីពីនថ្ងៃបើកឆាកកាលពីថ្ងៃអាទិត្យដោយលទ្ធផលតានតឹង ១-០។ មួយគ្រាប់ជ័យជំនះរបស់អូស្រ្តាលីនោះ សម្រេចបានដោយកីឡដ្ឋានជើងចាស់ Samantha Kerr ដែលជាគ្រាប់ដំបូងក្នុងរយៈពេល ២៨ ខែ។ កីឡាការិនីវ័យ ៣២ ឆ្នាំរូបនេះបានអវត្តមានពីការប្រកួតនានាជិតពីរឆ្នាំមកហើយដោយសាររបួសដាច់សរសៃរពួរ ACL។ ប្រកួតបន្ទាប់នៅក្នុងពូល A នេះ អូស្រ្តាលីត្រូវជួបអ៊ីរ៉ង់នៅកីឡដ្ឋាន Gold Coast ថ្ងៃព្រហស្បតិ៍ បន្តដោយកូរ៉េជួបហ្វីលីពីននៅកីឡដ្ឋានដដែលនេះ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ណាហ្គា ជួបវិសាខា ខណៈបឹងកេតជួបកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤ ជើងទី១ ថ្ងៃពុធនេះ

2026/03/03 06:04:24 pm        133
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​បន្ដការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ប្រកួតទៀត នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ​២០២៦នេះ ដោយក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមភ្ញៀវវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និង​ក្រុម​បឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។នេះជា​កម្មវិធីប្រកួតបញ្ចប់ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីសប្ដាហ៍មុន បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី១ ចំនួន ២គូ គឺក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្រប​ពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបក​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ​ISI​ ដង្កោ​សែនជ័យ ​២-២។ក្រឡេកមកចាប់អារម្មណ៍ការប្រកួតថ្ងៃពុធសប្ដាហ៍នេះ រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀត ពិសេស​ក្រុម​ដែលអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដូចជា វិសាខា និង​កង​យោធ​ពលខេម​រូមិន្ទជាដើម ដែលត្រូវផ្ដោតសំខាន់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ស្រប​ពេល​បឹង​កេត និងណាហ្គាវើលដ៏ ក៏ត្រូវការជ័យជម្នះ ដើម្បីបានដើមទុនមុនជំនួបកាត់សេចក្ដីជើងទី២ នា​ថ្ងៃ​ទី​១១ ខែមីនាសប្ដាហ៍ក្រោយ។គួរដឹងថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ គឺមានបេក្ខភាព ១៦ក្រុមចូលរួម ក្នុង​នោះ​មាន​ក្រុមសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និងក្រុមឡើងមកពីពានថ្នាក់ខេត្ត ៥ក្រុម ដែល​តម្រូ​វ​ឲ្យ​ធ្វើការប្រកួត ២ជើង(ក្នុង និងក្រៅដី) ចាប់ពីវគ្គ ១៦ក្រុម រហូតដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គបន្ដបន្ទាប់ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួត ១​ជើង​ប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក៕ អត្ថបទ លី ឈុនឡា

តើអ៊ីរ៉ង់នឹងនៅតែអាចបង្ហាញខ្លួននៅ World Cup បានដែរ រឺយ៉ាងណា?

2026/03/02 07:12:38 pm        193
ក្នុងរយៈពេលមិនដល់ ១០០ ថ្ងៃទៀត សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ជា​សហម្ចាស់​ផ្ទះ​បាល់​ទាត់​ពិភព​លោក​ដែល​អ៊ីរ៉ង់ក៏នឹងមានវត្តមានប្រកួតផងដែរ។កាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ សហរដ្ឋអាមេរិក​បាន​វាយ​ប្រហារ​អ៊ីរ៉ង់​ជាផ្នែក​មួយ​នៃ​ប្រតិបត្តិការ​រួម​គ្នា​ជា​មួយអ៊ីស្រាអែល ដោយបង្កឱ្យមានការវាយប្រហារសងសឹកនៅទូទាំងមជ្ឈិមបូព៌ា។ដូច្នេះ​​តើ​ជម្លោះ​អាច​មាន​ន័យ​យ៉ាង​ណា​សម្រាប់​អ៊ីរ៉ង់ សម្រាប់ FIFA និង​សម្រាប់​អ្វី​ដែល​បាន​កំណត់​​រួច​​ជា​ស្រេច​ដើម្បី​ក្លាយ​ជា World Cup មួយដែល​អាច​លុបបំ​បាត់​វិបត្តិ​នយោបាយ​ច្របូក​ច្របល់​នេះ?តើអ៊ីរ៉ង់នឹងនៅតែអាចបង្ហាញខ្លួននៅ World Cup បានដែរ រឺយ៉ាងណា?អ៊ីរ៉ង់ស្ថិតនៅ​ក្នុង​ពូលរួចជាស្រេច ដែលវានឹងក្លាយជាការបង្ហាញខ្លួននៅ World Cup ៤ ព្រឹត្តិការណ៍​ជាប់គ្នា ដែលពួកគេនឹងត្រូវជួបជាមួយ នូវែលស៊ែឡង់ ប៊ែលហ្ស៊ិក នៅទីក្រុង Los Angeles និងចុងក្រោយជួបអេស៊ីបនៅ Seattle។អ៊ីរ៉ង់មិនបានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ឡើយ ថ្វីបើអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញទីតាំងផលិតគ្រាប់នុយក្លេអែធំៗបីកន្លែងនៅក្នុងប្រទេស តែប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់នៅពេលនេះ ត្រូវបានគេដឹងថាកំពុងស្រពិចស្រពិលសម្រាប់ការចូលរួម តាមរយៈសង្គ្រាមពេញទីនៅពេលនេះ។ប៉ុន្តែបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងចំពេលមានភាពមិនប្រាកដប្រជាអំពីទិដ្ឋភាពនយោបាយនាពេលអនាគតនៅក្នុងប្រទេសបែបនេះ ការសម្រេចចិត្តបែបណា ហើយនរណាជាអ្នកសម្រេចចិត្ត កំពុងស្ថិតក្នុងទីងងឹត។ FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិងកំពុងតាមដានការវិវឌ្ឍន៍ស្ថានការជាក់ស្តែង ប៉ុន្តែក្នុងដំណាក់កាលនេះ ក្រុមមន្ត្រីកំពុងនិយាយជាឯកជនថា ពួកគេរំពឹងថា អ៊ីរ៉ង់នឹងនៅតែចូលរួម World Cup ខណៈអគ្គលេខាធិកា FIFA លោក Mattias Grafstrom បាននិយាយថា "ការផ្តោតអារម្មណ៍របស់យើងគឺដើម្បីឱ្យមានការប្រកួតបាល់ទាត់ពិភពលោកប្រកបដោយសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្នាដែលចូលរួម"។ ចុះភាគីម្ចាស់ផ្ទះ សហរដ្ឋអាមេរិកនឹងគិតបែបនេះ?ប្រធានាធិបតីអាមេរិក Donald Trump កាលពីឆ្នាំមុនបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលហាមប្រាមជនជាតិមកពីប្រទេសចំនួន ១២ រួមទាំងអ៊ីរ៉ង់ មិនឱ្យចូលសហរដ្ឋអាមេរិក ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការគំរាមកំហែងផ្នែកសន្តិសុខ តែកីឡាករ និងបុគ្គលិកគ្រូបង្វឹកត្រូវបានលើកលែង។ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ចូលរួម ពេលនេះទំនងជានឹងមានការត្រួតពិនិត្យបន្ថែមទៀតលើសុវត្ថិភាពជុំវិញការប្រកួតរបស់ក្រុម និងមូលដ្ឋានហ្វឹកហ្វឺនហ្វឹកហាត់របស់អ៊ីរ៉ង់ដែលគ្រោងរៀបចំឱ្យនៅរដ្ឋអារីហ្សូណា។កន្លងមកការប្រកួតរបស់អ៊ីរ៉ង់កាលពីនៅ World Cup ២០២២ នៅប្រទេសកាតា បូករួមទាំងការប្រកួតរបស់អ៊ីរ៉ង់ទល់នឹងអាមេរិក ត្រូវបានរៀបចំឡើងធម្មតា តែនៅពីក្រោយខ្នងមានការបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលពួកគេនៅប្រទេសអ៊ីរ៉ង់។ ក្នុងអំឡុងពេលប្រកួតទីពីររបស់ពួកគេជាមួយនឹងក្រុមវេលស៍ មានការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រជាមួយនឹងទស្សនៈប្រឆាំងអំពីរដ្ឋាភិបាលអ៊ីរ៉ង់ ហើយបានផ្តល់ក្តីសង្ឃឹមរបស់លោក Trump សម្រាប់ការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយវាអាចទៅរួចទៀត ដែលសេណារីយ៉ូស្រដៀងគ្នានេះអាចនឹងកើតឡើងនៅ World Cup ឆ្នាំនេះ។ ប៉ុន្តែទោះបីជាអ៊ីរ៉ង់អវត្តមានក៏ដោយ ភាពតានតឹងអាចកើនឡើង ជាពិសេសព្រឹត្តិការណ៍នេះ ក៏ជាវេទិកាប្រារព្ធខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ហើយលោក Trump ត្រូវបានគេរំពឹងថានឹងមានវត្តមានដូចដែលលោកចូលរួម Club World Cup និង Ryder Cup កាលពីឆ្នាំមុន។តើការផ្តល់កិត្តិយស មេដាយសន្តិភាពរបស់ FIFA ដល់លោក Donald Trump មានន័យដូចម្តេច?កាលពីខែធ្នូឆ្នាំមុន FIFA បានផ្តល់មេដាយសន្តិភាពដល់លោក Trump នៅក្នុងពិធីចាប់ឆ្នោត World Cup ឆ្នាំ ២០២៦ នេះដោយនិយាយថាលោកប្រធានាធិបតីបានដើរតួនាទីសំខាន់ ក្នុងការបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមជាមួយនឹងជម្លោះផ្សេងទៀតជុំវិញពិភពលោកតែក្នុងរយៈពេលពីរបីសប្តាហ៍ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានចាត់វិធានការយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា នីហ្សេរីយ៉ា និងអ៊ីរ៉ង់ ហើយធ្លាប់បង្ហើបពីគម្រោងប្រតិបត្តិការបន្ថែមទៀតដែលអាចធ្វើទៅបាននៅហ្គ្រីនលែន មិត្តរួមម្ចាស់ផ្ទះ World Cup ម៉ិកស៊ិក និងកូឡុំប៊ី ហើយកាលពីខែមករា លោក Trump ក៏បានប្រាប់គុយបាឱ្យ "ធ្វើកិច្ចព្រមព្រៀង" ឬប្រឈមមុខនឹងផលវិបាក។លោក Trump បាន​ការពារ​គោលនយោបាយ​ការបរទេស​របស់​លោក​យ៉ាង​ខ្លាំងក្លា ដោយ​ទទូច​ថា លោក​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក។ការសម្រេចចិត្តរបស់លោក Trump ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បានទទួលទាំងការគាំទ្រ និងការថ្កោលទោស ប៉ុន្តែអ្វីដែលប្រាកដនោះគឺវានឹងនាំឱ្យមានការពិនិត្យមើលបន្ថែមទៀតលើការសម្រេចចិត្តរបស់ FIFA ដែលនឹងក្លាយជាការសម្រេចចិត្តប្រយ័ត្នប្រយ៉ែងបំផុតលើស្ថានការផុយស្រួយបែបនេះ។តាមពិតទៅ World Cup ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍ FIFA តែងតែប្រឈមនឹងបញ្ហាធំដែលត្រូវប្រឈម។ នៅឆ្នាំ ២០១៨ World Cup នៅតែរៀបចំនៅប្រទេសរុស្ស៊ី ទោះបីជាប្រទេសនេះបានបញ្ចូលគ្រីមៀកាលពី ៤ ឆ្នាំមុនក៏ដោយ។ រុស្សីក៏ត្រូវបានចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ដោយបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។រុស្ស៊ីត្រូវបានហាមឃាត់ដោយ FIFA ក្នុងឆ្នាំ ២០២២ ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបដិសេធមិនប្រកួតប្រជែងជាមួយ។ប៉ុន្តែថ្មីៗនេះ Infantino បាននិយាយថា ការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាពទេ ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមិនបញ្ចប់ ហើយលោកចង់លើកលែងបម្រាមនេះ។ គេមិនឃើញសញ្ញាណណាមួយដែល FIFA គ្រោងដាក់បម្រាមក្រុមបាល់ទាត់អាមេរិកឡើយ យ៉ាងណាក្តីវាគឺជានយោបាយដ៏ច្របូកច្របល់សម្រាប់ FIFA ខ្លួនឯង និងជានយោបាយដ៏ស្មុគស្មាញសម្រាប់ពិភពលោកទាំងមូល៕អត្ថបទ៖នាង សុភាវុធ

ពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Academy លើកទី៤ ផ្លាស់ប្ដូរម្ចាស់ជើងឯកថ្មី

2026/03/02 06:31:24 pm        183
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ជាមួយការផ្លាស់ប្ដូរម្ចាស់ជើងឯក ដែលលើកពានដោយក្រុម Eye X CNO បន្ទាប់ពីយកឈ្នះក្រុម Alpha REX ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។រៀបចំដោយក្រុមហ៊ុន T.Y Media ក្រោមកិច្ចសហការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមជាមួយការឧបត្ថម្ភគាំទ្រពី VSHOPKH, TADA Cambodia និងដៃគូផ្សេងទៀត បានជំរុញឲ្យការប្រកួតរដូវកាលទី៤ ប្រព្រឹត្តទៅយ៉ាងរលូន ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន រហូតដល់ ៤៧៧ក្រុម ហើយបានឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល ទើបរកឃើញក្រុមជើងឯក។កាលពីរដូវកាលមុនជើងឯកប្រចាំព្រឹត្តិការណ៍នេះ គឺបានលើកពានដោយក្រុម Team TDN តែឆ្នាំនេះ ពួកគេបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Vanguard Clew ។ ប៉ុន្ដែនៅវគ្គ ៤ក្រុមចុងក្រោយក្រុម Vanguard Clew បានចាញ់ក្រុម Alpha REX ដែលនាំឲ្យក្រុម Alpha REX ឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមខ្លាំង Eye X CNO ។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុម Eye X CNO ក៏បានយកឈ្នះដាច់ ៣-០ ដើម្បីគ្រងជើងឯក T.Y Media Academy រដូវកាលទី៤ តែម្ដង។បន្ទាប់ពីផ្លាស់ប្ដូរម្ចាស់ពានរដូវកាលនេះ កីឡាករតំណាងក្រុមជើងឯក Eye X CNO បានសម្ដែងក្ដីរីករាយ ដែលក្រុមខ្លួនបានខិតខំប្រឹងប្រែង រហូតដល់សម្រេចបានគោដៅដែលក្រុមខ្លួនបានដាក់។ យ៉ាងណាមិញ ពួកគេថា ការប្រកួតប្រជែងរដូវកាលនេះ ពិតជាមានភាពស្វិតស្វាញ ហើយក៏បានអរគុណក្រុមហ៊ុន T.Y Media ដែលបានរៀបចំព្រឹត្តិការណ៍ស្ដង់ដារនេះឡើង ដើម្បីឲ្យពួកគេបានបង្ហាញសមត្ថភាព និងការប្រកួតប្រជែងដ៏អស្ចារ្យនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ, សង្ឃឹម និង វណ្ណថង ផ្ដួលដៃគូត្រឹមទឹក២ លើទឹកដីបារាំង

2026/03/02 06:17:29 pm        232
អ្នកលេងគុនខ្មែរ ៦រូប បានធ្វើឲ្យកក្រើកសង្ស័យ Cambodia Kun Khmer នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយកីឡាករ-កីឡាការិនី ៥រូប បានទទួលជ័យជម្នះ ស្របពេល ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ឈុត សិរីវណ្ណថង បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតត្រឹមទី២ ដូចគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ។សម្រាប់កីឡាកររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានយកផ្ដួលកីឡាករម្ចាស់ផ្ទះ ម៉ាក់ស៊ីម ខំបេស នៅទឹកទី២, គ្រាដែលកីឡាករ បឺត សង្ឃឹម បានយកឈ្នះកីឡាករ ម៉ាទីន ស្ទេរវេន របស់បារាំងដូចគ្នា ត្រឹមទី២ និងកីឡាករ ឈុត សិរីវណ្ណថង បានផ្ដួលកីឡាករអេស្ប៉ាញ សឺជីអូ ភីនីលឡា ត្រឹមទឹកទី២ ដើម្បីគ្រងខ្សែក្រវាត់រៀងៗខ្លួន។រីឯលទ្ធផលអ្នកលេងគុនខ្មែរ ៣រូបទៀត រួមមានកីឡាការិនី ទូច ចាន់វត្ដី បានវាយឈ្នះកីឡាការិនីបារាំង ម៉ាទីន ថូម៉ាស់ ដោយពិន្ទុ និងកីឡាករ សៀងហៃ គុនខ្មែរ បានវាយកឈ្នះកីឡាករ លីញ៉ាត់ ដឺ ណាសស៊ីបូរ របស់បារាំង ដោយពិន្ទុ លើកលែងតែកីឡាករ ពេជ្រ អាទិទេព ដែលរងបរាជ័យដោយពិន្ទុ ក្រោមថ្វីដៃកីឡាករបារាំង អាំបាយ ស៊ាំ ។ព្រឹត្តិការណ៍នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅទ្វីបអឺរ៉ុប ពិសេសអ្នករស់នៅទីក្រុងបារីសផ្ទាល់ ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការប្រកួតគុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ៕ អត្ថបទ លី ឈុនឡា

Barry Hawkins ឈ្នះ Jack Lisowski គ្រងជើងឯកស្នូកឃ័រ Welsh Open លើកដំបូងក្នុងអាជីព

2026/03/02 05:56:04 pm        146
កីឡាករស្នូកឃ័រអង់គ្លេស Barry Hawkins បានគ្រងជើងឯកការប្រកួតកម្មវិធី Welsh Open ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះមិត្តរួមជាតិ Jack Lisowski នៅវគ្គផ្តាច់ព្រ័ត្រ ៩-៥ ហ្វ្រេម។Barry Hawkins មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដំណាក់កាលដំបូងដ៏ល្អរបស់ខ្លួន ដោយបានយកឈ្នះ ៧ ក្នុងចំណោម ៨ ហ្វ្រេមដំបូងនៅសាលប្រកួតកីឡា Venue Cyrum ប្រទេសវែល ដើម្បីនាំមុខដាច់ដល់ទៅ ៧-១។ ឈានចូលដំណាក់កាលទីពីរ Jack Lisowski បានយកឈ្នះបីហ្វ្រេមផ្ទួនៗ ដាក់សម្ពាធដល់ Hawkins ដោយតាមពីក្រោយ ៧-៤ ហ្វ្រេម។ តែការវាយបករបស់ Lisowski បានស្រុតចុះវិញនៅហ្វ្រេមទី ១២ សំណាងរបស់ Hawkins ធ្វើឱ្យគេនាំមុខ ៨-៤ ហ្វ្រេម និងត្រូវការតែមួយហ្វ្រេមទៀតដើម្បីឈ្នះជើងឯក។Lisowski ក៏បានយកឈ្នះមួយហ្វ្រេមវិញ តែកីឡាករវ័យ ៤៦ ឆ្នាំ​ Barry Hawkins ឱ្យឱកាសរបូតឡើយដោយយកឈ្នះហ្វ្រេមទី ៩ របស់ខ្លួន និងសរុបលទ្ធផល ៩-៥ ហ្វ្រេម ដើម្បីគ្រងជើងឯក Welsh Open លើកពាន Ray Reardon លើកដំបូងក្នុងអាជីព។ រំលឹកថា Barry Hawkins ធ្លាប់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Welsh Open នេះម្តងកាលពីឆ្នាំ ២០១៨ តែចាញ់ John Higgins៕ អត្ថបទ៖នាង សុភាវុធ

ISI ឈ្នះឡាយហ្វលើកដំបូង ខណៈកងយោធពលខេមរភូមិន្ទ បន្ដចាញ់គិរីវង់

2026/03/02 05:30:46 pm        176
តារាងចំណាត់ថ្នាក់ ក្នុងចំណោមក្រុមខាងក្រោមទាំង ៥ ឬ Bottom 5 មានការផ្លាស់ប្ដូរ ក្រោយ​ចាប់​ផ្ដើម​ការប្រកួតដំណាក់កាលទី២ បន្ទាប់ពីក្រុម ISI ដង្កោសែនជ័យ បានស្គាល់​ជ័យ​ជម្នះ​លើក​ដំបូង លើក្រុមឡាយហ្វខេត្តព្រះសីហហនុ ក្នុងរដូវកាលនេះ ស្របពេលក្រុម​កង​យោធពល​ខេមរភូមិន្ទ បន្ដចាញ់ក្រុមគិរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។បន្ទាប់ពីរងបរាជ័យក្នុងដី ១-០ មុនបន្ដចាញ់ក្រៅដី ២-១ ទីបំផុតក្រុម ISI ដង្កោសែនជ័យ បានស្គាល់ជ័យជម្នះលើក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៤-២ ក្នុងជំនួបបើកឆាកជុំទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋានឡាយហ្វ។ ៤គ្រាប់ ដែលជួយឲ្យក្រុមដំរីជ័យ ស្គាល់ជ័យជម្នះលើក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ រកបានដោយកីឡាករ Diakite Lancine និង Bruno ម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ឡាយហ្វ រកបានដោយកីឡាករ Kim Hyeon Su ទាំង ២គ្រាប់ផងដែរ។ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ឈ្នះគិរីវង់ ២-០ កាលពីជើងទី១ បានភ្លាត់ចាញ់ ២ប្រកួតជាប់គ្នា ក្រោយរងបរាជ័យក្នុងដី ៤-០ កាលពីជើងទី២ មុនបន្ដចាញ់ ៣-២ ក្នុងជំនួបជើងទី៣ នៅទឹកដីខេត្តតាកែវ កាលពីចុងសប្ដាហ៍កន្លងទៅ។ ៣គ្រាប់ ដែលជួយឲ្យក្រុមមាន់គក ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ Azike Ekene Victor, Louis Willy និង ហ៊ុយ សុភារៈ ម្នាក់ ១គ្រាប់ ខណៈ ២គ្រាប់របស់ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រកបានដោយ ខន ណារ៉ង និង យឹម កក្កដា។ជាមួយលទ្ធផលការប្រកួតបើកឆាកដំណាក់កាលទី២ រវាងបេក្ខភាព Bottom-5 នេះ គេឃើញតារាងពិន្ទុ មានការផ្លាស់ប្ដូរ ដោយក្រុមគិរីវង់សុខសែនជ័យ បានឡើងមកឈរលេខ៨ មាន ១៧ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៩ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ បានឡើងមកឈរលេខ១០ រកបាន ១២ពិន្ទុ លើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលធ្លាក់ទៅឈរបាតតារាងវិញ ដោយរក្សា ១០ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀងនាំមុខ៧ពិន្ទុ ក្រោយឈ្នះអឹមអូអាយ និងភ្នំពេញក្រោនស្មើអង្គរថាយហ្គឺរ

2026/03/02 05:16:33 pm        199
ពេលនេះក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាំមុខជើងឯកលីគកំពូលកម្ពុជារហូតដល់៧ពិន្ទុ ពេល​ឈ្នះអឹមអូអាយកំពង់ដេវ៉ា ២ទល់នឹង០ ស្របពេលភ្នំពេញក្រោន បានត្រឹមស្មើអង្គរថាយហ្គឺរ ០ទល់០ សប្ដាហ៍ទី២៣ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះខ័នរាជស្វាយរៀង យកឈ្នះអឹមអូអាយ ២ទល់នឹង០ ដោយ​គ្រាប់បាល់របស់កីឡាករ គឹម សុខយុទ្ធ នាទីទី១៦ និងគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ ចាន់ សានីត នាទីទី៥៧ ពេលដែលខ្សែប្រយុទ្ធព្រះខ័នរាជ Patrick Robson ទាត់​មក​ប៉ះជើង​ហើយ​ក៏​ខ្ទាត់ចូលទីតែម្ដង។ បន្ទាប់ពីប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ពាន​រង្វាន់​ក្លឹប​អាស៊ីលំដាប់ទី៣ (AFC Challenge League) ថ្ងៃទី៥ ខែមីនា និងថ្ងៃទី៧ ខែដដែល​ត្រូវ​ជួប​ណាហ្កាវើលដ៍នៅកំពង់ស្ពឺលីគកំពូលកម្ពុជា។ថ្ងៃជាមួយគ្នា នៅទឹកដីអាគីហ៊ីរ៉ូ កាតុ ភ្នំពេញក្រោន​ដណ្ដើម​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​អង្គរ​ថាយ​ហ្គឺរ ​ពេលក្រុមទាំងពីរស្មើគ្នា ០ទល់នឹង០ ទោះបីជាក្លឹប​ទាំង​ពីរ​ដាក់​សម្ពាធ​គូ​ប្រកួត​រៀង​ខ្លួន​ក៏​ដោយ​។ លីគកំពូលសប្ដាហ៍នេះ ភ្នំពេញក្រោនត្រូវទទួលអឹមអូអាយកំពង់ដេវ៉ា។ចំណែកនៅ​ពហុកីឡដ្ឋានជាតិ មួយគ្រាប់របស់កីឡាករ ម៉ាត់ នូរុន នៅនាទីទី៥០ ជួយឱ្យបឹងកេត ឈ្នះណាហ្កាវើលដ៍ ១ទល់នឹង០ និងមាន៣៥ពិន្ទុស្មើគ្នា និងណាហ្កាវើលដ៍ ក្រោយ២១ប្រកួត។ ថ្ងៃអាទិត្យនេះ បឹងកេតត្រូវទទួលអង្គរថាយហ្គឺរ៕ 

សហព័ន្ធកីឡាហែលទឹកពិភពលោកសម្រេចលុបចោលការប្រកួតលោតទឹកនៅប្រទេសម៉ិកស៊ិក

2026/02/27 10:37:41 pm        261
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ ក្រោយ​ការ​ចាប់​ខ្លួន​និង​ការ​ស្លាប់​របស់​មេ​ក្រុម​ជួញដូរ​គ្រឿងញៀនធំបំផុត​​របស់​ម៉ិកស៊ិក ជាពិសេស​ក្នុង​រដ្ឋ Jalisco។អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា "World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក" ។ "សុវត្ថិភាព និងការចូលរួមរបស់អត្តពលិកទាំងអស់នៅតែជាអាទិភាពជាមូលដ្ឋានសម្រាប់ World Aquatics"។ការចាប់ខ្លួន និងការស្លាប់របស់ Nemesio Oseguera ដែលត្រូវបានគេស្គាល់ថាជា "El Mencho" ដែលជាស្តេចគ្រឿងញៀនរបស់ប្រទេសនេះ បានបង្កឱ្យមានឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ ភាគច្រើននៅក្នុងទីក្រុង Guadalajara រដ្ឋធានីនៃរដ្ឋ Jalisco ដែលជាកន្លែងគ្រោងរៀបចំការកីឡាហែលទឹកជើងពិភពលោក។ការប្រកួតកីឡាហែលទឹកពិភពលោកត្រូវបានកំណត់ពេលប្រកួតពីថ្ងៃទី ៥-៨ ខែមីនា ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការត្រៀមលក្ខណៈរបស់អត្តពលិកហែលទឹក និងលោតទឹកម៉ិកស៊ិកត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​ ២០២៨ ដែលរៀបចំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM