កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ កើនឡើងគុណភាពជារៀងរាល់ឆ្នាំ

2026/02/03 11:21:44 pm        385
ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទាក់ទាញបានកីឡាករ កីឡាការិនីខ្មែរ-បរទេសចូលរួមប្រកួតប្រជែងជាង៤០០នាក់ លើ១៣វិញ្ញាសា នេះគឺបង្ហាញថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ជារៀងរាល់ឆ្នាំ។ នេះជាការបញ្ជាក់ពី លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ជាការពិត ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករ កីឡារិនីកាន់តែច្រើន ជាក់ស្តែងនៅឆ្នាំ២០២៦ នេះមានការកើនឡើងដែរ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរសុទ្ធ កូនកាត់ខ្មែរ-បរទេស និងជាបរទេសរស់នៅ និងបម្រើការងារនៅកម្ពុជា ដោយតាមរយៈការចូលរួមកាន់តែផុសផុលយ៉ាងខ្លាំង។ជាមួយគ្នានេះ សហព័ន្ធក៏តែងតែសម្លឹងមើលធនធានកីឡាករ កីឡារិនីវ័យក្មេងឆ្នើមៗ ក្នុងគោលដៅប្រមូលចូលក្នុងក្រុមជម្រើសជាតិនាពេលខាងមុខ ដើម្បីសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះ នៅលើឆាកអន្តរជាតិ ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។ លោកបន្តថា ការប្រកួតកីឡាខាងលើនេះ គឺសម្តៅលើក្មេងៗជាសិស្សសាលា សហព័ន្ធតែងតែសម្លឹងមើលកីឡាករ កីឡាការិនីដែលមានទេពកោសល្យ ជាប់ជាជ័យលាភីយើងអាចផ្តល់ឱកាសឱ្យពួកគាត់ឱ្យជាប់ក្នុងក្រុមជម្រើសជាតិថ្នាល នៅថ្ងៃខាងមុន។ នេះជាផ្លូវត្រូវដើរនៃគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០៣១ខាងមុខ។ សូមបញ្ជាក់ថា ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងការប្រកួតអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ប៉ុន្តែសហព័ន្ធបានបែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយជាង។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែរ ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនីជាសិស្សសាលា មានចម្ងាយខ្លីៗស្របតាមសមត្តិភាព៕

ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបក្រុមថ្នាក់ខេត្ត កាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ ពានសម្ដេចតេជោថ្ងៃពុធនេះ

2026/02/03 11:08:18 pm        586
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន រួមជាមួយក្រុមបឹងកេត និងវិសាខា នឹងត្រូវជួបក្រុមថ្នាក់ខេត្តរៀងៗខ្លួន នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ-ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ)។សម្រាប់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ វិញម្ដង បន្ទាប់ពីជើងទី១ បានយកឈ្នះក្រៅដី ៣-០ នៅទឹកដីមេមត់ ខេត្តត្បូងឃ្មុំ។ កាលពីជើងទី១ ភ្នំពេញក្រោន បានផ្ដល់ឱកាសដល់កីឡាករថ្មីៗច្រើន ពិសេសកីឡាករវ័យក្មេង និងអ្នកមិនសូវមានឱកាសលេងក្នុងលីគ ហើយជំនួបកាត់សេចក្ដីស្អែកនេះ ក៏ទំនងមិនការប្រែប្រួលដែរ ដ្បិតពួកគេត្រូវត្រៀមកីឡាករសំខាន់ៗ ជួបណាហ្គាវើលដ៏ ក្នុងលីគ នា ៣ថ្ងៃបន្ទាប់។ចំណែកក្រុមបឹងកេតវិញ នឹងត្រូវជួបក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះលើក្រុមថ្នាក់ខេត្ដនេះ ៩-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប ស្របពេលក្រុមវិសាខា នឹងត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ទាប់ពីយកឈ្នះ ១៣-០ កាលពីជើងទី១ នៅទីលានវិទ្យស្ថានជាតិអប់រំកាយ និងកីឡា ដែលមានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីគ្នា។ជាមួយការប្រកួតកាត់សេចក្ដីនាថ្ងៃពុធនេះដែរ ប្រសិនបើក្រុមខ្លាំងទាំង ៣ នៃលីគកំពូលកម្ពុជា បន្ដធ្វើបានល្អ ពួកគេនឹងត្រូវឡើងទៅឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ។ រីឯបេក្ខភាព ៥ក្រុមផ្សេងទៀត ដែលត្រូវឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ត្រូវរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ

2026/02/03 11:01:12 pm        467
ក្លឹបបាល់ទាត់ដែលកំពុងនាំមុខជើងឯកលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង ចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ ចូលប្រកួតកីឡាបាល់ទាត់ជើឯកក្លឹបអាស៊ីអាគ្នេយ៍២០២៥-២០២៦ ជាមួយក្លឹបបាល់ទាត់ប្រទេសសិង្ហបុរី ឡាយអិនស៊ីធី សែល័រ (Lion City Sailors FC)។ឡាយអិនស៊ីធី សែល័រ ត្រូវបើកកីឡដ្ឋាន Jalan Besari ទទួលព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីយប់។ នេះជាការប្រកួតចុងក្រោយក្នុងពូលB របស់ក្លឹបដែលកំពុងនាំមុខលីគកំពូលសិង្ហបុរីមួយនេះ ខណៈព្រះខ័នរាជស្វាយរៀងនៅសល់មួយប្រកួតទៀតដែលត្រូវបានលើកពេល។មុនមកជួបក្រុមខ្លាំងសិង្ហបុរី ព្រះខ័នរាជស្វាយរៀងទើបតែយកឈ្នះកងយោធពលខេមរភូមិន្ទ ៦ទល់នឹង៣ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ហើយបន្តឈរនៅកំពូលតារាង។ ឯឡាយអិនស៊ីធី សែល័រវិញ ឈ្នះ Balestier Khalsa៥ទល់នឹង១ ដើម្បីរក្សាកំណត់ត្រាល្អ ៨ប្រកួតមិនចាញ់ និងឈរកំពូលតារាងលីគកំពូលសិង្ហបុរី។សម្រាប់ការប្រកួតជើងឯកក្លឹបអាស៊ាន មុនជួបគ្នា ព្រះខ័នរាជស្វាយរៀង ស្មើក្លឹបបាល់ទាត់ម៉ាឡេស៊ី Johor Darul Ta’zim ២ទល់២ ខណៈដែល ឡាយអិនស៊ីធី សែល័រចាញ់ក្លឹបវៀតណាម ណាមឌីង ០ទល់នឹង៣ ហើយអស់ឱកាសប្រជែងទៅវគ្គបន្ដ។ក្នុងពូល B នេះក្លឹបវៀតណាម ណាមឌីញឡើងវគ្គបន្ដហើយ ទោះបីលទ្ធផលប្រកួតចុងក្រោយជាមួយ Johor Darul Ta’zim (ថ្ងៃទី៥ ខែកុម្ភៈ) យ៉ាងណាក៏ដោយ។ ព្រះខ័នរាជស្វាយរៀង នៅមានឱកាសឡើងវគ្គបន្តប្រសិនបើ Johor ចាញ់ តែផ្ទុយទៅវិញ បើក្រុមខ្លាំងម៉ាឡេស៊ី ស្មើ រឺឈ្នះ ជើងឯកកម្ពុជា នឹងបាត់បង់ឱកាសប្រជែងឯងឯក។ BTV News នឹងផ្សាយផ្ទាល់ការប្រកួតនេះពីប្រទេសសិង្ហបុរី៕

Djokovic នៅតែមិនអាចឈ្នះ Grand Slam ទី២៥ ខណៈ Alcaraz ឈ្នះជើងឯក Australian Open លើកដំបូង

2026/02/02 10:49:50 pm        272
កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះជើងឯកគ្រប់ Grand Slam ទាំងអស់ ក្រោយយកឈ្នះ Novak Djokoivc គ្រងជើងឯក​ Australian Open លើកដំបូងក្នុងអាជីព។ជ័យជំនះនេះដែរមានន័យថា Novak Djokovic បន្តរង់ចាំឈ្នះជើងឯក Grand Slam ទី ២៥ របស់ខ្លួនដើម្បីតាមឱ្យស្មើកំណត់ត្រារបស់កីឡាការិនី Margaret Court របស់អូស្រ្តាលី។មុនមកដល់វគ្គនេះ Djokovic បានធ្វើឱ្យមានការភ្ញាក់ផ្អើលតាមរយៈការទម្លាក់កីឡាករអ៊ីតាលី Jannik Sinner នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលគ្រប់គ្នាមើលរំលងកីឡាករស៊ែបរូបនេះ។ មកដល់វគ្គផ្តាច់ព្រ័ត្រនេះ ភ្លាមៗ Djokovic បានយកឈ្នះសិតដំបូង ៦-២ ដែលហាក់បង្ហាញពន្លឺឆ្ពោះទៅការប៉ុនប៉ងចង់ឈ្នះជើងឯក Grand Slam ទី ២៥។ យ៉ាងណាក្តី Carlos Alcaraz បានបង្ហាញភាពខ្លាំងរបស់ខ្លួនត្រលប់មកវិញ និងវាយយកឈ្នះ ៣ សិតផ្ទួនៗ ៦-២ ៦-៣ និង ៧-៥ ក្លាយជាជើងឯក Australian Open លើកដំបូង និងជា Grand Slam តែមួយគត់ដែលគេមិនធ្លាប់ឈ្នះពីមុន។ កីឡាករវ័យ ៣៨ ឆ្នាំ Novak Djokovic ភ្លាមៗក៏មានការសោកស្តាយ តែក៏បានបង្ហាញភាពចាស់ទុំ ជាអ្នកកីឡា ក្នុងការអបអរសាទរកីឡាករជំនាន់ក្រោយ Carlos Alcaraz ដែលរំភើបសម្រក់ទឹកភ្នែកទម្រេតខ្លួននៅលើទីលាន។ និយាយក្រោយចប់ការប្រកួត Djokovic មិនអាចប្រាប់ភ្លាមៗបានឡើយថាតើនេះជា Australian Open ចុងក្រោយរបស់គេរឺយ៉ាងណា។ សម្រាប់ Carlos Alcaraz នៅពេលនេះបានក្លាយជាកីឡាករទី ៩ ដែលឈ្នះគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំរួមមាន Australian Open, French Open, Wimbledon និង US Open និងជាកីឡាករដំបូងដែលធ្វើបានបែបនេះតាំងពី Djokovic ធ្វើបានចុងក្រោយនៅឆ្នាំ​ ២០១៦៕ អត្ថបទ៖នាង សុភាវុធ 

កីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន (Australian Open)

2026/02/02 10:27:22 pm        294
កីឡាការិនី Elena Rybakina បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាការិនីលេខ១ពិភពលោក និងភាគច្រើនគិតថាអាចនឹងឈ្នះពាននេះ Aryna Sabalenka ដើម្បីក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន ចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងមែលប៊ន។ ក្រោយចាញ់នៅទីនេះបីឆ្នាំមុន កីឡាការិនីមកពីប្រទេសកាហ្សាក់ស្ថាន Elena Rybakina បានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦ទល់៤ ៤ទល់នឹង៦ និង៦ទល់នឹង៤។ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត កីឡាការិនី Rybakina បញ្ជាក់ថាខ្លួនតែងតែជឿជាក់ថា អាច ត្រឡប់មកដល់ចំនុចកំពូលវិញ។ តាមពិតទៅយើងមានឡើង មានចុះ។ ហើយធ្លាប់គិតថាមិនអាចមកដល់ចំនុចនេះ ដូចជាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ រឺលើកពាននោះទេ ប៉ុន្តែអ្វីៗកើតឡើងដោយការប្រឹងប្រែងមិនបោះបង់។ ចំណែកជើងឯករងកីឡាការិនី Aryna Sabalenka លើកឡើងដែរថាពិតជាខកចិត្តចំពោះខ្លួន​ឯង មានឱកាសតែធ្វើមិនបានល្អ ប៉ុន្តែជារួមខ្លួនធ្វើបានល្អណាស់នៅទឹកដីអូស្ត្រាលីនេះ ហើយដៃគូប្រកួតរបស់ខ្លួនពិតជាល្អជាងខ្លួនមែន។មួយថ្ងៃក្រោយឈ្នះពាន កីឡាការិនី Elena Rybakina បានកាន់បង្ហាញពាននៅមាត់ទន្លេ Yarraទីក្រុងមែលប៊ន ហើយបញ្ជាក់ថាខ្លួននៅតែមិនជឿថាអាចឈ្នះពាននៅទីនេះ។ ដោយបន្ថែមថា ខ្លួនពិតជារីករាយដែលប្រជាជន កាហ្សាក់ស្ថានជឿជាក់ និងគាំទ្រខ្លួន ដូច្នោះវាពិតជាមានន័យណាស់ដែលលេងតំណាងឱ្យកាហ្សាក់ស្ថានទាំងមូល ហើយជ័យជំនះក្នុងព្រឹត្តិការណ៍ Wimbledon និង Australian Open នឹងជម្រុញក្មេងៗកាន់តែច្រើនលេងកីឡានេះ។ក្នុងនាមជាជើងឯកកីឡាការិនី Elena Rybakina ទទួលបានប្រាក់រង្វាន់ជាង៤លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលកីឡាការិនី Aryna Sabalenka ទទួលបានប្រាក់រង្វាន់ជាង២លានដុល្លារសហរដ្ឋអាមេរិក៕ 

កុមារអាយុពីរឆ្នាំបង្កើតកំណត់ត្រាពិភពលោកជាប្រវត្តិសាស្ត្រដោយការបង្ហាញបច្ចេកទេសកីឡាស្នូកឃ័រដ៏អស្ចារ្យ

2026/02/02 10:13:22 pm        288
(អង់គ្លេស)៖ ស្ថានប័នកំណត់ត្រាពិភពលោក (Guinness World Records)ថ្មីៗនេះបានប្រកាសផ្ដល់ឯតទគ្គកម្មពីរដល់អ្នកលេងកីឡាស្នូកឃ័រដ៏អស្ចារ្យដែលមានអាយុទើបតែជាងពីរឆ្នាំប៉ុណ្ណោះមកពីភាគខាងជើងប្រទេសអង់គ្លេស។ក្នុងវ័យ២ឆ្នាំ ៣០២ថ្ងៃ កុមារា Jude Owens បង្កើតបានកំណត់ត្រាថ្មីពីរនៅទីក្រុង Manchester នៅឆ្នាំ២០២៥ ជាកុមារាក្មេងជាងគេបំផុតដែលប៊ិនបញ្ចូលឡូ (a pool bank) និងជាកុមារាក្មេងបំផុតដែលវាយមួយឈើបោកបាំងចូលពីរគ្រាប់(a snooker double pot)។ក្នុងសេចក្ដីប្រកាសព័ត៌មានឱពុករបស់ Jude លោក Luke Owens បានបញ្ជាក់ថាកូនរបស់គាត់មាននិស្ស័យពីកំណើតចំពោះប្រភេទកីឡានេះ។ លោកបន្ថែមថា ពេលលោកបញ្ចេញវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គម សារព័ត៌មានធំៗទាក់ទងលោកដើម្បីធ្វើមាតិការពីកូនរបស់លោក។និពន្ធនាយកកំណត់ត្រពិភពលោក  Craig Glenday បានពិពណ៌នាថាទេព្យកោសលរបស់ Owens ពិតជាពិសេសមិនគួរឱ្យជឿ។ ដោយលោកបន្តថា ការបំបែក​ឯតទគ្គកម្មនរណាក៏ធ្វើបានដែរ មិនគិតពីអាយុនោះទេ៕ 

អឹមអូអាយកំពង់ដេវ៉ា នៅតែរក្សាក្ដីសង្ឃឹមប្រជែងកៅអី៦ក្រុមលើគេ ក្រោយដណ្តើមបា​ន​បីពិន្ទុ​បន្ថែម

2026/02/02 09:43:10 pm        197
ក្លឹបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា នៅតែរក្សាបានក្ដីសង្ឃឹមប្រជែងជើងឯក និង​ជា​ពិសេស​កៅ​អី​៦​ក្រុម​លើគេ នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា បន្ទាប់ពីយក​ឈ្នះ​ម្ចាស់​ផ្ទះ​ឡាយ​ហ្វ​ខេត្ត​ព្រះសីហនុ ១ទល់នឹង០ យ៉ាងតានតឹង នៅកីឡដ្ឋានឡាយហ្វ ថ្ងៃអាទិត្យកន្លងមកនេះ។គ្រាប់ជ័យជំនះរបស់ភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា កើតឡើង​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​របស់​ខ្សែកា​រពារ MATEUS BARBOSA SOARES នាទីទី៦៩ ក្រោយពីកីឡាករអ្នកចាំទី សាយ ចាន់​តុលា របស់ឡាយហ្វបង្ករកំហុសលើកីឡាករ ម៉ុន វ៉ាន់ដា។ពេលនេះ ក្រោយលេងបាន១៨ប្រកួត ដេវ៉ា ឈរនៅចំណាត់​ថ្នាក់​លេខ​៧​មាន​២៧​ពិន្ទុ​ដូច​គ្នា​នឹង​ក្រុម​លេខ​៦អង្គរថាយហ្គឺរ ហើយចាញ់ក្រុមលេខ៣បឹងកេត ៤ពិន្ទុ តាមពីក្រោយ​ណាហ្កាវើ​ល​២​ពិន្ទុ ​និងចាញ់វិសាខាត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។ សប្ដាហ៍នេះ ក្លឹបអឹមអូអាយ កំពង់ដេវ៉ា សម្រាក ខណៈដែលឡាយហ្វខេត្តព្រះសីហុន ត្រូវទ​ទួល​អង្គរ​ថាយ​ហ្គឺរ ថ្ងៃទី៨ ខែកុម្ភៈ៕

សាទី ជួយឱ្យភ្នំពេញក្រោនដណ្តើមបានជ័យជំនះនៅចុងម៉ោងលើក្រុមអាយអេសអាយ

2026/02/02 09:24:16 pm        242
ក្លឹបបាល់ទាត់ភ្នំពេញេក្រោនបានកែប្រែឱកាសទទួលបានមួយពិន្ទុ មកបីពិន្ទុវិញ ពេលដែលកីឡាករ សា ទី ទាត់បញ្ចូលទីគ្រាប់ជ័យជំនះ នៅវិនាទីចុងក្រោយនៃនាទីថែមបង្គ្រប់ នៅកីឡដ្ឋានភ្នំពេញក្រោន ថ្ងៃទី០១ ខែកុម្ភៈ ការប្រកួតបាល់ទាត់ជាតិកម្ពុជាសប្ដាហទី១៩។តាមពិតទៅភ្នំពេញក្រោន ត្រូវនាំមុខតាំងតែពីវគ្គទី១ ប៉ុន្តែកីឡាករ Moses Dyer ទាត់បាល់ពិន័យ១១ម៉ែត្រ មិនបានសម្រេច។ ទោះបីភ្នំពេញក្រោនព្យាយាមដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនយ៉ាងណាក៏ដោយ នៅតែមិនអាចរកគ្រាប់បាល់បានក្នុងម៉ោងធម្មតា៩០នាទី។ ទីបំផុត មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅនាទីទី៩០បូក៨ ខ្សែប្រយុទ្ធសា ទី ក៏ទាត់បញ្ចូលទីបានសម្រេច ពេលដែលកីឡាករ MAKERLO TELLEZ MELENDEZ លើកបាល់ទៅឱ្យ។ពេលនេះ ភ្នំពេញក្រោនកំពុងដេញតាមព្រះខ័នរាជស្វាយរៀង ពីរពិន្ទុដដែល ក្រោយលេងបាន១៧ប្រកួតស្មើគ្នា។ សប្ដាហ៍ទី២០នៃលីគកំពូល ថ្ងៃទី៧ ខែកុម្ភៈ ភ្នំពេញក្រោន ត្រូវទទួលណាហ្កាវើលដ៍ ក្រោយពេលទទួលខេត្តត្បូងឃ្មុំ ថ្ងៃទី៤ ខែកុម្ភៈ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជើងទី២៕

វិសាខាវាយបកយកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២ក្រៅដី សប្ដាហ៍ទី១៩ លីគកំពូលកម្ពុជា

2026/02/02 05:59:23 pm        143
ទីបំផុតក្លឹបបាល់ទាត់វិសាខាសងសឹកបានសម្រេចក្រោយបរាជ័យក្នុងជើងទី១ ក្នុងដីរបស់ខ្លួន ពេល​ដែល​យកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២វិញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅ​កីឡដ្ឋាន​អាគីហ៊ី​រ៉ូកាតុ ខេត្តសៀមរាប សប្ដាហទី១៩នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា។នៅពីមុខអ្នកគាំទ្រជាង២០០០នាក់ កីឡាករ សុខគ្រី សូហ្វាន់ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​ឱ្យ​ម្ចាស់​ផ្ទះ​អង្គរ​ថាយ​ហ្គឺរ នាំមុខមុន នៅនាទីទី១៧។ ១៣នាទីបន្ទាប់ភ្ញៀវ វិសាខា វាយបកតាមស្មើវិញ ពេល​ដែល​កីឡាករ Park Jung Bin ទាត់បញ្ចូលទីបានសម្រេច ក្រោយពេលដែលកីឡាករ ស៊ិន កក្កដា ទាត់បាល់មួយទំហឹងឱ្យ។ ៨នាទីក្រោយមក វិសាខា បានបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Lucas Dias do Nascimento Serafim ក៏ធ្វើបានសម្រេច។ ចប់វគ្គទី១ វិសាខា នាំ​មុខ​អង្គរ​ថាយ​ហ្គឺរ ២ទល់នឹង១។ក្នុងវគ្គទីពីរក្លឹបទាំងពីរដាក់សម្ពាធលើគ្នារៀងៗខ្លួនពិសេសម្ចាស់ផ្ទះអង្គរថាយហ្គឺរ ហើយទី​បំផុត​នៅ​នាទី​ទី៨១ ក៏តាមស្មើពេលកីឡាករសញ្ជាតិជប៉ុន YASUOKA TAKUTO ទាត់បញ្ចូល​ទី​យ៉ាង​ល្អ​។ ​យ៉ាងណាក៏ដោយ នាទីនៅសេសសល់ វិសាខាក៏បន្តវាយសម្រុក ហើយកីឡាករដូរចូល ថា គ្រីយ៉ា ​តែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យក្រុមនៅនាទីទី៩០បូក២។ ក្រោយ​ការ​ប្រកួតនេះវិសាខា ឡើងមកឈរនៅលេខ៥ ១៨ប្រកួតមាន២៨ពិន្ទុ ចំណែកអង្គរ​ថាយ​ហ្គឺរ ​ធ្លាក់មកលេខ៦ ១៧ប្រកួតមាន២៧ពិន្ទុ។ សប្តាហ៍ទី២០ថ្ងៃអាទិត្យទី៨ ខែកុម្ភៈ វិសាខា ត្រូវ​ធ្វើ​ដំណើរ​មកជួបបឹងកេតនៅពហុកីឡដ្ឋានជាតិ និងអង្គរថាយហ្គឺរធ្វើដំណើរទៅខេត្តសមុទ្រ ជួប​ឡាយ​ហ្វ​ខេត្តព្រះសីហនុ៕

សៀង ចន្ធា រកបានគ្រាប់លីគដំបូងក្នុងការប្រកួតព្រះខ័នរាជឈ្នះកងយោធពលខេមរភូមិន្ទ ៦ទល់៣

2026/02/02 05:48:37 pm        217
ខ្សែប្រយុទ្ធកម្ពុជា សៀង ចន្ធា បានបញ្ចប់ភាពក្សត់គ្រាប់បាល់ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល២០២៥-២០២៦ ដោយរកបានគ្រាប់បាល់ដំបូងក្នុងលីគកំពូលកម្ពុជា ក្នុងការប្រកួតដែលអ្នកការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បន្តឈ្នះក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ៦ទល់នឹង៣ សប្ដាហទី១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ជំនួបនេះលេងបាន៤នាទី កីឡាករសារ៉េត គ្រីយ៉ា តែតបញ្ចូលទីគ្រាប់នាំមុខឱ្យព្រះខ័នរាជស្វាយរៀង ពេលដែលកីឡាករ Conor Jon Shields ទាត់បាល់ចេញពីជ្រុង ហើយកីឡាករ Patrick ទាត់បុកដីខ្ទាត់ទៅរកជំហររបស់គ្រីយ៉ា ហើយក៏តែតបញ្ចូលទីបានសម្រេច។នៅនាទីទី២០ ព្រះខ័នរាជស្វាយរៀង បន្ថែមមួយគ្រាប់ទៀត​ ពេលដែលកីឡាករ Conor Jon Shield លើកបាល់ចេញពីជ្រុង ហើយកីឡាករ Odawara តែតទៅឱ្យ Faris  Hammouti ហើយកីឡាករសញ្ជាតិម៉ារ៉ុករូបនេះរកគ្រាប់បាល់បានសម្រេច។ ៨នាទីបន្ទាប់កីឡាករ កងយោធពលខេមរភូមិន្ទ អ៊ឹម វិនុន ធ្វើឱ្យមានកំហុសតែតបញ្ចូលទីខ្លួនឯងជួយឱ្យម្ចាស់ផ្ទះនាំមុខ ៣ទល់០ បន្ទាប់ពី Shields លើកបាល់ចេញពីជ្រុងដដែល។ នៅចុងវគ្គទី១នាទីទី៤៥បូក២ កីឡាករ Patrick Robson ទាត់បញ្ចូលទីគ្រាប់៤ឱ្យព្រះខ័នរាជ បន្ទាប់ពីកីឡាករ Hammouti ទាត់បាល់ពីចំងាយបញ្ជួនទៅឱ្យ។ ចប់វគ្គទី១ព្រះខ័នរាជស្វាយរៀង នាំមុខកងយោធពលខេមរភូមិន្ទ ៤ទល់នឹង០។ក្រោយសម្រាក ផ្ដើមវគ្គទី២ បានត្រឹម៥នាទី ក្រុមលោកភា សុភក្ត្រា កងយោធពលខេមរភូមិន្ទ វាយបកបានមួយគ្រាប់វិញដោយកីឡាករ ស្រេង សុខគា ទាត់បាល់មួយទំហឹងធ្វើឱ្យវីរៈ ដារា មិនអាចជួយបាន។ ៤នាទីបន្ទាប់កីឡាករ ទេព ហ្វីលីព បន្ថែមគ្រាប់ទី២ឱ្យក្លឹប មុនពេលដែលកីឡាកររូបនេះបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់វាយបកតាមពីក្រោយទី៣របស់ក្លឹបដែលមានមូលដ្ឋាននៅស្តាតចាស់នេះ។យ៉ាងនេះក្ដីព្រះខ័នរាជស្វាយរៀង នៅតែបន្តវាយសម្រុកទៅលើគូប្រកួត។ លុះនាទីទី៨៩កីឡាករដូរចូល ប៊ុត រដ្ឋា បញ្ជួនបាល់ស្ទើរឱ្យអ្នកចាំទីអ៊ុំ សេរីរ័ត្ន ហើយខ្សែប្រយុទ្ធ ព្រះខ័នរាជស្វាយរៀង Kwame Peprah ដណ្ដើមបាន និងទាត់បញ្ចូលទីបានសម្រេច។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៩០បូក៦ កីឡាករ សៀង ចន្ធា ក៏ទាត់បាល់បញ្ចូលទីគ្រាប់ទី៦ឱ្យក្រុម និងជាគ្រាប់បាល់ទី១របស់ខ្លួនក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥-២០២៦ ក្រោយដំណើរការបាន១៩សប្ដាហ៍។ លទ្ធផលនេះធ្វើឱ្យព្រះខ័នរាជស្វាយរៀងនៅបន្តកាន់កាប់កំពូលតារាង។ថ្ងៃទី៣ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង នឹងចាកចេញទៅកាន់ប្រទេសសិង្ហបុរី ចូលរួមប្រកួតជើងឯកក្លឹបកំពូលអាស៊ាន ថ្ងៃទី៥ ខែកុម្ភៈជាមួយក្លឹប Lion City Sailors មុនទទួលអាយអេសអាយ ដង្កោសែនជ័យ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM